in ,

តើ​ព្រះ​គម្ពីរ​មាន​ប្រភព​មក​ពី​ណា?

ទាញ​យក​រូបភាព​កណ្ឌ​នៃ​ព្រះ​គម្ពីរ​នេះ​ ដើម្បី​ជួយ​លោក​អ្នក​ស្គាល់​កណ្ឌ​នៃ​ព្រះគម្ពីរ​កាន់តែ​ច្បាស់

ទាញយក “Books-of-the-Bible-Khmer-1.1.pdf” Books-of-the-Bible-Khmer-1.1.pdf – មាន​គេ​ទាញ​យក 1261 ដង – 504.93 KB

មាន​មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា តើ​ព្រះ​គម្ពីរ​មាន​ប្រភព​មក​ពី​ណា ហើយ​មាន​តាំង​ពី​ពេល​ណា​មក? ចុះ​ចំពោះ​លោកអ្នក​វិញ តើ​លោកអ្នក​ធ្លាប់​ឆ្ងល់​ដូច​នេះ​ដែរ​​ឬ​ទេ? តើ​លោកអ្នក​ធ្លាប់​ស្វែង​រក​ចម្លើយ​ទាក់ទង​នឹង​សំណួរ​ទាំង​នេះ​ដែរ​ឬ​ទេ? យើង​នឹង​ព្យាយាម​ពន្យល់​បកស្រាយ​ទៅ​លើ​សំណួរ​ដែល​អត្ថបទ​នេះ​បាន​លើក​ឡើង​ថា តើ​ព្រះគម្ពីរ​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​របៀប​ណា? ហើយ​តើ​យើង​អាច​ដឹង​បាន​ថា ព្រះគម្ពីរ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដោយ​របៀប​ណា?

I. តើ​ព្រះគម្ពីរ​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​របៀប​ណា?

ព្រះគម្ពីរ​គ្រីស្ទ​បរិស័ទ​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​មនុស្ស​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បណ្ដាល​ឲ្យ​តែង។ រូប​ភាព​ខាង​ក្រោម​នេះបង្ហាញ​ពី​ប្រវត្តិ​នៃ​ការ​និពន្ធ​ព្រះ​គម្ពីរ​ទាំង​មូល។

Bible-Canon-Timeline2.0

ប្រវត្តិសាស្ត្រ​នៃ​ការ​និពន្ធ​ព្រះ​គម្ពីរ

សាច់នៃ​​ឆ្នាំ​និពន្ធ​មាន​រយៈ​ពេល​ប្រមាណ​ជា​ជាង​១០០០​ឆ្នាំ។ មាន​អ្នក​និពន្ធ​ជាង​៤០​នាក់។ ព្រះ​គម្ពីរ​មិន​មែន​មាន​កណ្ឌ​តែ​មួយ​ទេ ប៉ុន្តែ​មាន​កណ្ឌ​ច្រើន។ ប្រសិនបើ​លោក​អ្នក​មើល​រូបភាព​ខាង​លើ​នេះ នោះ​លោក​អ្នក​នឹង​ឃើញ​ថា កណ្ឌ​គម្ពីរ​យ៉ូប​ជា​កណ្ឌ​គម្ពីរ​មួយ​ដែល​ចាស់​ជាង​គេ​ទោះ​បើ​យើង​មិន​ស្គាល់​អ្នក​និពន្ធ និង​ឆ្នាំ​និពន្ធ​ដ៏​ជាក់​លាក់​ក៏​ដោយ។ លោក ម៉ូសេ ជា​អ្នក​សរសេរ​កណ្ឌ​គម្ពីរ លោកុប្បត្ដិ និក្ខមនំ លេវីវិន័យ ជនគណនា និង​ចោទិយកថា។ ហើយ​ម៉ាឡាគី​ជា​កណ្ឌគម្ពីរ​ចុង​ក្រោយ​គេ និពន្ធ​នៅ​ឆ្នាំ៤០០ មុន​គ.ស.។ ក្រោយ​ពី​កណ្ឌគម្ពីរ ម៉ាឡាគី​មក គឺ​ជា​ឆ្នាំ​នៃ​ភាព​ស្ងាត់​ស្ងៀម ជា​ឆ្នាំ​ដែល​គ្មាន​ហោរា គ្មាន​អ្នក​និយាយ​ព្រះបន្ទូល ហើយ​គ្មាន​អ្នក​សរសេរ​ព្រះបន្ទូល អស់​រយៈ​ពេល​៤០០ឆ្នាំ។ បន្ទាប់​ពី​នោះ​មក ទើប​មាន យ៉ូហាន-បាទីស្ទ ចាប់​ផ្ដើម​បន្លឺ​សំឡេង និង​មាន​បន្ទូល​ពី​ព្រះ​វិញ។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ចាប់​ផ្ដើម​និពន្ធ​នៅ​ឆ្នាំ៤៥-៩០ នៃ​គ.ស. បន្ទាប់​ពី​ព្រះគ្រីស្ទ​សុគត ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ឆ្នាំ​៣៣ នៃ​គ.ស.។ ការ​សរសេរ​កណ្ឌគម្ពីរ​សញ្ញា​ថ្មី​មាន​រយៈពេល​ខ្លី បើ​ប្រៀប​ទៅ​នឹង​កណ្ឌគម្ពីរ​សញ្ញា​ចាស់។ ព្រះគម្ពីរ​ទាំង​មូល​មាន​តែ​៦៦​កណ្ឌ​ប៉ុណ្ណោះ។

