in

ការ​អធិស្ឋាន​ក្នុង​ការ​បង្កើត​សិស្ស​​តាម​រយៈ​​ទំនាក់​ទំនង​នៅក្នុង​ចំណោម​បង​ប្អូន​ស្រីៗ

«ខ្ញុំ​នឹង​អធិស្ឋាន​សម្រាប់​អ្នក!»

ជា​ញឹក​ញាប់ យើង​បាន​និយាយ​ពាក្យ​សម្ដី​នេះ​ទៅ​មិត្តភក្ដិ​របស់​យើង ប៉ុន្តែ​តើ​យើង​បាន​ធ្វើ​តាម​ការ​និយាយ​របស់​យើង ហើយ​ធ្វើ​ការ​អធិស្ឋាន​សម្រាប់​ពួក​គាត់​ញឹក​ញាប់​ប៉ុណ្ណា? នៅ​ពេល ខ្ញុំ​ពិចារណា​អំពី​ទំនាក់​ទំនង​របស់​ខ្ញុំ​នៅ​ក្នុង​ក្រុម​ជំនុំ ខ្ញុំ​ចង់​ក្លាយ​ជា​បង​ស្រី​ម្នាក់​នៅ​ក្នុង​ព្រះ​គ្រីស្ទ ជា​អ្នក​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អធិស្ឋាន។ ប្រសិន​បើ​យើង​កំណត់​អត្ថន័យ​នៃ​ការ​បង្កើត​សិស្ស​ថា​ជា «ការ​មាន​ចេតនា​ក្នុង​ការ​ធ្វើ​ល្អ​ខាង​ឯ​វិញ្ញាណ​ចំពោះ​នរណា​ម្នាក់ ដើម្បី​ឲ្យ​អ្នក​នោះ​មាន​ភាព​កាន់​តែ​ដូច​ព្រះ​គ្រីស្ទ» នោះ​ការ​អធិស្ឋាន​របស់​យើង ពិត​ជា​មាន​តួនាទី​ដ៏​សំខាន់​នៃ​ការ​បង្កើត​សិស្ស​តាម​រយៈ​ទំនាក់​ទំនង​របស់​យើង។ ដូច្នេះ ខណៈ​ដែល​យើង​មាន​ឥទ្ធិ​ពល ហើយ​និង​បង្កើត​សិស្ស​ជា​មួយ​បង​ប្អូន​ស្រីៗ យើង​គួរ​តែ​មាន​ប្រាជ្ញា​ក្នុង​ការ​ពិចារណា​ធ្វើ​ដោយ​ផ្សារ​ភ្ជាប់​នឹង​ការ​អធិស្ឋាន​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ប្រចាំ​ថ្ងៃ​របស់​យើង។

ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អធិស្ឋាន​សម្រាប់​ការ​បង្កើត​សិស្ស​តាម​រយៈ​ទំនាក់​ទំនង​របស់​លោក​អ្នក

តើ​អ្វី​ជា​ការ​កំណត់​ភាព​ខុស​គ្នា​រវាង​ទំនាក់​ទំនង​ជា​គ្រីស្ទ​បរិស័ទ​របស់​លោក​អ្នក​ពី​មិត្ត​ភាព​ដទៃ​ផ្សេង​ទៀត? ខ្ញុំ​មាន​មិត្ត​ភក្តិ​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​នាក់ ដែល​ពួក​គាត់​កំពុង «គិត​ដល់​ខ្ញុំ» និង «កំពុង​ផ្ដល់​អារម្មណ៍​ល្អៗ​មក​កាន់​ខ្ញុំ» ប៉ុន្តែ​អ្វី​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ គឺ​ជា​ស្ត្រី​ដែល​ខ្ញុំ​បាន​ស្គាល់ ដោយ​ពួក​គាត់​បាន​ប្ដេជ្ញា​ចិត្ត​នឹង​អធិស្ឋាន​សម្រាប់​ខ្ញុំ។ នៅ​ក្នុង​ក្រុម​ជំនុំ ខ្ញុំ​ចង់​ក្លាយ​ជា​មិត្ត​ម្នាក់​បែប​នោះ​ដែរ នៅ​ក្នុង​ការ​បង្កើត​សិស្ស​តាម​រយៈ​ទំនាក់​ទំនង​របស់​ខ្ញុំ​ផ្ទាល់។

