in ,

កុំ​ថ្កោល​ទោស ដើម្បី​ឲ្យ​លោក​អ្នក​អាច​ថ្កោល​ទោស​បាន​ត្រឹម​ត្រូវ (ភាគ១)

គ្រីស្ទ​បរិស័ទ​មិន​គួរ​ថ្កោល​ទោស​គ្រីស្ទ​បរិស័ទ​ផ្សេង​ទេ។ ហើយ​គ្រីស្ទ​បរិស័ទ​ក៏​គួរ​ថ្កោល​ទោស​គ្រីស្ទ​បរិស័ទ​ផ្សេង​ដែរ។ នោះ​គឺ​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន។ តាម​ពិត​ទៅ សាវ័ក ប៉ុល បាន​លើក​ឡើង​ទាំង​ពីរ​ចំណុច​នេះ​នៅ​ក្នុង​សំបុត្រ​តែ​មួយ តែ​ពីរបី​កថាខណ្ឌ​ឆ្ងាយ​ពី​គ្នា។

«ដូច្នេះ កុំ​ឲ្យ​ចោទ​ប្រកាន់​ទោស​គ្នា​មុន​កំណត់​ឡើយ លុះ​ត្រា​តែ​ព្រះ​អម្ចាស់​ទ្រង់​យាង​មក ដែល​ទ្រង់​នឹង​យក​អស់​ទាំង​អំពើ​លាក់​កំបាំង ដែល​ធ្វើ​នៅ​ទី​ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ​វិញ ហើយ​និង​បើក​សម្ដែង ឲ្យ​ឃើញ​អស់​ទាំង​គំនិត ក្នុង​ចិត្ត​របស់​មនុស្ស​ផង នោះ​គ្រប់​គ្នា​នឹង​បាន​សេចក្តី​សរសើរ​ពី​ព្រះ​រៀង​ខ្លួន» (១កូរិនថូស ៤:៥)។

កុំ​ថ្កោល​ទោស ឬ​ក៏​ជំនុំ​ជម្រះ​គ្រីស្ទ​បរិស័ទ​ផ្សេង​ទៀត។

«ដ្បិត​តើ​ត្រូវ​ការ​អ្វី​ឲ្យ​ខ្ញុំ​ជំនុំ​ជម្រះ​ដល់​មនុស្ស​ខាង​ក្រៅ? តើ​អ្នក​រាល់​គ្នា​មិន​ជំនុំ​ជម្រះ​មនុស្ស​ក្នុង​ពួក​ជំនុំ​ទេ​ឬ​អី?» (១កូរិនថូស ៥:១២)។

ចូរ​ថ្កោល​ទោស ឬ​ក៏​ជំនុំ​ជម្រះ​គ្រីស្ទ​បរិស័ទ​ផ្សេង​ទៀត​ចុះ។

តើ​សាវ័ក ប៉ុល កំពុងតែ​និយាយ​ផ្ទុយ​គ្នា​មែន​ឬ? ទេ! គឺ​គាត់​គ្រាន់​តែ​កំពុង​ណែនាំ​យើង​ថា មាន​រឿង​ខ្លះ​យើង​មិន​ត្រូវ​ថ្កោល​ទោស ហើយ​ក៏​នៅ​មាន​រឿង​ខ្លះ​ទៀត​ដែល​យើង​ត្រូវ​តែ​ថ្កោល​ទោស​ផង​ដែរ។

រឿង​ដែល​យើង​មិន​ត្រូវ​ថ្កោល​ទោស

យើង​មិន​ត្រូវ​ថ្កោល​ទោស «អំពើ​លាក់​កំបាំង…ក្នុង​ចិត្ត​របស់​មនុស្ស» ដែល​ជា​គ្រីស្ទ​បរិស័ទ​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត ទង្វើ ទស្សនៈ ពាក្យ​សម្ដី ឬ​ក៏​បុគ្គលិក​លក្ខណៈ​ដែល​នាំ​ឲ្យ​យើង​បារម្ភ ជា​ពិសេស​ប្រសិន​បើ​ចំណុច​ទាំង​នោះ​ផ្ទាល់​មិន​មែន​ជា​ការ​ប្រព្រឹត្ត​អំពើ​បាប​ជាក់​ស្ដែង (១កូរិនថូស ៤:៥)។ យើង​មិន​ត្រូវ​សន្មត​ថា មាន​ការ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​សារ​យើង​មាន​ការ​សង្ស័យ​ថា គាត់​បាន​ប្រព្រឹត្ត​អំពើ​បាប ពីព្រោះ​ការ​សង្ស័យ​របស់​យើង​មាន​ការ​លម្អៀង។

