តើរឿងពិតពីគ្រូគង្វាល នីកូឡាស បានក្លាយទៅជារឿងព្រេង តា សាន់តាក្លស (ឬតា ណូអែល) ដោយរបៀបណា?
លោក នីកូឡាស (Nicholas) បានរស់នៅសតវត្សរ៍ទី៤នៅទីក្រុងមីរ៉ា (Myra) ដែលស្ថិតនៅមាត់សមុទ្រភាគខាងត្បូងនៃស្រុកអាស៊ី (សព្វថ្ងៃនេះប្រទេសតួកគី)។ លោកគឺជាមេគ្រូគង្វាលម្នាក់នៃទីក្រុងមីរ៉ា។ លោកត្រូវបានគេចាប់ដាក់គុក ហើយធ្វើទារុណកម្មក្នុងអំឡុងពេលនៃការធ្វើទុក្ខបៀតបៀនដល់ពួកគ្រីស្ទបរិស័ទ នៅក្នុងរជ្ជកាលនៃអធិរាជរ៉ូម៉ាំង Diocletian។ ប៉ុន្តែ គេបានដោះលែងលោកវិញនៅក្រោមការគ្រប់គ្រងរបស់ស្តេច កនស្តានទីន (Constantine) ដែលជាអធិរាជរ៉ូម៉ាំងដែលបានក្លាយជាគ្រីស្ទបរិស័ទ។
ឈ្មោះរបស់លោក នីកូឡាស ត្រូវបានចុះនៅក្នុងបញ្ជីអ្នកចូលរួមក្នុងក្រុមប្រឹក្សាណៃសៀ (Nicea) ទី១ (៣២៥ នៃគ.ស.) ដែលបានជួបប្រជុំគ្នា ដើម្បីដោះស្រាយបញ្ហាការបង្រៀនខុសឆ្គងរបស់លោក អារីយូស (Arius)។ លោក អារីយូស បានបដិសេធនូវគោលលទ្ធិដែលថា ព្រះរាជបុត្រានៃព្រះ គឺគង់នៅតាំងពីអស់កល្បជានិច្ច ដោយគ្មានការចាប់ផ្តើមឡើយ។ លោកជឿថា ព្រះបានបង្កើតព្រះរាជបុត្រានៃព្រះ។ មានរឿងមួយថា លោក នីកូឡាស បានទះកំផ្លៀងលោក អារីយូស នៅមុខក្រុមប្រឹក្សា។ ប៉ុន្តែ យើងមិនដឹងថានេះជារឿងពិត ឬយ៉ាងណានោះទេ។
លោក នីកូឡាស បានទទួលភាពល្បីល្បាញដោយសារចិត្តសប្បុរសរបស់លោក។ លោកបានទទួលមរតកពីឪពុកម្តាយលោក ហើយបានចំណាយទ្រព្យទាំងអស់នោះ ដើម្បីជួយដល់ជនក្រីក្រ។ ដោយសារលោកបានផ្តល់អំណោយដល់អ្នកក្រីក្រពេញមួយជីវិតរបស់លោក ជាពិសេសដល់ពួកកុមារក្រីក្រ ដូចនេះហើយរបៀបមួយដែលគ្រីស្ទបរិស័ទបានរម្លឹកអំពីជីវិតរបស់លោក គឺជាការឲ្យអំណោយដល់កុមារ។ ព្រះវិហារគ្រីស្ទសាសនាជាច្រើន ធ្វើពិធីរម្លឹកពីគ្រូគង្វាល នីកូឡាស រៀងរាល់ថ្ងៃទី ៦ ខែធ្នូ ដោយការផ្តល់អំណោយដល់ក្មេងៗនៅថ្ងៃនោះ។ សូម្បីតែ ១៦០០ ឆ្នាំក្រោយពីមរណភាពរបស់លោកក៏ដោយ ក៏គ្រីស្ទបរិស័ទភាគច្រើននៅតែចងចាំពីជីវិត និងចិត្តសប្បុរសធម៌របស់លោកដែរ។ ដោយសារលោក នីកូឡាសជាគ្រូគង្វាលដ៏ល្បីល្បាញម្នាក់ គ្រីស្ទបរិស័ទក៏បានចាប់ផ្តើមហៅលោកថា “Saint Nicholas” (សេន នីកូឡាស)។ “Saint” (សេន) មានអត្ថន័យថា «អ្នកបរិសុទ្ធ»។ (តាមពិត ព្រះគម្ពីរហៅគ្រីស្ទបរិស័ទទាំងអស់ថាជាអ្នកបរិសុទ្ធក្នុងព្រះយេស៊ូវគ្រីស្ទ។)
តើរឿងពីគ្រូគង្វាលដែលមានចិត្តសប្បុរសឈ្មោះ នីកូឡាស នេះបានក្លាយទៅជារឿងព្រេង «តា Santa Claus» (សាន់តាក្លស) ដែលស្លៀកពាក់ ឈុតពណ៌ក្រហម និងមានពុកចង្ការពណ៌ស ដោយរបៀបណា?
