ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងណាស់ នៅពេលដែលឃើញនារីៗដែលស្រឡាញ់ព្រះជាម្ចាស់មានចិត្តប្រតិព័ទ្ធនឹងបុរសៗដែលមិនសូវជាស្រឡាញ់ ឬចង់បម្រើការងារព្រះជាម្ចាស់។ ហើយមើលទៅបុរសទាំងនោះមិនទាំងចង់ទៅព្រះវិហារ ឬក៏ស្ដាប់នូវអ្វីដែលទាក់ទងនឹងព្រលឹងវិញ្ញាណផង។
ខ្ញុំមិនដឹងមូលហេតុដែលនាំឲ្យយុវនារីមួយចំនួនគិតថា ការរៀបការជាមួយបុរសដែលមិនសូវស្រឡាញ់ព្រះជាម្ចាស់ ឬក៏រៀបការជាមួយនឹងអ្នកដែលមិនជឿលើព្រះយេស៊ូវ នោះវាល្អប្រសើរជាងការដែលពួកគេនៅលីវទៅទៀត។ ទោះបើជីវិតអាពាហ៍ពិពាហ៍គឺជាព្រះពរដ៏ធំមួយពីព្រះជាម្ចាស់ក៏ដោយ ក៏ការរៀបការជាមួយនឹងអ្នកដែលមិនសូវស្រឡាញ់ព្រះជាម្ចាស់ នោះនឹងឲ្យជួបនូវរឿងពិបាកៗជាច្រើន ហើយវាក៏មានគ្រោះថ្នាក់ណាស់ដែរ មិនមែនតែត្រឹមកូនចៅប៉ុណ្ណោះទេ ប៉ុន្តែអាចគ្រោះថ្នាក់ដល់ក្រុមជំនុំទាំងមូលទៀតផង។
ខ្ញុំយល់ពីអារម្មណ៍របស់យុវនារីទាំងនោះ ពួកគេបានជឿលើសេចក្ដីកុហកដែលថា បុរសដែលស្រឡាញ់ព្រះជាម្ចាស់មិនមានឡើយ ដូច្នេះពួកគេត្រូវតែស្រឡាញ់បុរសទីមួយដែលមានចំណាប់អារម្មណ៍លើខ្លួន។
ការត្រាស់ហៅឲ្យធ្វើជាប្រពន្ធ គឺអស្ចារ្យណាស់! ព្រះជាម្ចាស់បានត្រាស់ហៅឲ្យប្រពន្ធចុះចូលនឹងប្ដីដូចដែលក្រុមជំនុំចុះចូលនឹងព្រះគ្រីស្ទគ្រប់ទាំងចំណុច។ «ប្រពន្ធរាល់គ្នាអើយ ត្រូវចុះចូលនឹងប្ដីរបស់ខ្លួន ដូចជាចុះចូលនឹងព្រះជាម្ចាស់ចុះ។ ដ្បិតប្ដីជាក្បាលរបស់ប្រពន្ធ ដូចព្រះគ្រីស្ទជាសិរសារបស់ក្រុមជំនុំ ហើយព្រះអង្គផ្ទាល់ ជាព្រះសង្គ្រោះរបស់រូបកាយ។ ដូចជាក្រុមជំនុំចុះចូលនឹងព្រះគ្រីស្ទយ៉ាងណា ប្រពន្ធក៏ត្រូវចុះចូលនឹងប្ដីរបស់ខ្លួន ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ» (អេភេសូរ ៥:២២-២៤ គកស)។ នេះហើយជាមូលហេតុដែលស្ត្រីត្រូវមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសបុរសដែលខ្លួនត្រូវរៀបការជាមួយ។ ខ្ញុំពិតជាព្រួយបារម្ភនឹងអនាគតកូនស្រីរបស់ខ្ញុំខ្លាំងណាស់ ពីព្រោះថ្ងៃណាមួយអាចនឹងមានបុរសដែលមានអំនួតយ៉ាងខ្លាំងនឹងមកព្យាយាមលួងលោមលួចបេះដូងកូនស្រីរបស់ខ្ញុំ។ ខ្ញុំតែងតែអធិស្ឋានសូមឲ្យកូនស្រីខ្ញុំរកបានបុរសម្នាក់ដែលស័ក្ដិសមនឹងឲ្យនាងចុះចូលជាមួយបាន។
