សំណេរកាត់ស្រាយ (ហេព្រើរ២:៥-៩) ដោយ៖ និស្សិត ( ថន អេលីយ៉ា )
សេចក្ដីផ្ដើម
ជាធម្មតានៅក្នុងប្រទេសមួយដែលមានស្ដេច ស្ដេចតែងតែធំជាងអ្នកបម្រើរបស់ខ្លួន ហើយស្ដេចទាំងអស់មិនដែលបន្ទាបខ្លួនទ្រង់មកអោយទាបជាងអ្នកបម្រើរបស់ខ្លួននោះទេ។ ប៉ុន្តែនៅក្នុងហេព្រើ២:៥-៩ យើងឃើញថា មានស្ដេចមួយអង្គដែលទ្រង់បន្ទាបអង្គទ្រង់អោយទាបជាងពួកអ្នកបម្រើ ដែលស្ដេចនោះគឺជាព្រះយេស៊ូវ ដែលទ្រង់បានបន្ទាបអង្គទ្រង់អោយទាបជាងទេវតា។ តើមូលហេតុអ្វីបានជាព្រះយេស៊ូវទ្រង់បន្ទាបអង្គទ្រង់អោយទាបជាងពួកទេវតា? តើព្រះយេស៊ូវទ្រង់ធ្វើដូច្នេះដើម្បីអ្វី?
តួសេចក្ដី
មុននឹងបកស្រាយនូវសំណួរខាងលើ យើងនឹងមើលជាមួយគ្នាអំពី ភាពទាក់ទងគ្នាទៅនឹងគោលបំណងរបស់គម្ពីរ និង របៀបអត្ថបទនេះស៊ីគ្នាទៅនឹងបរិបទផ្សេងទៀត។ អត្ថបទនេះ មានលក្ខណះបែបជាប្រភេទសំបុត្រ តែសំបុត្រនេះមានទម្រង់អក្សសាស្ត្រជាសេចក្ដីអធិប្បាយផងដែរ ដែលអ្នកនិពន្ធប្រើពេលតែមួយក្នុងការសរសេរសំបុត្រនេះឡើង ដោយចាប់ផ្ដើមពីការពន្យល់ភ្លាមៗតែម្ដង(១:១)។ សំបុត្រនេះយើងមិនដឹងថាអ្នកណាជាអ្នកសរសេរនោះទេ មានអ្នកខ្លះគេគិតថានេះជាសំបុត្ររបស់ប៉ុល ឬក៏ជាសហការីរបស់ប៉ុលដូចជាលោកបាណាបាស ឬ អប៉ូឡូស។ ទោះបីជាយ៉ាងនេះក្ដី ក៏អត់មានភស្តុតាងច្បាស់លាស់ណា ដែលអះអាងថា ពួកអ្នកទាំងនោះជាអ្នកនិពន្ធដែរ ប៉ុន្តែនៅក្នុង(២:៣) បានប្រាប់យើងថា អ្នកនិពន្ធគម្ពីរហេព្រើរ គឺជាអ្នកដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងពួកសិស្សដែលនៅជុំវិញព្រះយេស៊ូវ ដូច្នេះយើងអាចដឹងថាសំបុត្រនេះគឺមាន មូលដ្ឋានចេញពីសេចក្ដីបង្រៀនរបស់ពួកសាវក ដែលធ្វើអោយយើងអាចទុកចិត្តបាន។ តាមរយៈអត្ថបទនេះ យើងមើលឃើញថា អ្នកនិពន្ធកំពុងតែលើកទឹកចិត្តដល់ពួកជំនុំដែលរស់នៅក្នុងសម័យនោះ ប្រហែលជាសម័យដែលគ្រប់គ្រងដោយអធិរាជនេរ៉ូ ដែលពួកជំនុំកំពុងតែទទួលរងនូវការបៀតបៀន ជាប់គុក ហើយក៏មានអ្នកខ្លះបានបោះបង់ចោលសេចក្ដីជំនឿរបស់ខ្លួនថែមទៀតផង(១០:៣២-៣៤) ដោយអ្នកនិពន្ធកំពុងតែពន្យល់ពីពួកគេ ពីជ័យជម្នះនៅខាងមុខដែលគេនឹងទទួលបាន បន្ទាប់ពីការរងទុក្ខហើយ ដូចជាព្រះយេស៊ូវទ្រង់ក៏រងទុក្ខដែរ តែទ្រង់បានយកជ័យជម្នះហើយ ហើយអ្នកដែលស៊ូទ្រាំដល់ទីបំផុតនឹងសោយរាជ្យជាមួយនឹងព្រះយេស៊ូវ។
នៅក្នុងកណ្ឌហេព្រើរមានផ្នែក២ធំៗ ផ្នែកទី១ (១-៤)និយាយអំពីភាពឧត្តមឧត្តមនៃព្រះយេស៊ូវ ឯទីពីរ(៥-១២)និយាយពីកិច្ចការដ៏ឧត្តមវិសេសដែលព្រះយេស៊ូវបានសម្រេច។ ដោយនៅក្នុងផ្នែក១នេះ អ្នកនិពន្ធ គាត់ប្រៀបធៀបជាច្រើនទាក់ទងនឹងអត្តសញ្ញាណរបស់ព្រះយេស៊ូវ ដោយគាត់បានប្រៀបធៀបព្រះយេស៊ូវជាមួយនឹងទេវតា ម៉ួសេ និង យ៉ូស្វេ ដែលគោលបំណងនេះ ចង់បញ្ជាក់ថា ព្រះយេស៊ូវទ្រង់ប្រសើរជាងអ្នកទាំងនោះ។
កាត់ស្រាយ
១. គ្រប់ទាំងអស់នឹងស្ថិតនៅក្រោមអំណាចរបស់ព្រះ (ខ៥)
នៅក្នុងជំពូក១:៨-៩ យើងឃើញថាអំណាចគ្រប់ទាំងអស់នឹងស្ថិតនៅក្រោមអំណាចរបស់ព្រះ តែវាហាក់បីដូចជាមិនទាន់កើតឡើងនោះឡើយ ដោយសារតែពួកជំនុំ នៅតែទទួលរងនូវការបៀតបៀន អំពើអាក្រក់កាន់តែអាក្រក់ទៅៗ អ្នកដែលប្រព្រឹត្តអាក្រក់ ដូចជាមិនទទួលរងនូវការដាក់ទោស ឬវិនាសសោះ ដោយអារក្សសាតាំងនៅតែគ្រប់គ្រងលើផែនដីនេះនៅឡើយ ដោយវាកំពុងបង្វែរមនុស្សអោយទៅតាមផ្លូវរបស់វា។ តើសេចក្ដីនៅក្នុង១:១-១៤ ពិតយ៉ាងដូចម្ដេច? នៅក្នុង២:៥បានប្រាប់ចម្លើយនេះសម្រាប់យើងថា សេចក្ដីពិតនេះនឹងសម្រេចនៅពេលខាងមុខ ទោះបីជាឥឡូវនេះយើងមិនទាន់ឃើញវាកើតឡើងក៏ពិតមែន តែនៅពេលខាងមុខវានឹងកើតឡើងយ៉ាងពិតប្រា កដ នៅពេលខាងមុខនឹងលែងមានអំណាចរបស់អារក្សសាតាំងទៀតហើយ ហើយលោកិយនេះក៏មិនស្ថិតនៅក្រោមអំណាចពួកអារក្សទៀតដែរ។ តើហេតុអ្វីបានជាលោកិយនេះស្ថិតនៅក្រោមអំណាចទេវតា?
