in

ប្រសើរ​លើស​ជាង

Better Than Money, Sex, and Power

ប្រសើរ​លើស​ជាង​លុយ ទាំង​ការ​រួមភេទ និង​អំណាច

ដូច្នេះ កុំ​ឲ្យ​បោះ​បង់​ចោល​សេចក្ដី​ក្លាហាន​របស់​អ្នក​រាល់​គ្នា ដែល​មាន​រង្វាន់​ជា​ធំ​នោះ​ឡើយ។ (ហេព្រើរ ១០:៣៥)

យើង​ត្រូវ​តែ​រំពឹង​ចង់​បាន​ភាព​ឧត្តុង្គឧត្តម​របស់​ព្រះ​ជាម្ចាស់​ទុក​ជា​រង្វាន់​ដ៏​ធំ​បំផុត លើស​ជាង​អ្វីៗ​ទាំង​អស់​ដែល​លោកីយ៍​នេះ​អាច​នឹង​ឲ្យ​យើង​បាន។ ប្រសិនបើ​យើង​មិន​មាន​សេចក្ដី​រំពឹង​បែប​នេះ​ទេ នោះ​យើង​នឹង​ស្រឡាញ់​លោកីយ៍​នេះ​ដូច​មនុស្ស​ផ្សេងៗ​ទៀត ហើយ​យើង​ក៏​នឹង​រស់នៅ​តាម​បែប​លោកីយ៍​នេះ​ផង​ដែរ។

បើ​ប្រៀប​ធៀប​អ្វីៗ​ដែល​លោកីយ៍​នេះ​មាន ទៅ​នឹង​ព្រះ​ជាម្ចាស់ នោះ​លោក​អ្នក​នឹង​ឃើញ​ថា ការ​នៅ​ជាប់​ជាមួយ​នឹង​ទ្រង់ គឺ​ជា​ការ​ដ៏​ល្អ​បំផុត។ នៅ​ពេល​ដែល​មនុស្ស​យើង​ស្លាប់​ទៅ តើ​លុយ ការ​រួម​ភេទ និង​អំណាច​មាន​ប្រយោជន៍​អ្វី​ដល់​យើង? យើង​មិន​អាច​យក​លុយ យក​ការ​រួម​ភេទ និង​អំណាច​របស់​យើង​ទៅ​ជាមួយ​យើង​បាន​ទេ​ពេល​យើង​ស្លាប់​ទៅ។ ប្រសិនបើ​លោក​អ្នក​រស់នៅ ដើម្បី​លុយ ការ​រួម​ភេទ និង​អំណាច នោះ​លោក​អ្នក​នឹង​មិន​ទទួល​បាន​អ្វី​ប៉ុន្មាន​ឡើយ ហើយ​អ្វីៗ​ដែល​លោក​អ្នក​ទទួល​បាន​នោះ ក៏​នឹង​បាត់បង់​អស់​ទៅ​វិញ​ពេល​លោក​អ្នក​ស្លាប់​ទៅ។

ប៉ុន្តែ ទ្រព្យ​សម្បត្តិ​របស់​ព្រះ​ជាម្ចាស់​មាន​ភាព​ឧត្តុង្គឧត្តម​ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ហើយ​ក៏​នៅ​អស់​កល្ប​ជានិច្ច​ទៀត​ផង។ ទោះ​បើ​យើង​ស្លាប់​ទៅ ក៏​ទ្រព្យ​សម្បត្តិ​របស់​ព្រះ​ជាម្ចាស់​បន្ត​នៅ​ស្ថិតស្ថេរ​ទៅ​មុខ​ទៀត​លើស​ជាង​អ្វីៗ​ដែល​លោកីយ៍​នេះ​អាច​នឹង​ឲ្យ​ដល់​យើង​បាន។ ទ្រព្យ​សម្បត្តិ​របស់​ទ្រង់​ល្អ​ប្រសើរ​ជាង​លុយ ពីព្រោះ​ព្រះ​អង្គ​ជា​ម្ចាស់​លុយ​ទាំង​អស់​នោះ ហើយ​ទ្រង់​ក៏​ជា​ព្រះ​វរបិតា​របស់​យើង​ទៀត​ផង។ យើង​ជា​អ្នក​ទទួល​មរតក​របស់​ទ្រង់។ «…នោះ (គ្រប់​របស់​អ្វីៗ) សុទ្ធតែ​ជា​របស់​អ្នក​រាល់​គ្នា​ទាំង​អស់ ឯ​អ្នក​រាល់​គ្នា​ជា​របស់​ព្រះ​គ្រីស្ទ ហើយ​ព្រះ​គ្រីស្ទ​ជា​របស់​ព្រះ» (១កូរិនថូស ៣:២២-២៣)។

