in

ការ​ថែ​រក្សា​ព្រលឹង​សម្រាប់​អ្នក​ម្តាយ​វ័យ​ក្មេង​ដែល​នឿយហត់

យើង​តែង​តែ​ទទួល​បាន​សំណួរ​ជា​បន្ត​បន្ទាប់​ពី​ម្តាយ​ដែល​មាន​កូន​តូចៗ ដូច​ជា​សំណួរ​មួយ​នេះ​មក​ពី​អ្នក​អាន​ម្នាក់​ឈ្មោះ រក្សា។ «ជម្រាប​សួរ​លោក​គ្រូ! ខ្ញុំ និង​ស្វាមី​ទើប​តែ​បាន​ក្លាយ​ជា​ឪពុក​ម្តាយ​ថ្មោង​ថ្មី​ទៅ​កាន់​កូន​ប្រុស​អាយុ​ពីរ​ខែ។ ការ​មើល​ថែ​រក្សា​គាត់​គឺ​មាន​ពោ​ពេញ​ដោយ​សេចក្តី​អំណរ និង​ការ​នឿយ​ហត់។ ខ្ញុំ​ស្ទើរ​តែ​មិន​អាច​ផ្ដោត​លើ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ពី​មុន​មក​ប៉ុន្តែ​ត្រូវ​ការ​ព្រះ​ជាម្ចាស់​កាន់​តែ​ខ្លាំង​ជាង​មុន ដើម្បី​ទ្រ​ទ្រង់​ខ្ញុំ។ តើ​លោក​គ្រូ​មាន​យោបល់​យ៉ាង​ណា ដើម្បី​ប្រឹក្សា​ដល់​អ្នក​ដែល​ជា​ម្តាយ​ថ្មោង​ថ្មី ក្នុង​ការ​បន្ត​ដំណើរ​របស់​ពួក​គេ​ជា​មួយ​ព្រះ?»
ខ្ញុំ​មិន​មែន​ជា​ម្តាយ ហើយ​ក៏​នឹង​មិន​ក្លាយ​ជា​ម្តាយ​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​ស្ត្រី​ម្នាក់​ដែល​ជា​ម្តាយ​អស់​រយៈ​ពេល​៤៧​ឆ្នាំ​មក​ហើយ។ ខ្ញុំ​បន្ត​រស់​នៅ​ជា​មួយ​ស្ត្រី​ម្នាក់​នេះ ហើយ​ខ្ញុំ​បាន​មើល​គាត់​ក្លាយ​ជា​ម្តាយ​វ័យ​ក្មេង​ទៅ​កាន់​កូនៗ​ទាំង​៥នាក់៖ បួន​នាក់​ជា​កូន​ដែល​កើត​ចេញ​ពី​ផ្ទៃ ហើយ​កូន​មួយ​ទៀត​ត្រូវ​បាន​ទទួល​ចូល​មក​ក្នុង​គ្រួសារ​នៅ​អាយុ​៨សប្តាហ៍។ ខ្ញុំ​ព្យាយាម​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​របស់​ខ្ញុំ​ដោយ​ភ្នែក​រំពៃ​មើល​ពី​អ្វី​ដែល​ល្អ​សម្រាប់​អ្នក​ដែល​ជា​ឪពុក​ម្តាយ និង​សម្រាប់​គ្រប់​គ្នា។ ដូច្នេះ នេះ​ជា​យោបល់​មួយ​ចំនួន​ចេញ​ពី​បទ​ពិសោធន៍ និង​ពី​ព្រះ​បន្ទូល​ព្រះ។ ហើយ​ប្រហែល​ជា​វា​មិន​មែន​ជា​ចំណុច​សំខាន់​បំផុត​ប៉ុន្តែ​វា​សុទ្ធ​តែ​ចេញ​ពី​សេចក្តី​អធិស្ឋាន​ជាមុន​។
ស្វែង​រក​ព្រះ
