in ,

លោក​អ្នក​អាច​ទទួល​បាន​ការ​លើក​លែង​ទោស តើ​ណូអែល​រៀបរាប់​អ្វី​ពី​អំពើ​បាប​យើង?

ខ្ញុំ​ស្រមៃ​អំពី​ទឹក​ភ្នែក​ដ៏​ពិត​ដែល​ស្រក់​ចុះ​នៅ​ពេល​ដែល​គាត់​អាច​និយាយ​ចេញ​មក​បាន។

តើ​ប៉ុន្មាន​ដង​ដែល​គាត់ និង​ប្រពន្ធ​របស់​គាត់​បាន​អង្គុយ​ចុះ​ហើយ​យំ​ជាមួយ​គ្នា​ដោយ​ស្ងៀម​ស្ងាត់? តើ​ពួក​គេ​បាន​សន្ទនា​ដែល​មាន​ភាព​ឈឺ​ដូច​គ្នា​ប៉ុន្មាន? តើ​ពួក​គេ​បាន​និយាយ​អំពី​ឈ្មោះ​ប៉ុន្មាន​ដង? តើ​ពួក​គេ​បាន​បី​ទារក​ទើប​កើត​របស់​អ្នក​ផ្សេង​ប៉ុន្មាន​ដង? តើ​ពួក​គេ​គិត​ថា គាត់​ប្រហែល​ជា​មាន​ទម្ងន់​ប៉ុន្មាន​ដង? តើ​ពួក​គេ​បាន​សូម​ឲ្យ​មាន​កូន​ប៉ុន្មាន​ដង?

ហើយ​ឥឡូវ ពួក​គេ​បាន​បី​កូន​ក្នុង​រង្វង់​ដៃ​របស់​ពួក​គេ។ ក្តី​ស្រមៃ​ដែល​ពួក​គេ​មាន​ក៏​ត្រូវ​បាន​សម្រេច។ ជា​កូន​ប្រុស​ដែល​ពួក​គេ​គិត​ថា ពួក​គេ​នឹង​មិន​ដែល​មាន។

ដូច​ជា​អ្នក​ដែល​ជា​ឪពុក​លើក​ដំបូង​ជា​ច្រើន (រួម​បញ្ចូល​ទាំង​រូប​ខ្ញុំ) មនុស្ស​ប្រុស​មិន​អាច​រក​ពាក្យ​អ្វី​មក​និយាយ​បាន​ឡើយ។ ទោះ​បី​យ៉ាង​ណា​នៅ​ក្នុង​បរិបទ​នេះ គាត់​គឺ​ពិត​ជា​មិន​អាច​និយាយ​បាន​ពិត​មែន។ នៅ​ពេល​ដែល​លោក សាការី បាន​ឃើញ​មុខ​កូន​ប្រុស​របស់​គាត់​នោះ​គាត់​បាន​ត្រឹម​តែ​សុំ​អ្វី​មួយ​មក​សរសេរ។ គាត់​មិន​អាច​ភ្លក់​រសជាតិ​នៃ​ឈ្មោះ​កូន​ប្រុស​នៅ​លើ​បបូរ​មាត់​របស់​គាត់​អស់​រយៈ​ពេល​ប្រាំបី​ថ្ងៃ។ ខ្ញុំ​ចង​ចាំ​យ៉ាង​ច្បាស់​អំពី​ការ​ជួប​កូន​ដំបូង​របស់​យើង។ ខ្ញុំ​មិន​អាច​ស្រមៃ​អំពី​អារម្មណ៍​ទាំង​អស់​ដែល​ខ្ញុំ​មាន​នៅ​ថ្ងៃ​នោះ នៅ​ក្នុង​ភាព​ស្ងៀមស្ងាត់​បាន​ទេ។ បើ​សាកល្បង​នោះ​វា​ប្រហែល​ជា​និង​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​ជា​មិន​ខាន។

ដូច្នេះ ហេតុ​អ្វី​បាន​ជា​ព្រះ​ទ្រង់​ទប់​អណ្តាត​របស់​សាការី? នៅ​ពេល​ដែល​ទេវតា​កាព្រីយ៉ែល​បាន​លេច​មក ដើម្បី​ប្រាប់​សាការី​អំពី​អ្វី​ដែល​ព្រះ​ទ្រង់​បម្រុង​នឹង​ធ្វើ នោះ​បុរស​ចំណាស់​ម្នាក់​នេះ​មិន​បាន​នាំ​ឲ្យ​ខ្លួន​គាត់​ជឿ​ឡើយ។ «តើ​ខ្ញុំ​នឹង​ដឹង​សេចក្ដី​នោះ​បាន ដោយ​សារ​អ្វី ដ្បិត​ខ្ញុំ​សោត​ក៏​ចាស់​ហើយ ប្រពន្ធ​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ» (លូកា ១:១៨)។ ទេវតា​មិន​បាន​ប្រណី​ចំពោះ​ភាព​ខ្វះ​ជំនឿ​របស់​គាត់​នោះ​ទេ។

