in ,

តើ​ព្រះ​គម្ពីរ​បង្រៀន​ថា ខ្ញុំ​ពិសេស​ដែរ​ឬ​ទេ?

https://youtu.be/InV-BR75TYc?si=ogJCjQog4O7QiX6S
មាន ស្ទីកឃ័រ (sticker) មួយ​បិទ​នៅ​ក្រោយ​ឡាន​ថា «អ្នក​ពិសេស»។ ហើយ​នៅ​ក្រោម ស្ទីកឃ័រ នោះ​មាន​ការ​សរសេរ ដោយ​អក្សរ​តូចៗ​ថា «ដូច​គ្រប់​គ្នា​ដែរ»។ ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន ប៉ុន្តែ​ក៏​នៅ​មាន​សំណួរ​ដ៏​សំខាន់​មួយ​ដែល​យើង​ត្រូវ​សួរ​ដែរ ទាក់ទង​ទៅ​នឹង​ចំណុច​ពិសេស​របស់​មនុស្ស​ជាតិ។ យោង​តាម​ព្រះ​គម្ពីរ តើ​ព្រះ​អង្គ​បាន​បង្កើត​យើង​ក្នុង​របៀប​ដ៏​ពិសេស​ដែរ​ឬ​ទេ?
«ជម្រាប​សួរ​លោក​គ្រូ! ខ្ញុំ​មាន​សំណួរ​មួយ៖ តើ​ព្រះ​បាន​បង្កើត​ខ្ញុំ​ក្នុង​របៀប​ដ៏​ពិសេស​ដែរ​ឬ​ទេ? ខ្ញុំ​ត្រូវ​តែ​សន្មត​ថា មាន​មនុស្ស​ជា​ច្រើន​ដែល​ស្រដៀង​ខ្ញុំ​ពាស​ពេញ​ផែនដី​នេះ ហើយ​ថា​ខ្ញុំ​មិន​សូវ​ពិសេស​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ​ជាម្ចាស់​ទេ។ ខ្ញុំ​បាន​ឃើញ​ខ​គម្ពីរ​ជា​ច្រើន​បាន​លើក​ឡើង​ថា ព្រះ​ជាម្ចាស់​បាន​បង្កើត​យើង​ក្នុង​គោលបំណង​ជាក់​លាក់ ដែល​ត្រូវ​បាន​គ្រោង​ទុក។ ហើយ​ក៏​មាន​ខ​គម្ពីរ​ដែល​រៀបរាប់​អំពី​ភាព​ស្និទ្ធ​ស្នាល​របស់​ព្រះ​ជាម្ចាស់​ដែរ។ ព្រះអង្គ​ជ្រាប​ចំនួន​សក់​នៅ​លើ​ក្បាល​របស់​យើង និង​គ្រប់​ដំណក់​ទឹក​ភ្នែក​ដែល​យើង​ស្រក់​ដែរ។ ប៉ុន្តែ តើ​ព្រះ​គម្ពីរ​បង្រៀន​ថា ខ្ញុំ​ពិសេស​ដែរ​ឬ​ទេ បើ​ប្រៀបធៀប​ជា​មួយ​នឹង​អ្នក​ដទៃ? ខ្ញុំ​មិន​អាច​រក​ឃើញ​ខ​គម្ពីរ​ជាក់​លាក់​ណា​មួយ​ដែល​គាំទ្រ​ចំណុច​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ឮ​គ្រូ​អធិប្បាយ​ជា​ច្រើន ដែល​ខ្ញុំ​ទុក​ចិត្ត​លើ គាំទ្រ​ចំណុច​នេះ។ ប៉ុន្តែ តើ​ចំណុច​នេះ​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ដែរ​ឬ​ទេ?  តាម​រយៈ​ព្រះ​គម្ពីរ តើ​យើង​អាច​គាំទ្រ​ចំណុច​ពិសេស​នេះ​បាន​ដែរ​ឬ​ទេ?»