ការ​តាំង​សេចក្តី​សញ្ញា​ក្រុម​ជំនុំ​យើង គឺ​សមាជិក​ទាំង​អស់​នៃ​ក្រុម​ជំនុំ​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត ដើម្បី «ដើរ​រួម​ជា​មួយ​គ្នា​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​គ្រីស្ទ​បរិស័ទ អនុវត្ត​ការ​មើល​ថែ​រក្សា​គ្នា​ដោយ​សេចក្តី​ស្រឡាញ់ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក…អធិស្ឋាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក»។ នៅ​ក្នុង​ព្រះ​អម្ចាស់ នេះ​មាន​ន័យ​ថា វា​ជា​កាតព្វកិច្ច​របស់​យើង​ក្នុង​ការ​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក ជា​ពិសេស​ត្រូវ​អធិស្ឋាន​សម្រាប់​អ្នក​ដែល​យើង​កំពុង​តែ​បង្រៀន។

ការ​ប្រកប​គ្នា​នៃ​គ្រីស្ទ​បរិស័ទ គឺ​មិន​មែន​ជា «ការ​ដើរ​លេង​ជា​មួយ​គ្រីស្ទ​បរិស័ទ​ដទៃ​ផ្សេង» នោះ​ទេ។ ហើយ​ការ​បង្កើត​សិស្ស ក៏​មិន​មែន​គ្រាន់​តែ​ជា​ការ​និយាយ និង​ការ​ស្តាប់​នោះ​ដែរ។ ពេល​យើង​បង្កើត​ជា​មួយ​អ្នក​ដទៃ គឺ​ជា​ឯក​សិទ្ធិ​ក្នុង​ការ​ជួយ​អ្នក​ទាំង​នោះ​ឲ្យ​បាន​ដើរ​តាម​ព្រះ​យេស៊ូវ ហើយ​ឧបករណ៍​សំខាន់​ពីរ​ក្នុង​ការ​បង្កើត​សិស្ស​ជា​មួយ​អ្នក​ដទៃ​នោះ គឺ​ព្រះ​បន្ទូល និង​ការ​អធិស្ឋាន។ បើ​សិន​គ្មាន​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​ទាំង​ពីរ​នេះ​ទេ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ស្តាប់​ម្នាក់​ប៉ុណ្ណោះ ហើយ​ឥទ្ធិពល​ខាង​ឯ​វិញ្ញាណ​ដែល​ខ្ញុំ​មាន គឺ​នឹង​មាន​តិច​តួច​បំផុត។ តាម​ពិត​ទៅ ខ្ញុំ​បាន​ចាក​ចេញពី​ការ​ជួប​ជុំ​ជា​ច្រើន ដោយ​ព្រោះ​ខ្ញុំ​បាន​ឆ្ងល់​ថា តើ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​នោះ វា​មាន​ប្រយោជន៍​សម្រាប់​អ្នក​ស្តាប់​ទាំង​នោះ ឬ​យ៉ាង​ណា។ ពេល​ខ្លះ ពាក្យ​សម្ដី និង​ដំបូន្មាន​របស់​ខ្ញុំ​មិន​មាន​ន័យ​នោះ​ឡើយ ប៉ុន្តែ​ការ​ចូល​ទៅ​កាន់​បល្ល័ង្ក​របស់​ព្រះ​ជា​ម្ចាស់​ជំនួស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នឹង​ទទួល​បាន​ជោគ​ជ័យ​ជា​និច្ច។

