គិតគូរដោយពឹងលើព្រះគម្ពីរ
ឆ្នាំនេះ ដល់ពេលគេប្រារព្ធបុណ្យហាឡូវីនទៀតហើយ។ បណ្ដាហាងមួយចំនួនក៏បានចាប់ផ្ដើមលក់អីវ៉ែអីវ៉ាន់ព្រោងព្រាតទៀតផង។ រីឯ អ្នកជឿមួយចំនួនក៏ចាប់ផ្ដើមសួរនាំគ្នាទៅវិញទៅមកថា តើក្នុងនាមជាគ្រីស្ទបរិស័ទ យើងគួរចូលរួមប្រារព្ធបុណ្យហាឡូវីនបានដែរឬទេ? ទំនងជាមានអ្នកជឿយូរហើយនៅក្នុងក្រុមជំនុំរបស់លោកអ្នកបានអះអាងយ៉ាងចំៗថា យើងមិនគួរធ្វើអ្វីទាក់ទងនឹងបុណ្យមួយនេះទេ ហើយមានអ្នកជឿម្នាក់ទៀតទំនងជាលើកឡើងដោយប្រកែកថា មានអីធ្វើបានតើ គ្រាន់តែទិញស្ករគ្រាប់ ស្លៀកពាក់ជាឈុតឆាកបែបហាឡូវីន មានអីខុសណា។ ប៉ុន្តែក្នុងនាមយើងជាគ្រីស្ទបរិស័ទ តើយើងគួរធ្វើយ៉ាងដូចម្ដេចទាក់ទងនឹងថ្ងៃហ្នឹង?
ក្នុងនាមខ្ញុំជាឪពុកដែលមានកូនៗនៅវ័យក្មេង៤នាក់ ខ្ញុំប្រឈមមុខនឹងការបំពេញ ឬក៏មិនបំពេញនូវតម្រូវចិត្តរបស់កូនខ្ញុំ។ ឧ. ទាក់ទងទៅនឹងការទិញ ឬក៏មិនទិញឈុតឆាកសម្លៀកបំពាក់ហាឡូវីន ឬក៏ជូនកូនៗទៅលេងនៅម្ដុំសួនកំសាន្តនានា ដែលគេអបអរសាទរបុណ្យមួយនេះ (ចម្លើយរបស់ខ្ញុំគឺ ទេ!)។
ខ្ញុំមិនមានចម្លើយសម្រាប់រាល់សំណួរនោះទេ ប៉ុន្តែប្រពន្ធខ្ញុំ ហើយនិងខ្ញុំបានព្យាយាមគិតដោយឈរលើមូលដ្ឋាននៃព្រះគម្ពីរទាក់ទងទៅនឹងពិធីបុណ្យមួយនេះ ដែលគេធ្វើឡើងជារៀងរាល់ឆ្នាំ។ ដូច្នេះ ខ្ញុំសូមលើកឡើងនៅគំនិតគិតគូរ៦យ៉ាងចំពោះឪពុកម្ដាយ ខណៈពេលដែលលោកអ្នកគិតថា គួរធ្វើអ្វីជាលក្ខណៈគ្រួសារចំថ្ងៃហ្នឹង។
១. ចូររីករាយនឹងវាចុះ ប៉ុន្តែកុំប្រារព្ធវាឡើងឡើយ
នេះជារបៀបមួយ ដែលយើងព្យាយាមវែកញែកជាមួយនឹងកូនៗរបស់យើង ទាក់ទងនឹងរបៀបដែលយើងធ្វើជាមួយនឹងបុណ្យហាឡូវីន ទៅនឹងបុណ្យណូអែល បុណ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ យើងមានការរីករាយជាមួយនឹងបុណ្យហាឡូវីន។ យើងសប្បាយក្នុងការស្លៀកពាក់ឈុតឆាក ការញ៉ាំស្ករគ្រាប់ជាមួយកូនៗ និងមិត្តភក្ដិរបស់យើង។ ប៉ុន្តែ យើងមិនប្រារព្ធបុណ្យហាឡូវីនឡើងនោះទេ។ យើងមិនផ្សាភ្ជាប់អារម្មណ៍របស់យើង ឬក៏ថ្វាយបង្គំថ្ងៃហ្នឹងឡើយ។