កុំ​បាត់​បង់​ទិស​ដៅ​អ្នក​ស្រី រក្សា សូម​កុំ​បាត់​បង់​ទិស​ដៅ​របស់​ខ្លួន​ក្នុង​ការ​ពិត​នៃ​ដំណើរ​របស់​អ្នក​ជា​មួយ​ព្រះ​គឺ​មាន​សារៈ​សំខាន់​សម្រាប់​កូន​របស់​អ្នក​ដូច​ជា​ទឹក​ដោះ​របស់​អ្នក ឬ​រូប​មន្ត​ណា​មួយ​ដែល​អ្នក​អាច​ឲ្យ​ទៅ​កាន់​គាត់​បាន។ កូនៗ​មិន​មែន​រស់ ដោយ​សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ព្រះ​មក​ដែរ (ម៉ាថាយ ៤:៤)។ ប្រសិន​បើ​អ្នក​បាត់​បង់​ការ​ប្រកប​ជា​មួយ​ព្រះ​នោះ​អ្នក​នឹង​មិន​មែន​គ្រាន់​តែ​បាត់​បង់​ប្រភព​នៃ​កម្លាំង​សម្រាប់​ធ្វើ​ជា​ឪពុក​ម្តាយ​ឡើយ ប៉ុន្តែ​អ្នក​នឹង​បាត់​បង់​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​ចង់​ឲ្យ​ខ្លាំង​បំផុត​ទៅ​កាន់​កូន​របស់​អ្នក។
ហើយ​អ្នក​ចង់​ឲ្យ​គាត់​ស្គាល់​ព្រះ​ជាជាង​ចង់​ឲ្យ​គាត់​មាន​ជីវិត​រស់​ទៅ​ទៀត។ អ្នក​ចង់​ឲ្យ​គាត់​ភ្លក់ និង​ឃើញ​ថា​ព្រះ​ជាម្ចាស់​ទ្រង់​នឹង​បំពេញ​គ្រប់​ទាំង​សេចក្តី​ត្រូវ​ការ​របស់​គាត់​ដោយ​រួម​បញ្ចូល​ទាំង​ភាព​ជា​ឪពុក​ម្តាយ​របស់​គាត់​ផ្ទាល់​ផង​ដែរ។ ហើយ​ប្រសិន​បើ​អ្នក​បាត់​បង់​ព្រះ​ខណៈ​ពេល​ដែល​អ្នក​ធ្វើ​ជា​ឪពុក​ម្តាយ​នោះ​គឺជា​អ្វី​ដែល​សំខាន់​បំផុត​ដែល​អ្នក​ចង់​ឲ្យ​ទៅ​គាត់​គឺ​ត្រូវ​បាន​បាត់​បង់​រួច​ទៅ​ហើយ។ ដូច្នេះ នេះ​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​អ្នក​ក្នុង​ការ​តស៊ូ​ប្រឆាំង​ជា​មួយ​អ្វី​គ្រប់​យ៉ាង ដើម្បី​រក្សា​ភាព​ផ្អែម​ល្ហែម រីក​ចម្រើន ស្កប់​ចិត្ត​ក្នុង​ដំណើរ​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​របស់​អ្នក។
ដាក់​វិន័យ​បាន​ល្អ
កុំ​អនុញ្ញាត​ឲ្យ​ក្មេង​ប្រុស​ម្នាក់​នេះ​ក្លាយ​ទៅ​ជា​ស្ដេច​អធិរាជ​ឡើយ។ ខ្ញុំ​បាន​មើល​ឃើញ​មាន​ឪពុក​ម្តាយ​ច្រើន​ណាស់​ដែល​ត្រូវ​បាន​កូន​ត្រួត​ត្រា​លើ៖ មិន​អាច​គ្រប់​គ្រង​កូន​បាន​នៅ​លើ​យន្តហោះ មិន​អាច​គ្រប់​គ្រង​កូន​បាន​នៅ​តាម​ភោជនីយដ្ឋាន មិន​អាច​គ្រប់​គ្រង​កូន​បាន​នៅ​តាម​ផ្សារ​ទំនើប។ បញ្ហា​ទាំង​អស់​ដែល​ឪពុក​ម្តាយ​ទាំង​អស់​នេះ​ជួប​ប្រទះ​គឺ​ជា​ការ​ដែល​ខក​ខាន​ដាក់​វិន័យ​ពួក​គេ​នៅ​ផ្ទះ​បាន​ធ្លាក់​មក​លើ​គេ​នៅ​ទី​សាធារណៈ​វិញ។