២. មូលហេតុមនុស្សស្ថិតនៅក្រោមអំណាចទេវតា(ខ៦-៨)
នៅក្នុងលោកុប្បត្តិជំពូក១ បានប្រាប់ពីកំណើតនៃមនុស្សដំបូងដែលព្រះបានបង្កើតមក។ មនុស្សដែលព្រះបានបង្កើតមកដំបូង គឺមានលក្ខណះដូចជារូបអង្គព្រះ ហើយព្រះបានប្រទានអំណាចអោយពួកគេគ្រប់គ្រងលើអស់ទាំងការនៃព្រះហស្តទ្រង់ (១:២៦-២៧)។ នៅក្នុងទំនុក.៨ បានបង្ហាញពីអំណាចត្រួតត្រារបស់មនុស្ស ដែលព្រះបានបញ្ចុះបញ្ចូលគ្រប់ទាំងអស់អោយនៅក្រោមជើងគេ។ មនុស្សដើមដំបូងដែលមានឈ្មោះថាអ័ដាមប្រៀបបីដូចជាស្ដេចម្នាក់អញ្ចឹង គឺគាត់មានតួនាទីក្នុងការគ្រប់គ្រងលើផែនដីទាំងមូល ហើយគ្រប់របស់ទាំងអស់គឺគាត់ជាអ្នកបង្ក្រាប(លោកុ.១:២៨) ដែលមានន័យថា គាត់ជាអ្នករក្សា និង ការពារ។ តែក្រោយមកតួនាទី និង អំណាចរបស់មនុស្ស គឺមិនដូចពីមុនឡើយ មនុស្សបានប្រព្រឹត្តអំពើបាប ដោយទាស់ប្រឆាំងនឹងបម្រាមរបស់ព្រះ ដែលព្រះហាមពួកគេមិនអោយបរិភោគផ្លែឈើដឹងខុសត្រូវនោះឡើយ(លោកុ.២:១៧) តែដោយសារតែពួកគេចាញ់សេចក្ដីល្បួងរបស់សាតាំងដោយតាមរយៈសត្វពស់ នោះគេក៏ល្មើសនឹងបទបញ្ញតិរបស់ព្រះ(លោកុ.៣:៦)។ សាតាំងបានប្រើសត្វដែលមនុស្សគ្រប់គ្រង អោយមកបញ្ឆោតដល់មនុស្សវិញ ដែលនេះហាក់បីដូចជាសាតាំង វាកំពុងតែត្រលប់ពីឋានៈរបស់មនុស្ស ដោយអោយអ័ដាមជាអ្នកដែលគ្រប់គ្រងលើសត្វជាអ្នកមានប្រាជ្ញាខ្ពស់ជាងសត្វ ឲ្យបែរទៅជឿតាមដល់សត្វដែលមនុស្សជាអ្នកគ្រប់គ្រងទៅវិញ។ សកម្មភាពនៃការប្រឆាំងរបស់មនុស្ស បានបង្ហាញថា ពួកគេលែងត្រូវការព្រះជាម្ចាស់ក្នុងការគ្រប់គ្រងលើពួកគេទៀតហើយ ពួកគេចង់បានសិទ្ធអំណាចស្មើនឹងព្រះជាម្ចាស់ គេព្យាយាមអះអាងពីឯករាជ្យភាពរបស់ខ្លួនពីព្រះជាម្ចាស់ ដោយគេមិនយល់ព្រមពីលំដាប់លំដោយនៃស្នាព្រះហស្ថរបស់ព្រះ ដែលត្រូវការពឹងផ្អែកលើព្រះនោះទេ។ មនុស្សបានជឿលើអ្នកក្រៅ ជាជាងជឿលើព្រះដែលបង្កើតខ្លួន គេសុខចិត្តស្ដាប់តាមការញុះញុងរបស់សាតាំង ក៏មិនយល់ស្របជាមួយនឹងសេចក្ដីព្រមានរបស់ព្រះនោះឡើយ។ នៅពេលដែលមនុស្សយល់ស្របជាមួយសាតាំង វាបានបង្ហាញអោយឃើញថា មនុស្សបានស្ដាប់បង្គាប់តាមសាតាំង និង ចុះចូលនៅក្នុងអំណាចរបស់វា។
