អត្ថបទថ្ងៃនេះគឺសម្រាប់អ្នកជឿថ្មី ហើយក៏ជាការឆ្លើយលើសំណួរទូទៅមួយ ដែលយើងទទួលបានជាញឹកញាប់ផងដែរ។
«ជម្រាបសួរលោកគ្រូ! ខ្ញុំបារម្ភយ៉ាងខ្លាំងទាក់ទងទៅនឹងចំណុចជាច្រើនដែលខ្ញុំមិនដឹងអំពីព្រះគម្ពីរ។ ខ្ញុំចង់ស្គាល់ព្រះគម្ពីរ ដើម្បីឲ្យព្រះគម្ពីរដឹកនាំជីវិតខ្ញុំ និងដើម្បីឲ្យខ្ញុំអាចប្រើប្រាស់ព្រះគម្ពីរក្នុងការដឹកនាំអ្នកដទៃនៅឯអនាគតបានដែរ។ ប៉ុន្តែ ព្រះគម្ពីរមានចំណុចច្រើនណាស់។ ខ្ញុំមិនដឹងថាគួរចាប់ផ្ដើមនៅចំណុចណាទេ។ ប្រសិនបើខ្ញុំកំពុងតែត្រៀមប្រលង នោះខ្ញុំនឹងចាប់ផ្ដើមដោយសរសេរចុះចំណុចសំខាន់មួយចំនួនដែលខ្ញុំគិតថាគ្រូនិងសួរអំពីចំណុចទាំងនោះ។ ប៉ុន្តែ ទាក់ទងនឹងព្រះគម្ពីរ ខ្ញុំមានអារម្មណ៍ថាជីវិតគឺជាការប្រលង ហើយខ្ញុំមិនដឹងថាខ្ញុំត្រូវដឹងចំណុចអ្វីដើម្បីត្រៀមខ្លួននោះទេ។ បើសួរម្យ៉ាងទៀតទៅ តើខ្ញុំគួរចាប់ផ្ដើមនៅត្រង់ចំណុចណា? តើអ្វីទៅជាចំណុចចម្បង និងចំណុចសំខាន់ជាងគេបំផុតដែលខ្ញុំត្រូវដឹង ដើម្បីដើរតាមព្រះគ្រីស្ទ តាមរយៈការអានព្រះបន្ទូលរបស់ទ្រង់?»
ខ្ញុំគិតថាចម្លើយរបស់ខ្ញុំនឹងអាចធ្វើឲ្យគាត់អាចមានការខកចិត្តបន្តិច ពីព្រោះគាត់កំពុងតែសួរទាក់ទងនឹងសេចក្ដីពិតណាមួយក្នុងព្រះគម្ពីរ ហើយចម្លើយរបស់ខ្ញុំគឺថា «ព្រះគម្ពីរ ព្រះគម្ពីរ ព្រះគម្ពីរ ព្រះគម្ពីរ»។
ពិតជាសំខាន់ណាស់
ខ្ញុំមិនដែលធ្លាប់ជួបគ្រីស្ទបរិស័ទដែលពេញវ័យ មានពេញទៅដោយផលផ្លែ ខ្លាំង និងចេះវែកញែកខាងឯព្រលឹងវិញ្ញាណ ដែលក្នុងខ្លួនគាត់មិនមានពេញទៅដោយព្រះបន្ទូល មានការប្ដេជ្ញាចិត្តក្នុងការសញ្ជឹងគិតលើព្រះបន្ទូលជាទៀងទាត់ ហើយព្យាយាមរក្សាព្រះបន្ទូលនៅក្នុងចិត្តតាមរយៈការទន្ទេញព្រះគម្ពីរឲ្យចាំមាត់ឡើយ—ហើយការនោះក៏មិនបានកើតឡើងដោយចៃដន្យនោះទេ។ ដូច្នេះ អ្វីដែលខ្ញុំចង់ធ្វើគឺទាក់ទាញមិត្តភក្ដិរបស់យើងដែលជាអ្នកជឿថ្មីម្នាក់នេះឲ្យយល់ថាព្រះគម្ពីរពិតជាសំខាន់ណាស់ បន្ទាប់ពីគាត់ទើបតែបានទទួលជឿលើព្រះគ្រីស្ទ គឺឱ្យគាត់មានការប្ដូរផ្ដាច់យ៉ាងជ្រាលជ្រៅ និងពេញទៅដោយបទពិសោធន៍ដែលមានភក្តីភាព—ឥតរង្គើ ការទាក់ទាញដែលមិនមានភាពរេរា—ត្រង់ថា ការអាន ការសញ្ជឹងគិតលើព្រះគម្ពីរ ការយល់ ការទន្ទេញឲ្យចាំមាត់ និងការមានអំណរជាមួយនឹងព្រះបន្ទូលគឺជាអ្វីដែលពិតជាសំខាន់ណាស់សម្រាប់ជីវិតគ្រីស្ទបរិស័ទ ដែលមានរួមទាំងការចំណាយពេលក្នុងព្រះបន្ទូលជាប្រចាំថ្ងៃ ដោយមានគោលបំណងថាយើងនឹងជួបព្រះជាម្ចាស់ក្នុងព្រះបន្ទូល ហើយបន្តិចម្ដងៗ នោះសិរីល្អនៃសេចក្ដីពិតរបស់ទ្រង់នឹងបំពេញ ក៏ដូចជាបំផ្លាស់បំប្រែជីវិតយើងដែរ។
