ប្អូនស្រី សោភ័ណ្ឌ បានផ្ញើសារសួរដូចតទៅ៖ «ស្ត្រីចាស់ៗនៅព្រះវិហារខ្ញុំបារម្ភអំពីរបៀបដែលខ្ញុំសិក្សាព្រះគម្ពីរ។ ពួកគាត់គិតថា ការអានព្រះគម្ពីររបស់ខ្ញុំវាបែបជាការសិក្សាខ្លាំងពេកហើយ ប៉ុន្តែនេះជារបៀបតែមួយដែលខ្ញុំចេះក្នុងការអានព្រះគម្ពីរ។ គ្មានអ្វីដែលធ្វើឲ្យខ្ញុំកាន់តែរំភើបជាងការឃើញភាពស៊ីគ្នារវាងព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មីនោះទេ។ ដោយប្រើប្រាស់ប៊ិចមានពណ៌ខុសៗគ្នា ខ្ញុំគូសចំណាំ និងសរសេរចុះលើគែមទំព័រព្រះគម្ពីររបស់ខ្ញុំនូវអ្វីដែលព្រះជាម្ចាស់បានបើកសម្ដែងឲ្យខ្ញុំឃើញ។ ខ្ញុំជឿជាក់ថា នេះគឺជារបៀបមួយដែលខ្ញុំថ្វាយបង្គំព្រះជាម្ចាស់ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំកាន់តែស្និទ្ធស្នាលជាមួយនឹងព្រះអង្គ ខណៈពេលដែលខ្ញុំអានព្រះបន្ទូលរបស់ទ្រង់ ហើយឃើញអំពីការលាតត្រដាងឲ្យយល់នូវដំណើររឿងរបស់ព្រះអង្គនៅលើទំព័រនីមួយៗ។ ស្ត្រីចាស់ៗនៅព្រះវិហារខ្ញុំបានលើកឡើងថា ខ្ញុំគួរអានព្រះគម្ពីរបែបជាការចំណាយពេលជាមួយនឹងព្រះជាម្ចាស់ ជាជាងការសិក្សា។ ពួកគាត់បារម្ភថា ខ្ញុំផ្ដោតលើចំណុចភ្ជាប់គ្នាបែបចំណេះដឹងក្នុងខួរក្បាល ខ្លាំងជាងចំណុចភ្ជាប់គ្នាបែបផ្លាស់ប្រែដួងចិត្ត។ តើការអានព្រះគម្ពីររបស់ព្រះជាម្ចាស់បែបសិក្សាអាចនៅថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់បានដែរឬទេ?»
នៅពេលដែលខ្ញុំឮសំណួរដូចនេះ វាធ្វើឲ្យខ្ញុំកាន់តែចង់យល់អំពីអ្វីដែលស្ត្រីចាស់ៗកំពុងតែគិតទាក់ទងទៅនឹងការបារម្ភចំពោះប្អូនស្រី សោភ័ណ្ឌ ហើយខ្ញុំក៏កាន់តែចង់យល់អំពីអ្វីដែលប្អូនស្រីកំពុងតែគិតផងដែរ ដោយសារខ្ញុំចង់យល់ថា តើពួកគាត់កំពុងតែគិតអំពីអ្វី។ ទំនងខ្ញុំនឹងគាំទ្ររបៀបសិក្សារបស់ប្អូនស្រីហើយផ្ដល់ជូនចំណុចមួយចំនួនសម្រាប់ស្ត្រីចាស់ៗ ក្នុងការឲ្យពួកគាត់មានអាកប្បកិរិយាខុសគ្នាអំពីអ្វីដែលពួកគាត់កំពុងតែគិតនេះ។ ខ្ញុំនឹងលើកឡើងអំពីចំណុចនេះនៅពេលក្រោយ។ ឬក៏ថា ទំនងខ្ញុំក៏នឹងគាំទ្រការបារម្ភរបស់ស្ត្រីចាស់ៗនៅឯព្រះវិហារនោះក៏ថាបានដែរ គឺឃើញអ្វីដែលកំពុងតែកើតឡើងនៅក្នុងចិត្តគំនិតរបស់ប្អូនស្រីហើយក៏នឹងលើកឡើងនូវចំណុចមួយចំនួន ដើម្បីឲ្យគាត់ប្រុងប្រយ័ត្ន ដោយមិនបោះបង់ចោលការបារម្ភ។
