in

តើ​ទំនាក់​ទំនង​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ល្អ​ដែរ​ឬ​ទេ?

នេះ​គឺ​ជា​សារ​មួយ​ដែល​យើង​បាន​ទទួល៖ «ជម្រាប​សួរ​លោក​គ្រូ! នាង​ខ្ញុំ​ឈ្មោះ ម៉ារា ហើយ​ខ្ញុំ​នៅ​ក្មេង​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ជំនឿ​របស់​ខ្ញុំ​ក៏​នៅ​តែ​សំខាន់ ទោះ​បី​ខ្ញុំ​នៅ​ក្មេង​ក៏​ដោយ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ ហើយ​ថា​ខ្ញុំ​អាច​អធិស្ឋាន​ទៅ​កាន់​ព្រះ​អង្គ និង​ទុក​ចិត្ត​លើ​ព្រះ​អង្គ​បាន ប៉ុន្តែ​ពេល​ខ្លះ​ខ្ញុំ​ពិបាក​ក្នុង​ការ​ស្ទង់​ស្ទាប​ទំនាក់​ទំនង​នេះ​ណាស់។ អ្វី​ដែល​ខ្ញុំ​ចង់​សួរ​គឺ​ថា តើ​មាន​របៀប​ណា​ដែល​ខ្ញុំ​អាច​ដឹង​ថា ទំនាក់​ទំនង​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ល្អ​ដែរ​ឬ​ទេ? ខ្ញុំ​មិន​ទាន់​បាន​ប្រឈម​មុខ​ជា​មួយ​នឹង​ការ​លំបាក ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​មន្ទិល​សង្ស័យ​លើ​ជំនឿ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​ក៏​នឹង​ត្រូវ​ឆ្លង​កាត់​ពេល​លំបាក​នោះ​ដែរ ប៉ុន្តែ​តើ​មាន​របៀប​ណា​ដែល​អាច​ជួយ​ឲ្យ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​កំពុង​តែ​ដើរ​នៅ​ក្នុង​កន្លង​ដ៏​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ? សូម​អរគុណ»។

ក្មួយ ម៉ារា ក្មួយ​មាន​សំណួរ​ល្អ​ណាស់។ ហើយ​វា​ក៏​មិន​មាន​ភាព​ខុស​គ្នា​សម្រាប់​មនុស្ស​ពេញ​វ័យ​ដែរ។ សំណួរ​របស់​ក្មួយ ក្នុង​នាម​ជា​ក្មេង​ម្នាក់ ក៏​ជា​សំណួរ​ដូច​គ្នា​ដែល​មនុស្ស​វ័យ​ជំទង់​ជា​ច្រើន​បាន​ធ្លាប់​សួរ ដែល​មាន​រួម​ទាំង​លោក​គ្រូ​ផ្ទាល់​ផង​ដែរ ច្រើន​សួរ​ម្ដង​ហើយ​ម្ដងទៀត។ តើ​យើង​អាច​ដឹង​ថា ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ​ជា​ម្ចាស់​ល្អ​ប៉ុណ្ណា​បាន ដោយ​របៀប​ណា?

មូល​ហេតុ​ដែល​នេះ​ជា​សំណួរ​ដ៏​ល្អ​មួយ​គឺ​ដោយ​សារ​ព្រះ​គម្ពីរ​ផ្ទាល់​ក៏​បាន​សួរ​សំណួរ​នេះ​ដែរ។ «ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ» (២កូរិនថូស ១៣:៥) ។ ដូច្នេះ ក្មួយ​បាន​សួរ​សំណួរ​នេះ​បាន​យ៉ាង​ត្រឹម​ត្រូវ៖ តើ​មាន​ចំណុច​ដែល​យើង​ពិចារណា​ខ្លួន​ឯង​មើល​ដែរ​ឬ​ទេ? តើមាន​របៀប​ណា​ដែល​ខ្ញុំ​អាច​គិត ដែល​អាច​ជួយ​ឲ្យ​យើង​ដឹង​ថា យើង​មាន​ទំនាក់​ទំនង​ល្អជា​មួយ​នឹង​ព្រះ​ជា​ម្ចាស់​ដែរ​ឬ​ទេ? ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​លោក​គ្រូ​ចង់​លើក​ឡើង​សម្រាប់​ក្មួយ៖

