in ,

តើ​យើង​អាច​មាន​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​ដោយ​គ្មាន​អំពើ​បាបទេ​នៅ​ក្នុង​ជីវិត​នេះ?

ណ្ឌ​គម្ពីរ អេភេសូរ ៤:១៣ បាន​លើក​ឡើង​ថា ព្រះ​ជាម្ចាស់​បាន​ប្រទាន​អំណោយ​ទាន​ខាង​ឯ​ព្រលឹង​វិញ្ញាណ ដើម្បី​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ការ​ស្ដារ​អវយវៈ​របស់​ព្រះ​គ្រីស្ទ​ឡើង «រហូត​ដល់​យើង​ទាំង​អស់​គ្នា​បាន​រួបរួម​នៅ​ក្នុង​ជំនឿ ហើយ​បាន​ស្គាល់​ព្រះ​រាជបុត្រា​របស់​ព្រះ ទៅ​ជា​មនុស្ស​ពេញ​វ័យ និង​ដល់​ខ្នាត​កម្ពស់​នៃ​សេចក្តី​ពោរពេញ​របស់​ព្រះ​គ្រីស្ទ»។ មាន​ការ​បក​ប្រែ​ព្រះ​គម្ពីរ​ជា​ភាសា​អង់គ្លេស​ខ្លះ​ថា យើង​នឹង​ក្លាយ​ជា «ល្អ​ឥត​ខ្ចោះ» (ជា​ជាង «ពេញ​វ័យ») ហើយ​ចេញ​ពី​ការ​នេះ ក៏​មាន​មនុស្ស​មួយ​ចំនួន​បាន​មាន​គំនិត​យ៉ាង​ខុស​ឆ្គង​ថា យើង​នឹង​អាច​ឈោង​ដល់​ចំណុច​នៃ​ការ​ល្អ​ឥត​ខ្ចោះ​ក្នុង​ជីវិត​នេះ​ដោយ​គ្មាន​អំពើ​បាប​បាន។ ព្រះ​គម្ពីរ​បាន​បង្រៀន​ថា ខណៈ​ពេល​ដែល​យើង​កំពុង​រស់នៅ​ក្នុង​សាច់​ឈាម​នេះ យើង​នឹង​តែង​តែ​បន្ត​តយុទ្ធ​ជា​មួយ​នឹង​លក្ខណៈ​នៃ​អំពើ​បាប (សូម​អាន​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៧:១៤-២៤)។ គ្មាន​បុគ្គល​ណា​ដែល​នឹង «ល្អ​ឥត​ខ្ចោះ» (គ្មាន​បាប) បាន​ទេ រហូត​ដល់​ពេល​យើង​ទៅ​នៅ​ស្ថាន​សួគ៌​សិន។

ពាក្យ «ពេញ​វ័យ» ដែល​បាន​បក​ប្រែ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៤:១៣ គឺ​ជា​ពាក្យ​ពី​ភាសា​ក្រិក «ធេលេអូស៍» (“teleios”)។ ពាក្យ​នេះ​មាន​ការ​ប្រើ​ប្រាស់​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ក្នុង​អត្ថ​ន័យ «ល្អ​ឥត​ខ្ចោះ» «ពេញ​ខ្នាត» «លូត​លាស់​ធំ​ធាត់​ពេញ​ទី» និង «ពេញ​វ័យ»។ អ្វី​ដែល​កណ្ឌ​គម្ពីរ អេភេសូរ ៤:១៣ កំពុង​តែ​បង្រៀន​នោះ​គឺ​ថា ដរាប​ណា​យើង​កាន់​តែ​លូត​លាស់​ក្នុង​ព្រះ​គ្រីស្ទ នោះ​យើង​នឹង​កាន់​តែ​ខ្លាំង​ឡើង ហើយ​កាន់​តែ​មាន​ការ​រួបរួម​ក្នុង​ក្រុម​ជំនុំ។ ខ​គម្ពីរ​មួយ​នេះ​មិន​បាន​បង្រៀន​ថា យើង​នឹង​ឈប់​ប្រព្រឹត្ត​អំពើ​បាប​ទេ។

កណ្ឌ​គម្ពីរ កូឡូស ១:២៨ គឺ​ជា​ខគម្ពីរ​មួយ​ទៀត​ដែល​មនុស្ស​មួយ​ចំនួន​មាន​ការ​យល់​ច្រឡំ​ពេល​ខ្លះ ក្នុង​ការ​បក​ប្រែ​មួយ​ចំនួន​ថា​សាវ័ក ប៉ុល ចង់ «ថ្វាយ​មនុស្ស​ទាំង​អស់ ជា​មនុស្ស​គ្រប់​លក្ខណ៍​ក្នុង​ព្រះ​គ្រីស្ទ»។ ហើយ​ក្នុង​កណ្ឌ​គម្ពីរ កូឡូស ៤:១២ ថា​សាវ័ក ប៉ុល អធិស្ឋាន «ឲ្យ​អ្នក​រាល់​គ្នា​បាន​ឈរ​ជា​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​គ្រប់​ជំពូក»។ ក្នុង​ខ​គម្ពីរ​ទាំង​ពីរ​នេះ យើង​គួរ​យល់​ពាក្យ​ក្រិក «ល្អ​ឥត​ខ្ចោះ» ថា​ឲ្យ​មាន​អត្ថ​ន័យ «លូត​លាស់​ធំ​ធាត់​ពេញ​ទី» ឬក៏ «ពេញ​វ័យ» មិន​មែន «គ្មាន​អំពើ​បាប» ទេ។

