in ,

រៀប​ការ​​នឹង​ព្រះ​គម្ពីរ​

Marry the Bible This year

ក​ដល់​បច្ចុប្បន្ន​នេះ យើង​ឈាន​មក​ដល់​ខួប​នៃ​ការ​ដែល​យើង​ព្យាយាម​ប្ដេជ្ញា​ចិត្ត​ជា​ថ្មី​ម្ដង​ទៀត​ហើយ។ ចំពោះ​មនុស្ស​ជា​ច្រើន​នាក់ ឆ្នាំ​ថ្មី​មាន​ន័យ​ថា​គឺ​ជា​ឱកាស​ដែល​យើង​ព្យាយាម​ប្ដេជ្ញា​ចិត្ត​ពង្រឹង​ការ​វឹក​ហាត់​ខាង​ឯ​ព្រលឹង​វិញ្ញាណ​របស់​យើង​ជា​ថ្មី​ម្ដង​ទៀត។ មិន​ថា​យើង​បាន​ញ៉ាំ​ចំណី​អាហារ​ផ្ដេសផ្ដាស​ប៉ុណ្ណា ឬ​ក៏​ថា​យើង​មិន​បាន​ហាត់​ប្រាណ​ឲ្យ​បាន​គ្រប់​គ្រាន់​ក៏​ដោយ ប៉ុន្តែ​យើង​មិន​ដែល​មាន​ការ​ធុញ​ទ្រាន់​ក្នុង​ការ​បញ្ចប់​ឆ្នាំ​ចាស់​នៃ​ការ​ប្រតិបត្តិ «ទម្លាប់​នៃ​ព្រះ​គុណ» ដែល​យើង​រីក​រាយ​ចង់​បាន​នៅ​ឯ​ឆ្នាំ​ថ្មី​ទេ។

ក្នុង​យុគ​សម័យ​នេះ យើង​មិន​អាច​គេច​ផុត​ពី​ភាព​មាន​ពិរុទ្ធ​នៅ​ពេល​ដែល​យើង​នឹង​ថ្លែង​វិនិច្ឆ័យ​លើ​ការ​ដាក់​ពិន័យ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ដ៏​សាមញ្ញ​របស់​យើង​ឡើយ។ តើ​យើង​អាច​អធិស្ឋាន​រហូត​ដល់​គិត​ថា គ្រប់គ្រាន់​ហើយ​ក្នុង​ប្រការ​របស់​ព្រះ​ជាម្ចាស់​បាន​ដែរ​ឬ​ទេ? តើ​យើង​អាច​ទន្ទេញ​ខ​គម្ពីរ​ឲ្យ​ចាំ​មាត់​រហូត​ដល់​ថ្នាក់​ថា គ្រប់​គ្រាន់​ហើយ​បាន​ដែរ​ឬ​ទេ? តើ​យើង​អាច​ប្រកាស​ដំណឹង​ល្អ​ផ្ទាល់​ខ្លួន​អំពី​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់​ទៅ​កាន់​អស់​អ្នក​ដែល​មិន​ទាន់​ជឿ​រហូត​ដល់​គិត​ថា គ្រប់គ្រាន់​ហើយ​ដែរ​ឬ​ទេ? ដោយ​មិន​មាន​ស្មារតី​ស្ពឹក នោះ​យើង​នឹង​សង្កេត​ឃើញ​ជា​រៀងរាល់​ឆ្នាំ​ថា​យើង​នៅ​មាន​ចំណុច​ខ្វះ​នៅ​ឡើយ ហើយ​នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​យើង​ព្យាយាម​សង្វាត​ដេញ​តាម ខណៈ​ពេល​ដែល​យើង​កំពុង​រស់នៅ​ក្រោយ​ម្ខាង​នៃ​ស្ថាន​សួគ៌​នេះ។