ដូច្នេះ សូមអនុញ្ញាតឲ្យខ្ញុំលើកឡើងនូវចំណុចវិជ្ជមានអំពីការបារម្ភទាំងសងខាង ដើម្បីឲ្យប្អូនស្រី សោភ័ណ្ឌ ឃើញថា គាត់ស្ថិតនៅក្នុងការឆ្លើយតបមួយណា។
មានអំណរជាមួយនឹងព្រះជាម្ចាស់ផ្ទាល់
ប្រសិនបើខ្ញុំគិតវិជ្ជមានអំពីស្ត្រីចាស់ៗនៅឯព្រះវិហារ នោះខ្ញុំនឹងសួរប្អូនស្រី សោភ័ណ្ឌ ថា តើគាត់សប្បាយចិត្តក្នុងការឃើញចំណុចភ្ជាប់គ្នារវាងព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មី ដល់ថ្នាក់ថា គឺគ្រាន់តែសប្បាយចិត្តក្នុងការឃើញចំណុចភ្ជាប់គ្នាដូចនោះនៅក្នុងចំណេះដឹង ប៉ុន្តែមិនសប្បាយចិត្ត ឬក៏មានអំណរជាមួយនឹងព្រះជាម្ចាស់ផ្ទាល់ដែរឬទេ?
តើអាចទេដែលស្ត្រីចាស់ៗឃើញថា ទំនងប្អូនស្រី សោភ័ណ្ឌ ស្រឡាញ់ចំណេះដឹងខ្លាំងជាងព្រះជាម្ចាស់ផ្ទាល់? ត្រង់ចំណុចនេះ ប្អូនស្រីត្រូវតែមានការប្រុងប្រយ័ត្ន ពីព្រោះវាមិនមែនជាចំណុចសខ្មៅនោះទេ។ ហើយវាក៏មិនមែនថាជាចំណុចមួយនេះ ហើយថាជាចំណុចមួយនោះដែរ។ វាមានភាពស្រពិចស្រពិលបន្តិច—គឺការស្រឡាញ់ដំណើរការនៃការស្វែងរកបានចំណុចអ្វីមួយ ជាជាងស្រឡាញ់អ្វីដែលរកបាន។ ឬក៏ថា វាកាន់តែពិបាកវែកញែកទៅទៀត—តើប្អូនស្រីកំពុងតែស្រឡាញ់អ្វីដែលកំពុងតែរកបានខ្លាំងជាងបុគ្គលដែលបានបើកសម្ដែងឲ្យឃើញមែនឬ?
មិនមានបុគ្គលណាដែលអាចជៀសផុតពីគ្រោះថ្នាក់នេះបានឡើយ—មិនមានទេ។ មិនថាពួកគាត់កំពុងតែធ្វើអ្វីក៏ដោយ មិនថាពួកគាត់កំពុងតែថ្វាយបង្គំជុំគ្នា ឬក៏កំពុងតែអានព្រះគម្ពីររៀងៗខ្លួន ក៏ការនេះនៅអាចកើតឡើងបានដែរ៖ គឺពួកគាត់មានអំណរក្នុងដំណើរការនៃការសរសើរតម្កើងព្រះជាម្ចាស់ជាជាងមានអំណរក្នុងព្រះជាម្ចាស់ផ្ទាល់។ មានអ្នកខ្លះសប្បាយរីករាយក្នុងការច្រៀងសរសើរតម្កើងព្រះជាម្ចាស់ខ្លាំងជាងការមានអំណរក្នុងទ្រង់ផ្ទាល់។ សរុបសេចក្ដីទៅ នៅក្នុងពេលដូចនេះ យើងទាំងអស់គ្នាសុទ្ធតែមានចំណុចខ្សោយ។