អធិស្ឋាន​តាម​ព្រះ​គម្ពីរ

ការ​អធិស្ឋាន​តាម​ព្រះ​បន្ទូល គឺ​ជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិ​ពល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ដើម្បី​ភាព​បរិសុទ្ធ​របស់​យើង។ វា​ជា​អំណោយ​មួយ​ដែល​មាន​បង​ប្អូន​គ្រីស្ទ​បរិស័ទ​មាន​ឆន្ទៈ​អធិស្ឋាន​តាម​ព្រះ​គម្ពីរ​ជា​មួយ​យើង នៅ​ពេល​ដួង​ចិត្ត​របស់​យើង​ងាយ​នឹង​វង្វេង ហើយ​យើង​ត្រូវ​បាន​ល្បួង​ឲ្យ​ធ្វើ​តាម​អារម្មណ៍​របស់​យើង។ មាន​ពេល​ជា​ច្រើន​ដង​ដែល​ខ្ញុំ​មិន​យល់​ច្បាស់​អំពី​របៀប​អធិស្ឋាន​សម្រាប់​អ្នក​ដទៃ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​អរ​ព្រះ​គុណ​ដល់​ព្រះ​សម្រាប់​ព្រះ​គម្ពីរ​ដែល​ជា​ប្រភព​គ្រប់​គ្រាន់ ដើម្បី​ជួយ​ខ្ញុំ​ក្នុង​ការ​អធិស្ឋាន។ ពេល​ខ្លះ វិធី​ល្អ​បំផុត​ក្នុង​ការ​ចាប់​ផ្ដើម​ការ​អធិស្ឋាន គឺ​ការ​ស្រែក​ឡើង​ថា «យើង​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ដូច​ម្ដេច​ដែរ ប៉ុន្តែ​ភ្នែក​យើង​ខ្ញុំ​ទន្ទឹង​មើល​តែ​ទ្រង់​ទេ!» (២របាក្សត្រ ២០:១២)។

ការ​រម្លឹក​ដ៏​មាន​ប្រយោជន៍

ខណៈ​ដែល​យើង​អធិស្ឋាន​សម្រាប់​បង​ប្អូន​ស្រីៗ​នៅ​ក្នុង​ព្រះ​គ្រីស្ទ នេះ​គឺ​ជា​ការ​រម្លឹក​ដ៏​មាន​ប្រយោជន៍​មួយ​ចំនួន៖

១. សូម​អធិស្ឋាន​អំពី​លក្ខណៈ​របស់​ព្រះ

សូម​រម្លឹក​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ញឹក​ញាប់​ថា តើ​ព្រះ​ទ្រង់​ជា​នរណា ហើយ​សរសើរ​ព្រះ​អម្ចាស់​ដែល​មាន​អធិបតេយ្យ​ភាព ទ្រង់​មិន​ប្រែ​ប្រួល ទ្រង់​បរិសុទ្ធ និង​ទ្រង់​មាន​គ្រប់​ទាំង​ចំណេះ។ល។

២. សូម​អធិស្ឋាន​តាម​ការ​សន្យា​នៃ​ដំណឹង​ល្អ

សូម​ចង​ចាំ​ពី​អំណោយ​ទាន​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះ​សម្រាប់​យើង​តាម​រយៈ​ព្រះ​គ្រីស្ទ។ យើង​មាន​មរតក​ដែល​មិន​ចេះ​ផុយ​រលួយ ហើយ​បាន​រក្សា​ទុក​នៅ​ឯ​នគរ​ស្ថាន​សួគ៌​សម្រាប់​យើង និង​ព្រះ​ទ្រង់​មិន​នឹក​ចាំ​ពី​ការ​រំលង​របស់​យើង​ទៀត​នោះ​ទេ។ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​អ្វី​គ្រប់​យ៉ាង ដែល​ជា​តម្រូវ​ការ​សម្រាប់​ជីវិត និង​ការ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ដល់​ព្រះ​ជាម្ចាស់។

៣. ពេល​លោក​អ្នក​អធិស្ឋាន សូម​នឹក​ចាំ​ថា ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ក្លាយ​ជា​មនុស្ស​បែប​ម៉េច​នៅ​ក្នុង​
ព្រះ​គ្រីស្ទ។

យើង​ងាយ​នឹង​ភ្លេច​ថា យើង​ជា​កូន​ដែល​បាន​ជ្រើស​រើស បាន​ប្រោស​លោះ និង​បាន​ទទួល​ការ​លើក​លែង​ទោស​
ពី​ព្រះអម្ចាស់។

