in ,

ការ​មើល​ប្រធាន​បទ​ធំៗ​នៅ​ក្នុង​ព្រះ​គម្ពីរ៖ ការ​តាម​ដាន​ដំណើរ​រឿង

អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​នៅ​ក្នុង​ឯក​សារ​នេះ​គឺ មើល​ព្រះ​គម្ពីរ​ក្នុង​របៀប​កាត់ៗ ដែល​មាន​បន្ថែម​ព័ត៌មាន​មួយ​ចំនួន​ក្នុង​ចន្លោះ​នោះ៖ គឺ​មើល​ដំណើរ​រឿង​ព្រះ​គម្ពីរ ដោយ​លើក​ឡើង​របៀប​មួយ​ចំនួន​ដែល​ផ្ដល់​ព័ត៌មាន​បន្ថែម ពីព្រោះ​ការ​ដែល​លោក​អ្នក​កាន់​តែ​ស្គាល់​ដំណើរ​រឿង កាន់​តែ​ចងចាំ និង​កាន់​តែ​យល់ នោះ​លោក​អ្នក​នឹង​កាន់​តែ​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ភ្ជាប់​កណ្ឌ​គម្ពីរ​ណា​មួយ​ជា​មួយ​នឹង​ដំណើរ​រឿង​នោះ ហើយ​នឹង​ឃើញ​អំពី​របៀប​ដែល​វា​មាន​ភាព​ស៊ី​គ្នា។

លោកុប្បត្ដិ

ដូច្នេះ យើង​នឹង​ចាប់​ផ្ដើម​មើល​ការ​បង្កើត។ ព្រះ​ជាម្ចាស់​បាន​បង្កើត​រាល់​គ្រប់​អ្វីៗ​ទាំង​អស់​បាន​យ៉ាង​ល្អ។ នៅ​ពេល​ក្រោយ យើង​នឹង​ទំនង​ជា​មាន​ឯក​សារ​ផ្សេង​ទៀត ដែល​នឹង​ពន្យល់​ក្បោះ​ក្បាយ​លើ​ការ​បង្កើត និង​អំពី​របៀប​ដែល​ព្រឹត្តិការណ៍​ទាំង​នោះ​ដំណើរ​ការ​នៅ​ក្នុង​ព្រះ​បន្ទូល។ ហើយ​បន្ទាប់​មក យើង​នឹង​ចាប់​ផ្ដើម​មើល​ការ​ធ្លាក់​ក្នុង​អំពើ​បាប៖ ការ​បះបោរ​ទាស់​ប្រឆាំង​នឹង​ព្រះ​អាទិករ ដែល​នាំ​ឲ្យ​មាន​ការ​ស្លាប់ រលួយ និង​ការ​បំផ្លាញ​ចោល។ ហើយ​មិន​យូរ​មិន​ឆាប់ ការ​នោះ​ក៏​នឹង​នាំ​ឲ្យ​មាន​ការ​ជំនុំ​ជម្រះ។ អំពើ​បាប​គឺ​ធ្ងន់ធ្ងរ​ណាស់ ហើយ​ព្រះ​ជាម្ចាស់​បាន​ក្រោធ​ក្នុង​របៀប​ដ៏​សុចរិត ដែល​ការ​នោះ​បាន​បណ្ដាល​ឲ្យ​ទ្រង់​នាំ​ឲ្យ​មាន​ទឹក​ជំនន់។ នេះ​ជា​ការ​សង្ខេប​ត្រួសៗ​លើ​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ជំពូក​៦-៩ ។ ប៉ុន្តែ ក្នុង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​ជាម្ចាស់ ទ្រង់​ក៏​បាន​អនុញ្ញាត​ឲ្យ​លោក ណូអេ និង​គ្រួសារ​របស់​គាត់​គេច​ផុត—មនុស្ស​តែ​ប្រាំ​បី​នាក់។ ហើយ​បន្ទាប់​មក ជា​ការ​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ អំពើ​អាក្រក់​ក៏​មិន​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ដែរ។ វា​បាន​រាល​ដាល​ជា​ថ្មី​ម្ដង​ទៀត ហើយ​ជា​លទ្ធផល​ក៏​បាន​នាំ​ឲ្យ​មាន​ការ​កសាង​ប៉ម​បាបិល ដែល​ជា​សញ្ញា​សម្គាល់​នៃ​ការ​ទាស់​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់។ នេះ​ជា​ការ​សង្ខេប​ត្រួសៗ​លើ​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ជំពូក​១១។