«ខ្ញុំ​នេះ ឈ្មោះ​កាព្រី‌យ៉ែល។ ដែល​ឈរ​នៅ​ចំពោះ​ព្រះ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​នឹង​លោក ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ​មើល លោក​នឹង​ត្រូវ​គ និយាយ​មិន​បាន ដរាប​ដល់​ថ្ងៃ​ដែល​ការ​ទាំង​នេះ​កើត​មក ពី​ព្រោះ​លោក​មិន​បាន​ជឿ​ពាក្យ​ខ្ញុំ ដែល​នឹង​សម្រេច​នៅ​វេលា​កំណត់​នោះ​ទេ» (លូកា ១:១៩-២០)។ លោក សាការី បាន​បី​កូន​ប្រុស​របស់​គាត់​ដែល​បាន​រង់ចាំ​យ៉ាង​យូរ​ដោយ​ភាព​ស្ងៀម​ស្ងាត់ ពីព្រោះ​គាត់​បាន​ធ្វើ​បាប​ទាស់​និង​ព្រះ​ដែល​បាន​បើក​ផ្ទៃ​ប្រពន្ធ​របស់​គាត់។ គាត់—គឺ​ជា​សង្ឃ—បាន​ច្រាន​ចោល​នូវ​អ្វី​ដែល​ព្រះ​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់លាស់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​បាន​ប្រទាន​ឲ្យ​គាត់​នូវ​ពេល​វេលា​រយៈ​ពេល​ប្រាំបួន​ខែ​ស្ងប់ស្ងាត់ និង​ឈឺចាប់​នៅ​មុខ​កញ្ចក់។ គ្រប់​ពេល​គាត់​ព្យាយាម​និយាយ​នោះ​គាត់​ត្រូវ​បាន​រម្លឹក​អំពី​របៀប​ដែល​គាត់​បាន​បរាជ័យ។ ភាព​គ និយាយ​មិន​បាន របស់​គាត់​លើក​ឡើង​អំពី​អ្វី​ដែល​គ្មាន​នរណា​ម្នាក់​អាច​ស្តាប់​ឮ៖ «ខ្ញុំ​បាន​ធ្វើ​បាប»។

បន្ទាប់​មក គឺ​ងាយ​ស្រួល​ដូច​ជា​ទ្រង់​បាន​បិទ​មាត់​លោក សាការី នោះ​ព្រះ​ក៏​បាន​បើក​មាត់​គាត់​ម្តង​ទៀត។

រស​ជាតិ​នៃ​ការ​លើកលែង​ទោស

ប្រសិន​បើ​បុរស​ម្នាក់​នៅ​ដោយ​ស្ងៀមស្ងាត់​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ ហើយ​នៅ​ពេល​ដែល​គាត់​និយាយ នោះ​គ្រប់​គ្នា​នឹង​ប្រុងប្រៀប​ស្តាប់។ ដូច្នេះ នៅ​ពេល​ដែល​អណ្តាត​ដែល​បាន​បន្ទាប​ចុះ​របស់​គាត់​បាន​ត្រឡប់​មក​វិញ​នោះ​តើ​លោក សាការី នឹង​និយាយ​អ្វី? នេះ​គឺ​ជា​ពេល​ដែល​ទឹក​ភ្នែក​ត្រូវ​បាន​ហូរ​ចុះ​មក។

«សូម​ឲ្យ​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​សាសន៍​អ៊‌ីស្រាអែល បាន​ប្រកប​ដោយ​ព្រះ​គុណ ពី​ព្រោះ​ទ្រង់​បាន​ទត​មើល ហើយ​ប្រោស​លោះ​រាស្ត្រ​ទ្រង់ ព្រម​ទាំង​បង្កើត​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ នៅ​ក្នុង​ពូជ​ហ្លួង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ សំរាប់​នឹង​ជួយ​សង្គ្រោះ​យើង​ផង»(លូកា ១:៦៨-៦៩)។

បន្ទាប់​មក នៅ​ក្នុង​ពីរ​បី​ខ​បន្ទាប់ នោះ​គាត់​ក៏​និយាយ​ទៅ​កាន់​កូន​ប្រុស​របស់​គាត់​ផ្ទាល់៖

