យើងនឹងមើលឃើញសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់ នៅពេលដែលយើងយល់ពីទំនាក់ទំនងរបស់ទ្រង់ និងព្រះគម្ពីរសញ្ញាចាស់។ ព្រះអង្គមានទំនាក់ទំនងយ៉ាងអស្ចារ្យជាមួយអ្វីៗដែលបានចែងនៅក្នុងព្រះគម្ពីរ។ នេះមិនមែនជារឿងដ៏ភ្ញាក់ផ្អើលនោះទេ ព្រោះព្រះគម្ពីរបានហៅទ្រង់ថា «ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម» (យ៉ូហាន ១:១៤)។ ចំណុចនេះបង្ហាញថា ព្រះបន្ទូលដែលបានត្រឡប់ជាសាច់ឈាម គឺជាសេចក្ដីសង្ខេបអំពីអ្វីដែលព្រះបន្ទូលបានចែង។ ចូរពិចារណាពីចំណុចសង្ខេបខាងក្រោមនេះ និងខគម្ពីរយោង៖
១. អត្ថបទព្រះគម្ពីរទាំងអស់ធ្វើបន្ទាល់អំពីព្រះគ្រីស្ទ ហើយលោក ម៉ូសេ ក៏បានសរសេរអំពីព្រះគ្រីស្ទផងដែរ។
«អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ….បើសិនជាអ្នករាល់គ្នាជឿដល់លោក ម៉ូសេ ពិត នោះនឹងបានជឿដល់ខ្ញុំដែរ ពីព្រោះលោកបានចែងទុកពីខ្ញុំ។» (យ៉ូហាន ៥:៣៩; ៤៦)
២. គ្រប់បទគម្ពីរទាំងអស់រៀបរាប់អំពីព្រះយេស៊ូវគ្រីស្ទ ទោះបីជាបទគម្ពីរដែលមិនបាននិយាយចំៗអំពីទ្រង់ក៏ដោយ។ នេះមានន័យថា រាល់បទគម្ពីរទាំងអស់សុទ្ធតែចង្អុលបង្ហាញអំពីព្រះគ្រីស្ទ ហើយមានតែទ្រង់មួយអង្គគត់ដែលអាចបំពេញបទគម្ពីរនោះបាន នៅពេលដែលទ្រង់យាងមក ហើយបំពេញព័ន្ធកិច្ចទាំងនោះ។ «មានតែតាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវមួយគត់ដែលអាចបើកពន្យល់នូវរាល់អត្ថន័យនៃបទគម្ពីរបាន។» (លោកគ្រូ ហ្គ្រេម ហ្គូលឌ៍វើរ៍ធី Graeme Goldsworthy, ដកស្រង់ចេញពីសៀវភៅ Preaching the Whole Bible as Christian Scripture, ទំព័រទី ៥៤)។
«រួចព្រះអង្គ ក៏ពន្យល់ប្រាប់ពួកគេគ្រប់សេចក្ដីដែលបានចែងអំពីព្រះអង្គនៅក្នុងបទគម្ពីរទាំងអស់ ចាប់ផ្ដើមពីគម្ពីរម៉ូសេ រហូតដល់គម្ពីររបស់ពួកអ្នកនាំព្រះបន្ទូល។» (លូកា ២៤:២៧ គគខ)
៣. ព្រះយេស៊ូវបានយាងមក ដើម្បីនឹងបំពេញរាល់ក្រឹត្យវិន័យ និងបទទំនាយរបស់ពួកហោរា។ គ្រប់ក្រឹត្យវិន័យ និងបទទំនាយពួកហោរាទាំងអស់ សុទ្ធតែចង្អុលបង្ហាញអំពីព្រះយេស៊ូវ សូម្បីតែនៅក្នុងបរិបទដែលមិនបានលើកឡើងអំពីទ្រង់ចំៗក៏ដោយ។ ព្រះអង្គបានសម្រេចនូវអ្វីៗដែលក្រឹត្យវិន័យតម្រូវឲ្យបំពេញ។