ជាការពិតណាស់! យើងក៏គួរលើកឡើងពីស្ត្រីមួយចំនួនដែលពួកគាត់កំពុងតែរង់ចាំបុរសទឹកដប់ ដែលធាតុពិតពួកគាត់អាចទទួលបានការស្កប់ចិត្តមកពីព្រះគ្រីស្ទតែមួយគត់ប៉ុណ្ណោះ។ ពួកគាត់មិនគួរមានក្ដីរំពឹងខ្ពស់ពេក ដោយចង់បានតែបុរសទឹកដប់។ កណ្ឌគម្ពីរ អេភេសូរ ៥:២៥-៣១ បានពណ៌នាអំពីព្រះគ្រីស្ទ និងក្ដីស្រឡាញ់ដ៏ធំមហិមារបស់ព្រះគ្រីស្ទ ដែលខគម្ពីរនេះចង់លើកទឹកចិត្តឲ្យប្ដីគ្រប់រូបព្យាយាមត្រាប់តាមទ្រង់ក្នុងគ្រប់ចំណុច។
ខាងក្រោមនេះគឺជាលក្ខណសម្បត្តិប្រាំយ៉ាងរបស់បុរសដែលយុវនារីត្រូវយកមកពិចារណា ដើម្បីឲ្យដឹងច្បាស់ថាគួររៀបការជាមួយគាត់ឬក៏អត់៖
១. បុរសនោះដាច់ខាតត្រូវតែជាអ្នកជឿ
ប្រាកដណាស់! ប្ដីនឹងមិនអាចស្រឡាញ់ប្រពន្ធខ្លួនដោយគ្មានចិត្តងាករេបានឡើយ លុះត្រាតែគាត់ស្រឡាញ់ព្រះគ្រីស្ទជាមុនសិន។ តាមពិត ប្រសិនបើពួកគាត់ចង់មានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ ពួកគាត់ត្រូវតែស្រឡាញ់ព្រះគ្រីស្ទខ្លាំងជាងការដែលពួកគាត់ស្រឡាញ់គ្នា។
កណ្ឌគម្ពីរ ២កូរិនថូស ៦:១៤ បានចែងថាយើង «មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ»។ ទោះបើធាតុពិត យើងមិនអាចដឹងបានថា បុរសនោះពិតជាបានទទួលសេចក្ដីសង្គ្រោះឬក៏មិនបាន ក៏អ្នកក្នុងនាមជាបុត្រីរបស់ស្ដេចត្រូវតែដឹងច្បាស់ខ្លួនឯងថា អ្នកនឹងត្រូវរៀបការជាមួយនឹងអ្នកជឿមែន។ ជីវិតអាពាហ៍ពិពាហ៍មានន័យថា ថវិកាដែលអ្នកចំណាយគឺប្រើរួមគ្នា ដើរលេងកំសាន្តជាមួយគ្នា បង្ហាត់បង្រៀនកូនៗជាមួយគ្នា មើលទូរទស្សន៍ជាមួយគ្នា ជ្រើសរើសមិត្តភក្ដិជាមួយគ្នា ក៏ដូចជាមានចំណុចផ្សេងទៀតជាច្រើនដែលអ្នកនឹងធ្វើជាមួយគ្នាក្នុងនាមជាប្ដីប្រពន្ធ! ហេតុដូច្នេះហើយបានជាការរៀបការជាមួយនឹងអ្នកមិនជឿអាចនាំឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់ព្រលឹងវិញ្ញាណរបស់អ្នក។
ប្រសិនបើអ្នករៀបការជាមួយនឹងបុរសដែលមិនមែនជាគ្រីស្ទបរិស័ទ នោះមានន័យថា អ្នកស្អប់កូនៗរបស់អ្នកហើយ។ ហើយក៏មានន័យថា អ្នកកំពុងរៀបចំឲ្យបុរសនោះដែលកំពុងធ្វើដំណើរតាមផ្លូវទៅឯស្ថាននរកឲ្យមកបង្ហាត់បង្រៀនកូនៗរបស់អ្នក លុះត្រាតែគាត់លន់តួបាប ហើយទទួលជឿព្រះគ្រីស្ទ នោះទើបបានអាចបែរចេញពីផ្លូវនោះបាន។
២. បុរសនោះដាច់ខាតត្រូវស្រឡាញ់ដោយចេះលះបង់
«ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ» (អេភេសូរ ៥:២៥ គកស)។
យើងអាចសួរសំណួរបែបនេះថា៖ តើបុរសនោះនឹងនៅតែបន្តស្រឡាញ់ខ្ញុំ នៅពេលគាត់មិនមានអារម្មណ៍ថាស្រឡាញ់ខ្ញុំ?
