មានឪពុកម្ដាយជាច្រើននាក់បានទំនាក់ទំនងមកកាន់ខ្ញុំជាញឹកញាប់ ហើយសួរថាតើមានសៀវភៅចំណាយពេលជាមួយនឹងព្រះ ឬក៏ព្រះគម្ពីរសិក្សាណាដែលខ្ញុំអាចលើកទឹកចិត្តឲ្យពួកគាត់ប្រើប្រាស់ជាមួយនឹងកូនរបស់ពួកគាត់ដែលស្ថិតក្នុងវ័យជំទង់បានដែរឬទេ។ ខណៈពេលដែលកូនចៅយើងឈានចូលវ័យជំទង់ ទំនួលខុសត្រូវរបស់យើងក្នុងនាមជាឪពុកម្ដាយគឺជួយឲ្យពួកគាត់បង្កើតទម្លាប់ល្អៗក្នុងការសិក្សាព្រះគម្ពីរ។ ការរកឃើញនូវរបៀបដែលមានភាពស៊ីគ្នាជាមួយនឹងវ័យរបស់ពួកគាត់ ក៏ដូចជាអាចងាយនឹងគ្រប់គ្រងលើបានគឺជាចំណុចគន្លឹះ។ ខ្ញុំសូមលើកទឹកចិត្តលោកអ្នកឲ្យគ្រាន់តែអានព្រះគម្ពីរជាមួយនឹងក្មេងជំទង់នោះនៅក្នុងផ្ទះរបស់លោកអ្នកនៅក្នុងរបៀបដែលជាគំរូដល់ពួកគាត់ ក៏ដូចជាការបង្ហាត់បង្រៀនឲ្យពួកគាត់ស្គាល់ព្រះគម្ពីរសិន—លោកអ្នកមិនចាំបាច់មានធនធានពិសេសសម្រាប់ក្មេងជំទង់ទេ។
ការធ្វើបែបនោះនឹងនាំឲ្យក្មេងជំទង់របស់លោកអ្នកបានឃើញនូវធនធានបែបចំណាយពេលជាមួយនឹងព្រះ ក៏ដូចជាការសិក្សាលើប្រធានបទនៅគ្រប់កន្លែង ហេតុដូច្នេះហើយបានជាពួកគាត់មិនចាំបាច់ត្រូវមានធនធានណាមួយដែលសរសេរឡើងសំដៅទៅលើវ័យរបស់ពួកគាត់ទេ។ មានក្មេងជំទង់ជាច្រើននាក់កំពុងតែខ្វះខាតនូវឧបករណ៍មូលដ្ឋាន ដើម្បីជួយឲ្យពួកគាត់អាន និងសិក្សាព្រះគម្ពីរដោយខ្លួនឯង។ តាមរយៈការដឹកនាំពួកគេក្នុងរបៀបសិក្សាមូលដ្ឋានគ្រឹះមួយចំនួន នោះលោកអ្នកអាចជួយឲ្យពួកគាត់ចេះមានការវែកញែកបានយ៉ាងល្អប្រសើរ ដែលទាក់ទងទៅនឹងការប្រើប្រាស់សៀវភៅចំណាយពេលជាមួយនឹងព្រះជាម្ចាស់ និងការសិក្សាបែបប្រធានបទ ហើយពួកគាត់ក៏នឹងទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំង ខណៈពេលដែលប្រធានបទនៃធនធានទាំងនោះចាប់ផ្ដើមផ្ដល់ជូនពួកគាត់នូវចំណេះដឹងផ្ទាល់អំពីព្រះគម្ពីរ ដែលក្មេងជំទង់ជាច្រើននាក់មិនទាន់ចេះធ្វើនៅឡើយ។
ខាងក្រោមនេះគឺជារបៀបដ៏សាមញ្ញមួយ ដែលលោកអ្នកអាចយកទៅកែច្នៃ ដើម្បីប្រើប្រាស់ឲ្យមានភាពស៊ីគ្នាជាមួយនឹងវ័យជំទង់របស់ពួកគាត់។
១. សូមជ្រើសរើសយកកណ្ឌគម្ពីរណាមួយនៅក្នុងព្រះគម្ពីរ ដើម្បីអាន និងពិភាក្សាជាមួយគ្នា