«កុំឲ្យគិតស្មានថា ខ្ញុំមកដើម្បីនឹងលើកក្រឹត្យវិន័យ ឬទំនាយពួកហោរាចោលឡើយ ខ្ញុំមិនមែនមកនឹងលើកចោលទេ គឺមកនឹងធ្វើឲ្យសម្រេចវិញ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានបាំងឈើ១ ឬក្បៀស១ នៅក្នុងក្រឹត្យវិន័យ ត្រូវបាត់ឡើយ ដរាបដល់កាលណាមេឃនឹងផែនដី បានកន្លងបាត់ទៅ គឺទាល់តែសេចក្ដីទាំងអស់បានសម្រេច ដោយសព្វគ្រប់។» (ម៉ាថាយ ៥:១៧-១៨)
៤. ព្រះយេស៊ូវបានបំពេញតាមគ្រប់សេចក្ដីសន្យារបស់ព្រះជាម្ចាស់ដែលបានចែងនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ នេះមានន័យថា នៅពេលដែលលោកអ្នកមានព្រះគ្រីស្ទ មិនយូរមិនឆាប់ លោកអ្នកក៏នឹងមានគ្រប់សេចក្ដីសន្យាដែលព្រះជាម្ចាស់បានសន្យាតាមរយៈព្រះគ្រីស្ទផងដែរ។
«ដ្បិតសេចក្ដីសន្យាទាំងឡាយរបស់ព្រះជាម្ចាស់សុទ្ធតែជា «បាទ» នៅក្នុងព្រះអង្គ ដូច្នេះហើយបានជាយើងថា «អាម៉ែន» ដែរ តាមរយៈព្រះអង្គសម្រាប់សិរីរុងរឿងរបស់ព្រះជាម្ចាស់។» (២កូរិនថូស ១:២០ គគខ)
៥. ព្រះគ្រីស្ទបានបំពេញតាមក្រឹត្យវិន័យបានយ៉ាងល្អឥតខ្ចោះ ហើយគ្រប់ទារុណកម្មទាំងអស់ទាស់នឹងរាស្ត្ររបស់ព្រះជាម្ចាស់ដែលមានពេញដោយអំពើបាប ត្រូវបានចាក់មកលើព្រះគ្រីស្ទ។ ហេតុដូច្នេះហើយបានជាឥឡូវនេះ ក្រឹត្យវិន័យលែងជាវិធីដែលនាំឲ្យយើងបានសុចរិតទៀតហើយ តែគឺព្រះគ្រីស្ទវិញទេ ដែលជាផ្លូវនាំឲ្យយើងបានសុចរិត។ គោលបំណងច្បង ហើយសំខាន់នៃក្រឹត្យវិន័យ គឺឲ្យយើងសម្លឹងមើលទៅឯព្រះគ្រីស្ទ មិនមែនឲ្យយើងព្យាយាមត្រាប់តាមក្រឹត្យវិន័យ ដើម្បីទទួលបានសេចក្ដីសុចរិតឡើយ។
«ដ្បិតព្រះគ្រីស្ទជាអ្នកសម្រេចក្រឹត្យវិន័យ ដើម្បីឲ្យអ្នកជឿទាំងអស់ទទួល (បាន) សេចក្ដីសុចរិត។» (រ៉ូម ១០:៤ គគខ)
ហេតុដូច្នេះហើយបានជាតាមរយៈការយាងមករបស់ព្រះគ្រីស្ទ គ្រប់អ្វីៗទាំងអស់ត្រូវបានបំផ្លាស់បំប្រែ៖
