in

ចូរ​ឈប់​បញ្ជោរ​គ្នា

Lay Aside the Weight of Flattery

បុគ្គល​ដែល​ចេះ​ស្រឡាញ់​អ្នក​ដទៃ​នឹង​តែង​តែ​និយាយ​សេចក្ដី​ពិត ព្រោះ​សេចក្ដី​ស្រឡាញ់​មាន​អំណរ​ក្នុង​សេចក្ដី​ពិត (១កូរិនថូស ១៣:៦; យ៉ូហាន ១៤:៦)។ បុគ្គល​ដែល​ចេះ​ស្រឡាញ់​អ្នក​ដទៃ​នឹង​មិន​និយាយ ដើម្បី​នឹង​បោកប្រាស់​អ្នក​ដទៃ​ដូច​សាតាំង​នោះ​ឡើយ (យ៉ូហាន ៨:៤៤)។ ហើយ​បុគ្គល​ដែល​ចេះ​ស្រឡាញ់​អ្នក​ដទៃ​ក៏​នឹង​និយាយ​សេចក្ដី​ពិត​ដែល​ពេញ​ដោយ​ព្រះ​គុណ​ផង​ដែរ (អេភេសូរ ៤:២៩)។

ការ​និយាយ​សេចក្ដី​ពិត​ដោយ​ព្រះ​គុណ​មិន​មែន​មាន​ន័យ​ថា បុគ្គល​ដែល​យើង​និយាយ​ទៅ​កាន់​នឹង​ទទួល​សេចក្ដី​ពិត​នោះ​ដោយ​មាន​ចិត្ត​ត្រេកអរ​រាល់​ពេល​វេលា​នោះ​ឡើយ។ ពេល​ខ្លះ ការ​និយាយ​ស្ដី​ដែល​ពេញ​ដោយ​ព្រះ​គុណ​គឺ​ជា​ការ​ស្ដី​បន្ទោស ឬ​ក៏​ការ​កែ​តម្រង់ (២ធីម៉ូថេ ៤:២) មនុស្ស​ដែល​មាន​ប្រាជ្ញា​នឹង​យល់​អំពី​ចំណុច​នេះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទោះ​ពេល​ដែល​ពួក​គាត់​កំពុង​ទទួល​ការ​កែ​តម្រង់​ពី​អ្នក​ដទៃ​ដែល​មាន​ការ​និយាយ​សេចក្ដី​ពិត​ដោយ​ព្រះ​គុណ ទោះ​បើ​វា​ឈឺ​ប៉ុណ្ណា​ក៏​ដោយ ក៏​ពួក​គាត់​នៅ​តែ​លើក​ឡើង​ថា «អ្នក​ណា​ដែល​បន្ទោស​ដល់​មនុស្ស នោះ​នៅ​ជាន់​ក្រោយ​នឹង​មាន​គេ​រាប់​អាន​ខ្លួន ជា​ជាង​អ្នក​ដែល​បញ្ចើច​ដោយ​អណ្ដាត​ទៅ​ទៀត ។» (សុភាសិត ២៨:២៣)។

