in

សេចក្តី​តាំង​សញ្ញា

ចាប់​តាំង​ពី​កំណើត​ពិភព​លោក​រហូត​មក​ដល់​ឥឡូវ​យើង​ឃើញ​ថា ព្រះ​ជាម្ចាស់​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់ ដោយ​បង្កើត បន្ត និង​បំពេញ​សេចក្តី​តាំង​សញ្ញា។ យើង​នឹង​មើល​ជា​មួយ​គ្នា​អំពី​ការ​ដែល​សាវ័ក ម៉ាថាយ បាន​ប្រើ​ប្រាស់​កណ្ឌ​គម្ពីរ​របស់​គាត់ ដើម្បី​បង្ហាញ​ការ​នេះ។

ពាក្យ «ព្រះ​គ្រីស្ទ» ក្នុង​ភាសា​ក្រិក​ស្មើ​គ្នា​នឹង​ពាក្យ «ព្រះ​មេស្ស៊ី» ក្នុង​ភាសា​ហេព្រើរ ដែល​មាន​ន័យ​ថា «អង្គ​ជ្រើស​តាំង»។ តើ​អ្វី​ទៅ​ជា​មុខ​ងារ​របស់​ព្រះ​គ្រីស្ទ ឬ​ក៏​អង្គ​ជ្រើស​តាំង? មុខ​ងារ​គឺ​ដើម្បី​បំពេញ បន្ត​សេចក្ដី​តាំង​សញ្ញា និង​បង្កើត​សេចក្ដី​តាំង​សញ្ញា​ថ្មី។ តើ​ព្រះ​គ្រីស្ទ​បាន​បំពេញ​សេចក្ដី​តាំង​សញ្ញា​ដូច​ម្ដេច​ខ្លះ?

បើ​យើង​សង្ខេប​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ទាំង​មូល ទាក់​ទង​ទៅ​នឹង​ប្រធាន​បទ​នៃ​អង្គ​ជ្រើស​តាំង នោះ​យើង​អាច​លើក​ឡើង​ដូច​ត​ទៅ៖ ព្រះ​គ្រីស្ទ​មាន​តួនាទី​ក្នុង​ការ​បំពេញ​សេចក្ដី​តាំង​សញ្ញា​ជា​ហោរា ជា​សង្ឃ និង​ជា​ស្ដេច។

ជា​ដំបូង​យើង​ត្រូវ​កត់​សម្គាល់​អំពី​ចំណុច​ត្រង់​ថា សាវ័ក ម៉ាថាយ (១:១-១៧) បាន​បែង​ចែក​កណ្ឌ​គម្ពីរ​របស់​គាត់​ជា​បី​វគ្គ ដែល​វគ្គ​នីមួយៗ​មាន​១៤​ជំនាន់។ ខ១៧​បាន​សង្ខេប​ខ២-១៦ និង​បញ្ចប់​ខ១​នៃ​ជំពូក១។ ខ១ និង​ខ១៧​បាន​ផ្ដើម និង​បញ្ចប់​ដោយ​ព្រះ​គ្រីស្ទ ព្រះ​បាទ ដាវីឌ និង​លោក អ័ប្រាហាំ ដែល​យើង​អាច​សង្ខេប​ដូច​ត​ទៅ​ថា៖
ខ២-៦​បាន​រៀប​រាប់​ចាប់​តាំង​ពី​ជំនាន់​លោក អ័ប្រាហាំ ដល់​ព្រះ​បាទ ដាវីឌ
ខ៧-១២​បាន​រៀបរាប់​ចាប់​តាំង​ពី​ព្រះ​បាទ ដាវីឌ ដល់​គ្រា​និរទេស
ខ១៣-១៦​បាន​រៀប​រាប់​ចាប់​តាំង​ពី​គ្រា​និរទេស​ដល់​គ្រា​ព្រះ​គ្រីស្ទ