នៅ​ពេល​ដែល​សាវ័ក ប៉ុល បាន​សរសេរ​ថា «ដូច្នេះ កុំ​ឲ្យ​ចោទ​ប្រកាន់​ទោស​គ្នា​មុន​កំណត់​ឡើយ» គាត់​កំពុង​តែ​ចង្អុល​បង្ហាញ​ទៅ​លើ​ការ​វែក​ញែក​ក្នុង​ចំណោម​គ្រីស្ទបរិស័ទ​នៅ​ឯ​ក្រុម​ជំនុំ​កូរិនថូស​អំពី​គាត់​ផ្ទាល់ លោក អ័ប៉ុឡូស និង​សាវ័ក ពេត្រុស (ឬ​ក៏​កេផាស) ថា ក្នុង​ចំណោម​ពួក​គាត់​ទាំង​បី​នាក់ តើ​អ្នក​ណា​ជា​សាវ័ក​ដែល​មាន​អំណាច​ខ្លាំង​ជាង​គេ (១កូរិនថូស ១:១១-១២; ៣:៣-៤)។ តើ​ហេតុ​អ្វី​បានជា​ពួក​គេ​កំពុងតែ​ឈ្លោះ​គ្នា​លើ​ប្រធានបទ​ដូច​នោះ? អ្វី​ដែល​យើង​ដឹង​នោះ​គឺ​ថា៖ ១) ក្រុម​ជំនុំ​កូរិនថូស​ផ្ទាល់​មាន​ព័ត៌មាន និង​បទ​ពិសោធន៍​ផ្ទាល់​ជា​មួយ​នឹង​សាវ័ក​ទាំង​បី​នាក់​នេះ ២) យើង​តែង​តែ​ថ្កោល​ទោស​អ្នក​ដឹក​នាំ​ណា​ម្នាក់​អាស្រ័យ​ទៅ​លើ​ការ​មើល​ឃើញ និង​បទ​ពិសោធន៍​របស់​យើង។

ដូច​អ្នក​ដឹកនាំ​នានា​ដែល​យើង​ស្គាល់​សាវ័ក ប៉ុល លោក អ័ប៉ុឡូស និង​សាវ័ក ពេត្រុស មាន​បុគ្គលិក​លក្ខណៈ​ខុសៗ​គ្នា។ ពួក​គាត់​ប្រហែល​ជា​មាន​វោហារ​ខុសៗ​គ្នា មាន​របៀប​បង្រៀន​ខុសៗ​គ្នា និង​មាន​ការ​ផ្ដោត​លើ​ចំណុច​ទេវវិទ្យា​មួយ​ចំនួន​ខុសៗ​គ្នា ហើយ​ក៏​ទំនង​ជា​ផ្ដោត​លើ​អំណោយ​ទាន​ខាង​ឯ​វិញ្ញាណ​ខុសៗ​គ្នា​ផង​ដែរ។

