គ្រូគង្វាលគ្រប់រូបសុទ្ធតែធ្លាប់ត្រូវបានចោទសួរនូវសំណួរនេះ។ នេះក៏ជាសំណួរដែលអ្នកអធិប្បាយនៅសិក្ខាសាលាបានជួបផងដែរ គឺនៅក្នុងវគ្គសំណួរ-ចម្លើយ៖ តើខ្ញុំត្រូវដាក់ប្រាក់តង្វាយប៉ុន្មានទៅព្រះវិហារ? តើខ្ញុំគួរដាក់ប្រាក់តង្វាយប៉ុន្មាន?
រីឯចម្លើយរបស់ខ្ញុំគឺ៖ ថ្វាយតង្វាយរហូតដល់វាអាចជះឥទ្ធិពល ហើយសូមអនុញ្ញាតឲ្យខ្ញុំ បានពន្យល់នូវអត្ថន័យដែលខ្ញុំមានទាក់ទងនឹងចម្លើយរបស់ខ្ញុំផងដែរ។
នៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១៦:២ សាវ័ក ប៉ុល បានធ្វើការណែនាំក្រុមជំនុំឲ្យប្រមូលតង្វាយទុកដោយឡែកនៅថ្ងៃអាទិត្យ «តាមតែព្រះជាម្ចាស់ទ្រង់បានចម្រើនឲ្យ»។ ទាំងនេះសបញ្ជាក់ឲ្យយើងបានឃើញថា ឋានៈនៅក្នុងការថ្វាយតង្វាយមានភាពខុសៗគ្នា ដែលអ្នកខ្លះថ្វាយច្រើន និងអ្នកខ្លះទៀតថ្វាយតិច។ ព្រះជាម្ចាស់ទ្រង់បានប្រទានព្រះពរដល់យើងខុសៗគ្នា ដែលព្រះអង្គបានប្រទានប្រាក់ខែ និងទ្រព្យសម្បត្តិដល់យើងខុសៗគ្នា។ ដូចនេះហើយបានជាយើងនឹងធ្វើការថ្វាយទៅទ្រង់វិញខុសៗគ្នា។
ចំណុចក្រៅប្រធានបទ៖ ខ្ញុំមានហេតុផលជាច្រើននៅក្នុងការដែលខ្ញុំមិនជឿថា យើងត្រូវថ្វាយប្រាក់តង្វាយតែ១០% ដែលនោះជាសេចក្តីរំពឹងដ៏ទាបបំផុតដែលមានចែងនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ សព្វថ្ងៃនេះ ចំពោះអ្នកដែលទាមទារឲ្យក្រុមជំនុំថ្វាយដង្វាយដូចនៅជំនាន់សញ្ញាចាស់ គឺពុំបានយល់អំពីបរិបទនៃសញ្ញាចាស់ទេថា តង្វាយនៅជំនាន់នោះគឺជាពន្ធ និងជាការបរិច្ចាគ។ តង្វាយនៅពេលនោះគឺជាការផ្គត់ផ្គង់សង្គម ព្រមទាំងសាសនា។ ដោយបច្ចុប្បន្ននេះ យើងពុំរស់នៅក្នុងការគ្រប់គ្រងផ្ទាល់របស់ព្រះជាម្ចាស់ដូចពួកគាត់នោះមានន័យថា យើងពុំចាំបាច់ថ្វាយនូវតង្វាយ ១០% ទៀតឡើយ។ នេះក៏ប្រហែលជាព័ត៌មានដែលជាជំនួយទាក់ទងនឹងប្រធានបទនេះ ក៏ប៉ុន្តែសម្រាប់ឯកសារនេះគឺពុំសូវមានភាពស៊ីគ្នាប៉ុន្មាននោះទេ។