វា​នឹង​ធ្លាក់​មក​លើ​ក្បាល​កូន​របស់​ពួក​គេ​ដោយ​ការ​សង​សឹក​នៅ​ពេល​ក្រោយ​ទៀត​នៃ​ជីវិត​ពួក​គេ។ ក្មេងៗ​ត្រូវ​បាន​រចនា​ឡើង និង​ដាក់​គោល​បំណង​ដោយ​ព្រះ​ក្នុង​ការ​ឲ្យ​កូនៗ​ចុះ​ចូល និង​ស្តាប់​បង្គាប់​ទៅ​កាន់​ឪពុក​ម្តាយ​របស់​ពួកគេ។ ព្រះ​ជាម្ចាស់​មិន​មាន​បំណង​ក្នុង​ការ​ឲ្យ​ពួក​គេ​ត្រួត​ត្រា​ផ្ទះ​ត្រួត​ត្រា​លើ​ទំនាក់​ទំនង ត្រួត​ត្រា​ពេល​មាន​មិត្តភក្ដិ​មក​លេង​ជា​មួយ​ឡើយ។ ហើយ​វា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ពួក​គេ​ក្នុង​ការ​រៀន​តាំង​ពី​ដំបូង ពីព្រោះ​បើសិន​ជា​ពួក​គេ​គិត​ថា​ពួក​គេ​គឺ​ជា​ចំណុច​សំខាន់​នៃ​ពិភព​លោក​នោះ​វា​នឹង​ពិបាក​ក្នុង​ការ​បំបែក​ការ​បំភាន់​ដ៏​បំផ្លិច​បំផ្លាញ​នេះ​នៅ​ពេល​ក្រោយ។
ការ​អនុវត្ត​ជាក់​ស្ដែង៖ យើង​មិន​ត្រូវ​ដាក់​ក្មេង​ជា​អាទិភាព​សំខាន់​នៅ​ក្នុង​កាល​វិភាគ​របស់​យើង​រហូត​ដល់​យើង​មិន​មាន​ពេល​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​អ្វី​ដែល​ព្រលឹង​របស់​យើង​ត្រូវ​ការ​នោះ​ឡើយ។ គាត់​មិន​ត្រូវ​ការ​ចំណាប់​អារម្មណ៍​របស់​អ្នក​គ្រប់​ពេល​ទេ។ អ្នក​អាច​បង្ហាញ​គាត់​ពី​ចំណាប់​អារម្មណ៍​ដ៏​មាន​តម្លៃ និង​ផ្តល់​ឲ្យ​គាត់​នូវ​សេចក្តី​ស្រឡាញ់ និង​ការ​ថ្នាក់​ថ្នម​ពេល​គាត់​ត្រូវ​ការ​ដោយ​មិន​ចាំ​បាច់​បណ្ដុះ​គំនិត​គាត់​ថា​អ្នក​នឹង​ធ្វើ​ជា​អ្នក​ឆ្លើយ​តប​ទទួល​ខុស​ត្រូវ​គ្រប់​យ៉ាង​គ្រប់​ពេល​ដែល​គាត់​បន្លឺ​សំឡេង​យំ​នោះ​ឡើយ។
