in ,

ការថ្វាយ​បង្គំ​ជា​លក្ខណៈ​គ្រួសារ​

ខ្ញុំ​ជា​អ្នក​ជឿ​ម្នាក់ នៅ​ក្នុង​គ្រួសារ​ដែល​ចំណាយ​ពេល​ថ្វាយ​បង្គំ​ជា​គ្រួសារ។ ខ្ញុំ​ក៏​ប្រាកដ​ណាស់​ថា អ្នក​រាល់​គ្នា​ជា​ច្រើន​ក៏​បែប​នោះ​ដែរ។ ប៉ុន្តែ ពេល​ខ្ញុំ​និយាយ​ជា​មួយ​គ្រីស្ទ​បរិស័ទ​ផ្សេង​ទៀត ជា​ពិសេស​ទៅ​កាន់​បុរសៗ នោះ​ខ្ញុំ​ឃើញ​ថា ទម្លាប់​ដ៏​តូច​មួយ​នេះ​គឺ​ជា​ប្រភព​នៃ​ការ​សោក​ស្ដាយ និង​ការ​ខក​ចិត្ត​ចំពោះ​ពួក​គាត់។ មាន​គ្រីស្ទ​បរិស័ទ​មាន​អារម្មណ៍​ស្រដៀង​គ្នា​ពី​ពិរុទ្ធ​ភាព​នេះ​នៅ​ពេល​ណា​ដែល​ពួក​គាត់​ឈប់ ហើយ​គិត​អំពី​វា។ សម្រាប់​អ្វី​ដែល​សាមញ្ញ ការ​ចំណាយ​ពេល​ថ្វាយ​បង្គំ​ជា​លក្ខណៈ​គ្រួសារ​គឺ​ពិត​ជា​មាន​ការ​ពិបាក​ធ្វើ​ណាស់។

ខ្ញុំ​គិត​ថា របៀប​ដ៏​ល្អ​បំផុត ដើម្បី​រៀន​អំពី​ការ​ចំណាយ​ពេល​ថ្វាយ​បង្គំ​ជា​លក្ខណៈ​គ្រួសារ​គឺ​តាម​រយៈ​គំរូ៖ ស្វែង​រក​របៀប​ដែល​អ្នក​ផ្សេង​ធ្វើ ហើយ​ត្រាប់​តាម​ពួក​គាត់ ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​នេះ។ សូម​ឲ្យ​ខ្ញុំ​ប្រាប់​លោក​អ្នក​អំពី​របៀប​ដែល​យើង​ចំណាយ​ពេល​ថ្វាយ​បង្គំ​ជា​លក្ខណៈ​គ្រួសារ ហើយ​ប្រសិន​បើ​លោក​អ្នក​មិន​ទាន់​បាន​ចាប់​ផ្ដើម​អនុវត្ត​ទម្លាប់​របស់​អ្នក​នៅ​ឡើយ​ទេ យ៉ាង​ហោច​ណាស់​សូម​ពិចារណា​ចាប់​ផ្ដើម​ពី​ចំណុច​នេះ​ចុះ។

មាន​រឿង​ពីរ​ដែល​ខ្ញុំ​ចង់​ប្រាប់៖ របៀប​ដែល​យើង​ចង់​ស្រមៃ​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ការ​ថ្វាយ​បង្គំ​ជា​លក្ខណៈ​គ្រួសារ និង​អំពី​របៀប​ដែល​យើង​អាច​ចាប់​ផ្ដើម​ធ្វើ​វា។

យើង​ស្រមៃ​មើល​អំពី​ពេល​វេលា​ចំណាយ​ពេល​ជា​លក្ខណៈ​គ្រួសារ​ថា​ជា​ពេល​វេលា​យ៉ាង​ពិសេស​ដែល​យើង​បាន​ញែក​ដាច់​ដោយ​ឡែក​ជា​រៀង​រាល់​ថ្ងៃ​ដែល​យើង​អាច​ជួប​ជុំ​គ្នា​ជា​គ្រួសារ ហើយ​រីក​រាយ​ជា​មួយ​គ្នា និង​រីក​រាយ​ជា​មួយ​ព្រះ​ជាម្ចាស់។ ប្រហែល​ជា​យើង​អង្រួន ឬ​ចុច​កណ្ដឹង​តូច​មួយ ហើយ​គ្រប់​គ្នា​ក៏​ចុះ​មក អង្គុយ​ជួប​ជុំ​គ្នា​នៅ​បន្ទប់​ទទួល​ភ្ញៀវ ហើយ​យើង​នឹង​រៀន​ព្រះ​បន្ទូល​ជា​មួយ​គ្នា យើង​អាច​រីក​រាយ​ជា​មួយ​ការ​ជជែក​គ្នា យើង​ក៏​អាច​រៀន​តាម​របៀប​នៃ​ការ​សួរ​សំណួរ-ចម្លើយ​ជា​មួយ​គ្នា ព្រម​ទាំង​អធិស្ឋាន​ជា​មួយ​គ្នា​ផង​ដែរ។ ប្រហែល​ជា​យើង​អាច​នឹង​មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​ចំណោម​យើង​ដែល​អាច​ច្រៀង​បាន​ពីរោះ​ក្នុង​ការ​នាំ​បទ​ចម្រៀង និង​ការ​សរសើរ​តម្កើង​ក៏​ថា​បាន​ដែរ។ ពេល​ស្តាប់​មើល​ទៅ ពិត​ជា​អស្ចារ្យ​ណាស់។

ភាព​ជាក់​ស្ដែង​គឺ​វា​មាន​លក្ខណៈ​ខុស​គ្នា​បន្តិច។

ពីរ​បី​ឆ្នាំ​ដំបូង​នៃ​អាពាហ៍ពិពាហ៍​របស់​យើង គឺ​យើង​មិន​បាន​ធ្វើ​អ្វី​ទាល់​តែ​សោះ។ ខ្ញុំ​មិន​ទាន់​មាន​ភាព​ជា​អ្នក​ដឹក​នាំ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​នៅ​ពេល​នោះ ហើយ​ខ្ញុំ​ក៏​ស្ទើរ​តែ​មិន​ដែល​បាន​ហៅ​ឲ្យ​យើង​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ដើម្បី​ជួប​ជុំ​គ្នា​ចំណាយ​ពេល​ថ្វាយ​បង្គំ​ជា​មួយ​ព្រះ​ផង។ មក​ដល់​ពេល​នេះ ខ្ញុំ​មាន​ការ​សោក​ស្ដាយ​អំពី​ការ​នោះ​យ៉ាង​ខ្លាំង។ ខ្ញុំ​បាន​ធំ​ធាត់​ឡើង​នៅ​ក្នុង​ក្រុម​គ្រួសារ​ដែល​ជា​គ្រីស្ទ​បរិស័ទ ដូច្នេះ​ខ្ញុំ​ដឹង​ថា​វា​មិន​ល្អ​ទេ​ដែល​គ្រាន់​តែ​ទុក​ឲ្យ​វា​បន្ត​ដំណើរ​ការ​បែប​នោះ។ (អៃលីន ដែល​ជា​ប្រពន្ធ មិន​បាន​ធំ​ធាត់​ឡើង​នៅ​ក្នុង​គ្រួសារ​គ្រីស្ទ​បរិស័ទ ដូច្នេះ​គាត់​មិន​បាន​ដឹង​អំពី​ទម្លាប់​នេះ​នោះ​ទេ។) ប្រហែល​ជា​ពី​បី​ឆ្នាំ​បន្ទាប់​ពី​យើង​បាន​មាន​កូន​ទី​មួយ​របស់​យើង នោះ​ទើប​ខ្ញុំ​ចាប់​ផ្ដើម​ម៉ឺង​ម៉ាត់​អំពី​ពេល​វេលា​ថ្វាយ​បង្គំ​ព្រះ​ជា​មួយ​គ្នា​បែប​ជា​លក្ខណៈ​គ្រួសារ ហើយ​សម្រេច​ថា​វា​ដល់​ពេល​ហើយ​ដែល​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​វា។