យើង​ដឹង​ថា​សាវ័ក ប៉ុល ជា «អ្នក​សាប​ព្រោះ» ហើយ អ័ប៉ុឡូស ជា «អ្នក​ស្រោច» (១កូរិនថូស ៣:៦-៨)។ទំនង​អ្នក​ខ្លះ​ពេញ​ចិត្ត​លោក អ័ប៉ុឡូស ឬ​ក៏​សាវ័ក ពេត្រុស លើស​ជាង​សាវ័ក ប៉ុល។ ប្រហែល​អ្នក​ខ្លះ​យល់​ច្រឡំ​នៅ​អ្វី​ដែល​សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍ ឬ​ក៏​បាន​ប្រព្រឹត្ត ហើយ​ជា​លទ្ធផល​ពួក​គាត់​ក៏​អន់​ចិត្ត។ ប្រហែល «ពួក​សាវ័ក​យ៉ាង​ធំ» ទាំង​នោះ (២កូរិនថូស ១១:៥) បាន​និយាយ​បង្កាច់​សាវ័ក ប៉ុល ប៉ុន្តែ​មិន​បាន​និយាយ​បង្កាច់​លោក អ័ប៉ុឡូស ឬ​សាវ័ក ពេត្រុស ទេ។ មិន​ថា​ចំណុច​ណា​ក៏​ដោយ គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​នៅ​ឯ​ក្រុម​ជំនុំ​កូរិនថូស​បាន​ថ្កោល​ទោស​សាវ័ក ប៉ុល ដោយ​មិន​មាន​សេចក្ដី​ស្រឡាញ់​ដោយ​សួរ​ដេញដោល​អំពី​ព័ន្ធកិច្ច និង​បុគ្គលិក​លក្ខណៈ​របស់​គាត់ (អស់​ទាំង​អំពើ [ទាក់​ទង​ទៅ​នឹង​ការ] លាក់​កំបាំង…ក្នុង​ចិត្ត) (១កូរិនថូស ៤:៣)។

យើង​អាច​យល់​ចំណុច​នេះ​បាន ពីព្រោះ​យើង​ទាំង​អស់​គ្នា​សុទ្ធតែ​ធ្លាប់​បាន​ធ្វើ​ដូច្នោះ។ យើង​ដឹង​អំពី​ល្បឿន​ដែល​យើង​អាច​ធ្វើ​ពី​ការ​ភាន់​ច្រឡំ ឬ​ក៏​ការ​មិន​ឯកភាព​គ្នា​ឲ្យ​ក្លាយ​ទៅ​ជា​ការ​ព្រួយ​បារម្ភ បន្ទាប់​មក​ឲ្យ​ក្លាយ​ទៅ​ជា​ការ​សង្ស័យ ហើយ​ជា​ចុង​ក្រោយ​ឲ្យ​ក្លាយ​ទៅ​ជា​ការ​ថ្កោល​ទោស។ ប្រសិន​បើ​យើង​គិត​ថា យើង​បាន​ឃើញ​ផ្សែង នោះ​យើង​ក៏​តែង​តែ​មាន​ការ​រហ័ស​សន្មត​ថា ពិត​ជា​មាន​ភ្លើង​មែន​ហើយ។

នៅ​ក្នុង​ករណី​ដូច​នេះ យើង​ត្រូវ​តែ​ចងចាំ​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ «កុំ​ឲ្យ​ជំនុំ​ជម្រះ​តាម​ភាព​ដែល​មើល​ឃើញ​តែ​ខាង​ក្រៅ​ឡើយ ត្រូវ​ជំនុំ​ជម្រះ​តាម​សេចក្តី​សុចរិត​វិញ» (យ៉ូហាន ៧:២៤)។

រឿង​ដែល​យើង​ត្រូវ​តែ​ថ្កោល​ទោស

ដាច់​ខាត គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​ថ្កោល​ទោស​ទង្វើ​នៃ​ការ​ប្រព្រឹត្ត​អំពើ​បាប​ជាក់​ស្ដែង​របស់​បុគ្គល​ណា​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​គ្រីស្ទ​បរិស័ទ។

ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ថា «ដើម​ឈើ​ល្អ ផ្លែ​វា​ក៏​ល្អ» (ម៉ាថាយ ១២:៣៣)។ តើ​យើង​អាច​ឃើញ «អស់​ទាំង​អំពើ​លាក់​កំបាំង…ក្នុង​ចិត្ត» បាន​នៅ​ពេល​ណា? គឺ​នៅ​ក្នុង​ទង្វើ​នៃ​ការ​ប្រព្រឹត្ត​អំពើ​បាប​ជាក់​ស្ដែង​របស់​បុគ្គល​ម្នាក់​នោះ។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​សាវ័ក ប៉ុល មិន​ចាំបាច់​មាន​វត្តមាន ដើម្បី​ថ្កោល​ទោស​បុរស​ដែល​បាន​ប្រព្រឹត្ត​អំពើ​អសីលធម៌​ផ្នែក​ផ្លូវ​ភេទ (១កូរិនថូស ៥:៣)។ ហើយ​គាត់​ក៏​បាន​ប្រាប់​ឲ្យ​គ្រីស្ទ​បរិស័ទ​នៅ​ឯ​ក្រុម​ជំនុំ​កូរិនថូស​ថ្កោល​ទោស​បុរស​ម្នាក់​នោះ​ដែរ (១កូរិនថូស ៥:១២-១៣)។

នៅ​ពេល​ដែល​យើង​ប្រព្រឹត្ត​អំពើ​បាប នោះ​បង​ប្អូន​ប្រុស​ស្រី​ដែល​ជា​គ្រីស្ទ​បរិស័ទ​មាន​កាតព្វកិច្ច​ក្នុង​ការ​ថ្កោល​ទោស​យើង។ ពួក​គាត់​មិន​ត្រូវ​ផ្ដន្ទា​ទោស​យើង​ទេ ប៉ុន្តែ​ដាច់​ខាត​ដោយ​កើត​ចេញ​ពី​សេចក្ដី​ស្រឡាញ់ គឺ​ពួក​គាត់​ត្រូវ​តែ​ណែនាំ​ឲ្យ​យើង​កែ​ប្រែ​ចិត្ត។ ការ​ថ្កោល​ទោស​បែប​នេះ​គឺ​ជា​ការ​បង្ហាញ​ព្រះ​គុណ និង​ជា​ការ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​ជាម្ចាស់ (រ៉ូម ២:៤) ហើយ​ប្រសិន​បើ​យើង​អន់​ចិត្ត នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​បង្កើន​សមាស​ធាតុ​នៃ​អំពើ​បាប​របស់​យើង​ហើយ។ ប្រសិន​បើ​អំពើ​បាប​របស់​យើង​មាន​ភាព​ធ្ងន់ធ្ងរ ហើយ​ក្រុម​ជំនុំ​របស់​យើង​បាន​សម្រេច​ចិត្ត​ថា ដាច់​ខាត​យើង​ត្រូវ​តែ​ទទួល​ការ​ដាក់​វិន័យ​យោង​តាម​កណ្ឌ​គម្ពីរ​ម៉ាថាយ ១៨:១៥-១៧ នោះ​យើង​ត្រូវ​តែ​ទទួល​ស្គាល់​ថា គោល​បំណង​នៃ​ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​នាំ​ឲ្យ​យើង​កែ​ប្រែ​ចិត្ត មិន​មែន​ដើម្បី​រិះគន់​ដាក់​បណ្ដាសា​ឲ្យ​យើង​ធ្លាក់​នរក​នោះ​ទេ (១កូរិនថូស ៥:៤-៥)។

យឺត​នឹង​ថ្កោល​ទោស

នៅ​ពេល​ដែល​ឃើញ​ថា ពិត​ជា​មាន​ការ​ប្រព្រឹត្ត​អំពើ​បាប​ជាក់​ស្ដែង​មែន នោះ​គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​ថ្កោល​ទោស​គ្រីស្ទ​បរិស័ទ​ម្នាក់​នោះ​ដោយ​ក្ដី​ស្រឡាញ់។ ប៉ុន្តែ នៅ​ក្នុង​កាលៈទេសៈ​ភាគ​ច្រើន យើង​ត្រូវ​តែ​មាន​ការ​យឺត​ក្នុង​ការ​ថ្កោល​ទោស យើង​ត្រូវ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ដាក់​កំហិត​ក្នុង​ការ​ថ្កោល​ទោស។ និស្ស័យ​សាច់​ឈាម​របស់​យើង​ដែល​ពេញ​ដោយ​អំពើ​បាប​មាន​ការ​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ថ្កោល​ទោស​អ្នក​ដទៃ។ យើង​ត្រូវ​តែ​មាន​ការ​សង្ស័យ​ដែល​មាន​សុខ​ភាព​ល្អ​ដោយ​ចេះ​ងឿង​ឆ្ងល់​អំពី​អំនួត​របស់​ខ្លួន ហើយ​រក្សា​ទុក​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​នៅ​ក្នុង​ត្រចៀក​របស់​យើង «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ» (ម៉ាថាយ ៧:១)។

