តើព្រះយេស៊ូវបានផ្លាស់ប្ដូរទំនាក់ទំនងរបស់យើងជាមួយនឹងព្រះគម្ពីរសញ្ញាចាស់ដោយរបៀបណា? វាជាសំណួរមួយដែលគេតែងតែសួរយើងស្ទើរតែគ្រប់ពេលតែម្ដង។ នេះជាឧទាហរណ៍ថ្មីៗពីរ។
នេះជាសំណួររបស់ប្រិយមិត្តអ្នកស្ដាប់ម្នាក់ឈ្មោះ តុលា មកពីទីក្រុងភ្នំពេញ៖ «ជម្រាបសួរ លោកគ្រូ! តើក្រឹត្យវិន័យទាំងដប់ប្រការមានតួនាទីអ្វីខ្លះ នៅក្នុងជីវិត និងព័ន្ធកិច្ចរបស់ក្រុមជំនុំសញ្ញាថ្មី? ប្រសិនបើក្រឹត្យវិន័យទាំងនេះ ជាផ្នែកនៃការតាំងសញ្ញាតាមលក្ខខណ្ឌរបស់ព្រះជាម្ចាស់ជាមួយនឹងរាស្ត្រអ៊ីស្រាអែល ដែលបានបាក់បែកនោះ តើមានការកាន់ខ្ជាប់ណាមួយនៃប្រើប្រាស់សេចក្ដីបង្គាប់ទាំងនេះដែរឬទេ នៅក្នុងការផ្សាយដំណឹងល្អ ឬការណែនាំខាងឯសីលធម៌?
នេះជាសំណួរផ្សេងទៀតមកពីប្រិយមិត្តអ្នកស្ដាប់ម្នាក់ឈ្មោះ ផាត់៖ «ជម្រាបសួរ លោកគ្រូ! តើមានច្បាប់សំខាន់ៗណាខ្លះ ដែលមានប្រយោជន៍ក្នុងការបកស្រាយក្រឹត្យវិន័យជាក់លាក់ណាមួយរបស់ព្រះគម្ពីរសញ្ញាចាស់ ដែលមានឥទ្ធិពលចំពោះជីវិតរបស់គ្រីស្ទបរិស័ទសព្វថ្ងៃនេះដែរឬទេ ហើយតើហេតុអ្វី? ឧទាហរណ៍៖ កណ្ឌគម្ពីរលេវីវិន័យជំពូកទី ១៨-១៩ មានពេញទៅដោយក្រឹត្យវិន័យផ្សេងៗគ្នា ដែលទាស់ប្រឆាំងនឹងអំពើអសីលធម៌ផ្លូវភេទ និងការថ្វាយទារកជាយញ្ញបូជា។ ខ្ញុំគិតថា វាមានសុវត្ថិភាពក្នុងការនិយាយថា អ្នកស្ដាប់ភាគច្រើននៃការផ្សាយនឹងយល់ស្របតាមថា បទបញ្ញត្តិទាំងនេះមានឥទ្ធិពលទៅលើគ្រីស្ទបរិស័ទបច្ចុប្បន្ន។ ទោះជាយ៉ាងណា នៅជំពូកដដែលបានព្រមានទាស់នឹងការស្លៀកពាក់អ្វី ដែលលាយដោយអំបោះពីរយ៉ាង (លេវីវិន័យ ១៩:១៩) មិនត្រូវកោរសក់ក្រឡឹងជុំវិញក្បាល (លេវីវិន័យ ១៩:២៧) និងមិនត្រូវសាក់ខ្លួនផង (លេវីវិន័យ ១៩:២៨)។ តើមានវិធីដ៏មានប្រយោជន៍ណាមួយ ដើម្បីចូលទៅកាន់ព្រះគម្ពីរសញ្ញាចាស់ ដែលនឹងអាចជួយឲ្យបានយល់អំពីក្រឹត្យវិន័យផ្សេងៗទាំងនេះដែរឬទេ»។
លោកគ្រូ តើលោកគ្រូនឹងឆ្លើយដូចម្ដេច ចំពោះសំណួរទាំងនេះ ក៏ដូចជាសំណួររបស់ប្អូនប្រុស តុលា និងប្អូនប្រុស ផាត់ ដែរ?