របៀប​នៃ​ការ​និពន្ធ

ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​អ្នក​បណ្ដាល​ឲ្យ​តែង​ព្រះ​គម្ពីរ។ កណ្ឌ​គម្ពីរ ២ពេត្រុស ១:២០-២១ បាន​លើក​ឡើង​ថា «ដោយ​ដឹង​សេចក្តី​នេះ​ជា​មុន​ដំបូង​ថា គ្មាន​ពាក្យ​ទំនាយ​ណា​ក្នុង​គម្ពីរ ដែល​ស្រាយ​បាន​តាម​តែ​ចិត្ត​នោះ​ឡើយ ដ្បិត​សេចក្តី​ទំនាយ​មិន​ដែល​មក ដោយ​បំណង​ចិត្ត​មនុស្ស​ទេ គឺ​ជា​មនុស្ស​បរិសុទ្ធ​របស់​ព្រះ ដែល​បាន​ទាយ ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទ្រង់​បណ្តាល​វិញ»។ ឃ្លា​នេះ​បាន​បញ្ជាក់​ពី​អ្នក​ដែល​បាន​និពន្ធ​ព្រះគម្ពីរ​ឲ្យ​យើង​ដឹង​ច្បាស់។ ហើយ​គ្មាន​ពាក្យ​ទំនាយ​ណា​ក្នុង​ព្រះគម្ពីរ​ដែល​មក​ពី​មនុស្ស​នោះ​ទេ ប៉ុន្តែ​ជា​មនុស្ស​បរិសុទ្ធ​របស់​ព្រះ​ដែល​បាន​ទាយ​ដោយសារ​ព្រះវិញ្ញាណបរិសុទ្ធ​ទ្រង់​បណ្ដាល។ ត្រង់​នេះ​ហាក់​ដូចជា​ពិបាក​ឲ្យ​យើង​យល់​បាន​ថា តើ​ព្រះគម្ពីរ​និពន្ធ​ដោយ​អ្នកណា​ឲ្យ​ពិត​ប្រាកដ? ប្រាកដ​ណាស់ មាន​អ្នក​និពន្ធ​ជា​មនុស្ស​ច្រើន ប៉ុន្តែ​អ្នក​និពន្ធ​ចម្បង គឺ​ព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធ​ជា​អ្នក​បណ្ដាល​ឲ្យ​អ្នក​និពន្ធ​ទាំង​នោះ​និពន្ធ​ព្រះបន្ទូល​របស់​ព្រះអង្គ។

២ធីម៉ូថេ ៣:១៦-១៧ «គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ សម្រាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ»។
ឃ្លា​ថា «ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង» ក្នុង​ភាសា​ដើម​មាន​ន័យ​ថា ព្រះ​ជា​ម្ចាស់​ផ្លុំ​ខ្យល់​ដង្ហើម។ ហេតុ​ដែល​គេ​បកប្រែ​ថា ព្រះវិញ្ញាណ​បណ្ដាល​ឲ្យ​តែង គឺ​ដើម្បី​ឲ្យ​ស៊ី​នឹង​កណ្ឌគម្ពីរ ២ពេត្រុស ១:២០-២១។ បើ​បក​ថា ព្រះ​ជា​ម្ចាស់​ផ្លុំ​ខ្យល់​ដង្ហើម ប្រហែល​ជា​ពិបាក​ឲ្យ​យើង​យល់​បន្តិច ប៉ុន្តែ​យើង​អាច​គិត​ពី​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ នៅ​ពេល​ព្រះអង្គ​បង្កើត​អ័ដាម គឺ​ព្រះអង្គ​បាន​ផ្លុំ​ខ្យល់​ដង្ហើម។

តើ​អ្នក​និពន្ធ​ទាំង​នោះ​សរសេរ​ព្រះបន្ទូល​របស់​ព្រះ​ដោយ​របៀប​ណា?

