in

ការ​និយាយ​ដើម​គេ​ពណ៌នា​ច្រើន​ណាស់​អំពី​ខ្ញុំ

Gossip Says More About Me

ការ​និយាយ​ដើម​គេ​គឺ​ឆ្ងាញ់​មាត់​ណាស់​ចំពោះ​អ្នក​និយាយ និង​អ្នក​ស្ដាប់។ «ពាក្យ​សម្ដី​របស់​មនុស្ស​បេះបួយ ធៀប​ដូច​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​១​ម៉ាត់ ដែល​លេប​ចុះ​ទៅ​ក្នុង​ពោះ» (សុភាសិត ១៨:៨)។ ម្ហូប​យ៉ាង​ឆ្ងាញ់​មួយ​ម៉ាត់​គឺ​ពិត​ជា​មាន​ពេញ​ទៅ​ដោយ​ភាព​អរសប្បាយ ហើយ​ក៏​គួរ​ឲ្យ​ចង់​ហូប​ដែរ ចង់​លេប​ដោយ​អាត្មានិយម ពោល​គឺ​យើង​ចង់​ញ៉ាំ​ដូច​យើង​ញ៉ាំ​ម្ជូរ​ជាមួយ​នឹង​អំបិល​ម្ទេស​អញ្ចឹង។ ប៉ុន្តែ បើ​និយាយ​ឲ្យ​ខ្លី​ទៅ ពាក្យសម្ដី​បេះបួយ​និយាយ​ដើម​គេ​វា​មិន​គ្រាន់តែ​បង្ក​ឲ្យ​មាន​ភាព​ឆ្ងាញ់​មាត់​ក្នុង​អណ្ដាត​របស់​យើង​តែ​ប៉ុណ្ណោះ​ទេ តែ​វា «ចូរ​ទៅ​ក្នុង​ពោះ» យើង​តែ​ម្ដង ដោយ​អះអាង​ថា វា​នឹង​បំពេញ​សេចក្ដី​ប្រាថ្នា​ដ៏​ជ្រាលជ្រៅ​នៃ​ដូង​ចិត្ត​របស់​យើង។

តើ​ហេតុ​អ្វី​បាន​ជា​ការ​និយាយ​ដើម​គេ​វា​ធ្វើ​ឲ្យ​យើង​ឆ្ងាញ់​មាត់​ម៉្លេះ? តាម​ពិត​ទៅ ទោះបើ​អ្វីៗ​ដែល​យើង​យក​មក​និយាយ​ដើម​គេ ភាគ​ច្រើន​ផ្ដោត​លើ​អ្នក​ដែល​យើង​កំពុង​និយាយ​ដើម​មែន​ក៏​ដោយ តែ​ធាតុ​ពិត​នៃ​ចំណុច​ស្នូល​នៃ​ការ​និយាយ​ដើម​គេ​គឺ​ត្រង់​ថា តាម​ពិត​យើង​កំពុង​និយាយ​ដើម​ខ្លួន​ឯង​សោះ។ វា​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មួយ​បែប​អំពី​ខ្លួន​ឯង។ យើង​និយាយ​ដើម​គេ ពីព្រោះ​ការ​និយាយ​ដើម​គេ​បាន​សន្យា​ថា​ វា​នឹង​ធ្វើ​អ្វី​មួយ​សម្រាប់​យើង។ ហេតុដូច្នេះ​ហើយ​បាន​ជា​ពេល​ដែល​យើង​និយាយ​ដើម​គេ​គឺ​មាន​ន័យ​ថា យើង​កំពុង​តែ​បម្រើ ហើយនិង​ថ្វាយ​បង្គំ​ខ្លួន​ឯង (នេះ​ឯង​ទំនង​ជា​មូល​ហេតុ​ដែល​សាវ័ក ប៉ុល បាន​កត់ត្រា​ចុះ​ថា ការ​និយាយ​ដើម​គេ​គឺ​ជា​អំពើ​បាប​នៃ​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​ក្លែងក្លាយ​ក្នុង​កណ្ឌគម្ពីរ រ៉ូម ១:២៩)។