«ឯ​ឯង​ទារក​អើយ គេ​នឹង​ហៅ​ឯង​ជា​ហោរា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ឯង​នឹង​ដើរ​ចំពោះ​ព្រះ​អម្ចាស់ ដើម្បី​នឹង​រៀបចំ​ផ្លូវ​ថ្វាយ​ទ្រង់ ប្រយោជន៍​ឲ្យ​រាស្ត្រ​ទ្រង់​បាន​ស្គាល់​សេចក្ដី​សង្គ្រោះ ជា​ការ​ប្រោស​ឲ្យ​គេ​រួច​ពី​បាប ដោយ​ព្រោះ​ព្រះ​ហឫទ័យ​មេត្តាករុណា​របស់​ព្រះ​នៃ​យើង ដែល​បណ្តាល​ឲ្យ​បច្ចូសកាល ភ្លឺ​មក​ដល់​យើង​ពី​ស្ថាន​ដ៏​ខ្ពស់» (លូកា ១:៧៦-៧៨)។

តើ​សេចក្តី​មេត្តាករុណា​របស់​ព្រះ​ពិត​ជា​មាន​ភាព​ទន់ភ្លន់​ជាង ជាង​មក​កាន់​លោក សាការី ខ្លាំង​ជាង​ពេល​ដែល​កាន់​ខ្ជាប់​នូវ​សេចក្តី​អធិស្ឋាន​ដែល​ទទួល​ការ​ឆ្លើយ​តប តើ​គាត់​ពិត​ជា​អាច​រៀប​ពាក្យ​ម្តង​ទៀត​ឬ? កូន​ប្រុស​ដែល​ព្រះ​បាន​អត់ទោស។ ព្រះ​ជាម្ចាស់​ពិត​ជា​បាន​អត់​ទោស។ ទ្រង់​បាន​អត់​ទោស​មនុស្ស​មាន​បាប​ដូច​ជា​ខ្ញុំ។ ទ្រង់​ពិត​ជា​មាន​សេចក្តី​សប្បុរស និង​មេត្តាករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​យ៉ាង​ខ្ជាប់ខ្ជួន និង​សេចក្តី​ស្មោះត្រង់។ ទ្រង់​រក្សា​សេចក្តី​ស្រឡាញ់​ដ៏​ខ្ជាប់ខ្ជួន​របស់​ទ្រង់​សម្រាប់​រាប់​ពាន់​ដំណ ទ្រង់​អត់​ទោស​អំពើ​ទុច្ចរិត និង​ការ​រំលង ហើយ​និង​អំពើ​បាប។ ចូរ​ចេញ​ទៅ​ប្រាប់​គេ​ថា ការ​អត់ទោស​គឺ​អាច​ទៅ​រួច ពីព្រោះ​ព្រះ​បាន​យាង​មក។

តើ​មាន​អ្វី​ទៀត​ដែល​សម​ជាង​ការ​ដែល​ក្មេង​ប្រុស​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា យ៉ូហាន ដែល​មាន​ន័យ​ថា «ទទួល​ព្រះ​គុណ​បាន​ពី​ព្រះ​ជាម្ចាស់»? ហើយ​ហេតុ​ដូច្នេះ​លោក សាការី បាន​ធ្វើ។ ហើយ​យើង​ក៏​ដូច្នេះ​ដែរ។

តើ​នរណា​អាច​អត់​ទោស​បាប​បាន?

មិន​យូរ​ប៉ុន្មាន បងប្អូន​ជីដូនមួយ​របស់​លោក យ៉ូហាន ក៏​បាន​កើត​មក​ដែរ។ គឺ​ជា​ទារក​នៃ​ការ​អស្ចារ្យ។ ការ​អត់ទោស​ពី​កំណើត។