ដូច្នេះ ពេល​ខ្លះ​គេ​បាន​ហៅ​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ ជំពូក​១-១១ ថា​ជា​ជំពូក​មុន​ប្រវត្តិ​សាស្ត្រ ដែល​នេះ​មិន​មែន​មាន​ន័យ​ថា ព្រឹត្តិការណ៍​នៅ​ក្នុង​ជំពូក​ទាំង​នោះ​កើត​ឡើង​មុន​ប្រវត្តិ​សាស្ត្រ​នោះ​ទេ ប៉ុន្តែ​បាន​កើត​ឡើង​មុន​ការ​សរសេរ​ចុះ​អំពី​ប្រវត្តិ​សាស្ត្រ​វិញ។ នេះ​ហាក់​បី​ដូច​ជា​ថា យើង​មាន​ការ​សរសេរ​បង្ហាញ​នូវ​ការ​សរសេរ​ចុះ​ចាប់​តាំង​ពី​លោក អ័ប្រាហាំ តាំង​ពី​ពេល​២០០០ឆ្នាំ​មុន​គ.ស.។ យើង​ក៏​ដឹង​ផង​ដែរ​ថា ក៏​នៅ​មាន​ឯក​សារ​មួយ​ចំនួន​ដែល​បាន​សរសេរ​ចុះ​មុន​នោះ​ដែរ ប៉ុន្តែ​យើង​មិន​មាន​ឯក​សារ​នោះ​ទេ។

ហើយ​បន្ទាប់​មក ចាប់​តាំង​ពី​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ជំពូក​១២-៥០—ដែល​នេះ​ជា​ជំពូក​កណ្ឌ​នៅ​សល់​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ—ដែល​ពេល​ខ្លះ​គេ​ហៅ​ជំពូក​ទាំង​នោះ​ថា ការ​គ្រប់​គ្រង​ដោយ​មនុស្ស​ប្រុស។ យើង​មាន​លោក អ័ប្រាហាំ ហើយ​បន្ទាប់​មក​លោក អ៊ីសាក និង​លោក យ៉ាកុប និង​កូនៗ​របស់​គាត់ ជា​ពិសេស​លោក យ៉ូសែប។ មក​ដល់​ពេល​នេះ អ្វី​ដែល​យើង​មាន​គឺ​ពូជ​សាសន៍​យូដា។ នៅ​កាល​នោះ មិន​ទាន់​មាន​បទ​ពិសោធន៍​ជា​ជាតិ​សាសន៍​នៅ​ឡើយ​ទេ។ ពួក​គាត់​នៅ​ជា​គ្រួសារ​ដ៏​ធំ​នៅ​ឡើយ។ ហើយ​នៅ​ត្រង់​នេះ មាន​ការ​ផ្ដោត​យ៉ាង​ខ្លាំង​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់ គឺ​សេចក្ដី​តាំង​សញ្ញា​របស់​ព្រះ​ជាម្ចាស់​ជា​មួយ​នឹង​លោក អ័ប្រាហាំ។ តាម​ពិត​ទៅ យើង​អាច​វែក​ញែក​ថា ព្រះ​ជាម្ចាស់​បាន​ធ្វើ​ការ​តាំង​សញ្ញា​ជា​មួយ​នឹង​លោក អ័ដាម នៅ​ឯ​សួន​ច្បារ ប៉ុន្តែ​យើង​នឹង​មើល​ត្រួសៗ នៅ​ពេល​ដែល​យើង​ពិចារណា​លើ​ការ​បង្កើត​ដែល​លម្អិត​ជាង​នេះ។

