ថ្មីៗនេះកូនៗរបស់យើងខ្ញុំមានចិត្តអរសប្បាយអំពីក្រូចឆ្មា នៅពេលដែលពួកគាត់ដឹងថា ពួកគាត់អាចលាយវាជាមួយនឹងស្ករ ដើម្បីធ្វើជាទឹកក្រូចឆ្មា ហើយលក់វាដើម្បីឲ្យបានលុយ។ ថ្ងៃមួយ នៅឯផ្ទះម្ដាយក្មេកយើងខ្ញុំ ពួកគាត់បានរកឃើញក្រូចឆ្មាក្នុងថាសដ៏ធំមួយ គឺក្រូចឆ្មាធំៗដែលមានពណ៌បៃតង ហើយគួរឲ្យគយគន់ផងដែរ។ ពួកគាត់ក៏ចាប់ផ្ដើមប្រមូលក្រូចឆ្មាទាំងនោះយកទុកភ្លាម។ វាគឺពិតជាសំណាងរបស់ពួកគេមែន!
ប៉ុន្តែ ការពិតទៅ វាគ្រាន់តែជាក្រូចឆ្មាសិប្បនិមិត្តទេតើ! ក្រូចឆ្មាដែលនៅពេញថាសទាំងនោះបានធ្វើឲ្យកើតមានសេចក្ដីសន្យាក្នុងចិត្តរបស់ពួកគាត់ថា ពួកគាត់អាចធ្វើទឹកក្រូចឆ្មាបានបរិមាណយ៉ាងច្រើន ដែលតាមពិតទៅវាគ្រាន់តែជាគ្រឿងលម្អក្នុងផ្ទះប៉ុណ្ណោះ។
មានរបស់របរជាច្រើនដែលពេលយើងមើលទៅវាហាក់បីដូចជាមានសណ្ឋានជារបស់ពិត ប៉ុន្តែវាគឺជារឿងបរាជ័យមួយនៅពេលដែលយើងពិនិត្យមើលវាយ៉ាងលម្អិត។ ព្រះយេស៊ូវបានប្រឈមមុខនឹងការមិនសមគ្នានៃព្រឹត្តិការណ៍មួយនេះ វាជាការដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងកណ្ឌដំណឹងល្អ៖ ការដាក់បណ្ដាសាលើដើមល្វា (ម៉ាថាយ ២១:១៨-២២; ម៉ាកុស ១១:១២-១៤ និងខ២០-២៥)។ ក្នុងការអស្ចារ្យបញ្ច្រាសគ្នាមួយនេះ យើងមិនគ្រាន់តែឃើញយ៉ាងច្បាស់អំពីចំណុចបរាជ័យនៃការបង្កើតផលផ្លែប៉ុណ្ណោះទេ ប៉ុន្តែក៏ឃើញអំពីការបង្ហាញថាវាមានផលផ្លែ តែបរាជ័យក្នុងការឲ្យមានផលផ្លែមែន។
ការពិនិត្យមើលព្រឹត្តិការណ៍
ព្រះយេស៊ូវបានយាងចូលទីក្រុងយេរូសាឡឹមដែលពេលនោះមានមនុស្សម្នាជាច្រើននាក់បានជួបជុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យរំលង ហើយពួកគាត់ក៏បានច្រៀងសរសើរទ្រង់ផងដែរ។ នៅពេលព្រឹក ខណៈពេលដែលទ្រង់យាងចេញពីភូមិបេតថានី ទ្រង់ក៏បានទតឃើញដើមល្វាមួយដែល «មានសុទ្ធតែស្លឹក»។ កាលនោះនាចុងរដូវរំហើយ ដើមល្វាជាច្រើនមិនទាន់ចាប់ផ្ដើមមានផ្លែចាស់ៗនៅឡើយទេ (ម៉ាកុស ១១:១៣)។ ប៉ុន្តែ ដើមល្វាមួយនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ព្រះយេស៊ូវ ពីព្រោះវាបានមានស្លឹកពេញដើមហើយ។ វាបានលាស់មុនរដូវ។ ការដែលវាមានស្លឹកពេញដើមគឺជាអត្តសញ្ញាណបង្ហាញថា វាក៏គួរតែមានផ្លែមុនរដូវដែរ។