ខ្ញុំ​គិត​ថា តាម​រយៈ​ព្រះ​គម្ពីរ​បាន យើង​អាច​គាំទ្រ​ចំណុច​ពិសេស​នៃ​បុគ្គល​នីមួយៗ ប៉ុន្តែ​មិន​អាច​គាំទ្រ​ដោយ​ត្រង់ៗ​បាន​នោះ​ទេ—ដែល​នេះ​មាន​ន័យ​ថា យើង​មិន​អាច​គាំទ្រ​បាន​តាម​រយៈ​សម្រង់​សម្ដី​ផ្ទាល់​យ៉ាង​ចំៗ​ទេ ប៉ុន្តែ​គាំទ្រ​បាន​តែ​តាម​រយៈ​ចំណុច​បញ្ឆិតបញ្ឆៀង​ប៉ុណ្ណោះ។ បើ​និយាយ​ម្យ៉ាង​ទៀត ខ្ញុំ​មិន​ស្គាល់​ខ​គម្ពីរ​ណា​ផ្ទាល់​ដែល​គាំទ្រ​ចំណុច​ថា ក្នុង​របៀប​ណា​មួយ​មនុស្ស​ម្នាក់ៗ​មាន​ចំណុច​ខុសៗ​គ្នា​ពី​មនុស្ស​ផ្សេង​ទៀត​នោះ​ទេ។ ទំនង​ជា​មាន ប៉ុន្តែ​ខ្ញុំ​មិន​ស្គាល់​ទេ។ (ប្រសិន​បើ​លោក​អ្នក​ស្គាល់ សូម​ជួយ​ប្រាប់​យើង​ផង។) ទី១ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ពន្យល់​អំពី​អ្វី​ដែល​ខ្ញុំ​មាន​ន័យ​ថា ព្រះ​គម្ពីរ​បាន​ចង្អុល​បង្ហាញ ឬ​ក៏​តាម​រយៈ​ការ​បង្រៀន​បញ្ឆិត​បញ្ឆៀង​ថា មនុស្ស​យើង​ពិសេស ហើយ​មូល​ហេតុ​ដែល​ការ​នោះ​សំខាន់។ ហើយ​​ខ្ញុំ​នឹង​បញ្ចប់​អត្ថបទ​នេះ​ដោយ​លើក​ឡើង​នូវ​អ្វី​ដែល​ខ្ញុំ​គិត​ថា សំខាន់​ជាង​នោះ​ទៅ​ទៀត។
ចំណុច​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ​គឺ​បញ្ជាក់​សេចក្ដី​ពិត​លើ​មូលដ្ឋាន​ពីរ​យ៉ាង​សិន ទាក់ទង​នឹង​របៀប​ដែល​ព្រះ​ជាម្ចាស់​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​មនុស្ស​ម្នាក់ៗ។
១. ព្រះ​អង្គ «ផ្សំ​គ្រឿង» សម្រាប់​បុគ្គល​នីមួយៗ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។
២. តាម​រយៈ​អធិបតេយ្យ​ភាព​របស់​ព្រះ​អង្គ ទ្រង់​គ្រប់​គ្រង​លើ​រាល់​ការ​ជះឥទ្ធិពល​រាប់​លាន ដែល​រចនា​យើង​ទៅ​ជា​បុគ្គល​ដែល​ថា យើង​ជា​យើង​នៅ​សព្វ​ថ្ងៃ​នេះ—ចាប់​តាំងពី​ពេល​ដែល​យើង​កើត​រហូត​ដល់​ពេល​គេ​កប់​យើង​វិញ។
បាន​ផ្សំ​គ្រឿង​ជា​មួយ​គ្នា
ជា​ដំបូង ព្រះ​អង្គ​បាន​បង្កើត​មនុស្ស​គ្រប់ៗ​រូប។ ព្រះ​អង្គ​បាន​បង្កើត​ពួក​គាត់​នៅ​ក្នុង​របៀប​ដ៏​ស្មុគ​ស្មាញ ដោយ​ទ្រង់​បាន​ផ្ដោត​ចំណាប់​អារម្មណ៍​លើ​គ្រប់​ចំណុច​អំពី​ពួក​គាត់​ទាក់ទង​ទៅ​នឹង​ហ្សែន (និង​ចំណុច​ផ្សេងៗ​ទៀត) ក្នុង​ផ្ទៃ​ម្ដាយ​របស់​ពួក​គាត់។
ដ្បិត​គឺ​ទ្រង់​ដែល​បាន​បង្កើត​ចិត្ត​ថ្លើម​នៃ​ទូល​បង្គំ