១. ព្រះ​គុណ​របស់​ព្រះ​អង្គ​សង្គ្រោះ​យើង

ក្មួយ ម៉ារា បាន​ទទួល​សេចក្ដី​សង្គ្រោះ​ហើយ ក្មួយ​បាន​ទទួល​ការ​អត់​ទោស​សម្រាប់​រាល់​អំពើ​អាក្រក់​ដែល​ក្មួយ​បាន​ប្រព្រឹត្ត ហើយ​នឹង​ប្រព្រឹត្ត ហើយ​ព្រះ​ជាម្ចាស់​ក៏​បាន​យក​ក្មួយ​ធ្វើ​ជា​កូន​របស់​ទ្រង់​ហើយ​ដែរ។ តាម​រយៈ​ជំនឿ​លើ​ព្រះ​យេស៊ូវ ក្មួយ​បាន​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច មិន​មែន​ដោយ​សារ​ក្មួយ​បាន​ធ្វើ​អ្វី​ល្អ ឬ​ក៏​ជា​ក្មេង​ស្រី​ល្អ​នោះ​ទេ។ នេះ​គឺ​ជា​ចំណុច​ដ៏​សំខាន់​ណាស់។ ការ​ធ្វើ​ជា​ក្មេង​ល្អ​គឺ​ប្រៀប​ដូច​ជា​ផ្លែឈើ​នៅ​លើ​ដើម​ឈើ​មួយ ប៉ុន្តែ​ជំនឿ​គឺជា​ដើម​ឈើ​លើ​ព្រះ​គ្រីស្ទ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា៖ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ» (យ៉ូហាន ៣:១៦)។ មាន​តែ​តាម​រយៈ​ការ​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ ទទួល​ជឿ​លើ​ព្រះ​អង្គ ទទួល​យក និង​ឱប​ក្រសោប​ទ្រង់​តែ​ប៉ុណ្ណោះ ដែល​អាច​នាំ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​ត្រឹម​ត្រូវ​ជាមួយ​នឹង​ព្រះ​ជាម្ចាស់​បាន។ កណ្ឌ​គម្ពីរ អេភេសូរ ២:៨ បាន​ចែង​ថា៖ «ដ្បិត​គឺ​ដោយ​ព្រះ​គុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយ​សារ​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ»។

ដូច្នេះ ក្មួយ ម៉ារា សូម​កុំ​រាប់​អំពើ​ល្អ​របស់​ក្មួយ ដើម្បី​ឲ្យ​ឃើញ​ថា ក្មួយ​បាន​ប្រព្រឹត្ត​ល្អ​ល្មម ហើយ​ស័ក្តិសម​ឲ្យ​ព្រះ​ជាម្ចាស់​ទទួល​យក​ក្មួយ​នោះ​ឡើយ។ នោះ​មិន​មែន​ជា​របៀប​ដែល​ព្រះ​អង្គ​ទទួល​យក​ក្មួយ​ទេ។ នោះ​គឺ​ជា​អ្វី​ដែល​អារក្ស​ចង់​ឲ្យ​ក្មួយ​ធ្វើ ក្នុង​ការ​គិត​អំពី​ព្រះ​ជាម្ចាស់​ដោយ​របៀប​នោះ។ ព្រះ​យេស៊ូវ​បាន​សុគត​សម្រាប់​មនុស្ស​មាន​បាប។ ព្រះ​ជាម្ចាស់​បាន​រាប់​មនុស្ស​ទុច្ចរិត​ថា​សុចរិត។ ដូច្នេះ ចូរ​កុំ​គិត​ថា ក្មួយ​អាច​ក្លាយ​ជា​មនុស្ស​ល្អ​ជា​មុន​សិន​បាន​ឡើយ។ ទេ! យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​រួច​ពី​អំពើ​បាប​តាម​រយៈ​ជំនឿ មិន​មែន​តាមរយៈ​ការ​ធ្វើ​ល្អ​នោះ​ទេ។ បន្ទាប់​មក ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​ស្រឡាញ់​នូវ​អ្វី​ដែល​ល្អ ហើយ​ស្អប់​អំពើ​បាប ដើម្បី​ឲ្យ​យើង​អាច​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​បាន។ នេះ​គឺ​ជា​ចំណុច​ដំបូង ហើយ​ក៏​ជា​ចំណុច​ដ៏​សំខាន់​បំផុត​ដែល​លោក​គ្រូ​ចង់​បញ្ជាក់​ប្រាប់។