ដោយមានការរំពឹងបែបនោះ ព្រះយេស៊ូវក៏ពិនិត្យមើលដើមនេះ។ ភ្លាមៗនោះព្រះអង្គមានការខកព្រះទ័យ។ មានតែស្លឹក តែគ្មានផ្លែសោះ។ មានតែការរំពឹងចិត្ត ប៉ុន្តែគ្មានការស្កប់ចិត្ត។
ក្នុងចំណុចបង្វែរដែលគួរឲ្យភ្ញាក់ផ្អើល ព្រះយេស៊ូវក៏បានដាក់បណ្ដាសាដើមមួយនោះ ហើយធ្វើឲ្យវាស្វិតពីឫស មិនឲ្យបង្កើតផលផ្លែទៀតបានឡើយ។ ព្រឹត្តិការណ៍នេះធ្វើឲ្យយើងដកខ្លួនថយបន្តិច។ ការធ្វើបែបនេះហាក់បីដូចជាមិនមែនជាចរិតលក្ខណៈរបស់ព្រះយេស៊ូវទេ ដែលជាអង្គរាក់ទាក់ក្មេងៗ អង្គព្យាបាលដែលមានពេញទៅដោយព្រះទ័យអាណិតអាសូរ និងជាអង្គដែលធ្វើឲ្យព្យុះភ្លៀងស្ងប់ស្ងៀមទៀត។
តើយើងអាចរៀនអ្វីចេញពីព្រឹត្តិការណ៍ដ៏ចម្លែកមួយនេះបាន?
បើមើលពីក្រៅ វាជាមេរៀនទាក់ទងនឹងប្រធានបទនៃអំណាចពីសេចក្ដីអធិស្ឋានដ៏ស្មោះត្រង់ (ម៉ាថាយ ២១:២០-២២)។ ប៉ុន្តែ មានចំណុចជាច្រើនដែលកំពុងតែកើតឡើងនៅពីក្រោយព្រឹត្តិការណ៍នេះ។ ការដាក់បណ្ដាសាលើដើមល្វា (គឺជារឿងប្រៀបប្រដូចនៃការអនុម័តច្បាប់មួយ) វាក៏ជាការព្រមានដ៏ម៉ឺងម៉ាត់សម្រាប់យើងនៅថ្ងៃនេះ ដែលមានយ៉ាងហោចណាស់ពីររបៀប។
១) ការមិនមានផលផ្លែនាំឲ្យមានការថ្កោលទោស
យើងឃើញថាព្រះគម្ពីរសញ្ញាចាស់បានពណ៌នាជាច្រើនអំពីសាសន៍អ៊ីស្រាអែលថាជាចម្ការទំពាំងបាយជូរ ជាដើមឈើ ឬក៏ជារុក្ខជាតិមួយ (ពួកចៅហ្វាយ ៩:៨-១៥; អេសាយ ៣:១៤; ៥:១-៧; យេរេមា ១២:១០; អេសេគាល ១៧:២-១០; ១៩:១០-១៤)។ ដូចដែលកសិករណាម្នាក់នៃសាសន៍អ៊ីស្រាអែលបានដឹងរួចហើយថា ផលផ្លែដំបូងនៃចម្រូតគឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ (និក្ខមនំ ២៣:១៩; នេហេមា ១០:៣៥-៣៧) ដែលចំណុចនេះជួយឲ្យពួកគាត់យល់អំពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹងព្រះជាម្ចាស់ដែរ៖ ក្នុងនាមជារុក្ខជាតិដ៏ពិសេសរបស់ទ្រង់ ដាច់ខាតពួកគាត់ត្រូវតាមបង្កើតផលផ្លែខាងឯវិញ្ញាណដោយសារពួកគាត់ជារាស្ត្រនៃការតាំងសេចក្ដីសន្យា (ទំនុកតម្កើង ១:៣; យេរេមា ១៧:៨-១០)។ ការដែលសាសន៍អ៊ីស្រាអែលមិនមានផលផ្លែ (ក្នុងអត្ថន័យធម្មតា ឬក៏ផ្ទុយពីនោះ) គឺមិនមែនអាស្រ័យលើទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះជាម្ចាស់ឡើយ ដ្បិតគឺព្រះជាម្ចាស់ទេតើដែលជាអង្គដែលប្រទានឲ្យមានផលផ្លែ (ចោទិយកថា ៧:១៣; ២៨:៤)។ ការមិនមានផលផ្លែគឺជាចំណុចសម្គាល់នៃការដែលព្រះជាម្ចាស់ដាក់បណ្ដាសាលើពួកគេដោយសារពួកគេបានបះបោរនឹងទ្រង់ (ចោទិយកថា ១១:១៧)។
មូលដ្ឋានគ្រឹះនៃការប្រៀបប្រដូចមួយនេះសម្រាប់សុខភាពខាងឯព្រលឹងវិញ្ញាណរបស់សាសន៍អ៊ីស្រាអែលក៏កាន់តែមានការបើកពន្យល់យ៉ាងច្បាស់លាស់ថែមទៀតនៅសម័យកាលពួកហោរា។ ពេលវេលាបានមកដល់ហើយក្នុងការឲ្យរាស្ត្ររបស់ព្រះជាម្ចាស់បង្កើតផលផ្លែដែលនឹងក្លាយទៅជាព្រះពរទៅកាន់ពិភពលោកនេះ (អេសាយ ២៧:៦)។ ជានិច្ចកាលពួកហោរាពណ៌នាអំពីការដែលព្រះជាម្ចាស់ត្រួតពិនិត្យមើលសាសន៍អ៊ីស្រាអែលក្នុងការស្វែងរក «ផ្លែល្វាដែលទុំនៅដើមរដូវ» ដែលជាទីសម្គាល់នៃផលផ្លែខាងឯវិញ្ញាណ (មីកា ៧:១; យេរេមា ៨:១៣; ហូសេ ៩:១០-១៧)—«គ្មានចង្កោមណាសល់ឲ្យបានស៊ីទេ ចិត្តខ្ញុំប្រាថ្នាចង់បានផ្លែល្វា ដែលទុំដើមរដូវ»។ ដូច្នេះ ក្នុងការក្លាយជាពួកឈ្លើយពីរដង (នៅឯសាសន៍អាសស៊ើរ និងសាសន៍បាប៊ីឡូន) ព្រះជាម្ចាស់បានចាក់នូវបណ្ដាសានៃភាពគ្មានផលផ្លែលើពួកគេ (ហូសេ ៩:១៦) ហើយសាសន៍អ៊ីស្រាអែលក៏បានក្លាយទៅជាផ្លែល្វាដែលស្អុយ (យេរេមា ២៩:១៧)។
ប៉ុន្តែ រាល់គ្រប់អ្វីៗមិនបានបាត់បង់ឡើយ។ ព្រះជាម្ចាស់បានសន្យាថា ថ្ងៃមួយទ្រង់នឹងដាំសាសន៍អ៊ីស្រាអែលឡើងវិញ ហើយនឹងឲ្យនាងបង្កើតផ្លែល្វាដែលល្អម្ដងទៀត (យ៉ូអែល ២:២២; អេម៉ុស ៩:១៤; មីកា ៤:៤; សាការី ៨:១២; អេសេគាល ៣៦:៨)។