ព្រះបានមានព្រះបន្ទូលជាមួយគេរួចមកហើយ(លោកុ.២:១៧) ពីលទ្ធផលនៃការមិនស្ដាប់បង្គាប់គឺ ពួកគេនឹងត្រូវបណ្ដាសា។ អំពើបាបបានធ្វើអោយព្រះពរផ្លាស់ប្រែជាបណ្ដាសា។ លោកុ.១:២៨ ព្រះបានប្រទានពរអោយមនុស្សបង្កើតកូនអោយចម្រើនជាច្រើនឡើង និងបង្ក្រាបផែនដី តែក្រោយមក(លោកុ.៣:១៦-១៨)ព្រះបានដាក់បណ្ដាសាចំពោះសេចក្ដីទាំងពីរខាងលើទៅវិញ ដោយស្ត្រីនឹងបង្កើតកូនដោយឈឺចាប់ ឯបុរសនឹងធ្វើការដោយនឿយហត់ពីដី។ ពិតប្រាកដណាស់ ដោយសារតែអ័ដាមប្រៀបបីដូចជាស្ដេចនៅលើផែនដី បណ្ដាសាមិនមែនត្រឹមតែអ័ដាមតែម្នាក់ឯងនោះទេ តែវារាលដាលដល់ផែនដីដែលអ័ដាមជាអ្នកគ្រប់គ្រងផងដែរ(លោកុ.៣:១៧)។
សាតាំងវាបានគ្រប់គ្រងលើស្ដេចដែលជាអ័ដាម ហើយវាក៏បានគ្រប់គ្រងលើផែនដីនេះទាំងមូល ព្រោះស្ដេចដំបូងរបស់យើងបានចុះចូលជាមួយនឹងអំណាចរបស់សាតាំងហើយ គឺយកសាតាំងជាម្ចាស់ ដូច្នេះហើយគ្រប់របស់ដែលនៅលើផែនដីនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាតាំងវិញម្ដង (១យ៉ូន.៥:១៩)។ ចំណែកឯមនុស្សវិញ បានបាត់បង់តួនាទី និង អំណាចគ្រប់គ្រងលើរបស់សព្វសារពើហើយ។ ការគ្រប់គ្រង មិនមែនន័យថា ជាម្ចាស់នោះទេ។ ផែនដីនៅតែជាកម្មសិទ្ធរបស់ព្រះដដែរ តែគ្រាន់តែថាមនុស្សលែងនៅក្រោមព្រះតែ១ទៀតហើយ គឺមនុស្សមានសាតាំងនៅពីលើមនុស្សមួយជាន់ទៀត។ ដូច្នេះហើយបានជានៅក្នុង២:៧ បានចែងថា មនុស្សទាបជាងពួកទេវតា។
នៅក្នុងខ៨ បានបង្ហាញពីព្រះដែលទ្រង់នឹងបញ្ចុះបញ្ចូលគ្រប់ទាំងអស់អោយមានក្រោមជើងមនុស្ស តែយើងឃើញថាដូចជាគ្រប់ទាំងអស់មិនទាន់ចុះចូលនៅឡើយទេ គ្រប់យ៉ាងគឺនៅតែដដែរ តែនឹងមានគ្រាមួយដែលនឹងមកដល់ ដែលគ្រប់ទាំងអស់នឹងស្ថិតនៅក្រោមជើងយើងវិញ។
៣. ព្រះយេស៊ូវទាបជាងពួកទេវតា (ខ៩)
តែយើងមើលឃើញពីគម្រូនៃព្រះយេស៊ូវវិញ ដែលនៅក្នុងខ៩ បានចែងពី ព្រះយេស៊ូវដែលទ្រង់ទាបជាងពួកទេវតាតែបន្តិច។ ពាក្យ តែបន្តិច អាចមានន័យ២យ៉ាង តែបន្តិច ឬមួយរយៈពេលខ្លី។ ព្រះយេស៊ូវទ្រង់ទាបជាងពួកទេវតា គឺនៅពេលដែលទ្រង់យកភាពជាមនុស្ស ព្រោះដោយសារមនុស្សយើងមានអំពើបាបហើយទាបជាងពួកទេវតា។ ព្រះយេស៊ូវទ្រង់បានបន្ទាបអង្គទ្រង់មកដើម្បីនឹងស្ដារឡើងវិញនូវតួនាទីដើមរបស់មនុស្ស ព្រោះមានតែព្រះទេទើបអាចស្ដារនូវបញ្ហានេះបាន ហើយមនុស្សយើងមិនអាចស្ដារបញ្ហានេះដោយខ្លួនឯងបាននោះទេ ព្រោះដោយសាភាពអសម្ថភាពរបស់យើង ដោយព្រោះយើងជាប់មានបាប។