២. ការ​តយុទ្ធ​ជា​មួយ​នឹង​អំពើ​បាប​របស់​យើង

បន្ទាប់​ពី​យើង​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ហើយ នោះ​យើង​ក៏​នៅ​បន្ត​ប្រព្រឹត្ត​អំពើ​បាប​ដែរ។ សាវ័ក ប៉ុល បាន​លើក​ឡើង​អំពី​ចំណុច​នេះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម​ជំពូក៧។ ព្រះ​យេស៊ូវ​បាន​បង្រៀន​ឲ្យ​យើង​ទូល​សូម​ការ​អត់​ទោស​ជា​ប្រចាំ​ថ្ងៃ (ម៉ាថាយ ៦:១២)។ សាវ័ក យ៉ូហាន បាន​មាន​ប្រសាសន៍​ថា យើង​ជា​មនុស្ស​កុហក ប្រសិន​បើ​យើង​និយាយ​ថា​យើង​គ្មាន​អំពើ​បាប (១យ៉ូហាន ១:១០)។ ដូច្នេះ ព្រះ​អង្គ​បាន​សង្គ្រោះ​យើង ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់នៅ​ក្នុង​យើង ហើយ​ព្រះ​អង្គ​យក​ឈ្នះ​លើ​ទម្លាប់​ចាស់ៗ​របស់​យើង​បន្តិច​ម្ដងៗ ដើម្បី​នាំ​ឲ្យ​យើង​មាន​ការ​បន្ទាប​ខ្លួន។ ប្រសិន​បើ​ក្មួយ​សួរ​ខ្ញុំ​ថា «លោក​គ្រូ ហេតុ​អ្វី​បាន​ព្រះ​ជាម្ចាស់​ចំណាយ​ពេល​យូរ​ម៉្លេះ ក្នុង​ការ​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ល្អ?»។ លោក​គ្រូ​មាន​អាយុ៦៨ឆ្នាំ​ហើយ ហើយ​លោក​គ្រូ​ក៏​នៅ​បន្ត​សួរ​សំណួរ​ដដែល​នេះ។ ហេតុ​អ្វី​បាន​ព្រះ​ជាម្ចាស់​ចំណាយ​ពេល​យូរ​ម៉្លេះ ក្នុង​ការ​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ល្អ? ចម្លើយ​របស់​លោក​គ្រូ​គឺ៖ លោក​គ្រូ​គិត​ថា ព្រះ​អង្គ​ធ្វើ​ដូច្នោះ ដើម្បី​នាំ​ឲ្យ​យើង​បន្ទាប​ខ្លួន នាំ​ឲ្យ​យើង​មាន​ការ​ខ្ទេច​ខ្ទាំ ហើយ​ព្រះ​អង្គ​ចង់​ឲ្យ​យើង​ត្រូវ​ការ​ទ្រង់​ខ្លាំង ហើយ​ចង់​ឲ្យ​យើង​ត្រូវ​ការ​ព្រះ​គុណ ដើម្បី​កុំ​ឲ្យ​យើង​មាន​អំនួត។