  • នៅ​ក្នុង​កណ្ឌគម្ពីរ​និក្ខមនំ​បាន​បង្ហាញ​ពី​ការ​ដែល​ព្រះជាម្ចាស់​ជា​អ្នក​សរសេរ​ដោយ​ផ្ទាល់​នៅ​លើ​ផ្ទាំង​ថ្ម គឺ​នៅ​ពេល​ដែល​លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​ទៅ​ជួប​ព្រះ។
  • ហោរា​របស់​ព្រះ​បាន​សរសេរ​តាម​ដែល​ព្រះ​បាន​មាន​បន្ទូល​មក​កាន់​ពួក​គេ។
  • ព្រះជាម្ចាស់​បាន​ដាក់​ពាក្យ​របស់​ទ្រង់​នៅ​ក្នុង​មាត់​ពួកគេ​ដូចជា​ហោរា យេរេមា និង​អេសាយ​ជា​ដើម។
  • ព្រះជាម្ចាស់​បាន​ឲ្យ​ពួកគេ​សរសេរ​ដោយ​ដៃ​ផ្ទាល់ ដូចជា​នៅ​កណ្ឌគម្ពីរ ប្រវត្តិសាស្ត្រ និង​កណ្ឌគម្ពីរ​សញ្ញា​ថ្មី កណ្ឌ​សំបុត្រ​ដែល​ពួក​សាវ័ក​បាន​សរសេរ​ផ្ញើ​ទៅ​កាន់​ក្រុម​ជំនុំ។ ហើយ​លោក លូកា ដែល​គ្រូពេទ្យ​ម្នាក់​ក៏​បាន​សរសេរ​ផង​ដែរ។

អ្នក​និពន្ធ​ទាំង​អស់​គ្នា សុទ្ធ​តែ​មាន​របៀប​នៃ​ការ​សរសេរ​រៀងៗ​ខ្លួន ស្ទីល​នៃ​ការ​សរសេរ​ផ្សេងៗ​គ្នា។ ប៉ុន្តែ ព្រះជាម្ចាស់​បណ្ដាល​ឲ្យ​ពួកគេ​សរសេរ​មាន​លក្ខណៈ​ត្រឹមត្រូវ គ្មាន​កំហុស ហើយ​ជា​អ្វី​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ឲ្យ​សរសេរ​យ៉ាង​ដូច​នោះ​ទៅ​កាន់​មនុស្ស ហើយ​រាប់​ថា​ជា​ព្រះបន្ទូល​របស់​ទ្រង់ ជា​ពាក្យ​របស់​មនុស្ស​ដែល​ជា​ព្រះបន្ទូល​របស់​ព្រះ​ក្នុង​ពេល​តែ​មួយ។ នេះ​ជា​ការ​អាថ៌កំបាំង​មួយ ប៉ុន្តែ​នេះ​ក៏​ជា​អ្វី​ដែល​យើង​ឃើញ​នៅ​ក្នុង​ព្រះគម្ពីរ​ដែរ។

II. តើ​យើង​អាច​ដឹង​បាន​ថា ព្រះគម្ពីរ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដោយ​របៀប​ណា?

គ្រប់​ទាំង​កណ្ឌ​នៃ​ព្រះគម្ពីរ​សុទ្ធតែ​អះអាង​ថា ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ ប្រសិនបើ​យើង​ស្វែង​រក​ពាក្យ «ព្រះយេហូវ៉ា» និង​ពាក្យ «មាន​បន្ទូល» ពាក្យ​នេះ​មាន​ដល់​ទៅ ៣.៩១៧​ដង ហើយ​មាន​តែ​នៅ​ក្នុង​សញ្ញា​ចាស់​តែ​ប៉ុណ្ណោះ។ មួយ​ទៀត បើសិន​ជា​យើង​ស្វែង​រក​ពាក្យ «ព្រះយេហូវ៉ា​ទ្រង់​មាន​បន្ទូល» ពាក្យ​នេះ​មាន​ដល់​ទៅ ៣១៤​ដង ហើយ​ពាក្យ «ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា» មាន​៣០២​ដង។ ដូច្នេះ យើង​ឃើញ​ថា ព្រះ​គម្ពីរ​អះអាង​ខ្លួន​ឯង​ថា ជា​ព្រះបន្ទូល​របស់​ព្រះ​ពិត​ប្រាកដ​មែន។