ការដែលព្រះគ្រីស្ទបានស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយបានស៊ូទ្រាំរងទុក្ខនៅលើឈើឆ្កាង ដើម្បីឲ្យក្ដីអំណរកើតមានជាយ៉ាងណា នោះប្ដីគ្រប់រូបក៏ត្រូវស្រឡាញ់ប្រពន្ធខ្លួនបែបយ៉ាងនោះដែរ ទោះជានៅពេលដែលខ្លួនមិនមានចិត្តចង់ស្រឡាញ់ប្រពន្ធក៏ដោយ។
អ្នកអាចនឹងដឹងបានដោយខ្លួនឯងថា បុរសដែលកំពុងតែបម្រើការងារនៅក្នុងក្រុមជំនុំដោយចិត្តលះបង់នោះនឹងនៅតែស្រឡាញ់អ្នកឬក៏អត់ នៅពេលដែលគាត់ប្រឈមមុខនឹងទុក្ខលំបាក និងនៅពេលដែលគាត់ហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីបម្រើដល់អ្នកដទៃ ដោយមិនរំពឹងចង់បានអ្វីជាការតបស្នងមកវិញ។ បុរសនោះជាម្នាក់ដែលមិនមានភាពអាត្មានិយមក្នុងទំនាក់ទំនងរបស់គាត់ឡើយ ប៉ុន្តែគាត់ជាម្នាក់ដែលហ៊ានលះបង់ពេលវេលារបស់ខ្លួន ដើម្បីនឹងឈោងចាប់អស់អ្នកដែលមិនអាចនឹងផ្ដល់អ្វីមកគាត់វិញបាន។ គាត់ក៏ជាបុគ្គលមិនរអ៊ូរទាំ ឬក៏ងាយនឹងលះបង់ចោលការសិក្សា ការងារ ក៏ដូចជាមិត្តភក្ដិ ឬគ្រួសារ ពេលដែលគាត់កំពុងប្រឈមមុខនឹងបញ្ហាជាមួយគ្នា។ គាត់មិនមែនជាបុគ្គលដែលបោះបង់អ្វីមួយចោលនៅពាក់កណ្ដាលទីទេ។ ហើយប្រសិនបើបុរសនោះជាបុគ្គលម្នាក់ដែលស្រឡាញ់ដោយចេះលះបង់ នោះមានន័យថា បុរសនោះក៏នឹងបន្តរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកដែរ នៅពេលដែលអ្នកទាំងពីរប្រឈមមុខនឹងទុក្ខលំបាក ហើយបុរសនោះនឹងនៅតែបន្តបម្រើព្រះអង្គរហូតដល់គាត់ស្លាប់ មិនថាមានទុក្ខវេទនា ឬក៏ការបៀតបៀនខ្លាំងប៉ុណ្ណាក៏ដោយ។
៣. បុរសនោះដាច់ខាតត្រូវស្រឡាញ់ព្រះបន្ទូល
«ដើម្បីញែកក្រុមជំនុំជាបរិសុទ្ធដោយបានលាងសម្អាតនឹងទឹក គឺដោយព្រះបន្ទូល» (អេភេសូរ ៥:២៦ គកស)។