វគ្គ​ទី១ និង​វគ្គ​ទី២​នៃ​១៤​ជំនាន់​ដំបូង​ក្នុង​ខ២-៦ និង​ខ៧-១២​មាន​រយៈពេល ១១៥០ ឆ្នាំ​បាន​កន្លង​ផុត​ទៅ។ ហើយ​សាវ័ក ម៉ាថាយ បាន​ដក​ស្រង់​ឈ្មោះ​ចេញ​ពី​កណ្ឌ​គម្ពីរ ១របាក្សក្សត្យ ១:២៨, ៣៤; ២:១-១៥; ៣:១០-១៥ និង​កណ្ឌ​គម្ពីរ​នាងរស់ ៤:១៨-២២។ វគ្គ​ទី២​នៃ​១៤​ជំនាន់​ក្នុង​ខ៧-១២ មាន​រយៈ​ពេល ៤០០ ឆ្នាំ​បាន​កន្លង​ផុត​ទៅ។ សាវ័ក ម៉ាថាយ បាន​ដក​ស្រង់​ឈ្មោះ​ចេញ​ពី​កណ្ឌ​គម្ពីរ ១របាក្សត្រ ៣:១០-១៥។ ក្នុង​វគ្គ​ទី៣​នៃ​១៤​ជំនាន់​ពី​គ្រា​និរទេស​ដល់​គ្រា​ព្រះ​គ្រីស្ទ​ក្នុង​ខ១៣-១៦ យើង​ឃើញ​ថា​មាន​រយៈ​ពេល ៦០០ ឆ្នាំ​បាន​កន្លង​ផុត​ទៅ ហើយ​សាវ័ក ម៉ាថាយ បាន​ដក​ស្រង់​ឈ្មោះ​ទាំង​នោះ​ចេញ​ពី​កណ្ឌ​គម្ពីរ ១របាក្សក្រ ៣:១៥-១៦ (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ២ពង្សាវតារក្សត្រ ២៤-២៥; យេរេមា ២២; ២៩; ៣៩-៤៣; ៥២; កណ្ឌ​គម្ពីរ ដានីយ៉ែល ទាំងមូល; អេសេគាល ១៧ និង​កណ្ឌ​គម្ពីរ ២របាក្សក្សក្រ ៣៦)។

តើ​សាវ័ក ម៉ាថាយ បាន​លើក​ឡើង​អំពី​ការ​ដែល​ព្រះ​អង្គ​គ្រប់​គ្រង​តាម​រយៈ​ការ​រក្សា​សេចក្តី​តាំង​សញ្ញា​របស់​ទ្រង់​ក្នុង​របៀប​ណា ឬ​ក៏​តាម​បុគ្គល​ណា?

លោក អ័ប្រាហាំ (ខ១-២)

តើ​សេចក្តី​តាំង​សញ្ញា​របស់​ព្រះ​ជាម្ចាស់​ជា​មួយ​នឹង​លោក អ័ប្រាហាំ បាន​បញ្ជាក់​អំពី​អ្វី​ខ្លះ? កណ្ឌ​គម្ពីរ លោកុប្បត្ដិ ១២:២ មាន​ចែង​ដូច​ត​ទៅ៖ «យើង​នឹង​បង្កើត​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ពី​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី ដើម្បី​ឲ្យ​អ្នក​បាន​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង​ឡាយ» (សូម​អាន​បន្ថែម៖ លោកុប្បត្ដិ ១៥; ១៨; ២២; ២៥។ល។)។ យើង​អាច​សង្ខេប​ថា ខ​គម្ពីរ​នេះ​បាន​បង្ហាញ​អំពី​ការ​បង្កើត​សេចក្តី​តាំង​សញ្ញា​របស់​ព្រះ​ជាម្ចាស់​ជា​មួយ​នឹង​លោក អ័ប្រាហាំ ដែល​មាន​រួម៖ ពូជ​ពង្ស ព្រះ​ពរ និង​ព្រំដែន​ទឹក​ដី។