យើងមានការរីករាយជាមួយនឹងបុណ្យនោះ ហើយយើងប្រារព្ធបុណ្យណូអែល និងបុណ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ថ្ងៃបុណ្យទាំងពីរនេះ គឺជាថ្ងៃបុណ្យដ៏សំខាន់នៅក្នុងប្រតិទិនរបស់យើង មិនមែនគ្រាន់តែក្នុងប្រតិទិនវប្បធម៌យើងប៉ុណ្ណោះទេ។ យើងប្រារព្ធបុណ្យទាំងពីរនេះ ដោយរម្លឹកពីអ្វី—ការដែលព្រះយេស៊ូវគ្រីស្ទយាងមកយកកំណើត និងការដែលព្រះអម្ចាស់ និងព្រះសង្គ្រោះរបស់យើងបានព្រះជន្មរស់ឡើងវិញដែលពេញដោយសិរីរុងរឿង។ បុណ្យហាឡូវីនគឺជាពេលមួយដែលយើងអាចមានការរីករាយបាន ប៉ុន្តែបុណ្យណូអែល និងបុណ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ គឺជាពេលដែលយើងថ្វាយបង្គំ។
២. កុំអបអរសាទរនឹងអំពើហិង្សា ការអាក្រក់ ការកាប់សម្លាប់គ្នាឲ្យសោះ
ទោះបើបុណ្យហាឡូវីនគឺជាថ្ងៃមួយ ដែលយើងអាចស្លៀកពាក់ដើរតួអង្គជាតួអាក្រក់ៗ តែមិនបានប្រព្រឹត្តអំពើអាក្រក់ក៏ដោយ ឬក៏ការទៅលេងសួនកំសាន្តជាមួយនឹងមិត្តភក្ដិល្អៗរបស់យើងដោយលេងបន្លាចគ្នាទៅវិញទៅមក ប៉ុន្តែថ្ងៃហ្នឹងគឺមិនមែនជាថ្ងៃគួរលើកស្ទួយអំពើហិង្សា ការអាក្រក់ ការកាប់សម្លាប់គ្នា ឬក៏បង្កឲ្យនរណាម្នាក់មានគ្រោះថ្នាក់ទេ។ ការស្លៀកពាក់មួយចំនួន ខ្សែភាពយន្តខ្លះៗ និងសួនកំសាន្តហាក់បីដូចជារន្ធត់តក់ស្លុកខ្លាំងពេកហើយ។ វាមិនមែនជាការកោតខ្លាចដល់ព្រះជាម្ចាស់ទេ នៅពេលដែលអារម្មណ៍យើងរំញោចដោយសារមើលឃើញមាន៖ កំបុតដៃហូរឈាមកក្លាក់ អាវុធសម្រាប់សម្លាប់ប្រឡាក់ពេញដោយឈាមហូរ និងស្រោមពាក់មុខ ដែលពេញដោយឈាមដ៏គួរឲ្យព្រឺខ្លាច។ ដាច់ខាត! យើងមិនគួរគាំទ្រ ឬក៏មានភាពអរសប្បាយជ្រួលជ្រើមក្នុងអំពើហិង្សាដោយបំផ្លាញរូបអង្គព្រះគ្រីស្ទចោលឡើយ។ ហេតុអ្វី? ពីព្រោះយើងជាអ្នកដែលដើរតាមព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញ ដែលថ្ងៃមួយព្រះអង្គនឹងប្រោសរាស្ត្រទ្រង់ឲ្យរស់ឡើងវិញផងដែរ។ ពីព្រោះយើងជាអ្នកដើរតាមព្រះអាទិករដ៏មានពេញទៅដោយសេចក្ដីស្រឡាញ់ដែលទ្រង់បានបង្កើតរាល់គ្រប់មនុស្សប្រុស និងមនុស្សស្រីនីមួយៗក្នុងរូបអង្គទ្រង់ផ្ទាល់។ ហេតុដូច្នេះហើយ យើងមិនគួរប្រារព្ធថ្ងៃហ្នឹងមួយដងក្នុងឆ្នាំឡើយ។
