«ជម្រាបសួរលោកគ្រូ ប្រសិនបើខ្ញុំមិនធ្លាប់ដែលអានព្រះគម្ពីរតែម្នាក់ឯងសោះ តើខ្ញុំគួរចាប់ផ្ដើមអាននៅក្នុងកណ្ឌមួយណា?»
ខ្ញុំចង់និយាយលេងជាមួយនឹងអ្នកសួរសំណួរនេះខ្លាំងណាស់។ ដូច្នេះ ខ្ញុំសង្ឃឹមថា គាត់កំពុងតែអាន ឬក៏ស្ដាប់ការឆ្លើយតបនេះ។ តោះ! ចូរយើងចាប់ផ្ដើមពីចំណុចសូន្យ ដោយពិនិត្យមើលរូបភាពធំសិន ដែលការធ្វើដូចនោះនឹងជួយឲ្យងាយយល់ចម្លើយដ៏សាមញ្ញរបស់ខ្ញុំ។
ព្រះគម្ពីរគឺជា. . .
ព្រះគម្ពីរគឺជាការប្រមូលផ្ដុំ៦៦កណ្ឌខុសៗគ្នាចូលជាសៀវភៅមួយ។ កណ្ឌទាំងនោះត្រូវបានសរសេរឡើងដោយមនុស្សខុសៗគ្នា អស់រយៈពេល១៥០០ឆ្នាំ ដែលការនេះកាន់តែធ្វើឲ្យព្រះគម្ពីរកាន់តែអស្ចារ្យ ដោយសារកណ្ឌនីមួយៗមានភាពស៊ីគ្នា និងរួមគ្នាក្នុងដំណើរការសាច់រឿង។ ប៉ុន្តែ វាគឺជារឿងដ៏សំខាន់ណាស់ក្នុងការដែលយើងទទួលស្គាល់ថា មានអ្នកនិពន្ធជាច្រើននាក់—អ្នកនិពន្ធដែលជាមនុស្ស—មិនមែនតែម្នាក់នោះទេ។
ដូច្នេះ ៦៦កណ្ឌនេះ នៅក្នុងសៀវភៅតែមួយក្បាល ដែលយើងហៅថាព្រះគម្ពីរ មានប្រភេទអក្សរសាស្ត្រខុសៗគ្នា។ ខ្លះជាប្រវត្តិសាស្ត្រ ខ្លះជាកំណាព្យ ខ្លះជាទំនាយ ខ្លះជាសំបុត្រ។ល។—ដែលទាំងអស់មានរបៀបសរសេរខុសៗគ្នា។ ហើយយើងក៏បានចែកកណ្ឌទាំងនេះទៅជាពីរផ្នែក៖ ព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មី។ ពាក្យ «សញ្ញា» ក្នុងភាសាដើមមានន័យថា «ការឯកភាព» ឬក៏ «សេចក្ដីតាំងសញ្ញា» ទាក់ទងនឹងរបៀបដែលព្រះជាម្ចាស់បានធ្វើការជាមួយនឹងរាស្ត្ររបស់ទ្រង់។ ព្រះគម្ពីរសញ្ញាចាស់មានកណ្ឌដែលបានសរសេរឡើងមុនព្រះយេស៊ូវគ្រីស្ទយាងមកផែនដីនេះ ហើយព្រះគម្ពីរសញ្ញាថ្មី ( ឬក៏ «សេចក្ដីតាំងសញ្ញាថ្មី») មានកណ្ឌដែលបានសរសេរឡើងក្រោយព្រះយេស៊ូវគ្រីស្ទបានយាងមក។
ព្រះគម្ពីរសញ្ញាចាស់មានកណ្ឌដែលរៀបរាប់អំពីការត្រៀមទុកនៃការយាងមកផែនដីនេះរបស់ព្រះរាជបុត្រានៃព្រះ—ព្រះយេស៊ូវគ្រីស្ទ។ ហើយព្រះគម្ពីរសញ្ញាថ្មីគឺអំពីអ្វីដែលព្រះអង្គបានធ្វើថា ទ្រង់ជាអ្នកណា និងអំពីរបៀបដែលព្រះអង្គបង្កើតចលនាគ្រីស្ទបរិស័ទ ព្រមទាំងអំពីរបៀបដែលយើងគួររស់នៅ ក្នុងនាមជាគ្រីស្ទបរិស័ទ ទាក់ទងនឹងរាល់ចំណុចទាំងនោះ។ ព្រះគម្ពីរសញ្ញាចាស់មាន៣៩កណ្ឌ ហើយព្រះគម្ពីរសញ្ញាថ្មីមាន២៧កណ្ឌ។