កំណត់ហេតុ​បណ្ដាញ​របស់​លោកគ្រូ ចនណាថាន ឌូដសិន (Jonathan Dodson) បាន​ជួយ​យើងខ្ញុំ​យ៉ាង​ខ្លាំង​ក្នុង​ការ​កត់​សម្គាល់​អំពី​ក្ដី​សន្យា​ដែល​មាន​ពេញ​ទៅ​ដោយ​ការ​កុហក​ទាក់ទង​នឹង​ការ​និយាយ​ដើម​គេ។ តោះ! ចូរ​យើង​ពិចារណា​លើ​សេចក្ដី​សន្យា​បួន​យ៉ាង​ដែល​វា​បាន​លើក​ឡើង​ចំពោះ​យើង៖

១. «ឯង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន!»

យើង​ទាំង​អស់​គ្នា​សុទ្ធតែ​ចូលចិត្ត​មាន​អារម្មណ៍​ថា អ្នក​ផ្សេង​បាន​ទទួល​ស្គាល់​យើង ហើយ​ការ​និយាយ​ដើម​គេ​ដែល​មាន​ចំណាប់​អារម្មណ៍​អាច​ជា​ផ្លូវ​មួយ​ដែល​នាំ​យើង​ចូល​ក្នុង​ក្រុម​ណា​មួយ ឬ​ក៏​ការ​សន្ទនា​ណា​មួយ។ ជាពិសេស​បើ​ការ​និយាយ​ដើម​គេ គឺ​ជា​ការ​និយាយ​បន្ទាប​បន្ថោក​អំពី​អ្នក​ដទៃ ឬ​ក៏​ការ​រអ៊ូរទាំ​ដែល​គ្រប់ៗ​គ្នា​កំពុង​រអ៊ូ។ ការ​និយាយ​ដើម​គេ ហើយនិង​រឿង​ដែល​គួរ​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ជា​បទពិសោធន៍​មួយ​ដែល​ពង្រឹង​ទំនាក់ទំនង («តើ​ឯង​បាន​ឮ​ពី​រឿង​ដែល​ទើប​តែ​បាន​កើត​ឡើង​នឹង​មេ​របស់​យើង​ដែរ​ឬ​ទេ?»។

ប៉ុន្តែ ការ​និយាយ​ដើម​គេ​សន្យា​ថា​នឹង​ឲ្យ​អ្វី​មួយ តែ​វា​មិន​អាច​ធ្វើ​បាន​ទេ។ នៅពេល​ដែល​ការ​និយាយ​ដើម​គេ​លើក​ឡើង​ថា «ឯង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន» ឬ​ក៏ «ឯង​ស័ក្តិសម​នឹង​នៅ​ជាមួយ​ណាស់» គឺ​វា​កំពុង​តែ​និយាយ​កុហក​ហើយ។ ចំពោះ​អស់​អ្នក​ណា​ដែល​ចម្រើន​ឡើង​ដោយសារ​ការ​និយាយ​ដើម​គេ ចូរ​ដឹង​ថា លោកអ្នក​គួរ​ចាប់​អារម្មណ៍​ថា​ត្រឹមតែ​ការ​និយាយ​ដើម​គេ​របស់​លោកអ្នក​គួរ​ឲ្យ​ចាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ។ នៅពេល​ដែល​យើង​ប្រើប្រាស់​ការ​និយាយ​ដើម​គេ ដើម្បី​ឲ្យ​អាច​ចូល​ក្នុង​សង្គម​ណា​មួយ (ព្រះ​វិហារ កន្លែង​ធ្វើ​ការ ឬ​ក៏​ចំណោម​មិត្តភក្ដិ​ណា​មួយ) តាម​ពិត​ទៅ ពាក្យសម្ដី​នោះ​នឹង​បំបែកបំបាក់​សង្គម​ដែល​យើង​កំពុង​ព្យាយាម​ចូល​រួម។