ទំនង​ជា​លោក​អ្នក​នឹង​បាក់​ទឹក​ចិត្ត​ខ្លាំង​នៅ​ពេល​ដែល​គិត​អំពី​បរាជ័យ​នៅ​ទម្លាប់​ខាង​ឯ​ព្រលឹង​វិញ្ញាណ​របស់​ខ្លួន ឬ​ក៏​ថា​ទំនង​ទាំង​មិន​មាន​ទម្លាប់​ផង ហើយ​លោក​អ្នក​ក៏​មិន​ទាំង​ដឹង​ផង​ដែរ​ថា តើ​គួរ​ចាប់​ផ្ដើម​ពី​ចំណុច​ណា​ទៅ? តើ​ខ្ញុំ​គួរ​ចាប់​ផ្ដើម​ដោយ​ការ​អធិស្ឋាន​ច្រើន​ជាង​មុន និង​ដោយ​ការ​ទន្ទេញ​ខ​គម្ពីរ​ច្រើន​ជាង​មុន ជា​មួយ​នឹង​ការ​ចែក​ចាយ​អំពី​ជំនឿ​របស់​ខ្ញុំ​យ៉ាង​ក្លាហាន ដោយ​ធ្វើ​ទាំង​អស់​នេះ​ក្នុង​ពេល​តែ​មួយ​ឬ​យ៉ាង​ណា​ទៅ? ប៉ុន្តែ ខណៈ​ពេល​ដែល​យើង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ច្រើន​ពេក​តាម​ដែល​យើង​ចង់​ធ្វើ​ក្នុង​ពេល​តែ​មួយ នោះ​យើង​តែង​តែ​សង្កេត​ឃើញ​ថា វា​មិន​ពិត ហើយ​ក៏​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​យូរ​អង្វែង​ដែរ។ យើង​មិន​អាច​បំផ្លាស់​បំប្រែ​រាល់​ចំណុច​ក្នុង​ពេល​តែ​មួយ​បាន​ឡើយ ប៉ុន្តែ​យើង​អាច​សង្វាត​ដេញ​តាម​វា​ក្នុង​ជំនឿ ដោយ​ពឹង​លើ​ជំនួយ​ពី​ព្រះ​ជាម្ចាស់ ដោយ​ទម្លាប់​ធ្វើ​នៅ​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ឲ្យ​យើង​មាន​ទម្លាប់​ផ្សេងៗ​កើត​ឡើង​បាន​ផង​ដែរ ទោះ​បើ​ទម្លាប់​គន្លឹះ​តែ​មួយ​ក៏​ថា​បាន។

ប្រសិន​បើ​លោក​អ្នក​ចង់​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខាង​ឯ​ព្រលឹង​វិញ្ញាណ​សារ​ជា​ថ្មី​ម្ដង​ទៀត​សម្រាប់​ឆ្នាំ​នេះ យើង​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​លោក​អ្នក​រៀប​ការ​ជា​មួយ​នឹង​ព្រះ​គម្ពីរ​ឆ្នាំ​នេះ​ចុះ។

ព្រះ​ជាម្ចាស់​ផ្ទាល់​បាន​យាង​មក​មុន​បង្អស់

ដោយ​មិន​បន្ទាប​បន្ថោក​លើ​តម្លៃ​នៃ​ការ​អធិស្ឋាន ការ​ប្រកប​គ្នា​ឬ​ក៏​ការ​ផ្សាយ​ដំណឹង​ល្អ យើង​ខ្ញុំ​ថា​គួរ​តែ​ចាប់​ផ្ដើម​ជា​មួយ​ព្រះ​គម្ពីរ ពី​ព្រោះ​ការ​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ​ជាម្ចាស់​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​បន្ត «យាន​នៃ​ព្រះ​គុណ» សម្រាប់​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​របស់​យើង។ ការ​មាន​ព្រះ​កាណ៌​របស់​ទ្រង់ (ក្នុង​ការ​អធិស្ឋាន) នឹង​ការ​មាន​ចំណែក​ក្នុង​រូប​កាយ​របស់​ព្រះ​អង្គ (ក្នុង​ក្រុម​ជំនុំ) គឺ​ជា​ការ​សំខាន់​ដែល​ស្មើ​គ្នា ប៉ុន្តែ​ទាំង​ពីរ​មិន​មាន​តួនាទី​បែប​ជា​មូល​ដ្ឋាន​គ្រឹះ​ដូចគ្នា​នោះ​ទេ ពីព្រោះ​ជីវិត​ជា​គ្រីស្ទបរិស័ទ​មិន​មាន​ការ​ចាប់​ដៃ​ស្មើ​គ្នា​រវាង​មនុស្ស​នឹង​ព្រះ​ជាម្ចាស់​ទេ។

ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​បាន​មក​មុន ពីព្រោះ​ព្រះ​ជាម្ចាស់​បាន​មក​មុន​នឹង​បាន​ប្រព្រឹត្ត​មុន។ យើង​មិន​បាន​បង្កើត​ពិភព​លោក​នេះ ឬ​ក៏​ខ្លួន​យើង​នោះ​ទេ។ ហើយ​យើង​ក៏​មិន​មែន​ជា​អ្នក​ផ្ដើម​ជីវិត​គ្រីស្ទបរិស័ទ​ដែរ ព្រះ​អង្គ​ជា​អង្គ​ដែល​ផ្ដើម​មុន។ ជា​ដំបូង​ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល ហើយ​ព្រះ​បន្ទូល​របស់​ទ្រង់​ក៏​បាន​បង្កើត​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​ទ្រង់​ហៅ​ថា​ក្រុម​ជំនុំ។ ចូរ​រៀប​ការ​ជា​មួយ​ព្រះ​គម្ពីរ​នៅ​ឆ្នាំ​នេះ ហើយ​មិន​យូរ​មិន​ឆាប់​ព្រះ​បន្ទូល​នឹង​បញ្ឆេះ​ជា​ភ្លើង​នៅ​ក្នុង​លោក​អ្នក​ដែល​នឹង​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​ការ​ឆ្លើយ​តប​ក្នុង​ការ​អធិស្ឋាន។ ចូរ​រៀប​ការ​ជាមួយ​ព្រះ​គម្ពីរ​នៅ​ឆ្នាំ​នេះ នោះ​លោក​អ្នក​នឹង​លែង​មាន​ចិត្ត​ចង់​នៅ​តែ​ឯង តែ​នឹង​មាន​ការ​ជំរុញ​ចង់​ឲ្យ​ទៅ​ចាប់​ដៃ​ជា​មួយ​នឹង​អ្នក​ដទៃ​វិញ ខណៈ​ពេល​ដែល​ព្រះ​បន្ទូល​របស់​ទ្រង់​មិន​គ្រាន់​តែ​ផ្ដល់​ជា​ចំណី​អាហារ​ដល់​លោក​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្ដល់​ជា​នំប៉័ង​ដែល​លោក​អ្នក​អាច​ចែក​ចាយ​ហើយ​នៅ​មាន​សល់​ជា​ច្រើន​ល្អី​ទៀត​ផង។

ការ​ក្រេប​ជញ្ជក់​នៃ​ប្រពៃ​ណី ឬ​ក៏​ព្រះគ្រីស្ទ?

ទាក់ទង​ទៅ​នឹង​ឃ្លា «ចូរ​រៀប​ការ​ជា​មួយ​ព្រះគម្ពីរ» លោក​គ្រូ ចន ផាបភ័រ បាន​មាន​ប្រសាសន៍​ដូច​តទៅ​នៅ​ក្នុង​សេចក្តី​អធិប្បាយ​របស់​គាត់​មួយ​នៅ​ក្នុង​ឆ្នាំ១៩៨២៖