នៅ​ពេល​ព្រះយេស៊ូវ​ចាប់ផ្តើម​ព័ន្ធកិច្ច​របស់​ទ្រង់ នោះ​ព្រះ​អង្គ​បាន​បោះ​គោល​ចារឹក​នៅក្នុង​ដី​ថា ទ្រង់​យាង​មក ដើម្បី​ប្រកាស និង​សម្រេច​ការ​អត់​ទោស។ ថ្ងៃ​មួយ នៅ​ពេល​ព្រះ​អង្គ​បង្រៀន និង​ព្យាបាល នោះ​ក៏​មាន​ហ្វូង​មនុស្ស​ជួប​ជុំគ្នា—គឺ​ជា​ហ្វូង​មនុស្ស​យ៉ាង​ច្រើន រហូត​ដល់​ថា​មាន​បុរស​មួយ​ក្រុម និង​មិត្តភក្ដិ​ពិការ​របស់​ពួក​គេ​មិន​អាច​ចូល​ទៅ​ជិត​ទ្រង់​បាន។ ជា​ការ​សម្រេច បុរស​ទាំង​នោះ​បាន​ទំលុះ​ប្រហោង​ដំបូល​ហើយ​សំរូត​មិត្តភក្ដិ​របស់​ពួកគេ​នៅ​ត្រង់​កន្លែង​ព្រះយេស៊ូវ​គង់នៅ។ ទាក់​ទង​នឹង​អ្វី​ដែល​ព្រះ​យេស៊ូវ​អាច​មាន​បន្ទូល​អំពី សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ទ្រង់​ឆ្លើយ​តប៖ «លុះ​ទ្រង់​បាន​ឃើញ​សេចក្ដី​ជំនឿ​របស់​គេ​ដូច្នោះ ក៏​មាន​បន្ទូល​ថា អ្នក​អើយ បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ»(លូកា ៥:២០)។

ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ដែល​បាន​ស្តាប់​ទ្រង់ ហើយ​ក៏​នាំ​គ្នា​រិះគិត​ក្នុង​ចិត្ត​ថា៖ «តើ​អ្នក​ណា​នេះ ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ​ដូច្នេះ ក្រៅ​ពី​ព្រះ​១ តើ​មាន​អ្នក​ណា​អាច​នឹង​អត់​ទោស​បាប​បាន?» (លូកា ៥:២១)។ ពួកគេ​សួរ​សំណួរ​ត្រឹមត្រូវ ប៉ុន្តែ​ធ្វើ​ការ​សរុប​សេចក្តី​ខុស។ ព្រះ​យេស៊ូវ​កែ​តម្រង់​ពួក​គេ ហើយ​នៅ​ក្នុង​របៀប​ដែល​មិន​អាច​បំភ្លេច​បាន។

«ហេតុ​អ្វី​បាន​ជា​អ្នក​រិះ‌គិត​ក្នុង​ចិត្ត​ដូច្នេះ? ដ្បិត​ដែល​ថា “បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ ឬ​ថា ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ដែល​ងាយ​ថា​ជា​ជាង? ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន”» (នោះ​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​វិញ) ខ្ញុំ​ប្រាប់​អ្នក​ថា “ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ​ផ្ទះ​ទៅ”» (លូកា ៥:២២-២៣)។

ហើយ​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ​បាន​ធ្វើ​នូវ​អ្វី​ដែល​គាត់​មិន​បាន​ធ្វើ ដែល​យើង​មិន​ដឹង​ថា​រយៈ​ពេល​យូរ​ប៉ុណ្ណា​នោះ​ទេ៖ «គាត់​ក៏​ក្រោក​ឈរ​ឡើង​នៅ​មុខ​គេ​ជា​១​រំពេច ហើយ​លើក​គ្រែ ដែល​បាន​ដេក ចេញ​ទៅ​ឯ​ផ្ទះ ទាំង​សរសើរ​តម្កើង​ដល់​ព្រះ​បណ្តើរ»(លូកា ៥:២៥)។ ពាក្យ​សម្ដី​របស់​គាត់​គឺ​ពិត​ជា​ល្អ ប៉ុន្តែ​គាត់​មិន​ចាំបាច់​និយាយ​អ្វី​ទាំង​អស់។ ជើង​របស់​គាត់​និយាយ​គ្រប់​យ៉ាង​រួច​ហើយ។ ព្រះ​យេស៊ូវ​បាន​ព្យាបាល​រូប​កាយ​បាក់​បែក​របស់​ខ្ញុំ។ លើស​ពី​នោះ​ទៀត ព្រះ​អង្គ​បាន​អត់​ទោស​ដល់​ព្រលឹង​វង្វេង​របស់​ខ្ញុំ។ ទ្រង់​បាន​អត់​ទោស។ ព្រះ​ពិតជា​អត់​ទោស​មែន។

សូម​អត់​ទោស​អំពើ​បាប​យើង​ខ្ញុំ

ការ​អត់​ទោស​នេះ​មិនមែន​សម្រាប់​តែ​មនុស្ស​មាន​បាប​ជាក់លាក់​មួយ​ចំនួន​តូច​នោះទេ។ នេះ​គឺជា​តម្រូវការ​យ៉ាង​ជ្រាល​ជ្រៅ​ប្រចាំ​ថ្ងៃ​សម្រាប់​ព្រលឹង​មនុស្ស​គ្រប់​គ្នា។ នៅ​ពេល​ពួក​សាវ័ក​របស់​ទ្រង់​បាន​សួរ​ព្រះ​អង្គ​អំពី​របៀប​អធិស្ឋាន នោះ​ព្រះ​យេស៊ូវ​ឆ្លើយ​តប​យ៉ាង​សាមញ្ញ​ខ្លី និង​ចំ​គោលដៅ​ថា «កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន» នោះ​ត្រូវ​ទូល​ថា​ដូច​នេះ៖