ហើយចំណុចនេះហាក់បីដូចជាច្បាស់ណាស់ចំពោះគាត់ និងអ្នកដទៃ ប៉ុន្តែវាមិនច្បាស់លាស់ទេ ពីព្រោះខ្ញុំស្គាល់មនុស្សជាច្រើនដែលជាគ្រីស្ទបរិស័ទរាប់ឆ្នាំហើយ ដែលមិនបានធ្វើដូច្នោះឡើយ។ ពួកគាត់មិនបានធ្វើដូច្នោះ ទោះបីពួកគាត់ជាគ្រីស្ទបរិស័ទជាយូរឆ្នាំក៏ដោយ ហើយពួកគាត់ក៏មិនបានបង្ហាញសេចក្ដីស្រឡាញ់គ្រប់គ្រាន់ដែរ។ ពួកគាត់គិតថា ការអានព្រះបន្ទូលជាប្រចាំថ្ងៃគឺជាជម្រើសធ្វើ ឬក៏មិនធ្វើក៏បាន ពីព្រោះពួកគាត់គិតថាខ្លួនចេះច្រើនហើយ ហើយក៏បានអានសៀវភៅជាច្រើនក្បាលដែរ។ ខ្ញុំគិតថា ការធ្វើបែបនេះគឺមិនមែនជាទម្លាប់ល្អនោះទេ។ ផ្ទុយទៅវិញ ខ្ញុំគិតថា វាគឺជាទម្លាប់ដែលពេញទៅដោយគ្រោះថ្នាក់។
មូលហេតុ១០យ៉ាងក្នុងការអានព្រះគម្ពីរ
ដូច្នេះ ខ្ញុំមានមូលហេតុ១០យ៉ាងដែលខ្ញុំជឿថា—មូលហេតុ១០យ៉ាងក្នុងការអានព្រះគម្ពីរ ការយល់ព្រះគម្ពីរ និងការទន្ទេញព្រះគម្ពីរឲ្យចាំមាត់ថាជាចំណុចដ៏សំខាន់ចំពោះជីវិតគ្រីស្ទបរិស័ទជាប្រចាំថ្ងៃ។ សូមព្យាយាមបដិសេធគំនិតដែលថា មានខ្លួនឯងគឺគ្រប់គ្រាន់ហើយ «ខ្ញុំមិនត្រូវការព្រះបន្ទូលជាប្រចាំថ្ងៃទេ»។ ខាងក្រោមនេះគឺជាមូលហេតុ១០យ៉ាងរបស់ខ្ញុំ៖
១. ព្រះបន្ទូលសង្គ្រោះ
ចូរប្រុងប្រយ័ត្ននឹងខ្លួនអ្នក ហើយនឹងសេចក្ដីបង្រៀន ចូរកាន់ខ្ជាប់តាមសេចក្ដីទាំងនេះ ដ្បិតដែលធ្វើដូច្នោះ នោះអ្នកនឹងសង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្តាប់អ្នកផង (១ធីម៉ូថេ ៤:១៦)។
សេចក្ដីសង្គ្រោះបានកើតឡើងចំពោះរាស្ត្ររបស់ព្រះជាម្ចាស់ សេចក្ដីសង្គ្រោះក៏—នៅក្នុងពេលនេះ—កំពុងតែកើតឡើងចំពោះរាស្ត្ររបស់ព្រះជាម្ចាស់ ហើយសេចក្ដីសង្គ្រោះក៏នឹងកើតឡើងជាស្រេចចំពោះរាស្ត្ររបស់ព្រះជាម្ចាស់ នៅពេលដែលពួកគាត់រស់ឡើងវិញផងដែរ ហើយការនេះក៏កំពុងតែកើតឡើងឥឡូវនេះដែរ។ សាវ័ក ប៉ុល បានមានប្រសាសន៍ថា ឲ្យយើងកាន់ភ្ជាប់តាមសេចក្ដីបង្រៀន ហើយជាលទ្ធផល នោះយើងនឹងសង្គ្រោះខ្លួនឯង។ តាមរយៈព្រះបន្ទូល ព្រះជាម្ចាស់សង្គ្រោះយើងជាប្រចាំថ្ងៃ។
២. ព្រះបន្ទូលរំដោះយើងចេះពីសាតាំង
អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច (យ៉ូហាន ៨:៣២)។
