តើយើងអាចបង្រៀនកូនៗយើងនៅពេលកំពុងមានវិបត្តិក្នុងគ្រួសារបានដោយរបៀបណា?
«កុំឲ្យទុកចិត្តអ្នកជិតខាង ក៏កុំឲ្យជឿមិត្រសម្លាញ់ផង សូម្បីតែនាងដែលឯងឱបនៅនាទ្រូង ក៏ចូររក្សាបបូរមាត់ចំពោះនាងដែរ ដ្បិតកូនប្រុសបង្អាប់ឪពុក ហើយកូនស្រីក៏ចចើងទាស់នឹងម្ដាយ ឯកូនប្រសាស្រីទាស់ទទឹងនឹងម្ដាយក្មេក ហើយខ្មាំងសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះរបស់អ្នកនោះឯង» (មីកា ៧:៥-៦)។
ដោយសញ្ជឹងគិតអំពីការឈឺចាប់នៃភាពច្របូកច្របល់ដូចនេះនៅក្នុងសង្គម និងក្នុងគ្រួសារ ហោរា មីកា បានធ្វើជាគំរូសម្រាប់យើងក្នុងពីររបៀប យោងតាមខ៩។ គាត់បានប៉ាន់ស្មានយ៉ាងត្រឹមត្រូវអំពីខ្លួនឯង ហើយក៏បានឱបយកសេចក្ដីសង្ឃឹមនៅក្នុងព្រះជាម្ចាស់។ «ខ្ញុំនឹងរងទ្រាំចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះយេហូវ៉ា ពីព្រោះខ្ញុំបានធ្វើបាបនឹងទ្រង់ហើយ គឺនឹងរងទ្រាំដរាបដល់ទ្រង់កាន់ក្ដីជំនួសខ្ញុំ ហើយបានសម្រេចសេចក្ដីយុត្តិធម៌ដល់ខ្ញុំ នោះទ្រង់នឹងនាំខ្ញុំចេញមកឯពន្លឺ រួចខ្ញុំនឹងរំពឹងមើលសេចក្ដីសុចរិតរបស់ទ្រង់» (មីកា ៧:៩)។
ខាងក្រោមនេះគឺជាសេចក្ដីអធិប្បាយរបស់លោកគ្រូ ចន ផាបភ័រ ពីឆ្នាំ២០១០ ដែលគាត់បានពន្យល់អំពីចំណុចអនុវត្តចេញពីខនេះ សម្រាប់គ្រួសារដែលមានការបាក់បែកនូវសព្វថ្ងៃនេះ។
អ្វីដែលធ្វើឲ្យដើមខ៩មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគឺ ពីព្រោះគាត់បានលើកសម្ដីនេះឡើងក្នុងពេលដែលគេបានប្រព្រឹត្តអំពើបាបទាស់នឹងគាត់។ លោកអ្នកដឹងហើយថា នេះគឺជាអ្វីដែលពិបាកខ្លាំងជាងគេមួយនៅក្នុងលោកនេះ នៅពេលដែលមិត្តភក្តិ គ្រួសារ អ្នករួមការងាររបស់យើងប្រព្រឹត្តអំពើបាបទាស់នឹងយើង។ ប្រសិនបើគ្មានព្រះវិញ្ញាណបរិសុទ្ធ នោះយើងមិនអាចដោះស្រាយបញ្ហានេះបានទេ។
កំហុសរបស់យើង
ហោរា មីកា ដឹងហើយថាមានគេប្រព្រឹត្តអំពើបាបទាស់ប្រឆាំងនឹងគាត់។ គាត់ដឹងថា ការចោទប្រកាន់មួយចំនួនទាស់នឹងគាត់គឺមិនមែនជាការចោទត្រឹមត្រូវ។ គាត់ដឹងថា ព្រះជាម្ចាស់នឹងរាប់គាត់ថាត្រឹមត្រូវនៅក្នុងរឿងមួយចំនួន ហើយគាត់ក៏ដឹងផងដែរថា ព្រះជាម្ចាស់នៅខាងគាត់ មិនមែនទាស់នឹងគាត់ទេ។ ព្រះជាម្ចាស់នឹងនាំគាត់ចូលពន្លឺ ចេញពីភាពងងឹត។ ព្រះជាម្ចាស់នឹងរាប់ថាគាត់គ្មានទោស។ ដូច្នេះ ហោរា មីកា មានភាពក្លាហានក្នុងទំនុកចិត្តរបស់គាត់ ក្នុងអំណះអំណាងរបស់គាត់—គឺពិតជាក្លាហានមែន។ ទោះជាយ៉ាងណាក៏ដោយ ក៏អ្វីដែលគាត់ផ្ដោតចំណាប់អារម្មណ៍លើ ក្នុងការពន្យល់អំពីសេចក្ដីក្រោធរបស់ព្រះអម្ចាស់ គឺលើអំពើបាបរបស់គាត់ផ្ទាល់៖ «ខ្ញុំនឹងរងទ្រាំចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះយេហូវ៉ា ពីព្រោះខ្ញុំបានធ្វើបាបនឹងទ្រង់ហើយ»។