ហើយ​បាន​ផ្សំ​គ្រឿង​នៃ​ទូល​បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ (ទំនុកតម្កើង ១៣៩:១៣)។
ចំណុច​គឺ​ថា៖ រូប​ភាព​នេះ​គឺ​មិន​មែន​អំពី​ការ​ដែល​ព្រះ​អង្គ​បង្កើត​យើង​ក្នុង​លក្ខណ​ដូចៗ​គ្នា​ទាំង​ស្រុង​នោះ​ទេ។ រូប​ភាព​គឺ​អំពី​ការ​ដែល​ព្រះ​ជាម្ចាស់​ផ្សំ​គ្រឿង​ដោយ​ត្បាញ​យើង​នៅ​ក្នុង​ព្រះ​ហស្ត​របស់​ទ្រង់ ដូច​ជា​ការ​បង្កើត​ជា​សម្លៀកបំពាក់​ពី​ការ​ដេរ​មួយ​ម្ជុល​ទៅ​មួយ​ម្ជុល​ទៀត។ ព្រះ​ជាម្ចាស់​បាន​បង្កើត​លោក​អ្នក តាម​រយៈ​ព្រះ​ប្រាជ្ញា​របស់​ទ្រង់​ដែល​គ្មាន​ព្រំដែន ដែល​មាន​រួម​ទាំង​អ្វីៗ​ដែល​លោក​អ្នក​ចូល​ចិត្ត​អំពី​ខ្លួន​ឯង និង​អ្វីៗ​ដែល​លោក​អ្នក​មិន​ចូល​ចិត្ត​អំពី​ខ្លួន​ឯង មាន​រួម​ទាំង​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​ទាំង​អស់ រាល់​សមត្ថភាព​ទាំង​អស់ និង​ពិការ​ភាព​ទាំង​អស់—ព្រះ​អង្គ​បាន​ផ្សំ​គ្រឿង​ទាំង​នោះ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​របស់​លោក​អ្នក។ នៅ​ពេល​ដែល​លោក ម៉ូសេ បាន​ត្អូញត្អែរ​ទៅ​កាន់​ព្រះ​ជាម្ចាស់​ថា​គាត់​មិន​ចេះ​និយាយ ហើយ​ថា​ព្រះ​ជាម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​ទៅ​ជា​មួយ​គាត់ កាល​នោះ​មិន​សូវ​ជា​កម្សាន្ត​ចិត្ត​គាត់​ប៉ុន្មាន​ទេ។ ដូច្នេះ ព្រះ​ជាម្ចាស់​បាន​ស្ដី​បន្ទោស​មន្ទិល​សង្ស័យ​របស់​គាត់ ដោយ​ប្រើ​ប្រាស់​ព្រះ​បន្ទូល​ដ៏​អស្ចារ្យ​នេះ៖
តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស តើ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​គ ឬ​ឲ្យ​ថ្លង់ ឲ្យ​ភ្លឺ ឬ​ឲ្យ​ខ្វាក់​នោះ បើ​មិន​មែន​អញ​ជា​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ ដូច្នេះ ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្ដី​ដែល​ឯង​ត្រូវ​និយាយ​ផង (និក្ខមនំ ៤:១១-១២)។
ដូច្នេះ នេះ​គឺ​ជា​សម្មតិកម្ម​ដំបូង​របស់​ព្រះ​គម្ពីរ៖ ព្រះ​ជាម្ចាស់​បាន​បង្កើត​មនុស្ស​គ្រប់ៗ​រូប ដោយ​ត្បាញ​ភ្ជាប់​យើង​ក្នុង​របៀប​ដ៏​ស្មុគ​ស្មាញ និង​រៀងៗ​ខ្លួន​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​យើង ក្នុង​លក្ខណៈ​ដែល​យើង​មាន​ឥឡូវ​នេះ។