ព្រះ​ទ្រង់​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង​ក្រៃ​លែង​ហើយ​ផ្នែក​មួយ​នៃ​សេចក្តី​ស្រឡាញ់​នោះ​គឺ​ទ្រង់​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​ដឹង​ខ្លួន​ថា​យើង​មិន​មែន​ជា​ចំណុច​ស្នូល​ដែល​សំខាន់​បំផុត​នៃ​ចក្រវាល​នេះ​ឡើយ។ នេះ​ជា​អ្វី​ដែល​សេចក្តី​ស្រឡាញ់​ធ្វើ។ សូម​ឲ្យ​ប្រាកដ​ថា​កូនៗ​របស់​អ្នក​មាន​អារម្មណ៍​សុវត្ថិភាព មិន​មែន​តែ​ក្នុង​ពេល​ដែល​មាន​វត្តមាន​អ្នក​នៅ​ជុំវិញ​ឡើយ ប៉ុន្តែ​ឲ្យ​ពួក​គេ​ប្រាកដ​ថា អ្នក​នឹង​ត្រឡប់​មក​វិញ​ដោយ​សេចក្តី​ស្រឡាញ់។
ថ្វាយ​បង្គំ​ដោយ​ឥត​ឈប់​ឈរ
សូម​ប្ដូរ​ការ​អនុវត្ត​ការ​ងារ​ជា​ម្តាយ​របស់​អ្នក​ទៅ​ជា​ការ​ថ្វាយ​បង្គំ។ ពេល​ចំអិន​ម្ហូប ពេល​ប្ដូរ​ខោរ​ទឹក​នោម​កូន​នៅ​ពេល​រុញ​រទេះ «អ្វី​​ក៏ដោយ​ដែល​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​ញ៉ាំ ឬ​ផឹក» ឬ​លេង​វ៉ាក់អឺ​ជា​មួយ​កូន​របស់​អ្នក «សូម​ធ្វើ​គ្រប់​យ៉ាង​សម្រាប់​ថ្វាយ​សិរីល្អ​ដល់​ព្រះ» (១កូរិនថូស ១០:៣១)។ នេះ​មាន​ន័យ​ថា​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា​វា​ជា​ការ​ងារ​ដែល​អ្នក​ធ្វើ​ជាក់​ស្ដែង​ការ​ងារ​ទាំង​នោះ​វា​មាន​ចំនួន​រាប់​រយ​ជំពូក៖
១. ពឹង​ផ្អែក​លើ​ការ​ទ្រ​ទ្រង់​ការ​បំពាក់​បំប៉ន និង​ការ​ដឹក​នាំ​ដោយ​ព្រះ​គុណ​នៃ​ព្រះ។
២. អរ​ព្រះគុណ​ព្រះ​សម្រាប់​គ្រប់​ទាំង​ព្រះ​ពរ​នៃ​កូន​នោះ​ហើយ​និង​កម្លាំង​របស់​អ្នក​ក្នុង​ការ​ថែទាំ​ពួក​គេ។
៣. សូម​ស្ញប់​ស្ញែង​ពី​អ្វី​ដែល​អស្ចារ្យ​អំពី​គាត់ និង​អំពី​អ្វី​ដែល​គាត់​នឹង​ក្លាយ​ទៅ​ជា​ហើយ​ប្ដូរ​ការ​ស្ញប់​ស្ញែង​ទាំង​នោះ​ទៅ​ជា​ការ​សរសើរ​តម្កើង​ព្រះ​ជាម្ចាស់។
៤. នៅ​ពេល​ដែល​អ្នក​ឆាប់​ខឹង សូម​លន់តួ​ប្រែ​ចិត្ត៖ ថ្វាយ​បង្គំ​ព្រះ​ដោយ​ការ​លន់​តួ​ប្រែ​ចិត្ត។ លន់តួ​ហើយ​លើក​តម្កើង​ព្រះ​ដោយ​ការ​លន់​តួ​របស់​អ្នក និង​ការ​ទទួល​យក​សេចក្តី​សន្យា​នៃ​ការ​អត់​ទោស​របស់​ទ្រង់។ ហើយ​បន្ត​អធិស្ឋាន អធិស្ឋាន