តាម​ពិត​ទៅ នេះ​គឺ​ជា​ចំណុច​ដ៏​អស្ចារ្យ​ពី​កណ្ឌ​គម្ពីរ ១យ៉ូហាន ១:៦-៧។ ខ​គម្ពីរ​នេះ​បាន​លើក​ឡើង​ថា ប្រសិន​បើ​យើង​និយាយ​ថា យើង​គ្មាន​អំពើ​បាប នោះ​យើង​មិន​ដើរ​ក្នុង​ពន្លឺ​ទេ។ ប៉ុន្តែ ប្រសិន​បើ​យើង​កំពុង​តែ​ដើរ​ក្នុង​ពន្លឺ នោះ​យើង​នឹង​លន់​តួ​អំពើ​បាប​របស់​ខ្លួន​ជា​មិន​ខាន។ នេះ​ពិត​ជា​អស្ចារ្យ​ណាស់ ដោយ​សារ​ខ​គម្ពីរ​នោះ​លើក​ឡើង​ថា៖ «តែ​បើ​យើង​រាល់​គ្នា​ដើរ​ក្នុង​ពន្លឺ​វិញ»—ដែល​នេះ​មាន​ន័យ​ថា យើង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់—រួម​ទាំង​ការ​លន់តួ​បាប ដែល​នេះ​មិន​អាច​មាន​ន័យ​ថា ការ​ដើរ​ក្នុង​ពន្លឺ​មាន​ន័យ​ថា យើង​គ្មាន​បាប​ទាល់​តែ​សោះ​នោះ​ទេ។ មិន​អាច​មាន​ន័យ​ដូច្នោះ​បាន​ទេ។ ដូច្នេះ របៀប​មួយ​ដែល​ក្មួយ​អាច​ដឹង​ថា ក្មួយ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​បាន គឺ​មិន​មែន​ត្រង់​ថា ក្មួយ​មិន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ តែ​ត្រង់​ថា​ក្មួយ​​ទទួល​ស្គាល់​អំពើ​បាប​របស់​ខ្លួន ពីព្រោះ​ពន្លឺ​កំពុង​តែ​ចែង​ចាំង​នៅ​ក្នុង​ដួង​ចិត្ត​របស់​ក្មួយ ហើយ​ក្មួយ​លន់​តួ​បាប​នោះ ហើយ​សូម​ឲ្យ​ព្រះ​ជាម្ចាស់​អត់​ទោស ហើយ​ក្មួយ​ទូល​សូម​ឲ្យ​ព្រះ​យេស៊ូវ​គ្រប​បាំង​អំពើ​បាប​នោះ​ដោយ​ព្រះ​លោហិត​របស់​ទ្រង់។ នេះ​គឺ​ជា​ចំណុច​ទី២។ យើង​ដែល​ជា​គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​រៀន​ទទួល​ស្គាល់​សេចក្ដី​ពិត​ថា យើង​ក៏​នៅ​បន្ត​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

៣. ទំនុក​ចិត្ត​ដែល​យើង​មាន

ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ក្មួយ​មាន​ទំនុក​ចិត្ត​ថា ក្មួយ​គឺ​ជា​កម្មសិទ្ធិ​របស់​ទ្រង់។ ព្រះ​អង្គ​មិន​សព​ព្រះ​ហឫទ័យ​ឲ្យ​ក្មួយ​បារម្ភ​អំពី​ទំនាក់​ទំនង​របស់​ក្មួយ​ជា​មួយ​នឹង​ទ្រង់​ទេ។ កណ្ឌ​គម្ពីរ ១យ៉ូហាន ៥:១៣ បាន​ចែង​ថា៖ «ខ្ញុំ​បាន​សរសេរ​សេចក្តី​ទាំង​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះ​នាម​ព្រះ​រាជបុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ហើយ»។ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ក្មួយ​មាន​ការ​អរ​សប្បាយ​ក្នុង​ការ​មាន​ទំនុក​ចិត្ត មាន​អំណរ និង​មាន​ការ​ធានា ហើយ​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ក្មួយ​ប្រាកដ​ថា​ក្មួយ​មិន​អី​ទេ​ជា​មួយ​នឹង​ទ្រង់ និង​ថា​នៅ​ពេល​ដែល​ក្មួយ​ចូល​គេង​នៅ​ពេល​យប់ នោះ​ក្មួយ​មិន​ចាំបាច់​ខ្លាច​អ្វី​ឡើយ។ ក្មួយ​អាច​គេង​យ៉ាង​សុខ​ស្រួល ទោះ​បី​ថា​ក្មួយ​ស្លាប់​នៅ​ពាក់​កណ្ដាល​អាធ្រាត្រ​ក៏​ដោយ ក៏​ក្មួយ​នៅ​មាន​សុវត្ថិភាព​ដែរ។ ក្មួយ​នឹង​មាន​សុវត្ថិភាព​ជា​មួយ​នឹង​ព្រះ​យេស៊ូវ។

៤. របៀប​ដែល​យើង​អាច​ដឹង​ថា យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ

លោក​គ្រូ​គិត​ថា នេះ​គឺ​ជា​សំណួរ​ដ៏​ធំ​ដែល​ក្មួយ​បាន​សួរ។ ព្រះ​គម្ពីរ​ពិត​ជា​បាន​ជួយ​យើង ក្នុង​របៀប​ល្បង​ល​ខ្លួន​ឯង ដើម្បី​ឲ្យ​ដឹង​ថា​យើង​មាន​ទំនាក់​ទំនង​ល្អ​ឬ​ក៏​អត់។ នេះ​គឺ​គ្រាន់តែ​ជា​របៀប​មួយ​ចំនួន​តែ​ប៉ុណ្ណោះ៖ «មិន​ដែល​មាន​អ្នក​ណា​និយាយ ដោយ​នូវ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ថា ព្រះ​យេស៊ូវ​ត្រូវ​បណ្ដាសា​នោះ​ឡើយ ក៏​គ្មាន​អ្នក​ណា​អាច​នឹង​ថា ព្រះ​យេស៊ូវ​ទ្រង់​ជា​ព្រះ​អម្ចាស់​ដែរ លើក​តែ​ដោយ​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ» (១កូរិនថូស ១២:៣)។ ដូច្នេះ ប្រសិន​បើ​ដួង​ចិត្ត​របស់​ក្មួយ​ថា «ព្រះ​យេស៊ូវ ទ្រង់​គឺជា​ព្រះ​អម្ចាស់​របស់​ទូល​បង្គំ។ ព្រះ​អង្គ​គឺ​ជា​ចៅហ្វាយ​របស់​ទូល​បង្គំ។ ព្រះ​អង្គ​គឺ​ជា​ព្រះ​របស់​ទូល​បង្គំ។ ទូល​បង្គំ​ចង់​ស្គាល់​ព្រះ​ហឫទ័យ​របស់​ទ្រង់» នោះ​គឺ​ជា​ព័ន្ធ​កិច្ច​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ជីវិត​របស់​ក្មួយ។

នេះ​ជា​របៀប​មួយ​ទៀត៖ «អ្នក​រាល់​គ្នា​មិន​បាន​ទទួល​និស្ស័យ​ជា​បាវ​បម្រើ ឲ្យ​ត្រូវ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​បាន​ទទួល​និស្ស័យ​ជា​កូន​ចិញ្ចឹម​វិញ ដោយ​ហេតុ​នោះ​បាន​ជា​យើង​ស្រែក​ឡើង​ថា ឱ​អ័ប្បា ព្រះ​វរបិតា​អើយ! ហើយ​ព្រះ​វិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ បើ​សិន​ណា​ជា​កូន​ព្រះ​ហើយ នោះ​យើង​ក៏​បាន​គ្រង​មរដក​ដែរ គឺ​ជា​អ្នក​គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ផង ឲ្យ​តែ​យើង​ទទួល​រង​ទុក្ខ​ជា​មួយ​នឹង​ទ្រង់​ចុះ ដើម្បី​ឲ្យ​បាន​តម្កើង​ឡើង​ជា​មួយ​នឹង​ទ្រង់​ដែរ» (រ៉ូម ៨:១៥-១៦)។ ដែល​នេះ​មាន​ន័យ​ថា នៅ​ពេល​ដែល​ក្មួយ​លើក​ឡើង​ចេញពី​ជម្រៅ​នៃ​ដួង​ចិត្ត​ថា «ឱ​ព្រះ​ជាម្ចាស់​អើយ ទ្រង់​គឺ​ជា​ព្រះ​វរបិតា​របស់​ទូល​បង្គំ។ ទូល​បង្គំ​ជា​កូន​របស់​ទ្រង់។ ទូល​បង្គំ​ត្រូវ​ការ​ឪពុក។ ទូល​បង្គំ​ជា​ក្មេង​តូច​ម្នាក់ ដែល​ត្រូវ​ការ​ទ្រង់​ក្នុង​គ្រប់​ចំណុច​នៃ​ជីវិត» នៅ​ពេល​ដែល​ដួង​ចិត្ត​របស់​ក្មួយ​កំពុង​តែ​លើក​ឡើង​ដូច​នោះ នោះ​គឺ​ជា​ទី​បន្ទាល់​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ក្មួយ​ហើយ។