៤. សូម​អធិស្ឋាន​ឲ្យ​បាន​ច្បាស់​លាស់​តាម​បទ​គម្ពីរ​សម្រាប់​បុគ្គល​ម្នាក់​នោះ

សូម​បើក​មើល​លិបិក្រម​នៅ​ក្នុង​ព្រះ​គម្ពីរ ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​ដ៏​មាន​ព្រះ​ជន្ម​គង់​នៅ មាន​បន្ទូល​មក​កាន់​យើង! សំបុត្រ​នៅ​ក្នុង​ព្រះ​គម្ពីរ គឺ​ជា​កន្លែង​ដ៏​ល្អ​ដែល​អាច​បង្វែរ​ទៅ​ជា​សេចក្តី​អធិស្ឋាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក។

ការបង្កើត​សិស្ស​ជា​មួយ​អ្នក​ដទៃ ខ្ញុំ​អាច​នឹង​ប្រាប់​អ្នក​ណា​ម្នាក់​ឲ្យ​បែរ​ចេញ​ពី​អំពើ​បាប​របស់​គាត់ ប៉ុន្តែ​វា​កាន់​តែ​ខ្ទេច​ខ្ទាំ នៅ​ពេល​យើង​អធិស្ឋាន​តាម​កណ្ឌ​គម្ពីរ កូឡូស ជំពូក៣ ជា​មួយ​គ្នា។ ខ្ញុំ​អាច​និយាយ​ពាក្យ​មួយ​ចំនួន ដើម្បី​ជា​ការ​សម្រាល​ទុក្ខ​ដល់​អ្នក​ណា​ម្នាក់​ដែល​កំពុង​ជួប​ការ​ថប់​បារម្ភ ប៉ុន្តែ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ពេត្រុស ៥:៦-៧ គឺជា​សេចក្តី​អធិស្ឋាន​ដែល​អាច​នាំមក​នូវ​ការ​សម្រាល​ទុក្ខ​ច្រើន​ជាង ពាក្យ​សម្ដី​ដែល​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​គាត់។ នៅ​ពេល​មិត្តភក្ដិ​ណា​ម្នាក់​បាន​សួរ​យើង​ថា តើ​ផែនការ​របស់​ព្រះ​ជា​ម្ចាស់​ល្អ​សម្រាប់​ជីវិត​គាត់​ទេ នោះ​យើង​អាច​បើក​ទៅ​កណ្ឌ​គម្ពីរ រ៉ូម ជំពូក៨ មាន​ពាក្យ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ទាក់​ទង​នឹង​រឿង​នេះ។

នៅ​ពេល​ដែល​យើង​អធិស្ឋាន​តាម​សេចក្តី​អធិស្ឋាន​នៃ​ការ​សរសើរ​តម្កើង និង​ការ​អរ​ព្រះ​គុណ នោះ​ដូច​ជា​យើង​បាន​ស្រែក​ដង្ហោយ​រក​ការ​ផ្គត់​ផ្គង់ និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​ជា​ម្ចាស់ ហើយ​ឲ្យ​ទ្រង់​បំពេញ​គ្រប់​ទាំង​ពាក្យ​សម្ដី​នៃ​ការ​អធិស្ឋាន​របស់​យើង​ជា​មួយ​នឹង​បទ​គម្ពីរ ដែល​ធ្វើ​ឲ្យ​ដួង​ចិត្ត​របស់​យើង​មាន​មូល​គ្រឹះ​នៅ​ក្នុង​សេចក្តី​ពិត និង​បាន​ជំរុញ​ឲ្យ​យើង​កាន់​តែ​មាន​ជំនឿ​ខ្លាំង​ឡើង​ទៅ​លើ​ព្រះ​គ្រីស្ទ។