ក្រុមជំនុំ​គឺ​ជា​សង្គម​ដ៏​ពិត​ដែល​ព្រះ​យេស៊ូវ​បាន​ប្រទាន​ដល់​យើង។ ព្រះ​លោហិត​ទ្រង់​គឺ​ជា​សំបុត្រ​ដែល​អនុញ្ញាត​ឲ្យ​យើង​ចូល ដែល​ព្រះ​លោហិត​នោះ​គឺ​ជា​អ្វី​ដែល​នាំ​ឲ្យ​ក្រុមជំនុំ​មាន​ការ​រួបរួម​គ្នា​ក្នុង​ក្ដី​ស្រឡាញ់។ ការ​និយាយ​ដើម​អ្នក​ដទៃ​មិន​មែន​ជា​មូលដ្ឋាន​ដែល​បណ្ដាល​ឲ្យ​យើង​អាច​ចូល​ក្រុមជំនុំ​ណា​មួយ​បាន​ឡើយ។ អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​អំពី​យើង​ក្នុង​ព្រះ​គ្រីស្ទ គឺ​ជា​មូលដ្ឋាន​ដែល​បណ្ដាល​ឲ្យ​យើង​បាន​ចូល។

២. «ឯង​ខ្លាំង​ណាស់»

ការ​ដែល​យើង​មាន​ព័ត៌មាន​អំពី​អ្នក​ដទៃ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​យើង​ខ្លាំង ហើយ​សំខាន់។ យើង​អាច​និយាយ​ទៅ​កាន់​បុគ្គល​ណា​ម្នាក់​ដែល​មាន​អំណាច​លើ​យើង​ថា «ខ្ញុំ​មិន​មែន​ទាស់​នឹង​លោក​ឯង​តែ​ឯង​នោះ​ទេ។ យើង​បាន​ឮ​ថា មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​ចូល​ចិត្ត​ច្បាប់​ថ្មី​មួយ​នេះ​របស់​លោក​ឯង ។» នោះ​គឺ​ជា​របៀប​ដ៏​ពូកែ​មួយ​ដែល​ការ​និយាយ​ដើម​គេ​មាន៖ ការ​លើក​ឡើង​អំពី​យោបល់​ដែល​មិន​ច្បាស់​លាស់​លើស​ពី​ប្រភព​សាធារណៈ​មក​ប្រើប្រាស់​ទុក​ជា​ដំបង​មួយ ដើម្បី​វាយ​ទម្លាក់​អ្វី​មួយ ឬ​ក៏​នរណា​ម្នាក់​ដែល​មក​ឈរ​រាំង​ផ្លូវ​ខ្លួន។ មាន​ពេល​ខ្លះ យើង​និយាយ​ដើម​ពី​ភាព​ទន់​ខ្សោយ ឬ​ក៏​រឿង​អកុសល​អំពី​អស់​អ្នក​ដែល​យើង​ឈ្នានីស​ច្រណែន ពីព្រោះ​ការ​បន្ថោក​ពួកគេ​បន្តិច​បែប​នោះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ។

ប៉ុន្តែ ការ​និយាយ​ដើម​គេ​មិន​អាច​ផ្ដល់​ជួន​នូវ​អំណាច​ដែល​វា​សន្យា​ថា​នឹង​ឲ្យ​ឡើយ។ វា​ទំនង​ជា​អាច​ឲ្យ​យើង​មាន​ឥទ្ធិពល​ដ៏​តិចតួច ហើយ​បណ្ដោះអាសន្ន​ក្នុង​សង្គម​ដែល​យើង​កំពុង​ស្ថិត​នៅ​ក្នុង។ ប៉ុន្តែ នៅពេល​ដែល​យើង​ឈរ​នៅ​ចំពោះ​ព្រះ​ជាម្ចាស់​ដ៏​មាន​ពោរពេញ​ដោយ​អំណាច ហើយ​ព្រះ​អង្គ​កាត់​ទោស​យើង​ទាក់ទង​នឹង​ទំនួល​ខុសត្រូវ​របស់​យើង​អំពី​របៀប​ដែល​យើង​បាន​និយាយ​អំពី​អ្នក​ដទៃ នោះ​យើង​នឹង​ឃើញ​ថា ការ​និយាយ​ដើម​គេ​មិន​បាន​ឲ្យ​យើង​មាន​អំណាច​ដ៏​ពិត​ស្អី​ទេ។ វា​គឺ​ជា​ក្ដី​សន្យា​ដ៏​ខុស ហើយ​ក៏​ជា​ក្ដី​ស្រមៃ​ដ៏​ល្ងីល្ងើ​ផង​ដែរ។