នេះ​ជា​របៀប​មួយ​ទៀត៖ « យើង​រាល់​គ្នា​ដឹង​ថា យើង​បាន​កន្លង​ផុត​ពី​សេចក្តី​ស្លាប់ ទៅ​ដល់​ជីវិត​ហើយ ពី​ព្រោះ​យើង​ស្រឡាញ់​ដល់​ពួក​បង​ប្អូន» (១យ៉ូហាន ៣:១៤)។ ការ​ជះ​ឥទ្ធិពល​មួយ​នៃ​ការ​ដែល​ព្រះ​យេស៊ូវ​ស្រឡាញ់​យើង​នៅ​ពេល​ដែល​ព្រះអង្គ​សុគត​ជំនួស​យើង ហើយ​បាន​ប្រគល់​រូប​អង្គ​ទ្រង់​សម្រាប់​យើង​គឺ​ថា យើង​ក៏​ចេះ​ចាប់​ផ្ដើម​ស្រឡាញ់​មនុស្ស​ម្នា​ដូច​ទ្រង់​ដែរ ជា​ពិសេស​បង​ប្អូន​គ្រីស្ទ​បរិស័ទ។ ដូច្នេះ ប្រសិន​បើ​ក្មួយ​ឃើញ​ថា​ក្មួយ​ចេះ​ស្រឡាញ់​គ្រីស្ទ​បរិស័ទ​ផ្សេងៗ ហើយ​មាន​ចិត្ត​សប្បាយ​នៅ​ពេល​ឃើញ​អ្នក​ដទៃ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ចង់​ស្គាល់​ពួក​គាត់ និង​នៅ​ក្បែរ​ពួក​គាត់ នោះ​គឺ​ជា​សេចក្ដី​សម្គាល់​មួយ​ដែល​ថា ក្មួយ​ក៏​បាន​ចូល​ក្នុង​គ្រួសារ​របស់​ព្រះ​ជាម្ចាស់​ហើយ​ដែរ។

នេះ​ជា​របៀប​មួយ​ទៀត៖ «អស់​អ្នក​ណា​ដែល​កើត​ពី​ព្រះ នោះ​មិន​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ពី​ព្រោះ​ពូជ​ព្រះ​នៅ​ក្នុង​អ្នក​នោះ​ឯង បាន​ជា​ពុំ​អាច​នឹង​ធ្វើ​បាប​បាន​ឡើយ ដ្បិត​បាន​កើត​ពី​ព្រះ​មក» (១យ៉ូហាន ៣:៩)។ យើង​បាន​អាន​រួច​ហើយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១យ៉ូហាន ១:១០ ត្រង់​ថា​យើង​គឺជា​មនុស្ស​កុហក ប្រសិន​បើ​យើង​និយាយ​ថា យើង​គ្មាន​អំពើបាប។ ប៉ុន្តែ ខ​គម្ពីរ​មួយ​នេះ​មិន​មែន​មាន​ន័យ​ថា ក្មួយ​នឹង​លែង​ប្រព្រឹត្ត​អំពើ​បាប​ទេ។ អ្វី​ដែល​ខ​គម្ពីរ​នេះ​មាន​ន័យ​គឺ​ថា លែង​មាន​លំនាំ​នៃ​អាកប្ប​កិរិយា ដែល​ក្មួយ​នៅ​លើក​ឡើង​ថា «ខ្ញុំ​ស្រឡាញ់​អំពើ​បាប​ខ្ញុំ​ណាស់។ ខ្ញុំ​នឹង​បន្ត​ប្រព្រឹត្ត​អំពើ​បាប។ ខ្ញុំ​មិន​ខ្វល់​អំពី​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​ទេ។ ខ្ញុំ​នឹង​បន្ត​ប្រព្រឹត្ត​អំពើ​បាប​នេះ។ ហើយ​ខ្ញុំ​ក៏​មិន​ខ្វល់​ថា វា​មាន​ឥទ្ធិពល​អ្វី​លើ​ខ្ញុំ​ដែរ»។ ប្រសិន​បើ​ក្មួយ​បន្ត​រស់​នៅ​ក្នុង​អំពើ​បាប ប្រសិន​បើ​ក្មួយ​យក​អំពើ​បាប​ធ្វើ​ជា​មិត្តភក្ដិ ហើយ​ប្រសិន​បើ​ក្មួយ​នៅ​បន្ត​ប្រព្រឹត្ត​អំពើ​បាប​ដូច​នោះ នោះ​ក្មួយ​នឹង​មិន​អាច​មាន​ទំនាក់​ទំនង​ព្រះ​ជាម្ចាស់​បាន​ទេ ហើយ​ក្មួយ​ក៏​មិន​អាច​ដឹង​យ៉ាង​ប្រាកដ​ថា ក្មួយ​ពិត​ជា​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ហើយ​ដែរ។

