«ជម្រាបសួរលោកគ្រូ! ខ្ញុំដឹងហើយថា លោកគ្រូចូលចិត្តអានព្រះគម្ពីរបរិសុទ្ធបកប្រែឆ្នាំ១៩៥៤ (ឬក៏ឈ្មោះមួយទៀតព្រះគម្ពីរប៊ីប) ប៉ុន្តែពេលខ្លះខ្ញុំឃើញថា ខ្ញុំមានការពិបាកក្នុងការយល់ការបកប្រែព្រះគម្ពីរបរិសុទ្ធ (ពគប) ដូច្នេះពេលខ្លះខ្ញុំក៏អានការបកប្រែព្រះគម្ពីរខ្មែរបច្ចុប្បន្ន (គខប) ការបកប្រែព្រះគម្ពីរកែសម្រួលឆ្នាំ២០១៦ (គកស) ព្រះគម្ពីរគ្រីស្ទបរិស័ទខ្មែរ (គបខ) (មានតែសញ្ញាថ្មី) ឬក៏ព្រះគម្ពីរខ្មែរសាកល (គខស) ដើម្បីឲ្យកាន់តែយល់លើខគម្ពីរណាមួយ។ តើលោកគ្រូគិតថា វាសំខាន់ទេដែលយើងត្រូវតែជ្រើសរើសអាន និងសញ្ជឹងគិតលើការបកប្រែតែមួយ? ក្នុងនាមជាអ្នកជឿ ខ្ញុំចង់រស់នៅដោយពឹងលើព្រះបន្ទូល ពីព្រោះខ្ញុំដឹងថា ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សូមលោកគ្រូជួយផ្ដល់យោបល់លើការជ្រើសរើសយកការបកប្រែណាមួយជាគោល។ ខ្ញុំក៏ដឹងផងដែរថា គ្រូៗមួយចំនួនក៏បានជ្រើសរើសប្រើប្រាស់តែការបកប្រែមួយ ហើយអាន និងទន្ទេញឲ្យចាំមាត់ពេញមួយជីវិត ដល់ថ្នាក់ថាពួកគាត់ចាំថា ខគម្ពីរណាមួយស្ថិតនៅក្នុងទំព័រណាទៀតផង។ ឧទាហរណ៍៖ ប្រសិនបើខ្ញុំជ្រើសរើសប្រើប្រាស់តែការបកប្រែព្រះគម្ពីរបរិសុទ្ធ តើខ្ញុំនឹងបាត់បង់ការយល់ដឹងមួយចំនួនមែនឬ ជាពិសេសនៅពេលដែលខ្ញុំមិនយល់ពាក្យណាមួយ? ខ្ញុំសូមអរគុណលោកគ្រូទុកជាមុន សម្រាប់យោបល់ដែលលោកគ្រូនឹងចែកចាយ»។
ខ្ញុំស្រឡាញ់របៀបដែលគាត់សួរ ជាពិសេសទាក់ទងនឹងការចង់រស់នៅដោយពឹងលើព្រះបន្ទូល។ ការចង់ធ្វើបែបនេះគឺជាការល្អណាស់។ ហើយគាត់ក៏បានលើកឡើងយ៉ាងត្រូវផងដែរថា ខ្ញុំចូលចិត្តព្រះគម្ពីរបរិសុទ្ធ ឬក៏ព្រះគម្ពីរប៊ីប ក្នុងការអាន និងសញ្ជឹងគិត។ ខ្ញុំចង់បញ្ជាក់ថា គ្មានការបកប្រែណាល្អឲ្យឥតខ្ចោះនោះទេ គ្មានការបកប្រែណាដែលមានភាពស៊ីគ្នាទាំងស្រុងរវាងទម្រង់នៃភាពស្មើគ្នាទៅនឹងភាសាដើម តាមកម្រិតដែលអ្នកបកប្រែអាចធ្វើបាន ដើម្បីឲ្យមានការងាយស្រួលក្នុងការអាន និងរក្សាភាពថ្លៃថ្នូរឲ្យបានត្រឹមត្រូវ១០០% ហើយស្របពេលនោះអាចឲ្យមនុស្សសាមញ្ញៗទាំងអស់គ្នាអាចប្រើប្រាស់បានដែរ។ ការបកប្រែទាំងអស់សុទ្ធតែមានប្រយោជន៍។ ប៉ុន្តែ សម្រាប់ខ្ញុំ និងក្រុមជំនុំខ្ញុំ យើងបានជ្រើសរើសការបកប្រែតែមួយ (គឺព្រះគម្ពីរបរិសុទ្ធ) ដើម្បីប្រើប្រាស់ក្នុងការអាន និងសិក្សាព្រះបន្ទូលសម្រាប់ផ្ទាល់ខ្លួន និងសម្រាប់ក្រុមជំនុំរបស់ខ្ញុំ ព្រមទាំងសម្រាប់ក្មេងជំទង់ផងដែរ។ ប្រសិនបើក្រុមជំនុំខ្ញុំមានការប្រើប្រាស់ការបកប្រែព្រះគម្ពីរច្រើនពេក នោះអាចនាំឲ្យមានការពិបាកសម្រាប់យើងក្នុងការគ្រប់គ្រង ក៏ដូចជាមានភាពស៊ីគ្នាជាក្រុមជំនុំ។ ប៉ុន្តែ ការមិនមានការបកប្រែណាមួយល្អខ្លាំងជាងការបកប្រែណាមួយនោះទេ។ ការជ្រើសរើសប្រើប្រាស់ការបកប្រែណាមួយគឺជាការជ្រើសរើសរបស់យើងផ្ទាល់ ហើយយើងក៏មិនគួរបង្ខំឲ្យអ្នកដទៃប្រើប្រាស់ការជ្រើសរើសផ្ទាល់ខ្លួនរបស់យើងដែរ។ ឬក៏បន្ទាបបន្ថោកលើការបកប្រែណាមួយថា អាក្រក់ជាងការបកប្រែណាមួយផ្សេងទៀតនោះទេ។
នេះជាមូលហេតុដែលខ្ញុំគិតថា យើងត្រូវតែជ្រើសរើសប្រើប្រាស់ការបកប្រែតែមួយ ប្រសិនបើយើងជាអ្នកដឹកនាំនៅក្នុងក្រុមជំនុំ ជាពិសេសក្រុមជំនុំដែលព្យាយាមមានព័ន្ធកិច្ចនៅក្នុងគ្រប់ចំណុចនៃជីវិត។ ចំណុចមួយដែលខ្ញុំចូលចិត្តអំពីការបកប្រែព្រះគម្ពីរបរិសុទ្ធឆ្នាំ១៩៥៤ គឺថាអ្នកបកប្រែបានព្យាយាមបកប្រែឲ្យបានត្រឹមត្រូវ ហើយងាយយល់នៅពេលដែលពួកគាត់បានបកប្រែនៅពេលនោះ។ ខ្ញុំពិតជាស្រឡាញ់ការបកប្រែមួយនេះណាស់។
ការបកប្រែបច្ចុប្បន្ន ឬក៏ការបកប្រែថ្មីៗនេះបានដាក់ខ្លួនធ្វើជាអ្នកកាត់ស្រាយ ឬក៏សម្រួលលើឃ្លាណាមួយ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការយល់។ ហើយខ្ញុំគិតថា អ្នកអានជាច្រើនដែលអានព្រះគម្ពីរដែលអ្នកបកប្រែបានកាត់ស្រាយឲ្យមានការងាយស្រួលយល់។ ឧទាហរណ៍៖ ប្រសិនបើមានការបកប្រែមួយបានបកប្រែកណ្ឌគម្ពីរ រ៉ូម ១:៥ ថា «សម្រាប់ឲ្យមានមនុស្សចុះចូល តាមសេចក្ដីជំនឿ» (ពគប) ហើយមានការបកប្រែមួយទៀតថា «ដើម្បីនាំឲ្យមានការស្ដាប់បង្គាប់តាមជំនឿ» (គកស) អ្វីដែលយើងឃើញនោះគឺថាការបកប្រែរបស់ គកស គឺជាការបកប្រែបែបកាត់ស្រាយ ខណៈពេលដែលការបកប្រែរបស់ ពគប បានព្យាយាមរក្សាទម្រង់ភាសាដើម។ ត្រង់នេះ ការបកប្រែរបស់ ពគប មិនសូវមានភាពច្បាស់លាស់ ប៉ុន្តែនោះជាលំនាំដែលភាសាដើមមាន។
