in ,

តើខ្ញុំអាចជឿលើព្រះគម្ពីរទាំងមូល ហើយព្រះអង្គនៅតែមិនបានជ្រើសរើសខ្ញុំដែរឬទេ?

«ជម្រាប​សួរ​លោក​គ្រូ តើ​អាច​ទេ​ដែល​យើង​ជឿ​លើ​ព្រះ​គម្ពីរ​ទាំង​មូល​នៅ​ក្នុង​ខួរ​ក្បាល​របស់​យើង និង​ជឿ​លើ​គ្រប់​ចំណុច​នៃ​សេចក្ដី​ពិត​ខាង​ឯ​ជំនឿ​គ្រីស្ទ​បរិស័ទ ហើយ​ទទួល​យក​ថា​ជា​សេចក្ដី​ពិត១០០%—ក្នុង​ការ​ចង់​ស្រឡាញ់​ព្រះ​យេស៊ូវ និង​ទទួល​បាន​ការ​សង្គ្រោះ​ចេញ​ពី​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់—ប៉ុន្តែ​នៅ​មិន​មែន​ជា​បុគ្គល​ដែល​ព្រះ​ជាម្ចាស់​បាន​ជ្រើស​រើស? តើ​ការ​នេះ​អាច​កើត​ឡើង​បាន​ដែរ​ឬ​ទេ?

ខ្ញុំ​ចង់​និយាយ​ថា «ទេ»។ ប៉ុន្តែ ខ្ញុំ​ចង់​បង្ហាញ​អំពី​មូល​ហេតុ​ឲ្យ​ច្បាស់​ដែល​ខ្ញុំ​ត្រូវ​ការ​វែក​ញែក​ឲ្យ​ស៊ី​ជម្រៅ​បន្តិច​ត្រង់​ចំណុច​ដែល​ថា «ហើយ​ទទួល​យក​ថា​ជា​សេចក្ដី​ពិត១០០%»។ នោះ​គឺជា​ចំណុច​ស្នូល​នៃ​សំណួរ។ ខ្ញុំ​បាន​លើក​ឡើង​ជា​ញឹក​ញាប់​ថា—ហើយ​ប្រហែល​នេះ​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​លើក​ឡើង​នូវ​សំណួរ​ដូច​នេះ—អារក្ស​សាតាំង​ស្គាល់​សេចក្ដី​ពិត​ច្រើន​ជាង​ទេវ​វិទូ​ទៅ​ទៀត ហើយ​មូល​ហេតុ​ដែល​វា​មិន​ទទួល​បាន​សេចក្ដី​សង្គ្រោះ​គឺ​ដោយ​សារ​វា​ស្អប់​សេចក្តី​ពិត​នោះ។ សាវ័ក យ៉ាកុប បាន​មាន​ប្រសាសន៍​ថា «ទោះ​ទាំង​ពួក​អារក្ស​ក៏​ជឿ​ដូច្នោះ ព្រម​ទាំង​ព្រឺ​ខ្លាច​ដែរ» (យ៉ាកុប ២:១៩)។ ពួក​វា​ជឿ​សេចក្ដី​ពិត​ជា​ច្រើន​អំពី​ព្រះ​ជាម្ចាស់​ថា​ជា​ការ​ពិត ប៉ុន្តែ​ពួក​វា​មិន​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ទេ ពីព្រោះ​វា​ស្អប់​សេចក្ដី​ពិត​ទាំង​នោះ។

