in

ការ​មើល​ប្រធាន​បទ​ធំៗ​នៅ​ក្នុង​ព្រះ​គម្ពីរ ៖ កណ្ឌ​គម្ពីរ​យ៉ូស្វេ និង​កណ្ឌ​គម្ពីរ​​ពួក​ចៅហ្វាយ

លោក យ៉ូស្វេ បាន​នាំ​ពួក​រាស្ត្រ​ចូល​ទឹក​ដី​សន្យា ប៉ុន្តែ​ពួក​ចៅហ្វាយ​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​បន្ត​បន្ទាប់ មាន​អំពើ​បាប​ដដែលៗ​បាន​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត ដែល​នាំ​ឲ្យ​ពួក​រាស្ត្រ​ធ្លាក់​ចុះ។ ហើយ​នៅ​ពេល​ដែល​ពួក​រាស្ត្រ​ឈាន​ដល់​ចំណុច​អស់​សង្ឃឹម​ល្មម​ដោយ​ពួក​អ្នក​តាម​តំបន់​បាន​ជិះ​ជាន់​លើ​ពួក​គាត់ នោះ​ព្រះ​ជាម្ចាស់​ក៏​លើក​ចៅហ្វាយ​ម្នាក់ [ឲ្យ​មក​ជួយ] ហើយ​ពួក​រាស្ត្រ​ក៏​ទទួល​បាន​ការ​រំដោះ​ម្ដង​ទៀត។ ប៉ុន្តែ ពីរ​បី​ជំនាន់​បន្ទាប់​មក​ទៀត នោះ​ពួក​គាត់​ក៏​បាន​ធ្លាក់​ចូល​ក្នុង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ក្លែង​ក្លាយ និង​អំពើ​អសីលធម៌​ដូច​ជំនាន់​មុនៗ​វិញ​ជា​ថ្មី​ម្ដង​ទៀត ដោយ​មាន​ការ​អស់​សង្ឃឹម​យ៉ាង​ខ្លាំង៖ «នៅ​គ្រា​នោះ​ឯង គ្មាន​ស្ដេច​នៅ​ស្រុក​អ៊‌ីស្រាអែល​ទេ គឺ​មនុស្ស​ទាំង​ឡាយ​តែង​ប្រព្រឹត្ត​ការ​អ្វី តាម​ដែល​គេ​យល់​ឃើញ​ថា​ត្រឹម​ត្រូវ​គ្រប់​គ្នា» (ពួកចៅហ្វាយ ២១:២៥)។ ដូច្នេះ យើង​ក៏​ទំនង​ជា​ចាប់​ផ្ដើម​គិត​ថា «អ្វី​ដែល​ពួក​គាត់​ត្រូវ​ការ​នោះ​គឺ​ការ​មាន​ស្ដេច​មួយ​អង្គ​ដែល​យុត្តិ​ធម៌ ស្មោះ​ត្រង់ និង​ពិត»។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្នុង​អំឡុង​ពេល​នៃ​ពួក​ចៅហ្វាយ នោះ​យើង​ក៏​មាន​រឿង​ផ្សេងៗ​ទៀត​ដូច​ជា​រឿង​របស់​នាង​រស់ និង​រឿង​ខ្លីៗ​ផ្សេង​ទៀត​ជា​ដើម។

សាំយូអែល, ពង្សាវតារក្សត្រ និង​របាក្សត្រ

ហើយ​អ្វី​ដែល​យើង​មាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ (១សាំយូអែល, ២សាំយូអែល, ១ពង្សាវតារក្សត្រ និង២ពង្សាវតារក្សត្រ) ដែល​បន្ទាប់​មក​បាន​លើក​ឡើង​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​កណ្ឌ​គម្ពីរ (១ពង្សាវតារក្សត្រ និង២ពង្សាវតារក្សត្រ) គឺ​ជា​ចលនា​ឈាន​ចេញ​ពី​អំឡុង​ពេល​នៃ​ពួក​ចៅហ្វាយ—ចៅហ្វាយ​ចុង​ក្រោយ​ដែល​ល្អ​គឺ​លោក សាំយូអែល—ហើយ​បាន​ឈាន​ចូល​យល់​ការ​គ្រងរាជ្យ​ដោយ​ស្ដេច​វិញ។