ដំណឹងល្អ​ប្រាប់​យើង​នូវ​ចំណុច​ដ៏​ខុស​ប្លែក​ណាស់​អំពី​ខ្លួន​យើង៖ យើង​ជា​មនុស្ស​ខ្សោយ ហើយ​យើង​ត្រូវការ​ជំនួយ។ ព្រះ​ជាម្ចាស់​មាន​ពេញ​ដោយ​អំណាច។ ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​បង្កើត​ផែនដី​នេះ។ ព្រះ​អង្គ​ទ្រទ្រង់​នូវ​រាល់​គ្រប់​អ្វីៗ​ទាំង​អស់​ដោយ​នូវ​ព្រះ​បន្ទូល​ដ៏​មាន​អំណាច​របស់​ទ្រង់ ហើយ​បើ​យើង​ជឿ​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ នោះ​ព្រះ​អង្គ​នឹង​ប្រើប្រាស់​នូវ​អំណាច​ដ៏​ខ្លាំង​របស់​ទ្រង់ ហើយ​ធ្វើ​ឲ្យ​យើង​មាន​ចំណែក​ក្នុង​ការ​បង្កើត​ថ្មី​របស់​ទ្រង់។

៣. «យើង​អត់​ឯង​មិន​បាន​ទេ»

ចំពោះ​យើង​ដែល​ចូល​ចិត្ត​បំពេញ​តម្រូវការ​អ្នក​ផ្សេងៗ ព្រោះ​យើង​ចូល​ចិត្ត​មាន​អារម្មណ៍​ថា គេ​ត្រូវការ​យើង នោះ​យើង​នឹង​ចូល​ចិត្ត​ប្រើប្រាស់​ការ​និយាយ​ដើម​គេ​ជា​ការ​ជួយ​សង្គ្រោះ។ យើង​ទំនង​ជា​ឮ​ពី​ការ​តយុទ្ធ​របស់​បុគ្គល​ណា​ម្នាក់ ហើយ​អារម្មណ៍​ដំបូង​របស់​យើង​គឺ​ផ្សព្វផ្សាយ​ដំណឹង​នោះ​ភ្លាមៗ ដើម្បី​ឲ្យ​អ្នក​ដទៃ​មាន​ការ​ចូល​រួម​ក្នុង​ការ​សង្គ្រោះ។ បើ​មើល​ពី​ក្រៅ យើង​គ្រាន់តែ​ចង់​ជួយ​ប៉ុណ្ណោះ។ ប៉ុន្តែ តាម​ពិត​ទៅ ជា​រឿយៗ យើង​បាន​ធ្វើ​ឲ្យ​កាលៈទេសៈ​នោះ​អាក្រក់​ជាង​មុន ដោយសារ​យើង​បាន​ដាក់​ខ្លួន​ក្នុង​កន្លែង​ដែល​យើង​មិន​គួរ​មាន​វត្តមាន។