នេះជាចំណុចសំខាន់ណាស់! តើចំណុចនេះទាក់ទងនឹងចំណុចទីមួយដោយរបៀបណា? ប្រសិនបើបុរសណាម្នាក់ពិតជាចង់ធ្វើជាអ្នកដឹកនាំខាងព្រលឹងវិញ្ញាណក្នុងគ្រួសារគាត់មែន បុរសនោះដាច់ខាតត្រូវតែស្រឡាញ់ព្រះបន្ទូល។ គាត់ជាអ្នកដែលស្រឡាញ់ឱបក្រសោបព្រះបន្ទូល (ទំនុកតម្កើង ១)។ គាត់នឹងទទួលស្គាល់ថា ព្រះបន្ទូលនោះហើយដែលបណ្ដាលឲ្យចិត្តគាត់ និងចិត្តអ្នកដទៃមានការផ្លាស់ប្រែ។ គាត់នឹងដឹងថា ជំនឿកើតឡើងដោយការឮ ហើយការឮនោះកើតដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ទ «ដូច្នេះជំនឿកើតឡើងដោយសេចក្ដីដែលបានឮ ហើយសេចក្ដីដែលបានឮនោះ គឺដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ទ» (រ៉ូម ១០:១៧ គកស)។ គាត់រក្សាជីវិតរស់នៅក្នុងភាពបរិសុទ្ធ ដោយព្យាយាមរស់នៅតាមព្រះបន្ទូល «មនុស្សកំឡោះនឹងសម្អាតផ្លូវដែលខ្លួនប្រព្រឹត្តដោយសារអ្វី គឺដោយប្រយ័ត្ននឹងប្រព្រឹត្តតាមព្រះបន្ទូលនៃទ្រង់» (ទំនុកតម្កើង ១១៩:៩)។
ដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍មានពេញដោយសុភមង្គល និងជាអាពាហ៍ពិពាហ៍ដែលថ្វាយសិរីល្អដល់ព្រះជាម្ចាស់ នោះបុរសដែលអ្នកស្រឡាញ់ដាច់ខាតត្រូវស្រឡាញ់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រាប់តាមព្រះបន្ទូលព្រះជាម្ចាស់ និងជាអ្នកដែលចង់សិក្សារៀនសូត្រព្រះបន្ទូលរបស់ព្រះបន្ថែម។
តើបុរសនោះអាចទទួលយកការបង្រៀនពីអ្នកផ្សេងបានដែរឬទេ? តើគាត់ចង់ស្គាល់ព្រះជាម្ចាស់ថែមទៀតទេ? តើគាត់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯងដែរឬទេ? តើគាត់មានចិត្តឆេះឆួលចង់ស្ដាប់ការអធិប្បាយដែរឬទេ?
នៅក្នុងក្រុមជំនុំ គឺជាកន្លែងដ៏ល្អបំផុតសម្រាប់ឲ្យនារីស្វែងរកបុរសបែបនោះ។ ប្រសិនបើអ្នកទៅក្រុមជំនុំដែលបង្រៀនព្រះបន្ទូលយ៉ាងស្មោះត្រង់ នោះអ្នកនឹងមានសុវត្ថិភាពជាងការទៅកន្លែងផ្សេង ព្រោះបុរសដែលទៅក្រុមជំនុំបែបនោះគាត់មានចំណាប់អារម្មណ៍នឹងព្រះបន្ទូល។
៤. បុរសនោះដាច់ខាតត្រូវសង្វាតតាមភាពបរិសុទ្ធ
«ដើម្បីថ្វាយក្រុមជំនុំនេះដល់ព្រះអង្គ ទុកជាក្រុមជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីមួយដូចនោះឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ» (អេភេសូរ ៥:២៧ គកស)។
