គ្រីស្ទបរិស័ទគ្រប់សម័យកាលតែងតែប្រឈមមុខនឹងរឿងលំបាកៗ។ ការប្រឈមមុខដ៏លំបាកមួយគឺ ការរស់នៅដោយជំនឿ ដែលការនេះមានន័យថា យើងត្រូវផ្ទុកផ្ដាក់បញ្ហាចម្បងៗនៃជីវិតរបស់យើងទៅក្នុងដៃនៃបុគ្គលម្នាក់ដែលភ្នែកយើងមិនអាចមើលឃើញនោះទេ។ វាពិបាកណាស់ក្នុងការឲ្យយើងដាក់ជំនឿលើព្រះជាម្ចាស់ ព្រោះយើងមិនអាចមើលទ្រង់ឃើញ។ សាវ័ក ពេត្រុស ដឹងអំពីរឿងនេះ ហើយគាត់ក៏បានមានប្រសាសន៍ថា៖
«ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្ដីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន ដោយបានទទួលចុងបំផុតនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នា គឺជាសេចក្ដីសង្គ្រោះដល់ព្រលឹង។» (១ពេត្រុស ១:៨-៩)
ការមើលព្រះជាម្ចាស់មិនឃើញមិនមែនជាបញ្ហានោះទេ តែវាធ្វើឲ្យបទពិសោធន៍នៃជំនឿរបស់យើងខុសពីជំនឿអ្នកដទៃ។ អំណររបស់យើងមិនពឹងអាងលើបទពិសោធន៍ទេ តែពឹងលើការប្រកបជាមួយនឹងព្រះជាម្ចាស់ដែលយើងមើលមិនឃើញតាមរយៈជំនឿវិញ។
ថ្មីៗនេះ ខ្ញុំបានកត់សម្គាល់ចំណុចមួយ ជាពិសេសក្នុងចំណោមប្រុសៗ ដែលនោះជាហេតុរារាំងជំនឿរបស់ពួកគេ។ ចំណុចដែលខ្ញុំកំពុងនិយាយ គឺការដែលពួកគេរស់នៅក្នុងពិភពនៃការស្រមើស្រមៃ។ នៅសម័យនេះ មានបុរសជាច្រើនកំពុងរស់នៅក្នុងពិភពនៃការស្រមើស្រមៃ ហើយការនេះក៏ធ្វើឲ្យពួកគេកាន់តែពិបាកនឹងមានជំនឿលើព្រះជាម្ចាស់ដែលពួកគេមិនអាចមើលឃើញនោះណាស់។
ឧទាហរណ៍នីមួយៗខាងក្រោមនេះ គឺបង្ហាញពីមនុស្សប្រុសភាគច្រើនកំពុងតែចំណាយជីវិតរបស់គេទៅនឹងអ្វីដែលពួកគេមើលឃើញ ប៉ុន្តែវាមិនមែនជាការពិត។ ចំពោះគ្រីស្ទបរិស័ទវិញ យើងកំពុងតែចំណាយជីវិតយើងទៅនឹងអ្វីដែលយើងមើលមិនឃើញ តែជាការពិត។ (នៅក្នុងឧទាហរណ៍ដំបូង ខ្ញុំជឿថា វាជាអំពើបាប ប៉ុន្តែចំពោះឧទាហរណ៍ផ្សេងៗ ខ្ញុំមិនជឿថាវាជាអំពើបាបនោះទេ ប្រសិនបើយើងប្រឡូកនឹងវាដោយចេះមានការគ្រប់គ្រង។)
ការមើលរូបអាសអាភាស
២៤ឆ្នាំកន្លងមកនេះ ខ្ញុំឃើញថា ការមើលរូបអាសអាភាសមានការកើនឡើងយ៉ាងខ្លាំង។ មនុស្សមួយចំនួនបានរាប់ការនេះថាជាជម្ងឺរោគ។ ពេលដែលពួកគេកាន់តែធំដឹងក្ដីឡើង ពួកគេបានមើលរូបបែបនេះ ហើយក៏ញៀននឹងវាដែរ។ ភាគច្រើនអ្នកដែលមើលរូបដូចនេះមានចាប់ពីសិស្សសាលានៅវិទ្យាល័យ មហាវិទ្យាល័យ និងអ្នកដែលមានអាយុ៤០ឆ្នាំចុះក្រោម។ ក្នុងនាមខ្ញុំជាគ្រូគង្វាលម្នាក់ ខ្ញុំមិនដែលមានអាទិត្យណាដែលខ្ញុំមិនបានឮអំពីការតយុទ្ធនេះនោះឡើយ។ ចូរគិតទៅមើលថា តើនឹងមានហេតុការណ៍អីខ្លះកើតឡើងនៅក្នុងកាលៈទេសៈដូចនេះ? បុគ្គលដែលមើលរូបអាសអាភាស គេកំពុងតែព្យាយាមរកភាពសប្បាយរីករាយពីការរួមភេទដោយមិនមានទំនាក់ទំនងនៃជីវិតអាពាហ៍ពិពាហ៍។ ទោះជាយ៉ាងណាក្ដី