ការ​បញ្ជោរ​ផ្ទុយ​គ្នា​ពី​ការ​ស្ដី​បន្ទោស ព្រោះ​ការ​បញ្ជោរ​គឺ​ជា​ការ​កុហក។ ការ​បញ្ជោរ​គឺ​ជា​ការ​ឆបោក ព្រោះ​ខណៈពេល​ដែល​គេ​កំពុង​និយាយ ស្ដាប់​ទៅ​ការ​បញ្ជោរ​គឺ​ដូច​ជា​ការ​លើក​ទឹក​ចិត្ត​អញ្ចឹង។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​បញ្ជោរ និង​ការ​លើក​ទឹក​ចិត្ត​មាន​លក្ខណៈ​ខុស​គ្នា​ដូច​មេឃ និង​ដី។ ការ​លើក​ទឹក​ចិត្ត​គឺ​ជា​ការ​និយាយ​សេចក្ដី​ពិត​ចេញ​ពី​ក្ដី​ស្រឡាញ់ ដើម្បី​នឹង​បង្កើន​ជំនឿ និង​ក្ដី​សង្ឃឹម​ដល់​អ្នក​ស្ដាប់។ ការ​បញ្ជោរ​គឺ​ជា​ការ​កុហក ជា​ការ​ធ្វើ​ពុត​ថា​កំពុង​លើក​ទឹក​ចិត្ត ប៉ុន្តែ​តាម​ពិត​អ្នក​និយាយ​មាន​ចិត្ត​អាត្មានិយម​ក្នុង​ការ​ឆបោក​អ្នក​ស្ដាប់ ដើម្បី​សម្រេច​គោលបំណង​ដ៏​អាក្រក់​របស់​ខ្លួន។

ការ​និយាយ​ស្ដី​ដោយ​សេចក្ដី​ស្រឡាញ់​គឺ​មិន​មែន​ជា​ការ​បញ្ជោរ​អ្នក​ដទៃ​ឡើយ ហើយ​ការ​មាន​ប្រាជ្ញា​ក៏​នឹង​មិន​ប៉ងប្រាថ្នា​ចង់​ឲ្យ​អ្នក​ដទៃ​មក​បញ្ជោរ​ខ្លួន​ផង​ដែរ។ ប៉ុន្តែ ការ​មាន​បាប​ក៏​មិន​មាន​ការ​ស្រឡាញ់ និង​ប្រាជ្ញា​ផង​ដែរ ដែល​ការ​នេះ​មាន​ន័យ​ថា ដោយ​សារ​យើង​រស់នៅ​ដោយ​មាន​បាប​ជាប់​ខ្លួន​រួច​ស្រេច​ទៅ​ហើយ ការ​នោះ​នឹង​បង្ក​ឲ្យ​យើង​ចង់​ទៅ​បោក​ប្រាស់​អ្នក​ដទៃ​ដោយ​ក្លែង​បន្លំ​ដោយ​ប្រើ​ពាក្យ​បញ្ជោរ ក៏​ដូច​ជា​ការ​ចង់​ឲ្យ​អ្នក​ដទៃ​មក​បញ្ជោរ​ខ្លួន​ផង​ដែរ។ ដាច់ខាត យើង​ត្រូវ​តែ​ការពារ​ខ្លួន​ពី​អំពើ​បាប​នៃ​ការ​ងាយ​ជំពប់​ធ្លាក់​ក្នុង​ការ​នេះ។

ចូរ​កុំ​បញ្ជោរ​អ្នក​ដទៃ

ព្រះ​ជាម្ចាស់​បាន​ប្រាប់​យើង​ថា «អ្នក​ណា​ដែល​បញ្ចើច​ដល់​អ្នក​ជិត​ខាង នោះ​ឈ្មោះ​ថា ដាក់​លប់​សម្រាប់​ចាប់​ជើង​គេ​ទេ» (សុភាសិត ២៩:៥)។ នេះ​ឯង​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ការ​បញ្ជោរ​ជា​ការ​អាក្រក់។ ទោះ​បើ​ការ​បញ្ចើច​បញ្ចើ​មាន ឬ​ក៏​មិន​មាន​សេចក្ដី​ពិត​ក៏​ដោយ ក៏​គោលបំណង​វា​គឺ ដើម្បី​បោក​អ្នក​ដទៃ។

ឧទាហរណ៍​មួយ​ដែល​ទាក់ទង​នឹង​ខគម្ពីរ​ខាង​លើ​នេះ គឺ​ពេល​ដែល​អ្នក​ទាស់​នឹង​ព្រះ​យេស៊ូវ​ព្យាយាម​ដាក់​លប់​ក្រោម​ជើង​ព្រះ​យេស៊ូវ៖