នៅពេលដែលខ្ញុំឆ្លើយថា យើងគួរឲ្យរហូតដល់វាអាចជះឥទ្ធិពលបាន គឺខ្ញុំចង់សំដៅទៅលើការដែលយើងគួរឲ្យរហូតដល់ការនោះនឹងប៉ះពាល់ដល់ជីវិតរស់នៅរបស់យើង។ លោកគ្រូ អើរវិន ឡូតស៊័រ (Erwin Lutzer) បានលើកឡើងយ៉ាងច្បាស់ថា «អស់អ្នកដែលថ្វាយដោយគ្មានការលះបង់ គឺប្រៀបដូចជាមិនបានឲ្យច្រើនសោះ»។ យើងត្រូវធ្វើការថ្វាយរហូតដល់ ការនោះនឹងប៉ះពាល់ដល់យើងរហូតដល់ នឹងមានអ្វីៗមួយចំនួនដែលយើងមិនអាចធ្វើ ឬមានសម្រាប់ខ្លួនឯង ព្រោះយើងមានការប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកព័ន្ធកិច្ចរបស់ព្រះជាម្ចាស់។ សូមកុំយល់ច្រឡំថា លោកអ្នកត្រូវដាច់ពោះខ្លួនឯង ឬឈប់ចំណាយលើអ្វីផ្សេង ព្រោះលោកអ្នកបានថ្វាយអស់ពីខ្លួននោះឡើយ។ ការថ្វាយនេះគួរប៉ះពាល់តែយើងប៉ុណ្ណោះ ពោលគឺមិនគួរប៉ះពាល់ដល់អ្នកដែលយើងត្រូវបង់ឲ្យនោះឡើយ។ នៅត្រង់ឃ្លាថា «តាមដែលព្រះទ្រង់បានចម្រើនឲ្យ» មិនមែនមានន័យថា យើងត្រូវធ្វើឲ្យលើសពីអ្វីដែលព្រះអង្គទ្រង់បានប្រទានដល់យើងនោះឡើយ។ មានទេវវិទូមួយរូបបានធ្វើការអះអាងថា យើងគួរតែជំពាក់គេ ដើម្បីឲ្យយើងអាចនឹង «សាបព្រោះ» ដែលនោះនឹងបណ្តាលឲ្យព្រះជាម្ចាស់ទ្រង់ផ្គត់ផ្គង់យើងវិញ។ ទោះបើព្រះជាម្ចាស់ទ្រង់នឹងធ្វើបែបនោះមែន ក៏ប្រាជ្ញារបស់យើងនៅតែនាំឲ្យយើងបានដឹងថា យើងត្រូវបង់នូវអ្វីដែលយើងត្រូវបង់ និងត្រូវប្រាកដថា គ្រួសាររបស់យើងមានម្ហូបញ៉ាំ។ ជាងនេះទៅទៀតយើងត្រូវតែមានចិត្តសប្បុរស ហើយក៏ត្រូវតែប្រើប្រាជ្ញាដែរ។
ចំពោះលោកអ្នកមួយចំនួនបានយល់ថា ការថ្វាយតង្វាយ ១០% (មួយភាគដប់) គឺគាត់បានឲ្យគ្រប់គ្រាន់ហើយ រហូតដល់គិតថាការនោះបានប៉ះពាល់ជីវិតគាត់។ នេះប្រហែលជាមានន័យថា ពួកគាត់ពុំអាចធ្វើដំណើរកំសាន្តដែលចិត្តរបស់គាត់ចង់ ឬគាត់នឹងត្រូវទិញយានជំនិះមួយទឹក ជាជាងយានជំនិះថ្មី ឬក៏គាត់ត្រូវតែសន្សំលុយពីរបីឆ្នាំសិន ដើម្បីជួសជុលផ្ទះ ឬទិញផ្ទះថ្មី។ ចំពោះអ្នកផ្សេងការនេះ ទំនងនឹងកើតឡើងសម្រាប់ពួកគាត់ បើទោះបីជាគាត់ថ្វាយតែ ២% នៃប្រាក់ខែរបស់គាត់។ ចំណែកឯអ្នកមួយចំនួន ប្រហែលនឹងគិតថាការនោះនឹងកើតឡើងចំពោះពួកគាត់ ប្រសិនបើគាត់ថ្វាយ ៧៥%។ យើងខ្ញុំចង់លើកទឹកចិត្តឲ្យលោកអ្នកបន្តបង្កើនការថ្វាយរបស់លោកអ្នករហូតដល់ពេលមួយដែលការនោះពិតជាបានប៉ះពាល់ដល់ការចំណាយផ្ទាល់ខ្លួនរបស់លោកអ្នកមែន។