ព្រះគ្រីស្ទបានយាងមក
សំណួរដែលខ្ញុំកំពុងតែព្យាយាមឆ្លើយ គឺសាមញ្ញទេ «តើគ្រីស្ទបរិស័ទសញ្ញាថ្មី ដែលជឿថាព្រះយេស៊ូវគ្រីស្ទជាព្រះមែស្ស៊ីនោះ គួរតែធ្វើយ៉ាងណា ដើម្បីឲ្យបានស្របទៅនឹងបទបញ្ញត្តិទាំងឡាយរបស់ព្រះគម្ពីរសញ្ញាចាស់នៅសម័យយើងនេះ»?
ខ្ញុំនឹងចាប់ផ្ដើម ដោយការនិយាយថា សូម្បីតែអ្នកនិពន្ធព្រះគម្ពីរសញ្ញាចាស់ក៏យល់ស្របដែរថា វានឹងមានភាពផ្ទុយគ្នាទៅនឹងព្រះគម្ពីរសញ្ញាចាស់ ក្នុងការធ្វើឲ្យស្របទៅតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះគម្ពីរសញ្ញាចាស់ ក្រោយពីព្រះមែស្ស៊ីបានយាងមកហើយ តែធ្វើដូចកាលទ្រង់មិនទាន់បានយាងមកទៅវិញ។ សូម្បីតែអ្នកនិពន្ធព្រះគម្ពីរសញ្ញាចាស់ក៏និយាយបែបនេះដែរ។
ព្រះមែស្ស៊ីបានយាងមកហើយ។ ព្រះយេស៊ូវគ្រីស្ទ ជាព្រះមែស្ស៊ី ហេតុដូច្នេះហើយ បានជាយើងមិនគ្រាន់តែធ្វើឲ្យតែស្របតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះគម្ពីរសញ្ញាចាស់សម្រាប់ជីវិតរបស់យើងរាល់គ្នា ដូចកាលទ្រង់មិនទាន់បានយាងមកនោះដែរ។
ដូច្នេះ សូមឲ្យខ្ញុំចង្អុលបង្ហាញនូវវិធីប្រាំយ៉ាង ដែលព្រះគម្ពីរសញ្ញាថ្មីនិយាយអំពីការផ្លាស់ប្ដូរក្នុងការដែលយើងរាល់គ្នាប្រើប្រាស់បទបញ្ញត្តិទាំងឡាយរបស់ព្រះគម្ពីរសញ្ញាចាស់ ចាប់តាំងពីព្រះយេស៊ូវបានយាងមក។
ការសុគតនៃយញ្ញបូជា
នេះជាចំណុចទីមួយ។ វិធីដ៏សាមញ្ញបំផុតក្នុងការរកឃើញពីការជាប់ពាក់ព័ន្ធដ៏មហិមានៃការយាងមកវិញរបស់ទ្រង់ គឺដើម្បីដឹងថា នៅពេលទ្រង់សុគត នៅពេលព្រះគ្រីស្ទបានសុគតជំនួសអំពើបាបរបស់ផងយើងរាល់គ្នា ទ្រង់បានបញ្ចប់រាល់ប្រព័ន្ធនៃការថ្វាយយញ្ញបូជាទាំងអស់នៅព្រះគម្ពីរសញ្ញាចាស់—ដោយសារការថ្វាយសត្វទាំងនោះជាយញ្ញបូជា និងការប្រតិបត្តិពិធីសាសនាទាំងនេះ នៅក្នុងព្រះវិហារ ឬរោងឧបោសថបានចង្អុលឆ្ពោះទៅកាន់យញ្ញបូជាដ៏ប្រសើរ ចុងក្រោយបង្អស់ ដែលបានពិពណ៌នានៅក្នុងកណ្ឌគម្ពីរអេសាយជំពូក៥៣ នៅពេលព្រះមែស្ស៊ីយាងមក។