យើង​អាច​ជា​ទំនង​លើក​ឡើង​ថា «អើ! តើ​ឯង​ដឹង​ទេ​ថា​បង សុវណ្ណ ខឹង​នឹង​ឯង​ខ្លាំង​ណាស់?»។ បំណង​ចិត្ត​របស់​យើង​គឺ​ទំនង​ចង់​លើក​ទឹកចិត្ត​ឲ្យ​មិត្តភក្ដិ​របស់​យើង​ទៅ​និយាយ​ជាមួយ​បង សុវណ្ណ ប៉ុន្តែ តាម​ពិត​ទៅ យើង​គួរ​តែ​ប្រាប់​បង សុវណ្ណ ឲ្យ​ទៅ​និយាយ​ផ្ទាល់​ជាមួយ​នឹង​បុគ្គល​នោះ​បាន​ហើយ ហើយ​យើង​មិន​គួរ​មាន​អី​លាយ​ឡំ​ទៅ​ថែម​ល្បោយ​ទៀត​ឡើយ។ ជាជាង​ទុក​ចិត្ត​លើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ យើង​បែរ​ជា​ទុក​ចិត្ត​លើ​ខ្លួន​ឯង ព្រោះ​យើង​ចូល​ចិត្ត​មាន​អារម្មណ៍​ថា អត់​យើង​មិន​បាន​ទេ។

សេចក្ដី​ពិត​គឺ៖ ការ​និយាយ​ដើម​គេ​គឺ​ជា​របៀប​ជួយ​សង្គ្រោះ​ដ៏​អន់​ណាស់។ វា​មិន​អាច​ធ្វើ​ឲ្យ​យើង​មាន​ដំណែង​ថា អត់​យើង​មិន​បាន​ទេ​នោះ​ឡើយ។ មាន​តែ​ព្រះ​យេស៊ូវ​មួយ​គត់​ដែល​ជា​អ្នក​សង្គ្រោះ​យើង ហើយ​ជា​អ្នក​ប្រោស​លោះ​យើង ហើយ​ព្រះ​អង្គ​អាច​សង្គ្រោះ​យើង​ចេញពី​តម្រូវការ​ដោយ​គិត​ថា អ្នក​ដទៃ​ត្រូវការ​យើង។ ព្រះ​យេស៊ូវ​ផ្ដល់​នូវ​តម្លៃ​ដ៏​ពិត​លើ​យើង—មិន​មែន​ជា​អ្នក​សង្គ្រោះ​តូចៗ​នោះ​ទេ—ប៉ុន្តែ​គឺ​ជា​អ្នក​ទេ​ដែល​ទទួល​បាន​ការ​សង្គ្រោះ​ពី​ព្រះ​អង្គ។

៤. «ឯង​សុចរិត​ណាស់»

ការ​និយាយ​ដើម​គេ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​សុចរិត​ជាង​គេ បើ​យើង​ប្រៀបធៀប​ខ្លួន​យើង​ទៅ​អ្នក​ដទៃ ។ យើង​ទំនង​ជា​និយាយ​ដើម​បែប​រអ៊ូរទាំ​ទៅ​កាន់​មិត្តភក្ដិ​យើង​អំពី​អ្វី​ដែល​ដៃគូ​ជីវិត​យើង ឬ​ក៏​កូនៗ​យើង​ធ្វើ​ឲ្យ​យើង​ធុញទ្រាន់ ឬ​ក៏​ទង្វើ​មួយ​ចំនួន​ដែល​ទម្លាប់​ធ្វើ​ឲ្យ​យើង​មាន​ការ​ឈឺចាប់។ ឬ​ក៏​យើង​ទំនង​ជា​និយាយ​ទៅ​កាន់​អ្នក​ជិត​ខាង​យើង​អំពី​អ្នក​ជិត​ខាង​ម្នាក់​ទៀត៖ «ឯង​ដូច​ជា​មិន​ជឿ​សោះ​ដែល​បង សុខ ទិញ​ឡាន​ថ្មី។ ឯង​ឮ​ថា​គាត់​កំពុង​ជំពាក់​លុយ​គេ​ច្រើន​ណាស់។» ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ចូល​ចិត្ត​និយាយ​ដើម​ពី​អ្នក​ល្បីៗ គឺ​ព្រោះ​វា​ឆ្ងាញ់​ណាស់​ចំពោះ​ត្រចៀក​យើង​ពេល​យើង​ឮ​ពី​ការ​បែកបាក់​របស់​អស់​អ្នក​ដែល​យើង​ច្រណែន (ប្រហែល​ជា​យើង​ល្អ​ជាង​ពួកគេ​ហើយ​មើល​ទៅ)។

