in ,

ការ​អង្វរ​ក​មួយ​សម្រាប់​ភាព​គ្មាន​ទោស

ខ្ញុំ​ចង់​ពូកែ​ធ្វើ​ការ​ល្អ។ តាម​ពិត ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​ជំនាញ​ធ្វើ​ការ​ល្អ។ យ៉ាង​ហោច​ណាស់ ខ្ញុំ​ចង់​ធ្វើ​ដូច​នោះ​នៅ​ពេល​ខ្ញុំ​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ។ ប៉ុន្តែ នៅ​ពេល​ដែល​ខ្ញុំ​ពិចារណា​អំពី​ខ្លួន​ខ្ញុំ ខ្ញុំ​ក៏​ឃើញ​មាន​ចំណាប់​អារម្មណ៍​ពិត​ប្រាកដ​មួយ​ខាង​សេចក្ដី​អាក្រក់​ផង​ដែរ។ សេចក្ដី​ប៉ងប្រាថ្នា​ទាំង​នេះ​ច្បាំង​គ្នា​នៅ​ក្នុង​ខ្ញុំ គឺ​ការ​ប៉ង​ប្រាថ្នា​ចង់​បំពេញ​ចិត្ត​ខ្ញុំ​ដោយ​ការ​ល្អ និង​ការ​ប៉ងប្រាថ្នា​ចង់​បំពេញ​ចិត្ត​ខ្ញុំ​ដោយ​ការ​អាក្រក់។

នៅ​ចុង​បញ្ចប់​នៃ​សំបុត្រ​ដ៏​អស្ចារ្យ​មួយ​របស់​សាវ័ក ប៉ុល ទៅ​កាន់​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម គាត់​បាន​ផ្ដល់​ការ​ទូន្មាន និង​ការ​រម្លឹក​ដាស់​តឿន​ចុង​ក្រោយ​មួយ​ចំនួន​អំពី​គ្រូ​ក្លែងក្លាយ និង​សមត្ថភាព​របស់​ពួក​គាត់​ក្នុង​ការ​បញ្ឆោត​អ្នក​ជឿ​ដោយ​ពាក្យ​ផ្អែម​ពីរោះ និង​ពាក្យ​បញ្ចើចបញ្ចើ។ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ដាស់​តឿន​ដល់​គ្រីស្ទ​បរិស័ទ​ឲ្យ «មាន​ប្រាជ្ញា​ខាង​ឯ​សេចក្តី​ល្អ ហើយ​ល្ងង់​ខាង​ឯ​សេចក្តី​អាក្រក់​វិញ» (រ៉ូម ១៦:១៩)។ លោក ចេ.ប៊ី ភីលីព (J.B. Phillips) សរសេរ​ឡើង​វិញ​បាន​យ៉ាង​ល្អ​ថា «ខ្ញុំ​ចង់​ឃើញ​អ្នក​រាល់​គ្នា​ជា​អ្នក​ជំនាញ​ខាង​ការ​ធ្វើ​ល្អ ហើយ​មិន​មែន​សូម្បី​តែ​ជា​អ្នក​ផ្ដើម​ធ្វើ​ការ​អាក្រក់​ផង»។

ខ្ញុំ​គិត​ថា​សាវ័ក ប៉ុល បាន​ដឹង​ថា គ្រីស្ទ​បរិស័ទ​ទាំង​នោះ​នឹង​អាច​មាន​សេចក្ដី​ល្បួង ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ព្រួយ​បារម្ភ​ខ្លាំង​អំពី​អំពើ​អាក្រក់ ដែល​បណ្ដាល​ឲ្យ​ពួក​គាត់​ចំណាយ​ពេល​ច្រើន​របស់​ក្នុង​ការ​សិក្សា​អំពី​វា។ ពួក​គាត់​នឹង​ទំនង​គិត​ថា របៀប​ដែល​ល្អ​បំផុត​ក្នុង​ការ​ការពារ​ជំនឿ គឺ​ត្រូវ​គិត​មមៃ​ពី​គោល​លទ្ធិ​អាក្រក់​ក្លែង​ក្លាយ។ ប៉ុន្តែ មិន​អាច​ជៀស​វាង​បាន​ទេ ពីព្រោះ​ការ​សិក្សា​អំពី​អំពើ​អាក្រក់​អាច​នឹង​នាំ​ឲ្យ​ពួក​គាត់​គិត​គំនិត​ការ​អាក្រក់​ហើយ​សូម្បីតែ​អាច​នឹង​ធ្វើ​ការ​អាក្រក់​ទៀត​ផង។ សេចក្ដី​អាក្រក់​មាន​អំណាច​បែប​នោះ មាន​អំណាច​ខ្លាំងក្លា​បើ​យើង​ជ្រមុជ​នៅ​ក្នុង​វា​មួយ​រយៈពេល។ ដូច្នេះ​ហើយ​បាន​ជា​សាវ័ក ប៉ុល បាន​ដាស់​តឿន​ដល់​ពួក​គាត់ ក្នុង​ការ​ប្រឈម​នឹង​រលក​នៃ​សេចក្ដី​បង្រៀន​ក្លែងក្លាយ និង​គ្រោះថ្នាក់​ផ្សេងៗ គឺ​ត្រូវ​ផ្ដោត​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​លើ​អ្វីៗ​ដែល​ល្អ បរិសុទ្ធ និង​គួរ​ឲ្យ​ស្រឡាញ់។ ពួក​គាត់​គួរ​សិក្សា​អំពី​សេចក្ដី​ពិត ហើយ​បន្ទាប់​មក​ឲ្យ​អ្វី​ដែល​ខុស​ឆ្គង​ឲ្យ​បាន​ឈរ​នៅ​កន្លែង​ម្ខាង​ទៀត។

