នេះគឺជាសំណួរដ៏ល្អ និងសំខាន់មួយនៅក្នុងបរិបទស្រុកខ្មែរ។ សម្រាប់បងប្អូនដែលជាគ្រីស្ទបរិស័ទតែម្នាក់ឯងនៅក្នុងក្រុមគ្រួសារដែលមិនមែនជាគ្រីស្ទបរិស័ទ ពួកគេយល់ច្បាស់អំពីការលំបាកទាក់ទងទៅនឹងប្រធានបទខាងលើ។ ក្រោមសម្ពាធគ្រួសារ និងសង្គមនៅជុំវិញ គ្រីស្ទបរិស័ទខ្លះបានស្តាប់ធម៌ និងប្រគេនចង្ហាន់ដោយបង្ខំ ដោយស្ទាក់ស្ទើរ ដើម្បីបំពេញមុខ ឬជាទីបំពេញកិច្ច។
បើតាមខ្ញុំយល់ ការស្តាប់ធម៌ និងការប្រគេនចង្ហាន់ គឺដើម្បីបានបុណ្យ។ ជនជាតិខ្មែរជឿថាបុណ្យគឺជាយានដឹកនាំមនុស្សចេញផុតពីសេចក្តីវិនាសឆ្ពោះទៅរកសេចក្តីសុខសាន្តទាំងនៅជាតិនេះ និងអនាគតជាតិ។ ការសន្សំបុណ្យកាន់តែច្រើន កាន់តែល្អប្រសើរ។ ត្រង់ចំណុចនេះ វាផ្ទុយស្រឡះពីសេចក្តីបង្រៀនរបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាប្រឆាំងទៅនឹងសេចក្តីពិត។ បើផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ គ្មានជាតិក្រោយទេ។ មនុស្សទាំងអស់តម្រូវឲ្យរស់ ហើយស្លាប់តែម្តងគត់ រួចក៏ជាប់ជំនុំជម្រះពីសំណាក់ព្រះជាម្ចាស់ (ហេព្រើរ ៩:២៧)។ មួយវិញទៀត ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានគូសវាសបញ្ជាក់ទៀតថា ព្រះយេស៊ូវគ្រីស្ទ គឺជាផ្លូវតែមួយគត់ដែលព្រះជាម្ចាស់បានប្រោសប្រទានមក ដើម្បីលុបលាងសម្អាត និងអត់ទោសបាបមនុស្ស (រ៉ូម ៨:៣-៤, យ៉ូហាន ៣:១៦-១៨, ១ធីម៉ូថេទី ១:១៥)។ ក្រៅពីព្រះយេស៊ូវគ្រីស្ទ គ្មានអំណាចណាមួយដែលអាចជួយសង្គ្រោះមនុស្សពីអំពើបាបឡើយ (អេសាយ ៦៤:៦, យេរេមា ២:២២, ម៉ាថាយ ២៣:២៧-២៨, កិច្ចការ ៤:១២)។ យើងបានជ្រះស្អាតពីអំពើបាប ហើយគ្មានទោស ល្គឹកណាយើងជឿលើព្រះយេស៊ូវគ្រីស្ទ (រ៉ូម ៨:១ អេភេសូរ ២:៨-៩)។ ទន្ទឹមនឹងនេះដែរ កិច្ចការដែលព្រះយេស៊ូវគ្រីស្ទបានសម្រេចសម្រាប់យើង ដើម្បីជួយសង្គ្រោះយើង នោះគ្រប់គ្រាន់ហើយ។ យើងមិនចាំបាច់បន្ថែមអ្វីមួយពីលើនេះ ដើម្បីទទួលបានសេចក្តីសង្គ្រោះឡើយ។
សរុបមក ប្រសិនបើយើងស្តាប់ធម៌ ឬប្រគេនចង្ហាន់ក្នុងគោលបំណងជួយសង្គ្រោះខ្លួនឯងពីសេចក្តីវិនាស និងដើម្បីបានសុខសាន្តទាំងនៅជាតិនេះ និងអនាគតជាតិនោះ មិនត្រឹមត្រូវទេ។ វាជារបៀបរកជំនួយ និងផ្លូវសង្គ្រោះផ្សេងទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទ។ ទង្វើនេះធៀបទៅនឹងការបដិសេធ ហើយមិនទុកចិត្តព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះ។
ដោយឡែក គ្រីស្ទបរិស័ទមួយចំនួនដឹងថាការស្តាប់ធម៌ និងការប្រគេនចង្ហាន់មិនត្រឹមត្រូវ។ ថ្វីបើយ៉ាងដូច្នោះក្តី គេនៅតែប្រព្រឹត្តិ ក្រោមសម្ពាធគ្រួសារ និងមនុស្សនៅជុំវិញ។ ពេលខ្លះទៀត គេធ្វើដើម្បីផ្គាប់ចិត្តមនុស្ស។ បងប្អូនអើយ បើការនេះប្រឆាំងជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះ វាមិនត្រឹមត្រូវទេ។ ម្យ៉ាងទៀត យើងត្រូវតែស្តាប់បង្គាប់ព្រះជាជាងមនុស្ស (កិច្ចការ ៥:២៩)។ យើងរស់នៅមិនមែនដើម្បីផ្គាប់ចិត្តមនុស្ស ប៉ុន្តែដើម្បីផ្គាប់ព្រះហឫទ័យព្រះ (ថេស្សាឡូនីចទី១ ២:៤)។ នេះមិនមែនជាការងាយស្រួលទេ។ យើងត្រូវអធិស្ឋានសូមប្រាជ្ញាពីព្រះជាម្ចាស់ ដើម្បីរស់នៅជាពន្លឺ សម្រាប់សិរីល្អរបស់ទ្រង់ នៅក្នុងសហគមន៍របស់យើង។