ដូច្នេះ បទបញ្ញត្តិ និងច្បាប់រាប់រយទាក់ទងទៅនឹងការថ្វាយសត្វជាយញ្ញបូជា និងភាពជាសម្ដេចសង្ឃដ៏សកម្ម បានទិញលោះ ដើម្បីបញ្ចប់នូវរាល់ការថ្វាយយញ្ញបូជាទាំងអស់—«ធ្វើឲ្យសម្រេចវិញ» ដូចព្រះយេស៊ូវមានព្រះបន្ទូល នៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៥:១៧។ ដោយសារព្រះជន្ម និងការសុគតរបស់ផងព្រះយេស៊ូវ—ជាយញ្ញបូជាចុងក្រោយបង្អស់របស់ផងយើង និងជាសម្ដេចសង្ឃដ៏ខ្ពស់ចុងក្រោយបង្អស់របស់ផងយើង—គ្រប់ទាំងការថ្វាយយញ្ញបូជានឹងត្រូវផុតរលត់ទៅ។ នេះជាអ្វីដែលកណ្ឌគម្ពីរហេព្រើរចែងមកដើម្បីប្រាប់យើង។
ឧទាហរណ៍៖ នៅក្នុងកណ្ឌគម្ពីរ ហេព្រើរ ៧:២៧៖ «ទ្រង់មិនចាំបាច់នឹងថ្វាយយញ្ញបូជាជារាល់ថ្ងៃ ដូចជាសម្ដេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនជាមុនដំបូង រួចមកដោយព្រោះបាបរបស់ជនទាំងឡាយនោះទេ ដ្បិតទ្រង់បានថ្វាយយញ្ញបូជានោះ១ដងជាសម្រេច គឺក្នុងកាលដែលទ្រង់ថ្វាយព្រះអង្គទ្រង់នោះឯង»។ នោះគឺជាឃ្លាមួយក្នុងចំណោមឃ្លាសំខាន់បំផុតនានា នៅក្នុងកណ្ឌគម្ពីរ ហេព្រើរ៖ «១ដងជាសម្រេច គឺក្នុងកាលដែលទ្រង់ថ្វាយព្រះអង្គទ្រង់នោះឯង»។ ឃ្លានោះ «១ដងជាសម្រេច» គឺសំខាន់ណាស់។ សូមកត់ទុកនូវការប្រើប្រាស់ទាំងអស់របស់វានៅក្នុងកណ្ឌគម្ពីរហេព្រើរ។
ពួករាស្ដ្រថ្មីរបស់ព្រះជាម្ចាស់
ហេតុនេះ វាគឺជាការផ្លាស់ប្តូរដ៏ធំទីពីរ ដែលបានកើតឡើងជាមួយនឹងការត្រឡប់មកវិញរបស់ផងព្រះយេស៊ូវ។ វាចង្អុលទៅកាន់ការផ្លាស់ប្ដូរមួយអំពីរបៀបនៃការប្រើប្រាស់ក្រឹត្យវិន័យ។ ព្រះយេស៊ូវកំពុងតែបង្កើតពួករាស្ដ្រថ្មីរបស់ព្រះជាម្ចាស់ឡើង។ ក្រុមនេះត្រូវបានបង្កើតឡើងមិនមែនតែពីសាសន៍យូដានោះទេ ប៉ុន្តែពីមនុស្សទាំងអស់នៅលើពិភពលោកដែលបានជឿដល់ទ្រង់។
ដូច្នេះ នៅចុងកណ្ឌគម្ពីរម៉ាថាយមានចែងថា៖ «ដូច្នេះ ចូរទៅបង្កើតឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើពិធីជ្រមុជទឹកឲ្យគេ» (ម៉ាថាយ ២៨:១៩ គកស)។ សាសន៍យូដា និងមនុស្សដទៃរាប់ពាន់នាក់ផ្សេងទៀតនៃក្រុមមនុស្សផ្សេងៗនៅលើភពផែនដីយើងនេះគួរតែធ្វើជាពួកសាវ័ក។ ដ្បិត ពេលវេលាបានកន្លងហួសទៅហើយ សម្រាប់ការផ្ដោតសំខាន់ជាចម្បងរបស់ព្រះជាម្ចាស់ទៅលើសាសន៍អ៊ីស្រាអែល