សូមចាប់ផ្ដើមនៅចំណុចកណ្ដាល
ក្នុងបណ្ណាល័យដ៏ធំមួយនេះ ដែលព្រះជាម្ចាស់បានបណ្ដាលឲ្យតែងកណ្ឌដ៏ពិតទាំងនេះ តើលោកអ្នកគួរចាប់ផ្ដើមអាននៅត្រង់ណា? ចម្លើយរបស់ខ្ញុំគឺថា ដោយសារព្រះយេស៊ូវគឺជាតួអង្គចម្បងនៅក្នុងព្រះគម្ពីរ ហើយព្រះអង្គក៏ជាអង្គដែលពន្យល់នូវរាល់គ្រប់ចំណុចទាំងអស់ផ្សេងៗទៀត—ប្រសិនបើលោកអ្នកយល់អំពីព្រះយេស៊ូវ នោះលោកអ្នកក៏នឹងអាចយល់ផ្នែកផ្សេងៗទៀតបានយ៉ាងល្អផងដែរ—ដូច្នេះ លោកអ្នកត្រូវតែស្គាល់ព្រះអង្គសិន។ មាន៤កណ្ឌនៅក្នុងការចាប់ផ្ដើមព្រះគម្ពីរសញ្ញាថ្មី ដែលរៀបរាប់អំពីព័ន្ធកិច្ចរបស់ទ្រង់ និងរៀបរាប់អំពីព្រះជន្មរបស់ទ្រង់ ទោះបីគ្មានកណ្ឌណាបានរៀបរាប់រាល់ឆ្នាំនៃព្រះជន្មរបស់ទ្រង់ក៏ដោយ ដោយសារអ្វីដែលព្រះអង្គបានធ្វើនៅក្នុងអំឡុងបីឆ្នាំចុងក្រោយរបស់ទ្រង់គឺសុទ្ធតែសំខាន់។ នេះហើយជាមូលហេតុដែលអ្នកនិពន្ធបានផ្ដោតលើបីឆ្នាំនោះ។
យើងហៅកណ្ឌទាំង៤នេះថា កណ្ឌដំណឹងល្អ—ដំណឹងល្អតាមរយៈលោក ម៉ាថាយ ដំណឹងល្អតាមរយៈលោក ម៉ាកុស ដំណឹងល្អតាមរយៈលោក លូកា និងដំណឹងល្អតាមរយៈលោក យ៉ូហាន។ ដំណឹងល្អគឺជាមូលដ្ឋាននៃជំនឿរបស់យើង។
ចាប់ផ្ដើមជាមួយនឹងសញ្ញាថ្មី
នេះគឺជាកន្លែងដែលខ្ញុំនឹងចាប់ផ្ដើម៖ ចាប់ផ្ដើមដោយអានកណ្ឌគម្ពីរម៉ាកុស ពីព្រោះកណ្ឌនេះខ្លីជាងគេបំផុត—មានតែ១៦ ជំពូកដ៏ខ្លីប៉ុណ្ណោះ។ ខ្ញុំនឹងចាប់ផ្ដើមនៅកន្លែងនោះ ហើយនេះជារបៀបដែលខ្ញុំនឹងធ្វើ។ ខ្ញុំនឹងញែកពេលពីរម៉ោងនៅព្រឹកថ្ងៃអាទិត្យណាមួយ ឬក៏ល្ងាចថ្ងៃសៅរ៍ណាមួយ ឬក៏ពេលណាផ្សេងទៀតដែលខ្ញុំទំនេរ ហើយអង្គុយអានកណ្ឌគម្ពីរនេះទាំងមូលតែម្ដង—១៦ជំពូក។ ហើយខ្ញុំញែកពេលពីរម៉ោងគឺដោយសារខ្ញុំជាអ្នកអានយឺតៗ ហើយនោះក៏ជាអ្វីដែលខ្ញុំបានធ្វើដែរ។ ខ្ញុំបានអានកណ្ឌគម្ពីរ ម៉ាកុស ទាំងមូលក្នុងពេលតែមួយ។ លោកអ្នកទំនងជាអាចធ្វើការនេះបានក្នុងពេលតែមួយម៉ោង។ ការអានបែបនោះនឹងនាំឲ្យលោកអ្នកយល់ត្រួសៗអំពីព័ន្ធកិច្ចរបស់ព្រះយេស៊ូវ ក្នុងរបៀបដ៏លឿន។ ពាក្យ «ភ្លាម» គឺជាពាក្យដ៏សាមញ្ញមួយនៅក្នុងកណ្ឌគម្ពីរ ម៉ាកុស។