ដូច្នេះ នៅ​ត្រង់​នេះ យើង​មាន​ការ​តាំង​សញ្ញា​ជា​មួយ​នឹង​លោក អ័ប្រាហាំ ដែល​អ្នក​និពន្ធ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ក៏​បាន​លើក​ឡើង​ផង​ដែរ។ យើង​នឹង​ត្រឡប់​ទៅ​មើល​ចំណុច​នេះ​ម្ដង​ទៀត។ ហើយ​នៅ​ពេល​ដែល​យើង​បាន​មើល​ចប់​នៅ​ក្នុង កណ្ឌ​គម្ពីរ លោកុប្បត្ដិ នោះ​យើង​នឹង​ឃើញ​ថា​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់ ដែល​ជា​សាសន៍​អ៊‌ីស្រាអែល នៅ​ពេល​នោះ​មាន​ប្រមាណ​ជា​៧០​នាក់​ដ៏​ឆ្នើម រួម​ជា​មួយ​នឹង​កូន​ចៅ​មួយ​ចំនួន​ទៀត​ដែល​បាន​កើត​នៅ​ស្រុក​អេស៊ីព្ទ ជា​មួយ​នឹង​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​លោក យ៉ូសែប ដែល​កាល​នោះ​ជា​នាយក​រដ្ឋ​មន្ត្រី​ម្នាក់ ប្រសិន​បើ​យើង​ចង់​ហៅ​ងារ​គាត់​ដូច្នោះ។ ព្រឹត្តិការណ៍​ទាំង​នេះ​បាន​រៀប​ឆាក​សម្រាប់​ព្រឹត្តិការណ៍​រាប់​រយ​ឆ្នាំ​ក្រោយ​មក​ជា​មួយ​នឹង​ស្ដេច ផារ៉ោន នៃ​ស្រុក​អេស៊ីព្ទ ដែល​បាន​ឡើង​សោយ​រាជ្យ​ដោយ​មិន​មាន​ចំណេះ​ដឹង​ផ្ទាល់ ឬ​ក៏​សូម្បី​តែ​ស្គាល់​ថា​លោក យ៉ូសែប ជា​នរណា? ពេល​វេលា​ជា​ច្រើន​បាន​កន្លង​ផុត​ទៅ។ សាសន៍​អ៊‌ីស្រាអែល​បាន​មាន​កូន​ចៅ​ជា​ច្រើន ហើយ​អ្នក​ស្រុក​អេស៊ីព្ទ​គិត​ថា​ពួក​គាត់​ជា​គ្រោះ​ថ្នាក់។ ហើយ​ជា​លទ្ធផល ក៏​បាន​បង្ខំ​ឲ្យ​សាសន៍​អ៊‌ីស្រាអែល​ក្លាយ​ជា​អ្នក​បម្រើ មិន​យូរ​មិន​ឆាប់​ក៏​បាន​ក្លាយ​ជា​ទាសករ។

និក្ខមនំ

ការ​ទាំង​នេះ​ក៏​បាន​រៀប​ឆាក​សម្រាប់​ព្រឹត្តិការណ៍​នៅ​ក្នុង​សៀវភៅ​ទី២​នៃ​បញ្ចកណ្ឌ—ដែល​នេះ​សំដៅ​ទៅ​លើ​កណ្ឌ​គម្ពីរ​និក្ខមនំ។ ហើយ​មកដល់​ពេល​នេះ ពាក់​កណ្ដាល​នៃ​កណ្ឌ​គម្ពីរ​និក្ខមនំ​គឺ​ជា​ការ​រៀប​រាប់​អំពី​កំណើត​របស់​លោក ម៉ូសេ និង​អំពី​ការ​ដែល​គាត់​ក្លាយ​ជា​មនុស្ស​កំលោះ ដែល​ទទួល​បាន​ការ​បង្ហាត់​បង្រៀន​នៅ​ក្នុង​ព្រះ​រាជ​វាំង​របស់​ស្ដេច ផារ៉ោន ដោយ​បុត្រី​របស់​ទ្រង់​ជា​អ្នក​ចិញ្ចឹម​គាត់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​គាត់​នៅ​ស្មោះ​ត្រង់​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ និង​ជាតិ​សាសន៍​អ៊‌ីស្រាអែល​ដែល​ជា​ពូជ​អំបូរ​របស់​គាត់​ដែរ។ ដោយ​រស់​នៅ​បែប​ជា​ក្មេង​ឈាម​រាវ គាត់​ក៏​បាន​ប្រព្រឹត្ត​ក្នុង​របៀប​ល្ងីល្ងើ ហើយ​ក៏​ត្រូវ​បាន​រត់​គេច ដើម្បី​សង្គ្រោះ​ខ្លួន​រហូត​ទៅ​ដល់​ទី​រហោស្ថាន​ម៉ាឌាន ដែល​នៅ​ទី​នោះ​គាត់​ក៏​បាន​ធ្វើ​ជា​អ្នក​គង្វាល​រហូត​ដល់​មាន​អាយុ៨០ឆ្នាំ។