ដោយមានរូបភាពដក់ពីក្រោយបែបនេះ នោះពួកសិស្សរបស់ព្រះយេស៊ូវគួរតែនឹងមានការយល់ដឹងភ្លាមក្នុងគំនិតរបស់ពួកគាត់ (អំពូលត្រូវបានបើកឡើង) ខណៈពេលដែលទ្រង់រម្លឹកឡើងវិញនូវប្រវត្តិសាស្ត្រនៃសាសន៍អ៊ីស្រាអែលតាមរយៈការដែលទ្រង់ដាក់បណ្ដាសាដើមល្វា។
ដើមល្វាដែលគ្មានផលផ្លែបង្វែរយើងឲ្យត្រឡប់ក្រោយទៅមើលចំណុចមុនៗ ក្នុងព័ន្ធកិច្ចរបស់ព្រះយេស៊ូវ នៅពេលដែលព្រះជាម្ចាស់បានត្រាស់ហៅរាស្ត្ររបស់ទ្រង់ឲ្យបង្កើតផលផ្លែខាងឯវិញ្ញាណ (ម៉ាថាយ ៣:៨-១០; ៧:១៦-២០; ១៣:៨; លូកា ៣:៧-៩)។ ព្រះយេស៊ូវបានសង្វាតដេញតាមបុត្រាបុត្រីរបស់ព្រះជាម្ចាស់ដោយមានសេចក្ដីមេត្តាករុណាយ៉ាងម៉ឺងម៉ាត់ (លូកា ១៣:៣៤)។ ហើយពួកមនុស្សម្នានៃសាសន៍យូដាបានជួបជុំគ្នា ដើម្បីអបអរសាទរព្រឹត្តិការណ៍នៃការប្រោសលោះរបស់ព្រះជាម្ចាស់ពីអតីតកាល (ពិធីបុណ្យរំលង/ការចាកចេញ)—ទើបតែបានស្រែកហៅព្រះយេស៊ូវថាជា «ស្ដេច» ខណៈពេលដែលទ្រង់នាំការចាកចេញជាថ្មីដោយជិះលើសត្វលា (សាការី ៩:៩)។
ការស្ដារឡើងវិញនៃគ្រាចុងក្រោយបានមកដល់ហើយ។ រាល់គ្រប់អ្វីៗកំពុងតែតម្រង់ជួរ។ ឥឡូវនេះ ព្រះអង្គនឹងច្រូតផលផ្លែនៃសាសន៍អ៊ីស្រាអែល។ ឥឡូវនេះ ព្រះពរនឹងត្រូវចាកចេញ។ ខណៈពេលដែលសាសន៍នានា—ដើមល្វាផ្សេងមិនទាន់ដល់រដូវ ដើមមួយនេះ «មានសុទ្ធតែស្លឹក»។ ហើយទាំងលោក ម៉ាថាយ និងលោក ម៉ាកុស តាមរយៈការដែលគាត់ដាក់ព្រឹត្តិការណ៍នៃដើមល្វានេះ «អមនៅសងខាង» គឺធ្វើឲ្យយើងផ្ដោតទៅលើការពិនិត្យមើលនៃទីកន្លែងដែលវានឹងកើតឡើង៖ គឺនៅទីក្រុងយេរូសាឡឹម។
ម៉ាថាយ៖ ទីក្រុងយេរូសាឡឹម—>ដើមល្វា—>ទីក្រុងយេរូសាឡឹម
ម៉ាកុស៖ ដើមល្វា—>ទីក្រុងយេរូសាឡឹម—>ដើមល្វា
លើកលែងត្រង់ថា គ្មានផលផ្លែសោះ។ ជាថ្មីម្ដងទៀត ដើមល្វាបានបរាជ័យ។ ការប្រារព្ធអបអរសាទរពិធីបុណ្យរំលង ភាពកកកុញ មនុស្សម្នា ការច្រៀង គឺគ្រាន់តែជាការបង្ហាញពីភាពខាងក្រៅប៉ុណ្ណោះ។ ព្រះយេស៊ូវបានយាងចូលព្រះដំណាក់នៃការអធិស្ឋានរបស់ព្រះជាម្ចាស់ ហើយឃើញថា «ជារោងចោរ» (ម៉ាកុស ១១:១៧)។ មានសកម្មភាពជាច្រើន មានភាពមមាញឹកយ៉ាងខ្លាំង ប៉ុន្តែគ្មានសេចក្ដីសុចរិតសោះ។ មានតែស្លឹក ប៉ុន្តែគ្មានផលផ្លែសោះ។