សាច់រឿងនៅក្នុងសញ្ញាចាស់ នៅពេលដែលស្ដេចណាមួយធ្វើខុស នោះប្រជារាស្ត្រទាំងមូលនឹងត្រូវបណ្ដាសាពីព្រះជាមួយនឹងស្ដេចនោះ តែបើសិនជាស្ដេចណាមួយស្ដាប់បង្គាប់ដល់ព្រះវិញ នោះប្រជារាស្ត្រក៏មានសេចក្ដីសុខជាមួយនឹងស្ដេចនោះដែរ។ ដូចជាស្ដេចដាវីឌ នៅពេលដែលទ្រង់ប្រព្រឹត្តសេចក្ដីកំផិតជាមួយនឹងនាងបាតសេបា នោះប្រជារាស្ត្រទូទាំងប្រទេស ទទួលរងបណ្ដាសាជាមួយនឹងទ្រង់(២៤:១-១៥)។ អ័ដាមដែលជាស្ដេចដំបូង បានប្រព្រឹត្តទាស់នឹងព្រះជាម្ចាស់ ហើយនាំប្រជារាស្ត្ររបស់គាត់ ដែលជាមនុស្សជាតិទាំងមូលអោយទទួលរងនូវបណ្ដាសាជាមួយនឹងគាត់ដែរ ដូច្នេះហើយបានជាមនុស្សត្រូវការស្ដេចមួយអង្គទៀត គឺជាស្ដេចដែលស្ដាប់តាមបង្គាប់តាមព្រះជាម្ចាស់ ជាស្ដេចដែលល្អឥតខ្ចោះ ដើម្បីបង្វែរសេចក្ដីបណ្ដាសាទៅជាព្រះពរដែលមកពីព្រះសម្រាប់មនុស្សវិញ។ ព្រះយេស៊ូវ ទ្រង់ជាអ័ដាមទី២(រ៉ូម១២-២១) ជាស្ដេចដែលនាំយើងទៅកាន់រកភាពដើមដំបូងវិញ ដោយព្រោះទ្រង់ជាស្ដេចដែលល្អឥតខ្ចោះ នោះទ្រង់គ្មានបាបនោះទេ (១យ៉ូន.៣:៥)។ មានតែព្រះយេស៊ូវនោះទេដែលអាចស្ដារឡើងវិញនូវរចនាសម្ព័ន្ធ ដែលអាចនាំមនុស្សមកកាន់ឯព្រះ និង អោយមនុស្សស្ថិតនៅក្រោមការគ្រប់គ្រង និង អំណាចរបស់ព្រះតែមួយប៉ុណ្ណោះ (យ៉ូន.៥:១៤) ។
ព្រះយេស៊ូវជាដំណោះស្រាយតែមួយគត់ សម្រាប់បណ្ដាសានេះ ក្រៅពីទ្រង់នោះគ្មានផ្លូវផ្សេងទៀតទេ មានតែទ្រង់ប៉ុណ្ណោះអាចជួយសង្គ្រោះមនុស្សជាតិអោយទទួលបានសេចក្ដីសង្គ្រោះ (យ៉ូន.១៤:១៦, កិច្ច.៤:១២)។ ព្រះយេស៊ូវបានរងទុក្ខសុគតដើម្បីស្លាប់ជំនួសមនុស្សទាំងអស់(២:៩) ដោយទ្រង់ជាយញ្ញបូជាដែលល្អឥតខ្ចោះ ជាកូនចៀមដែលត្រូវគេសម្លាប់ដើម្បីជំនួសអំពើបាបរបស់មនុស្ស ដែលព្រះលោហិតដ៏វិសេសរបស់ព្រះអង្គគឺអាចលុបបំបាត់អំពើបាបរបស់មនុស្សលោកបាន (យ៉ូន១:២៩)។ ដោយហេតុដូចនេះ ដោយសារតែព្រះគុណរបស់ព្រះ ប្រសិនបើជាអ្នកណាចង់ទទួលបានសេចក្ដីសង្គ្រោះ នោះលុះត្រាតែគេទទួលជឿលើព្រះយេស៊ូវគ្រីស្ទ ហើយការជឿលើព្រះយេស៊ូវគ្រីស្ទ គឺមិនបូកបន្ថែមអ្វីនោះទេ គឺគ្រាន់តែជឿប៉ុណ្ណោះ (អេភ.២:៨-៩) ។ ការបង្ហូរព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាងតែមួយដង នោះជាការសម្រេច ព្រមទាំងលើកអំពើបាបចោលផង (ហេ.៩:២៥-២៦)
ព្រះយេស៊ូវទ្រង់មានជ័យជម្នះលើពួកខ្មាំងសត្រូវហើយ ហើយនៅពេលខាងមុខទ្រង់នឹងយកពួកខ្មាំងសត្រូវរបស់ទ្រង់មកដាក់ក្រោមព្រះបាទារបស់ទ្រង់ ដោយសារទ្រង់ជាស្ដេច នោះយើងដែលជាកូនរបស់ព្រះអង្គ ក៏ជាកូនស្ដេចដែរ ហើយបើយើងស៊ូទ្រាំរងទុក្ខដោយព្រោះទ្រង់អស់ពេញមួយជីវិតយើង នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់អស់កល្បជានិច្ច (២ធីម៉ូ.២:១២)។