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក យើង​ធ្វើ​បាន​យ៉ាង​ល្អ​ប្រសើរ។ យើង​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ពេល​វេលា និង​រៀបចំ​រចនា​សម្ព័ន្ធ​របស់​យើង​ដោយ​ផ្អែក​លើ​រដូវ​កាល​ផ្សេងៗ​នៃ​ជីវិត និង​ស្ថាន​ភាព​ខាង​ក្រៅ។ ប៉ុន្តែ ជា​ទូទៅ នេះ​ជា​អ្វី​ដែល​យើង​ធ្វើ៖

យើង​ដាស់​កូនៗ​ឲ្យ​ក្រោក​ឡើង​នៅ​ម៉ោង ៦:៥៥ នាទី​ព្រឹក (ដោយ​សារ​កូនៗ​របស់​យើង​ត្រូវ​ចេញ​ទៅ​សាលា​ម៉ោង ៧:៤៥)។ ពួក​គេ​ចុះ​មក​ជាន់​ខាង​ក្រោម​នៅ​ម៉ោង៧:០០ ឬ​ម៉ោង ៧:០៥ នាទី យើង​ក៏​ជួប​ជុំ​គ្នា​នៅ​បន្ទប់​ទទួល​ភ្ញៀវ។ ខ្ញុំ​បាន​ភ្ញាក់​ពី​ដំណេក​ពីរ​ទៅ​បី​ម៉ោង​រួច​មក​ហើយ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ណាស់។ ប៉ុន្តែ ពួក​គេ​ទើប​តែ​ក្រោក​ពី​គេង​បាន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ដូច្នេះ​ពួក​គេ​មាន​អារម្មណ៍​មិន​ជា​ល្អ​ប៉ុន្មាន​ទេ។ ពួក​គេ​អាច​ជា​លូន​ឡើង​លើ​សាឡុង ឬ​ក៏​ដេក​លើ​សាឡុង​ក្នុង​របៀប​ចម្លែក។ ប៉ុន្តែ ភាគ​ច្រើន ពួក​គេ​ភ្ញាក់ ហើយ​អាច​ចូល​រួម​បាន។ ភាគ​ច្រើន​នៃ​ពេល​វេលា​របស់​យើង។

