in ,

ការ​រួម​ភេទ​មុន​ចំណង​អាពាហ៍ពិពាហ៍

What does the bible say about sex before marriage?

នៅ​ក្នុង​ព្រះ​គម្ពីរ គ្មាន​ពាក្យ​មួយ​ណា​ក្នុង​ភាសា​ហេប្រឺ ឬ​ភាសា​ក្រិក ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​បញ្ជាក់​យ៉ាង​ចំៗ​ទៅ​លើ​ការ​រួម​ភេទ​មុន​ចំណង​អាពាហ៍ពិពាហ៍​នោះ​ទេ។ ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ថ្កោល​ទោស​យ៉ាង​ពេញ​ទី​ចំពោះ​ការ​ផិត​ក្បត់ និង​ការ​រួម​ភេទ​បែប​អសីលធម៌​យ៉ាង​ច្បាស់​លាស់។ បើ​ដូច្នោះ​មែន តើ​យើង​អាច​ចាត់​ទុក​ការ​រួម​ភេទ​មុន​ចំណង​អាពាហ៍ពិពាហ៍​ថា​ជា​ការ​រួម​ភេទ​បែប​អសីលធម៌​បាន​ដែរ​ឬ​ទេ? ប្រាកដ​ណាស់! បាន! បើ​យោង​តាម​កណ្ឌ​គម្ពីរ ១កូរិនថូស ៧:២ នោះ​យើង​នឹង​ឃើញ​ចម្លើយ​យ៉ាង​ជាក់​ច្បាស់​ស្ដី​អំពី​ការ​នេះ​គឺ «តែ ដោយ​ព្រោះ​មាន​ការ​សហាយ​ស្មន់​កើត​ឡើង បាន​ជា​គួរ​ឲ្យ​គ្រប់​ប្រុសៗ​មាន​ប្រពន្ធ​ជា​របស់​ផង​ខ្លួន​វិញ ហើយ​គ្រប់​ទាំង​ស្រី​ក៏​ត្រូវ​មាន​ប្តី​ជា​របស់​ផង​ខ្លួន​ដែរ»។ នៅ​ក្នុង​ខ​គម្ពីរ​មួយ​នេះ​សាវ័ក ប៉ុល បាន​ថ្លែង​បញ្ជាក់​ថា​ចំណង​អាពាហ៍ពិពាហ៍​គឺ​ជា «ដំណោះ​ស្រាយ» សម្រាប់​ការ​រួម​ភេទ​បែប​អសីលធម៌។ កណ្ឌ​គម្ពីរ ១កូរិនថូស ៧:២ បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ដោយ​សារ​មនុស្ស​យើង​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ហើយ​មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​រួម​ភេទ​បែប​អសីលធម៌​នៅ​ខាង​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មនុស្ស​គ្រប់ៗ​គ្នា​គួរ​រៀប​ការ។ ហើយ​បន្ទាប់​មក ពួក​គេ​អាច​បំពេញ​ភាព​ត្រេក​ត្រអាល​របស់​ខ្លួន​ក្នុង​របៀប​ដែល​មាន​ក្រម​សីលធម៌​បាន។

ដោយ​សារ​កណ្ឌ​គម្ពីរ ១កូរិនថូស ៧:២ បាន​រួម​បញ្ចូល​យ៉ាង​ច្បាស់​លាស់​ថា ការ​រួម​ភេទ​មុន​ចំណង​អាពាហ៍ពិពាហ៍​មាន​ន័យ​ថា​ជា​ការ​រួម​ភេទ​បែប​អសីលធម៌ ហេតុ​ដូច្នេះ​គ្រប់​ខ​គម្ពីរ​ទាំង​អស់​ដែល​បាន​ថ្កោល​ទោស​ថា​ការ​រួម​ភេទ​បែប​អសីលធម៌​គឺជា​ការ​ប្រព្រឹត្តិ​អំពើ​បាប នោះ​ការ​រួម​ភេទ​មុន​ចំណង​អាពាហ៍ពិពាហ៍​ក៏​ជា​អំពើ​បាប​ដែរ។ អ្នក​និពន្ធ​ព្រះ​គម្ពីរ​បាន​សរសេរ​​រួម​បញ្ចូល​ថា ការ​រួម​ភេទ​មុន​ចំណង​អាពាហ៍ពិពាហ៍​គឺ​ជា​ការ​រួម​ភេទ​បែប​អសីលធម៌។ មាន​បទ​គម្ពីរ​ជា​ច្រើន​ដែល​អះអាង​ថា ការ​រួម​ភេទ​មុន​ចំណង​អាពាហ៍ពិពាហ៍​គឺ​ជា​អំពើ​បាប (កិច្ចការ ១៥:២០; ១កូរិនថូស ៥:១; ៦:១៣, ១៨; ១០:៨; ២កូរិនថូស ១២:២១; កាឡាទី ៥:១៩; អេភេសូរ ៥:៣; កូឡូស ៣:៥; ១ថែស្សាឡូនិច ៤:៣; យូដា ១:៧)។ ព្រះ​គម្ពីរ​បាន​ឲ្យ​តម្លៃ​លើ​ការ​ចៀស​វាង​គេច​ចេញ​ពី​ការ​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​មុន​ចំណង​អាពាហ៍ពិពាហ៍។ ការ​រួម​ភេទ​រវាង​បុរស​ជា​ប្ដី​ម្នាក់​ជា​មួយ​នឹង​ប្រពន្ធ​របស់​ខ្លួន​គឺ​ជា​របៀប​តែ​មួយ​គត់​នៃ​ទំនាក់​ទំនង​ខាង​ឯ​ផ្លូវ​ភេទ​ដែល​ព្រះ​ជា​ម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ (ហេព្រើរ ១៣:៤)។