ហើយ​បន្ទាប់​មក ព្រះ​ជាម្ចាស់​ក៏​បាន​ត្រាស់​ហៅ​គាត់ ហើយ​តាម​រយៈ​គ្រោះ​កាច​ទាំង១០ និង​តាម​រយៈ​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​បង្ហាញ​រូប​អង្គ​ទ្រង់​ម្ដង​ហើយ​ម្ដង​ទៀត ទាំង​តាម​រយៈ​ការ​អស្ចារ្យ និង​ព្រះ​បន្ទូល នោះ​មិន​យូរ​មិន​ឆាប់​ព្រះ​ជាម្ចាស់​ក៏​បាន​ដឹក​នាំ​រាស្ត្រ​របស់​ទ្រង់ ដែល​ជា​សាសន៍​អ៊‌ីស្រាអែល​ចេញ ហើយ​ឆ្លង​កាត់​សមុទ្រ​ក្រហម​ក្រោម​ការ​ដឹក​នាំ​របស់​លោក ម៉ូសេ។

ការ​នោះ​បាន​នាំ​ពួក​គាត់​ចុះ​រហូត​ទៅ​ដល់​ភ្នំ ស៊ីណាយ និង​ការ​ទទួល​បាន​ក្រឹត្យ​វិន័យ។ ក្រឹត្យ​វិន័យ​ដ៏​ចម្បង​គឺ​ក្រឹត្យ​វិន័យ​ទាំង១០ប្រការ​នៅ​ក្នុង​កណ្ឌ​គម្ពីរ និក្ខមនំ ជំពូក​២០។ ហើយ​ភ្លាមៗ​បន្ទាប់​ពី​កណ្ឌ​គម្ពីរ​និក្ខមនំ ជំពូក​២០ យើង​ក៏​ឃើញ​អំពី​ការ​រៀប​រាប់​អំពី​លក្ខន្តិកៈ​ដែល​មាន​ជា​មួយ​នឹង​ក្រឹត្យ​វិន័យ​ទាំង​១០​ប្រការ។ ផ្នែក​ខ្លះ​អំពី​សេចក្ដី​បរិសុទ្ធ និង​ការ​សាង​សង់​រោង​ឧបោសថ និង​លក្ខន្តិកៈ​នានា​សម្រាប់​ពួក​សង្ឃ ព្រម​ទាំង​ការ​ផ្ដោត​លើ​ចំណាប់​អារម្មណ៍​តូចៗ​ផ្សេង​ទៀត—តើ​អេផូឌ​ដែល​ពួក​សង្ឃ​ប្រើ​ប្រាស់​គឺ​ជា​អ្វី។ល។?

ហើយ​ការ​រៀប​រាប់​ទាំង​នោះ​មាន​រហូត​ដល់​ការ​រៀបរាប់​អំពី​លោក ម៉ូសេ ចុះ​ពី​ភ្នំ ដែល​គាត់​បាន​ជួប​ជា​មួយ​នឹង​ព្រះ (និក្ខមនំ ៣២-៣៤) ហើយ​គាត់​ក៏​បាន​ឃើញ​ថា ពួក​រាស្ត្រ​បាន​ធ្លាក់​ចូល​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ បង្ហាញ​ថា​រូប​ព្រះ​គោ​ដែល​គេ​បាន​បង្កើត​ពី​មាស គឺ​ជា​ការ​តំណាង​ឲ្យ​ព្រះ​យេហូវ៉ា និង​ទម្រង់​អាសអាភាស​អំពី​សាសនា។ ជា​លទ្ធផល ព្រះ​អង្គ​ក៏​បាន​ជំនុំ​ជម្រះ​ពួក​គាត់។ល។