ប៉ុន្តែ ការ​និយាយ​ដើម​គេ​មិន​អាច​ផ្ដល់​ដល់​យើង​នូវ​សេចក្ដី​សុចរិត​ដែល​យើង​ចង់​បាន​នោះ​ឡើយ។ មាន​តែ​ព្រះ​យេស៊ូវ​មួយ​គត់​ដែល​អាច​ធ្វើ​បែប​នោះ​បាន។ ដំណឹងល្អ​ប្រាប់​យើង​ថា យើង​ជា​មនុស្ស​មិន​សុចរិត ហើយ​ត្រូវការ​ព្រះ​សង្គ្រោះ​ដែល​ល្អ​ឥត​ខ្ចោះ​មក​ធ្វើ​ជា​មនុស្ស​សុចរិត​ជំនួស​យើង។ ហើយ​ដំណឹងល្អ​ក៏​ប្រាប់​យើង​ផង​ដែរ​ថា តាមរយៈ​ជំនឿ នោះ​សេចក្ដី​សុចរិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​យេស៊ូវ​នឹង​ក្លាយ​ជា​របស់​យើង។

ចូរ​សម្លឹង​មើល​ទៅ​ឯ​ព្រះ​យេស៊ូវ

ក្នុង​ព្រះ​យេស៊ូវ យើង​មាន​ការ​រួបរួម។ ក្នុង​ព្រះ​យេស៊ូវ អំណាច​ដ៏​អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់​ធ្វើ​ការ​សម្រាប់​យើង។ ក្នុង​ព្រះ​យេស៊ូវ យើង​ឃើញ​ពី​ភាព​សំខាន់​របស់​យើង។ ក្នុង​ព្រះ​យេស៊ូវ យើង​មាន​សេចក្ដី​សុចរិត។ តោះ! ចូរ​យើង​ឈប់​និយាយ​ដើម​អ្នក​ដទៃ ហើយ​ចូរ​យើង​និយាយ​ទៅ​កាន់​ព្រះ​យេស៊ូវ​អំពី​ពួកគេ​វិញ ហើយ​និយាយ​ទៅ​កាន់​ពួកគេ​អំពី​ព្រះ​យេស៊ូវ។ តោះ! ចូរ​យើង​លាត​ត្រដាង​សេចក្ដី​កុហក​នៃ​ការ​និយាយ​ដើម​គេ ហើយ​ចូរ​យើង​ទទួល​ជឿ​សេចក្ដី​ពិត​នៅ​ក្នុង​ព្រះ​យេស៊ូវ។

និពន្ធ​ដោយ៖ លោក​គ្រូ Stephen Witmer
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​កញ្ញា យ៉ុន សាឯម
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.desiringgod.org ដោយ​មាន​ការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

-1 Points
Upvote Downvote

មតិយោបល់

Leave a Reply
  1. សូមអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកនិពន្ធដែលបានចំណាយដ៏មានតម្លៃសរសេរនិងរៀបរាងអត្ថបទមួយនេះដែលជាជំនួយជួយដល់អ្នកអានឲ្យយល់បន្ថែមទៀតពីព្រះហឬទ័យព្រះចំពោះការនិយាយដើមគេដោយបញ្ជាក់ថាវាជាអំពើបាបដែលគ្រីស្ទបរិស័ទខ្លះរួមទាំងខ្ញំុុុផងដែរបានមើលរំលងហើយបានធ្វើវាជាប្រចំា វាបានជួយខ្ញុំច្រើនណាស់ ហើយក៏សង្ឃឹមថាវាក៏បានជួយដល់បងប្អូនដទៃទៀតដែរ សូមអរព្រះគុណដល់ព្រះសំរាប់មេរៀននៅថ្ងៃនេះ សូមព្រះប្រទានដល់បងប្អូនទំាងអស់គ្នា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ទស្សនៈ​ត្រឹមត្រូវ​លើ​ព្រះ​ជាម្ចាស់

សុទ្ធតែ​មក​ពី​ព្រះ​ជាម្ចាស់