ហើយបន្ទាប់មក ចំណុចទីពីរដែលខ្ញុំនឹងធ្វើគឺ អានដូចនោះជាមួយនឹងកណ្ឌគម្ពីរយ៉ូហានដែរ។ កណ្ឌគម្ពីរនេះវែងជាង—មាន២១ជំពូក ហើយជំពូកនេះមួយៗក៏វែងដែរ។ កណ្ឌគម្ពីរម៉ាកុស គឺជាកណ្ឌដែលរៀបរាប់ដំណើររឿងក្នុងរបៀបប្រញិបប្រញាប់ ពេញទៅដោយសកម្មភាព អំពីអ្វីដែលព្រះយេស៊ូវបានធ្វើ។ ចំណែកឯកណ្ឌគម្ពីរយ៉ូហាន គឺជាកណ្ឌដែលសញ្ជឹងគិត និងមិនសូវមានសកម្មភាពច្រើន។ កណ្ឌនេះមានការបង្រៀនជាច្រើនរបស់ព្រះយេស៊ូវ។ កណ្ឌគម្ពីរយ៉ូហាននាំឲ្យយើងអាចចូលទៅក្នុងព្រះតម្រិះ និងព្រះចិន្តារបស់ព្រះយេស៊ូវ ក្នុងរបៀបដែលមានការសហការ និងផ្ដោតជាមួយគ្នា។
ហើយបន្ទាប់ពីពេលដែលលោកអ្នកបានអានកណ្ឌគម្ពីរម៉ាកុស និងកណ្ឌគម្ពីរយ៉ូហាន ដើម្បីឲ្យបានស្គាល់អំពីអ្វីដែលព្រះអង្គបានធ្វើ បង្រៀន ដឹងថាព្រះអង្គជានរណា នោះខ្ញុំចង់តម្រង់ផ្លូវពីរទៀតឲ្យលោកអ្នកជ្រើសរើស អាស្រ័យត្រង់ថាលោកអ្នកជាមនុស្សដែលមានលក្ខណៈដូចម្ដេច។ ប្រសិនបើលោកអ្នកជាបុគ្គលដែលចូលចិត្តឃើញការរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់ ក្នុងរបៀបដែលស្អាតទាំងមូល នោះជាបន្ទាប់ខ្ញុំចង់លើកទឹកចិត្តឲ្យលោកអ្នកទៅអានកណ្ឌគម្ពីររ៉ូម—ជាកណ្ឌដែលមាន១៦ជំពូកដែរ។
ឬក៏ថា ប្រសិនបើលោកអ្នកគឺជាបុគ្គលដែលចូលចិត្តដំណើររឿងដែលមានសកម្មភាពលឿនៗ ហើយលោកអ្នកចង់ឃើញថាមានអ្វីបានកើតឡើង—តើចលនានេះបានរាលដាលពាសពេញពិភពលោកយ៉ាងដូចម្ដេច—នោះខ្ញុំចង់លើកទឹកចិត្តឲ្យលោកអ្នកទៅអានកណ្ឌគម្ពីរកិច្ចការ ដ្បិតកណ្ឌនោះមានពេញទៅដោយសកម្មភាព។ កណ្ឌគម្ពីរកិច្ចការគឺជាកណ្ឌរៀបរាប់អំពីរបៀបដែលដំណឹងល្អបានចាកចេញពីទីក្រុងយេរូសាឡឹម បន្ទាប់ពីព្រះយេស៊ូវបានសុគត ហើយបានមានព្រះជន្មរស់ឡើងវិញ រហូតទៅដល់ទីក្រុងរ៉ូម ប្រមាណជា៣០ឆ្នាំក្រោយមក ហើយកណ្ឌគម្ពីរកិច្ចការក៏រៀបរាប់អំពីព័ន្ធកិច្ចដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ក្នុងការដែលទ្រង់បង្កើតក្រុមជំនុំរបស់ទ្រង់ដែរ។