សេចក្ដីបញ្ចប់
សរុបមកវិញ តាមរយៈត្ថបទនេះ អ្នកនិពន្ធចង់អោយអ្នកស្ដាប់របស់គាត់ ទទួលបានការលើកទឹកចិត្ត ចំពោះសេចក្ដីជំនឿរបស់ពួកគេ អោយគេសម្លឹងមើលគ្រាដែលនៅខាងមុខវិញ ដែលនឹងគ្មានអំណាចអាចកៀបសង្កត់គេបានទៀតទេ ហើយព្រះយេស៊ូវទ្រង់នឹងមានជ័យជម្នះលើគ្រប់ទាំងអស់ ហើយគ្រប់ទាំងអស់នឹងស្ថិតនៅក្រោមព្រះបាទារបស់ទ្រង់ ហើយពួកគេដែលជារាស្ត្ររបស់ព្រះអង្គនឹងសោយរាជ្យជាមួយនឹងទ្រង់ដែរ។
តាមរយៈអត្ថបទនេះ សម្រាប់យើងវិញ ក៏មិនខុសគ្នាដែរ បទគម្ពីរនេះបានលើកទឹកចិត្តឲ្យយើងនៅតែមានសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ទោះបីជាយើងឃើញថា នៅសម័យនេះការអាក្រក់កើនឡើងយ៉ាងច្រើន ហើយចំណែកយើងវិញ យើងរស់នៅក្នុងជីវិតដែលទទួលរងការបៀតបៀនពីគ្រួសារ ពីមិត្តភក្តិ ទទួលរងនូវសម្ពាធក្នុងនាមជាគ្រីស្ទបរិស័ទ ហើយយើងដូចជាជួបនូវការលំបាកច្រើន នៅពេលដែលយើងជឿដល់ព្រះ មិនដូចជាអ្វីដែលព្រះគម្ពីរចែងថា គ្រប់ទាំងអស់នឹងចុះចូលមកក្រោមជើងយើងសោះ។ តែទោះបីជាយ៉ាងនេះក្ដី យើងមិនត្រូវបោះបង់ចោលសេចក្ដីជំនឿយើងនោះឡើយ យើងត្រូវទ្រាំទ្រជានិច្ច ដោយអត់ធ្មត់ ហើយចាំយាមអស់មួយជីវិតរបស់យើង ព្រោះនៅគ្រាខាងមុខ យើងនឹងសោយរាជ្យជាមួយនឹងទ្រង់។ ដូច្នេះហើយនៅក្នុងជីវិតយើងបច្ចុប្បន្ន យើងត្រូវតែតយុទ្ធ ដោយជម្នះនូវបញ្ហាផ្សេងៗដែលរារាំងយើងក្នុងការដែលចង់ស្គាល់ព្រះបន្ថែមទៀត ឬទុក្ខលំបាកណាដែលឃាត់ឃាំងយើងមិនអោយយើងទៅព្រះវិហារដើម្បីជួបជុំគ្នាក្នុងការស្ដាប់ព្រះបន្ទូលព្រះ យើងត្រូវជម្នះវាអោយបាន ព្រោះព្រះយេស៊ូវទ្រង់បានយកជ័យជម្នះរួចហើយ ហើយឥឡូវនេះទ្រង់គង់នៅលើបល្ល័ង្គ ដោយរងចាំអស់អ្នកដែលនឹងយកជ័យជម្នះលើសេចក្ដីទុក្ខលំបាកដែរ ហើយទ្រង់មិនបោះបង់ចោលយើងដោយអោយយើងរងទុក្ខតែម្នាក់ឯងនោះទេ គឺទ្រង់គង់នៅក្នុងយើង ដើម្បីជួយដល់សេចក្ដីតម្រូវការរបស់យើងគ្រប់រូបដែលជាអ្នកដែលជឿដល់ព្រះ អង្គ។
មួយវិញទៀត ទោះបីជាយើងឥឡូវនេះ យើងជួបនៅសេចក្ដីល្បួងជាច្រើនក្នុងនាមជាគ្រីស្ទបរិស័ទក៏ដោយ តែសូមយើងនៅតែបន្តអធិស្ឋានទៅកាន់ព្រះ ដើម្បីអោយទ្រង់ជួយដល់យើងដើម្បីយកឈ្នះនៅសេចក្ដីកម្សោយរបស់យើង ហើយអោយយើងអាចនឹងមានសេចក្ដីមាំមួន ដើម្បីអោយយើងដូចជាព្រះគ្រីស្ទ ដោយរស់នៅក្នុងជីវិតដែលបរិសុទ្ធ ទោះបីជាលោកីយ៍ពោពេញដោយអំពើបាបក៏ដោយ។
មតិយោបល់
Loading…