ថាគេជារាស្ដ្រនៃសេចក្ដីតាំងសញ្ញាដែលទ្រង់បានប្រោះលោះ ដែលទ្រង់បានធ្វើអស់ជាងពីរពាន់ឆ្នាំមកហើយ។ នៅក្នុងកណ្ឌគម្ពីរលូកាបានចែងបែបដូច្នេះថា៖ «ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយនូវឈាមខ្ញុំ គឺជាឈាម ដែលត្រូវច្រួចចេញសម្រាប់អ្នករាល់គ្នា» (លូកា ២២:២០)។ នេះរាប់បញ្ចូលដល់អស់អ្នកណា ដែលជឿដល់ព្រះមែស្ស៊ី និងអស់អ្នកណាដែលមានដួងចិត្តថ្មី។
ព្រះយេស៊ូវមានព្រះបន្ទូលជាការព្រមាននៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ២១:៤៣។ ទ្រង់មានព្រះបន្ទូលថា «ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា នគរព្រះនឹងត្រូវហូតចេញពីអ្នករាល់គ្នា»—កំពុងសំដៅដល់អ្នកដឹកនាំសាសន៍យូដា ដែលជាអ្នកតំណាងនៃសាសន៍អ៊ីស្រាអែល—«ហើយប្រគល់ទៅឲ្យសាសន៍១ទៀត ដែលគេនឹងបង្កើតផលរបស់នគរនោះ»។ នោះជាក្រុមជំនុំ ដែលរួមបញ្ចូលអស់ទាំងសាសន៍យូដាដែលជឿដល់ទ្រង់។
គ្រប់ជាតិសាសន៍ទាំងអស់ និងអស់ទាំងសាសន៍យូដាដែលជឿដល់ទ្រង់ ជាបណ្ដារាស្ដ្រថ្មីដែលបង្កើតផលផ្លែ ហើយការផ្លាស់ប្ដូរបានកើតឡើង ដោយប្ដូរពីការផ្ដោតសំខាន់តែទៅលើសាសន៍អ៊ីស្រាអែលត្រឡប់ទៅជាការផ្ដោតសំខាន់ទៅលើបណ្ដារាស្ដ្រថ្មីរបស់ផងព្រះជាម្ចាស់នេះវិញ។
ការជាប់ពាក់ព័ន្ធនេះ កើតមានឡើងសម្រាប់ភាពសមស្របទៅនឹងបទបញ្ញត្តិទាំងឡាយរបស់ព្រះគម្ពីរសញ្ញាចាស់គឺថា បទបញ្ញត្តិទាំងអស់ដែលមានក៏ដូចជាការរចនារបស់វា មានភាពខុសប្លែកគ្នារវាងពិធីសាសនារបស់សាសន៍អ៊ីស្រាអែល និងប្រជាជាតិនានាបានដល់ទីបញ្ចប់ហើយ ដោយសារពេលនេះប្រជាជាតិទាំងនោះត្រូវបានរាប់បញ្ចូលទៅជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយរនាំងឧបសគ្គផ្នែកវប្បធម៌ក៏កំពុងត្រូវបានដកចេញដែរ—ដូចជាបទបញ្ញត្តិទាក់ទងទៅនឹងការកាត់ស្បែក ម្ហូបអាហារ និងការតមអាហារផ្សេងៗ ក៏ដូចជាការត្បាញក្រណាត់ពីរផ្សេងគ្នា ដែលពួកគេមិនគួរពាក់ ដើម្បីបង្ហាញថាមានភាពខុសប្លែកគ្នារវាងអ៊ីស្រាអែល និងប្រជាជាតិនានា។ ព្រះយេស៊ូវមានបន្ទូលយ៉ាងចំៗនៅក្នុងកណ្ឌគម្ពីរ ម៉ាកុស ៧:១៩ ថាឥឡូវនេះអស់ទាំងម្ហូបអាហារបានសម្អាតសម្រាប់លោកអ្នករាល់គ្នាហើយ។