ដូច្នេះ បន្ទាប់ពីពិនិត្យមើលដើមដែលគ្មានផលផ្លែ ព្រះយេស៊ូវក៏បានចាក់សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដោយមានទង្វើនៃចំណុចសម្គាល់ពីរយ៉ាង៖ ទង្វើនៃការចង្អុលបង្ហាញនូវអនាគតនៃការដាក់បណ្ដាសាលើព្រះវិហារ និងការអនុម័តច្បាប់នៃការប្រៀបប្រដូចនៃការដាក់បណ្ដាសាលើដើមឈើ។
២) ចូរគិតអំពីផ្លែល្វារបស់លោកអ្នកផ្ទាល់
ប៉ុន្តែ រាល់គ្រប់អ្វីៗមិនបានបាត់បង់ឡើយ។ ពេលដែលពួកសាវ័កសូមឲ្យព្រះយេស៊ូវជួយពន្យល់អំពីព្រឹត្តិការណ៍ដែលទើបតែបានកើតឡើង ព្រះអង្គបានបង្វែរ ហើយមានព្រះបន្ទូលទាក់ទងនឹងការអធិស្ឋាន។ ហេតុអ្វី? ទោះបើកាលនោះពួកគាត់មិនទាន់យល់ទាំងស្រុងនៅឡើយ ក៏ពួកគាត់នឹងក្លាយទៅជាអ្នកថែទាំរាស្ត្ររបស់ព្រះជាម្ចាស់ (ម៉ាថាយ ២១:៣៣-៤៥)។ ពួកគេនឹងក្លាយទៅជាឧបករណ៍ដែលនាំឲ្យសាសន៍អ៊ីស្រាអែលមានការផ្លាស់ប្រែ—នៅពេលដែលសាសន៍យូដាក្លាយទៅជាចំណុចផ្ដើមនៃអ្នកដើរតាមព្រះគ្រីស្ទនោះបានរាលដាលក្លាយទៅជាមែកធាងលើពិភពលោក ហើយនាំឲ្យរាល់ទាំងជាតិសាសន៍មានផលផ្លែ (ចាប់ផ្ដើមក្នុងកណ្ឌគម្ពីរកិច្ចការ)។ ហើយដូចដែលព្រះយេស៊ូវកំពុងតែបង្រៀននៅត្រង់នេះ ពួកគេនឹងធ្វើការនោះតាមរយៈអំណាចព្រះចេស្ដានៃការអធិស្ឋានដ៏ស្មោះត្រង់។
សរុបសេចក្ដីទៅ ការដាក់បណ្ដាសាលើដើមល្វាគឺមិនគ្រាន់តែអំពីប្រវត្តិសាស្ត្រនៃសាសន៍អ៊ីស្រាអែលទេ។ វាក៏អំពីយើងដែរ។ វាគឺអំពីរាល់ជាតិសាសន៍របស់ព្រះជាម្ចាស់ក្នុងគ្រប់ពេលវេលា។
សេចក្ដីរំពឹងក្នុងព្រះគម្ពីរសញ្ញាចាស់ដែលថា រាស្ត្រនៃការតាំងសេចក្ដីសន្យារបស់ព្រះជាម្ចាស់នឹងបង្កើតផលផ្លែមិនបានក្រៀមស្វិតនៅរវាងចន្លោះផ្លូវភូមិបេតថានី និងទីក្រុងយេរូសាឡឹមនៅពេលដែលដើមល្វាដ៏គួរឲ្យអាណិតមួយនោះប្រឈមមុខនឹងវាសនាដ៏មានប្រសិទ្ធភាពរបស់វា។ តាមពិតទៅ បញ្ញត្តិដែលថា រាស្ត្ររបស់ព្រះជាម្ចាស់ត្រូវតែបង្កើតផលផ្លែខាងឯព្រលឹងវិញ្ញាណគឺត្រូវបានធ្វើឲ្យកាន់តែខ្លាំងជាងមុនក្នុងសម័យកាលថ្មីនេះ មិនមែនតិចជាងមុនឡើយ (យ៉ូហាន ៤:៣៦; ១៥:២-១៦; រ៉ូម ១:១៣; ៦:២១; កាឡាទី ៥:២២; ភីលីព ១:១១; ហេព្រើរ ១២:១១; យ៉ាកុប ៣:១៧)។ ការនេះគឺមិនមែនជាការទិញការយកចិត្តទុកដាក់ពីព្រះជាម្ចាស់ទាក់ទងនឹងការថែសួនច្បារទេ—ប៉ុន្តែ ជាការបង្កើតនូវអ្វីដែលទ្រង់បានបង្កើតយើងឲ្យធ្វើវា។