ក្រោម​អធិបតេយ្យ​ភាព​របស់​ទ្រង់
ទី២ ព្រះ​ជាម្ចាស់​មាន​ការ​គ្រប់​គ្រង​លើ​គ្រប់​ចំណុច និង​គ្រប់​កិច្ចការ​នៃ​រាល់​បទ​ពិសោធន៍​របស់​យើង។ គ្មាន​អ្វី​កំពុង​កើត​ឡើង​ចំពោះ​លោក​អ្នក ឬ​ក៏​ដែល​ធ្លាប់​បាន​កើត​ឡើង​ចំពោះ​លោក​អ្នក ឬ​ក៏​នឹង​កើត​ឡើង​ចំពោះ​លោក​អ្នក ដោយ​បាន​កើត​ឡើង​ក្រៅ​ពី​ក្រោម​ផែន​ការ​របស់​ព្រះ​ជាម្ចាស់​ឡើយ។ ព្រះ​យេស៊ូវ​បាន​បើក​បង្ហាញ​ចំណុច​នេះ ដោយ​ប្រើ​ប្រាស់​ព្រឹត្តិការណ៍​ដ៏​ចៃដន្យ​មួយ​នៅ​លើ​លោក​នេះ ហើយ​បាន​បង្រៀន​ថា​មាន​តែ​ព្រះ​ជាម្ចាស់​ទេ​ដែល​អាច​ធ្វើ​ការ​នោះ​បាន។
តើ​គេ​មិន​លក់​ចាប២ថ្លៃ១លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ (ម៉ាថាយ ១០:២៩)។
សត្វ​ចាប​មិន​សូវ​សំខាន់​ទេ! សត្វ​ចាប​រាប់​លាន​ក្បាល​នៅ​លើ​ផែនដី​នេះ​កំពុង​តែ​ងាប់​ជា​ប្រចាំ​ថ្ងៃ ហើយ​មិន​សំខាន់ ហើយ​មនុស្ស​យើង​ក៏​មិន​ដឹង​ទៀត​ផង ប៉ុន្តែ​មិន​មាន​សត្វ​ចាប​មួយ​ក្បាល​ណា​ដែល​បាន​ធ្លាក់​ងាប់​ពី​ដើម​ឈើ ក្រៅ​ពី​ការ​គ្រោង​ទុក​របស់​ព្រះ​ជាម្ចាស់​ឡើយ។ ឬ​ក៏​ដូច​កណ្ឌ​គម្ពីរ សុភាសិត ១៦:៣៣ បាន​លើក​ឡើង​អំពី​ព្រឹត្តិការណ៍​ចៃដន្យ​មួយ​ទៀត ដូច​ជា​ការ​ក្រឡុក​គ្រាប់​ឡុកឡាក់ ដែល​យើង​អាច​និយាយ​សម្រាយ​ថា៖ «ការ​ក្រឡុក​គ្រាប់​ឡុកឡាក់​នៅ​ផ្នត់​សំពត់ និង​រាល់​ការ​សម្រេច​ទាំង​អស់​មិន​កើត​ឡើង​ក្រៅ​ពី​ការ​គ្រោង​ទុក​របស់​ព្រះ​ជាម្ចាស់ នៅ​ឯ​កន្លែង​លេង​ល្បែង​ទេ»។ ដូច្នេះ ចំណុច​គឺ​ថា មិន​មាន​អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​លោក​អ្នក ឬ​ក៏​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោក​អ្នក ឬ​ក៏​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​លោក​អ្នក បាន​កើត​ឡើង​ក្រៅ​ពី​ការ​រចនា​ទុក​របស់​ព្រះ​ជាម្ចាស់​ឡើយ។
ព្រីស [prism] នៃ​សិរី​ល្អ