ប៉ុន្តែ យើង​ដឹង​ហើយ​ថា​លោក អ័ប្រាហាំ មិន​បាន​បំពេញ​សេចក្តី​ថា​សញ្ញា​នេះ​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ការ​មាន​បុគ្គល​ម្នាក់​ទៀត ដែល​អាច​បំពេញ និង​បន្ត​សេចក្តី​តាំង​សញ្ញា​បាន។

វគ្គ​ទី២​នៃ១៤​ជំនាន់​ក្នុង​ខ៧-១២​ក៏​បង្ហាញ​យើង​អំពី​ការ​គ្រប់​គ្រង​របស់​ព្រះ​ជាម្ចាស់ ក្នុង​ការ​ព្រះ​អង្គ​មិន​គ្រាន់​តែ​បង្កើត​សេចក្ដី​តាំង​សញ្ញា​ជា​មួយ​លោក អ័ប្រាហាំ ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ទ្រង់​ក៏​បាន​បន្ត​ធ្វើ​សេចក្តី​តាំង​សញ្ញា​មួយ​ទៀត​ជា​មួយ​នឹង​ស្ដេច ដាវីឌ ផង​ដង។

ស្ដេច ដាវីឌ (ខ១, ៦)

តាម​រយៈ​ឈ្មោះ​របស់ ស្ដេច «ដាវីឌ» ក្នុង​ខ១ យើង​ដឹង​ថា ព្រះ​ជាម្ចាស់​ក៏​បាន​បន្ត​ធ្វើ​សេចក្តី​តាំង​សញ្ញា​ជា​មួយ​ស្ដេច ដាវីឌ។ វគ្គ​ទី២​នៃ១៤​ជំនាន់​ក្នុង​ខ៧-១២ មាន​រយៈ​ពេល ៤០០ ឆ្នាំ។ ហើយ​សាវ័ក ម៉ាថាយ បាន​ដក​ស្រង់​ឈ្មោះ​ចេញ​ពី​កណ្ឌ​គម្ពីរ ១របាក្សត្រ ៣:១០-១៥។ លោក​អ្នក​ក៏​អាច​អាន​បន្ថែម​ទៀត​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១&២សាំយូអែល; ១&២ពង្សាវតារក្សត្រ; ១&២របាក្សត្រ; អេសាយ; អេសេគាល ដែល​មាន​រៀប​រាប់​ទាក់​ទង​ទៅ​នឹង​ស្ដេច​នានា។

តើ​សេចក្តី​តាំង​សញ្ញា​របស់​ព្រះ​ជាម្ចាស់​ជា​មួយ​នឹង​ស្ដេច ដាវីឌ មាន​អ្វី​ខ្លះ? កណ្ឌ​គម្ពីរ ២សាំយ៉ូអែល ៧:៥-១៦ បាន​រៀប​រាប់​អំពី​ការ​ដែល​ព្រះ​ជាម្ចាស់​ធ្វើ​ការ​តាំង​សេចក្ដី​សញ្ញា​ជា​មួយ​នឹង​ស្ដេច ដាវីឌ ហើយ​អ្នក​និពន្ធ​បាន​សរសេរ​ដូច​ត​ទៅ​ថា៖ «…នោះ​វង្សា និង​រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជា​ដរាប​ត​ទៅ បល្ល័ង្ក​ឯង​នឹង​បាន​ខ្ជាប់​ខ្ជួន​នៅ ជា​រៀងរាប​ដរាប​ទៅ» (៧:១៦)។ សេចក្ដី​តាំង​សញ្ញា​មួយ​នេះ​ដែល​ព្រះ​ជាម្ចាស់​បាន​បន្ត​ធ្វើ​ជា​មួយ​នឹង​ស្ដេច ដាវីឌ មាន​រួម​ដូច​ត​ទៅ៖ ពូជ​ពង្ស ព្រះ​ពរ ព្រំដែន​ទឹកដី និង​ព្រះ​បាទ​ស្ដេច [ណា​អង្គ​មួយ] ដែល​នឹង​នៅ​អស់​កល្ប​ជានិច្ច។