ក. ដោយសារព្រះយេស៊ូវបានបំពេញតាមរាល់ក្រឹត្យវិន័យ ដូច្នេះលែងមានយញ្ញបូជាឈាម ដែលចង្អុលបង្ហាញអំពីព្រះយេស៊ូវទៀតហើយ។ ព្រះអង្គជាយញ្ញបូជាចុងក្រោយជំនួសអំពើបាប ហើយក៏គ្មានអ្នកណាអាចធ្វើដូចទ្រង់បានដែរ។ «ព្រះអង្គមិនបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ តែបានយកឈាមរបស់ព្រះអង្គផ្ទាល់ចូលក្នុងទីបរិសុទ្ធបំផុតតែម្ដងជាការស្រេច ទាំងទទួលបានសេចក្ដីប្រោសលោះដ៏អស់កល្បជានិច្ច។» (ហេព្រើរ ៩:១២ គគខ)
ខ. លែងមានសង្ឃដែលឈររវាងអ្នកថ្វាយបង្គំព្រះជាម្ចាស់ និងព្រះជាម្ចាស់ទៀតហើយ។ «ម្យ៉ាងទៀត មានមនុស្សជាច្រើនបានធ្វើជាសង្ឃ ព្រោះសេចក្ដីស្លាប់បានរារាំងពួកគេមិនឲ្យបន្តមុខងារនោះបានទៀត ប៉ុន្តែដោយព្រោះព្រះយេស៊ូវគង់នៅអស់កល្បជានិច្ច នោះមុខងារជាសង្ឃរបស់ព្រះអង្គមិនផ្ទេរឲ្យអ្នកណាឡើយ។» (ហេព្រើរ ៧:២៣-២៤)
គ. លែងមានព្រះវិហារនៅលើផែនដីទុកជាកន្លែងថ្វាយបង្គំទៀតហើយ។ ឥឡូវនេះ ព្រះគ្រីស្ទផ្ទាល់ជាចំណុចស្នូលនៃការថ្វាយបង្គំ។ ព្រះអង្គជា «ទីកន្លែង» ជា «ត្រសាល» និងជា «ព្រះវិហារ» សម្រាប់ឲ្យយើងទៅជួបព្រះជាម្ចាស់។ ដូច្នេះហើយបានជាគ្រីស្ទសាសនាមិនមានទីតាំងសម្រាប់ប្រជុំគ្នាទៀតទេ។ គ្មានក្រុង មេកា (Mecca) ហើយគ្មានក្រុង យេរូសាឡឹម (Jerusalem) ទៀតទេ។ យ៉ូហាន ៤:២១, ២៣ «ព្រះយេស៊ូវមានបន្ទូលទៅនាងថា៖ «នាងអើយ! ចូរជឿខ្ញុំចុះថា នឹងមានពេលមួយមកដល់ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតានៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទៀតឡើយ…ប៉ុន្តែនឹងមានពេលមួយមកដល់ គឺពេលនេះហើយ ដែលពួកអ្នកថ្វាយបង្គំពិតប្រាកដ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ដ្បិតព្រះវរបិតាស្វែងរកពួកអ្នកដែលថ្វាយបង្គំព្រះអង្គបែបនេះ»» (គគខ)។ យ៉ូហាន ២:១៩, ២១ «ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅពួកគេថា៖ «ចូរបំផ្លាញព្រះវិហារនេះចុះ នោះខ្ញុំនឹងសង់ឡើងវិញក្នុងរយៈពេលបីថ្ងៃ…គឺព្រះអង្គកំពុងមានបន្ទូល អំពីព្រះវិហារ ដែលជារូបកាយរបស់ព្រះអង្គ» (គគខ)។ ម៉ាថាយ ១៨:២០ «ដ្បិតកន្លែងណាដែលមាន២ឬ៣នាក់ ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្ដាលចំណោមអ្នកទាំងនោះដែរ» (គគខ)។