ក្នុងអំឡុងពេលនៃការធ្វើកំណែទម្រង់សេចក្ដីជំនឿ កាលពី ៥០០ ឆ្នាំមុន លោកម៉ាទីន លូធើ (Martin Luther) និងគ្រូគង្វាលឯទៀតៗ បានបង្រៀនប្រឆាំងទាស់នឹងគំនិតរបស់និកាយ រ៉ូម៉ាំងកាតូលិក (Roman Catholic) អំពីការអធិស្ឋានដល់គ្រីស្ទបរិស័ទល្បីល្បាញដូចជា លោក នីកូឡាស។ ព្រះគម្ពីរបានប្រាប់ថា យើងត្រូវអធិស្ឋានទៅចំពោះព្រះតែប៉ុណ្ណោះ។ ប៉ុន្តែ គ្រីស្ទបរិស័ទនិកាយប្រូតេស្តង់នៅប្រទេសហូឡង់ (Netherlands) នៅតែបន្តចងចាំនូវសេចក្តីសប្បុរសរបស់លោក នីកូឡាស និងបានប្រារព្ធពិធីរម្លឹកពីជីវិតរបស់លោកមួយឆ្នាំម្ដង គឺនៅថ្ងៃទី ៦ ខែធ្នូ។ នៅប្រទេសហូឡង់ឈ្មោះ សេន នីកូឡាស (Saint Nicholas) បានក្លាយជា «ស៊ីនធើក្លាស» (Sinterklaas) វិញ ដោយគេបានបញ្ចូលរឿងព្រេងលាយជាមួយខ្លះដែរ។ នៅពេលដែលមនុស្សជាច្រើនពីប្រទេសហូឡង់បានផ្លាស់ទៅរស់នៅប្រទេសអាមេរិក រឿងព្រេងស៊ីនធើក្លាស (Sinterklaas) បានក្លាយជារឿងព្រេង Santa Claus (សាន់តាក្លស) វិញ គឺជាបុរសចំណាស់សប្បុរសម្នាក់ដែលបានផ្តល់អំណោយដល់ក្មេងៗទាំងអស់នៅលើពិភពលោក។
ឥឡូវនេះលោក នីកូឡាស នៅស្ថានសួគ៌ជាមួយព្រះជាម្ចាស់ហើយ។ លោកនឹងមានការភ្ញាក់ផ្អើល បើលោកដឹងថា រឿងពិតនៃជីវិតរបស់លោកបានប្រែក្លាយទៅជារឿងព្រេងនិទាន អំពីបុរសធាត់ម្នាក់ដែលនាំយករបស់ក្មេងលេង ចែកដល់ក្មេងៗនៅថ្ងៃបុណ្យណូអែលទៅវិញ!
ជំនួសឲ្យការគិតពីរឿងព្រេងនិទានរបស់តា សាន់តាក្លស (Santa Claus) យើងដែលជាគ្រីស្ទបរិស័ទត្រូវចងចាំពីលោក សេន នីកូឡាស (Saint Nicholas) ពិតប្រាកដវិញ ហើយគួរធ្វើតាមគំរូរបស់លោកក្នុងការស៊ូទ្រាំនៅក្រោមការបៀតបៀន ការប្រឆាំងនឹងការបង្រៀនខុសឆ្គង និងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ។
«ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកឲ្យទៅជាទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់ សម្រាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ នៅឯស្ថានសួគ៌វិញ ដែលជាស្ថានគ្មានចោរចូលទៅជិតឡើយ ហើយកន្លាតក៏មិនកាត់បំផ្លាញដែរ ព្រោះសម្បត្តិទ្រព្យអ្នកនៅកន្លែងណា នោះចិត្តអ្នកក៏នឹងស្ថិតនៅកន្លែងនោះ ឯង។» (លូកា ១២:៣៣-៣៤)
មតិយោបល់
Loading…