ប្រសិនបើលោកអ្នកមិនធ្លាប់បានសិក្សាជាមួយគ្នា សូមចាប់ផ្ដើមជាមួយនឹងកណ្ឌគម្ពីរខ្លីៗ ដែលមានដូចជាកណ្ឌគម្ពីរយ៉ូណាស ឬក៏កណ្ឌគម្ពីរយ៉ាកុប។ ប្រសិនបើអាចទៅរួចបាន សូមព្យាយាមសិក្សាកណ្ឌគម្ពីរវែងៗដែលមានដូចជាកណ្ឌគម្ពីរលោកុប្បត្ដិ ឬក៏ហេព្រើរ ខណៈពេលដែលលោកអ្នកនៅមានឱកាសណែនាំ ក៏ដូចជាកែច្នៃរបៀបសិក្សារបស់ពួកគាត់។ គោលបំណងគឺដើម្បីនាំឲ្យក្មេងជំទង់របស់លោកអ្នកឃើញអំពីតម្លៃនៃការសិក្សាកណ្ឌគម្ពីរទាំងមូលពីដើមដល់ចប់ ដែលនេះផ្ទុយពីការគ្រាន់តែសិក្សាបែបជាប្រធានបទ ឬក៏បែបជាការចំណាយពេលជាមួយនឹងព្រះជាម្ចាស់។ ប្រសិនបើក្រុមជំនុំរបស់លោកអ្នកកំពុងតែអធិប្បាយបែបជាលំដាប់លំដោយលើកណ្ឌគម្ពីរទាំងមូលណាមួយនៃព្រះគម្ពីរ នោះអ្វីដែលអ្នកអាចធ្វើបានគឺរៀបចំកាលវិភាគសិក្សារបស់លោកអ្នកឲ្យមានភាពស៊ីគ្នាជាមួយនឹងកាលវិភាគនៃការអធិប្បាយ ដើម្បីបន្ថែមលើអ្វីដែលលោកអ្នកកំពុងតែសិក្សា។
២. សូមថតចម្លងកណ្ឌគម្ពីរនៃព្រះគម្ពីរដែលលោកអ្នកបានជ្រើសរើស ដែលមានសល់ចន្លោះសម្រាប់ការសរសេរ និងការពន្យល់
លោកអ្នកអាចធ្វើការនេះបានតាមរយៈការជ្រើសរើស និងចម្លង (select & copy) ដាក់ក្នុងកម្មវិធីមើលឯកសារ មួយជំពូកម្ដងៗចេញពីគេហទំព័រ my.bible.com បន្ទាប់ពីលោកអ្នកបានប្ដូរភាសាព្រះគម្ពីរទៅជាភាសាខ្មែរ។ លោកអ្នកអាចដូរទំហំអក្សរឲ្យរៀងធំ ក៏ដូចជាចន្លោះបន្ទាត់ទៅជា ១.៥ ដើម្បីឲ្យលោកអ្នកមានចន្លោះសរសេរ។
៣. ដាក់កាលវិភាគឲ្យបានជួបគ្នាក្នុងមួយអាទិត្យម្ដង សម្រាប់សិក្សា៣០នាទី
សូមប្រើប្រាស់ផែនការអាន ដើម្បីជួយលោកអ្នកឲ្យញែកខគម្ពីរ ក្នុងរបៀបដែលអាចអានជាលំដាប់បាន។ គេបានរៀបផែនការអានព្រះគម្ពីរជាច្រើនឡើងសម្រាប់អានជាប្រចាំថ្ងៃ ដើម្បីអានព្រះគម្ពីរឲ្យចប់ទាំងមូលក្នុងពេលវេលាជាក់លាក់ណាមួយ។ សូមគ្រាន់តែកែច្នៃផែនការអានជាប្រចាំថ្ងៃឲ្យក្លាយទៅជាផែនការអានជាប្រចាំអាទិត្យវិញ សម្រាប់កណ្ឌគម្ពីរដែលលោកអ្នកបានជ្រើសរើសចុះ។ ឧទាហរណ៍៖ លោកអ្នកអាចប្រើប្រាស់ផែនការអានព្រះគម្ពីរនេះ ឬក៏ផែនការអានព្រះគម្ពីររបស់នំម៉ាណាប្រចាំថ្ងៃ ដែលរៀបចំការអានកណ្ឌគម្ពីរយ៉ាកុបឲ្យចប់ក្នុងអំឡុងពេលប្រាំថ្ងៃ ប៉ុន្តែលោកអ្នកអាចច្នៃឲ្យក្លាយទៅជាការអានកណ្ឌឲ្យចប់ក្នុងរយៈពេលប្រាំអាទិត្យវិញ ដោយអានមួយអាទិត្យមួយជំពូក។ សូមសរសេរចូលក្នុងកាលវិភាគរបស់លោកអ្នកអំពីពេលពិភាក្សាគ្នាដែលមានថ្ងៃជាក់លាក់ មានការពន្យល់ និងជំពូកដែលនឹងត្រូវសិក្សា។ កាលវិភាគសម្រាប់ការអានកណ្ឌគម្ពីរយ៉ាកុប ទំនងជាអាចមានដូចនេះ៖
អាទិត្យ ការពិភាក្សា
១ សំណួរលើសេចក្ដីណែនាំ
២ យ៉ាកុប ១
៣ យ៉ាកុប ២
៤ យ៉ាកុប ៣
៥ យ៉ាកុប ៤
៦ យ៉ាកុប ៥
៤. សូមយល់អំពីទិដ្ឋភាពនៃទស្សនៈធំ
សម្រាប់ការពិភាក្សាដំបូងរបស់លោកអ្នក សូមស្នើឲ្យក្មេងជំទង់របស់លោកអ្នកមកសិក្សា ដោយមានចម្លើយលើសំណួរនានាខាងក្រោមនេះអំពីកណ្ឌគម្ពីរដែលលោកអ្នកបានជ្រើសរើស៖
- តើអ្នកណាជាអ្នកនិពន្ធកណ្ឌគម្ពីរនេះ?
- តើកណ្ឌគម្ពីរនេះត្រូវបាននិពន្ធផ្ញើទៅកាន់អ្នកណា?
- តើកណ្ឌគម្ពីរនេះត្រូវបាននិពន្ធឡើងនៅពេលណា?
- តើកណ្ឌគម្ពីរនេះត្រូវបាននិពន្ធឡើងក្នុងបែបអក្សរសាស្ត្រមួយណា?
- តើអ្វីទៅជាប្រធានបទស្នូលនៃកណ្ឌគម្ពីរនេះ?
សៀវភៅព្រះគម្ពីរសិក្សាដ៏ល្អមួយអាចផ្ដល់ជូននូវចម្លើយតាមនោះ ឬក៏ធនធានតាមបណ្ដាញគេហទំព័រដូចជាផ្លូវពិត។ ខ្ញុំក៏លើកទឹកចិត្តឲ្យបងប្អូនប្រើប្រាស់ BibleProject – Khmer / ខ្មែរ ដែលផ្ដល់ជូននូវទិដ្ឋភាពទូទៅលើកណ្ឌគម្ពីរនៃព្រះគម្ពីរ។ (សូមចុចត្រង់នេះដើម្បីមើលទិដ្ឋភាពទូទៅលើកណ្ឌគម្ពីរយ៉ាកុប ដើម្បីឲ្យលោកអ្នកឃើញអំពីអ្វីដែលពួកគាត់ផ្ដល់ជូន។)
ខណៈពេលដែលលោកអ្នកអានជាមួយគ្នាក្នុងកណ្ឌគម្ពីរ ដែលលោកអ្នកបានជ្រើសរើស សូមជួយឲ្យក្មេងជំទង់របស់លោកអ្នកគិតអំពីរបៀបដែលចម្លើយលើសំណួរទាំងនេះផ្ដល់ជារូបរាងលើការយល់ដឹងរបស់ពួកគាត់អំពីសារនៃកណ្ឌគម្ពីរនោះ។
៥. សូមត្រៀមការពិភាក្សា
រៀងរាល់អាទិត្យ មុនលោកអ្នកជួបគ្នាដើម្បីពិភាក្សាលើជំពូកនីមួយៗ ទាំងលោកអ្នក និងក្មេងជំទង់របស់លោកអ្នកត្រូវតែត្រៀមជាមុនដោយធ្វើដូចតទៅ៖
- សូមអានជំពូកសម្រាប់អាទិត្យនោះពីដើមដល់ចប់។