អធិស្ឋាន​ទៀត​ឥត​ឈប់​ឈរ​ពី​អ្វី​ដែល​អ្នក​ត្រូវ​ការ។ នោះ​ហើយ​ជា​របៀប​ដែល​អ្នក​អាច​ឲ្យ​ពេល​វេលា​ពេញ​មួយ​ថ្ងៃ​របស់​អ្នក​ទៅ​ជា​ការ​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់។ ពេល​នោះ​ប្រហែល​ជា​អ្នក​នឹង​ឃើញ​ថា វា​មិន​មាន​គម្លាត​យ៉ាង​ឆ្ងាយ​នៅក្នុង​គំនិត​របស់​អ្នក​រវាង​ទំនោរ​ទៅកាន់​កូន​របស់​អ្នក និង​ទំនោរ​ទៅ​ព្រលឹង​របស់​អ្នក​ឡើយ។
តួ​នាទី​របស់​ក្រុម​ជំនុំ
បន្ត​ទៅ​ក្រុម​ជំនុំ​ហើយ​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ផ្សេងៗ​ជុំវិញ​ខ្លួន។ សូម​ប្រយ័ត្ន​ពី​ការ​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​អ្នក​ដទៃ​នៅ​តែ​ជា​មួយ​កូន។ អ្នក​ត្រូវ​ការ​មនុស្ស​ផ្សេងៗ​ទៀត។ ព្រះ​គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​ជា​ពិសេស​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ជំពូក​១២។ ហើយ​តម្រូវ​ការ​នោះ​វា​នឹង​មិន​ចេញ​ឆ្ងាយ​ពី​យើង​ពី​ព្រោះ​តែ​មាន​កូន​នៅ​ក្នុង​ផ្ទះ​ឡើយ។ ដូច្នេះ ត្រូវ​ស្ពាយ​កូន​នោះ​ឲ្យ​ជាប់​ហើយ​ចេញ​ក្រៅ និង​ចំណាយ​ពេល​ជា​មួយ​មនុស្ស​ជុំវិញ ជា​ពិសេស​គឺ​នៅ​ក្នុង​ការ​ថ្វាយ​បង្គំ និង​ការ​ប្រកប​គ្នា​ជុំវិញ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។
ខ្ញុំ​នៅ​ចាំ​បាន​កាល​ពី​៤៤​ឆ្នាំ​មុន ពេល​កូន​ទី​១​របស់​យើង​បាន​កើត​នៅ​ប្រទេស​អាល្លឺម៉ង់។ ភ្លាមៗ​ពេល​ដែល​យើង​នាំ​យក​កូន​តូច​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មក​ដល់​ផ្ទះ​ហើយ​ព្យាយាម​រៀន​ធ្វើ​ជា​ឪពុក​ម្តាយ​នៅ​ពេល​ដែល​យើង​យក​គាត់​មក​ដល់​ផ្ទះ​ភ្លាម​យើង​ក៏​បាន​ទៅ​ចូល​រួមការ​ជួបជុំ​ក្រុម​តូច​នៅ​យប់​ថ្ងៃ​សុក្រ​ហើយ​នោះ​គឺ​ជា​អ្វី​ដែល​យើង​ធ្វើ​រៀង​រាល់​ថ្ងៃ​សុក្រ​ក្នុង​ពេល​ដែល​យើង​រស់​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។