៥. សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់

នេះ​ជា​របៀប​ពិចារណា​ខ្លួន​ឯង​មើល​ចុង​ក្រោយ​មួយ​ទៀត៖ «ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ​នោះ​ក៏​ស្តាប់​យើង​ខ្ញុំ» (១យ៉ូហាន ៤:៦)។ ពាក្យ «យើង​ខ្ញុំ» សំដៅ​ទៅ​លើ​អ្នក​និពន្ធ​ព្រះ​គម្ពីរ គឺ​ពួក​សាវ័ក។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ» (យ៉ូហាន ១០:២៧)។ ដូច្នេះ សញ្ញា​សម្គាល់​មួយ​ដែល​បង្ហាញ​ថា ក្មួយ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​គឺ​ថា ក្មួយ​ស្រឡាញ់​ព្រះ​គម្ពីរ​របស់​ក្មួយ។ ក្មួយ​ចូល​ចិត្ត​រៀន​អំពី​ព្រះ​ជាម្ចាស់។ ក្មួយ​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ព្រះ​ជាម្ចាស់។

វិថី​នៃ​ការ​ដែល​កាន់​តែ​លូត​លាស់

ដូច្នេះ ទាំង​នោះ​គឺ​ជា​ការ​ពិចារណា​ខ្លួន​ឯង​មើល​ប្រាំ​យ៉ាង ដែល​បង្ហាញ​អំពី​របៀប​ដែល​ក្មួយ​អាច​មាន​ភាព​ប្រាកដ​ប្រជា​ថា ក្មួយ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់។ ប៉ុន្តែ លោក​គ្រូ​នៅ​មាន​យោបល់​ដ៏​ល្អ​មួយ​ទៀត។ សូម​កុំ​ចំណាយ​ពេល​ច្រើន​ពេក​ក្នុង​ការ​ពិចារណា​មើល​ខ្លួន​ឯង។ សូម​កុំ​ធ្វើ​ដូច្នោះ​ឡើយ។ ការ​ធ្វើ​បែប​នោះ​នឹង​បង្ក​ឲ្យ​មាន​បញ្ហា ពីព្រោះ​តែ​ក្មួយ​ដឹង​ថា នៅ​មាន​អ្វី​កើត​ឡើង​ដែរ​ឬ​ទេ? គឺ​ថា ក្មួយ​នឹង​ចំណាយ​ពេល​ច្រើន​ពេក​គិត​អំពី​ខ្លួន​ឯង។ ផ្ទុយ​ទៅ​វិញ គ្រាន់​តែ​ប្រើ​ប្រាស់​ការ​ពិនិត្យ​ពិចារណា​មើល​ខ្លួន​ឯង​ម្ដង​ម្កាល ហើយ​ចំណាយ​ពេល​ច្រើន​ទៀត​ក្នុង​ការ​គិត​អំពី​ព្រះ​យេស៊ូវ និង​គិត​អំពី​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​រក​គ្រប់​អ្វីៗ​ដែល​ទ្រង់​បាន​សម្រេច ព្រម​ទាំង​រាល់​សេចក្ដី​សន្យា​របស់​ទ្រង់​វិញ។ បើ​និយាយ​ម្យ៉ាង​វិញ​ទៀត ចំណែក​ដ៏​ល្អ​បំផុត​ក្នុង​ការ​មាន​ការ​ធានា និង​មាន​ទំនុក​ចិត្ត ត្រង់​ថា​ក្មួយ​មាន​ទំនាក់​ទំនង​ល្អ គឺ​ឲ្យ​ភ្លេច​អំពី​ខ្លួន​ឯង។ នេះ​គឺ​ជា​ចំណុច​ដ៏​ល្អ​ណាស់​នៅ​ពេល​ដែល​ក្មួយ​អាច​ស្គាល់​ព្រះ​យេស៊ូវ​បាន​យ៉ាង​ច្បាស់ ហើយ​ចំណាយ​ពេល​ជា​ច្រើន​ទៀត​ក្នុង​ការ​ស្គាល់​ទ្រង់ ហើយ​រីករាយ​ជា​មួយ​នឹង​អ្វី​ដែល​ព្រះ​អង្គ​បាន​បង្ហាញ​ដល់​ក្មួយ​អំពី​ទ្រង់​ចេញ​ពី​ព្រះ​គម្ពីរ ដែល​ក្មួយ​ផ្ទាល់​មិន​បាន​គិត​អំពី​ចំណុច​ទាំង​នោះ។