ហើយ​តាម​រយៈ​ព្រឹត្តិការណ៍​នោះ​ក៏​នៅ​ចុង​បញ្ចប់​នាំ​ឲ្យ​យើង​ឃើញ​ចំណុច​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​ត្រង់​ថា មនុស្ស​ម្នា​នៅ​ជំនាន់​នោះ​មិន​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា គឺ​ស្រុក​កាណាន ពីព្រោះ​នៅ​ពេល​ដែល​ពួក​គាត់​បាន​ទៅ​ដល់​ស្រុក​កាដេស-បារនា ហើយ​បន្ទាប់​មក​ពួក​អ្នក​សង្កេត​មើល​ដែល​បាន​ទៅ ហើយ​ស្វែង​យល់​អំពី​ទឹកដី​នោះ ក៏​បាន​ត្រឡប់​មក​វិញ​ដោយ​មាន​ការ​ភ័យ​ខ្លាច មិន​ចង់​ទៅ​មុខ​ទៀត ទោះ​បី​ពួក​គាត់​ទើប​តែ​បាន​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះ​ជាម្ចាស់​បាន​ធ្វើ​សម្រាប់​ពួក​គាត់​មុនៗ​នោះ​ក៏​ដោយ។ ដូច្នេះ អ្នក​ជំនាន់​នោះ ចាប់​ពី​អាយុ​២០​ឆ្នាំ​ឡើង ក៏​បាន​ស្លាប់​អស់​ក្នុង​អំឡុង​ពេល​៤០​ឆ្នាំ​នៃ​ការ​វង្វេង​ក្នុង​ទី​រហោស្ថាន។ ហើយ​សូម្បី​តែ​លោក ម៉ូសេ ផ្ទាល់​ក៏​មិន​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា​ដែរ ពីព្រោះ​គាត់​បាន​ធ្លាប់​មាន​កំហឹង​ដោយ​មិន​មាន​ជំនឿ។ ដូច្នេះ គាត់​ក៏​បាន​ស្លាប់​នៅ​ក្នុង​ការ​សរសេរ​ចុះ​នៃ​បញ្ចកណ្ឌ។ គាត់​មិន​បាន​ចូល​ទឹក​ដី​សន្យា​ទេ។

លេវីវិន័យ

បន្ទាប់​ពី​កណ្ឌ​គម្ពីរ​និក្ខមនំ យើង​មាន​កណ្ឌ​គម្ពីរ​លេវីវិន័យ ដែល​កណ្ឌ​នេះ​មាន​នូវ​ក្រឹត្យ​វិន័យ​ជា​ច្រើន ដែល​ភាគ​ច្រើន​ទាក់​ទង​ទៅ​នឹង​ពិធី​នេះ ឬ​ក៏​ពិធី​នោះ ហើយ​ខ្លះ​ក៏​ជា​ក្រឹត្យ​វិន័យ​សីលធម៌​ដែល​គួរ​ឲ្យ​ចង​ចាំ​យ៉ាង​ខ្លាំង៖ «គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​វិញ អញ​នេះ​ជា​ព្រះ​យេហូវ៉ា» (លេវីវិន័យ ១៩:១៨)។ ប៉ុន្តែ មក​ដល់​ពេល​នេះ លោក​អ្នក​ក៏​ទទួល​បាន​ការ​ណែនាំ​អំពី​ចំណុច​ស្នូល​នៃ​រចនា​សម្ពន្ធ​នៃ​ពិធី​ថ្វាយ​យញ្ញ​បូជា​សម្រាប់​ពួក​សង្ឃ ដោយ​មាន​ការ​ផ្ដោត​យ៉ាង​ខ្លាំង​លើ​ថ្ងៃ​ធួន​នឹង​បាប ជា​ពិសេស​នៅ​ក្នុង​កណ្ឌ​គម្ពីរ​លេវីវិន័យ​ជំពូក១៦ និង​អំពី​ក្រឹត្យ​វិន័យ​នៃ​ថ្ងៃ​រំលង ព្រម​ទាំង​ភាព​បរិសុទ្ធ។ល។

ជនគណនា
កណ្ឌ​គម្ពីរ​ជនគណនា​រៀប​រាប់​អំពី​តួលេខ​ប្រជាជន និង​អំពី​របៀប​ពុះ​ដី​ចែក​គ្នា​បន្ទាប់​ពី​ពួក​គាត់​បាន​ចូល​ទឹក​ដី​សន្យា។

