in ,

ការ​បង្រៀន​កូន​ពេល​មាន​វិបត្តិ​ក្នុង​គ្រួសារកំហុស​របស់​យើង

តើ​យើង​អាច​បង្រៀន​កូនៗ​យើង​នៅ​ពេល​កំពុង​មាន​វិបត្តិ​ក្នុង​គ្រួសារ​បាន​ដោយ​របៀប​ណា?

«កុំ​ឲ្យ​ទុក​ចិត្ត​អ្នក​ជិត​ខាង ក៏​កុំ​ឲ្យ​ជឿ​មិត្រ​សម្លាញ់​ផង សូម្បី​តែ​នាង​ដែល​ឯង​ឱប​នៅ​នា​ទ្រូង ក៏​ចូរ​រក្សា​បបូរ​មាត់​ចំពោះ​នាង​ដែរ ដ្បិត​កូន​ប្រុស​បង្អាប់​ឪពុក ហើយ​កូន​ស្រី​ក៏​ចចើង​ទាស់​នឹង​ម្ដាយ ឯ​កូន​ប្រសា​ស្រី​ទាស់​ទទឹង​នឹង​ម្ដាយ​ក្មេក ហើយ​ខ្មាំង​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​របស់​អ្នក​នោះ​ឯង» (មីកា ៧:៥-៦)។

ដោយ​សញ្ជឹង​គិត​អំពី​ការ​ឈឺ​ចាប់​នៃ​ភាព​ច្របូក​ច្របល់​ដូច​នេះ​នៅ​ក្នុង​សង្គម និង​ក្នុង​គ្រួសារ ហោរា មីកា បាន​ធ្វើ​ជា​គំរូ​សម្រាប់​យើង​ក្នុង​ពីរ​របៀប យោង​តាម​ខ៩។ គាត់​បាន​ប៉ាន់​ស្មាន​យ៉ាង​ត្រឹម​ត្រូវ​អំពី​ខ្លួន​ឯង ហើយ​ក៏​បាន​ឱប​យក​សេចក្ដី​សង្ឃឹម​នៅ​ក្នុង​ព្រះ​ជាម្ចាស់។ «ខ្ញុំ​នឹង​រង​ទ្រាំ​ចំពោះ​សេចក្ដី​គ្នាន់​ក្នាញ់​របស់​ព្រះ​យេហូវ៉ា ពី​ព្រោះ​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​នឹង​រង​ទ្រាំ​ដរាប​ដល់​ទ្រង់​កាន់​ក្ដី​ជំនួស​ខ្ញុំ ហើយ​បាន​សម្រេច​សេចក្ដី​យុត្តិ​ធម៌​ដល់​ខ្ញុំ នោះ​ទ្រង់​នឹង​នាំ​ខ្ញុំ​ចេញ​មក​ឯ​ពន្លឺ រួច​ខ្ញុំ​នឹង​រំពឹង​មើល​សេចក្ដី​សុចរិត​របស់​ទ្រង់» (មីកា ៧:៩)។

ខាង​ក្រោម​នេះ​គឺជា​សេចក្ដី​អធិប្បាយ​របស់​លោក​គ្រូ ចន ផាបភ័រ ពី​ឆ្នាំ២០១០ ដែល​គាត់​បាន​ពន្យល់​អំពី​ចំណុច​អនុវត្ត​ចេញ​ពី​ខ​នេះ សម្រាប់​គ្រួសារ​ដែល​មាន​ការ​បាក់​បែក​នូវ​សព្វ​ថ្ងៃ​នេះ។

អ្វី​ដែល​ធ្វើ​ឲ្យ​ដើម​ខ​៩​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​គឺ ពីព្រោះ​គាត់​បាន​លើក​សម្ដី​នេះ​ឡើង​ក្នុង​ពេល​ដែលគេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​គាត់។ លោក​អ្នក​ដឹង​ហើយ​ថា នេះ​គឺជា​អ្វី​ដែល​ពិបាក​ខ្លាំង​ជាង​គេ​មួយ​នៅ​ក្នុង​លោក​នេះ នៅពេល​ដែល​មិត្ត​ភក្តិ គ្រួសារ អ្នក​រួម​ការងារ​របស់​យើង​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​យើង។ ប្រសិន​បើ​គ្មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​យើង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បានទេ។