ការវិលត្រឡប់ទៅកាន់ការបង្កើតវិញ
វិធីទីបី ក្នុងការរកឃើញពីការផ្លាស់ប្ដូរដែលព្រះយេស៊ូវបាននាំមក ដែលនៅពេលនេះទ្រង់នាំយើងត្រឡប់ទៅក្រោយបទបញ្ញត្តិទាំងឡាយរបស់លោកម៉ូសេនៅក្នុងព្រះគម្ពីរសញ្ញាចាស់ទៅនឹងការរចនាដំបូងរបស់ព្រះជាម្ចាស់ក្នុងការបង្កើត។ បន្ទាប់មក ទ្រង់ជំទាស់ថា បទបញ្ញត្តិនៅក្នុងករណីខ្លះ គឺការសម្របសម្រួលបណ្ដោះអាសន្នជាមួយនឹងអំពើបាប ប៉ុន្តែកាលដើមដំបូងវាមិនមែនដូច្នេះទេ វាខុសពីនេះ។
នោះជាវិធីដែលទ្រង់ដោះស្រាយជាមួយនឹងព្រះគម្ពីរសញ្ញាចាស់—ឧទាហរណ៍៖ ទាក់ទងនឹងច្បាប់នៃការលែងលះ។ ខ្ញុំគិតដូចគ្នាទៅនឹងរឿងពហុពន្ធភាព។ ទ្រង់មានព្រះបន្ទូលថា ច្បាប់អនុញ្ញាតឲ្យលែងលះគ្នាបានតាក់តែងឡើង គឺដោយព្រោះតែ «ចិត្តអ្នករាល់គ្នារឹងរូសប៉ុណ្ណោះ» (ម៉ាកុស ១០:៥)។ បន្ទាប់មក ទ្រង់បានលើកយកកណ្ឌគម្ពីរ លោកុប្បត្ដិ ២:២៤ មកមានព្រះបន្ទូលថា ព្រះជាម្ចាស់បានបង្កើតមនុស្សមកជាសាច់តែមួយ ដែលកុំឲ្យអ្នកណានឹងពង្រាត់ការផ្សំផ្គុំនេះឡើយ (ម៉ាកុស ១០:៤-៦)។ ដូច្នេះ មានវិមាត្រនៃការបង្កើតនេះ ដែលនៅក្នុងការយាងមករបស់ផងព្រះយេស៊ូវ មានអាទិភាពលើការសម្របសម្រួលផ្លូវច្បាប់នៅក្នុងព្រះគម្ពីរសញ្ញាចាស់។
វិធីថ្មីក្នុងការចូលទៅជិតព្រះជាម្ចាស់
នេះជាវិធីទីបួន និងចុងក្រោយដែលខ្ញុំនឹងលើកមកនិយាយ។ វិធីទីបួនក្នុងការរកឃើញពីរបៀប ដែលរឿងរ៉ាវបានផ្លាស់ប្ដូរជាមួយនឹងការត្រឡប់មកវិញរបស់ផងព្រះគ្រីស្ទ គឺដើម្បីឲ្យបានដឹងថា ដោយការសុគត និងព្រះវិញ្ញាណដែលគង់នៅរបស់ផងទ្រង់ ព្រះគ្រីស្ទបានដាក់ទំនាក់ទំនងរបស់យើងជាមួយផងព្រះជាម្ចាស់នៅលើទំព័រថ្មី។
«ដោយសារព្រះជន្ម និងការសុគតរបស់ផងព្រះយេស៊ូវ—ជាយញ្ញបូជាចុងក្រោយ និងជាសម្ដេចសង្ឃខ្ពស់ចុងក្រោយបំផុតរបស់យើង—រាល់ប្រព័ន្ធនៃការថ្វាយយញ្ញបូជាទាំងអស់នឹងត្រូវផុតរលត់ទៅ»។