បរិបទនៅក្នុងខគម្ពីរនេះគឺថា ព្រះយេស៊ូវកំពុងតែបង្ហាញអ្នកដឹកនាំសាសនាយូដាថា ទោះបីពួកគាត់គិតថាខ្លួនមិនមែនជាទាសករក៏ដោយ ក៏ «អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក» (យ៉ូហាន ៨:៤៤)។ ឱគ្រីស្ទបរិស័ទដែលមានជំនឿវ័យក្មេងអើយ សាតាំងគឺជាខ្មាំងសត្រូវរបស់អ្នក។ វាខ្លាំងជាងអ្នករាប់លានដង។ ដូច្នេះ សាវ័ក យ៉ូហាន សរសេរទៅកាន់អ្នកជឿថ្មីថា៖
«កំឡោះរាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា
ពីព្រោះមានកម្លាំង
ហើយព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នករាល់គ្នា
អ្នករាល់គ្នាបានឈ្នះមេកំណាចហើយ» (១យ៉ូហាន ២:១៤)។
នេះគឺជាសេចក្ដីសង្ឃឹមតែមួយគត់របស់យើង ក្នុងការយកឈ្នះលើខ្មាំងសត្រូវអធិធម្មជាតិរបស់យើង។ គ្រប់ពេលដែលព្រះយេស៊ូវទទួលការល្បួងពីអារក្ស (ម៉ាថាយ ៤:១-១១; ម៉ាកុស ១:១២-១៣; លូកា ៤:១-១៣) ព្រះអង្គបានវាយប្រហារ ដោយឆ្លើយតបវិញជាមួយ «នឹងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល» (អេភេសូរ ៦:១៧) ហើយព្រះអង្គក៏បានទន្ទេញព្រះគម្ពីរនោះឲ្យចាំមាត់ដែរ ដូច្នេះព្រះអង្គមិនចាំបាច់កាន់ព្រះគម្ពីរតាមខ្លួន នៅក្នុងទីរហោស្ថានឡើយ។
៣. ព្រះបន្ទូលប្រទាននូវព្រះគុណ និងសេចក្ដីសុខសាន្ត
«សូមឲ្យព្រះគុណ នឹងសេចក្ដីសុខសាន្ត បានចម្រើនដល់អ្នករាល់គ្នាឲ្យបានស្គាល់ព្រះ នឹងព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង» (២ពេត្រុស ១:២)។
ចំណេះដឹងអំពីព្រះជាម្ចាស់ដែលយើងទទួលបាន តាមរយៈព្រះបន្ទូលគឺមិនដូចគ្នាទៅនឹងព្រះគុណទេ ប៉ុន្តែសាវ័ក ពេត្រុស កំពុងតែមានប្រសាសន៍ថា ចំណេះដឹងនោះគឺជាយាននៃព្រះគុណ។ ប្រសិនបើយើងចង់ទទួលបានសេចក្ដីសុខសាន្ត និងពេញដោយអំណាចតាមរយៈព្រះគុណរបស់ព្រះ គឺសាវ័ក ពេត្រុស កំពុងតែលើកឡើងថា គឺវាកើតឡើងបានតាមរយៈ «[ការ] ស្គាល់ព្រះ និងព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង»។ យើងអាចរកឃើញបានចំណេះដឹងនោះតែក្នុងមួយកន្លែងប៉ុណ្ណោះ៖ គឺក្នុងព្រះបន្ទូល។
៤. ព្រះបន្ទូលបន្សុទ្ធ
ព្រះយេស៊ូវបានអធិស្ឋានថា៖
«សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់» (យ៉ូហាន ១៧:១៧)។