«ពេល​មក​ដល់ គេ​ទូល​ព្រះ​អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​មនុស្ស​ពិត​ត្រង់ ហើយ​មិន​ខ្វល់​ពី​អ្នក​ណា ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ តាម​តែ​សេចក្ដី​ពិត។ តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ? តើ​ត្រូវ​បង់​ឬ​មិន​ត្រូវ​បង់?» ប៉ុន្តែ ព្រះ​អង្គ​ជ្រាប​ពី​ពុត​ត្បុត​របស់​គេ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង​ល​ខ្ញុំ​ដូច្នេះ?…» (ម៉ាកុស ១២:១៤-១៥ គកស)។

អស់​អ្នក​ដែល​សួរ​ទាំង​នោះ​គឺ​ជា​មនុស្សមាន​ពុត​ត្បុត «ដ្បិត​នៅ​ក្នុង​មាត់​ពួក​នោះ គ្មាន​សេចក្ដី​ពិត​ឡើយ ខាង​ក្នុង​គេ​មាន​សុទ្ធ​តែ​សេចក្ដី​កាច​អាក្រក់ បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ពោល​បញ្ចើច​ដោយ​សារ​អណ្ដាត» (ទំនុកដំកើង ៥:៩)។

ទោះ​បើ​ពាក្យ​សម្ដី​បញ្ជោរ​របស់​មនុស្ស​ពុត​ត្បុត​នោះ​ទៅ​កាន់​ព្រះ​យេស៊ូវ​មាន ឬ​ក៏​មិន​មាន​សេចក្ដី​ពិត​ក៏​ដោយ ក៏​វា​មិន​សំខាន់​ដែរ ព្រោះ​ពួក​គេ​​មិន​មានសេចក្ដី​ពិត​ទាល់​តែ​សោះ​ក្នុង​មាត់​របស់​ពួក​គេ៖ ១) ពួក​គេ​មិន​បាន​ជឿ​លើ​ពាក្យ​សម្ដី​ដែល​គេ​បាន​និយាយ​ទេ ២) ពាក្យ​បញ្ចើច​បញ្ចើ​នោះ​គឺ​ជា​ការ​ដែល​ពួក​គេ​លាក់​បាំង​ការ​ដែល​ពួក​គេ​ព្យាយាម​កំទេច​ការ​ជះឥទ្ធិពល និង​ការ​ដែល​យើង​គួរ​ជឿ​លើ​ព្រះ​យេស៊ូវ​ចោល។ ពួក​គេ​កំពុង​និយាយ​ដូច​សាតាំង​ដែល​ជា​ឪពុក​របស់​គេ ដែល​វា​ក៏​យក​សេចក្ដី​ពិត ដើម្បី​មក​បន្លំ​ជា​ការ​កុហក​ផង​ដែរ (យ៉ូហាន ៨:៤៤)។

នេះ​ជា​ឧទាហរណ៍​ដ៏​ច្បាស់​លាស់​ទាក់ទង​នឹង​ការ​បញ្ជោរ ដើម្បី​រក​ផល​ប្រយោជន៍​ខ្លួន​ឯង។ ប៉ុន្តែ យើង​ដឹង​ហើយ​ថា ពេល​ខ្លះ​យើង​មាន​ការ​ពិបាក​ក្នុង​ការ​វែក​ញែក​រវាង​ការ​បញ្ជោរ និង​ការ​លើក​ទឹក​ចិត្ត ព្រោះ​វា​មាន​ពេញ​ទៅ​ដោយ​កល​ល្បិច ហើយ​ងាយ​នឹង​ប្រែ​ប្រួល។ យើង​ចេះ​ប្រើ​ពាក្យ​បញ្ជោរ​តាំង​ពី​យើង​នៅ​ក្មេង​មក​ម៉្លេះ ក្នុង​ការ​ព្យាយាម​សម្ដែង​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា​ខ្លួន​ជា​មនុស្ស​ល្អ ឬ​ក៏​ដើម្បី​កំទេច​អ្នក​ដទៃ​ដើម្បី​កុំ​ឲ្យ​អ្នក​ផ្សេង​ជឿ​គេ ឬ​ក៏​បំផ្លាស់​កេរ្តិ៍​ឈ្មោះ​អ្នក​ដទៃ ក៏​ដូច​ជា​បំផ្លាស់​ឥទ្ធិពល​គេ​ផង​ដែរ។ ការ​ល្បង​ល​បែប​នេះ​គឺ​ជា​ការ​ប្រលោម​ដែល​មាន​ឥទ្ធិពល​ខ្លី ដែល​មើល​ទៅ​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ណាស់ ប៉ុន្តែ​ចាប់​អារម្មណ៍​តែ​មួយ​ភ្លែត​ទេ។ ហើយ​ដោយ​សារ​វា​ជា​សេចក្ដី​កុហក មិន​យូរ​មិន​ឆាប់​វា​នឹង​នាំ​មក​នូវ​ការ​បំផ្លាញ។