ច្បាប់របស់លោក ម៉ូសេ មិនមានគោលជំហរដូចគ្នានោះទេ សម្រាប់អស់អ្នកណាដែលបានស្លាប់ជាមួយព្រះគ្រីស្ទ និងរស់ឡើងវិញ ដើម្បីឲ្យបានដើរក្នុងជីវិតថ្មី។ បទគម្ពីរគន្លឹះនៅត្រង់នេះ គឺនៅក្នុងកណ្ឌគម្ពីរ រ៉ូម ៧:៤-៦៖ «យ៉ាងដូច្នោះ បងប្អូនអើយ អ្នករាល់គ្នាក៏បានស្លាប់ពីខាងឯក្រឹត្យវិន័យដែរ ដោយសាររូបអង្គនៃព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានទៅជារបស់ផងអ្នកម្នាក់ទៀត»។ ដ្បិតពីមុនលោកអ្នករាល់គ្នាជាកម្មសិទ្ធិរបស់ក្រឹត្យវិន័យ ឥឡូវនេះ អ្នករាល់គ្នាបានទៅជារបស់ផងអ្នកម្នាក់ទៀត—«ដែលបានរស់ពីស្លាប់ឡើងវិញ ប្រយោជន៍ឲ្យយើងបានបង្កើតផលថ្វាយព្រះ»។
ម្យ៉ាងទៀត មានទំព័រថ្មីមួយបានលេចឡើង ជាវិធីថ្មីមួយក្នុងការដេញតាមសេចក្ដីសុចរិត ហើយវាមិនមែនជាការត្រាប់តាមបញ្ជី ឬត្រាប់តាមច្បាប់នោះទេ។ វាជាការបង្កើតផលផ្លែ ពីព្រោះលោកអ្នករាល់គ្នាជារបស់ផងព្រះយេស៊ូវគ្រីស្ទ។ សាវ័ក ប៉ុល បានបន្ត៖ «ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្តីរំជួលរបស់អំពើបាប ដែលកើតដោយនូវក្រឹត្យវិន័យ បានបណ្តាលឲ្យអស់ទាំងអវយវៈ ក្នុងរូបកាយរបស់យើងរាល់គ្នា បង្កើតផលដល់សេចក្តីស្លាប់ តែឥឡូវនេះ យើងបានរួចពីក្រឹត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្តីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ» (រ៉ូម ៧:៤-៦)។
នេះមិនមានន័យថា ក្រឹត្យវិន័យមិនមានកន្លែងឈរនៅក្នុងជីវិតរបស់គ្រីស្ទបរិស័ទទៀតទេ។ សូមពិចារណាលើឧទាហរណ៍មួយនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ៧:១៩៖ «ព្រោះការកាត់ស្បែកមិនជាអ្វីទេ ឬដែលមិនកាត់ស្បែក នោះក៏មិនជាអ្វីដែរ តែដែលមានប្រយោជន៍ នោះគឺស្រេចនឹងកាន់តាមបញ្ញត្តិរបស់ព្រះវិញ»។
នេះជាអត្ថបទដែលជាចំណោទមួយ ដោយសារតែការកាត់ស្បែក គឺជាបញ្ញត្តិមួយមែនទេ? ដូច្នេះ ទ្រង់កំពុងធ្វើការបែងចែកមួយចំនួននៅទីនោះថា តើបទបញ្ញត្តិណាមួយដែលយើងនៅបន្តត្រាប់តាម ហើយមួយណាដែលមិនត្រាប់តាម។
ឬនៅកណ្ឌគម្ពីរ ១យ៉ូហាន ៥:៣៖ «ដ្បិតនេះហើយជាសេចក្តីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តិរបស់ទ្រង់ ឯបញ្ញត្តិទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។