អធិស្ឋាន​ឲ្យ​មាន​ការ​រួប​រួម និង​សេចក្តី​ស្រឡាញ់

គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ដែល​យើង​បាន​រីក​ចម្រើន​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​ចំពោះ​អស់​អ្នក​ដែល​យើង​បាន​អធិស្ឋាន​ឲ្យ។ យើង​អាច​រក​ឃើញ​ខ្លួន​យើង​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រៀប​ធៀប និង​ការ​ច្រណែន​អ្នក​ជុំ​វិញ សូម្បី​តែ​នៅ​ក្នុង​សហគមន៍​គ្រីស្ទ​បរិស័ទ​ជិត​ស្និទ្ធ​បំផុត​របស់​យើង​ក៏​ដោយ។ វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដើរ​ចូល​ទៅ​ក្នុង​ព្រះ​វិហារ ក្រឡេក​មើល​ស្ត្រី​ផ្សេង ហើយ​ជឿ​លើ​ការ​កុហក​ដែល​យើង​បាន​ប្រាប់​ខ្លួន​យើង​ថា៖ ពួក​គាត់​ប្រាកដ​ជា​មិន​មាន​បញ្ហា​ទេ ជីវិត​របស់​ពួក​គេ​គ្មាន​ការ​លំបាក ហើយ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​របស់​ពួក​គេ​ក៏​មាន
​ភាព​ល្អ​ឥត​ខ្ចោះ។

ប៉ុន្តែ នៅ​ពេល​យើង​បង្កើត​សិស្ស ហើយ​ទទួល​បាន​ការ​បង្រៀន​ពី​អ្នក​ដទៃ នោះ​យើង​ចង​ចាំ​ថា មិន​មែន​មាន​តែ​យើង​​ម្នាក់​ឯង​ទេ​ដែល​កំពុង​មាន​បញ្ហា​ជា​មួយ​នឹង​ការ​ភ័យ​ខ្លាច និង​ការ​ថប់​បារម្ភ ហើយ​មិន​មាន​ការ​អត់​ធ្មត់​
នឹង​កូនៗ ឬ​មាន​ការ​សង្ស័យ​ចំពោះ​សេចក្ដី​ល្អ​របស់​ព្រះ​ជាម្ចាស់​នោះ​ឡើយ។

នៅ​ពេល​យើង​ធ្វើ​ការ​វិនិយោគ​ក្នុង​ជីវិត​បង​ប្អូន​សមាជិក​ក្រុម​ជំនុំ ហើយ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អធិស្ឋាន​សម្រាប់​ពួក​គាត់ នោះ​យើង​នឹង​រីក​ចម្រើន​ក្នុង​ការ​រួប​រួម។ ការ​អធិស្ឋាន​បំបែក​ជញ្ជាំង​នៃ​ភាព​អ​សុវត្ថិភាព និង​ការ​ភ័យ​ខ្លាច ហើយ​អនុញ្ញាត​ឲ្យ​យើង​អាច​ពួត​ដៃ​បង​ប្អូន​គ្រីស្ទ​បរិស័ទ​ផ្សេង​ទៀត នៅ​ពេល​ដែល​យើង​ខិតខំ​រួម​ជា​មួយ​គ្នា
ដើម្បី​ដើរ​តាម​ព្រះ​យេស៊ូវ។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន មាន​ស្ត្រី​ម្នាក់​ដែល​ខ្ញុំ​ទើប​តែ​បាន​ជួប​គាត់​បាន​ចែក​រំលែក​អំពី​ស្ថាន​ភាព​ដែល​គាត់​កំពុង​ត​យុទ្ធ​ក្នុង​ការ​ទុក​ចិត្ត​លើ​ផែន​ការ​របស់​ព្រះ​សម្រាប់​គាត់។ ការ​ដែល​គាត់​មាន​ឆន្ទៈ​ក្នុង​ការ​ចែក​រំលែក​ស្ថាន​ភាព​របស់​គាត់ គឺ​វា​បាន​ជួយ​ឲ្យ​ខ្ញុំ​អាច​អធិស្ឋាន​សម្រាប់​គាត់។ ការ​អធិស្ឋាន​ឲ្យ​គាត់​នេះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ស្រឡាញ់​
ចូល​ចិត្ត​គាត់ ទោះ​បី​ជា​ខ្ញុំ​មិន​ទាន់​ស្គាល់​គាត់​ច្បាស់​ក៏​ដោយ!