នេះក៏មិនមែនជាចំណុចចម្បងនៃបញ្ហាទាំងស្រុងនៅឡើយទេ។ ចំណុចមួយទៀតនោះគឺថា អ្វីដែលគាត់មើលគឺគ្រាន់តែជារូបភាពមួយចំនួនប៉ុណ្ណោះ។ រាល់ចំណុចនីមួយៗ គឺគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះដូចជា៖ ស្ត្រីក្នុងរូប បទពិសោធន៍ និង «ការអរសប្បាយ» ដែលពួកគេដក់ចិត្តចំពោះ។ វាគ្រាន់តែជារឿងស្រមើស្រមៃប៉ុណ្ណោះទេ! មានបុរសជាច្រើនបានជាប់អន្ទាក់នៃការរួមភេទបែបស្រមើស្រមៃនេះ ហេតុដូច្នេះហើយបានជាពួកគេពិបាកនឹងមានជំនឿដ៏ពិតទោះបើគេមើលមិនឃើញក៏ដោយ។
ការលេងហ្គេម
នៅក្នុងប្រទេសកម្ពុជា ការលេងហ្គេមតាមប្រព័ន្ធអ៊ីនធឺណិតគឺមានប្រជាប្រិយភាពណាស់។
សព្វថ្ងៃនេះ ឪពុកម្ដាយភាគច្រើនបានទិញទូរស័ព្ទទំនើបៗទុកសម្រាប់កូនៗរបស់ខ្លួន។ ហើយកូនៗភាគច្រើនមានចំណាប់អារម្មណ៍ខ្លាំងទៅលើការលេងហ្គេម។ ខ្ញុំឃើញថា កូនក្មេងដែលមានអាយុពី៥ឆ្នាំឡើងទៅគឺ ពួកគេអាចលេងបាន ហើយមានក្មេងខ្លះក៏ពូកែលេងដែរ។ ហើយចំពោះក្មេងជំទង់វិញ ពួកគេភាគច្រើនមានការញៀនក្នុងការលេងហ្គេម ជាពិសេសហ្គេមនៅតាមកន្លែងមានកុំព្យូទ័រភ្ជាប់ជាមួយនឹងសេវាអ៊ីនធឺណិត។ មានក្មេងខ្លះជាក្មេងញៀននឹងហ្គេមយ៉ាងខ្លាំង ពួកគេបានចេញពីផ្ទះ ឬកន្លែងស្នាក់នៅរបស់ពួកគេស្លៀកពាក់ជាសិស្សសាលា តែមិនបានចូលសាលាទេ គឺតម្រង់ទៅកាន់កន្លែងលេងហ្គេមតែម្ដង។ រីឯក្មេងខ្លះ ពួកគេនាំគ្នាទៅលេងពេលចេញពីសាលា ឬម៉ោងដែលគ្រូអវត្តមាន។ មិនត្រឹមតែក្មេងជំទង់ប៉ុណ្ណោះទេដែលញៀនក្នុងការលេងហ្គេម សូម្បីតែសិស្សពេញវ័យក៏មានអ្នកញៀនលេងហ្គេមខ្លាំងដែរ ដូចជាសិស្សនៅរៀននៅវិទ្យាល័យ និងមហាវិទ្យាល័យផងដែរ។ តែសិស្សមហាវិទ្យាល័យមិនសូវមានអ្នកលេងហ្គេមច្រើនជាងសិស្សវិទ្យាល័យ និងសិស្សបឋមសិក្សាទេ។ ខ្ញុំធ្លាប់ដឹងតាមរយៈសិស្សអនុវិទ្យាល័យរបស់ខ្ញុំម្នាក់បានប្រាប់ថា គាត់លេងហ្គេមតាំងពីព្រឹកព្រលឹមរហូតដល់យប់ ហើយក៏មានសិស្សសាលាខ្លះទៀតដែលលេងនៅទីនោះដែរ គឺពួកគេលេងរហូតដាច់យប់ ព្រោះនៅទីនោះមានកន្លែងសម្រាប់ពួកគេគេង។ ហើយក៏មានអ្នកខ្លះទៀតដែលបានលេងហ្គេមទាន់តែភ្លេចបាយទឹកកូនចៅផងដែរ។ ការនេះគឺជាការដ៏គួរឲ្យសោកស្ដាយណាស់។
ការរស់នៅក្នុងពិភពលោកនៃការស្រមើស្រមៃ
ប្រសិនបើយើងផ្គុំចំណុចទាំងនេះរួមគ្នា នោះយើងនឹងឃើញថា ពួកគេកំពុងតែរស់នៅក្នុងពិភពលោកនៃការស្រមើស្រមៃ។ ទោះបើគ្រូគង្វាលព្យាយាមលើកទឹកចិត្តប្រុសៗឲ្យបម្រើក្នុងក្រុមជំនុំ សិក្សាព្រះបន្ទូល ផ្សាយដំណឹងល្អ ហើយដឹកនាំក្នុងក្រុមជំនុំក៏ដោយ ក៏ពួកគេមិនសូវចង់ធ្វើ ព្រោះពួកគេកំពុងរវល់រស់នៅក្នុងពិភពលោកនៃការស្រមើស្រមៃ។
ដូច្នេះហើយយើងមិនគួរឆ្ងល់ថា ហេតុអ្វីក្នុងក្រុមជំនុំមិនសូវមានមនុស្សប្រុសដែលស្រឡាញ់ព្រះជាម្ចាស់!