ស្ដេច សូល ដែល​បាន​បរាជ័យ

ហើយ​ស្ដេច​ដំបូង ដែល​យើង​ហៅ​ថា ការ​ចាប់​ផ្ដើម​សម័យ​កាល​នៃ​ការ​គ្រងរាជ្យ​ដោយ​មាន​ការ​រួប​រួម​គ្នា—គឺ​កុលសម្ព័ន្ធ​ទាំង​អស់—គឺ​ស្ដេច សូល។ ទ្រង់​បាន​ចាប់​ផ្ដើម​យ៉ាង​ល្អ ប៉ុន្តែ​ពួក​រាស្ត្រ​ចង់​បាន​ទ្រង់​ដោយ​មាន​មូល​ហេតុ​មិន​ត្រឹម​ត្រូវ។ ពួក​រាស្ត្រ​ចង់​មាន​ស្ដេច​ដែល​មាន​លក្ខណៈ​បែប​ដូច​ជា​ពួក​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ​នៅ​ជុំ​វិញ​ខ្លួន ហើយ​ស្ដេច សូល ផ្ទាល់ (មិន​ថា​ទ្រង់​ខ្ពស់ មាន​ភាព​ក្លាហាន និង​មាន​ភាព​ទន់​ភ្លន់​ពី​ដើម​ក៏​ដោយ) ក៏​នៅ​ចុង​បញ្ចប់​បាន​ក្លាយ​ជា​អង្គ​ដែល​មិន​មាន​សន្តិភាព មិន​ចេះ​ទប់​កំហឹង និង​ខឹង​អស់​អ្នក​ដែល​គំរាម​កំហែង​ឋានៈ​របស់​ទ្រង់។ មិន​យូរ​មិន​ឆាប់ ទ្រង់​ក៏​ចាប់​ផ្ដើម​មាន​ភាព​ឃោរឃៅ ដោយ​គ្មាន​សេចក្ដី​មេត្តា​ករុណា ហើយ​ការ​មិន​មាន​សន្តិភាព​របស់​ទ្រង់​ក៏​បាន​បណ្ដាល​ឲ្យ​ទ្រង់​បះបោរ​ទាស់​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់។ ដូច្នេះ ទ្រង់​ក៏​ចង់​យក​តួនាទី​ជា​សង្ឃ និង​ជា​ស្ដេច​ក្នុង​ពេល​តែ​មួយ​ផង​ដែរ។ ហើយ​ទ្រង់​ក៏​បាន​សម្លាប់​គេ ហើយ​បុត្រា​របស់​ទ្រង់​ក៏​បាន​ធ្វើ​ដូច្នោះ​ដែរ។ ហើយ​ជា​លទ្ធផល​ក៏​មិន​មាន​រាជ​វង្ស​ស្ដេច សូល បន្ត​ទៅ​មុខ​ទៀត។