អារក្ស​សាតាំង​ចំណាយ​ពេល ១៦៨ ម៉ោង​ក្នុង​មួយ​អាទិត្យ ដើម្បី​បោក​បញ្ឆោត​លោក​អ្នក និង​ដើម្បី​បំពេញ​ចិត្ត​គំនិត​របស់​លោក​អ្នក​ជា​មួយ​នឹង​អ្វី​ដែល​លោក​អ្នក​មិន​ត្រូវ​ការ។ វា​បាន​ព្យាយាម​ឲ្យ​លោក​អ្នក​នៅ​តែ​ជុំ​វិញ​ប្រពៃណី​ដែល​គ្មាន​ព្រះ​គ្រីស្ទ ដែល​មាន​ពេញ​ទៅ​ដោយ​ការ​កុហក​ក្នុង​អារម្មណ៍ ភាព​រីក​រាយ ការ​ផ្សព្វ​ផ្សាយ ដំណើរ​កំសាន្ត។ល។ ទាក់​ទង​នឹង​អ្វី​ដែល​លោក​អ្នក​គួរ​គិត និង​ប្រព្រឹត្ត។

តើ​លោក​អ្នក​គិត​ថា​ក្នុង​បរិយាកាស​បែប​នេះ លោក​អ្នក​អាច​នៅ​បន្ត​មាន​កម្លាំង​ស្វា​ហាប់​ដោយ​មាន​សេរី និង​គំនិត​ដែល​ផ្លាស់​ប្ដូរ បើ​គ្រាន់​តែ​ក្រឡេក​មើល​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​តែ​ប្រមាណ ១០ នាទី​ក្នុង​មួយ​ថ្ងៃ​មែន​ឬ? មូល​ហេតុ​ដែល​មាន​អ្នក​ជឿ​ព្រះ​គ្រីស្ទ​ជា​ច្រើន​នៅ​ក្នុង​ក្រុម​ជំនុំ​មិន​នៅ​បន្ត​ដើរ​តាម​ព្រះ​គ្រីស្ទ តែ​រស់​នៅ​បែប​លោកីយ៍ គឺ​ពី​ព្រោះ​ពួក​គាត់​ចំណាយ ៩៩% នៃ​ពេល​វេលា​របស់​ខ្លួន​ក្នុង​ការ​ក្រេប​ជញ្ជក់​នៅ​អ្វីៗ​ដែល​លោកីយ៍​នេះ​មាន ហើយ​ចំណាយ​តែ ១% នៃ​ពេល​វេលា​របស់​គាត់​ក្នុង​ព្រះ​បន្ទូល​ប៉ុណ្ណោះ។

ប្រសិន​បើ​លោក​អ្នក​ចង់​ឲ្យ​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​កើត​មាន​ឡើង​នៅ​ក្នុង​ជីវិត​របស់​លោក​អ្នក ដូច​ដែល​អ្នក​ម្ដាយ​ម្នាក់​បង្កើត​កូន នោះ​ដាច់​ខាត​លោកអ្នក​ត្រូវ​តែ​រៀប​ការ​ជាមួយ​នឹង​ព្រះ​គម្ពីរ​ជា​មុន​សិន។ ចំពោះ​មនុស្ស​មួយ​ចំនួន នេះ​ប្រៀប​ដូច​ជា​ការ​ដែល​លោក​អ្នក​ជួប​អ្នក​ណា​ម្នាក់​តាម​ផ្លូវ ហើយ​គ្រាន់​តែ​សួរ​សុខ​ទុក្ខ ខណៈ​ពេល​ដែល​លោក​អ្នក​កំពុង​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ ប៉ុន្តែ​មិន​ដែល​អញ្ជើញ​ឲ្យ​គាត់​មក​លេង​ផ្ទះ​លោក​អ្នក ហើយ​មាន​ការ​ជជែក​គ្នា​ដ៏​ស្និទ្ធ​ស្នាល​នោះ​ទេ ឬ​ក៏​ថា​អញ្ជើញ​គាត់​ឲ្យ​ទៅ​ចំណាយ​ពេល​ដើរ​កំសាន្ត​ផង​ដែរ។ ហេតុ​ដូច្នេះ​ហើយ ចូរ​កុំ​មាន​ការ​ភ្ញាក់​ផ្អើល​ឲ្យ​សោះ ប្រសិន​បើ​លោក​អ្នក​មិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ស្គាល់​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ជីវិត​ខ្លួន។