កំហុស​របស់​យើង

ហោរា មីកា ដឹង​ហើយ​ថា​មាន​គេ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​ប្រឆាំង​នឹង​គាត់។ គាត់​ដឹង​ថា ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ទាស់​នឹង​គាត់​គឺ​មិន​មែន​ជា​ការ​ចោទ​ត្រឹម​ត្រូវ។ គាត់​ដឹង​ថា ព្រះ​ជាម្ចាស់​នឹង​រាប់​គាត់​ថា​ត្រឹម​ត្រូវ​នៅ​ក្នុង​រឿង​មួយ​ចំនួន ហើយ​គាត់​ក៏​ដឹង​ផង​ដែរ​ថា ព្រះ​ជា​ម្ចាស់​នៅ​ខាង​គាត់ មិនមែន​ទាស់​នឹង​គាត់​ទេ។ ព្រះ​ជាម្ចាស់​នឹង​​នាំ​គាត់​ចូល​ពន្លឺ ចេញពី​ភាព​ងងឹត។ ព្រះ​ជាម្ចាស់​នឹង​រាប់​ថា​គាត់​គ្មាន​ទោស។ ដូច្នេះ ហោរា មីកា មាន​ភាព​ក្លាហាន​ក្នុង​ទំនុក​ចិត្ត​របស់​គាត់ ក្នុង​អំណះអំណាង​របស់​គាត់—គឺ​ពិត​ជា​ក្លាហាន​មែន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​អ្វី​ដែល​គាត់​ផ្ដោត​ចំណាប់​អារម្មណ៍​លើ ក្នុង​ការ​ពន្យល់​អំពី​សេចក្ដី​ក្រោធ​របស់​ព្រះ​អម្ចាស់ គឺ​លើ​អំពើ​បាប​របស់​គាត់​ផ្ទាល់៖ «ខ្ញុំ​នឹង​រង​ទ្រាំ​ចំពោះ​សេចក្ដី​គ្នាន់​ក្នាញ់​របស់​ព្រះ​យេហូវ៉ា ពី​ព្រោះ​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ»។

ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​ឪពុក​ម្ដាយ​មាន​អាកប្ប​កិរិយា​ដែល​មាន​សេចក្ដី​សង្ឃឹម ខណៈ​ពេល​ដែល​កំពុងតែ​មាន​វិបត្តិ ហើយ​អាកប្ប​កិរិយា​នោះ​គឺ​មាន​ភាព​ក្លាហាន ដោយ​មាន​ការ​ខូច​ចិត្ត។ សំណួរ​សួរ​ថា៖ ហេតុ​អ្វី​បាន​ជា​ហោរា មីកា មាន​ការ​ខូច​ចិត្ត? ហើយ​ចំណុច​ស្នូល​នៃ​ចម្លើយ​របស់​គាត់​គឺ​មិន​ទាក់​ទង​ទៅ​នឹង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​ប្រឆាំង​នឹង​គាត់​ទេ ប៉ុន្តែ​គឺ​អំពើបាប​របស់​គាត់​ផ្ទាល់​បាន​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់​វិញ។ នោះ​គឺ​ជា​ចំណុច​ស្នូល​នៃ​ចម្លើយ​របស់​គាត់។ ហើយ​នេះ​ហើយ​គឺ​ជា​ចំណុច​ស្នូល​នៃ​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន។ ប្រសិន​បើ​មិន​មាន​ចំណុច​នេះ​ទេ នោះ​នឹង​មិន​អាច​មាន​ចំណុច​ផ្សេង​ទៀត​ឡើយ—គឺ​គ្មាន​ទេ។ ឱ​ប្ដី និង​ប្រពន្ធ​អើយ! នេះ​គឺជា​ចំណុច​ចាប់​ផ្ដើម ឬ​ក៏​ថា​ជា​ចំណុច​ផ្ដើម​ជា​ថ្មី។ អាកប្ប​កិរិយា​នៃ​ការ​ចិញ្ចឹម​បីបាច់​កូន ដោយ​មាន​សេចក្ដី​សង្ឃឹម ខណៈ​ពេល​ដែល​កំពុងតែ​មាន​វិបត្តិ គឺ​អាកប្ប​កិរិយា​​នៃ​ការ​មាន​ភាព​ក្លាហាន​ដោយ​ខូច​ចិត្ត។ ហើយ​ការ​មាន​ការ​ខូច​ចិត្ត​ជា​ចម្បង និង​ជា​ចំណុច​ស្នូល គឺ​ដោយ​សារ​អំពើ​បាប​របស់​យើង​ផ្ទាល់។