  • អ្នក​និពន្ធ​មាន​ឋានៈ​គ្រប់​គ្រាន់​ក្នុង​ការ​សរសេរ​កណ្ឌគម្ពីរ​ទាំង​អស់​នេះ។
  • នៅ​ក្នុង​កណ្ឌគម្ពីរ​ទាំង​មូល​មាន​ពេញ​ទៅ​ដោយ​សេចក្តី​ពិត មិន​មាន​កំហុស​ឆ្គង មិន​មាន​ការ​កុហក​បោក​បញ្ឆោត​ឡើយ។
  • បើ​យើង​មើល​ក្នុង​ប្រវត្តិសាស្ត្រ តើ​មនុស្ស​យើង​មាន​បាន​ទទួល​ស្គាល់​កណ្ឌគម្ពីរ​នោះ​ឬ​ក៏​អត់ ជា​ពិសេស​សញ្ញា​ចាស់? កណ្ឌគម្ពីរ​សញ្ញាចាស់​ត្រូវ​បាន​គេ​ទទួល​ស្គាល់​តាំង​តែ​ពី​ដើម​រហូត​មក ហើយ​មិន​មាន​ការ​ប្រែប្រួល​ឡើយ។
  • កណ្ឌ​គម្ពីរ​ទាំង​៦៦​កណ្ឌ​មាន​ភាព​ស៊ីសង្វាក់​គ្នា។ បើ​យើង​អាន​កណ្ឌ​គម្ពីរ​ទាំង​មូល នោះ​យើង​នឹង​ឃើញ​កណ្ឌគម្ពីរ​ទាំង​អស់​មាន​ភាព​ស៊ី​គ្នា ឥត​ខ្វែង​គំនិត​គ្នា ឬ​មាន​គំនិត​ដែល​មិន​អាច​ចូល​គ្នា​បាន​នោះ​ឡើយ។ គ្រប់​ទាំង​កណ្ឌ​ស៊ី​គ្នា​មួយ​រយ​ភាគ​រយ។

តើ​បងប្អូន​មាន​ខគម្ពីរ​សំណព្វចិត្ត​ទេ? សូម​ចែក​ចាយ​​នៅ​កន្លែង​បន្ថែម​មតិយោបល់​​ខាង​ក្រោម​នេះ។

និពន្ធ​ដោយ៖ លោក​គ្រូ វែល ណាថាន ដែល​ជា​គ្រូ​គង្វាល​នៅ​ពួក​ជំនុំ សាឡូម ភ្នំពេញ shalomphnompenh.com
កែ​សម្រួល​ដោយ៖ លោក ជួប ប៊ុនហាក់ និង​លោក ឈាង បូរ៉ា

តើអ្នកចូលចិត្តអត្ថបទនេះទេ?

14 Points
Upvote Downvote

មតិយោបល់

Leave a Reply
  1. តើអ្វីជាវិញ្ញាណបរិសុទ្ធ ? ជាព្រះ ឬជាទេវតា ? តើមនុស្សលោកធម្មតា ឬក៏អ្នកនាំសាររបស់ព្រះដែលមានសិទ្ធទទួលព្រះបន្ទូល ពីវិញ្ញាណបរិសុទ្ធ ? តើព្រះបន្ទូលមានបញ្ចុះអោយយេស៊ូទេ ? ហេតុអ្វីក្រោយយេស៊ូ សុគត់ហើយ នៅតែមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀត ? តើគម្ពឺគ្រីស្ទាន សញ្ញាណថ្មី សរសេរដោយមនុស្សលោក ឬជាព្រះបន្ទូល ?