រាជ​វង្ស​ស្ដេច ដាវីឌ

ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា ព្រះ​ជាម្ចាស់​ក៏​បាន​តាំង​មនុស្ស​ម្នាក់​ទៀត ដែល​ត្រូវ​នឹង​ព្រះ​ហឫទ័យ​ទ្រង់ ដែល​នេះ​ជា​ការ​ចាប់​ផ្ដើម​រាជ​វង្ស​របស់​ស្ដេច ដាវីឌ ដែល​កណ្ឌ​គម្ពីរ​(២ពង្សាវតារក្សត្រ)​បាន​រៀប​រាប់។ តាម​ពិត​ទៅ យើង​ត្រូវ​អាន កណ្ឌ​គម្ពីរ​(២ពង្សាវតារក្សត្រ ៦-៧) ជា​មួយ​គ្នា ពីព្រោះ​នៅ​ពេល​ដែល​ស្ដេច ដាវីឌ បាន​ក្លាយ​ជា​ស្ដេច ដំបូង​ឡើយ​ទ្រង់​បាន​ក្លាយ​ជា​ស្ដេច​លើ​ពូជ​អំបូរ​តែ​ពីរ​ប៉ុណ្ណោះ​នៅ​ទិស​ខាង​ត្បូង ហើយ​ពូជ​អំបូរ​នៅ​ទិស​ខាង​ជើង​ដប់​ទៀត​បន្ត​គ្រង​រាជ្យ​ដោយ​ខ្លួន​ឯង។ រាជធានី​របស់​ស្ដេច ដាវីឌ គឺ​ក្រុង​ហេប្រុន។ ប៉ុន្តែ ៧ឆ្នាំ​ក្រោយ​មក ទ្រង់​ក៏​បាន​វាយ​យក​ក្រុង​យេរូសាឡឹម ហើយ​ក៏​បាន​ក្លាយ​ជា​ស្ដេច​លើ​ពូជ​អំបូរ​ទាំង១២ ហើយ​ជា​បន្ទាប់​ក៏​បាន​សោយ​រាជ្យ​៣៣​ឆ្នាំ​ទៀត​នៅ​ក្រុង​យេរូសាឡឹម។

លោក​អ្នក​នឹង​ឃើញ​ថា នៅ​ក្នុង​កណ្ឌ​គម្ពីរ (២ពង្សារវតារក្សត្រ ៦-៧) មាន​ប្រធានបទ​ខុសៗ​គ្នា​មួយ​ចំនួន​ដែល​បាន​លាយ​ឡំ​ជា​មួយ​គ្នា​ឲ្យ​ក្លាយ​ទៅ​ជា​ប្រធាន​បទ​តែ​មួយ។ ឥឡូវ​នេះ យើង​ឃើញ​ថា ទី​ក្រុង​យេរូសាឡឹម​បាន​ក្លាយ​ជា​រាជធានី ហើយ​នេះ​ក៏​រៀប​រៀង​ផ្នែក​ទាំង​មូល​ដែល​ជា​ចុង​ក្រោយ​នឹង​ក្លាយ​ជា​ទី​ក្រុង​យេរូសាឡឹម​ថ្មី។ នេះ​គឺ​ជា​ទី​ក្រុង​របស់​ស្ដេច​ដ៏​អស្ចារ្យ គឺ​រាជ​វង្ស​ស្ដេច ដាវីឌ។ ហើយ​ឥឡូវ​នេះ ទី​ក្រុង​នោះ​នឹង​ក្លាយ​ជា​ព្រះ​វិហារ។ ពួក​គាត់​បាន​រើ​រោង​ឧបោសថ​ចូល​ទៅ​ក្នុង​ទី​ក្រុង​យេរូសាឡឹម ហើយ​វា​ក៏​នៅ​ទី​នោះ​ជា​រៀង​រហូត។ មុន​នោះ ជា​ជាង​នៅ​ឯ​ទី​ក្រុង​ស៊ីឡូរ ឬ​ក៏​កន្លែង​ណា​ផ្សេង​ទៀត នោះ​ពួក​គាត់​ក៏​បាន​រើ​រោង​ឧបោសថ​ពីរ​បី​ដង​ទៀត​ដែរ​នៅ​ក្នុង​ចំណោម​ពួក​ពូជ​អំបូរ ប៉ុន្តែ​ឥឡូវ​នេះ​មាន​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡឹម ដែល​នឹង​ក្លាយ​ជា​ព្រះ​វិហារ ហើយ​រាជ​វង្ស​ស្ដេច ដាវីឌ ទាំង​ពីរ​គឺ​កំពុង​តែ​នៅ​ក្នុង​កន្លែង​តែ​មួយ។ ការ​នេះ​ក៏​រៀប​រៀង​ផ្នែក​ទាំង​អស់​ដែល​មាន​សល់​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​ក៏​មាន​ការ​បំពេញ​ក្នុង​ទម្រង់​ខុសៗ​គ្នា​តាម​រយៈ និង​ក្នុង​ព្រះ​យេស៊ូវ​ផង​ដែរ។