នេះ​គឺ​ជា​ចម្បាំង​ដ៏​ធំ​ដែល​យើង​កំពុង​តែ​ប្រឈម​មុខ​ជាមួយ ហើយ​យើង​អាច​មាន​ជោគ​ជ័យ​បាន​គឺ​តាម​រយៈ​តែ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់។ ខ្ញុំ​កំពុង​តែ​អធិស្ឋាន​សម្រាប់​លោក​អ្នក។ សូម​ព្រះ​ជាម្ចាស់​ប្រទាន​មក​កាន់​យើង​នូវ​ការ​អស្ចារ្យ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នូវ​ការ​បន្ទាប​ខ្លួន ខណៈ​ពេល​ដែល​កំពុងតែ​មាន​គេ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​យើង គឺ​ឲ្យ​យើង​គិត​អំពី​អំពើ​បាប​របស់​យើង​ដែល​ទាស់​នឹង​ព្រះ​ជាម្ចាស់​វិញ។ នេះ​គឺ​ជា​ការ​អស្ចារ្យ​ដែល​ព្យាបាល គឺជា​អ្វី​ដែល​អាច​ប្រទាន​សេចក្ដី​សង្ឃឹម ខណៈ​ពេល​ដែល​យើង​គិត​ថា​មិន​មាន​សង្ឃឹម​ទាល់​តែ​សោះ។

នៅ​ពេល​ដែល​យើង​ឈរ​នៅ​ចំពោះ​ព្រះ​ភក្ត្រ​របស់​ព្រះ​ជាម្ចាស់​នៅ​ថ្ងៃ​ជំនុំ​ជម្រះ ដើម្បី​លើក​ហេតុ​ផល​ទៅ​កាន់​ព្រះ​អង្គ គឺ​ព្រះ​អង្គ​នឹង​មិន​អនុញ្ញាត​ឲ្យ​យើង​លើក​ឡើង​អំពី​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​យើង​នោះ​ទេ ដោយ​ទ្រង់​មាន​មូល​ហេតុ​មួយ​ចំនួន៖

  • ព្រះ​អង្គ​មាន​សៀវភៅ​កំណត់​ត្រា​អំពី​អំពើ​បាប​របស់​យើង​ហើយ ទ្រង់​មិន​ត្រូវ​ការ​ឲ្យ​យើង​ជួយ​ទេ។
  • ព្រះអ្វី​ដែល​យើង​នឹង​លើក​ឡើង​គឺ​មិន​ត្រឹម​ត្រូវ​ទេ ពីព្រោះ​ការ​ចងចាំ​របស់​យើង​មិន​ល្អ​គ្រប់​គ្រាន់។
  • យើង​នឹង​ប្រើ​ឱកាស​នោះ ដើម្បី​ប្រកែក​ថា​ខ្លួនឯង​ត្រូវ។

យើង​នឹង​មិន​ទទួល​បាន​ពេល ដើម្បី​រៀប​រាប់​អំពី​អំពើ​បាប​របស់​អ្នក​ដទៃ​ទេ។ គឺ​មាន​តែ​ពេល ដើម្បី​រៀប​រាប់​អំពី​អំពើ​បាប​របស់​ខ្លួន​ប៉ុណ្ណោះ។ ការ​ទទួល​ស្គាល់​កំហុស​របស់​យើង​គឺ​ជា​របៀប​មួយ​ដែល​យើង​អាច​ប្រើ​ប្រាស់ ដើម្បី​បង្រៀន​កូនៗ​យើង ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ប្រឈម​មុខ​នឹង​វិបត្តិ​ក្នុង​គ្រួសារ។

ប្រសិនបើយើងចង់ធ្វើជាឪពុកម្ដាយល្អ ពេលដែលគ្រួសារមានបញ្ហា ជាដំបូងយើងត្រូវតែទទួលស្គាល់ថា អំពើបាបរបស់យើងគឺជាបញ្ហាដ៏អាក្រក់បំផុត។ ហើយជាបន្ទាប់យើងត្រូវតែទទួលស្គាល់ថា ព្រះលោហិតរបស់ព្រះយេស៊ូវគ្របបាំងលើវាទាំងអស់។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា​ និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

គ្រាប់​ពូជ​នៃ​ការ​លែង​លះ

ខ្ញុំ​បាន​​ជេរ​អ្នក​ហើយ