«ឱ​ព្រះ​វរ​បិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌​អើយ សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់ បាន​សម្រេច​នៅ​ផែន​ដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ មក​ជា​រាល់​ថ្ងៃ សូម​អត់​ទោស​បាប​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ក៏​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ ហើយ​សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ពី​សេចក្ដី​អាក្រក់​វិញ» (លូកា ១១:២-៤)។

សូម​សូម​កត់​សម្គាល់​ថា ព្រះយេស៊ូវ​អធិស្ឋាន​យ៉ាង​ច្រើន ប៉ុន្តែ​ទ្រង់​មិន​ចាំបាច់​អធិស្ឋាន​ផ្នែក​នៃ​សេចក្តី​អធិស្ឋាន​នេះ​ឡើយ។ ទេ! ទ្រង់​ជ្រាប​នូវ​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ​ជា​ចាំបាច់​ជា​រៀង​រាល់​ថ្ងៃ។ ដូច​ទ្រង់ នោះ​ពួក​គេ​ត្រូវ​ការ​អាហារ​ប្រចាំ​ថ្ងៃ និង​ការ​ការពារ​ពី​សេចក្តី​ល្បួង។ មិន​ដួច​ទ្រង់ នោះ​ពួកគេ​ត្រូវ​ការ​ការ​អត់​ទោស​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ខុស។ ហើយ​យើង​នឹង​ធ្លាក់​ចុះ​ម្តង​ហើយ​ម្តង​ទៀត (១យ៉ូហាន ១:៨ )។ យើង​ម្នាក់ៗ​គឺ​បែប​នេះ យើង​បាន​កើត​មក​ក្នុង​សេចក្តី​ទុច្ចរិត ហើយ​មាន​ជាប់​មាន​បាន​តាំង​ពី​ក្នុង​ផ្ទៃ​ពោះ (ទំនុកតម្កើង ៥១:៥)។ ហើយ​ខណៈ​ពេល​ដែល​មនុស្ស​ចាស់​បាន​ស្លាប់​នៅ​ពេល​ដែល​យើង​ទទួល​ជឿ នោះ​យើង​នៅ​តែ​ប្រឈម​ជា​មួយ​មនុស្ស​ចាស់​នោះ​រាល់​ថ្ងៃ។

ព្រះ​យេស៊ូវ​មិន​ដែល​ធ្វើ​បាប​សោះ ប៉ុន្តែ​ទ្រង់​ដឹង​ថា​អំពើបាប​មាន​ការ​អូស​ទាញ​ខ្លាំង​ប៉ុណ្ណា ( ហេព្រើរ ៤:១៥ )។ ទ្រង់​ជ្រាប​ថា អំពើបាប​នឹង​ត្រូវ​បង់​ថ្លៃ​យ៉ាង​ច្រើន។ ទ្រង់​យាង​មក​ដក​អំពើ​បាប​ចេញ ដូច្នេះ​ហើយ​បាន​ជា​ទ្រង់​បង្រៀន​យើង​ឲ្យ​ទូល​សូម​ការ​អត់​ទោស។

ការ​អត់​ទោស​នៅ​ក្នុង​សាច់​ឈាម

រហូត​ដល់​ថ្ងៃ​សុក្រ​ដ៏​ល្អ នោះ​ការ​អត់​ទោស​គឺ​ស្ថិត​នៅជា​សេចក្តី​សន្យា​ពិត—ប៉ុន្តែ​មិន​អាច​មើល​ឃើញ​បាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​ពេល​ដែកគោល​បាន​ធ្លុះ​ចូល ហើយ​ឈើ​ឆ្កាង​ត្រូវ​បាន​លើក​ឡើង នោះ​ការ​អត់​ទោស​ត្រូវ​បាន​បំបែក​ឲ្យ​អាច​មើល​ឃើញ​ដោយ​លាប​ដោយ​ពណ៌​ក្រហម​ឲ្យ​គ្រប់គ្នា​អាច​មើល​ឃើញ​បាន។ ពួក​គេ​បាន​ចាប់​ទ្រង់​ដោយ​គ្មាន​ដីកា កាត់ទោស​ទ្រង់​ដោយ​គ្មាន​យុត្តិធម៌ ហើយ​វាយ​ទ្រង់​ដោយ​គ្មាន​មេត្តា។ ប៉ុន្តែ​ទោះ​បី​ជា​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ទ្រង់​ដូច​ជា​សត្រូវ​ក៏ដោយ ក៏​ទ្រង់​នៅ​តែ​អធិស្ឋាន​សម្រាប់​ពួក​គេ​ដែរ។ តើ​ទ្រង់​អធិស្ឋាន​យ៉ាង​ដូចម្តេច? «ឱ​ព្រះ​វរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ» (លូកា ២៣:៣៤) ។