  2. តើអ្វីជាវិញ្ញាណបរិសុទ្ធ ? ជាព្រះ ឬជាទេវតា ? តើមនុស្សលោកធម្មតា ឬក៏អ្នកនាំសាររបស់ព្រះដែលមានសិទ្ធទទួលព្រះបន្ទូល ពីវិញ្ញាណបរិសុទ្ធ ? តើព្រះបន្ទូលមានបញ្ចុះអោយយេស៊ូទេ ? តើមូសេ និង យេស៊ូ ខុសគ្នា ដូចម្តេច ហេតុអ្វី អ្នកកាន់សាសនាគ្រីស្ទ ចាត់ទុកមូសេ ជាអ្នកនាំសារ ហើយចាត់ទុក យេស៊ូ ជាព្រះ ?

    • អរគុណ​បងសម្រាប់សំណួរ។ ខ្ញុំ​ក៏មិនដឹង​ដែរ ដោយសារព្រះ​គម្ពីរ​មិន​បានចែងជាក់លាក់ ឬ​ក៏​ថា យើងមិនទាន់យល់ទាំងស្រុង​នៅឡើយ។ ព្រះគម្ពីរបង្រៀន​ប៉ុណ្ណា យើងដឹងប៉ុណ្ណឹងចុះ​។ ការដែល​យើង​ចង់ដឹង​ចង់លឺ​ លើសពីអ្វីដែលព្រះ​គម្ពីរ​បង្រៀន​នោះយើង យើងអាចរអិល ឬ​មាន​គំនិតមិនត្រឹមត្រូវលើ​ព្រះ​គម្ពីរ​ ដោយសារព្រះគម្ពីរ​មិនបាន​ផ្ដល់​នូវ​ឲ្យចំៗ​ភ្លាមៗ ទាក់ទងទៅចំណងចំណូលចិត្ត​របស់​ឆ្ងល់ ដូច្នេះវាងាយ​​និង​មាន​គំនិតខុសឆ្គង។ មានការជាច្រើន​ដែល​ព្រះ​គម្ពីរ​មិន​ប្រាប់​ដូចជា៖ ពេលវេលាថ្ងៃ​ដែល​ព្រះយេស៊ូវយាងមកលើកទី២ ថ្ងៃ​ជាក់លាក់​ពេល​ដែលព្រះយេស៊ូវបានប្រសូត ​(ពេលណូអែល)
      ឈ្មោះប្រភេទផ្លែឈើ​ដែល​អ័ដាម និង​អេវ៉ាបាន​បរិភោគ​នៅក្នុងលោកុប្បត្តិ។ល។ សរុបសេចក្ដីទៅ យើងត្រូវមាន​ប្រុងប្រយ័ត្ន មិនត្រូវសន្មត​ផ្ដេសផ្ដាស ឬ​ក៏​បន្ថែម ឬ​បន្ថយនោះ​ឡើយ។ ការដែល​ព្រះ​គម្ពីរ​មិន​បាន​ប្រាប់ ឬ​ក៏មិនបាន​ចែងគឺមិនមែនមានន័យថា ព្រះ​គម្ពីរនៅខ្វះពត៌មាន​ ឬ​មិន​គ្រប់គ្រាន់នោះឡើយ។ ចូលចាំថា រឿងដែល​អាថ៌កំបាំង គឺជារឿងដែល​យើងមិនចាំបាច់ដឹង។ ប៉ុន្តែ​ព្រះ​គម្ពីរ​វាគឺគ្រប់គ្រាន់ល្ម​ម​ក្នុង​ការស្គាល់​ព្រះ ហើយផងដែរ​យើងអាចដឹង​ពីផែនការសង្រ្គោះមនុស្សតាមរយៈការសុគតរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ការរស់ឡើងវិញ នឹង​ពេលវេលាខាងមុខៗទៀត។ល។
      អរគុណ!

      ឯ​អស់​ទាំង​សេចក្តី​លាក់​កំបាំង នោះ​ស្រេច​នៅ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ទេ តែ​សេចក្តី​ដែល​បាន​បើក​សំដែង​មក​ទាំង​ប៉ុន្មាន នោះ​ស្រេច​នៅ​យើង​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​យើង ជា​រៀងរាប​ដរាប​វិញ ដើម្បី​ឲ្យ​យើង​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យវិន័យ​នេះ។ (ចោទិយកថា ២៩:២៨)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​សេចក្ដី​ក្រោធ​ & សេចក្ដី​បរិសុទ្ធ​

សម្លាប់​អំពើ​បាប