ប៉ុន្តែ ការបកប្រែរបស់ គកស មានភាពច្បាស់លាស់ជាង។ ឃ្លា «ចុះចូល តាមសេចក្ដីជំនឿ» មិនសូវមានភាពច្បាស់លាស់ទេ។ យើងមិនដឹងថា ការចុះចូល និងជំនឿមានភាពស៊ីគ្នាយ៉ាងដូចម្ដេចទេ លុះត្រាតែយើងគិតអំពីចំណុចទាំងពីរនេះនៅក្នុងបរិបទរបស់វាផ្ទាល់។ ប៉ុន្តែការបកប្រែ «នាំឲ្យមានការស្ដាប់បង្គាប់តាមជំនឿ» គឺជាការបកប្រែបែបកាត់ស្រាយ ដោយមានអត្ថន័យថា ជំនឿបង្កើតឲ្យមានការស្ដាប់បង្គាប់។ បញ្ជាក់៖ នេះទំនងជាត្រូវ ហើយក៏មិនត្រឹមត្រូវដែរ ប៉ុន្តែពិតណាស់ ការបកប្រែនេះមានការងាយស្រួលយល់ជាង។ នេះទំនងជាមូលហេតុដែលមនុស្សមួយចំនួនចូលចិត្តការបកប្រែនេះ ប៉ុន្តែសូមយល់ថានេះគ្រាន់តែជាគំនិតរបស់ខ្ញុំទេ។ សម្រាប់ខ្ញុំ ខ្ញុំមិនចង់ឲ្យអ្នកបកប្រែបកប្រែក្នុងលក្ខណៈកាត់ស្រាយសម្រាប់អ្នកអានទេ។ ខ្ញុំគិតថា អ្នកកាត់ស្រាយគួរតែជាអ្នកកាត់ស្រាយផ្ទាល់ ហើយអ្នកបកប្រែមិនគួរកាត់ស្រាយឲ្យអ្នកអាន ដូចជាក្នុងករណីនេះឡើយ។
ខ្ញុំគិតថា ការលើកឡើងបែបនេះទំនងជាអាចធ្វើឲ្យអ្នកអាន ឬក៏ស្ដាប់ឯកសារនេះខកចិត្តបន្តិច ប៉ុន្តែអ្វីដែលខ្ញុំចង់បាននោះគឺថា ខ្ញុំចង់ឲ្យអ្នកអានផ្ទាល់ជាអ្នកសម្រេចចិត្តយល់អំពីឃ្លា «ចុះចូល តាមសេចក្ដីជំនឿ» ជាជាងឲ្យអ្នកបកប្រែកាត់ស្រាយសម្រាប់អ្នកអាន។ នេះជាមូលហេតុដែលខ្ញុំគិតថា ការបកប្រែដែលមិនសូវមានភាពងាយស្រួលយល់ ដូចជានៅក្នុងករណីនេះ គឺជាការបកប្រែដែលល្អជាង។ ខ្ញុំយល់ថា នៅក្នុងខគម្ពីរមួយចំនួន មានការបកប្រែដែលមានភាពស៊ីគ្នាជាមួយនឹងភាសាដើមខ្លាំងពេក ដល់ថ្នាក់ថាពិបាកយល់យ៉ាងខ្លាំងមែនទែន។ ដោយសារពេលខ្លះ វេយ្យាករណ៍នៃភាសាក្រិកមិនដំណើរការដូចជាភាសាខ្មែរទេ។ ហេតុដូច្នេះហើយ បានជាការបកប្រែនីមួយៗមានកម្រិត កំណត់ ឬក៏ព្រំដែនរបស់វា។
ដោយបានលើកឡើងដូចខាងលើ តាមដែលខ្ញុំដឹង ខ្ញុំគិតថាទាក់ទងទៅនឹងការបកប្រែនៅក្នុងភាសាយើង មិនមានការបកប្រែណាដែលនឹងនាំឲ្យយើងធ្លាក់ក្នុងសេចក្ដីបង្រៀនខុសឆ្គង ឬក៏ចាប់ផ្ដើមមានគោលជំនឿខុសឆ្គងនោះទេ។ ដូច្នេះ សំណួរដែលថា តើយើងគួរជ្រើសរើសប្រើប្រាស់បកប្រែតែមួយ ឬក៏ការបកប្រែទាំងអស់ដែលយើងមានក្នុងភាសាយើងនៅបច្ចុប្បន្ននេះ គឺជាសំណួរដ៏ល្អណាស់។ ច្បាប់នៃគោលការណ៍មួយដែលខ្ញុំមានគឺដូចនេះ៖ ចូរប្រើប្រាស់ការបកប្រែជាច្រើន ដើម្បីឲ្យកាន់តែយល់ព្រះគម្ពីរ ឬក៏ដើម្បីបង្កើនការយល់លើព្រះគម្ពីរ—ឧទាហរណ៍ ប្រើប្រាស់ការបកប្រែនានាបែបជាសេចក្ដីអត្ថាធិប្បាយ—ហើយជ្រើសរើសប្រើប្រាស់ការបកប្រែណាមួយជាគោល សម្រាប់ទន្ទេញព្រះគម្ពីរឲ្យចាំមាត់ និងសម្រាប់ចម្អែតចិត្តគំនិតរបស់លោកអ្នក។