ទោះបីជាយ៉ាងណាក៏ដោយ គ្រីស្ទបរិស័ទមិនគួរគប្បីមើលរំលងបញ្ញត្តិរបស់ព្រះយេស៊ូវគ្រីស្ទថា «…ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង… » (ម៉ាកុស ១២:៣០ សូមមើល យ៉ាកុប ២:១៥-១៧)។ ក្នុងរូបភាពនៃសេចក្តីស្រឡាញ់ គ្រីស្ទបរិស័ទជូនជាចំណីអាហារ និងជួយយកអាសារដល់មនុស្សផងទាំងឡាយដែលកំពុងតែខ្វះខាត និងត្រូវការជំនួយដោយរាប់បញ្ចូលទាំងលោកសង្ឃផងដែរ។ ត្រង់នេះ ខ្ញុំមិននិយាយចំពោះការប្រគេនចង្ហាន់ ឬដាក់បាត្រ ដើម្បីបានបុណ្យជាផលតបស្នងត្រឡប់មកវិញឡើយ។ ប៉ុន្តែ ក្នុងករណីលោកសង្ឃដែលពិតប្រាកដជាត្រូវការចង្ហាន់ជាទីបំផុត។ យ៉ាងណាក៏ដោយ គប្បីយើងបានពន្យល់ប្រាប់ហេតុផលរបស់យើងឲ្យបានច្បាស់លាស់ដល់ទាំងបងប្អូនរួមជំនឿ និងអ្នកមិនជឿ ប្រយោជន៍ជៀសវាសការយល់ច្រលំ ឬគិតខុស។ ដើម្បីសិរីល្អរបស់ព្រះជាម្ចាស់តាមរយៈជំនួយរបស់យើងនោះ យើងត្រូវតែប្រុងប្រយ័ត្នចំពោះការនេះ។ គ្រីស្ទបរិស័ទជួយមិនមែន ដើម្បីបានបុណ្យកុសលអ្វីឡើយ។ ផ្ទុយទៅវិញ នេះជាសេចក្តីបង្គាប់របស់ព្រះយេស៊ូវគ្រីស្ទទាក់ទងទៅនឹងសេចក្តីស្រឡាញ់។
មួយវិញទៀត ទាក់ទងទៅនឹងការស្តាប់ធម៌។ ជាការពិតណាស់ ធម៌ខ្លះអាចមានតម្លៃអប់រំ។ តម្លៃអប់រំខ្លះស៊ីគ្នាទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្លះថា ស្តាប់ធម៌ដើម្បីសិក្សាស្វែងយល់ពីអ្វីមួយ ដើម្បីដឹងពីរបៀបឆ្លើយតបទៅនឹងបញ្ហាណាមួយ ដើម្បីបានធូរស្រាលចិត្ត។ល។ បើទោះបីជាក្រោមហេតុផលណាក៏ដោយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយគត់ គឺជាស្តង់ដារនៃការរស់នៅរបស់គ្រីស្ទបរិស័ទអស់កល្បជានិច្ច។ ព្រះជាម្ចាស់មានព្រះបន្ទូលថា «…ឲ្យឯងរាល់គ្នាមើល ដើម្បីឲ្យនឹកចាំពីអស់ទាំងបញ្ញត្តិនៃព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តិតាមផង ប្រយោជន៍កុំឲ្យឯងរាល់គ្នារកតាមតែចិត្តនឹងភ្នែកឯងដែលនាំឲ្យឯងផិតទៅតាមនោះឡើយ គឺឲ្យរាល់គ្នាបាននឹកចាំ ព្រមទាំងប្រព្រឹត្តិតាមអស់ទាំងបញ្ញត្តិរបស់អញ ហើយឲ្យបានបរិសុទ្ធសម្រាប់ព្រះនៃឯងវិញ» (ជនគណនា ១៥:៣៩ សូមមើល ហេព្រើរ ៤:១២ ២ធីម៉ូថេ ៣:១៦-១៧ ទំនុកតម្កើង ១១៩:១០៥ លូកា ១១:២៨ ម៉ាថាយ ៧:២៤ ម៉ាថាយ ៤:៤ អេសាយ ៤០:៨ ម៉ាថាយ ២៤:៣៥)។ ក្នុងន័យនេះផងដែរ សាវ័ក ប៉ុល បានអធិស្ឋានឲ្យអ្នកជឿនៅទីក្រុងភីលីព និងក្រុងកូឡូសរីកចម្រើនក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រយោជន៍ឲ្យពួកគេបានរស់នៅដោយត្រឹមត្រូវក្នុងមាគ៌ារបស់ព្រះអង្គ សម្រាប់សិរីល្អរបស់ទ្រង់ (ភីលីព ១:៩-១១, កូឡូស ១:៩-១១)។ មួយវិញទៀត ព្រះគឺជាប្រភពនៃជំនួយដ៏មាំមួន មិនចេះប្រួលប្រែ និងអស់កល្បជានិច្ចរបស់យើង។ អ្នកនិពន្ធកណ្ឌទំនុកតម្កើងបានលើកឡើងថា «ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំ តើសេចក្តីជំនួយជួយដល់ខ្ញុំមកពីណា សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី» (ទំនុកតម្កើង ១២១:១-២)។ ជំនួយ និងប្រាជ្ញាដែលយើងត្រូវការ ដើម្បីរស់នៅដោយគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់មាននៅក្នុងព្រះបន្ទូលរបស់ទ្រង់តែមួយគត់។ ដូច្នោះ តើគ្រីស្ទបរិស័ទស្តាប់ធម៌ដើម្បីអ្វី?
មតិយោបល់
Loading…