ចំកណ្ឌគម្ពីរទំនុកតម្កើងតែម្ដង
ហើយចំណុចចុងក្រោយដែលខ្ញុំនឹងលើកឡើងគឺថា មានកណ្ឌមួយនៅក្នុងព្រះគម្ពីរ គឺចំត្រង់កណ្ដាលនៃព្រះគម្ពីរ។ ប្រសិនបើលោកអ្នកបើកព្រះគម្ពីរចំកណ្ដាលតែម្ដង នោះលោកអ្នកនឹងបើកចំកណ្ឌគម្ពីរទំនុកតម្កើង—ដែលមាន១៥០ជំពូក។ កណ្ឌនេះគឺជាកំណត់ត្រានៃការអធិស្ឋាន និងបទចម្រៀងរបស់រាស្ត្ររបស់ព្រះជាម្ចាស់—ជំពូកជាច្រើនត្រូវបាននិពន្ធឡើងដោយស្ដេច ដាវីឌ—កណ្ឌនេះមានសរសេរចុះអំពីរាល់អារម្មណ៍ ទាំងអារម្មណ៍សប្បាយ និងអារម្មណ៍ខូចចិត្ត ក៏ដូចជាការតយុទ្ធរបស់រាស្ត្ររបស់ព្រះជាម្ចាស់ដែរ។
មានមនុស្សជាច្រើនស្រឡាញ់កណ្ឌនេះខ្លាំងជាងកណ្ឌនានានៅក្នុងព្រះគម្ពីរ។ ប្រពន្ធរបស់ខ្ញុំធ្លាប់លើកឡើងថា គាត់ស្រឡាញ់កណ្ឌគម្ពីរទំនុកតម្កើងខ្លាំងជាងគេ។ នេះគឺជារបៀបដែលខ្ញុំនឹងធ្វើ។ តាមរយៈការអានកណ្ឌគម្ពីរទំនុកតម្កើង នោះលោកអ្នកនឹងមានរបៀបគ្រប់គ្រងលើអារម្មណ៍ជាច្រើន ដែលលោកអ្នកនឹងមានក្នុងនាមជាគ្រីស្ទបរិស័ទថ្មីម្នាក់។
ទាំងអស់ល្អណាស់
សូមបង្អង់ខ្លួនបន្តិច ហើយមើលនូវអ្វីដែលកំពុងតែទាក់ទាញចំណាប់អារម្មណ៍របស់លោកអ្នក។ សូមកុំគិតថាយោបល់របស់ខ្ញុំ ឬក៏យោបល់របស់អ្នកណាផ្សេងទៀតគឺជាអ្វីដែលលោកអ្នកត្រូវតែធ្វើ ក្នុងការចាប់ផ្ដើមអានព្រះគម្ពីរឡើយ។ ព្រះគម្ពីរទាំងមូលគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះអង្គគឺជាអង្គដែលបានបណ្ដាលឲ្យតែងគ្រប់ខទាំងអស់ ហើយយើងអាចទុកចិត្តលើបានគ្រប់ផ្នែកទាំងអស់—គ្រប់ផ្នែកទាំងអស់ដែលជាប្រយោជន៍ក្នុងការជួយឲ្យលោកអ្នកស្គាល់ព្រះគ្រីស្ទ នឹងដឹងអំពីរបៀបដែលអាចទទួលបានការសង្គ្រោះចេញពីអំពើបាប ចេញពីការជំនុំជម្រះ និងដឹងអំពីរបៀបដែលអាចទទួលបានជីវិតអស់កល្បជានិច្ច ក៏ដូចជាដឹងអំពីរបៀបរស់នៅដែលអាចផ្គាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់នៅលើលោកនេះបានដែរ។
លោកអ្នកកំពុងតែស្ថិតនៅក្នុងជំហាននៃការចាប់ផ្ដើមដំណើរផ្សងព្រេងដ៏អស្ចារ្យនៃជីវិតរបស់ខ្លួន។
មតិយោបល់
Loading…