បន្ទាប់​មក ចេញ​ពី​ភាព​ទន់ខ្សោយ និង​ភាព​អាម៉ាស់​នៃ​ឈើ​ឆ្កាង​ជា​មួយ​នឹង​ការ​មាន​អុកស៊ីសែន​មិន​គ្រប់គ្រាន់ សម្រាប់​ដក​ដង្ហើម នោះ​ទ្រង់​មាន​បន្ទូល​ពី​ការ​អត់​ទោស​ទៅ​កាន់​ព្រលឹង​ផ្សេង​ទៀត​ដែល​កំពុង​តែ​ត្រូវ​ការ។ អ្នកទោស​ដែល​នៅ​ចំហៀង​ទ្រង់​ម្នាក់​និយាយ​ថា «គេ​ធ្វើ​ទោស​យើង​ត្រូវ​ហើយ ដ្បិត​យើង​ត្រូវ​ទោស​ចំពោះ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត ប៉ុន្តែ​ព្រះ​អង្គ​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ…ព្រះ​អម្ចាស់​អើយ កាល​ណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូល​បង្គំ​ផង»(លូកា ២៣:៤១-៤២)។ ជា​មួយ​ដង្ហើម​ចុង​ក្រោយ​របស់​ទ្រង់​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន​បរម​សុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ»(លូកា ២៣: ៤៣) ។ តើ​លទ្ធភាព​នៃ​ការ​អត់ទោស​បាន​ច្បាស់​ជាង​មុន​ដែរ​ឬ​ទេ? តើ​ការ​អស្ចារ្យ​នៃ​ការ​អត់ទោស​បាន​ងងឹត​ជាង​មុន​ឬ? ចេញពី​ដែក​គោល​នៃ​ការ​ធ្វើ​ទារុណកម្ម​ទៅ​ជា​រង្វាន់​នៃ​ស្ថានសួគ៌​ដោយ​គ្រាន់​តែ​ប្រយោគ​មួយ​គឺ—ការ​អត់ទោស។

ហើយ​នៅ​ក្នុង​ពេល​វេលា​បន្ទាប់ ទ្រង់​បាន​បញ្ចប់​ការ​បង់ថ្លៃ​សម្រាប់​ការ​អត់​ទោស​ដែល​មិន​នឹក​ស្មាន​ដល់។ «ឱ​ព្រះ​វរ​បិតា​អើយ ទូល​បង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះ​ហស្ត​ទ្រង់​វិញ កាល​មាន​បន្ទូល​ពាក្យ​ទាំង​នេះ​រួច​ហើយ នោះ​ទ្រង់​ផុត​ដង្ហើម​ទៅ»(លូកា ២៣:៤៦)។ ការ​សុគត​មិន​បាន​ប្រទាន​ឲ្យ​ទ្រង់​នូវ​សិទ្ធ​អំណាច​សម្រាប់​អត់ទោស​នោះ​ទេ—ទ្រង់​មាន​វា​តាំង​ពីមុន​កំណើត​លោកីយ៍​មក​ម្ល៉េះ។ ទេ! ការ​ស្លាប់​អាច​រាប់​ជា​សុចរិត​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​តាំង​ពី​នៅ​ក្នុង​សួនច្បារ (រ៉ូម ៣:២៥)។ ព្រះ​តែង​តែ​អត់ទោស​ដល់​មនុស្ស​តាម​រយៈ​ជំនឿ​ឥឡូវ​នេះ​ទ្រង់​មាន​ព្រះ​លោហិត​ធ្វើ​ជា​ភស្តុតាង។