ដូច្នេះ កណ្ឌ​គម្ពីរ (២សាំយូអែល ជំពូក​៦) បាន​រៀប​រាប់​អំពី​ការ​រើ​ទី​លំ​នៅ​របស់​រោង​ឧបោសថ​ទៅ​ក្រុង​យេរូសាឡឹម។ ជំពូក​៧ បាន​រៀប​រាប់​អំពី​រាជ​វង្ស​របស់​ស្ដេច ដាវីឌ នៃ​ទី​ក្រុង​យេរូសាឡឹម​ថា ជា​អ្វី​ដែល​អាច​រើ​ចុះ​ឡើង​បាន។ ហើយ​ក៏​មាន​ការ​សន្យា គឺ​ការ​ចាប់​ផ្ដើម​ប្រមូល​សម្ភារៈ និង​លុយ​កាក់​ដែល​ត្រូវ​ការ ដើម្បី​សាង​សង់​ព្រះ​វិហារ​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡឹម មិន​យូរ​មិន​ឆាប់​ស្ដេច សាឡូម៉ូន ក៏​បន្ត​ការងារ​នោះ​នៅ​ក្នុង​ជំនាន់​បន្ទាប់​ទៀត។ កណ្ឌ​គម្ពីរ​ទំនុកតម្កើង​បាន​សរសេរ​អំពី​សម្ភារៈ​មួយ​ចំនួន​ទាំង​នោះ។ល។ កណ្ឌ​គម្ពីរ (ទំនុក​តម្កើង ជំពូក​២) គឺ​ជា​ការ​សញ្ជឹង​គិត​អំពី​ការ​តាំង​រាជ​វង្ស​នៃ​ស្ដេច ដាវីឌ ដោយ​សម្លឹង​មើល​ទៅ​មុខ ដែល​មាន​ការ​រង់​ចាំ​ស្ដេច ដូច​ស្ដេច​ដាវីឌ មួយ​អង្គ​ទៀត ដែល​ស្មោះ​ត្រង់ និង​ពេញ​ដោយ​អំណាច​ព្រះ​ចេស្ដា។ យើង​អាច​មើល​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ការ​នេះ​បាន ជា​ពិសេស​ទាក់​ទង​នឹង​ដំណើរ​ការ​នៃ​រាជ​វង្ស​ស្ដេច ដាវីឌ នៅ​ពេល​ក្រោយ។ ប៉ុន្តែ ឥឡូវ​នេះ​យើង​ត្រូវ​តែ​ផ្ដោត​លើ​ដំណើរ​រឿង​នៃ​សាច់​រឿង​ផ្ទាល់​តែ​ម្ដង​សិន។