វា​គឺ​ជា​ខ្សែ​ជីវិត​របស់​យើង​ពី​ព្រោះ​ថា​ជីវិត​នៅ​ក្នុង​ក្រុម​ជំនុំ​វា​មិន​ល្អ​គ្រប់​គ្រាន់​តាម​ការ​ដែល​យើង​ចង់​បាន​នោះ​ឡើយ។ ប៉ុន្តែ យើង​មាន​ក្រុម​តូច។ ហេតុ​ដូច្នេះ​បាន​ជា​យើង​ទៅ​ទី​នោះ​ឲ្យ​បាន​លឿនៗ។ ពេល​ខ្លះ​កូន​ង៉ែត​ញ៉ាំ​រួច​ហើយ ឬ​ពេល​ខ្លះ​យើង​ក៏​បញ្ចុក​គាត់​នៅ​ខណៈ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​កំពុង​បរិភោគ។ ដូច្នេះ នៅ​ពេល​ដែល​ត្រូវ​សិក្សា​ព្រះ​គម្ពីរ និង​ពេល​អធិស្ឋាន នោះ​យើង​នឹង​ដាក់​គាត់​ឲ្យ​គេង​ផ្កាប់​មុខ​នៅ​ក្នុង​គ្រែ​ហើយ​ដាក់​ខ្នើយ​នៅ​ជ្រុង​ទាំង​បួន​ជុំវិញ​គាត់ ហើយ​គោះ​គូទ​របស់​គាត់ រួច​ដើរ​ចេញ​ពី​បន្ទប់​ដោយ​ទុក​គាត់​នៅ​ក្នុង​បន្ទប់​នោះ​សម្រាក​រយៈ​ពេល​បី​ម៉ោង​បន្ទាប់។
បន្ទាប់​មក​យើង​ក៏​ជិះ​ឡាន​ក្រុង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​អាល្លឺម៉ង់ ពីព្រោះ​យើង​មិន​មាន​ឡាន​ទេ​នៅ​ពេល​នោះ ហើយ​ការ​ដាក់​ឲ្យ​គាត់​គេង​នៅ​ផ្ទះ​នៅ​ម៉ោង​១១​យប់ ហើយ​ជា​ធម្មតា​គាត់​មិន​ដែល​ភ្ញាក់​ឡើយ​នៅ​ក្នុង​ចន្លោះ​រហូត​ដល់​ម៉ោង​៧​ព្រឹក ឬ​ប្រសិន​បើ​គាត់​នៅ​ក្មេង​គឺ​ប្រាកដ​ណាស់​គាត់​នឹង​ភ្ញាក់​ញ៉ាំ​មួយ​រយៈ​ពេល។ ដូច្នេះ កុំ​ឲ្យ​កូន​របស់​អ្នក​បង្អាក់​ដំណើរ​របស់​អ្នក​ឡើយ។ ត្រូវ​ធ្វើ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​សម្រាប់​ព្រលឹង​របស់​អ្នក​។
ការ​ចែក​គ្នា​ប្ដូរ​ខោ​ទឹក​នោម
សូម​ចរចា​ជា​មួយ​ប្ដី​របស់​អ្នក ដើម្បី​ប្ដូរ​វេន​គ្នា​ក្នុង​ការ​ក្រោក​នៅ​ពេល​យប់។ គាត់​គួរ​តែ​ដឹង​ថា​អ្នក​ត្រូវ​ការ​គេង​ដូច​ជា​គាត់​ត្រូវ​ការ​ដែរ។ បំណង​ព្រះ​ហឫទ័យ​ព្រះ​សម្រាប់​ការ​ចិញ្ចឹម​កូន​គឺ​មាន​ទាំង​ឪពុក​និង​ម្តាយ។ វា​មាន​មូល​ហេតុ​សម្រាប់​ការ​នោះ។ ដូច្នេះ សូម​ប្រាប់​ប្ដី​របស់​អ្នក​ថា «ខ្ញុំ​ត្រូវ​ការ​ឲ្យ​បង​ជួយ​ដែរ»។ បង្កើត​ឲ្យ​មាន​ពេល​វេលា​នៅ​កាល​វិភាគ​របស់​អ្នក​មិន​មែន​សម្រាប់​តែ​សម្រាក ប៉ុន្តែ​សម្រាប់​អាន​ដែរ។