តាម​រយៈ​បុរស​ម្នាក់​នេះ

បន្ទាប់​ពី​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទ្រង់​បាន​លេច​មក​ឯ​ពួក​សាវ័ក ហើយ​បាន​បរិភោគ​ជាមួយ​ពួក​គេ។ នៅ​ពេល​និយាយ​គ្នា​ទ្រង់​បាន​ពន្យល់​គេ​អំពី​គម្ពីរ​វិន័យ​របស់​លោក ម៉ូសេ ទំនាយ​ពួក​ហោរា និង​ទំនុកតម្កើង ដើម្បី​បង្ហាញ​ពួក​គេ​អំពី​គ្រប់​ផ្នែក​ទាំង​អស់​គឺ​ចង្អុល​បង្ហាញ​ពី​ទ្រង់។ ហើយ​បន្ទាប់​មក​ទ្រង់​បាន​សង្ខេប​មេរៀន​ដោយ​មាន​បន្ទូល​ថា «គឺ​សេចក្ដី​នេះ​ហើយ ដែល​បាន​ចែង​ទុក​មក គឺ​ថា ព្រះ​គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​នៅ​ថ្ងៃ​ទី៣​ទ្រង់​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ត្រូវ​ឲ្យ​ការ​ប្រែ​ចិត្ត និង​សេចក្ដី​ប្រោស​ឲ្យ​រួច បាន​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ដោយ​នូវ​ព្រះ​នាម​ទ្រង់​ចាប់​តាំង​ពី​ក្រុង​យេរូសាឡឹម​ទៅ»(លូកា ២៤:៤៦-៤៧)។ សេចក្តី​សន្យា​ពី​ការ​អត់​ទោស។ ការ​អត់​ទោស​ត្រូវ​បាន​សម្រេច។ ហើយ​ឥឡូវនេះ​ការ​អត់​ទោស​ត្រូវ​បាន​ប្រកាស​ទូទៅ​ពាស​ពេញ​ពិភព​លោក​ទាំង​មូល​ដែរ។

ហើយ​នោះ​ជា​អ្វី​ដែល​ក្រុម​ជំនុំ​កំពុង​តែ​ធ្វើ។ នៅ​ពេល​ដែល​ខ្យល់ និង​ភ្លើង​បាន​ធ្លាក់​ពី​លើ​ស្ថានសួគ៌​នៅ​ថ្ងៃ​បុណ្យ​ទី៥០ តើ​សាវ័ក ពេត្រុស បាន​និយាយ​អ្វី? «ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ»(កិច្ចការ ២:៣៨)។ សូម​ចង​ចាំ​ថា​សាវ័ក ពេត្រុស បាន​ភ្លក់​នូវ​បទ​ពិសោធន៍​ពី​ភាព​ឧត្តម​នៃ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​ដោយ​ផ្ទាល់ «ខ្ញុំ​មិន​ស្គាល់​ទ្រង់​ទេ….ខ្ញុំ​មិន​ស្គាល់​ទ្រង់​ទេ….ខ្ញុំ​មិន​ស្គាល់​ទ្រង់​ទេ»។ ហើយ​ក្រោយ​មក ពេល​ព្រះ​បញ្ជូន​គាត់​ទៅ​កាន់​មេទ័ព ដើម្បី​ទទួល​ស្វាគមន៍​យ៉ាង​ពេញ​ទំហឹង​ដល់​សាសន៍​នោះ​ឲ្យ​ចូល​មក​ក្នុង​ក្រុម​ជំនុំ តើ​គាត់​បាន​និយាយ​អ្វី​នៅ​ពេល​នោះ? «ពួក​ហោរា​សុទ្ធ​តែ​ធ្វើ​បន្ទាល់​ពី​ទ្រង់​ថា អស់​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​បាន​រួច​ពី​បាប ដោយ​សារ​ព្រះ​នាម​ទ្រង់»(កិច្ចការ ១០:៤៣)។ ហើយ​នៅ​ពេល​ដែល​សាវ័ក ប៉ុល បាន​ក្រោក​ឈរ​ដោយ​ក្លាហាន​នៅ​ក្នុង​សាលា​ប្រជុំ​នៅ​ក្រុង​អាន់ទីយ៉ូក ដើម្បី​ប្រាប់​ពួក​យូដា​ឲ្យ​ប្រែ​ចិត្ត ហើយ​បែរ​មក​រក​ព្រះ​គ្រីស្ទ តើ​គាត់​និយាយ​អ្វី? «ដូច្នេះ អ្នក​រាល់​គ្នា ជា​បង​ប្អូន​អើយ​សូម​ជ្រាប​ថា ដែល​មាន​សេចក្ដី​ប្រោស​ឲ្យ​រួច​ពី​បាប បាន​ប្រកាស​ប្រាប់​ដល់​អ្នក​រាល់​គ្នា នោះ​គឺ​ដោយ​សារ​ព្រះ​អង្គ​នោះ​ឯង»(កិច្ចការ ១៣:៣៨)។ មនុស្ស​ក្នុង​ទីក្រុង​ទាំង​មូល​បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​សប្តាហ៍​បន្ទាប់ ដើម្បី​ស្តាប់​បន្ថែម​ទៀត។ តើ​ការ​អត់ទោស​នេះ​អាច​ជា​ការ​ពិត​ឬ?