ស្ដេច សាឡូម៉ូន និង​ស្ដេច​នានា

ស្ដេច​បន្ទាប់​ពី​ស្ដេច ដាវីឌ គឺ​ស្ដេច សាឡូម៉ូន ហើយ​បន្ទាប់​ពី​ស្ដេច សាឡូម៉ូន សុគត គឺ​ស្ដេច រេហូបោម ដែល​ជា​បុត្រា​របស់​ទ្រង់ ក៏​ចង់​ធ្វើ​ជា​ស្ដេច​ដ៏​ខ្លាំង​មួយ​អង្គ ប៉ុន្តែ​ជោគ​ជ័យ​តែ​នៅ​ក្នុង​ការ​បំបែក​នគរ​ទៅ​ជា​ពូជ​អំបូរ​ខាង​ជើង (អ៊‌ីស្រាអែល) និង​ពូជ​អំបូរ​ខាង​ត្បូង​ដែល​មាន​ទី​តាំង​នៅ​ទី​ក្រុង​យេរូសាឡឹម។ ដូច្នេះ អង្គ​ដែល​គ្រង​រាជ្យ​នៅ​ទី​ក្រុង​យេរូសាឡឹម​គឺ ស្ដេច រេហូបោម ប៉ុន្តែ​គ្រង​រាជ្យ​លើ​តែ​ពីរ​ពូជ​អំបូរ​ប៉ុណ្ណោះ។ ហើយ​ពូជ​អំបូរ​ខាង​ជើង​បាន​បង្កើត​ការ​សោយ​រាជ្យ​របស់​ស្ដេច​គេ​ផ្ទាល់ ស្ដេច​ដំបូង​គឺ យេរ៉ូបោម ដែល​ជា​កូន​របស់​លោក នេបាត ដែល​ជាប់​ងារ​ថា «យេរ៉ូបោម ជា​កូន​នេបាត ដែល​បាន​បណ្តាល​ឲ្យ​ពួក​អ៊‌ីស្រាអែល​ធ្វើ​បាប​នោះ​ដែរ» (១ពង្សាវតារក្សត្រ ២២:៥២)។ ហើយ​ដើម្បី​ឃាត់​ឃាំង​ប្រជាជន​កុំ​ឲ្យ​ឡើង​ទៅ​ថ្វាយ​បង្គំ​ឲ្យ​បាន​ជាប់​លាប់​នៅ​ឯ​ទី​ក្រុង​យេរូសាឡឹម (ហើយ​ក៏​ដោយ​សារ​ទំនង​មក​ពី​មាន​ការ​បែក​បាក់​គ្នា​ផ្នែក​នយោបាយ) នោះ​ទ្រង់​ក៏​បាន​សាង​សង់​ព្រះ​វិហារ​ពីរ មួយ​នៅ​ព្រំ​ប្រទល់​ខាង​ជើង​រហូត​ដល់​ពូជ​អំបូរ​ដាន់ ហើយ​មួយ​ទៀត​នៅ​តំបន់​ដែល​មិន​យូរ​មិន​ឆាប់​គេ​ក៏​ចាប់​ផ្ដើម​ហៅ​ថា​ស្រុក​សាម៉ារី ដែល​នៅ​ទិស​ខាង​ជើង​ពី​ទី​ក្រុង​យេរូសាឡឹម ប៉ុន្តែ​សម្រាប់​តែ​ពួក​ពូជ​អំបូរ​ទាំង​ដប់​តែ​ប៉ុណ្ណោះ។ ជា​លទ្ធផល ក៏​បង្កើត​ឲ្យ​មាន​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ក្លែង​ក្លាយ និង​ព្រះ​ជា​ច្រើន​នានា​ទៀត ខណៈ​ពេល​ដែល​ប្រជាជន​មិន​សូវ​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា សូម្បី​តែ​ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​បង្កើត​ព្រះ​នានា​គ្រប់​កន្លែង​នៅ​ជុំ​វិញ​ខ្លួន​ក៏​ដោយ។