ទ្រព្យ​សម្បត្តិ​របស់​ព្រះ​ជា​ម្ចាស់​ល្អ​ជាង​ការ​រួម​ភេទ​ទៅ​ទៀត។ ទោះ​បើ​ព្រះ​យេស៊ូវ​មិន​ដែល​រួម​ភេទ​សោះ ក៏​ប៉ុន្តែ​មាន​តែ​ទ្រង់​មួយ​គត់ ជា​បុគ្គល​ដែល​មាន​លក្ខណសម្បត្តិ​ពេញ​លេញ​គ្រប់​ជ្រុងជ្រោយ។ ការ​រួម​ភេទ គឺ​គ្រាន់​តែ​ជា​ស្រមោល និង​ជា​រូបភាព​មួយ​នៃ​ភាព​ពិត នៃ​ទំនាក់ទំនង និង​សេចក្ដី​អរសប្បាយ។ ប្រសិន​បើ​យើង​ប្រៀប​ធៀប​ការ​រួម​ភេទ (ដែល​គេ​គិត​ថា របៀប​នេះ ឬ​ក៏​របៀប​នោះ​គឺ​ជា​ការ​រួម​ភេទ​ដ៏​សប្បាយ​បំផុត) ទៅ​នឹង​ទ្រព្យ​សម្បត្តិ​របស់​ព្រះ​ជាម្ចាស់ នោះ​យើង​នឹង​ឃើញ​ថា ការ​រួម​ភេទ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ។

រង្វាន់​របស់​ព្រះ​ជាម្ចាស់​ល្អ​ប្រសើរ​លើស​ជាង​អំណាច! គ្មាន​អំណាច​ណា​នៅ​លើ​ផែនដី​នេះ​ប្រសើរ​ជាង​អំណាច​នៃ​ការ​ធ្វើ​ជា​បុត្រាបុត្រី​របស់​ព្រះ​ដែល​មាន​ពេញ​ដោយ​ព្រះ​ចេស្ដា​នោះ​ឡើយ។ «តើ (លោក​អ្នក) មិន​ដឹង​ថា យើង​រាល់​គ្នា​នឹង​ជំនុំជម្រះ ដល់​ទាំង​ពួក​ទេវ​តា​ផង​ទេ​ឬ​អី…?» (១កូរិនថូស ៦:៣)។ «ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​នឹង​អញ ដូច​ជា​អញ​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​នឹង​ព្រះ​វរ​បិតា​លើ​បល្ល័ង្ក​ទ្រង់​ដែរ» (វិវរណៈ ៣:២១)។

នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​យើង​អាច​លើក​យក​មក​ធ្វើ​ការ​ប្រៀប​ធៀប​បាន តែ​បើ​និយាយ​ឲ្យ​ខ្លី​ទៅ អ្វីៗ​ទាំង​អស់​ដែល​លោកីយ៍​នេះ​អាច​ផ្ដល់​ឲ្យ​យើង មិន​អាច​ប្រៀប​ធៀប​នឹង​ព្រះ​ជាម្ចាស់​បាន​ឡើយ។ ព្រះអង្គ​ប្រសើរ​លើស​ជាង​​អ្វីៗ​ទាំង​អស់​នោះ​ឆ្ងាយ​ខ្លាំង​ណាស់ ហើយ​ទ្រង់​ថែម​ទាំង​គង់​នៅ​អស់​កល្ប​ជា​និច្ច​ទៀត​ផង។

គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ​ជាម្ចាស់​បាន​ឡើយ! ព្រះ​អង្គ​ប្រសើរ​លើស​ជាង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​គ្រប់​ចំណុច និង​គ្រប់​ពេលវេលា។ សំណួរ​គឺ​ថា៖ តើ​យើង​នឹង​បាន​ទ្រង់​ដែរ​ឬ​ទេ? តើ​យើង​អាច​នឹង​ដាស់​ខ្លួន​ឯង​ឲ្យ​ភ្ញាក់​ចេញ​ពី​ភាព​អណ្ដែត​អណ្ដូង​នៃ​ការ​លង់​ស្នេហ៍​លោកីយ៍​នេះ ដោយ​ចាប់​ផ្ដើម​មើល​ឃើញ ហើយ​ទទួល​ជឿ និង​មាន​អំណរ ក៏​ដូច​ជា​ចាប់​ផ្ដើម​ស្រឡាញ់​នូវ​អ្វី​ដែល​ពិត ហើយ​និង​មាន​តម្លៃ​ខ្ពស់​បំផុត ព្រម​ទាំង​នៅ​ស្ថិតស្ថេរ​ជា​និច្ច​ដែរ​ឬ​ទេ?

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ John Piper
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក អ៊ុន ជ័យរិទ្ធ, លោក ជួប ប៊ុនហាក់, ​លោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

-1 Points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការ​​ពង្រឹង​ជំនឿ​

​ភាព​ជា​គ្រីស្ទ​បរិស័ទ