ការថ្វាយក្នុងលក្ខណៈដែលពុំបានប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួនរបស់យើង ឬពុំមែនជាការលះបង់សោះ មានន័យថា យើងមិនទាន់ថ្វាយឲ្យបានគ្រប់គ្រាន់នៅឡើយទេ។ លោកគ្រូ ស៊ី. អេស. លូវ៉ីស (C.S. Lewis) បានលើកឡើងយ៉ាងច្បាស់ និងក៏ជាជំនួយថា៖ «ប្រសិនបើការចាយវាយរបស់យើងលើភាពស្រណុកសុខស្រួល ភាពសប្បាយ ការកំសាន្ត។ល។ មានភាពស្មើគ្នានឹងការចំណាយធម្មតាដូចនឹងអ្នកដែលមានប្រាក់ខែដូចយើង ហើយ បើការបរិច្ចាគរបស់យើងមិនបានធ្វើឲ្យយើងមានភាពខ្វះមុខខ្វះក្រោយ នោះមានន័យថា យើងកំពុងតែថ្វាយតិចពេកហើយ។ ការខ្វះមុខខ្វះក្រោយមានន័យថា យើងនឹងមិនអាចធ្វើនូវអ្វីដែលយើងចង់ធ្វើ ព្រោះយើងបានបរិច្ចាគគ្រប់គ្រាន់»។
តើខ្ញុំគួរត្រូវថ្វាយប៉ុណ្ណា? គឺថ្វាយរហូតដល់វាបានជះឥទ្ធិពលមកដល់ជីវិតរស់នៅរបស់លោកអ្នក។ គ្រប់គ្រាន់នៅត្រង់ថា យើងមិនអាចទទួលបានភាពស្រណុកសុខស្រួលម៉្យាង ឬអាចដកពិសោធន៍ទៅលើអ្វីមួយដែលអាចនាំឲ្យយើងមានភាពអរសប្បាយ។ ព្រះអម្ចាស់ទ្រង់បានបង្រៀនថា បើយើងថ្វាយបែបហ្នឹង នោះអំណរដែលយើងមានឥឡូវនេះ និងនៅអនាគត គឺធំជាងអំណរដែលយើងអាចមានឥឡូវនេះ។ ការដែលយើងថ្វាយមិនមែនដោយសារព្រះជាម្ចាស់ទ្រង់ត្រូវការលុយរបស់យើងនោះឡើយ ប៉ុន្តែគឺបង្ហាញពីភាពដឹងគុណរបស់យើង និងការដែលយើងត្រូវការទ្រង់ ជាពិសេសព្រះអង្គបានប្រទានអំណរដល់យើង។ មានគ្រីស្ទបរិស័ទជាច្រើនអាចធ្វើទីបន្ទាល់ថា វាពិតជាការអស្ចារ្យ និងជារឿងដ៏បន្ទាបខ្លួនដែលមានពេញដោយអំណរផងដែរ នៅពេលដែលពួកគាត់ធ្វើការបូកនូវប្រាក់តង្វាយដែលគាត់បានថ្វាយ ក៏ដូចជាអរព្រះគុណព្រះអង្គ ដែលបានបណ្តាលឲ្យពួកគាត់ធ្វើការថ្វាយច្រើន។ ការមានឡាន ឬផ្ទះថ្មីមិនអាចប្រៀបធៀបនឹងអំណរនៃការដែលបានលះបង់តិចតួច នឹងព្រះយេស៊ូវបានឡើយដ្បិតព្រះអង្គបានលះបង់អ្វីគ្រប់យ៉ាងសម្រាប់យើង។
មតិយោបល់
Loading…