ហើយ​នៅ​ទិស​ខាង​ជើង រឿង​រ៉ាវ​ដែល​កណ្ឌ​គម្ពីរ (១ពង្សាវតារក្សត្រ, ២ពង្សាវតារក្សត្រ, ១របាក្សត្រ និង២របាក្សត្រ) បាន​រៀប​រាប់ គឺ​ពិត​ជា​រឿង​ដែល​គួរ​ឲ្យ​អាណិត​អាសូរ​ណាស់។ រាជ​វង្ស​នីមួយៗ​មាន​តែ​មួយ​ទៅ​បី​តំណ ហើយ​បន្ទាប់​មក​ក៏​មាន​អ្នក​ផ្សេង​មក​បន្ត​តំណែង ហើយ​ក៏​មាន​ការ​ធ្វើ​ឃាតកម្ម​ដ៏​សាហាវ​ជា​ច្រើន​ដែរ ហើយ​ពួក​គេ​ក៏​សម្លាប់​កូនៗ​ទាំង​អស់ ពីព្រោះ​មាន​ការ​ភ័យ​ខ្លាច​ថា​នឹង​មាន​អ្នក​ណា​ម្នាក់​ពី​រាជ​វង្ស​ចាស់​ដែល​នឹង​ឡើង​សោយ​រាជ្យ​វិញ។ល។ ហើយ​មិន​យូរ​មិន​ឆាប់ ក្រោម​សម្ពាធ​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ​ដ៏​អាក្រក់ នោះ​ព្រះ​ជាម្ចាស់​ក៏​ចាត់​ទ័ព​អាសស៊ើរ ហើយ​ពួក​គេ​ក៏​ចាប់​យក​អ្នក​ដឹក​នាំ ហើយ​បាន​នាំ​ទៅ​ចុង​បំផុត​នៃ​ផែនដី​នៅ​ឯ​ទី​ក្រុង​អាសស៊ើរ នៅ​ទី​ខាង​ជើង​ដ៏​ឆ្ងាយ ក្នុង​ឆ្នាំ​៧២១​មុនគ.ស.។

ទោះ​បើ​មាន​ការ​វាយ​លុក​លើ​ទី​ក្រុង​យេរូសាឡឹម​ពី​ខាង​ក្រៅ​ក៏​ដោយ​ក៏​នៅ​មាន​ការ​ថែ​រក្សា​ខ្លះ​ដែរ។ ហើយ​មិន​យូរ​មិន​ឆាប់ នៅ​ពេល​នោះ​អំពើ​បាប​របស់​អ្នក​ក្រុង​យេរូសាឡឹម​ក៏​កាន់​តែ​កើន​ច្រើន​ទៅៗ ហើយ​មក​ដល់​ពេល​នោះ​អ្នក​កាន់​អំណាច​ធំ​ក្នុង​តំបន់​នោះ​គឺ​មិន​មែន​ពួក​អាសស៊ើរ​ទៀត​ទេ ប៉ុន្តែ​ពួក​បាប៊ីឡូន​វិញ។ ដូច្នេះ ពួក​បាប៊ីឡូន​ក៏​បាន​មក​ឡោម​ព័ទ្ធ​ទី​ក្រុង​យេរូសាឡឹម​នៅ​ឆ្នាំ៥៨៦មុនគ.ស. ហើយ​ក៏​បាន​បំផ្លាញ​ព្រះ​វិហារ​ចោល។ ក្រោម​ការ​ដឹកនាំ​របស់​ស្ដេច នេប៊ូក្នេសា ពួក​គេ​ក៏​យក​អ្នក​ដឹក​នាំ​របស់​អ្នក​ក្រុង​យេរូសាឡឹម​បញ្ជូន​ទៅ​ទីក្រុង​បាប៊ីឡូន​នៅ​ឆ្នាំ​៥៨៦​មុនគ.ស.។

ប្រសិន​បើ​យើង​ចង់​យល់​ផ្នែក​ណា​មួយ​នៃ​ព្រះ​គម្ពីរ នោះ​យើង​ត្រូវ​តែ​យល់​អំពី​របៀប​ស៊ី​គ្នា​នៃ​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រោស​លោះ។

និពន្ធ​ដោយ៖ លោក​គ្រូ D.A. Carson
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ព្រះ​គម្ពីរ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​នៅ​ក្នុង​ឃ្លា «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ»? (ភាគ២)

ផែន​ការណ៍​ដ៏​ល្អ​អស្ចារ្យ​របស់​ព្រះ