ចោទិយកថា
កណ្ឌ​គម្ពីរ ចោទិយកថា គឺ​ជា​កណ្ឌ​រម្លឹក—លោក ម៉ូសេ បាន​ត្រាស់​ហៅ​ឲ្យ​គ្រប់​គ្នា​វិល​ត្រឡប់​មក​រក​ភាព​ស្មោះ​ត្រង់​វិញ ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​ចូល​ទឹក​ដី​សន្យា បន្ទាប់​ពី​គាត់​បាន​រម្លឹក​អំពី​ប្រវត្តិ​សាស្ត្រ​នានា​ទាក់​ទង​នឹង​អ្វី​ដែល​ទើប​តែ​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល៤០ឆ្នាំ​មុន​នេះ។ ហើយ​នៅ​ពេល​ដែល​លោក ម៉ូសេ ផ្ទាល់​បាន​ស្លាប់​នៅ​ក្នុង​ចុង​នៃ​កណ្ឌ​គម្ពីរ​ចោទិយកថា ហើយ​ព្រះ​ជាម្ចាស់​ផ្ទាល់​បាន​កប់​គាត់​ក្នុង​កន្លែង​ដែល​គ្មាន​អ្នក​ណា​ដឹង​នៅ​លើ​ភ្នំ​នេបូរ។

នេះ​គឺ​ជា​ការ​សង្ខេប​កណ្ឌ​គម្ពីរ​បញ្ចកណ្ឌ។ ហើយ​ក្នុង​អត្ថន័យ​មួយ វា​បាន​បញ្ចប់​ដោយ​នាំ​ឲ្យ​យើង​មាន​ការ​បាក់​ទឹក​ចិត្ត។ ព្រះ​ជាម្ចាស់​បាន​សន្យា​ប្រទាន​ព្រះ​ពរ និង​ដាក់​បណ្ដាសា គឺ​ព្រះ​ពរ​លើ​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់ និង​បណ្ដាសា​លើ​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់ ហើយ​សូម​ទាយ​ទៅ​មើល​ថា តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង? យើង​បាន​ឃើញ​តម្រុយ​តាម​រយៈ​លោក ម៉ូសេ ផ្ទាល់​ដែល​ព្រះ​គម្ពីរ​បាន​ហៅ​ថា គាត់​ជា​មនុស្ស​ស្លូត​ជាង​គេ​បំផុត​ដែល​ធ្លាប់​បាន​រស់​នៅ គាត់​មិន​បាន​ចូល​ទឹក​ដី​សន្យា​ទេ។ ដូច្នេះ សេចក្ដី​សន្យា​នានា​នៃ​ព្រះ​គុណ ដែល​មាន​ពាស​ពេញ​ក្នុង​កណ្ឌ​គម្ពីរ​មួយ​នេះ គឺ​យើង​ត្រូវ​យល់​ឲ្យ​បាន​ម៉ឺង​ម៉ាត់ ជា​ពិសេស​ទាក់​ទង​នឹង​ការ​ដែល​មនុស្ស​ជា​ច្រើន​លើក​ឡើង​អំពី​ទេវវិទ្យា​នៃ​កណ្ឌ​គម្ពីរ​ចោទិយកថា ហាក់​បី​ដូច​ជា​ថា ទាំង​អស់​ទាក់​ទង​ទៅ​នឹង​ទង្វើ ព្រះ​ពរ និង​បណ្ដាសា អាស្រ័យ​លើ​របៀប​ដែល​គេ​លើក​ឡើង។ នេះ​គឺ​ជា​សុទិដ្ឋិនិយម​ខ្លាំង​ពេក​ហើយ ពីព្រោះ​ព្រះ​ពរ និង​បណ្ដា​សារ​ទាំង​នោះ​នាំ​មក​នូវ​រូប​ភាព​ដដែលៗ​ថា បណ្ដាសា​ក្លាយ​ជា​រឿង​សំខាន់ ហើយ​មនុស្ស​យើង​ក៏​បាន​បរាជ័យ​ម្ដង​ហើយ​ម្ដង​ទៀត​ដែរ។ ជា​លទ្ធ​ផល ការ​នោះ​ក៏​នាំ​យើង​ទៅ​រក​ព្រះ​គុណ​វិញ។

និពន្ធដោយ៖ លោកគ្រូ D.A. Carson
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក សឹម រក្សា និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ដំណាក់​កាល​ផ្សេងៗ​នៃ​ភាព​ចាស់​ទុំ​ខាង​ឯ​វិញ្ញាណ៖ មនុស្ស​ពេញ​វ័យ

ដំណាក់​កាល​ផ្សេងៗ​នៃ​ភាព​ចាស់​ទុំ​ខាង​ឯ​វិញ្ញាណ៖ ឪពុក​ខាង​ឯ​វិញ្ញាណ