ខ្ញុំ​អាន​កថាខណ្ឌ​មួយ​នៃ​ព្រះ​គម្ពីរ ជា​ទូទៅ​គឺ​អត្ថបទ​និទាន​កថា ប៉ុន្តែ​បន្ត​បន្ទប់​មក​ក៏​អាន​កណ្ឌ​សំបុត្រ​នៅ​ពេល​ដែល​កូនៗ​របស់​យើង​កាន់​តែ​ធំ​ឡើងៗ។ ខ្ញុំ​កម្រ​នឹង​អាន​ឲ្យ​លើស​ពី ១៥ ទៅ ២០ខ​ណាស់។ ខ្ញុំ​អាន​យឺតៗ ហើយ​ព្រម​ទាំង​បញ្ចូល​សម្លេង​ឲ្យ​គ្រប់​គ្រាន់​ល្មម ដើម្បី​កាត់​ភាព​មិងមាំង​នៃ​ការ​ក្រោក​ពេល​ព្រឹក​របស់​ពួក​គេ។ ខ្ញុំ​បង្អង់ ដើម្បី​ប្រាប់​កូន​ស្រី​របស់​ខ្ញុំ​ឲ្យ​គាត់​ដក​ដៃ​គាត់​ចេញ​ពី​ក​របស់​បង​ស្រី​គាត់ ហើយ​អាន​ទៅ​មុខ​បន្ត​ទៀត។ នៅ​ពេល​ដែល​ខ្ញុំ​អាន​អត្ថបទ​គម្ពីរ​ចប់ នោះ​ខ្ញុំ​ពន្យល់​សង្ខេប​អំពី​អត្ថបទ​នោះ (ហើយ​ដោយ​ពាក្យ «សង្ខេប» ខ្ញុំ​មាន​ន័យ​ថា ខ្ញុំ​និយាយ​មួយ​នាទី​ឬ​តិច​ជាង​នោះ)។ ពេល​ខ្លះ ខ្ញុំ​ក៏​បន្លំ​ដែរ​ដោយ​ការ​ស្វះស្វែង​ទៅ​មើល​កំណត់​ហេតុ​នៃ​ការ​សិក្សា​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​អាច​មាន​អ្វី​ល្អ​ប្រាប់​ពួក​គាត់។ បន្ទាប់​មក ខ្ញុំ​ព្យាយាម​មាន​សំណួរ​មួយ ឬ​ពីរ​ដើម្បី​សួរ​ដល់​កូនៗ—ជា​សំណួរ​នៃ​ការ​យល់​ដឹង ឬ​សំណួរ​អនុវត្ត។ ហើយ​ខ្ញុំ​ពន្យល់​អំពី​មូល​ហេតុ​នៃ​ការ​ហៅ​បង​ប្អូន​របស់​ខ្លួន​ថា «អា​ល្ងីល្ងើ» វា​គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​ខណៈ​ពេល​ដែល​យើង​កំពុង​តែ​អាន​កណ្ឌ​គម្ពីរ​១កូរិនថូស​ជំពូក១៣។ ហើយ​នោះ​គឺ​ជា​ការ​អាន​ព្រះ​គម្ពីរ​របស់​យើង។

បន្ទាប់​មក ខ្ញុំ​ក៏​អធិស្ឋាន។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​ក៏​ចាំ​ដោយ​សួរ​កូនៗ​របស់​ខ្ញុំ​អំពី​អ្វី​ដែល​ខ្ញុំ​អាច​អធិស្ឋាន​សម្រាប់​ពួក​គេ​សម្រាប់​ថ្ងៃ​បន្ទាប់។ ខ្ញុំ​អធិស្ឋាន​បែប​ខ្លី ហើយ​សាមញ្ញ ដោយ​អរ​ព្រះ​គុណ​ព្រះ​អង្គ​សម្រាប់​ការ​ថែរក្សា និង​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់​សម្រាប់​រយៈ​ពេល​មួយ​ថ្ងៃ​ទៀត ហើយ​សូម​ឲ្យ​ទ្រង់​ប្រទាន​ពរ​សម្រាប់​ថ្ងៃ​បន្ទាប់​ផង​ដែរ។ វា​មិន​មាន​អ្វី​ប្លែក​ទេ​ដែល​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​ទទួល​ការ​រំខាន​តាម​រយៈ​កូន​ម្នាក់​ទះ​កំផ្លៀង​កូន​ម្នាក់​ទៀត ឬ​តាម​រយៈ​ឆ្កែ​ព្រុស​ដោយ​គិត​ថា «អូ​ខ្ញុំ​អើយ មាន​មនុស្ស​មក​ជិត​ផ្ទះ​របស់​យើង​ហើយ»។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​និយាយ​ដោយ​កំហឹង​ទៅ​កាន់​នរណា​ម្នាក់ ដូច្នេះ​ខ្ញុំ​ក៏​ត្រូវ​បន្ថែម​សេចក្តី​អធិស្ឋាន​នៃ​ការ​លន់តួ​បន្ថែម​ទៀត។