៣. ចូរព្យាយាមស្គាល់ និងស្រឡាញ់អ្នកជិតខាង
នៅពេលថ្ងៃបុណ្យហាឡូវីនមកដល់ យើងគួរឆ្លៀតឱកាសយកថ្ងៃហ្នឹង ដើម្បីបម្រើ ស្រឡាញ់ និងស្គាល់អស់អ្នកដែលនៅជុំវិញយើង។ ពេលដែលលោកអ្នកនាំកូនៗទៅលេងសួនកំសាន្ត ចូរឆក់យកឱកាសនោះនិយាយលេងជាមួយនឹងអ្នកដទៃ និងលើកទឹកចិត្តពួកគាត់។ ពេលដែលលោកអ្នករីករាយនៅថ្ងៃហ្នឹង ចូរកុំឲ្យឱកាសបង្កើតទំនាក់ទំនងរបស់លោកអ្នកជាមួយអ្នកដទៃរំលងផុតបាត់ឡើយ ព្រោះយើងក៏អាចប្រើប្រាស់ថ្ងៃហ្នឹងសម្រាប់ចែកចាយដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទដល់ពួកគាត់បានផងដែរ។
៤. ចូរមានទំនុកចិត្តក្នុងអំណាចរបស់ព្រះគ្រីស្ទលើសេចក្ដីងងឹត
វាជាការពិតណាស់! ដែលផ្នែកមួយចំនួននៃបុណ្យហាឡូវីនទាក់ទងនឹងផ្លូវងងឹត ក៏ដូចជាការងប់ងុលក្នុងមន្តអាគម។ ថ្ងៃទី៣១ខែតុលាគឺជាថ្ងៃអស់អ្នកដែលងប់ងុលក្នុងមន្តអាគមបានជ្រើសរើសយកមកប្រារព្ធធ្វើពិធីទាក់ទងនឹងផ្លូវងងឹតជាមួយនឹងពួកអារក្ស ហើយពេញចិត្តក្នុងការលេងសើចនឹងភាពភ័យខ្លាច សូម្បីតែអំពើអាក្រក់ទាំងស្រុងផងដែរ។ ប៉ុន្តែ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងមិនចាំបាច់មានការភាំងស្មារតីដោយក្រែងខ្លាចថា យើងកំពុងគាំទ្រអបិយជំនឿ ខណៈពេលដែលយើងមានភាពរីករាយនឹងវា។ ព្រះយេស៊ូវគ្រីស្ទ ដែលជាអង្គសង្គ្រោះរបស់យើង មានអំណាចធំអស្ចារ្យជាងអារក្សនៅលើផែនដីនេះ។ តាមពិតទៅសាវ័ក ប៉ុល បានរម្លឹកយើងថា ព្រះយេស៊ូវបានយកឈ្នះលើអំណាចនៃសេចក្ដីងងឹតលើឈើឆ្កាង ដោយទ្រង់បានដាក់វា «ឲ្យគេមើល» (កូឡូស ២:១៥)។ ប្រសិនបើលោកអ្នកជ្រើសរើសធ្វើពិធីបុណ្យហាឡូវីនមិនថា ក្នុងរបៀបណាក៏ដោយ សូមធ្វើវាដោយដឹងថា លោកអ្នកបម្រើព្រះអង្គសង្គ្រោះដែលមានអំណាចលើសអារក្សសាតាំង ហើយភ្លឺជាងសេចក្ដីងងឹត ហើយព្រះអង្គធ្វើវាព្រឺខ្លាចទៀតផង (យ៉ាកុប ២:១៩)។