ប៉ុន្តែ យើង​ដឹង​ហើយ​ថា​ស្ដេច ដាវីឌ ក៏​បាន​បរាជ័យ​ក្នុង​ការ​បំពេញ​សេចក្ដី​តាំង​សញ្ញា​ដែល​ព្រះ​ជាម្ចាស់​បាន​ធ្វើ​ទៅ​កាន់​លោក អ័ប្រាហាំ ហើយ​ស្ដេច ដាវីឌ ក៏​បាន​បរាជ័យ​ក្នុង​នាម​ជា​អង្គ​ដែល​ព្រះ​ជាម្ចាស់​បាន​បន្ត​សេចក្ដី​តាំង​សញ្ញា​ជា​មួយ​ផង​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ការ​មាន​ស្ដេច​មួយ​អង្គ​ផ្សេង​ទៀត​ដែល​នឹង​អាច​បំពេញ បន្ត ក៏​ដូច​ជា​បង្កើត​សេចក្ដី​តាំង​សញ្ញា​ថ្មី​ណា​មួយ​ទៀត​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់។

ហើយ​នេះ​ឯង​គឺ​ជា​មូល​ហេតុ​ចម្បង​ដែល​សាវ័ក ម៉ាថាយ បាន​និពន្ធ​កាន់​គម្ពីរ​ដំណឹង​ល្អ​របស់​គាត់ ដើម្បី​ឲ្យ​យើង​ឃើញ​អំពី​ការ​គ្រប់​គ្រង​របស់​ព្រះ​ជាម្ចាស់ ដើម្បី​ឲ្យ​យើង​ឱប​ក្រសោប​ព្រះ​យេស៊ូវ​ជា​ស្ដេច​នៃ​ជីវិត​របស់​យើង។

គ្រា​និរទេស

នៅ​ក្នុង​គ្រា​និរទេស យើង​ក៏​ឃើញ​អំពី​ការ​ដែល​ព្រះ​អង្គ មិន​គ្រាន់​តែ​នៅ​រក្សា​សេចក្តី​តាំង​សញ្ញា​របស់​ទ្រង់​ជា​មួយ​នឹង​លោក អ័ប្រាហាំ និង​ស្ដេច ដាវីឌ ទោះ​បើ​ពួក​គាត់​មិន​បាន​បំពេញ ឬ​ក៏​បាន​បន្ត​សេចក្ដី​តាំង​សញ្ញា​របស់​ព្រះ​ជាម្ចាស់​ឲ្យ​បាន​ជោគជ័យ​ក៏​ដោយ ប៉ុន្តែ​ព្រះ​អង្គ​ក៏​ថែម​ទាំង​បង្កើត​សេចក្តី​តាំង​សញ្ញា​ថ្មី​មួយ​ទៀត​ដែរ។

ក្នុង​វគ្គ​ទី​៣នៃ​១៤​ជំនាន់​ពី​គ្រា​និរទេស​ដល់​គ្រា​ព្រះ​គ្រីស្ទ​ក្នុង​ខ១៣-១៦ យើង​ឃើញ​ថា​មាន​រយៈពេល ៦០០ ឆ្នាំ។ ហើយ​សាវ័ក ម៉ាថាយ បាន​ដក​ស្រង់​ឈ្មោះ​ទាំង​នោះ​ចេញ​ពី​កណ្ឌ​គម្ពីរ ១របាក្សក្រ ៣:១៥-១៦ (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ២ពង្សាវតារក្សត្រ ២៤-២៥; យេរេមា ២២; ២៩; ៣៩-៤៣; ៥២; កណ្ឌ​គម្ពីរ ដានីយ៉ែល ទាំងមូល; អេសេគាល ១៧ និង​កណ្ឌ​គម្ពីរ ២របាក្សក្សក្រ ៣៦)។