តម្រង់​ជំនឿ និង​តម្លៃ​ទៅ​ជា​ជួរ

ខ្ញុំ​មិន​ដឹង​ថា តើ​ខ្ញុំ​អាច​និយាយ​ថា បុគ្គល​ដែល​អះអាង​ថា​រាល់​ចំណុច​នៃ​ព្រះ​គម្ពីរ​ជា​សេចក្ដី​ពិត១០០% ហើយ​នៅ​អាច​ជា​បុគ្គល​ដែល​​បាត់បង់—អាច​នៅ​ជា​បុគ្គល​ដែល​មិន​ទទួល​បាន​សេចក្ដី​សង្គ្រោះ ឬ​ក៏​អត់។ ហើយ​នេះ​ជា​មូល​ហេតុ​របស់​ខ្ញុំ៖ ព្រះ​គម្ពីរ​មាន​ពេញ​ទៅ​ដោយ​ប្រយោគ មិន​មែន​គ្រាន់​តែ​សេចក្ដី​ពិត ប៉ុន្តែ​គឺ​ប្រយោគ​អំពី​តម្លៃ ភាព​សេចក្តី​ល្អ និង​ការ​ប្រាថ្នា​ចង់​បាន​សេចក្ដី​ពិត​ទាំង​នោះ។ ដូច្នេះ ព្រះ​គម្ពីរ​មិន​គ្រាន់​តែ​បាន​លើក​ឡើង​ថា ព្រះ​ជាម្ចាស់​មាន​ពេញ​ទៅ​ដោយ​ព្រះ​ចេស្ដា​នោះ​ទេ ប៉ុន្តែ​ថា​ព្រះ​អង្គ​មាន​ពេញ​ទៅ​ដោយ​សិរី​ល្អ ហើយ​អស្ចារ្យ​ក្នុង​សិរី​រុងរឿង និង​ព្រះ​ចេស្ដា​របស់​ព្រះអង្គ​ក៏​គ្មាន​ព្រំ​ដែន​ដែរ មាន​តម្លៃ​លើស​គ្រប់​អ្វីៗ​ទាំង​អស់ ហើយ​ថា​ព្រះ​យេស៊ូវ​មិន​គ្រាន់​តែ​បាន​មាន​ព្រះ​ជន្ម​រស់ ប៉ុន្តែ​ត្រង់​ថា​ព្រះ​អង្គ​មាន​គ្រប់​រាល់​លក្ខណ​សម្បត្តិ​ទាំង​នោះ​ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​កាន់​តែ​មាន​តម្លៃ​លើស​ជាង​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ ហើយ​ថា​ទ្រង់​មាន​តម្លៃ​លើស​ជាង​ទ្រព្យ​សម្បត្តិ​ដ៏​ស្តុកស្ដម្ភ​ទៀត​ផង។ ហើយ​សូម​ចង​ចាំ​ថា​សាវ័ក ប៉ុល ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា គាត់​បាន​មាន​ការ​ស្កប់​ស្កល់​ចិត្ត​ក្នុង​ការ​ស្គាល់​ព្រះ​គ្រីស្ទ​ជាង​អ្វី​ផ្សេង​ទៀត​ទាំង​អស់ (សូម​អាន​បន្ថែម​នៅ​ក្នុង​កណ្ឌ​គម្ពីរ ភីលីព ៣:៨)។

ដូច្នេះ តើ​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​លើក​ឡើង​ថា លោក​អ្នក​ក៏​ជឿ​នៅ​ចំណុច​នេះ​ដែរ ប៉ុន្តែ​មិន​បាន​ឱប​ក្រសោប​ទ្រង់​ថា​ជា​ព្រះ​ដ៏​ល្អ មាន​ពេញ​ដោយ​តម្លៃ និង​ល្អ​ប្រសើរ​ជាង​អ្វីៗ​ទាំង​អស់​ផ្សេង​ទៀត? ខ្ញុំ​គិត​ថា​មនុស្ស​ជា​ច្រើន​នឹង​លើក​ឡើង​ថា «លោក​អ្នក​មិន​មាន​អត្ថន័យ​ដូច​នោះ​ទេ។ លោក​អ្នក​បាន​លើក​ឡើង​ថា លោក​អ្នក​ជឿ​ថា ព្រះ​អង្គ​មាន​តម្លៃ​ឥត​ផ្ទឹម​បាន។ លោក​អ្នក​បាន​លើក​ឡើង​ថា លោក​អ្នក​ជឿ​ថា ព្រះ​អង្គ​មាន​តម្លៃ​លើស​គ្រប់​អ្វីៗ​ទាំង​អស់។ លោក​អ្នក​បាន​លើក​ឡើង​ថា លោក​អ្នក​ជឿ​ថា​ព្រះ​អង្គ​មាន​ពេញ​ទៅ​ដោយ​ការ​ស្កប់​ស្កល់ ប៉ុន្តែ​មិន​បាន​ឱប​ក្រសោប​ទ្រង់​ថា ជា​អង្គ​ដែល​បំពេញ​ភាព​ស្កប់​ស្កល់​ទាំង​អស់? លោក​អ្នក​មិន​មាន​អត្ថន័យ​ដូច​អ្វី​ដែល​លោក​អ្នក​និយាយ​នោះ​ទេ»។ ដូច្នេះ ខ្ញុំ​មិន​អាច​នាំ​ឲ្យ​ខ្លួន​ឯង​និយាយ​ថា បុគ្គល​ណា​ម្នាក់​ដែល​ពិត​ជា​អះអាង​គាំ​ទ្រ​លើ​តម្លៃ​នៃ​រាល់​ប្រយោគ​ទាំង​នោះ​នៃ​ព្រះ​គម្ពីរ ហើយ​អាច​នៅ​ជា​បុគ្គល​ដែល​បាត់បង់​បាន​ទេ ពីព្រោះ​ប្រសិន​បើ​គាត់​ពិត​ជា​គាំទ្រ​តម្លៃ​នៃ​រាល់​ប្រយោគ​ទាំង​នោះ​មែន នោះ​គាត់​ក៏​នឹង​ពិត​ជា​ឱប​ក្រសោប​តម្លៃ​ទាំង​នោះ​មែន​ហើយ។