ប្រសិន​បើ​យើង​អាច​ឈរ​លើ​សម្មតិ​កម្ម​ទាំង​ពីរ​នោះ​បាន—(១) ត្រង់​ថា​ព្រះ​ជាម្ចាស់​បាន​បង្កើត​លោក​អ្នក រហូត​ដល់​គ្រាប់​អាតូម និង​ម៉ូលេគុល​នៃ​ឌីអិនអេ​របស់​លោក​អ្នក និង (២) ព្រះជាម្ចាស់​បាន​មាន​ផែនការ​សម្រាប់​រាល់​គ្រប់​បទ​ពិសោធន៍​របស់​លោក​អ្នក រហូត​ដល់​កម្រិត​នៃ​ការ​ដែល​ខ្យល់​បក់​ប៉ះ​សរសៃ​សក់​របស់​លោក​អ្នក—នោះ​មាន​ន័យ​ថា រាល់​គ្រប់​ចំណុច​ខាង​ឯ​សាច់​ឈាម ផ្លូវ​ចិត្ត ទំនាក់​ទំនង និង​លក្ខណៈ​ខុសៗ​គ្នា​ខាង​ឯ​វិញ្ញាណ​របស់​លោក​អ្នក ទាំង​អស់​នោះ​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ​ជាម្ចាស់។ ទាំង​អស់​គឺ​ជា​របស់​ព្រះ​ជាម្ចាស់។
អ្វី​ដែល​យើង​ធ្វើ​បន្ទាប់​គឺ យក​សេចក្ដី​ពិត​ទាំង​ពីរ​នោះ ហើយ​គិត​អំពី​ចំណុច​អនុវត្ត ឬ​ក៏​បញ្ឆិត​បញ្ឆៀង។ នេះ​ហើយ​គឺ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​បាន​លើក​ឡើង​ថា ចំណុច​នេះ​មិន​មែន​ជា​សេចក្ដី​បង្រៀន​ចំៗ ប៉ុន្តែ​ជា​សេចក្ដី​បង្រៀន​បញ្ឆិត​បញ្ឆៀង​វិញ។ ព្រះ​គម្ពីរ​បង្រៀន​ឲ្យ​យើង​ធ្វើ​បែប​នេះ៖ «ចូរ​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​ទាំង​នេះ​ចុះ ដ្បិត​ព្រះ​អម្ចាស់​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​យោបល់ ក្នុង​គ្រប់​ការ​ទាំង​អស់» (២ធីម៉ូថេ ២:៧)។
ហើយ​នៅ​ពេល​ដែល​លោក​អ្នក​គិត​អំពី​ចំណុច​ពិត​ទាំង​ពីរ​នោះ នោះ​លោក​អ្នក​នឹង​យល់​ឃើញ​ថា៖ គ្មាន​អ្នក​ណា គឺ​គ្មាន​អ្នក​ណា​ទាល់​តែ​សោះ ដែល​មាន​បទ​ពិសោធន៍​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​បទ​ពិសោធន៍​ដែល​លោក​អ្នក​មាន​ទេ។ ពួក​គាត់​អាច​មាន​បទ​ពិសោធន៍​ស្រដៀងៗ​គ្នា​បាន ប៉ុន្តែ​មិន​អាច​មាន​បទ​ពិសោធន៍​ដូច​លោក​អ្នក​ទាំង​ស្រុង​បាន​ឡើយ។ លោក​អ្នក​មាន​បទ​ពិសោធន៍​រាប់​លាន ទាំង​តូច និង​ធំ បទ​ពិសោធន៍​ដែល​អាច​មាន​នៅ​ក្នុង​មួយ​វិនាទី ឬ​ក៏​មួយ​ឆ្នាំ ទាំង​បទ​ពិសោធន៍​ដែល​មាន​នៅ​ក្នុង​សតិសម្បជញ្ញៈ និង​បទ​ពិសោធន៍​ដែល​មិន​មាន​នៅ​ក្នុង​សតិសម្បជញ្ញៈ—ហើយ​រាល់​គ្រប់​បទ​ពិសោធន៍​ទាំង​នោះ​បាន​រចនា​លោក​អ្នក​ឡើង។ ជា​រៀង​រាល់​ថ្ងៃ យើង​កំពុង​តែ​ទទួល​បាន​ការ​រចនា​ឡើង តាម​រយៈ​បទ​ពិសោធន៍​ដែល​យើង​មាន។ ផ្លូវ​នានា​នៅ​ក្នុង​ខួរ​ក្បាល​យើង​កំពុង​តែ​ទទួល​បាន​ការ​ចាក់​សាប។ ខួរ​ក្បាល​យើង​កំពុង​តែ​រក្សា​ទុក​ព័ត៌មាន។ ហើយ​គ្មាន​អ្នក​ណា—គឺ​គ្មាន​អ្នក​ណា​ទាល់​តែ​សោះ​នៅ​លើ​ផែនដី​នេះ—ដែល​មាន​ការ​ប្រមូល​ទុក​រាប់​លាន​បទ​ពិសោធន៍​ដូច​គ្នា​ទាំង​ស្រុង​ដែល​កំពុង​រចនា​លោក​អ្នក​ឡើង ដូច​ដែល​លោក​អ្នក​មាន​នោះ​ទេ។ ស្រដៀង​គ្នា? អាច​មាន​បាន។ ដូច​គ្នា​ទាំង​ស្រុង? មិន​អាច​មាន​បានទេ។
មាន​តែ​លោក​អ្នក​ទេ​ដែល​ជា​បុគ្គល​ដែល​អាច​មាន​បទ​ពិសោធន៍​ដែល​លោក​អ្នក​មាន​បាន។ ដូច្នេះ មាន​តែ​លោក​អ្នក​ទេ​ដែល​ជា​លោក​អ្នក​នៅ​លើ​ផែនដី​នេះ និង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ—គឺ​ក្នុង​គ្រប់​ចំណុច​ទាំង​អស់។ ហើយ​ដោយ​សារ​ព្រះ​ជាម្ចាស់​គឺ​ជា​ព្រះ​អាទិករ​នៃ​អង្គ​ដែល​បង្កើត​បទ​ពិសោធន៍​នោះ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ និង​ជា​អង្គ​ដែល​គ្រប់​គ្រង​លើ​បទ​ពិសោធន៍​នៅ​ក្នុង​ជីវិត ចំណុច​ពិសេស​របស់​លោក​អ្នក​គឺ​លោក​អ្នក​ផ្ទាល់ តាម​រយៈ​ការ​រចនា​របស់​ទ្រង់។ លោក​អ្នក​មិន​មែន​ជា​មនុស្ស​ដែល​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ។ ហើយ​លោក​អ្នក​ក៏​មិន​មែន​ជា​វត្ថុ​គំរូ​នៃ​មនុស្ស​ជាតិ​ដែរ។ លោក​អ្នក​គឺ​ជា​លោក​អ្នក​តាម​រយៈ​ការ​បង្កើត​របស់​ព្រះ​ជាម្ចាស់ និង​រចនា​ឡើង​ដោយ​មាន​ការ​គ្រប់​គ្រង​ពី​ទ្រង់។
ហើយ​មូល​ហេតុ​ដែល​ចំណុច​នេះ​សំខាន់​គឺ​ដោយ​សារ​ព្រះ​គម្ពីរ​បាន​បង្រៀន​ថា រាល់​គ្រប់​អ្វីៗ ដែល​មាន​រួម​ទាំង​រាល់​គ្រប់​បុគ្គល​នីមួយៗ គឺ​ព្រះ​អង្គ​បាន​បង្កើត​មក​សម្រាប់​សិរី​ល្អ​របស់​ព្រះ​គ្រីស្ទ និង​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់។ ដ្បិត​រាល់​គ្រប់​អ្វីៗ​គឺ​ទ្រង់​បាន​បង្កើត​មក​ដោយ​សារ​ព្រះ​គ្រីស្ទ ហើយ​សម្រាប់​ទ្រង់​ទាំង​អស់​ផង—សម្រាប់​ព្រះ​គ្រីស្ទ និង​សម្រាប់​សិរី​ល្អ​របស់​ទ្រង់ (កូឡូស ១:១៦)។ ទាំង​អស់​កើត​មក​ពី​ទ្រង់ ដោយ​សារ​ទ្រង់ ហើយ​សម្រាប់​ទ្រង់។ ទាំង​អស់​គឺ​សម្រាប់​ទ្រង់ សម្រាប់​សិរី​ល្អ​របស់​ទ្រង់—គឺ​ទាំង​អស់ (រ៉ូម ១១:៣៦)។ នេះ​មាន​ន័យ​ថា បុគ្គលិក​លក្ខណៈ​របស់​លោក​អ្នក​ផ្ទាល់ ដែល​មាន​រួម​ទាំង​ចំណុច​ពិសេស​នៃ​ហ្សែន ដែល​បាន​រចនា​លោក​អ្នក​ឡើង និង​រាល់​គ្រប់​បទ​ពិសោធន៍​របស់​លោក​អ្នក​ទាំង​អស់ គឺ​មាន​ដើម្បី​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​ព្រះ​គ្រីស្ទ និង​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់។