ជា​រឿយៗ យើង​ផ្ដោត​លើ​ការ​រួម​ភេទ​ថា​ជា «ការ​កម្សាន្ត» ដោយ​មិន​ទទួល​ស្គាល់​របៀប​មួយ​ទៀត​ដែល​ថា​វា​ក៏​មាន​ការ​ទាក់​ទង​នឹង​ការ​បង្ក​បង្កើត​កូន​ចៅ​ផង​ដែរ។ ការ​រួម​ភេទ​នៅ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​គឺ​ជា​ការ​សប្បាយៗ ហើយ​ព្រះ​ជាម្ចាស់​ក៏​បាន​រៀប​ចំ​វា​បែប​នេះ​នៅ​ក្នុង​របៀប​នោះ​ដែរ។ ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​បុរស និង​ស្ត្រី​មាន​ភាព​អរ​សប្បាយ​ក្នុង​ការ​រួម​ភេទ ដោយ​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​នៃ​អាពាហ៍ពិពាហ៍។ កណ្ឌ​គម្ពីរ​បទ​ចម្រៀង​សាឡូម៉ូន និង​បទ​គម្ពីរ​ជា​ច្រើន​ទៀត​ដូច​ជា​កណ្ឌ​គម្ពីរ សុភាសិត ៥:១៩ បាន​ពណ៌នា​យ៉ាង​ច្បាស់​ទាក់​ទង​នឹង​ការ​អរ​សប្បាយ​ក្នុង​ការ​រួម​ភេទ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​គូ​ស្នេហ៍​ត្រូវ​តែ​យល់​ថា បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​ចំពោះ​ការ​រួម​ភេទ​ក៏​មាន​រាប់​បញ្ចូល​ទាំង​ការ​បង្កើត​កូន​ចៅ​ផង​ដែរ។ ដូច្នេះ​ហើយ សម្រាប់​គូ​ស្នេហ៍​ដែល​រួម​ភេទ​មុន​ចំណង​អាពាហ៍ពិពាហ៍​គឺ​ខុស​ទ្វេ​ដង—ពួក​គេ​កំពុង​រីក​រាយ​នឹង​ការ​អរ​សប្បាយ​ដែល​មិន​មែន​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​ពួក​គេ ហើយ​ពួក​គេ​ក៏​កំពុង​ឆ្លៀត​ឱកាស​ក្នុង​ការ​បង្កើត​ជីវិត​ដែល​ស្ថិត​នៅ​ក្រៅ​រចនាសម្ព័ន្ធ​របស់​គ្រួសារ​ដែល​ព្រះ​ជា​ម្ចាស់​បាន​កំណត់​សម្រាប់​ក្មេងៗ​គ្រប់​រូប​ទៀត​ផង។

ខណៈ​ពេល​ដែល​ការ​អនុវត្ត​មិន​ត្រូវ​បាន​កំណត់​ត្រូវ​ឬ​ខុស ប្រសិន​បើ​យើង​ស្ដាប់​បង្គាប់​សារ​ក្នុង​ព្រះ​គម្ពីរ ដែល​ស្ដី​ពី​ការ​រួម​ភេទ​មុន​អាពាហ៍ពិពាហ៍ នោះ​យើង​នឹង​មាន​ជម្ងឺ​កាម​រោគ​តិច​ជាង​មុន​ឆ្ងាយ​ណាស់ មិន​មាន​ការ​រំលូត​កូន​ច្រើន​នោះ​ទេ ស្ត្រី​ដែល​បាន​ក្លាយ​ជា​ម្ដាយ​ដែល​មាន​កូន​ដោយ​មិន​ទាន់​ចង់​បាន​នៅ​ឡើយ ហើយ​ក៏​នឹង​មិន​មាន​ក្មេង​ដែល​ធំធាត់​ឡើង​ដោយ​គ្មាន​ឪពុក​ម្ដាយ​ទាំង​ពីរ​នាក់​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​ដែរ។ ការ​មិន​រួម​ភេទ​មុន​អាពាហ៍ពិពាហ៍​គឺ​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​ម្ចាស់​តែ​មួយ​គត់ (ពេល​ទាក់​ទង​នឹង​ការ​រួម​ភេទ​មុន​រៀបការ)។ ការ​មិន​រួម​ភេទ​មុន​អាពាហ៍ពិពាហ៍​ជួយ​សង្គ្រោះ​ជីវិត ជួយ​ការពារ​ទារក ផ្ដល់​តម្លៃ​ទៅ​លើ​ទំនាក់​ទំនង​នៃ​ការ​រួម​ភេទ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ការ​មិន​រួម​ភេទ​មុន​អាពាហ៍ពិពាហ៍​នឹង​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​ជាម្ចាស់​ផង​ដែរ។

និពន្ធដោយ៖ ក្រុមការងារ Got Questions
បកប្រែដោយ៖ លោក ខែម បូឡុង
កែសម្រួលដោយ៖លោក ទេព រ៉ូ,  លោក ឈាង បូរ៉ា, និងកញ្ញាលីវួចឡេង
ដកស្រង់ខ្លះៗចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​ការ​ខ្វាក់​ដោយ​ភាព​ចម្រុង​ចម្រើន​

មនុស្ស​សុចរិត