ជា​ការ​ពិត​ណាស់ អ្នក​ដែល​លោក​អ្នក​អធិស្ឋាន​ឲ្យ​គឺ​ជា​អ្នក​ដែល​លោក​អ្នក​ស្រឡាញ់ ហើយ​វា​ក៏​ជា​ការ​ពិត​ផង​ដែរ​ថា លោក​អ្នក​ក៏​នឹង​កាន់​តែ​មាន​សេចក្ដី​ស្រឡាញ់​អស់​អ្នក​ដែល​អ្នក​អធិស្ឋាន​ឲ្យ​ដែរ។

អធិស្ឋាន​ទោះ​បី​មិន​សូវ​មាន​ភាព​អំណោយ​ផល​ក្ដី

ក្នុង​ការ​អធិស្ឋាន​មិន​ចាំ​បាច់​ត្រូវ​ការ​រយៈ​ពេល​យូរ ឬ​ត្រូវ​មាន​គម្រោង​យ៉ាង​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ វា​អាច​មាន​សម្លេង​រញ៉េរញ៉ៃ និង​ការ​រំខាន ដោយ​មាន​ក្មេងៗ​នៅ​ជុំ​វិញ។ ខ្ញុំ​ចង​ចាំ​មិន​ភ្លេច​នូវ​ក្នុង​ជំនួប​របស់​ខ្ញុំ​ជា​មួយ​គ្រូ​ផ្ដល់​ឱវាទ​របស់​ខ្ញុំ​ប៉ុន្មាន​ឆ្នាំ​មុន នៅ​ពេល​ដែល​ខ្ញុំ​មិន​ទាន់​មាន​កូន​ម្នាក់​សោះ ហើយ​គាត់​មាន​កូន​បី​នាក់​រួច​ទៅ​ហើយ។
ខ្ញុំ​ទើប​តែ​បាន​ធ្វើ​ការ​ជា​មួយ​គាត់ ហើយ​បាន​និយាយ​ជា​មួយ​គាត់​អំពី​រឿង​រ៉ាវ​ជីវិត។ ពេល​ដែល​យើង​បាន​ចូល
​ទៅ​ក្នុង​ច្រក​ផ្លូវ​ចូល​ផ្ទះ​របស់​គាត់ នោះ​គាត់​បាន​និយាយ​ថា «សូម​អធិស្ឋាន​នៅ​ទីនេះ នៅ​ក្នុង​រថយន្ត មុន​ពេល​ដែល​យើង​ឈាន​ចូល​ទៅ​ក្នុង​ភាព​វឹកវរ​ទាំង​ឡាយ»។

នៅ​ពេល​យើង​ចាប់​ផ្ដើម​អធិស្ឋាន មាន​បាល់​មួយ​បាន​លោត​មក​បុក​ប៉ះ​នឹង​បង្អួច​ឡាន។ នាង​បាន​ធ្វើ​ការ​បើក​រំកិល​បង្អួច​ឡាន​ចុះ​ក្រោម ហើយ​ប្រាប់​អ្នក​វាយ​បាល់​នោះ​ថា «ខ្ញុំ​កំពុង​តែ​អធិស្ឋាន ហើយ​នឹង​បញ្ចប់​ក្នុង​រយៈ​ពេល​តែ​មួយ​នាទី​ប៉ុណ្ណោះ»។ បន្ទាប់​មក នាង​បាន​បិទ​បង្អួច​ឡាន​វិញ ហើយ​យើង​ក៏​បាន​បញ្ចប់​ការ​អធិស្ឋាន។

គំរូ​របស់​នាង​បាន​នៅ​ដក់​ជាប់​ជា​មួយ​ខ្ញុំ។ ជា​ញឹក​ញយ ខ្ញុំ​បាន​គិត​ខុស​ថា ការ​បង្កើត​សិស្ស​ត្រូវ​ធ្វើ​ឡើងជា​មួយ​នឹង​ការ​បើក​ព្រះ​គម្ពីរ​ឡើង ហើយ​ត្រូវ​មាន​ពេល​ស្ងៀម​ស្ងាត់​ច្រើន​ក្នុង​ការ​អធិស្ឋាន។ ប៉ុន្តែ​ នេះ​មិនមែន​ជា​របៀប​នៃ​ការ​រស់នៅ​សម្រាប់​មនុស្ស​ជា​ច្រើន​អ្នក​នោះ​ទេ។

ទាំង​នេះ​ជា​ការ​ណែនាំ​ជា​ការ​អនុវត្តន៍​ជាក់​ស្ដែង​មួយ​ចំនួន​ក្នុង​ការ​អធិស្ឋាន​ទាក់ទង​នឹង​ការ​បង្កើត​សិស្ស​តាម​រយៈ​ទំនាក់​ទំនង​លោក​អ្នក៖