លោក​អ្នក​ប្រៀប​ដូច​ជា​ព្រីស​មួយ (prism) ដែល​មាន​រូបរាង​មិន​ដូច​ព្រីស​ណា​ផ្សេង​ទៀត​នៅ​លើ​ផែន​ដី​នេះ ដែល​ថា​នៅ​ពេល​ដែល​ពន្លឺ​របស់​ព្រះ​ជាម្ចាស់​ចែង​ចាំង​លើ​លោក​អ្នក នោះ​មាន​រងាក​នៃ​កាំ​រស្មី ការ​លាយ​ឡំ​ពណ៌ ដែល​យើង​អាច​និយាយ​បាន​ថា គឺ​មាន​តែ​លោក​អ្នក​តែ​មួយ​គត់​ប៉ុណ្ណោះ​ទេ ដែល​អាច​ធ្វើ​ឲ្យ​ពន្លឺ​កាំ​រស្មី​ព្រីស​នោះ​អាច​ព្រាក​ចេញ​បាន។ ហើយ​នេះ​ឯង​ជា​មូល​ហេតុ​ដែល​លោក​អ្នក​សំខាន់។ ជីវិត​របស់​លោក​អ្នក​ដែល​មាន​ភក្ដី​ភាព​ទៅ​កាន់​ព្រះ​ជាម្ចាស់​ឆ្លុះ​បញ្ចាំង​សិរី​ល្អ​របស់​ទ្រង់ ក្នុង​របៀប​ដែល​មិន​អាច​មាន​ជីវិត​របស់​អ្នក​ណា​ផ្សេង​ទៀត​អាច​ធ្វើ​បាន​ឡើយ។ ស្រដៀង​គ្នា? បាន។ ប៉ុន្តែ មិន​អាច​ដូច​គ្នា​ទាំង​ស្រុង​បាន​ឡើយ។ ភាព​ពិសេស​នៃ​ភក្ដី​ភាព​របស់​លោក​ទៅ​អ្នក​កាន់​ព្រះ​គ្រីស្ទ​គឺ​ជា​សិរីល្អ​មួយ​សំដៅ​ទៅ​កាន់​ព្រះ​គ្រីស្ទ ដែល​មិន​អាច​មាន​អ្នក​ផ្សេង​ទៀត​មាន​ដូច​លោក​អ្នក​ទាំង​ស្រុង​បាន​ទេ។
ការ​ផ្ដោត​ចំណាប់​អារម្មណ៍​ដ៏​ពិសេស​លើ​លោក​អ្នក
ខណៈ​ពេល​ដែល​ខ្ញុំ​បាន​ស្រាវជ្រាវ​បន្ថែម​ទៀត​ក្នុង​ព្រះ​បន្ទូល ដោយ​ព្យាយាម​ស្វែង​រក​ប្រយោគ​ចំៗ​អំពី​ចំណុច​ពិសេស​របស់​យើង​រៀងៗ​ខ្លួន ខ​គម្ពីរ​ដែល​ចំ​ជាង​គេ​ដែល​ខ្ញុំ​បាន​រក​ឃើញ​គឺ​កណ្ឌ​គម្ពីរ វិវរណៈ ២:១៧ ដែល​ព្រះ​យេស៊ូវ​បាន​លើក​ឡើង​ដូច​ត​ទៅ៖ «ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ…គ្រួស​ស១​ដល់​អ្នក​នោះ នៅ​គ្រួស​នោះ​មាន​ឆ្លាក់​ជា​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ ស្គាល់​បាន​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ»។