ខ្ញុំទទួលបានការលើកទឹកចិត្តជាខ្លាំង នៅពេលដែលខ្ញុំឮអំពីរបៀបដែលប្អូនស្រី សោភ័ណ្ឌ និយាយ ពីព្រោះនៅពេលដែលគាត់លើកឡើងថា «ខ្ញុំជឿជាក់ថា នេះគឺជារបៀបមួយដែលខ្ញុំថ្វាយបង្គំព្រះជាម្ចាស់ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំកាន់តែស្និទ្ធស្នាលជាមួយនឹងព្រះអង្គ ខណៈពេលដែលខ្ញុំអានព្រះបន្ទូលរបស់ទ្រង់ ហើយឃើញអំពីការលាតត្រដាងឲ្យយល់នូវដំណើររឿងរបស់ព្រះអង្គនៅលើទំព័រនីមួយៗ»។ ខ្ញុំចង់ឯកភាពដោយលើកឡើងថា «អាម៉ែន! អាម៉ែន!»។ ខ្ញុំសប្បាយចិត្តណាស់ នៅពេលដែលឃើញគាត់លើកឡើងដោយប្រើពាក្យពេចន៍ដូចនេះ។ ហើយខ្ញុំមានចំណុចតែមួយទេក្នុងការឲ្យប្អូនស្រីមានការប្រុងប្រយ័ត្ន ខណៈពេលដែលខ្ញុំព្យាយាមយល់ថា តើស្ត្រីចាស់ៗនៅឯព្រះវិហាររបស់គាត់កំពុងតែគិតអំពីអ្វី ទាក់ទងនឹងការបារម្ភរបស់ពួកគាត់៖ គឺថាប្អូនស្រីអាចចាប់ផ្ដើមមានការចាប់អារម្មណ៍លើចំណុចលម្អិតនៃប្រវត្តិសាស្ត្រនៃការប្រោសលោះ និងអំពីការបកស្រាយដោយប្រើប្រាស់រចនាសម្ព័ន្ធនៃតួអង្គក្នុងព្រះគម្ពីរ ដែលទំនងមិនមានភាពស៊ីគ្នាជាមួយនឹងជីវិតរស់នៅជាក់ស្ដែង សម្រាប់ស្ត្រីដែលមានវ័យចាស់ៗនេះ ដែលមិនសូវមានចំណាប់អារម្មណ៍លើអ្វីដែលប្អូនស្រីកំពុងតែស្វែងរកឃើញ។
ការបកស្រាយដោយប្រើប្រាស់រចនាសម្ព័ន្ធនៃតួអង្គ និងសេចក្ដីប្រាថ្នា
វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់—ព្រះអង្គពិតជាល្អមែន—ទើបតែព្រឹកមិញនេះ ខ្ញុំបានចំណាយពេលស្ងៀមស្ងាត់ជាមួយនឹងព្រះអង្គដោយអានកណ្ឌគម្ពីរ ១កូរិនថូសជំពូក១០។ នៅក្នុងជំពូកនេះសាវ័ក ប៉ុល បានស្ដីបន្ទោសពួកជំនុំកូរិនថូស ទាក់ទងនឹងអាកប្បកិរិយាអាក្រក់ៗ ហើយគាត់ក៏បានព្រមានពួកគេដែរ។ ហើយរបៀបដែលគាត់បានធ្វើការនោះគឺតាមរយៈការប្រើប្រាស់ព្រះគម្ពីរសញ្ញាចាស់ (ទាក់ទងទៅនឹងរាស្ត្រនៃសាសន៍អ៊ីស្រាអែលនៅក្នុងស្រុកអេស៊ីព្ទ នៅក្នុងកណ្ឌគម្ពីរនិក្ខមនំ នៅឯទីរហោស្ថាននៃភ្នំស៊ីណាយ) ដើម្បីជួយឲ្យពួកជំនុំកូរិនថូសមានសេចក្ដីស្រឡាញ់ និងអាកប្បកិរិយាត្រឹមត្រូវ។ ហើយខ៦បានប៉ះពាល់ចិត្តខ្ញុំណាស់៖ «ការទាំងនោះបានត្រឡប់ជាគំរូដល់យើង…»។ ពាក្យ «គំរូ» ក្នុងភាសាក្រិកគឺ tupoi («ធូផូយ»)។