នៅ​ក្នុង​ពិភព​លោក​ដែល​ជាប់​នៅ​ក្នុង​អំពើ​បាប និង​ភាព​អាម៉ាស់​ក្រុមជំនុំ​គឺ​ជា​ផ្ទះ​នៃ​ពន្លឺ​នៃ​ការ​អត់​ទោស។ មនុស្ស​រាប់​ពាន់​នាក់​បាន​ជួញ​ដូរ​បន្ទុក​នៃ​កំហុស ដើម្បី​បាន​សេចក្តី​អំណរ​នៃ​ការ​សម្រាក។ តាំង​ពី​ពេល​នោះ​មក​មាន​មនុស្ស​រាប់​លាន​នាក់​បាន​ចូល​រួម​ជា​មួយ​ពួក​គេ។ ដូច​ជា​លោក សាការី នោះ​ពួក​គេ​ក៏​ត្រូវ​បាន​ប្រឈម​មុខ​ជាមួយ​នឹង​ភាព​ភ័យ​រន្ធត់​នៃ​អំពើ​បាប​របស់​ខ្លួន​ទាស់​ប្រឆាំង​ជា​មួយ​ព្រះ។ ពួក​គេ​បាន​ភ្លក់​នូវ​ភាព​ល្វីង​នៃ​លទ្ធផល។ ហើយ​ពួក​គេ​បាន​ជួប​ជា​មួយ​នឹង​ការ​អត់​ទោស—ដោយ​ផ្ទំ​នៅ​ក្នុង​ស្នូក ធ្វើ​ការ​នៅ​ណាសារ៉ែត គេ​បាន​លើក​ទ្រង់​ឡើង​នៅ​លើ​ឈើ​ឆ្កាង ចាក​ចេញ​ពី​ផ្នូរ ហើយ​ពេល​នេះ​គឺ​ជា​ព្រះ​អម្ចាស់​លើ​ទាំង​អស់។

នៅ​ពេល​ទ្រង់​ប្រសូត នោះ​ក៏​មាន​ការ​អត់​ទោស។ នៅ​ពេល​ទ្រង់​សុគត នោះ​ក៏​មាន​ការ​អត់​ទោស។ នៅ​ពេល​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ នោះ​ក៏​មាន​ការ​អត់​ទោស​ដែរ។ នៅ​ពេល​ទ្រង់​ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថានសួគ៌​នោះ​ក៏​មាន​ការ​អត់​ទោស​ដែរ។ ហើយ​នៅ​ក្នុង​ភាព​ធំ​ទូលាយ និង​អស្ចារ្យ​របស់​ទ្រង់ គឺ​មាន​ការ​អត់​ទោស។ ប្រសិន​បើ​អ្នក​អាច​ទទួល​បាន​ការ​អត់​ទោស តើ​អ្នក​នៅតែ​ឆ្ងល់​អំពី​បុណ្យ​ណូអែល​ទៀត​មែន​ឬ?

នៅ​ក្នុង​ជម្រៅ​ចិត្ត​យើង យើង​ទាំង​អស់​គ្នា​សុទ្ធតែ​ចង់​ទទួល​បាន​ការ​អត់​ទោស—គឺ​ការ​ទទួល​បាន​ការ​លាង​សម្អាត​ឲ្យ​ស្អាត​ចេញពី​អំពើ​បាប​របស់​យើង ហើយ​ឲ្យ​ព្រះ​អង្គ​ទទួល​យើង​ចូល​ក្នុង​ព្រះ​ដំណាក់​របស់​ទ្រង់។ ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម បាន​សុគត ហើយ​បាន​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ឲ្យ​ការ​ទទួល​បាន​ការ​អត់​ទោស​នោះ​អាច​ដំណើរ​ការ​បាន។

និពន្ធដោយ៖ លោកគ្រូ Marshall Segal
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក​ស្រី ឡូញ ស្រីរ័ត្ន, លោក ខែម បូឡុង, លោក ឯក សត្យា, លោក សឹម រក្សា និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។  Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការ​ប្ដេជ្ញា​ចិត្ត​ស្រឡាញ់

ដំណាក់​កាល​ផ្សេងៗ​នៃ​ភាព​ចាស់​ទុំ​ខាង​ឯ​វិញ្ញាណ៖ កុមារ​ភាព​