តាម​ពិត​ទៅ ទាក់​ទង​នឹង​របៀប​ដែល​ខួរ​ក្បាល​មនុស្ស​យើង​ដំណើរ​ការ នៅ​ពេល​ដែល​ចិត្ត​ចង់​ជ្រើស​រើស​អ្វី​មួយ​ជា​ជាង​អ្វី​មួយ​ផ្សេង​ទៀត នោះ​ខួរ​ក្បាល​នឹង​ព្យាយាម​រក​របៀប​រួម​ចំណែក​ជា​មួយ​នឹង​ដួង​ចិត្ត ក្នុង​ការ​រក​របៀប ដើម្បី​បង្ហាញ​ថា​ជម្រើស​របស់​ដួង​ចិត្ត​គឺ​ជា​ជម្រើស​ដែល​ត្រឹម​ត្រូវ។ ដូច្នេះ វា​នឹង​មិន​អាច​កើត​ឡើង​បាន​ទេ ក្នុង​ការ​ដែល​បុគ្គល​ណា​ម្នាក់​លើក​ឡើង​យ៉ាង​ស្មោះ​ត្រង់​ថា «ខ្ញុំ​ជឿ​ថា ព្រះ​គម្ពីរ​ទាំង​មូល​គឺ​ជា​សេចក្ដី​ពិត១០០%» ប៉ុន្តែ​នៅ​បន្ត​បដិសេធ​ថា ព្រះ​យេស៊ូវ​មាន​តម្លៃ​ទាប​ជាង​នោះ មិន​សូវ​មាន​តម្លៃ មិន​សូវ​ល្អ ជាង​ទ្រព្យ​សម្បត្តិ​របស់​គាត់​នៅ​លើ​ផែន​ដី​នេះ​បាន​ទេ។ បើ​និយាយ​ម្យ៉ាង​វិញ​ទៀត​ទៅ ខួរ​ក្បាល​របស់​គាត់​នឹង​មិន​អាច​ធ្វើ​ដូច្នោះ​បាន​ឡើយ។ ប្រសិន​បើ​ពួក​គាត់​ចង់​ឲ្យ​តម្លៃ​លើ​លោកីយ៍​នេះ​ជា​ជាង​ព្រះ​ជាម្ចាស់—តម្លៃ​លើ​របស់​សព្វ​សារពើ​ជា​ជាង​លើ​ព្រះ​អាទិករ—ប្រសិន​បើ​គាត់​ចង់​ជឿ​ដូច្នោះ​យ៉ាង​ខ្លាំង​មែន នោះ​ខួរ​ក្បាល​របស់​គាត់​នឹង​មិន​ទំនង​ទៅ​រក​ព្រះ​គម្ពីរ ហើយ​និយាយ​ថា «នេះ​គឺ​ជា​ការ​ពិត​មែន។ ឯង​ដឹង​ហើយ​ថា ប្រយោគ​អំពី​តម្លៃ​ទាំង​នេះ​ក៏​យ៉ាង​ហោច​ណាស់​ពិត​ដែរ»។ ទេ! ខួរ​ក្បាល​នៅ​ឆ្លើយ​តប​ថា «ទេ! ចំណុច​នោះ​ទំនង​ជា​រឿង​ព្រេង​ទេ ឬ​ក៏​វា​ទំនង​ជា​មាន​ចំណុច​ខុស​ឆ្គង ឬ​ក៏​អត្ថបទ​បាន​ទទួល​ការ​កែ​បង្ខុស ឬ​ក៏​ថា​មាន​ចំណុច​ប្រឆាំង​គ្នា​គ្រប់​ទី​កន្លែង​ហើយ»។  នេះ​គឺ​ជា​អ្វី​ដែល​ខួរ​ក្បាល​នឹង​ធ្វើ ដើម្បី​ការពារ​ទ្រព្យ​សម្បត្តិ​របស់​ដួង​ចិត្ត​ក្នុង​មនុស្ស​ជា​ជាង​ក្នុង​ព្រះ។

