មិត្តអ្នកអានម្នាក់បានផ្ញើសារមកសួរយើងដូចតទៅ៖ «លោកគ្រូ ខ្ញុំជាគ្រីស្ទបរិស័ទម្នាក់ដែលបានកើតជាថ្មី ដែលពីមុនខ្ញុំធ្លាប់រស់នៅក្នុងជីវិតនៃភេទទីបី។ ព្រះជាម្ចាស់បានប្រើប្រាស់ទេវវិទ្យានៃការរងទុក្ខ និងការបាក់បែករបស់លោកគ្រូ ដើម្បីជួយខ្ញុំក្នុងការយកឈ្នះលើសេចក្ដីប្រាថ្នាបែបនោះខាងឯផ្លូវភេទ ដែលមិនបង្ហាញអំពីការកោតខ្លាចព្រះជាម្ចាស់? ប៉ុន្តែ ឥឡូវនេះយើងខ្ញុំមានការតយុទ្ធថ្មីមួយទៀត—ការតយុទ្ធនឹងភាពខ្ជិលច្រអូស។ តើលោកគ្រូមានការប្រឹក្សាអ្វីខ្លះក្នុងការតយុទ្ធនឹងអំពើបាបមួយនេះចំពោះខ្ញុំ?»។
រោគវិនិច្ឆ័យខាងឯសាច់ឈាម
វាទំនងជាចម្លែកបន្តិច ប៉ុន្តែអ្វីដែលយើងខ្ញុំនឹងលើកឡើងមុនគេបង្អស់គឺបើកអ៊ុតមើលគ្រឿងម៉ាស៊ីនបន្តិចសិន។ អ្វីដែលខ្ញុំចង់មានន័យនោះគឺថា តើគាត់មានបញ្ហាខាងឯឈាមដូចជាជំងឺពកកដែរឬទេ? តើគាត់បានសម្រាកគ្រប់គ្រាន់ដែរឬទេ? តើគាត់បរិភោគដោយគិតអំពីសុខភាពដែរឬទេ? មានរឿងជាច្រើននៅក្នុងជីវិតគ្រីស្ទបរិស័ទដែលយើងគិតថា ជាការខ្វះខាតខាងឯព្រលឹងវិញ្ញាណ ដែលតាមពិតទៅវាពាក់ព័ន្ធនឹងសាច់ឈាមសោះ។
ប្រមាណជា១០ឆ្នាំមុន យើងខ្ញុំឧស្សាហ៍អស់កម្លាំងណាស់ ហើយយើងខ្ញុំក៏មិនអាចពន្យល់ពីមូលហេតុបានដែរ។ នៅពេលដែលយើងខ្ញុំបានទៅជួបគ្រូពេទ្យ គាត់បានមានប្រសាសន៍ថា «តាមពិតទៅ លោកដឹងទេ ខ្ញុំគិតថាមិនមានបញ្ហាអ្វីឡើយ ប៉ុន្តែតោះចូរយើងឆែកមើលជំងឺបំពង់ករបស់លោកសិន»។ ដប់ពីរម៉ោងក្រោយមក គាត់ក៏បានទូរស័ព្ទមកយើងខ្ញុំ ហើយនិយាយថា «លោកមានជំងឺពកកយ៉ាងខ្លាំងធ្ងន់ធ្ងរ។ ខ្ញុំមិនដឹងថា លោកនៅមានដំណើរការរស់នៅបានយ៉ាងដូចម្ដេចសោះ»។
គាត់ក៏បានឲ្យយើងខ្ញុំលេបថ្នាំ ហើយរឿងនោះក៏បានផ្លាស់ប្ដូរ។ កាលនោះ ប្រសិនបើយើងខ្ញុំព្យាយាមភ្ជាប់ការអស់កម្លាំងរបស់យើងខ្ញុំជាមួយនឹងរឿងខាងវិញ្ញាណ នោះយើងខ្ញុំនឹងមើលរំលងជំងឺនោះទាំងស្រុង។ យើងខ្ញុំបានជាពីជំងឺពកកហើយ។ មិនថាយើងខ្ញុំខិតខំព្យាយាមអានព្រះគម្ពីររបស់ខ្លួនអស់ប៉ុន្មានជំពូកក៏ដោយ ក៏វានឹងមិននាំឲ្យមានការផ្លាស់ប្រែដែរ។ ដូច្នេះ នោះគឺជាចំណុចដំបូងដែលយើងខ្ញុំនឹងធ្វើ។ ប៉ុន្តែ តាមពិតទៅ គាត់មិនកំពុងតែសួរអំពីចំណុចនេះនោះទេ។ គាត់កំពុងតែលើកឡើងថា «ខ្ញុំគិតថា ខ្ញុំមានបញ្ហាខាងឯអំពើបាប។ ទាក់ទងនឹងបញ្ហានេះ តើលោកគ្រូអាចជួយខ្ញុំបានដែរឬទេ?»