- នៅក្នុងចន្លោះនៃការចម្លងជំពូក៖
១. សូមសរសេរ (ឬក៏គូសលើ) ប្រធានបទស្នូលនៃជំពូកនោះ។
២. សូមសរសេរមួយទៅពីរប្រយោគ ដោយសង្ខេបអំពីអ្វីដែលលោកអ្នកបានអាន។
៣. សូមស្វែងរកនូវលក្ខណសម្បត្តិមួយអំពីព្រះជាម្ចាស់ដែលនៅក្នុងជំពូកនោះកំពុងតែបង្រៀន។ (នេះគឺជាលក្ខណសម្បត្តិមួយចំនួន ដែលអាចជួយដល់ក្មេងជំទង់របស់លោកអ្នក ខណៈពេលដែលពួកគាត់ហាត់អានព្រះគម្ពីរដោយផ្ដោតទៅលើព្រះជាម្ចាស់៖ ១. ព្រះដ៏ឯកអង្គ; ២. ព្រះដ៏មានគ្រប់ទាំងព្រះតម្រិះ; ៣. ព្រះដ៏មានបញ្ញាញាណ; ៤. ព្រះដ៏ពេញដោយបុព្វញាណ; ៥. ព្រះដ៏ឧដុង្គឧត្ដម; ៦. ព្រះដ៏មានអធិបតេយ្យភាព; ៧. ព្រះដ៏មិនចេះប្រែប្រួល; ៨. ភាពបរិសុទ្ធរបស់ព្រះ; ៩. ព្រះដ៏មានសព្វានុភាព; ១០. ព្រះដ៏ស្មោះត្រង់; ១១. ព្រះដ៏សប្បុរស; ១២. ព្រះដ៏អត់ធ្មត់; ១៣. ព្រះដែលប្រកបដោយព្រះគុណ; ១៤. ព្រះដែលប្រកបដោយសេចក្ដីមេត្តាករុណា; ១៥. ព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់; ១៦. ព្រះដ៏មានសេចក្តីក្រោធ; ១៧. ការសញ្ជឹងគិតលើព្រះជាម្ចាស់)។ - សូមសរសេរចុះនូវចំណុចពីរយ៉ាង ដែលលោកអ្នកបានឃើញក្នុងចុងក្រដាស។
- សូមសរសេរចុះនូវសំណួរពីរយ៉ាង ដែលលោកអ្នកមានអំពីអ្វីដែលលោកអ្នកបានអាន។
៦. សូមជួបដើម្បីពិភាក្សាគ្នា
សូមលើកឡើងអំពីអ្វីដែលលោកអ្នកបានកត់សម្គាល់ចុះ ក្នុងឯកសារថតចម្លងរបស់លោកអ្នក ខណៈពេលដែលលោកអ្នកសិក្សាដោយផ្ទាល់ខ្លួន។ សូមប្រៀបធៀបចម្លើយ ការសង្កេត និងសំណួររបស់ខ្លួន។ សូមស្វែងរកចម្លើយលើសំណួររបស់លោកអ្នកក្នុងសេចក្ដីអត្ថាធិប្បាយណាមួយដែលលោកអ្នកមាន ឬក៏ក្នុងសៀវភៅព្រះគម្ពីរសិក្សា។ លោកអ្នកក៏អាចទៅស្វែងរកចម្លើយដោយផ្ទាល់ខ្លួន បន្ទាប់ពីលោកអ្នកបានជួបគ្នា ហើយពិភាក្សាលើចម្លើយនោះនៅអាទិត្យបន្ទាប់ក៏បាន។
ហើយបន្ទាប់មក សូមស្វែងរកសំណួរផ្សេងៗទៀតជាមួយគ្នា៖
- តើជំពូកនេះមានភាពស៊ីគ្នាជាមួយនឹងកណ្ឌគម្ពីរទាំងមូលយ៉ាងដូចម្ដេច? តើវាហូរចេញពីជំពូកមុនដូចម្ដេច?
- តើជំពូកនេះបានផ្ដល់ជាព័ន្ធកិច្ចដល់អ្នកស្ដាប់ដំបូងដោយរបៀបណា?