ទំនង​ជា​ខ្ញុំ​មាន​អារម្មណ៍​ចង់​សរសើរ​ខ្លួន​ឯង​ក្នុង​ការ​ចង់​ចាប់ផ្ដើម​ឆ្នាំ​ថ្មី​នេះ ដោយ​ប្ដូរ​ផ្ដាច់​ចង់​ចំណាយ​ពេល ១០ នាទី​ក្នុង​ការ​អាន​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ជា​រៀង​រាល់​ព្រឹក។ ការ​ចំណាយ​ពេល ១០ នាទី​រៀង​រាល់​ថ្ងៃ​គឺ​ជា​ជំហាន​ដ៏​ល្អ​មួយ​ក្នុង​ការ​ឆ្ពោះ​ទៅ​មុខ ប្រសិន​បើ​យើង​មិន​មាន​ការ​អាន​សោះ។ ប្រសិនបើ​លោក​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​មួយ​នោះ ចូរ​បោះ​ជំហាន​ដំបូង​សិន​បន្ទាប់​មក​ចាំ​ឈាន​ជំហាន​ទី២។ ហើយ​ប្រសិន​បើ​ការ​ចូល​ទៅ​កាន់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ១០ នាទី​គឺ​ជា​ព្រះគុណ និង​អំណរ​ដែល​លោក​អ្នក​មាន (ជាង​ការ​ធ្វើ​បែប​ជា​តួនាទី) តើ​អ្វី​ទៅ​កំពុង​តែ​រារាំង​មិន​ឲ្យ​លោក​អ្នក​កាន់​តែ​មាន​អំណរ​ក្នុង​ការ​ចំណាយ​ពេល​អាន​ព្រះ​បន្ទូល​របស់​ទ្រង់​ទៅ​ទៀត? ការ​ឲ្យ​កាន់​តែ​ទទួល​បាន​នូវ​ព្រះ​គុណ​ឬ? ក៏​ការ​ដែល​កាន់​តែ​មិន​ទទួល​បាន​ព្រះ​ពរ​មែន?

ខណៈ​ពេល​ដែល​យើង​មើល​រូបភាព​ធំ («ជុំ​វិញ​ប្រពៃណី​ដែល​គ្មាន​ព្រះ​គ្រីស្ទ») នោះ​យើង​នឹង​ឃើញ​ថា ការ​អាន​ព្រះគម្ពីរ​តែ ១០ នាទី​គឺ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ។ នេះ​មិន​មែន​ជា​ការ​ត្រាស់​ហៅ​ឲ្យ​យើង​ថ្លឹង​ថ្លែង​រាល់​នាទី​ក្នុង​លោកីយ៍​នេះ​ឲ្យ​ស្មើ​គ្នា ឬក៏​ឲ្យ​ផ្ទុយ​ពី​គ្នា​ទាំង​ស្រុង​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​នោះ​ទេ ដ្បិត​សំឡេង​របស់​ព្រះ​ជាម្ចាស់​ខ្លាំង​ជាង​សំឡេង​របស់​សាតាំង។ ប៉ុន្តែ វា​ជា​ការ​ដ៏​ល្អ​ប្រសើរ​ដែល​យើង​ចាប់​ផ្ដើម​គិត​អំពី​របៀប​ដែល​យើង​ដើរ​ជាមួយ​ព្រះ​ជាម្ចាស់ ហើយ​មាន​អំណរ​ជា​រៀង​រាល់​ថ្ងៃ​ជាមួយ​នឹង​ព្រះ​អង្គ​ដោយ​ចាប់​ផ្ដើម​គិត​អំពី​ការ​ដែល​យើង​ត្រូវ​ធ្វើ​នៅ​ក្នុង​ឆ្នាំ​ថ្មី​មួយ​នេះ ហើយ​មិន​មែន​គ្រាន់​តែ​មើល​ព្រះគម្ពីរ ១០ នាទី​យ៉ាង​លឿន​នោះ​ទេ។