ទេវវិទ្យានៃការខំធ្វើការ
ការប្រឹក្សាដំបូងរបស់យើងខ្ញុំគឺលើកទឹកចិត្តឲ្យគាត់ចាប់ផ្ដើមសិក្សានៅក្នុងដើមដំបូងនៃព្រះគម្ពីរ ហើយឲ្យគាត់យល់ដោយមានទេវវិទ្យានៃការធ្វើការឲ្យបានល្អសិន។
ការងារមិនមែនជាបណ្ដាសានោះទេ ប៉ុន្តែការអាក់អន់ចិត្តនឹងការងារគឺជាបណ្ដាសា។ «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកអ័ដាមទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការហើយថែរក្សា» (លោកុប្បត្ដិ ២:១៥)។ ការនេះមានមុនការធ្លាក់ក្នុងអំពើបាបទៅទៀត។ ដូច្នេះ ចូរមានទេវវិទ្យានៃការធ្វើការដ៏ល្អ មាំមួន និងវិជ្ជមានចុះ។ សូមទទួលស្គាល់ថា ព្រះជាម្ចាស់បានដាក់យើងនៅលើពិភពលោកនេះ ដើម្បីឲ្យមានចំណែកក្នុងការធ្វើការ និងការបង្កើតជាមួយនឹងព្រះអង្គ។
ព្រះគម្ពីរបានចែងថា «ដ្បិតយើងរាល់គ្នាជាស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម» (អេភេសូរ ២:១០)។ ឬក៏ថា «ការអ្វីដែលដៃឯងអាចធ្វើបាន នោះចូរធ្វើដោយអស់ពីកម្លាំងចុះ» (សាស្ដា ៩:១០)។ ឬក៏ថា «ហើយការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ» (កូឡូស ៣:២៣)។
គោលបំណងរបស់ខគម្ពីរទាំងនោះ គឺដើម្បីឲ្យយើងមានទេវវិទ្យានៃការធ្វើការយ៉ាងរឹងមាំ ក្នុងការដែលយើងរំពឹងមើលអ្វីដែលយើងកំពុងធ្វើក្នុងអំឡុងថ្ងៃនោះ៖ ការភ្ញាក់ឡើង ការមានកម្លាំងផលិតកម្ម ការធ្វើឲ្យអ្វីមួយចំនួនដំណើរការបាន ការបង្កើតអ្វីមួយ ការសម្អាតបន្ទប់ ការលាងឡានម៉ូតូ ការជួសជុលហ្វ្រាំង ការសរសេរកូដក្នុងកម្មវិធីកុំព្យូទ័រ ការមើលថែអ្នកឈឺ ឬក៏ការចម្អិនអាហារដ៏ឆ្ងាញ់ពិសា។ល។ ទាំងអស់នេះព្រះជាម្ចាស់បានប្រទានពរថាជាអ្វីដែលទ្រង់សព្វព្រះហរទ័យឲ្យអ្នករួមការងារ និងរួមចំណែករបស់ទ្រង់ធ្វើ។
ការងារតាមរយៈព្រះគុណ