ដាច់ខាត យើង​ត្រូវ​តែ​ចងចាំ​ថា រាល់​ពេល​ដែល​យើង​ព្យាយាម​លាក់​គោលបំណង​ណា​មួយ​ក្នុង​ការ​ដែល​យើង​ប្រើ​ពាក្យ​បញ្ជោរ​ដើម្បី​រក​ប្រយោជន៍​ខ្លួន​ឯង ដោយ​ប្រើ​ពាក្យ​ពេចន៍​លើក​ទឹក​ចិត្ត គឺ​នោះ​មាន​ន័យ​ថា យើង​កំពុង​ប្រើ​វិធីសាស្ត្រ​របស់​អារក្ស​ក្នុង​ការ​ដែល​យើង​ដាក់​លប់​សម្រាប់​អ្នក​ជិត​ខាង​របស់​យើង។ ការ​នេះ​បង្ហាញ​ថា យើង​កំពុង​ប្ដូរ​សេចក្ដី​ពិត​សម្រាប់​សេចក្ដី​កុហក ហើយ​ក្នុង​ការ​ដែល​យើង​ធ្វើ​បែប​នេះ​ក៏​ស​របញ្ជាក់​ថា​យើង​បាន​ក្បត់​សេចក្ដី​ពិត​ហើយ។

ចូរ​កុំ​ទទួល​យក​ការ​បញ្ជោរ​ពី​អ្នក​ដទៃ

យើង​មិន​គ្រាន់​តែ​ងាយ​ក្នុង​ការ​មាន​ចិត្ត​ចង់​ទៅ​បញ្ជោរ​អ្នក​ដទៃ​ទេ យើង​ថែម​ទាំង​មាន​ការ​ងាយ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​មក​បញ្ជោរ​យើង​ផង​ដែរ។ យើង​ងាយ​បែប​នេះ ព្រោះ​យើង​មាន​ពេញ​ទៅ​ដោយ​អំនួត​ក្នុង​ភាព​មាន​បាប​របស់​យើង។

ការ​ដែល​យើង​មាន​ជាប់​ទៅ​ដោយ​អំពើ​បាប​នោះ​ឯង​បាន​ជា​យើង​ចេះ​តែ​ចង់​ឲ្យ​អ្នក​ដទៃ​មក​បញ្ជោរ​យើង ព្រោះ​អំពើ​បាប​របស់​យើង​ធ្វើ​ឲ្យ​យើង​ចូលចិត្ត​ឲ្យ​អ្នក​ដទៃ​កោត​សរសើរ​ខ្លួន។ ពេល​ខ្លះ ទោះ​បើ​យើង​ដឹង​ហើយ​ថា​ពាក្យ​បញ្ជោរ​នោះ​មក​ពី​មនុស្ស​ពុត​ត្បុត​ក៏​ដោយ ក៏​យើង​មិន​ខ្វល់ ប្រសិន​បើ​អ្វី​ដែល​គេ​កំពុង​និយាយ​បង្ហាញ​ឲ្យ​គេ​ទទួល​ស្គាល់​ថា​យើង​មាន​មុខ​មាន​មាត់ ឬ​ក៏​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​បន្តិចបន្តួច​ព្រោះ​មាន​គេ​គិត​ថា​យើង​ជា​មនុស្ស​សំខាន់ ក៏​យើង​នឹង​ទទួល​ការ​បញ្ជោរ​របស់​គេ​ភ្លាម។