នេះ​គឺ​ជា​មូល​ហេតុ​ចម្បង​របស់​ខ្ញុំ​ក្នុង​ការ​ឆ្លើយ​ថា «ទេ»។ លោក​អ្នក​មិន​អាច​ទទួល​ជឿ​ថា ព្រះ​គម្ពីរ​គឺ​ជា​សេចក្ដី​ពិត១០០% ហើយ​នៅ​តែ​ជា​មនុស្ស​បាត់​បង់​នោះ​ទេ ប្រសិន​បើ​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​លើក​ឡើង​គឺ​ជា​ការ​ពិត​មែន។ ប្រសិន​បើ​លោក​អ្នក​ពិត​ជា​ជឿ​ថា ព្រះ​យេស៊ូវ​មាន​តម្លៃ​លើស​អ្វីៗ​ទាំង​អស់ ល្អ​លើស​អ្វីៗ​ទាំង​អស់ ហើយ​ជា​សេចក្ដី​ពិត​ផ្ទាល់​នៅ​ក្នុង​ចក្រវាល​នេះ នោះ​លោក​អ្នក​ក៏​នឹង​ឱប​ក្រសោប​ទ្រង់ នេះ​គឺ​ជា​អត្ថន័យ​ថា ការ​ទទួល​ជឿ​លើ​ទ្រង់​ថា ល្អ​លើស​គ្រប់​អ្វីៗ​ទាំង​អស់ និង​មាន​ពេញ​ទៅ​ដោយ​ការ​ស្កប់ស្កល់។

បបូរ​មាត់​របស់​អ្នក​មាន​ចិត្ត​រឹង

ដូច្នេះ ទំនង​ចំណុច​ចុង​ក្រោយ​ដែល​ខ្ញុំ​នឹង​សួរ​គឺ​ថា «ចុះ​ចំណែក​អស់​អ្នក​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ​ជំពូក៧វិញ?»៖

«មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់​តែ​និយាយ​មក​ខ្ញុំ​ថា “ឱ​ព្រះ​អម្ចាស់ៗ​អើយ” ដែល​នឹង​ចូល​ទៅ​ក្នុង​ នគរ​ស្ថានសួគ៌​នោះ​ទេ គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថានសួគ៌​ វិញ​ទេ​តើ នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​និយាយ​មក​ខ្ញុំ​ថា “ឱ​ព្រះ​អម្ចាស់ៗ​អើយ តើ​យើង​ខ្ញុំ​ មិន​បាន​ទាយ ដោយ​នូវ​ព្រះ​នាម​ទ្រង់ ហើយ​ដេញ​អារក្ស​ដោយ​នូវ​ព្រះ​នាម​ទ្រង់ ព្រម​ទាំង​ធ្វើ​ការ​ ឫទ្ធិបារមី​ជា​ច្រើន ដោយ​នូវ​ព្រះ​នាម​ទ្រង់​ទេ​ឬ​អី” នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា អញ​មិន​ដែល​ បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ» (ម៉ាថាយ ៧:២១- ២៣)។