នៅ​ក្នុង​គ្រា​ស្ងប់​ស្ងាត់ យើង​សង្កេត​ឃើញ​ថា មាន​រយៈពេល ៤០០ ឆ្នាំ​ដែល​ព្រះ​ជាម្ចាស់​មិន​បាន​មាន​ព្រះ​បន្ទូល​មក​កាន់​មនុស្ស​លោក​ឡើយ។ នេះ​ជា​គ្រា​ដែល​ពួក​សាសន៍​អ៊‌ីស្រាអែល​បាន​ក្លាយ​ជា​ពួក​ឈ្លើយ​នៅ​ប្រទេស​ផ្សេងៗ។ ទោះ​បី​នៅ​ក្នុង​គ្រា​ស្ងៀម​ស្ងាត់​ក៏​ព្រះ​អង្គ​នៅ​តែ​កំពុង​ធ្វើ​ការ។

តើ​ការ​តាំង​សេចក្ដី​សញ្ញា​ថ្មី​មួយ​នោះ​មាន​អ្វី​ខ្លះ? កណ្ឌ​គម្ពីរ យេរេមា ៣១:៣១-៣៤ មាន​ចែង​ថា «…នឹង​មាន​គ្រា​មក​ដល់​ដែល​យើង​តាំង​សញ្ញា​ថ្មី​នឹង​ពួក​វង្ស​អ៊‌ីស្រាអែល និង​ពួក​វង្ស​យូដា មិន​មែន​តាម​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​ជា​មួយ​បុព្វបុរស​របស់​គេ នៅ​គ្រា​ដែល​យើង​បាន​ដឹក​ដៃ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ…យើង​នឹង​ដាក់​ក្រឹត្យ​វិន័យ​របស់​យើង​នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​ប្រជារាស្ត្រ​របស់​យើង» (ខ៣១, ៣២, ៣៣)។

ហើយ​កណ្ឌ​គម្ពីរ អេសេគាល ជំពូក៣៦-៣៧ បាន​លើក​ឡើង​ថា ព្រះ​ជាម្ចាស់​នឹង​ដក​ចិត្ត​ថ្ម​ចេញ ហើយ​ដាក់​ចិត្ត​សាច់​ឈាម​នៅ​ក្នុង​មនុស្ស​លោក​វិញ។ បើ​យើង​និយាយ​សង្ខេប​ទៅ៖ ការ​តាំង​សេចក្ដី​សញ្ញា​ថ្មី​នៅ​គ្រា​និរទេស​នេះ យើង​ឃើញ​ថា​ពួក​មនុស្ស​លោក​នឹង​មាន៖ ១. បេះដូង​ថ្មី ២. បោះបង់​អំពើ​បាប​ចោល ៣. និង​បាន​ផ្ដើម​ទំនាក់​ទំនង​ថ្មី​ជា​មួយ​ព្រះ​ជាម្ចាស់​វិញ។

ក្នុង​កណ្ឌ​គម្ពីរ ពង្សាវតារក្សត្រ ខ្សែ​ទី២ ជំពូក២៣-២៥ និង​កណ្ឌ​គម្ពីរ​យេរេមា​ជំពូក២៨ យើង​ឃើញ​ថា​ស្ដេច យេកូនាស ត្រូវ​បាន​ស្ដារ​ឡើង​វិញ ដោយ​ចេញ​ពី​គុក ហើយ​រស់​នៅ​ជា​សេរី​ក្នុង​ប្រទេស​ដែល​ទ្រង់​កំពុង​ជាប់​ជា​ឈ្លើយ។ ទោះ​បើ​មើល​ទៅ ការ​ជាប់​គុក​ក្នុង​ផ្ទះ ដោយ​មាន​សេរី​ភាព​បែប​នេះ​ហាក់​បី​ដូច​ជា​មិន​សូវ​ជា​រឿង​សំខាន់​ប៉ុន្មាន​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ដឹង​ផង​ដែរ​ថា នេះ​គឺ​ជា​សេចក្ដី​សង្ឃឹម​ដល់​សាសន៍​អ៊‌ីស្រាអែល​ដែរ។