ខ្ញុំសង្កេតឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ មានការពិបាកយ៉ាងខ្លាំងណាស់ក្នុងការទន្ទេញព្រះគម្ពីរឲ្យចាំមាត់—ដូចជាការទន្ទេញព្រះគម្ពីរមួយកណ្ឌទាំងមូលឲ្យចាំដូចដែលខ្ញុំធ្វើ—ប្រសិនបើខ្ញុំប្ដូរការបកប្រែពីមួយទៅការបកប្រែមួយទៀត ខ្ញុំឃើញថា ការប្ដូរការបកប្រែបានធ្វើឲ្យខ្ញុំមានការភាន់ច្រឡំ។ ខ្ញុំមិនធ្លាប់ស្គាល់បុគ្គលណា—ទោះបីខ្ញុំគិតថា បុគ្គលបែបនេះទំនងជាមាន—បានទន្ទេញព្រះគម្ពីរឲ្យចាំមាត់ អស់ជាច្រើនឆ្នាំ និងជាច្រើនកណ្ឌ បានព្យាយាមទន្ទេញមួយកណ្ឌទាំងមូល ដោយបានប្ដូរការបកប្រែមួយទៅការបកប្រែមួយទៀតនោះទេ។
ចម្លើយទូទៅរបស់ខ្ញុំគឺថា៖ ទាក់ទងទៅនឹងការបកប្រែមួយចំនួនដែលយើងមាននៅក្នុងភាសាយើង សូមជ្រើសរើសប្រើប្រាស់ការបកប្រែណាមួយដែលលោកអ្នកគិតថា ព្រះជាម្ចាស់បានប្រើប្រាស់ក្នុងការនាំឲ្យលោកម្នាក់ឮព្រះសូរសៀងរបស់ទ្រង់ ដោយមានពេញទៅដោយអំណាចព្រះចេស្ដា និងងាយយល់ចុះ។ ហើយសូមកុំព្យាយាមបន្ទាបបន្ថោកការបកប្រែមួយទៀត ដែលលោកអ្នកមិនប្រើប្រាស់។ សូមកុំចំណាយពេលក្នុងការបង្កឲ្យមានជម្លោះ ប៉ុន្តែផ្ទុយទៅវិញ សូមចំណាយពេលអានព្រះគម្ពីរ ទន្ទេញព្រះគម្ពីរឲ្យចាំមាត់ និងសិក្សាព្រះគម្ពីរពីមួយថ្ងៃទៅមួយថ្ងៃដោយខ្លួនឯងផ្ទាល់វិញ។ ហើយសូមប្រើប្រាស់ការបកប្រែនានាបែបជាសេចក្ដីអត្ថាធិប្បាយ ដើម្បីចម្រើនការយល់ដឹងរបស់លោកអ្នកវិញ តាមរយៈការផ្ទៀងផ្ទាត់ខគម្ពីរដែលលោកអ្នកកំពុងតែអាន ក្នុងការបកប្រែដែលលោកអ្នកបានជ្រើសរើសប្រើប្រាស់ជាគោល។
ទាក់ទងនឹងជម្រើសនៃការជ្រើសរើសថា យើងនឹងប្រើប្រាស់ការបកប្រែព្រះគម្ពីរមួយណា អ្វីដែលសំខាន់បំផុតនោះគឺថា យើងត្រូវតែត្រាំខួរក្បាលរបស់យើងនៅក្នុងព្រះបន្ទូលជារៀងរាល់ថ្ងៃ រហូតទាល់តែយើងបានផ្លាស់ប្រែនៅក្នុងការគិតរបស់យើង និងនៅក្នុងអារម្មណ៍របស់យើងទាំងក្នុងចិត្ត និងគំនិតដែលបានត្រាប់តាមព្រះគ្រីស្ទ។
មតិយោបល់
Loading…