ក្នុង​នាម​ជា​មនុស្ស យើង​ស្ថិត​ក្រោម​លក្ខណ​សម្បត្តិ​របស់​លោក អ័ដាម លើ​ផែន​ដី​នេះ។ មិន​ថា​យើង​ខំ​ប្រឹង​ប៉ុណ្ណា​ក៏​ដោយ​ក្នុង​ការ​មិន​ប្រព្រឹត្ត ក៏​យើង​នៅ​បន្ត​ប្រព្រឹត្ត​អំពើ​បាប​ទាស់​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់​ដែរ។ ចំណុច​នេះ​គឺ​ពិត​សម្រាប់​មនុស្ស​គ្រប់ៗ​រូប។ សាវ័ក ប៉ុល បាន​ស្ដី​បន្ទោស​ដាក់​សាវ័ក ពេត្រុស ដោយ​សារ​គាត់​បង្ហាញ​ការ​ពេញ​ចិត្ត​បែប​លម្អៀង (កាឡាទី ២:១១-១៣)។ ក្នុង​ព័ន្ធ​កិច្ច​របស់​សាវ័ក ប៉ុល ពេល​ក្រោយ​ទៀត គាត់​បាន​ហៅ​ខ្លួន​ឯង​ថា ជា​មនុស្ស​មាន​បាប​លេខ​មួយ (១ធីម៉ូថេ ១:១៥)។ ទាំង​សាវ័ក ពេត្រុស សាវ័ក យ៉ាកុប សាវ័ក យ៉ូហាន និង​សាវ័ក ប៉ុល សុទ្ធ​តែ​បាន​សារភាព​ថា ពួក​គាត់​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ តើ​ឲ្យ​អ្នក ហើយ​និង​ខ្ញុំ​អះអាង​ខុស​ពី​ពួក​គាត់​បាន​យ៉ាង​ដូច​ម្តេច​ទៅ?

ការ​មាន​លក្ខណ​សម្បត្តិ​ដ៏​ល្អ​ឥត​ខ្ចោះ​ដ៏​ពិត​ប្រាកដ​នឹង​មិន​អាច​កើត​មាន​ឡើង​បាន​ទេ លុះ​ត្រា​តែ​ព្រះ​ជាម្ចាស់​យាង​មក​យក​ក្រុម​ជំនុំ​សិន គឺ​ពេល​ដែល​យើង​នឹង​ងើប​ឡើង​ទៅ​ជួប​ព្រះ​យេស៊ូវ​លើ​អាកាស (១ថែស្សាឡូនីច ៤:១៧)។ នៅ​គ្រា​នោះ អស់​អ្នក​ដែល​ស្លាប់​ក្នុង​ព្រះ​គ្រីស្ទ​នឹង​ទទួល​បាន​ការ​រស់​ឡើង​វិញ ហើយ​រូប​កាយ​នៃ​អ្នក​ដែល​កំពុង​រស់​នៅ​ក៏​នឹង​ទទួល​បាន​ការ​បំផ្លាស់​បំប្រែ (ភីលីព ៣:២០, ២១; ១កូរិនថូស ១៥:៥៤)។ យើង​នឹង​ឈរ​នៅ​ពី​មុខ​បល្ល័ង្ក​នៃ​ការ​ថ្កោល​ទោស​របស់​ព្រះ​គ្រីស្ទ (២កូរិនថូស ៥:១០) ដែល​នៅ​ពេល​នោះ​ព្រះ​អង្គ​នឹង​កាត់​ក្ដី​លើ​ព័ន្ធ​កិច្ច​នានា​របស់​យើង ហើយ​ក៏​នឹង​ប្រទាន​រង្វាន់​ផង​ដែរ (១កូរិនថូស ៣:៩-១៥)។ ការ​ប្រោស​លោះ​របស់​យើង​នឹង​ឈាន​ដល់​ទី​បញ្ចប់ ហើយ​អំពើ​បាប​របស់​យើង​ក៏​នឹង​លែង​មាន​យ៉ាង​អស់​កល្ប​ជានិច្ច​ដែរ។ យើង​នឹង​រស់​នៅ ហើយ​សោយ​រាជ្យ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ក្នុង​លក្ខណៈ​ដែល​គ្មាន​អំពើ​បាប​យ៉ាង​អស់​កល្ប​ជានិច្ច។

និពន្ធដោយក្រុម៖ www.gotquestions.org
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោកស្រី ពុុល រដ្ថា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សូម​ទ្រង់​ឈរ​ឡើង​ជំនុំជំរះ​ផែនដី​

ព្រះគ្រីស្ទជាចំណុចស្នូល