ព្រះ​ជាម្ចាស់​នៅ​តែ ក៏​ដូច​ជា​បាន ហើយ​នឹង​នៅ​បន្ត​សម្រេច​ផែនការ​នៃ​សេចក្តី​តាំង​សញ្ញា​របស់​ទ្រង់ ក្នុង​ពេល​វេលា​របស់​ទ្រង់ មិន​ថា​យើង​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​នៃ​ជីវិត​បែប​ណា​ក៏​ដោយ។

ហេតុ​អ្វី​បាន​ជា​ការ​តាំង​សេចក្តី​សញ្ញា​សំខាន់​ក្នុង​ជីវិត​យើង?

បង​ប្អូនអើយ ទោះ​បើ​ពេល​ខ្លះ យើង​ឃើញ​ហាក់​បី​ដូច​ជា​មាន​អារម្មណ៍​ថា ព្រះ​ជាម្ចាស់​មិន​មាន​បន្ទូល​មក​កាន់​យើង​ក៏​ដោយ ឬ​ក៏​ថា​ព្រះ​អង្គ​នៅ​ស្ងៀម ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​បង​ប្អូន​ថា​ក៏​ព្រះ​អង្គ​នៅ​តែ​កំពុង​រក្សា​សេចក្តី​សន្យា​របស់​ទ្រង់​ផង​ដែរ។ ព្រះ​យេស៊ូវ​គ្រីស្ទ​មិន​គ្រាន់​តែ​បាន​បំពេញ និង​បន្ត​សេចក្ដី​តាំង​សញ្ញា​ប៉ុណ្ណោះ​ទេ ព្រះ​អង្គ​ក៏​បាន​បង្កើត​សេចក្ដី​តាំង​សញ្ញា​ថ្មី​មួយ​ទៀត ដែល​សង់​លើ​សេចក្ដី​តាំង​សញ្ញា​ជា​មួយ​នឹង​លោក អ័ប្រាហាំ និង​ស្ដេច ដាវីឌ ហើយ​សេចក្ដី​តាំង​សញ្ញា​ថ្មី​មួយ​នេះ​មាន​រួម៖ ពូជ​ពង្ស​នៃ​សាសន៍​អ៊‌ីស្រាអែល និង​សាសន៍​ដទៃ ព្រះ​ពរ (អេសាយ ៤២; ៤៩; លូកា ២:៣២; កិច្ចការ ១៣) ព្រំដែន​ទឹក​ដី ព្រះ​បាទ​ស្ដេច​យេស៊ូវ​គ្រីស្ទ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង​ដែរ។

ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​បង​ប្អូន​ថា ព្រះ​អង្គ​កំពុង​តែ​ធ្វើ​ការ ហើយ​ព្រះ​អង្គ​ក៏​នឹង​បន្ត​ធ្វើ​ការ។ ដូច្នេះ ចូរ​យើង​ទាំង​អស់​គ្នា​ទុក​ចិត្ត​លើ​ទ្រង់ ដោយ​ដឹង​ថា​ព្រះ​អង្គ​នឹង​បំពេញ​សេចក្តី​សន្យា​របស់​ទ្រង់។

«ដ្បិត​ទោះ​បើ​មាន​សេចក្ដី​សន្យា​របស់​ព្រះ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​សុទ្ធ​តែ​ជា “បាទ‍” ក្នុង​ទ្រង់ ហើយ “អាម៉ែន‍” ក្នុង​ទ្រង់​ដែរ សំរាប់​នឹង​ចំរើន​សិរី​ល្អ​ដល់​ព្រះ ដោយ​សារ​យើង​រាល់​គ្នា» (២កូរិនថូស ១:២០)។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ដំបូន្មាន​៨​យ៉ាង​សម្រាប់​គ្រីស្ទ​បរិស័ទ​ដែល​នៅ​លីវ​ពី​លោក ធីម ឃែលឺ

តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ការ​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​បាន​ល្អ​ប្រសើរ​ដោយ​របៀប​ណា? ភាគ១