ប៉ុន្តែ ខ្ញុំគិតថា ប្អូនស្រី សោភ័ណ្ឌ ដឹងហើយថា ខ្ញុំកំពុងតែចង់មានន័យយ៉ាងដូចម្ដេចនៅត្រង់នេះ ពីព្រោះការប្រើគំរូ (ឬក៏ការបកស្រាយដោយប្រើប្រាស់រចនាសម្ពន្ធនៃតួអង្គ) គឺជារបៀបមួយដែលព្រះជាម្ចាស់បានត្បាញសញ្ញាចាស់ជាមួយនឹងសញ្ញាថ្មី ក្នុងដំណើររឿងនៃប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ទ្រង់។ មានគំរូដែលត្រូវត្រាប់តាម និងគំរូដែលមិនត្រូវត្រាប់តាម។ ហើយនេះជាអ្វីដែលខគម្ពីរបានលើកឡើង «ការទាំងនោះបានត្រឡប់ជាគំរូ [ឧទាហរណ៍] ដល់យើង ប្រយោជន៍កុំឲ្យយើងប្រាថ្នាចង់បានសេចក្ដីអាក្រក់ ដូចជាគេឡើយ»។ ពេលដែលខ្ញុំបានអានដល់ខគម្ពីរមួយនោះ ខ្ញុំក៏បានបង្អង់សិនហើយនិយាយមកកាន់ខ្លួនឯងថា «សាវ័ក ប៉ុល ពិតជាអស្ចារ្យមែន។ គាត់កំពុងតែលើកឡើងថា គំរូគឺអំពីអារម្មណ៍»។ នោះគឺជាអ្វីដែលគាត់បានលើកឡើង។ «ការទាំងនោះបានត្រឡប់ជាគំរូ [ឧទាហរណ៍] ដល់យើង ប្រយោជន៍កុំឲ្យយើងប្រាថ្នាចង់បានសេចក្ដីអាក្រក់ ដូចជាគេឡើយ»។ នេះពិតជាអស្ចារ្យមែន។
នេះគឺជាអ្វីដែលខ្ញុំចង់ប្រាប់ប្អូនស្រី សោភ័ណ្ឌ៖ ស្ត្រីដែលមានវ័យចាស់ៗនៅឯព្រះវិហាររបស់គាត់មិនមានការរំភើបទាក់ទងទៅនឹងគំរូដូចនេះទេ។ ប៉ុន្តែ ខ្ញុំគិតថា ពួកគាត់មានការរំភើបទាក់ទងទៅនឹងសេចក្ដីប្រាថ្នាចង់ធ្វើល្អ សេចក្តីប្រាថ្នាចង់ស្អប់អំពើអាក្រក់ និងចង់ឃើញការផ្លាស់ប្រែដូចៗនោះ។ ដូច្នេះ ខ្ញុំគ្រាន់តែចង់លើកជាសំណើទៅកាន់ប្អូនស្រីថា ខណៈពេលដែលប្អូនស្រីកំពុងតែរំភើប នោះចូរឲ្យចេះជួយអ្នកដទៃឲ្យរំភើបដែរ ដូចជាស្ត្រីដែលមានវ័យចំណាស់ៗនៅឯព្រះវិហាររបស់ខ្លួន គឺជួយឲ្យពួកគាត់ឃើញពីគុណប្រយោជន៍—គឺគុណប្រយោជន៍សម្រាប់ថ្វាយបង្គំ សម្រាប់អំណរ សម្រាប់ការចេះកោតខ្លាចព្រះជាម្ចាស់ ជាជាងគ្រាន់តែសប្បាយចិត្តជាមួយនឹងការគូសចំណាំដោយប្រើប្រាស់ប៊ិចដែលមានពណ៌ច្រើនដែលគាត់បានឃើញ។ ទំនងស្ត្រីដែលមានវ័យចំណាស់នៅឯព្រះវិហាររបស់ប្អូនស្រីមិនមានចំណាប់អារម្មណ៍បែបចំណេះដឹងដូចនេះទេ។ ពួកគាត់មិនទទួលបានការរំភើបដូចប្អូនស្រីទេ។