ហើយ​នេះ​គឺ​ជា​ចំណុច​មួយ​ចំនួន​ទៀត។ ព្រះ​អង្គ​រក្សា​យើង​ចេញ​ពី​ការ​មិន​មាន​ជំនឿ។ ព្រះ​ជាម្ចាស់​កាន់​យើង​នៅ​ក្នុង​ព្រះ​ហស្ត​របស់​ទ្រង់។ «ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ ខ្ញុំ​ឲ្យ​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​វា វា​មិន​ត្រូវ​វិនាស​នៅ​អស់​កល្ប​រៀង​ទៅ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​វា​ពី​ដៃ​ខ្ញុំ​បាន​ទេ» (យ៉ូហាន ១០:២៧-២៨)។ ដូច្នេះ ចូរ​មាន​ទំនុក​ចិត្ត។ ព្រះ​ជា​ម្ចាស់​និង​រក្សា​ក្មួយ។ ព្រះ​ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​ក្មួយ​ល្អ​ប្រសើរ។

ហើយ​ចំណុច​ចុង​ក្រោយ ដែល​លោក​គ្រូ​នឹង​លើក​ឡើង​គឺ​ថា៖ សម្រាប់​ថ្ងៃ​នេះ កុំ​បារម្ភ​ថា​ក្មួយ​នឹង​មាន​ទំនាក់​ទំនង​ល្អ​នៅ​ថ្ងៃ​ស្អែក​ឡើយ។ ថ្ងៃ​នីមួយៗ​មាន​ការ​ពិចារណា​មើល​ខ្លួន​ឯង​រៀងៗ​ខ្លួន ហើយ​ថ្ងៃ​នីមួយៗ​ក៏​មាន​សេចក្ដី​មេត្តា​ករុណា​របស់​វា​ផ្ទាល់​ទាក់ទង​ទៅ​នឹង​ការ​ពិចារណា​មើល​ខ្លួន​ឯង​នោះ​ដែរ។ នេះ​គឺ​ជា​អ្វី​ដែល​កណ្ឌ​គម្ពីរ បរិទេវៈ ៣:២២ បាន​លើក​ឡើង៖ «កុំ​តែ​មាន​សេចក្ដី​សប្បុរស​របស់​ព្រះ​យេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ»។ សម្រាប់​ថ្ងៃ​ស្អែក ព្រះ​ជាម្ចាស់​នឹង​ប្រទាន​អ្វី​ដែល​ក្មួយ​ត្រូវ​ការ។ លោក​គ្រូ​ក៏​ចង់​អរគុណ​ដល់​ក្មួយ​ដែល​បាន​លើក​សួរ​សំណួរ​នេះ​ដែរ។ លោក​គ្រូ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ធ្វើ​ឲ្យ​ក្មួយ​ស្រី​ក្លាយ​ជា​មនុស្ស​ពូកែ និង​ជា​ស្ត្រី​ដ៏​ស្មោះ​ត្រង់​ម្នាក់។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ និងលោកស្រី ឡូញ ស្រីរ័ត្ន
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។  Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ចូរ​ប្រុង​ប្រយ័ត្ន​ព្រះ​គ្រីស្ទ​ក្លែងក្លាយ

ពេល​ដែល​ព្រះ​ជាម្ចាស់​មិន​លុប​បំបាត់​អំពើ​បាប​របស់​យើង​ភ្លាមៗ