អ្នក​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ​បាន​លើក​ឡើង​ថា «ខ្ញុំ​ជឿ​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​អម្ចាស់»។ នេះ​គឺ​ជា​អ្វី​ដែល​ពួក​គាត់​កំពុង​តែ​ហៅ​ព្រះ​យេស៊ូវ—«ព្រះ​អម្ចាស់»។ ប៉ុន្តែ ពួក​គាត់​មិន​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ទេ។ ហេតុ​អ្វី​បាន​ជា​ពួក​គាត់​មិន​បាន​ទទួល​សេចក្ដី​សង្គ្រោះ? ហើយ​ចម្លើយ​ដែល​ព្រះ​យេស៊ូវ​បាន​ប្រទាន​គឺ​ថា ពួក​គាត់​គឺ​ជា​មនុស្ស​មាន​ពុត។ ពួក​គាត់​គឺ​ជា​អ្នក​ប្រព្រឹត្តិ​ល្មើស​នឹង​ច្បាប់។ ពួក​គាត់​ហៅ​ព្រះ​អង្គ​ថា «ព្រះ​អម្ចាស់» ប៉ុន្តែ​ពួក​គាត់​គឺ​ជា​អ្នក​ប្រព្រឹត្តិ​ល្មើស​នឹង​ច្បាប់​វិញ។ ពួក​គាត់​ដូច​ជា​ពួក​ផារិស៊ី។ ចំពោះ​ខ្ញុំ វា​ពិត​ជា​អស្ចារ្យ​ណាស់ ដែល​នៅ​ក្នុង​កណ្ឌ​គម្ពីរ លូកា ១៦:១៤ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «ឯ​ពួក​ផារិស៊ី ដែល​ជា​ពួក​អ្នក​មាន​ចិត្ត​លោភ» ព្រោះ​ពួក​គាត់​បាន​អះ​អាង​ថា ខ្លួន​ជឿ​លើ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ទាំង​មូល។ ព្រះ​មាន​តម្លៃ​លើ​គ្រប់​អ្វីៗ​ទាំង​អស់។ យើង​គួរ​តែ​ស្រឡាញ់​ព្រះ​អង្គ​ឲ្យ​អស់​ពី​ចិត្ត ព្រលឹង គំនិត និង​កម្លាំង​របស់​យើង។ ហើយ​ព្រះ​យេស៊ូវ​ក៏​បាន​បន្ថែម​ថា៖ ពួក​គាត់​គឺ​ជា​មនុស្ស​មាន​ពុត ពីព្រោះ​តាម​ពិត​ទៅ ពួក​គាត់​ជា​មនុស្ស​ដែល​មាន​ចិត្ត​លោភ​ទេ​តើ។

ដូច្នេះ សេចក្ដី​សន្និដ្ឋាន​របស់​ខ្ញុំ​គឺ​ថា ការ​ដែល​ពិត​ជា​ត្រូវ​ជឿ​លើ​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ចែង​អំពី​ព្រះ​ជាម្ចាស់ និង​អំពី​ព្រះ​គ្រីស្ទ និង​ផ្លូវ​នៃ​សេចក្ដី​សង្គ្រោះ—ការ​ដែល​ពិត​ជា​ត្រូវ​ជឿ​ថា នោះ​គឺ​ជា​សេចក្ដី​ពិត—នឹង​នាំ​ឲ្យ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ជា​មិនខាន ពីព្រោះ​ព្រះ​គម្ពីរ​បាន​ចែង​ថា «ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា​ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ» (រ៉ូម ១០:១៣)។ ហើយ​លោក​អ្នក​ទទួល​ជឿ​លើ​ចំណុច​នេះ និង​ប្រព្រឹត្ត​តាម​ចំណុច​នេះ នោះ​លោក​អ្នក​នឹង​ឃើញ​ថា វា​គឺ​ជា​ការ​ពិត។ វា​គឺ​ជា​ការ​ពិត​ចំពោះ​លោក​អ្នក។ ប្រសិនបើ​លោក​អ្នក​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​អម្ចាស់ នោះ​លោក​អ្នក​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ជា​មិន​ខាន។

និពន្ធដោយ៖ អ្នកគ្រូ John Piper
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោកស្រី ឡូញ ស្រីរដ្ឋ, លោក ខែម បូឡុង, លោក ឯក សត្យា​ និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះយេស៊ូវ​គ្រប់​គ្រងលើ​គ្រប់​ទាំង​អស់

រក​ពេល​អាន​ព្រះ​គម្ពីរ សម្រាប់​ម្ដាយ​ដែល​រវល់