ក្រោយពីរៀបការរួច ទើបខ្ញុំដឹងពីកម្រិតនៃអំពើបាបរបស់ខ្ញុំ។
ជីវិតអាពាហ៍ពិពាហ៍ គឺការយកមនុស្សអាត្មានិយមពីរនាក់ឲ្យមករស់នៅក្រោមដំបូលផ្ទះតែមួយ។ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យរស់នៅក្នុងចំណោមអ្នកដែលជំរុញយើងឲ្យសង្វាតតាមភាពបរិសុទ្ធ។ ហើយឧបករណ៍ដ៏ល្អបំផុតមួយដែលព្រះជាម្ចាស់ប្រើ ដើម្បីញែកយើងជាបរិសុទ្ធ គឺប្ដីប្រពន្ធ។
ខ្ញុំនឹងមិនឲ្យទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់ខ្ញុំទៅលើបុគ្គលណាផ្សេង ក្រៅតែពីបុគ្គលដែលខ្ញុំបានរៀបការជាមួយនោះឡើយ។ គាត់ជាបុគ្គលដែលឃើញពីចិត្តល្អ និងចិត្តអាក្រក់របស់ខ្ញុំ។ គាត់ឃើញពីរឿងរ៉ាវជីវិតរបស់ខ្ញុំ ដែលមនុស្សភាគច្រើនមិនអាចមើលឃើញ។ គាត់នឹងឃើញពីអំពើបាបដែលខ្ញុំប្រព្រឹត្ត។ ប៉ុន្តែអ្វីដែលសំខាន់នោះត្រង់ថា តើបុគ្គលនោះនឹងជំរុញចិត្តខ្ញុំឲ្យឆ្ពោះទៅកាន់ភាពដូចព្រះគ្រីស្ទបានដែរឬក៏អត់ ពេលឃើញខ្ញុំប្រព្រឹត្តដូចនេះ?
មុននឹងអ្នកចាប់ផ្ដើមសួរថា តើបុរសនោះនឹងមើលថែរក្សាព្រលឹងវិញ្ញាណ និងការញែកជាបរិសុទ្ធរបស់អ្នក អ្នកត្រូវសួរខ្លួនឯងសិនថា តើគាត់មានមើលថែខ្លួនឯងដែរឬទេ?
ប្រសិនបើបុរសម្នាក់មិនរាប់អំពើបាបខ្លួនថា ជារឿងដ៏ធ្ងន់ធ្ងរ ហើយប្រសិនបើគាត់មានពេញទៅដោយអំនួត ហើយចូលចិត្តនិយាយតែពីអ្វីដែលគាត់បានសម្រេចឬក៏មានជ័យជម្នះ ឬក៏ចូលចិត្តចង្អុលពីទម្ងន់នៃអំពើបាបអ្នកដទៃ នោះមានន័យថា គាត់ជាបុរសដែលមិនអើពើពីការសង្វាតឲ្យបានបរិសុទ្ធ។ ក្នុងកាលៈទេសៈដូចនេះ ដាច់ខាតអ្នកត្រូវតែដកខ្លួនឲ្យឆ្ងាយពីគាត់ ព្រោះការនោះបង្ហាញថា បុរសមិនអាចនឹងដឹកនាំអ្នកក្នុងការញែកជាបរិសុទ្ធបានឡើយ ប្រសិនបើគាត់មិនទាំងដឹកនាំខ្លួនឯងបានផងនោះ។
តើអ្នកអាចនឹងទុកចិត្តបុរសនោះឲ្យទៅដឹកនាំកូនៗរបស់អ្នកឆ្ពោះទៅកាន់ភាពបរិសុទ្ធបានដោយរបៀបណាទៅ បើគាត់មិនទាំងសង្វាតដេញតាមភាពបរិសុទ្ធផងនោះ?
តើអ្នកអាចនឹងជឿទុកចិត្តបានថា បុរសនោះនឹងរត់គេចពីស្ត្រីដែលមកលួងលោមគាត់បានដោយរបៀបណា?
តើបុរសនោះបានចុះចូលជាមួយនឹងបុរសផ្សេងៗក្នុងការដែលគេកែតម្រង់គ្នាទៅវិញទៅមកពេលដែលគេប្រព្រឹត្តអ្វីខុសដែរឬអត់? តើគាត់បានប្រឹក្សាជាមួយបុរសដែលមានវ័យចាស់ជាងគាត់ ឬអ្នកដែលមានជំនឿរឹងមាំជាងគាត់ដែរឬទេ? តើគាត់ចូលចិត្តមើលរឿងប្រភេទអី? តើគាត់ចូលចិត្តស្ដាប់តន្ត្រីប្រភេទណា? តើគាត់ចូលចិត្តអានព្រះគម្ពីរ និងចូលចិត្តស្ដាប់ការអធិប្បាយដែលចាក់ចុចចិត្តរបស់គាត់ដែរឬទេ? កណ្ឌគម្ពីរ ហេព្រើរ ៤:១២ បានចែងថា «…ឯព្រះបន្ទូលនៃព្រះ នោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនិងវិញ្ញាណ ហើយសន្លាក់ និងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយដែលសម្រេចដែរ»។ តើគាត់បានលន់តួបាបរបស់ខ្លួនដែរឬទេ? តើគាត់ពិតជាទទួលជឿថា គាត់ស័ក្ដិសមនឹងទៅស្ថាននរកដោយសារអំពើបាបរបស់ខ្លួនដែរឬទេ?
អ្នកត្រូវការសួរខ្លួនឯងនូវសំណួរទាំងអស់នេះផងដែរ ពីព្រោះបុរសនោះអាចនាំអ្នកបានទៅដល់ត្រឹមតែកម្រិតមួយដែលគាត់មានបំណងនាំខ្លួនឯងតែប៉ុណ្ណោះ។
៥. គាត់ដាច់ខាតត្រូវអ្នកផ្គត់ផ្គង់ និងជាអ្នកការពារ
«ដូច្នេះប្ដីត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ឲ្យដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះស្រឡាញ់ខ្លួនឯងហើយ។ ដ្បិតមិនដែលមានអ្នកណាម្នាក់ស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នម ដូចព្រះគ្រីស្ទចិញ្ចឹម ហើយថ្នាក់ថ្នមដល់ក្រុមជំនុំ។» (អេភេសូរ ៥:២៨-២៩ គកស)។
ពិតណាស់! ព្រះជាម្ចាស់បានត្រាស់ហៅប្ដីឲ្យមកផ្គត់ផ្គង់ ហើយការពារគ្រួសាររបស់គាត់។ បន្ទាប់ពីបុរស និងស្ត្រីបានរៀបការជាមួយគ្នា នោះមានន័យថា ពួកគាត់បានត្រឡប់ជាសាច់តែមួយ ហើយប្ដីមិនមែនគ្រាន់តែខ្វល់តែពីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែគាត់ត្រូវចេះស្រឡាញ់ប្រពន្ធខ្លួន នៅពេលដែលអ្នកទាំងពីរនៅមានដង្ហើម។
បុរសអាត្មានិយមនឹងមិនអាចគិតពីអ្នកដទៃក្រៅពីខ្លួនឯងបានឡើយ ហើយការនោះនឹងបណ្ដាលឲ្យប្រពន្ធគាត់គិតចង់ឲ្យអ្នកដទៃមកថែរក្សាគាត់ជំនួសវិញ។ ការដែលនារីម្នាក់ត្រូវរៀបការជាមួយនឹងបុរសម្នាក់ដែលអាចផ្គត់ផ្គង់ប្រពន្ធខ្លួន ជាការសំខាន់ណាស់ ហើយមិនមែនគ្រាន់តែផ្គត់ផ្គង់ខាងហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែទាំងខាងព្រលឹងវិញ្ញាណផងដែរ។
ហេតុអ្វីបានជាចំណុចទាំងនេះសំខាន់ម៉្លេះ?