ជាការប្រុងប្រយ័ត្នមួយដែលបទគម្ពីរមួយនេះមិនមែនគ្រាន់តែជាការរម្លឹកយើងថា តាមអត្ថន័យ គ្រីស្ទបរិស័ទដាច់ខាតត្រូវតែបង្កើតផលផ្លែខាងឯវិញ្ញាណ (ទោះបើជាផ្លែល្វាមុនរដូវដ៏តិចតួចក៏ដោយ)។ វាក៏ជាការព្រមានទាក់ទងនឹងសេចក្ដីល្បួងទៅកាន់ការធ្វើពុតដ៏ខុសឆ្គងនៃការមានផលផ្លែ។
ដើមល្វា (ដូចទីលាននៃព្រះវិហារដ៏រវល់កាលបុណ្យរំលង) បានធ្វើការបង្ហាញយ៉ាងល្អ។ ហើយការនោះបានធ្វើឲ្យវាកាន់តែអាក្រក់លើសដើម។ វាជារឿងម្យ៉ាងទេបើគ្មានផលផ្លែក្នុងពេលខុសរដូវ។ ប៉ុន្តែ វាជារឿងផ្សេងម្យ៉ាងទៀតក្នុងការមិនមានផលផ្លែ ខណៈពេលដែលលោកអ្នកធ្វើពុតហាក់បីដូចជាមាន។
ដូច្នេះ ចូរយើងយកចិត្តទុកដាក់នឹងការព្រមាននេះ។
ជីវិតផ្ទាល់ខ្លួនរបស់យើងមើលទៅហាក់បីដូចជា «មានសុទ្ធតែស្លឹក»។ ស្លឹករបស់យើងទំនងជាមានរូបភាពដូចជាអ្នកម្ដាយដ៏ល្អអស្ចារ្យ អ្នកជោគជ័យ គ្រួសារដ៏ល្អឥតខ្ចោះ គ្រីស្ទបរិស័ទក្រុមលេខ ១ ដែលមានកាលវិភាគនៃសកម្មភាពនៃព័ន្ធកិច្ចយ៉ាងមមាញឹក។ ប៉ុន្តែ ឫសទំនងជាស្វិតបាត់ទៅហើយ។ ទំនងជាគ្មានផលផ្លែនៃភាពបរិសុទ្ធ និងភាពស្និទ្ធស្នាលជាមួយនឹងព្រះជាម្ចាស់ថែមទៀតផង។ ហើយចំណុចដ៏អាក្រក់ជាងនោះគឺថា ស្លឹករបស់យើងក៏ទំនងជាបន្លំយើងដែរ។
ហើយក្រុមជំនុំយើងក៏អាចជាបែបនោះផងដែរ។ ស្លឹកនៃក្រុមជំនុំទំនងជាមើលទៅគួរឲ្យចាប់អារម្មណ៍ណាស់៖ មានអ្នកចូលរួមយ៉ាងគគ្រឹកគគ្រេង យុទ្ធនាការមូលធន គ្រូគង្វាលឆ្លាតវៃ ការប្រគំតន្ត្រីដ៏គួរឲ្យរន្ធត់ចិត្ត។ ប៉ុន្តែ តើព្រះអម្ចាស់នឹងរកឃើញអ្វីនៅពេលដែលទ្រង់ត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់? តើទ្រង់នឹងរកឃើញតែស្លឹកមែនឬ? ឬក៏ថា ទ្រង់នឹងរកឃើញផ្លែល្វាដែរ?
មតិយោបល់
Loading…