វាជាការដ៏អាម៉ាស់ណាស់ ដែលបុរសជាច្រើនកំពុងរវល់នឹងការយកឈ្នះក្នុងពិភពនៃការស្រមើស្រមៃ រវល់នឹងមើលរូបអាសអាភាស ជាជាងរវល់នឹងការដើរតាមគន្លងផ្លូវរបស់ព្រះគ្រីស្ទ ដែលតម្រូវឲ្យពួកគេលះ អាល័យខ្លួនឯង លីឈើឆ្កាង ហើយបម្រើព្រះជាម្ចាស់និងអ្នកដទៃនោះ។
គ្រូគង្វាលដែលកំពុងព្យាយាមបង្រៀន និងប្រកាសព្រះបន្ទូលព្រះជាម្ចាស់ដល់មនុស្សដែលកំពុងរស់នៅក្នុងពិភពលោកនៃការស្រមើស្រមៃ ដាច់ខាតត្រូវតែយកចិត្តទុកដាក់ឲ្យខ្លាំង។ គ្រូគង្វាលត្រូវខិតខំបង្ហាញដល់ក្រុមជំនុំថាព្រះគ្រីស្ទមានពេញទៅដោយសិរីល្អ។ ទោះបើព្រះគម្ពីរថ្កោលទោសយើងក៏ដោយ ក៏ព្រះគម្ពីរបានបង្ហាញថាយើងបានធ្វើខុស ហើយក៏ជួយឲ្យយើងប្រែចិត្តផងដែរ។ យើងត្រូវតែប្រកាសអំពីសិរីល្អទ្រង់ដល់អ្នកដទៃជាជាងមើលងាយសិរីល្អរបស់ព្រះគ្រីស្ទ។ ព្រះយេស៊ូវមិនមែនជាបុព្វបុរសនៃរឿងប្រលោមលោកនោះទេ តែព្រះអង្គជាព្រះសង្គ្រោះដែលកំពុងរស់នៅសព្វថ្ងៃ!
ប្រសិនបើលោកអ្នកជាបុគ្គលម្នាក់ដែលកំពុងរស់នៅក្នុងពិភពនៃការស្រមើស្រមៃ នេះមានន័យថា ជំនឿរបស់លោកអ្នកមិនទាន់លូតលាស់នៅឡើយទេ។ ដូច្នេះ លោកអ្នកគួរគិតសារឡើងវិញ ហើយចាប់ផ្ដើមមានការផ្លាស់ប្រែក្នុងជីវិត។ ប្រសិនបើលោកអ្នកមានការជាប់ចិត្តមួយចំនួនក្នុងជីវិតរស់នៅ (ដូចជាការមើលរូបអាសអាភាស) នោះមានន័យថា ការនោះកំពុងរារាំងមិនឲ្យលោកអ្នកលូតលាស់ក្នុងព្រះគ្រីស្ទហើយ។ របៀបដែលលោកអ្នកត្រូវធ្វើគឺ ១) អធិស្ឋាន ២) លន់តួបាប ៣) កែប្រែចិត្ត។ បន្ទាប់មក លោកអ្នកគួរតែឲ្យអ្នកនៅក្នុងក្រុមជំនុំជួយកែតម្រង់លោកអ្នកពេលដែលលោកអ្នកធ្វើខុស ហើយចូរបម្រើក្នុងក្រុមជំនុំតាមតំបន់ផង។ ខ្ញុំសន្យាចំពោះលោកអ្នកថា ការដែលលោកអ្នកឃើញដំណឹងល្អធ្វើការផ្លាស់ប្រែក្នុងជីវិតមនុស្ស លោកអ្នកនឹងពិតជាទទួលបានអំណរដ៏យឺនយូរក្នុងព្រលឹងលោកអ្នកជាមិនខាន់ ជាអំណរដែលគ្មានអ្វីប្រៀបស្មើបាន។ ព្រះយេស៊ូវទ្រង់សំខាន់ណាស់ ហេតុដូច្នេះហើយលោកអ្នកមិនគួរយកទ្រង់ធ្វើជាជម្រើសទីពីរក្នុងជីវិតលោកអ្នកឡើយ! ប្រសិនបើយើងពិតជាជឿលើការនេះមែន នោះយើងនឹងប្រាកដជាប្រព្រឹត្តតាមជាមិនខាន។
មតិយោបល់
Loading…