៥. ចូររីករាយនឹងថ្ងៃបុណ្យហាឡូវីន…ហើយប្រារព្ធថ្ងៃកំណែទម្រង់ចុះ (Reformation Day)
ចំពោះអស់អ្នកក្នុងចំណោមយើង ដែលប្រារព្ធថ្ងៃកែទម្រង់ដែលលោកគ្រូ ម៉ធិន លូសើរ (Martin Luther) បានចាប់ផ្ដើម និងការដែលគាត់បកប្រែព្រះគម្ពីរទៅជាភាសាសាមញ្ញៗ និងការអធិប្បាយព្រះបន្ទូលព្រះជាម្ចាស់ យើងក៏អាចចងចាំថ្ងៃទី៣១ខែតុលាថា ជាថ្ងៃដ៏សំខាន់មួយក៏បានដែរ ព្រោះថ្ងៃហ្នឹងគឺជាថ្ងៃដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រក្រុមជំនុំ…មិនមែនគ្រាន់តែជាការសប្បាយក្នុងញ៉ាំស្ករ និងការស្លៀកពាក់ឈុតឆាកសម្រាប់បុណ្យហាឡូវីន។ ចំពោះថ្ងៃអាទិត្យខាងមុខនេះ ព្រះវិហាររបស់ខ្ញុំរម្លឹកគ្នាទៅវិញទៅមកថា ជាថ្ងៃកំណែទម្រង់។ យើងឈរលើវប្បធម៌នៃអ្នកកំណែទម្រង់ ដែលមានភាពក្លាហានក្នុងការឈរលើសេចក្ដីពិតលើព្រះគម្ពីរទាក់ទងនឹងសេចក្ដីសង្គ្រោះរបស់យើង៖ ដោយព្រះគ្រីស្ទតែប៉ុណ្ណោះ ដោយជំនឿតែប៉ុណ្ណោះ ដោយព្រះគុណតែប៉ុណ្ណោះ។ ដូច្នេះ លោកអ្នកអាចរីករាយនឹងបុណ្យហាឡូវីននៅថ្ងៃពុធ ហើយអាចប្រារព្ធថ្ងៃកំណែទម្រង់នៅថ្ងៃអាទិត្យបាន។
៦. ពេលខ្លះយើងអាចយល់ព្រម ដោយមិនយល់ស្របបាន
ជាចុងក្រោយ វាមិនមែនជាបញ្ហាអ្វីទេ ក្នុងការទទួលស្គាល់ថា អ្នកជឿយូរម្នាក់ដែលមិនគាំទ្រការធ្វើបុណ្យហាឡូវីន រវាងអ្នកជឿម្នាក់ដែលគាំទ្រធ្វើបុណ្យហាឡូវីន ទោះបើពួកគាត់ទាំងពីរ មិនព្រមស្រុះស្រួលគ្នាដោយរកចំណុចកណ្ដាលបាន។ យើងអាចរស់នៅតទៅមុខទៀតបាន។ ប៉ុន្តែ អ្នកជឿម្នាក់នោះអាចព្យាយាមស្វែងយល់អំពីមូលហេតុដែលធ្វើឲ្យអ្នកជឿម្នាក់ទៀតមានការស្ទាក់ស្ទើរមិនចង់ធ្វើបុណ្យហាឡូវីន។ អស់អ្នកដែលមិនរីករាយនឹងថ្ងៃបុណ្យហាឡូវីនក៏មិនគួរប្រកាន់ពេកចំពោះអ្នកជឿដូចគ្នា ដែលស្រឡាញ់ព្រះគ្រីស្ទផងដែរ។
ដោយព្រះគុណព្រះជាម្ចាស់ ពួកគាត់ទាំងពីរនាក់នៅអាចច្រៀងចម្រៀងបទ៖ ព្រះនៃខ្ញុំជាបន្ទាយយ៉ាងមាំ នៅក្នុងសៀវភៅទំនុកដំកើងខ្មែរ ទំព័រលេខ២៤ ក្នុងសៀវភៅពណ៌ស្វាយ។
មតិយោបល់
Loading…