ខ្ញុំចង់លើកទឹកចិត្តឲ្យឪពុកម្ដាយមានអាកប្បកិរិយាដែលមានសេចក្ដីសង្ឃឹម ខណៈពេលដែលកំពុងតែមានវិបត្តិ ហើយអាកប្បកិរិយានោះគឺមានភាពក្លាហាន ដោយមានការខូចចិត្ត។ សំណួរសួរថា៖ ហេតុអ្វីបានជាហោរា មីកា មានការខូចចិត្ត? ហើយចំណុចស្នូលនៃចម្លើយរបស់គាត់គឺមិនទាក់ទងទៅនឹងអំពើបាបដែលគេបានប្រព្រឹត្តទាស់ប្រឆាំងនឹងគាត់ទេ ប៉ុន្តែគឺអំពើបាបរបស់គាត់ផ្ទាល់បានប្រឆាំងនឹងព្រះជាម្ចាស់វិញ។ នោះគឺជាចំណុចស្នូលនៃចម្លើយរបស់គាត់។ ហើយនេះហើយគឺជាចំណុចស្នូលនៃការចិញ្ចឹមបីបាច់ថែរក្សាកូន។ ប្រសិនបើមិនមានចំណុចនេះទេ នោះនឹងមិនអាចមានចំណុចផ្សេងទៀតឡើយ—គឺគ្មានទេ។ ឱប្ដី និងប្រពន្ធអើយ! នេះគឺជាចំណុចចាប់ផ្ដើម ឬក៏ថាជាចំណុចផ្ដើមជាថ្មី។ អាកប្បកិរិយានៃការចិញ្ចឹមបីបាច់កូន ដោយមានសេចក្ដីសង្ឃឹម ខណៈពេលដែលកំពុងតែមានវិបត្តិ គឺអាកប្បកិរិយានៃការមានភាពក្លាហានដោយខូចចិត្ត។ ហើយការមានការខូចចិត្តជាចម្បង និងជាចំណុចស្នូល គឺដោយសារអំពើបាបរបស់យើងផ្ទាល់។
នេះគឺជាចម្បាំងដ៏ធំដែលយើងកំពុងតែប្រឈមមុខជាមួយ ហើយយើងអាចមានជោគជ័យបានគឺតាមរយៈតែព្រះគុណរបស់ព្រះជាម្ចាស់។ ខ្ញុំកំពុងតែអធិស្ឋានសម្រាប់លោកអ្នក។ សូមព្រះជាម្ចាស់ប្រទានមកកាន់យើងនូវការអស្ចារ្យ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នូវការបន្ទាបខ្លួន ខណៈពេលដែលកំពុងតែមានគេប្រព្រឹត្តអំពើបាបទាស់នឹងយើង គឺឲ្យយើងគិតអំពីអំពើបាបរបស់យើងដែលទាស់នឹងព្រះជាម្ចាស់វិញ។ នេះគឺជាការអស្ចារ្យដែលព្យាបាល គឺជាអ្វីដែលអាចប្រទានសេចក្ដីសង្ឃឹម ខណៈពេលដែលយើងគិតថាមិនមានសង្ឃឹមទាល់តែសោះ។
នៅពេលដែលយើងឈរនៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់នៅថ្ងៃជំនុំជម្រះ ដើម្បីលើកហេតុផលទៅកាន់ព្រះអង្គ គឺព្រះអង្គនឹងមិនអនុញ្ញាតឲ្យយើងលើកឡើងអំពីអំពើបាបដែលគេបានប្រព្រឹត្តទាស់នឹងយើងនោះទេ ដោយទ្រង់មានមូលហេតុមួយចំនួន៖
- ព្រះអង្គមានសៀវភៅកំណត់ត្រាអំពីអំពើបាបរបស់យើងហើយ ទ្រង់មិនត្រូវការឲ្យយើងជួយទេ។
- ព្រះអ្វីដែលយើងនឹងលើកឡើងគឺមិនត្រឹមត្រូវទេ ពីព្រោះការចងចាំរបស់យើងមិនល្អគ្រប់គ្រាន់។
- យើងនឹងប្រើឱកាសនោះ ដើម្បីប្រកែកថាខ្លួនឯងត្រូវ។
យើងនឹងមិនទទួលបានពេល ដើម្បីរៀបរាប់អំពីអំពើបាបរបស់អ្នកដទៃទេ។ គឺមានតែពេល ដើម្បីរៀបរាប់អំពីអំពើបាបរបស់ខ្លួនប៉ុណ្ណោះ។ ការទទួលស្គាល់កំហុសរបស់យើងគឺជារបៀបមួយដែលយើងអាចប្រើប្រាស់ ដើម្បីបង្រៀនកូនៗយើង ខណៈពេលដែលយើងកំពុងតែប្រឈមមុខនឹងវិបត្តិក្នុងគ្រួសារ។
ប្រសិនបើយើងចង់ធ្វើជាឪពុកម្ដាយល្អ ពេលដែលគ្រួសារមានបញ្ហា ជាដំបូងយើងត្រូវតែទទួលស្គាល់ថា អំពើបាបរបស់យើងគឺជាបញ្ហាដ៏អាក្រក់បំផុត។ ហើយជាបន្ទាប់យើងត្រូវតែទទួលស្គាល់ថា ព្រះលោហិតរបស់ព្រះយេស៊ូវគ្របបាំងលើវាទាំងអស់។
មតិយោបល់
Loading…