សំណួរចុងក្រោយ នៅក្នុងវិធីទីបួននៃការមើលទៅលើការផ្លាស់ប្ដូរនេះ តើលក្ខណៈវិនិច្ឆ័យអ្វីខ្លះ ដែលព្រះគម្ពីរសញ្ញាថ្មីបានផ្ដល់មកឲ្យយើងនូវភាពសមស្របទៅនឹងការត្រាប់តាមបទបញ្ញត្តិនានារបស់ព្រះជាម្ចាស់? សូមអនុញ្ញាតឲ្យខ្ញុំបានលើកឡើងនូវចំណុចបី។
សេចក្ដីស្រឡាញ់
ចំណុចទីមួយ ខ្ញុំកំពុងតែគិតអំពីសេចក្ដីស្រឡាញ់។ ខ្ញុំកំពុងតែគិតអំពីកណ្ឌគម្ពីរ ម៉ាថាយ ២២:៣៧-៤០៖ «នោះព្រះយេស៊ូវឆ្លើយថា “ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង” នេះជាបញ្ញត្តិយ៉ាងសំខាន់ទី១ ហើយបញ្ញត្តិទី២ក៏បែបដូចគ្នា គឺថា៖ “ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង” បណ្តាក្រឹត្យវិន័យ និងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សម្រេចនៅបទបញ្ញត្តិទាំង២ប្រការនេះឯង»។
ឬនៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ១២:៧៖ «បើអ្នករាល់គ្នាបានយល់ន័យសេចក្តីដែលថា “អញចង់បានសេចក្តីមេត្តាករុណា មិនមែនយញ្ញបូជាទេ” នោះអ្នករាល់គ្នាមិនបានបន្ទោស ដល់ពួកអ្នកដែលគ្មានទោសឡើយ»។ ម៉្យាងទៀត មានសេចក្ដីមេត្តាករុណា និងបញ្ញត្តិច្បាប់នានា ដែលរួមមានច្បាប់ទាំងឡាយ ក្រមសីលធម៌ ហើយបានក្លាយទៅជាគោលការណ៍ណែនាំសម្រាប់យើងសព្វថ្ងៃនេះ។
គោលលទ្ធិដ៏ត្រឹមត្រូវ
ចំណុចទីពីរ យើងមានគោលលទ្ធិត្រឹមត្រូវស្របតាមដំណឹងល្អ។ ខ្ញុំកំពុងតែគិតអំពីកណ្ឌគម្ពីរ ១ធីម៉ូថេ ១:៨៖ «ឯយើងៗ ដឹងថា ក្រឹត្យវិន័យល្អមែន បើអ្នកណាប្រើតាមត្រឹមត្រូវ»។ បន្ទាប់មក ខគម្ពីរនេះនឹងផ្ដល់បញ្ជីនៃបទបញ្ញត្តិផ្សេងៗទៀត ហើយបញ្ចប់ទៅដោយ «ព្រមទាំងការអ្វីដែលទាស់ទទឹងនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវដែរ» (១ធីម៉ូថេ ១:១០)។
នោះជាអ្វីដែលបទបញ្ញត្តិទាំងឡាយត្រូវបង្កើតឡើងសម្រាប់៖ តើការទាស់ទទឹងនឹងសេចក្ដីបង្រៀនត្រឹមត្រូវជាអ្វី? សាវ័ក ប៉ុល បានបន្ថែម «នោះគឺតាមដំណឹងពីសិរីល្អនៃព្រះដ៏មានពរ» (១ធីម៉ូថេ ១:១១)។ តើមានបទបញ្ញត្តិណាខ្លះ ដែលស្របតាមច្បាប់នេះ?