ប៉ុន្តែ ប្រសិនបើប្អូនស្រីអាចឆ្លងកាត់ចំណុចនេះបាន នោះពួកគាត់នឹងអាចជាទំនងលើកឡើងថា «បានៗ ប្រសិនបើប្អូនស្រីអាចឈានទៅដល់ចំណុចនៃការថ្វាយបង្គំ ការទទួលបានអំណរ ការចេះកោតខ្លាចព្រះ ហើយប្រសិនបើការសិក្សាបែបនោះកំពុងតែជះឥទ្ធិពលយ៉ាងអស្ចារ្យដូចនេះមែន នោះយើងនឹងគាំទ្ររបៀបចម្លែកដែលប្អូនស្រីកំពុងតែប្រើប្រាស់ក្នុងការអានព្រះគម្ពីរ»។
ចូរឲ្យការសិក្សាបង្កើតឲ្យមានសេចក្ដីស្រឡាញ់
ប៉ុន្តែ សូមអនុញ្ញាតឲ្យខ្ញុំបញ្ចប់អត្ថបទនេះ ដោយគិតវិជ្ជមានអំពីប្អូនស្រី សោភ័ណ្ឌ បន្តិចដែរ។ ការណែនាំអំពីភាពប្រុងប្រយ័ត្នទាំងនេះទំនងមិនមែនជាអ្វីដែលគាត់កំពុងតែសួរនាំនោះទេ។ ហើយទំនងខ្ញុំត្រូវតែណែនាំស្ត្រីដែលមានវ័យចំណាស់ឲ្យពួកគាត់មានការប្រុងប្រយ័ត្នវិញ។ នេះជាអ្វីដែលខ្ញុំចង់ធ្វើក្នុងការបញ្ចប់អត្ថបទនេះ៖ គឺខ្ញុំចង់គិតវិជ្ជមានអំពីប្អូនស្រី សោភ័ណ្ឌ។ សូមអនុញ្ញាតឲ្យខ្ញុំណែនាំស្ត្រីដែលមានវ័យចំណាស់នៅឯព្រះវិហារគាត់ឲ្យមានការប្រុងប្រយ័ត្ន ពីព្រោះមើលទៅហាក់បីដូចជាពួកគាត់កំពុងតែបន្ទាបចំណុចសំខាន់នូវអ្វីដែលប្អូនស្រី សោភ័ណ្ឌ កំពុងតែធ្វើហើយ។
ចម្លើយរបស់ខ្ញុំសម្រាប់សំណួរ ប្អូនស្រី សោភ័ណ្ឌ ដែលថា «តើការអានព្រះគម្ពីររបស់ព្រះជាម្ចាស់បែបសិក្សាអាចនៅថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់បានដែរឬទេ?» ចម្លើយគឺ៖ «បាន»។ ហើយខ្ញុំក៏ចង់ឲ្យគាត់ប្រើប្រាស់ពាក្យផ្សេងទៀតដូចជា «បែបយកចិត្តទុកដាក់» «បែបម៉ត់ចត់» ឬក៏ «បែបលម្អិត»។ ពាក្យ «បែបសិក្សា» អាចនាំឲ្យមនុស្សមួយចំនួនគិតបែបអវិជ្ជមាន។ ប៉ុន្តែ ខ្ញុំដឹងអំពីអត្ថន័យដែលប្អូនស្រីកំពុងតែប្រើប្រាស់។ តើការអានព្រះគម្ពីររបស់ព្រះជាម្ចាស់បែបសិក្សាអាចនៅថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់បានដែរឬទេ? ចម្លើយគឺ៖ «បាន»។ ប្អូនស្រីកំពុងតែធ្វើជាគំរូហើយ ហើយខ្ញុំក៏សង្ឃឹមថា ខ្ញុំក៏អាចធ្វើជាគំរូម្នាក់បានដែរ។ ខ្ញុំចង់ថ្វាយសិរីល្អទៅព្រះជាម្ចាស់តាមរយៈការសិក្សាព្រះគម្ពីរបែបយកចិត្តទុកដាក់ បែបម៉ត់ចត់ និងបែបលម្អិតដែលអាចឈានទៅដល់កម្រិត ដែលព្រះជាម្ចាស់បានសរសេរចុះ។