តាម​ពិត សកម្មភាព​បែប​នេះ​គឺ​ជា​អន្ទាក់​នៃ​ការ​ធ្លាក់​ក្នុង​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ​ជា​ច្រើន​លើក​ច្រើន​សា។ អំណាច​ដ៏​ពិត​នៃ​ការ​ប្រលោម​លួង​លោម​ទាក់ទង​នឹង​ភាព​ត្រេក​ត្រអាល​ខាង​ឯ​ផ្លូវ​ភេទ គឺ​ការ​លាយ​អំនួត​ក្អេងក្អាង​ជា​មួយ​នឹង​ការ​ចង់​រួម​ភេទ លាយ​ជា​មួយ​នឹង​ការ​ដែល​ឃើញ​ថា​មាន​គេ​ចង់បាន​ខ្លួន ទោះ​បើ​ការ​យល់​ឃើញ​បែប​នេះ​មិន​មែន​ជា​ការ​យល់​ឃើញ​ដ៏​ត្រឹម​ត្រូវ​ក៏​ដោយ។ ស្រី​សំផឹង​ក្នុង​កណ្ឌ​គម្ពីរ សុភាសិត ៧ បាន​ប្រើ​ពាក្យ​ផ្អែម​ល្ហែម​ក្នុង​ការ​បញ្ជោរ​បុរស​ម្នាក់​ដោយ​នាំ​គាត់ «ដូច​ជា​គោ​ដែល​ទៅ​ឯ​ទី​សម្លាប់» (សុភាសិត ៧:២១-២២)។ ស្រី​សំផឹង​បាន​ទាក់ទាញ​បុរស​នោះ តែ​បុរស​នោះ​បាន​ទៅ​តាម «ដោយ​សារ​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួង​លោម​ទេ» (យ៉ាកុប ១:១៤)។

នេះ​ឯង​ជា​របៀប​នៃ​ការ​បញ្ជោរ​កើត​ឡើង​ចំពោះ​យើង។ វា​លួងលោម​យើង ប៉ុន្តែ​ដោយ​សារ​អំនួត​របស់​យើង​បាន​ជា​យើង​មាន​ចំណាប់​អារម្មណ៍​លើ​វា។ ហើយ​ប្រសិនបើ​យើង​ស៊ី​នុយ​របស់​វា នោះ​យើង​នឹង​ជួប​ការ​ហិនវិនាស​ជា​មិន​ខាន។

ចូរ​មាន​អំណរ​ក្នុង​សេចក្ដី​ពិត

អ្នក​ដែល​ចេះ​ស្រឡាញ់​អ្នក​ដទៃ​នឹង​មិន​ទៅ​បញ្ជោរ​គេ​ឡើយ ហើយ​អ្នក​ដែល​មាន​ប្រាជ្ញា​ក៏​នឹង​មិន​ចង់​ឲ្យ​អ្នក​ដទៃ​មក​បញ្ជោរ​ខ្លួន​ផង​ដែរ។ នេះ​ឯង​ជា​មូល​ហេតុ​ដែល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ ទំនុកដំកើង ៣២:២ បាន​ចែង​ថា «មាន​ពរ​ហើយ មនុស្ស​ណា​ដែល…ជា​អ្នក​ដែល​គ្មាន​កល​ឧបាយ​នៅ​ក្នុង​ចិត្ត​សោះ»។ ហើយ​នេះ​ក៏​ជា​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ឃើញ​ក្នុង​លោក ណាថាណែល ហើយ​ទ្រង់​ក៏​បាន​សរសើរ​គាត់​ថា «អ្នក​នេះ​ជា​សាសន៍​អ៊‌ីស្រាអែល​ពិត​មែន គាត់​គ្មាន​ពុត​ត្បុត​អ្វី​សោះ!» (យ៉ូហាន ១:៤៧)។