ធម្មជាតិ
ចំណុចចុងក្រោយទីបី តើអ្វីជាឫសគល់នៃធម្មជាតិ នៅពេលដែលព្រះជាម្ចាស់បានបង្កើតវាឡើង។
នោះគឺជារបៀបដែលសាវ័ក ប៉ុល បានវែកញែកនៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ២:១៣ ដូចមានទាក់ទងទៅនឹងអំណាចរបស់ស្ត្រីលើបុរស ហើយនោះគឺជារបៀបដែលគាត់បានវែកញែកនៅក្នុងកណ្ឌគម្ពីររ៉ូមជំពូក១ ដែលទាក់ទងទៅនឹងការស្រឡាញ់ភេទដូចគ្នា។
ការស្វែងយល់បន្ថែម
ឥឡូវនេះ មានការចង្អុលបង្ហាញបន្ថែមជាច្រើនទៀតក្នុងព្រះគម្ពីរសញ្ញាថ្មី អំពីរបៀបដែលធ្វើឲ្យស្របទៅនឹងបទបញ្ញត្តិទាំងឡាយរបស់ព្រះគម្ពីរសញ្ញាចាស់ ប៉ុន្តែរបៀបទាំងនេះអាចគ្រប់គ្រាន់ក្នុងការចង្អុលបង្ហាញទៅកាន់ផ្លូវ។
ក្នុងការបញ្ចប់អត្ថបទនេះ ខ្ញុំចង់ព្យាយាមធ្វើឲ្យមានភាពសាមញ្ញ។ ប្រសិនបើខ្ញុំកំពុងតែជួយកុមារឲ្យអានព្រះគម្ពីរ ខ្ញុំនឹងនិយាយបែបដូច្នេះថា៖ «កូនតូចៗអើយ! រឿងមួយចំនួនបានបង្គាប់ក្នុងព្រះគម្ពីរសញ្ញាចាស់ មិនមែនជាអ្វីដែលយើងគួរធ្វើនៅសព្វថ្ងៃនេះទេ។ ពួកគេនិយាយត្រូវហើយ ពីអ្វីដែលរាស្ដ្ររបស់ព្រះជាម្ចាស់ត្រូវធ្វើនៅពេលនោះ ប៉ុន្តែឥឡូវនេះ ព្រះយេស៊ូវបានយាងមក ហើយរឿងរ៉ាវសំខាន់ៗមួយចំនួនត្រូវបានផ្លាស់ប្ដូរ»។
លោកអ្នករាល់គ្នាប្រហែលជាចំណាយពេលមួយខែ ដើម្បីជួយឲ្យកូនរបស់ខ្លួនយល់ថានោះជាអ្វី។ ប៉ុន្តែបន្ទាប់មក ខ្ញុំនឹងបញ្ចប់ដូចនេះ៖ «ឥឡូវនេះ នៅជំនាន់របស់យើង វិធីដែលមានសុវត្ថិភាពបំផុត ក្នុងការដឹងថាអ្វីត្រូវ និងអ្វីខុស គឺត្រូវឲ្យប្រាកដថាព្រះគម្ពីរសញ្ញាថ្មីបានបង្គាប់ឲ្យធ្វើវា ឬហាមឃាត់មិនឲ្យធ្វើវា»។
តើគ្រីស្ទបរិស័ទអាចដឹងដោយរបៀបណា ថាបទបញ្ញត្តិរបស់ព្រះគម្ពីរសញ្ញាចាស់ណាមួយដែលយើងត្រូវនៅអនុវត្តតាម? លោកគ្រូគង្វាល ចន បានពន្យល់នូវវិធីប្រាំយ៉ាង ដែលព្រះយេស៊ូវជួយនាំយើងរាល់គ្នាចូលទៅកាន់ព្រះគម្ពីរសញ្ញាចាស់។
មតិយោបល់
Loading…