- តើជំពូកនេះបានផ្ដល់ជាព័ន្ធកិច្ចដល់យើងឥឡូវនេះដោយរបៀបណា?
១. តើមានអំពើបាបណាមួយដែលលោកអ្នកត្រូវលន់តួដែរឬទេ?
២. តើមានបុព្វហេតុណាដែលបណ្ដាលឲ្យលោកអ្នកអរព្រះគុណព្រះជាម្ចាស់ ឬក៏សរសើរតម្កើងទ្រង់ដែរឬទេ?
៣. តើមានសេចក្ដីសន្យា ឬក៏សេចក្ដីពិតណាមួយ ដែលលោកអ្នកអាចទុកចិត្តបានក្នុងនេះដែរឬទេ?
៤. តើមានអាកប្បកិរិយាណាមួយដែលលោកអ្នកត្រូវតែផ្លាស់ប្ដូរ ឬក៏ចំណុចជំរុញណាមួយដែលលោកអ្នកត្រូវតែត្រួតពិនិត្យដែរឬទេ?
៥. តើមានបទបញ្ជាណាមួយដែលលោកអ្នកត្រូវតែស្តាប់បង្គាប់ ឬក៏មានគំរូណាមួយដែលលោកអ្នកត្រូវតែត្រាប់តាមដែរឬទេ?
៦. តើមានចំណុចខុសឆ្គងណាមួយដែលលោកអ្នកត្រូវតែប្រឈមមុខ ហើយគេចចេញពីវាដែរឬទេ
(ចំណុចសម្គាល់៖ ត្រង់នេះ លោកអ្នកមានឱកាសដ៏ល្អក្នុងការហាត់ ក៏ដូចជាបង្ហាញជាគំរូអំពីចំណុចខ្សោយរបស់លោកអ្នក ជាមួយនិងក្មេងជំទង់ដែលលោកអ្នកកំពុងតែមើលសំណួរទាំងអស់នេះជាមួយ។)
៧. សូមអធិស្ឋានជាមួយគ្នា
ជាចុងក្រោយ សូមទទូចអង្វរសូមឲ្យព្រះវិញ្ញាណបរិសុទ្ធជួយលោកអ្នកក្នុងការអនុវត្តនូវអ្វីដែលលោកអ្នកបានសិក្សា។
វ័យជំទង់គឺជាពេលវេលាដ៏សំខាន់ ក្នុងការដែលយើងយកឱកាសនៃឆ្នាំទាំងនោះ ដើម្បីបង្កើតសិស្សក្នុងចំណោមកូនចៅរបស់យើង។ ក្នុងអំឡុងឆ្នាំនេះ ពួកគាត់មានអារម្មណ៍មិនសូវស្រួលដោយអផ្សុកទាក់ទងនឹងការឈានចូលភាពពេញវ័យ ប៉ុន្តែជាទូទៅក៏មិនមានភាពច្បាស់លាស់អំពីអ្វីដែលត្រូវធ្វើដែរ។ សូមផ្ដល់ជូនពួកគាត់នូវរបៀបសិក្សាព្រះគម្ពីររបស់ខ្លួន ហើយសូមជួយឲ្យពួកគាត់រៀនអំពីរបៀបប្រើប្រាស់វា។ សូមលើកទឹកចិត្តឲ្យពួកគាត់ប្រើប្រាស់សៀវភៅចំណាយពេលជាមួយនឹងព្រះជាម្ចាស់ប្រចាំថ្ងៃ ក៏ដូចជាធនធានបែបប្រធានបទជាចំណុចជំនួយបន្ថែម មិនមែនជាការជំនួសទាំងស្រុងនូវការសិក្សាព្រះគម្ពីរផ្ទាល់នោះទេ។ សូមធ្វើគំរូដ៏ល្អដែលមានទម្លាប់អានព្រះគម្ពីរ។ ហើយជាចុងក្រោយ សូមក្រេបជញ្ជក់លើការមានចំណែកសិក្សាជាមួយគ្នា ដែលជាលទ្ធផលនៅពេលដែលឪពុកម្ដាយ និងកូនៗដែលមានវ័យជំទង់អង្គុយ ហើយបើកព្រះគម្ពីរសិក្សាជាមួយគ្នា។
មតិយោបល់
Loading…