យើង​អាច​យក​ការ​ទូន្មាន​របស់​សាវ័ក ប៉ុល ដោយ​គ្មាន​ភាព​ស្ទាក់ស្ទើរ៖ គឺ​ទុក​ជា​ការ​អង្វរ​មួយ ដើម្បី​ជៀសវាង​ពី​ការ​គិត​មមៃ​ច្រើន​ពេក​ពី​ការ​បង្រៀន​ខុស​ឆ្គង។ លោក​គ្រូ ចន ម៉កខសស៊ើរ (John MacArthur) អនុវត្ត​អត្ថបទ​នេះ​ក្នុង​របៀប​ដូច​នេះ «កុំ​សិក្សា​អំពី​គោល​លទ្ធិ​ខុស​ឆ្គង កុំ​សិក្សា​អំពី​អំពើ​បាប ហើយ​កុំ​សិក្សា​ការ​ខុស​ឆ្គង តែ​ចូរ​នៅ​ជាប់​ជា​មួយ​សេចក្ដី​ពិត និង​ការ​ស្ដាប់​បង្គាប់​ដោយ​កោតខ្លាច​ព្រះ​វិញ»។ ខ្ញុំ​គិត​ថា វា​ជា​ការ​ល្អ​ប្រសើរ​ណាស់ ដែល​មាន​ការ​យល់​ដឹង​ខ្លះៗ​ទូទៅ​អំពី​ការ​បង្រៀន​ខុស​ឆ្គង និង​គ្រូ​ក្លែងក្លាយ។ វា​ជា​ការ​ល្អ​ដែល​យើង​ដឹង​ពី​មូល​ហេតុ​ថា យើង​មិន​មែន​ពួក​មរមន (Mormons) ឬ​ពួក​រ៉ូម៉ាំង​កាតូលិក (Roman Catholic) ឬ​ក៏​មូល​ហេតុ​ដែល​យើង​ជឿ​ថា អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​គឺ​ជា​ការ​ខុស​ឆ្គង។ ប៉ុន្តែ វា​អាច​ជា​គ្រោះ​ថ្នាក់​ក្នុង​ការ​ដែល​យើង​ជ្រមុជ​ខ្លួន​យើង​ទៅ​ក្នុង​សេចក្ដី​បង្រៀន​ក្លែងក្លាយ និង​គ្រូ​ក្លែងក្លាយ។ វា​អាច​ជា​ការ​គ្រោះ​ថ្នាក់​ក្នុង​ការ​យើង​ស្មាន​ថា យើង​ត្រូវ​តែ​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ​អំពី​ការ​ខុស​ឆ្គង ដើម្បី​ឲ្យ​បាន​នៅ​ខ្ជាប់​ខ្ជួន​នឹង​អ្វី​ដែល​ជា​សេចក្ដី​ពិត។

ខ្ញុំ​គិត​ថា យើង​ក៏​អាច​ពង្រីក​សេចក្ដី​ទូន្មាន​របស់​សាវ័ក ប៉ុល បន្ថែម​ទៀត​ថា យើង​ត្រូវ​គិត​គូរ​អំពី​របៀប​ដែល​យើង​រស់​នៅ។ តើ​លោក​អ្នក​ជា​អ្នក​ជំនាញ​ខាង​ឯ​ការ​ធ្វើ​ល្អ​ដែរ​ឬ​ទេ? ឬ​ក៏​ថា លោក​អ្នក​ជា​អ្នក​ជំនាញ​ខាង​ការ​អាក្រក់​វិញ? តើ​គេ​ស្គាល់​លោក​អ្នក​ដោយ​ព្រោះ​ចំណាប់​អារម្មណ៍​របស់​លោក​អ្នក​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ល្អ​ឬ​ទេ? ឬ​ក៏​គេ​ស្គាល់​លោក​អ្នក​ដោយ​ព្រោះ​ចំណាប់​អារម្មណ៍​របស់​លោក​អ្នក​ក្នុង​ការ​ធ្វើ​ការ​អាក្រក់? ចូរ​គិត​អំពី​អ្វី​ដែល​លោក​អ្នក​អាន​លើ​អ៊ីនធឺណិត។ ចូរ​គិត​អំពី​សៀវភៅ និង​កម្ម​វិធី​ទូរទស្សន៍​ដែល​អ្នក​ចូល​ចិត្ត។ ចូរ​គិត​អំពី​ការ​ផុស​ចំនួន​១០០​ដង​ចុង​ក្រោយ​របស់​អ្នក​នៅ​លើ​ហ្វេសប៊ុក (Facebook)។ តើ​អ្នក​ស្រឡាញ់​ការ​ល្អ ឬ​ក៏​អ្នក​ជក់​ចិត្ត​នឹង​ការ​អាក្រក់?