ខ្ញុំ​យល់​ថា ខ្ញុំ​មិន​អាច​បង្ហាញ​ភស្តុតាង​ថា ឈ្មោះ​របស់​លោក​អ្នក​នៅ​លើ​ថ្ម​នោះ​នឹង​មិន​ដូច​ឈ្មោះ​ដែល​ព្រះ​អង្គ​បាន​សរសេរ​នៅ​លើ​ថ្ម​របស់​អ្នក​ជឿ​ផ្សេងៗ​ទៀត​បាន​ទេ ព្រោះ​ខ​គម្ពីរ​មិន​បាន​បញ្ជាក់​អំពី​ចំណុច​នេះ​ឡើយ។ ប៉ុន្តែ នេះ​គឺ​ជា​អ្វី​ដែល​ខ​គម្ពីរ​បាន​លើក​ឡើង។ (ហើយ​នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​បាន​សំដៅ​លើ​ពី​ដើម នៅ​ពេល​ដែល​ខ្ញុំ​ថា យើង​នឹង​បញ្ចប់​ឯក​សារ​លើ​ចំណុច​ដែល​សំខាន់​ជាង​ភាព​ពិសេស​របស់​យើង។) កណ្ឌ​គម្ពីរ វិវរណៈ ២:១៧ បាន​បញ្ជាក់​ថា មាន​ការ​ផ្ដោត​ចំណាប់​អារម្មណ៍​លើ​ដ៏​ពិសេស​ដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ​លើ​រាល់​គ្រប់​រាស្ត្រ​របស់​ទ្រង់​ម្នាក់ៗ—ទំនាក់​ទំនង​ដ៏​ពិសេស​ផ្ទាល់—ពីព្រោះ​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា «គ្មាន​អ្នក​ណា​ស្គាល់​ឡើយ ស្គាល់​បាន​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ»។
បើ​និយាយ​ម្យ៉ាង​វិញ​ទៀត ព្រះ​អង្គ​បាន​បង្វែរ​ចំណាប់​អារម្មណ៍​របស់​យើង​ចេញ​ពី​ចំណុច​ពិសេស​នៃ​ឈ្មោះ​របស់​យើង ទៅ​កាន់​ចំណុច​ពិសេស​នៃ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ទ្រង់​វិញ។ មិន​ថា​លោក​អ្នក​មាន​ឈ្មោះ​អ្វី​ក៏​ដោយ (ហើយ​ខ្ញុំ​គិត​ថា ឈ្មោះ​របស់​លោក​អ្នក​ក៏​ពិសេស​ដែរ) ក៏​មាន​តែ​ព្រះ​គ្រីស្ទ​តែ​មួយ​អង្គ​គត់​ដែល​ស្គាល់​ឈ្មោះ​នោះ ហើយ​អាច​មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​នឹង​លោក​អ្នក ដោយ​ឈ្មោះ​នោះ​បាន។ សរុប​សេចក្ដី​ទៅ ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​បង​ប្អូន​ទាំង​អស់​គ្នា​ឲ្យ​ផ្ដោត​លើ​ចំណុច​ពិសេស​នៃ​ជីវិត​របស់​យើង​ជា​ការ​ថ្វាយ​សិរីល្អ​ទៅ​កាន់​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​តម្លៃ​លើ​ចំណុច​ពិសេស​នៃ​ចំណាប់​អារម្មណ៍​របស់​ព្រះ​គ្រីស្ទ​មក​លើ​យើង ខ្ពស់​ជាង​ចំណុច​ពិសេស​នៃ​ជីវិត​របស់​យើង​វិញ។
និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក សឹម រក្សា និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ជីវិត​ដែល​មាន​ការ​កំណត់​បរិមាណ និង​គ្រីស្ទ​បរិស័ទ​ដែល​បាន​ញែក​ជា​បរិសុទ្ធ

ហានិភ័យ​នៃ​ការ​បន្ថយ​ល្បឿន