បន្ទាប់​មក ពួក​យើង​ក៏​បាន​បញ្ចប់។ វា​ប្រហែល​ជា​៥ទៅ១០នាទី។ វា​គឺ​ជា​ពេល​វេលា​តិច​មែន​ទែន ប៉ុន្តែ​វា​ក៏​ជា​អ្វី​មួយ​ដែល​យើង​បាន​ធ្វើ​ដែរ។ វា​គឺ​ជា​អ្វី​មួយ​ដែល​បាន​បង្ខំ​ឲ្យ​យើង​ចាប់​ផ្ដើម​ថ្ងៃ​របស់​យើង​ជា​មួយ​គ្នា ហើយ​វា​បាន​អនុញ្ញាត​ឲ្យ​យើង​អាច​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​របស់​យើង​ជា​មួយ​ព្រះ​អម្ចាស់​ផង​ដែរ។

ថ្ងៃ​ខ្លះ ខ្ញុំ​ត្រូវ​ទៅ​ធ្វើ​ការ​ពី​ព្រលឹម​តាំង​ពី​មុន​ពេល​គ្រួសារ​ខ្ញុំ​ភ្ញាក់​ពី​គេង​ម្ល៉េះ។ នៅ​ថ្ងៃ​ទាំង​នោះ យើង​នៅ​តែ​បន្ត​ធ្វើ​នៅ​ក្នុង​ទម្រង់​ដដែល ប៉ុន្តែ​យើង​ធ្វើ​បន្ទាប់​ពី​អាហារ​ពេល​ល្ងាច​ជំនួស​ឲ្យ​ការ​ធ្វើ​មុន​អាហារ​ពេល​ព្រឹក​វិញ។ ថ្ងៃ​ខ្លះ​ទៀត យើង​ភ្លេច​ចំណាយ​ពេល​ថ្វាយ​បង្គំ​ព្រះ​ជា​លក្ខណៈ​គ្រួសារ​ជា​មួយ​គ្នា​ទាំង​ស្រុង។ ថ្ងៃ​ខ្លះ យើង​មាន​បំណង​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ ប៉ុន្តែ​ជីវិត​មាន​ការ​ប្រែ​ប្រួល ហើយ​យើង​ក៏​ត្រូវ​បាន​ទទួល​ការ​រំខាន។ នៅ​ក្នុង​ស្ថាន​ភាព​ខ្លះ​ទៀត យើង​មាន​អ្នក​មិន​ជឿ​ស្នាក់​នៅ​ផ្ទះ​របស់​យើង ហើយ​ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​អាម៉ាស់​រារាំង​ខ្ញុំ​ពី​ការ​ចំណាយ​ពេល​ថ្វាយ​បង្គំ​ព្រះ​ជា​មួយ​គ្នា។ ហើយ​នៅ​ក្នុង​ពេល​វេលា​ខ្លះ​ទៀត ខ្ញុំ​គ្រាន់​មាន​អារម្មណ៍​ថា​មិន​សូវ​ចង់​ធ្វើ ដូច្នេះ​ខ្ញុំ​ក៏​លើក​យក​លេស​មិន​សម​ហេតុ​សម​ផល​មួយ​ចំនួន ដើម្បី​ដោះ​សារ​ប៉ុណ្ណោះ។ សម្រាប់​ហេតុ​ផល​ម្យ៉ាង​ទៀត គឺ​យើង​មិន​ដែល​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​ឡើយ។

ប៉ុន្តែ ជា​ទូទៅ ក្នុង​ថ្ងៃ​ច្រើន នៅ​ក្រោម​កាលៈទេសៈ​ផ្សេងៗ យើង​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​របស់​យើង​ជា​មួយ​ព្រះ​បន្ទូល និង​សេចក្តី​អធិស្ឋាន។ វា​គឺ​ជា​ទម្លាប់​យ៉ាង​សាមញ្ញ​បំផុត​នៅ​ក្នុង​គ្រួសារ ប៉ុន្តែ​ជា​មួយ​គ្នា​ផង​ដែរ ខ្ញុំ​ជឿ​ថា​វា​ក៏​មាន​ភាព​ស្រស់​ស្អាត​ណាស់​ដែរ។