លើស​ពី​គម្រោង​ការ​អាន

ពិត​ណាស់! យើង​ត្រូវ​បង្កើត​ឲ្យ​មាន​ទម្លាប់​នៃ​ការ​អាន​ព្រះ​គម្ពីរ​មុន​នឹង​យើង​ធ្វើ​អ្វីៗ​ផ្សេង​ទៀត​នៅ​ពេល​ដែល​យើង​ងើប​ពី​ព្រលឹម​នៅ​ឆ្នាំ​នេះ។ ចូរ​ស្វែង​រក​គម្រោង​ការ​អាន​មួយ​ដែល​សមរម្យ​ដែល​លោក​អ្នក​នឹង​មាន​ការ​សប្បាយ​ក្នុង​ការ​អាន ហើយ​ការ​អាន​របស់​លោក​អ្នក​នាំ​ឲ្យ​មាន​ការ​សញ្ជឹង​គិត ហើយ​ការ​សញ្ជឹង​គិត​នោះ​នាំ​ឲ្យ​មាន​ការ​អធិស្ឋាន។ ការ​ចំណាយ​ពេល​ជា​ប្រចាំ​ថ្ងៃ​ដោយ​ស្ងៀម​ស្ងាត់ ឬ​ក៏​ពេល​ដែល​នៅ​តែ​ឯង​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​គឺ​ជា​ការ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី។ វា​ស្រដៀង​នឹង​ការ​ចំណាយ​ពេល​ដើរ​លេង​ជា​មួយ​ដៃ​គូរ​ជីវិត​របស់​ខ្លួន ប៉ុន្តែ​ការ​ចំណាយ​ពេល​មិន​មែន​ជា​អ្វី​ដែល​បណ្ដាល​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង​ដំណើរ​ការ​នោះ​ឡើយ! ខណៈ​ពេល​ដែល​ឆ្នាំ​ថ្មី​រៀប​នឹង​មក​ដល់ ចូរ​ពិចារណា​មើល​ថា តើ​ជីវិត​អាពាហ៍ពិពាហ៍​ជា​មួយ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​អាច​មាន​លក្ខណៈ​យ៉ាង​ដូចម្ដេច​ក្នុង​ជីវិត​លោក​អ្នក។

ទំនង​ការ​នេះ​អាច​មាន​លក្ខណៈ​ថា លោក​អ្នក​ត្រូវ​ស្ដាប់​ការ​អាន​ព្រះ​បន្ទូល។ វា​ពិត​ជា​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​យើង​មែន​នៅ​ពេល​ឥឡូវ​នេះ​ណាស់ ដោយ​ព្រោះ​បច្ចេកវិទ្យា នោះ​យើង​អាច​ស្ដាប់​ការ​អាន​ព្រះ​បន្ទូល​បាន។ សាក​ប្រើ​កម្មវិធី Holy Bible ដើម្បី​ស្ដាប់​ព្រះគម្ពីរ​ជា​សំឡេង​ខណៈ​ពេល​ដែល​លោក​អ្នក​កំពុង​ហាត់​ប្រាណ បើក​បរ ឬក៏​ធ្វើ​កិច្ច​ការងារ​ផ្សេងៗ​ទៀត។ ជា​ដំបូង​ព្រះ​គម្ពីរ​ត្រូវ​បាន​សរសេរ​ឡើង ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាន​នឹង​ឲ្យ​ហ្វូង​មនុស្ស​ស្ដាប់។ កណ្ឌ​គម្ពីរ ១ធីម៉ូថេ ៣:១៤ បាន​ចែង​ថា «ចូរ​ឧស្សាហ៍​អាន​គម្ពីរ» (គកស)។ ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់ និង​ក្រុម​ជំនុំ​របស់​ព្រះ​អង្គ​បាន​ស្ដាប់​ឮ​ការ​អាន​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ទៅ​កាន់​ពួក​គេ​ច្រើន​ជាង​ការ​ដែល​ពួក​គេ​អាន​ដោយ​ផ្ទាល់​ខ្លួន​ទៅ​ទៀត។ នេះ​គឺ​ជា​អំណោយ​ទាន​ដ៏​អស្ចារ្យ​មួយ​ដែល​យើង​មាន​សម្រាប់​ខ្លួន​ឯង​នៅ​ថ្ងៃ​នេះ ហើយ​ថែម​ទាំង​អាច​អាន​ដោយ​ខ្លួន​ឯង​ទៀត​ផង ប៉ុន្តែ​ព្រះ​ជាម្ចាស់​ក៏​សព្វ​ព្រះ​ហឫទ័យ​ចង់​ឲ្យ​យើង​ស្ដាប់ឮ​ព្រះ​បន្ទូល​របស់​ទ្រង់​ផង​ដែរ។ ការ​ស្ដាប់​ព្រះ​បន្ទូល​នាំ​ឲ្យ​យើង​អាច​គិត​ក្នុង​របៀប​មួយ​ផ្សេង​ទៀត​ដែល​ការ​អាន​ព្រះ​បន្ទូល​មិន​អាច​ធ្វើ​ទៅ​បាន ហើយ​ការ​នេះ​ក៏​អាច​កើត​ផ្ទុយ​គ្នា​បាន​ផង​ដែរ។