ឃ. ព្រះយេស៊ូវបានបំពេញតាមក្រឹត្យវិន័យទាំងអស់ទាក់ទងនឹងចំណីអាហារ ដែលជាទីសម្គាល់ក្នុងការញែកសាសន៍អ៊ីស្រាអែលចេញពីសាសន៍ដទៃ។ «ព្រះអង្គក៏មានបន្ទូលទៅគេថា៖ «…តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីនៅខាងក្រៅ ដែលចូលក្នុងមនុស្សមិនអាចធ្វើឲ្យមនុស្សមិនបរិសុទ្ធបានទេនោះ?…ដូច្នេះអាហារទាំងអស់សុទ្ធតែស្អាតទេ»» (ម៉ាកុស ៧:១៨-១៩ គគខ)។
ង. ការបង្កើតច្បាប់រដ្ឋប្បវេណីដោយផ្អែកលើជាតិសាសន៍ ដែលព្រះជាម្ចាស់បានគ្រងរាជ្យដោយផ្ទាល់ លែងមានទៀតហើយ។ រាស្ត្ររបស់ព្រះជាម្ចាស់លែងជាការរួបរួមខាងនយោបាយ ឬក៏ជាតិសាសន៍ ឬប្រទេស ឬក៏ជារដ្ឋទៀតហើយ ប៉ុន្តែរាស្ត្ររបស់ទ្រង់ជា «ពួកឈ្លើយ ឬ «ជាអ្នកដទៃ» នៅក្នុងចំណោមជាតិសាសន៍ និងរដ្ឋនានា។ ដូច្នេះ ព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់រដ្ឋាភិបាល គឺមិនមែនឲ្យយើងពឹងលើព្រះគម្ពីរសញ្ញាចាស់ដូចដែលទ្រង់បានសោយរាជ្យនោះទេ។ ប៉ុន្តែឥឡូវនេះ រដ្ឋាភិបាលគួរតែត្រូវបានបង្កើតឡើងពីកន្លែងមួយទៅកន្លែងមួយទៀត ពីសម័យកាលមួយទៅសម័យកាលមួយទៀត ដោយពឹងលើការដែលទ្រង់សោយរាជ្យលើមនុស្សទាំងអស់ ហើយរដ្ឋាភិបាលនោះគួរតែស្ដាប់បង្គាប់ទ្រង់ដោយពិតប្រាកដ និងចាក់ឫសនៅក្នុងសេចក្ដីជំនឿលើព្រះគ្រីស្ទ ហើយក៏មិនគួរឲ្យមានការបង្ខិតបង្ខំពីច្បាប់ដែរ។ រដ្ឋាភិបាលគួរតែមានមូលដ្ឋាននៅលើព្រះជាម្ចាស់ ប៉ុន្តែមិនមែនពឹងលើក្រឹត្យវិន័យរបស់ព្រះជាម្ចាស់នោះទេ។ រ៉ូម ១៣:១ «មនុស្សគ្រប់គ្នាត្រូវចុះចូលនឹងរដ្ឋអំណាច ដ្បិតសិទ្ធិអំណាចទាំងនោះមកពីព្រះជាម្ចាស់ ហើយសិទ្ធិអំណាចដែលកំពុងមាននេះក៏ព្រះអង្គបានតែងតាំងដែរ» (គគខ)។ យ៉ូហាន ១៨:៣៦ «ព្រះយេស៊ូវមានបន្ទូលឆ្លើយថា៖ «នគររបស់ខ្ញុំមិនមែននៅក្នុងលោកីយ៍នេះទេ បើនគររបស់ខ្ញុំនៅក្នុងលោកីយ៍នេះមែន នោះពួកអ្នកបម្រើរបស់ខ្ញុំមុខជាវាយតយុទ្ធវិញមិនខាន ដើម្បីកុំឲ្យគេបញ្ជូនខ្ញុំទៅជនជាតិយូដា ប៉ុន្តែឥឡូវនេះ នគររបស់ខ្ញុំមិនមែននៅទីនេះទេ»» (គគខ)។
ចូរយើងនាំគ្នាថ្វាយបង្គំភាពឧដុង្គឧត្តមរបស់ព្រះគ្រីស្ទ ដ្បិតទ្រង់បាននាំឲ្យមានការបំផ្លាស់បំប្រែដ៏ធំធេងនៅលើផែនដីនេះ។
មតិយោបល់
Loading…