បន្ទាប់ពីគាត់បានយល់ដោយមានទេវវិទ្យានៃការធ្វើការយ៉ាងរឹងមាំ នោះចំណុចមួយទៀតដែលយើងខ្ញុំនឹងចង្អុលបង្ហាញទៅកាន់គាត់គឺអំពីការព្រមានមួយចំនួនទាក់ទងទៅនឹងភាពខ្ជិល។ ឧទាហរណ៍៖ សាវ័ក ប៉ុល បានមានប្រសាសន៍នៅក្នុងកណ្ឌគម្ពីរ ២ថែស្សាឡូនីច ៣:១០ ថា «បើអ្នកណាមិនចង់ធ្វើការ មិនត្រូវទាំងឲ្យអ្នកនោះបរិភោគផង»។
បន្ទាប់មក ទំនងចំណុចចុងក្រោយដែលយើងខ្ញុំនឹងលើកឡើង ទាក់ទងនឹងការខំធ្វើការមានន័យថា គាត់ត្រូវចាប់យកឱកាសនៅពីមុខខ្លួន តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងគាត់។ យើងខ្ញុំនឹងចង្អុលបង្ហាញនូវខគម្ពីរដែលយើងខ្ញុំពេញចិត្តមួយគឺកណ្ឌគម្ពីរ ១កូរិនថូស ១៥:១០ «ប៉ុន្តែ ដែលខ្ញុំបានជាយ៉ាងណា នោះគឺបានដោយព្រះគុណនៃព្រះទេ ហើយព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំ នោះមិនមែនជាអសារឥតការឡើយ ដ្បិតខ្ញុំបានខំធ្វើការលើសជាងអ្នកទាំងនោះសន្ធឹកណាស់ ប៉ុន្តែ មិនមែនជាខ្ញុំ គឺជាព្រះគុណនៃព្រះ ដែលសណ្ឋិតនៅនឹងខ្ញុំវិញ»។
យើងខ្ញុំនឹងព្យាយាមជួយគាត់ឲ្យរកឃើញរបៀបនៃការអនុវត្តព្រះហឫទ័យរបស់ព្រះអង្គក្នុងតួនាទីនៃការធ្វើការយ៉ាងនឿយហត់ ក្នុងរបៀបដែលថា ក្នុងពេលដែលគាត់កំពុងតែធ្វើនោះ និងបន្ទាប់ពីគាត់បានធ្វើវាហើយ នោះគាត់ក៏នឹងមានអារម្មណ៍ដោយដឹងថា ព្រះជាម្ចាស់កំពុងតែធ្វើការនៅក្នុងយើងខ្ញុំ។ ដូចដែលសាវ័ក ប៉ុល បានមានប្រសាសន៍ថា «នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា» (ភីលីព ២:១២-១៣)។ នេះគឺជាអ្វីដែលយើងខ្ញុំគិតថា ផ្ដល់ជូននូវអត្ថន័យនៃការធ្វើការក្នុងជីវិតនេះដ៏ខ្ពស់បំផុត។
ដូច្នេះ នេះគឺជាការប្រឹក្សារបស់យើងខ្ញុំ។ យើងខ្ញុំនឹងមើលម្ដងមួយៗ ហើយព្យាយាមវែកញែកអំពីតម្រូវការដ៏ពិតនៃបុគ្គលនោះ។ ប៉ុន្តែ នោះគឺជាគោលការណ៍ពីព្រះគម្ពីរដែលយើងខ្ញុំនឹងជីកមើលជាមួយនឹងគាត់។
ការខិតខំប្រឹងធ្វើការមិនមែនជាលទ្ធផលនៃការធ្លាក់ក្នុងអំពើបាបនោះទេ ប៉ុន្តែជាអំណោយទានវិញ។ ប្រសិនបើយើងនឹងប្រឆាំងជាមួយនឹងភាពខ្ជិលច្រអូស នោះយើងត្រូវតែបង្កើតឲ្យមានទេវវិទ្យាល្អនៃការធ្វើការ។
មតិយោបល់
Loading…