ចំណុច​នេះ​សំខាន់​ខ្លាំង​ណាស់ ពីព្រោះ​កាលៈទេសៈ​ជា​ច្រើន​ដែល​យើង​នឹង​ជួប​ប្រទះ​គឺ​នឹង​មិន​ច្បាស់​ខ្លាំង​ដូច​ឧទាហរណ៍​ទាំង​ពីរ​នៅ​ក្នុង​ក្រុម​ជំនុំ​កូរិនថូស​ទេ។ ជា​រឿយៗ បន្ទាត់​រវាង​ការ​ថ្កោល​ទោស​បំណង​ចិត្ត​លាក់​កំបាំង និង​ការ​ប្រាប់​ថា​ទង្វើ​ណា​មួយ​ជា​អំពើ​បាប គឺ​ស្ទើរ​តែ​ដូច​គ្នា​ទាំង​ស្រុង។ ហើយ​ប្រសិន​បើ​វា​ដូច​គ្នា​មែន នោះ​ចូរ​ឲ្យ​យើង​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ថ្កោល​ទោស​ចុះ។

នៅ​ក្នុង​កាលៈទេសៈ​ណា​ដែល​យើង​ឃើញ​ថា ពិត​ជា​មាន​ការ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ជាក់​ស្ដែង​មែន ចូរ​ឲ្យ​យើង​ហ៊ាន​ថ្កោល​ទោស​ដោយ​មាន​ចិត្ត​ក្លាហាន ដែល​បង្ហាញ​ដោយ​ក្ដី​ស្រឡាញ់​ចុះ។

ប៉ុន្តែ ចូរ​កុំ​ឲ្យ​យើង​ថ្កោល​ទោស​បំណង​ចិត្ត​លាក់​កំបាំង​របស់​គ្រីស្ទ​បរិស័ទ​ណា​ម្នាក់​ថា​ជា​អំពើ​បាប ដោយ​គ្រាន់​តែ​អាស្រ័យ​ទៅ​លើ​ចំណុច​ត្រង់​ថា គាត់​មិន​ឯកភាព​ជា​មួយ​នឹង​យើង​លើ​ចំណុច​ណា​មួយ​ឲ្យ​សោះ។ យើង​អាច​ជជែក​វែក​ញែក​គ្នា​បាន ប៉ុន្តែ​យើង​មិន​គួរ​ថ្កោល​ទោស​ទេ។ ព្រះ​យេស៊ូវ​នឹង​ជំនុំជម្រះ។ គឺ​មាន​តែ​ព្រះ​អង្គ​មួយ​គត់​ដែល​នឹង​បើក​បំភ្លឺ​នូវ​អ្វី​ដែល​មាន​ការ​លាក់​បាំង​ឥឡូវ មាន​តែ​ព្រះ​អង្គ​ទេ​ដែល​អាច​សរសើរ ឬ​ក៏​ស្ដី​បន្ទោស​ឲ្យ​បាន (១កូរិនថូស ៤:៥)។ សូម​ឲ្យ​យើង «មាន​ចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់​ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្រឡាញ់» (អេភេសូរ ៤:២)។ (អាន​ភាគ ២)

និពន្ធ​ដោយ៖ Jon Bloom
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង
និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការ​មើល​ប្រធាន​បទ​ធំៗ​នៅ​ក្នុង​ព្រះ​គម្ពីរ ៖ ព្រះ​គម្ពីរ​សញ្ញា​ថ្មី

តើ​ព្រះ​គម្ពីរ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​នៅ​ក្នុង​ឃ្លា «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ»? (ភាគ២)