ហើយ​ការ​ដែល​លោក​អ្នក​រៀប​ការ​ជាមួយ​នឹង​ព្រះ​គម្ពីរ​នៅ​ឆ្នាំ​នេះ​ក៏​នឹង​មាន​រួម​ទាំង​ការ​ស្ដាប់​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ​ជាម្ចាស់​តាម​រយៈ​គ្រូ​បង្រៀន​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ​បាន​ដែរ។ ព្រះ​ជាម្ចាស់​បាន​ប្រទាន​ក្រុម​ជំនុំ​របស់​ព្រះ​អង្គ​ឲ្យ​មាន​គ្រូគង្វាល និង​គ្រូ​បង្រៀន ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ត្រៀម​ខ្លួន​ពួក​គេ និង​ក៏​ដូច​ជា​ការ​ស្ដារ​ពួក​គេ​ឡើង​វិញ (អេភេសូរ ៤:១១-១២) ។ ប្រយោជន៍​ដំបូង​និង​ជា​ចម្បង​គេ​បង្អស់​គឺ​ក្នុង​បុគ្គល ក្នុង​ក្រុម​ជំនុំ​តាម​ក្រុម​របស់​យើង។ ហើយ​បន្ទាប់​មក​ប្រយោជន៍​ទី​ពីរ​គឺ​ក្នុង​ក្រុម​ជំនុំ​បែប​ទ្រង់ទ្រាយ​ធំ។ ចូរ​ទៅ​ព្រះវិហារ​ដោយ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ទទួល​យក​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ពី​គ្រូគង្វាល​របស់​លោក​អ្នក​ជា​ប្រចាំ​នៅ​ថ្ងៃ​អាទិត្យ ពាក់​កណ្ដាល​អាទិត្យ ក៏​ដូចជា​ការ​ដែល​លោក​អ្នក​បើក​ចិត្ត​ចំហ​ក្នុង​ការ​ទទួល​យក​នូវ​ការ​បង្រៀន​ដ៏​ល្អៗ​ពី​គ្រីស្ទបរិស័ទ​ស្មោះ​ត្រង់​ដែល​បាន​បោះពុម្ព​សៀវភៅ និង​បណ្ដាញ​កំណត់​ហេតុ​មួយ​ចំនួន​ទៀត​ផង។ ហើយ​ឥឡូវ​នេះ​ក៏​ថែម​ទាំង​មាន​ធនធាន​មួយ​ចំនួន​ទៀត​តាម​បណ្ដាញ YouTube។ល។ផង​ដែរ។