ចូរ​យើង​ពិនិត្យ​មើល​ខ្លួន​ឯង​ដោយ​សួរ​ថា តើ​ខ្ញុំ​​ចូល​ចិត្ត​បញ្ជោរ​អ្នក​ដទៃ ឬ​ក៏​ចូល​ចិត្ត​ឲ្យ​អ្នក​ដទៃ​បញ្ជោរ​ខ្ញុំ​ដែរ​ឬ​ទេ? តើ​មាន​ទំនាក់ទំនង​ក្នុង​ជីវិត​យើង​ដែល​យើង​ប្រហែល​ជា​ងាយ​មាន​ទម្លាប់​ក្នុង​ការ​ប្រើ​ការ​បញ្ជោរ ដើម្បី​ប្រយោជន៍​ខ្លួន​ឯង ក៏​ដូច​ជា​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​អ្នក​ដទៃ​ដែរ​ឬ​ទេ? តើ​មាន​ចំណុច​ណា​មួយ​ក្នុង​ជីវិត​យើង​ដែល​យើង​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​មក​បញ្ជោរ​យើង ព្រោះ​វា​មាន​ការ​ទាក់​ទាញ​អំនួត​យើង​ដែរ​ឬ​ទេ?

ប្រសិនបើ​មាន ចូរ​កែប្រែ​ចិត្ត​ថ្ងៃ​នេះ​ភ្លាម ហើយ​ចូរ​លន់តួ​ចំពោះ​ព្រះ​ជាម្ចាស់ ក៏​ដូច​ជា​អ្នក​ដទៃ​ទៀត តាម​ការ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដឹក​នាំ​លោក​អ្នក។

ការ​បញ្ជោរ​អ្នក​ដទៃ និង​ការ​ឲ្យ​អ្នក​ដទៃ​មក​បញ្ជោរ​ខ្លួន​គឺ​ជា​រឿង​ដែល​មក​ពី​អារក្ស​សាតាំង ហើយ​យើង​ទាំង​អស់​គ្នា​មាន​ការ​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ដើរ​តាម​គន្លង​របស់​វា។ ដាច់ខាត យើង​ត្រូវ​តែ​បោះបង់​ការ​នេះ​ចោល ដើម្បី​ទៅ​រត់​ប្រណាំង​ដោយ​ស្មោះ​ត្រង់​ជា​មួយ​នឹង​ព្រះ​យេស៊ូវ ហើយ​ដើម្បី​នឹង​ទៅ​ជួយ​អ្នក​ដទៃ។ តោះ​យើង​នាំ​គ្នា​សង្វាត​ឲ្យ​កាន់​តែ​ក្លាយ​ដូច​ជា «អ៊‌ីស្រាអែល​ពិត​មែន» ជា​សិស្ស​របស់​ព្រះ​យេស៊ូវ ដែល​ជា​សេចក្ដី​ពិត ហើយ​ឲ្យ​កាន់​តែ​មាន​អំណរ​ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់ ព្រម​ទាំង​ព្យាយាម​គ្រាន់​តែ​និយាយ​នូវ​អ្វីៗ​ដែល​ផ្ដល់​ព្រះ​គុណ​ដល់​អ្នក​ស្ដាប់ (អេភេសូរ ៤:២០)។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ​៖ លោក​គ្រូ Jon Bloom
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះ​អង្គ​ជ្រាប

សេចក្ដី​អធិស្ឋាន​