ខ្ញុំ​គិត​ថា​ការ​ចំណាយ​ពេល​ថ្វាយ​បង្គំ​ព្រះ​ជា​លក្ខណៈ​គ្រួសារ គឺ​ដូច​ជា​អ្វី​ជា​ច្រើន​នៅ​ក្នុង​ជីវិត​គ្រីស្ទ​បរិស័ទ៖ យើង​បាន​ធ្វើ​វា​ឲ្យ​ទៅ​ជា​ធំ​លើស​ជាង​អ្វី​ដែល​វា​គួរ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​រស់​នៅ​ក្នុង​អារម្មណ៍​បរាជ័យ អារម្មណ៍​ដែល​គិត​ថា​យើង​មិន​អាច​សម្រេច​វា​បាន។ សម្រាប់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៃ​ជោគ​ជ័យ និង​បរាជ័យ អៃលីន និង​ខ្ញុំ​បាន​ទទួល​ស្គាល់​ថា វា​គ្មាន​របៀប​ណា​ដែល​យើង​អាច​វាស់​ស្ទង់​ភាព​ជោគ​ជ័យ​នៃ​ការ​ចំណាយ​ពេល​ថ្វាយ​បង្គំ​ជា​លក្ខណៈ​គ្រួសារ​លើក​លែង​តាម​រយៈ​នេះ​គឺ​ថា៖ តើ​យើង​បាន​ធ្វើ​វា​ឬ​អត់? ចំណុច​គឺ​ថា អ្វី​ដែល​យើង​ធ្វើ​គឺ​យើង​កំពុង​តែ​ធ្វើ​សម្រាប់​រយៈ​ពេល​យូរ​អង្វែង មិន​មែន​រយៈ​ពេល​ខ្លី​នោះ​ទេ។ វគ្គ​មួយ​នៃ​ការ​ចំណាយ​ពេល​ថ្វាយ​បង្គំ​ជា​លក្ខណៈ​គ្រួសារ គឺ​អាច​ងាយ​ស្រួល​ក្នុង​ការ​មើល​ទៅ​ហាក់​ដូច​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា​ទាំង​ស្រុង។ ប៉ុន្តែ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា នៅ​ពេល​ដែល​យើង​វាស់​ស្ទង់​តាម​រយៈ​ការ​ធ្វើ​រាប់​រយ​ដង​ក្នុង​រយៈ​ពេល​ជាង​២០ឆ្នាំ ខណៈ​ពេល​ដែល​កូនៗ​នៅ​ក្រោម​ការ​ថែរក្សា​របស់​យើង នោះ​យើង​នឹង​ឃើញ​ថា ព្រះ​ទ្រង់​ធ្វើ​ការ​យ៉ាង​អស្ចារ្យ​នៅ​ក្នុង​ដួង​ចិត្ត​របស់​កូនៗ និង​ឪពុក​ម្តាយ​របស់​ដែរ។ ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា យើង​នឹង​ឃើញ​ទ្រង់​ធ្វើ​ការ​យ៉ាង​អស្ចារ្យ​តាម​រយៈ​ការ​ប្ដេជ្ញា​ចិត្ត​ដែល​យើង​បាន​ធ្វើ​ទៅ​កាន់​អ្វី​ដែល​សាមញ្ញ និង​ទម្លាប់​ដ៏​អស្ចារ្យ​នេះ។

និពន្ធ​ដោយ៖ Tim Challies
បក​ប្រែ​ដោយ៖ លោក វេន ប៉ុក
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក​ ឯក ធីម៉ូធេ,​ លោក សឹម រក្សា និង​លោក​ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.challies.com ដោយ​មាន​ការ​អនុញ្ញាត។​​ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មនុស្ស​ដែល​មាន​បាប​យ៉ាង​ខ្លាំង និង​ព្រះ​សង្គ្រោះ​

តើ​ខ្ញុំ​រង់ចាំ​ព្រះ​ជាម្ចាស់​បាន​ដោយ​របៀប​ណា?