កាន់​តែ​ប្រសើរ​ពេល​លោក​អ្នក​ចែក​ចាយ

ជា​ចុង​ក្រោយ​ការ​រៀប​ការ​ជា​មួយ​ព្រះ​គម្ពីរ​នៅ​ឆ្នាំ​នេះ មិន​យូរ​មិន​ឆាប់​នឹង​នាំ​ឲ្យ​លោក​អ្នក​មាន​ឱកាស​ក្នុង​ការ​ចែក​ចាយ​នូវ​អ្វី​ដែល​លោក​អ្នក​កំពុង​រៀន​ក្នុង​បែប​ថ្មីៗ​ទៅ​កាន់​អ្នក​ផ្សេង។ ខណៈ​ពេល​ដែល​ព្រះជន្ម​របស់​ព្រះអង្គ​មាន​នៅ​ក្នុង​នឹង​តាម​រយៈ​ព្រះបន្ទូល​របស់​ទ្រង់​គង់​នៅ​យ៉ាង​ពេញ​ជា​បរិបូណ៌​ក្នុង​ជីវិត​របស់​លោក​អ្នក ប្រទាន​ជា​អាហារ​ដល់​ព្រលឹង​វិញ្ញាណ​របស់​លោក​អ្នក នោះ​លោក​អ្នក​នឹង​ប្រាកដ​ជា​ចង់​ពង្រីក​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​នូវ​អំណរ​របស់​លោក​អ្នក​តាម​រយៈ​ការ​ចែក​ចាយ​អំពី​ព្រះ​អង្គ​ទៅ​កាន់​អ្នក​ដទៃ​ជា​មិន​ខាន។ ពេល​ដែល​យើង​ចែក​ចាយ​ទៅ​កាន់​អ្នក​ដទៃ​នូវ​អ្វី​ដែល​យើង​កំពុង​ភ្លក់​រសជាតិ​នៃ​ភាព​ផ្អែមល្ហែម​ក្នុង​ព្រះ​អង្គ នោះ​យើង​ក៏​នឹង​កាន់​តែ​មាន​អំណរ​លើស​ដើម​ទៅ​ទៀត។ បេះ​ដូង​ដែល​មាន​ពេញ​ទៅ​ដោយ​អំណរ​ក្នុង​ព្រះ​គ្រីស្ទ​នឹង​មិន​បន្ត​នៅ​មាន​ទៀត​នោះ​ទេ បើ​អ្នក​យក​គម្រប​មក​បិទ​លើ​វា​នោះ ប៉ុន្តែ​គឺ​ត្រូវ​បើក​គម្រប​ចេញ ហើយ​ចែក​ចាយ​នូវ​អំណរ​នោះ​ទៅ​កាន់​អ្នក​ដទៃ។

ការ​រៀប​ការ​ជា​មួយ​ព្រះ​គម្ពីរ​គឺ​មិន​មែន​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​នៅ​តែ​មួយ​កន្លែង​តែ​ប៉ុណ្ណោះ​ទេ។ ខណៈ​ពេល​ដែល​ព្រះ​ជាម្ចាស់​បំពេញ​យើង​នូវ​ជីវិត​ខាង​ឯ​ព្រលឹង​វិញ្ញាណ និង​អំណរ​ដែល​ព្រះ​អង្គ​ប្រទាន​មក​កាន់​យើង​តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់ នោះ​ទ្រង់​ក៏​នឹង​ដាក់​ពាក្យ​ពេចន៍​នៅ​ក្នុង​មាត់​យើង​ឲ្យ​ក្លាយ​ទៅ​ជា​ចំណី​អាហារ​ដ៏​ឆ្ងាញ់​ពិសារ​ចំពោះ​អស់​អ្នក​ដែល​យើង​បាន​ចែក​ចាយ​ជាមួយ​ផង​ដែរ។ ការ​ជះ​ឥទ្ធិពល​ទៅ​កាន់​អ្នក​ដទៃ​នឹង​កាន់​តែ​រីក​ចម្រើន​ធំ​ឡើង ខណៈ​ពេល​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ក្លាយ​ជា​ចំណុច​កណ្ដាល ចំណុច​ចាប់​ផ្ដើម និង​ចំណុច​នៃ​ការ​ផ្ដល់​កម្លាំង​ដល់​ព្រលឹង​វិញ្ញាណ​របស់​យើង។

និពន្ធ​ដោយ៖ លោក​គ្រូ David Mathis
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង និងកញ្ញា អឿន ម៉ូនីកា
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ភាព​រវីរវល់

ថ្ងៃ​នេះ