ប៉ុន្តែ នេះជាចំណុចដែលយើងទាំងអស់គ្នាត្រូវតែចងចាំ៖ ព្រះជាម្ចាស់បានបង្កើតអ្នកខ្លះក្នុងករណីដែលថា ហ្សែនរបស់គាត់និងប៉ះពាល់របៀបសិក្សាបែបលម្អិត ត្រង់ថាខួរក្បាលរបស់គាត់នឹងបិទចលនាបេះដូងរបស់គាត់។ ពិតជាមានមនុស្សដូចនោះមែន។ នៅពេលដែលពួកគាត់ព្យាយាមគិតដោយយកចិត្តទុកដាក់ នោះស្រាប់តែពួកគាត់ចាប់ផ្ដើមមានអារម្មណ៍ត្រជាក់ៗ។ ហើយសម្រាប់មនុស្សដូចយើងដែលចូលចិត្តការសិក្សាបែបលម្អិត ទំនងជាយើងគ្រវីក្បាល ហើយលើកឡើងថា «ទេៗ វាមិនដំណើរការក្នុងរបៀបនោះឡើយ»។ ហើយពួកគាត់ទំនងជាឆ្លើយតបវិញថា «តាមពិតទៅ វាដំណើរការក្នុងរបៀបនោះមែន»។ ប្រសិនបើយើងព្យាយាមយល់ពីពួកគាត់មែន ប្រសិនបើវាពិតជាដំណើរការក្នុងរបៀបនោះមែន នោះពួកគាត់នឹងប្រាកដជាសន្មតថា ត្រូវតែដំណើរការដូចនោះចំពោះលោកអ្នកដែរជាមិនខាន។ នេះហើយជាមូលហេតុដែលពួកគាត់សង្ស័យក្នុងរបៀបនៃការសិក្សាបែបនេះ—ពីព្រោះនោះគឺជាបទពិសោធន៍របស់ពួកគាត់។
នេះគឺជាអ្វីដែលខ្ញុំបានធ្លាប់ព្យាយាមធ្វើអស់រយៈពេល៣៣ឆ្នាំក្នុងការអធិប្បាយ ពីព្រោះខ្ញុំបានសិក្សាបែបលម្អិតក្នុងការរៀបចំសេចក្ដីអធិប្បាយរបស់ខ្ញុំ ហើយខ្ញុំក៏ស្គាល់មនុស្សជាច្រើននាក់ដែលថា ប្រសិនបើខ្ញុំផ្ទេរព័ត៌មានទាំងអស់ចេញពីការសិក្សារបស់ខ្ញុំទៅពួកគាត់ នោះពួកគាត់នឹងឆ្លើយតបថា «វាពិតជាស្មុគស្មាញ ហើយមិនសូវចាប់អារម្មណ៍សោះ»។ របៀបឈានទៅមុខទៀតដែលខ្ញុំដឹងគឺថា—ហើយនេះជាយោបល់របស់ខ្ញុំសម្រាប់ប្អូនស្រី សោភ័ណ្ឌ—បុគ្គលដែលចំណាយពេលយកចិត្តទុកដាក់ក្នុងការសិក្សាយ៉ាងម៉ត់ចត់ក៏ត្រូវតែព្យាយាមស្រឡាញ់ឲ្យអស់ពីចិត្តផងដែរ។ បើនិយាយម្យ៉ាងវិញទៀត ប្រសិនបើមានអ្នកដទៃគិតថារបៀបសិក្សារបស់យើងនឹងបំផ្លាញយើង នោះដាច់ខាតយើងត្រូវតែបង្ហាញឲ្យពួកគេឃើញថា វាផ្ទុយពីនោះទាំងស្រុង។ ដូច្នេះ ប្អូនស្រី សោភ័ណ្ឌ ត្រូវតែស្រឡាញ់ពួកគាត់ឲ្យលើសពីការដែលពួកគាត់ស្រឡាញ់ប្អូនស្រី ត្រូវតែមានអំណរឲ្យលើសពីការដែលពួកគាត់មានអំណរ ត្រូវតែកែប្រែចិត្តឲ្យលើសពីការដែលពួកគាត់កែប្រែចិត្ត នឹងត្រូវតែបម្រើពួកគាត់ឲ្យលើសពីការដែលពួកគាត់បម្រើប្អូនស្រីវិញ។ ការធ្វើបែបនេះនឹងមិនបណ្ដាលឲ្យពួកគាត់លើកឡើងថា របៀបដែលប្អូនស្រីសិក្សាកំពុងតែធ្វើឲ្យប្អូនស្រីមានការឈឺចាប់ ពីព្រោះភស្តុតាងមិនបង្ហាញយ៉ាងដូច្នោះឡើយ។
មតិយោបល់
Loading…