ហើយ​ការ​នោះ​វា​នាំ​ទៅ​កាន់​ចំណុច​ចុង​ក្រោយ​ដែល​ខ្ញុំ​ចង់​និយាយ។ អាន​សៀវភៅ​ដែល​មាន​ពោ​ពេញ​ដោយ​អត្ថបទ​ព្រះ​គម្ពីរ។ ហើយ​សៀវភៅ​ដែល​មាន​ពោ​ពេញ​ដោយ​អត្ថបទ​ព្រះ​គម្ពីរ​នោះ​គឺ​ជា​ព្រះ​គម្ពីរ​ផ្ទាល់។ ប៉ុន្តែ អាន​សៀវភៅ​ផ្សេងៗ​ដែរ​ប្រហែល​ជា​អាច​ស្តាប់​ការ​អាន​សៀវភៅ​នៅ​ក្នុង​ខណៈ​ពេល​ដែល​អ្នក​កំពុង​តែ​ធ្វើ​ការងារ។ ហើយ​នេះ​គឺ​ជា​មូល​ហេតុ៖ ព្រះ​គម្ពីរ​សុភាសិត​បាន​ចាប់​ផ្ដើម​ជា​មួយ​នឹង​ឃ្លា​ថា «នែ​កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ​កុំ​ឲ្យ​កូន​បោះបង់​ចោល​សេចក្ដី​ដំបូន្មាន​របស់​ម្តាយ​ឯង​ឡើយ» (សុភាសិត ១:៨)។ ទំនួល​ខុស​ត្រូវ​របស់​អ្នក​គឺ​ត្រូវ​បង្ហូរ​សិរី​ល្អ​នៃ​ការ​បង្រៀន​ដ៏​ល្អ​អំពី​ព្រះ ផ្លូវ​របស់​ព្រះ និង​ពិភព​លោក​របស់​ព្រះ​អង្គ​ទៅ​កាន់​ចិត្ត​គំនិត​របស់​កូន​តូច​មួយ​នេះ។ ដូច្នេះ កុំ​ធ្វើ​ឲ្យ​កូន​បរាជ័យ​ដោយ​ការ​ដែល​អ្នក​បរាជ័យ​ក្នុង​ការ​អាន ហើយ​លូត​លាស់​ក្នុង​អ្វី​ដែល​អ្នក​ត្រូវ​ការ ដើម្បី​បង្រៀន​គាត់​អំពី​ព្រះ​ជាម្ចាស់ និង​អំពី​ជីវិត​នេះ​ឡើយ។
ហេតុ​ដូច្នេះ​បាន​ជា​ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​ទ្រង់​ប្រទាន​ឲ្យ​អ្នក​នូវ​កម្លាំង និង​ប្រាជ្ញា​ក្នុង​ការ​ធ្វើ​កិច្ច​ការ​នេះ គឺ​ជា​កិច្ច​ការ​យ៉ាង​ធំ​ធេង​គឺ​ការ​ចិញ្ចឹម​បី​បាច់​កូន​នេះ៖ គឺ​ការ​ចិញ្ចឹម​បីបាច់ និង​ការ​ប្រៀន​ប្រដៅ​នៃ​ព្រះ​អម្ចាស់ (អេភេសូរ ៦:៤)។
និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក ជួប ប៊ុនហាក់, លោក សឹម រក្សា និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ចំណុច​អនុវត្ត! តើ​ការ​បង្កើត​សិស្ស​មាន​ដំណើរ​ការ​យ៉ាង​ដូច​ម្ដេច?

ការ​អធិស្ឋាន​នៅ​ទី​សាធារណៈ