លោក​គ្រូ ចន ស្តត់ (John Stott) បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «ដើម្បី​ឲ្យ​វ័យ​ឆ្លាត​នៅ​ខាង​ការ​ល្អ គឺ​យើង​ត្រូវ​ទទួល​ស្គាល់​វា ស្រឡាញ់​វា ហើយ​ធ្វើ​តាម​វា»។ តើ​លោក​អ្នក​ទទួល​ស្គាល់​អ្វី​ដែល​ល្អ​ដែរ​ឬ​ទេ ហើយ​ដឹង​ថា វា​ធ្វើ​ឲ្យ​លោក​អ្នក​រំជួល​ចិត្ត ហើយ​ជំរុញ​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​ប្រដេញ​តាម​វា​ដែរ​ឬ​ទេ? តើ​លោក​អ្នក​ចូល​ចិត្ត​ប្រាប់​អ្នក​ដទៃ​ទៀត​អំពី​សេចក្ដី​ល្អ​ដែល​លោក​អ្នក​បាន​ឃើញ សេចក្ដី​ល្អ​ដែល​លោក​អ្នក​បាន​រៀន សេចក្ដី​ល្អ​ដែល​លោក​អ្នក​បាន​ធ្វើ​ដែរ​ឬ​ទេ? លោក​គ្រូ ស្ដត់ និយាយ​បន្ត​ទៀត​ថា «ទាក់ទង​នឹង​ការ​អាក្រក់ គេ​ចង់​ឲ្យ​ពួក​គាត់​មាន​ភាព​សាមញ្ញ ឥត​បោក​ប្រាស់​បាន ព្រម​ទាំង​ញែក​ខ្លួន​ទាំង​ស្រុង​ឲ្យ​នៅ​ឆ្ងាយ​ពី​បទ​ពិសោធន៍​នៃ​ការ​ប្រព្រឹត្ត​អាក្រក់​ទៀត​ផង»។

ចូរ​រីក​រាយ​ជា​មួយ​អ្វី​ដែល​ល្អ មិន​មែន​រីក​រាយ​នឹង​ការ​អាក្រក់​ទេ។ សូម​មើល​អ្វី​ដែល​ល្អ មិន​មែន​មើល​ការ​អាក្រក់​ទេ។ ចូរ​គិត​អំពី​អ្វី​ដែល​ល្អ មិន​មែន​គិត​អ្វី​ដែល​អាក្រក់​ដែរ។ ចូរ​សុបិន​អំពី​អ្វី​ដែល​ល្អ មិន​មែន​សុបិន​អ្វី​ដែល​អាក្រក់​នោះ​ទេ។ សូម​អាន​អ្វី​ដែល​ល្អ មិន​អាន​អ្វី​ដែល​អាក្រក់​ឡើយ។ ចូរ​ប្រើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម ដើម្បី​អប​អរ​សាទរ​ចំពោះ​អ្វី​ដែល​ល្អ ជំនួស​ឲ្យ​អ្វី​ដែល​ជា​ការ​អាក្រក់​វិញ។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ ចូរ​ធ្វើ​អ្វី​ដែល​ល្អ មិន​ធ្វើ​ការ​អាក្រក់​ទេ។ ហើយ​ចូរ​ពិចារណា​អំពី​ការ​អង្វរ​របស់​លោក​គ្រូ ចន ផាបភ័រ (John Piper) ដែល​គាត់​បាន​លើក​ឡើង​ថា «ឱ​យុវជន​អើយ តើ​អ្នក​រាល់​គ្នា​នឹង​មិន​មាន​ទុក្ខ​ប៉ុន្មាន​ទៅ បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ចាប់​ផ្ដើម​ធ្វើ​អំពើ​អាក្រក់​នោះ។ មាន​អំពើ​អាក្រក់​គ្រប់​គ្រាន់​ហើយ​នៅ​ក្នុង​ចិត្ត​របស់​អ្នក​សម្រាប់​ឲ្យ​ព្រះ​គ្រីស្ទ​ដោះ​ស្រាយ។ អ្នក​មិន​ចាំបាច់​ដាក់​បន្ទុក​ដល់​ទ្រង់​បន្ថែម​ទៀត​នោះ​ទេ»។

និពន្ធដោយ៖ លោកគ្រូ  Tim Challies
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ និងលោក សឹម រក្សា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.challies.com ដោយមានការអនុញ្ញាត។  Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

រក​ពេល​អាន​ព្រះ​គម្ពីរ សម្រាប់​ម្ដាយ​ដែល​រវល់

កត្តា​ជំរុញ​ដ៏​ល្អ​ក្នុង​ការ​ចង​ចាំ​ព្រះ​គម្ពីរ