«ប៉ុន្តែ អ្នករាល់គ្នាម្នាក់ៗត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយប្រពន្ធក៏ត្រូវគោរពប្ដីរបស់ខ្លួនដែរ» (អេភេសូរ ៥:៣៣ គកស)។
ជីវិតអាពាហ៍ពិពាហ៍គឺជាឱកាសមួយ ដើម្បីឲ្យយើងកាន់តែយល់អំពីដំណឹងល្អ។ ហើយវាក៏ជាឱកាសមួយ ដើម្បីឲ្យយើងបង្ហាញអំពីដំណឹងល្អដល់លោកីយ៍ដែលកំពុងស្លាប់ ដល់លោកីយ៍ដែលមិនស្គាល់ពីគន្លឹះនៃសេចក្ដីស្រឡាញ់ដូចនេះទាល់តែសោះ។
ជីវិតអាពាហ៍ពិពាហ៍ដែលសង់គ្រឹះលើដំណឹងល្អ គឺជារូបភាពដ៏ស្រស់ស្អាតមួយដែលចង្អុលបង្ហាញអំពីចំណុចនៃសេចក្ដីពិតដ៏ខ្ពស់បំផុត។
ស្វាមីដែលបម្រើភរិយាខ្លួន ហើយដឹកនាំនាងដោយក្ដីស្រឡាញ់ គឺជារូបភាពដែលបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ និងការដែលទ្រង់បានលះបង់ព្រះជន្ម ដើម្បីកូនក្រមុំរបស់ទ្រង់ដែលជាក្រុមជំនុំយ៉ាងដូច្នោះដែរ។ ហើយការដែលប្រពន្ធចុះចូលនឹងប្ដីខ្លួន ព្រមដាក់ក្ដីប្រាថ្នារបស់ខ្លួន ហើយឱបក្រសោបនូវតួនាទីដែលព្រះជាម្ចាស់បានប្រទានឲ្យក្នុងការធ្វើជាអ្នកជំនួយដល់ប្ដីខ្លួនដោយក្ដីស្រឡាញ់ និងដោយការលះបង់ នោះគឺជាការបង្ហាញយ៉ាងល្អស្ដីពីការដែលក្រុមជំនុំចុះចូលចំពោះព្រះគ្រីស្ទ ហើយទុកចិត្តលើការដឹកនាំរបស់ទ្រង់។
នៅស្ថានសួគ៌មិនមានការរស់នៅជាប្ដីប្រពន្ធដូចនៅផែនដីឡើយ។ ខ្ញុំសុំកែសម្ដីត្រង់នេះបន្តិច។ នៅស្ថានសួគ៌មានតែការរៀបវិវាហមង្គលមួយប៉ុណ្ណោះ គឺរវាងព្រះគ្រីស្ទ និងក្រុមជំនុំរបស់ទ្រង់។ ក្នុងនាមជាគ្រីស្ទបរិស័ទ ការត្រាស់ហៅរបស់ព្រះចំពោះយើងគឺខ្ពង់ខ្ពស់ណាស់ ពីព្រោះបេសកកម្មរបស់យើងគឺ ដើម្បីបង្ហាញប្រាប់ដំណឹងល្អទៅកាន់លោកីយ៍ដែលកំពុងតែស្លាប់ តាមរយៈជីវិតអាពាហ៍ពិពាហ៍ដែលកោតខ្លាចព្រះជាម្ចាស់។ វាគឺជាការដ៏សំខាន់ណាស់ដែលយើងត្រូវទទួលស្គាល់ថា ជីវិតអាពាហ៍ពិពាហ៍គឺជាឱកាស ហើយក៏ជាអភ័យឯកសិទ្ធិ ដើម្បីឲ្យយើងបង្ហាញប្រាប់ដំណឹងល្អទៅកាន់លោកីយ៍ដែលកំពុងតែស្លាប់នេះ មិនមែនឲ្យយើងរកភាពអរសប្បាយសម្រាប់ខ្លួនឯងឡើយ។ ហេតុដូច្នេះហើយបានជាយើងត្រូវមានការប្រុងប្រយ័ត្នឲ្យមែនទែនក្នុងការជ្រើសរើសគូរអនាគតរបស់ខ្លួន។
អាមែន!! អរគុណព្រះនេះជាចម្លើយដ៏អស្ចារ្យសម្រាប់កូនស្រីរបស់ព្រះ អរគុណ Plovpit សម្រាប់អត្ថបទមួយនេះ សូមព្រះប្រទានពរ។