  • អធិស្ឋាន​ពេល​កំពុង​តែ​ដើរ
  • អធិស្ឋាន​នៅ​ក្នុង​ឡាន បន្ទាប់​ពី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ ឬ​ហូប​កាហ្វេ​រួច
  • អធិស្ឋាន​តាម​ទូរស័ព្ទ​ជា​មួយ​អ្នក​ដទៃ នៅ​ពេល​កំពុង​បើក​ឡាន​ទៅ​ផ្ទះ
  • ត្រូវ​ប្រាកដ​ដោយ​សួរ​ថា តើ​មាន​អ្វី​ដែល​លោក​អ្នក​អាច​អធិស្ឋាន​ឲ្យ​គេ​ពេញ​មួយ​សប្ដាហ៍
  • ត្រូវ​មាន​ការ​បើក​ចំហ​សម​ល្មម​ក្នុង​ការ​សុំ​ឲ្យ​អ្នក​ដទៃ​អធិស្ឋាន​ឲ្យ
  • ផ្ញើ​សារ​ទៅ​កាន់​មិត្តភក្ដិ​ណា​ម្នាក់ ដើម្បី​ប្រាប់​គាត់​ឲ្យ​ដឹង​​ថា លោក​អ្នក​កំពុង​អធិស្ឋាន​ឲ្យ​គាត់

គ្រាន់​តែ​អធិស្ឋាន!

ជា​ញឹក​ញាប់ ពេល​ខ្ញុំ​បែក​គ្នា​ពី​ការ​ជួប​ជា​មួយ​បង​ប្អូន​ស្រីៗ​ក្នុង​ព្រះ​គ្រីស្ទ ខ្ញុំ​តែង​តែ​ប្រាថ្នា​ថា​បាន​អធិស្ឋាន​ជា​មួយ​គាត់ ឬ​អធិស្ឋាន​សម្រាប់​ពួក​គាត់។ ការ​អធិស្ឋាន​មិន​មែន​តែង​តែ​ងាយ​ស្រួល ហើយ​វា​មិន​មែន​តែង​តែ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ ឬ​អនុវត្ត​ជាក់​ស្ដែង​នោះ​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា ការ​អធិស្ឋាន​តែង​តែ​ល្អ ហើយ​យើង​តែង​ទទួល​បាន​ព្រះ​ពរ​តាម​រយៈ​ការ​អធិស្ឋាន​ដែរ។

ដូច្នេះ នៅ​ពេល​យើង​ជួប​ជុំ​គ្នា​ក្នុង​នាម​ជា​ស្ត្រី—យើង​ចែក​រំលែក​អំពី​ជីវិត​អាពាហ៍ពិពាហ៍ តួនាទី​ជា​ឪពុក​ម្តាយ និង​បញ្ហា​ខាង​ឯ​វិញ្ញាណ​របស់​យើង—សូម​ប្ដេជ្ញា​ចិត្ត​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ សូម​ទុក​ពេល​វេលា​ផ្ទាល់​ខ្លួន​របស់​យើង​ជា​មួយ​គ្នា​ដោយ​ជឿ​ជាក់​ថា យើង​មាន​ចេតនា​ក្នុង​ការ​ល្អ​ខាង​ឯ​វិញ្ញាណ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

និពន្ធ​ដោយ៖ Carrie Russell
បក​ប្រែ​ដោយ៖ លោក ង៉ែត វិទូ
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ស៊ូ ទិត្យ, លោក ទេព រ៉ូ,
លោក ឯក សត្យា, លោក ហុង សម្ភស និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញ​ពី 9marks.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ដំបូន្មាន​មួយ​ចំនួន​គួរ​យក​ទៅ​អនុវត្ត​សម្រាប់​គ្រីស្ទ​បរិស័ទ​ទើប​តែ​រៀប​ការ​​​ថ្មោង​ថ្មី

បើ​ព្រះ​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​គាត់ ហេតុ​អ្វី​លោក អ័ដាម មាន​ភាព​ឯកោ?