ការញែកជាបរិសុទ្ធគឺជាដំណើរការនៃការក្លាយជាមនុស្សបរិសុទ្ធ—ដែលនេះមានន័យថា ការកាន់តែក្លាយដូចជាព្រះគ្រីស្ទ និងព្រះជាម្ចាស់ ដែលទ្រង់បរិសុទ្ធឥតខ្ចោះ។ នេះមិនមែនជាជម្រើសដែលយើងធ្វើ ឬក៏មិនធ្វើនោះទេ។ កណ្ឌគម្ពីរ ហេព្រើរ ១២:១៤ មានចែងថា «ចូរដេញតាម…ឲ្យបានញែកជាបរិសុទ្ធដែរ បើអ្នកណាគ្មានសេចក្ដីបរិសុទ្ធ នោះមិនដែលឃើញព្រះអម្ចាស់ឡើយ»។
យើងនឹងមិនអាចក្លាយជាមនុស្សល្អឥតខ្ចោះបានទេនៅក្នុងជីវិតនេះ ប៉ុន្តែយើងអាចក្លាយជាមនុស្សដែលបរិសុទ្ធបានដែរ។ ព្រះជាម្ចាស់ញែករាស្ត្ររបស់ទ្រង់ឲ្យបានបរិសុទ្ធ។ ហើយព្រះយេស៊ូវក៏បានអធិស្ឋានទៅកាន់ព្រះវរបិតារបស់ទ្រង់ថា «សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់»។ ព្រះអង្គមិនអាចមានបន្ទូលច្បាស់ជាងនោះ ឬក៏ថាវាសំខាន់ជាងនោះបានទេ។
៥. ព្រះបន្ទូលប្រទានសេចក្ដីអំណរ
«អ្នករាល់គ្នាក៏បានយកតម្រាប់តាមយើង និងតាមព្រះអម្ចាស់ ដ្បិតទោះបើមានទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏អ្នករាល់គ្នាបានទទួលព្រះបន្ទូលដោយអំណរ មកពីព្រះវិញ្ញាណបរិសុទ្ធដែរ» (១ថែស្សាឡូនីច ១:៦ គកស)។
អ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាវិញ
ក៏រំពឹងគិតក្នុងក្រឹត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ (ទំនុកតម្កើង ១:២)។
យើងមិនអាចទ្រទ្រង់ជីវិតដោយគ្មានសេចក្ដីអំណរបានឡើយ។ ជីវិតគ្រីស្ទបរិស័ទគឺជាជីវិតដែលមានពេញទៅដោយទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ តាមរយៈទុក្ខលំបាកទាំងនោះ ព្រះជាម្ចាស់ទ្រទ្រង់យើងដោយប្រទានសេចក្ដីអំណរ ហើយព្រះអង្គធ្វើការនោះតាមរយៈព្រះបន្ទូល។
៦. ព្រះបន្ទូលការពារយើងពីសេចក្ដីខុសឆ្គងដែលនាំឲ្យមានការបំផ្លិចបំផ្លាញចោលទាំងស្រុង
«ទាល់តែយើងរាល់គ្នាបានរួបរួម ខាងឯសេចក្ដីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ…ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្ដីបង្រៀនបោក ហើយផាត់យើងចុះឡើង» (អេភេសូរ ៤:១៣-១៤)។
តើគ្រីស្ទបរិស័ទដែលមានជំនឿថ្មីអាចការពារខ្លួនពីការបក់បោកតាមរយៈគំនិតវប្បធម៌ និងទេវវិទ្យាបានដោយរបៀបណា? ចម្លើយ៖ «បានរួបរួម ខាងឯសេចក្ដីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ»—ចំណេះដឹងដែលពួកគាត់ទទួលបាន ដែលមិនមែនជាគំនិតរបស់មនុស្ស ប៉ុន្តែជាព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ។ យើងអាចរកឃើញបានចំណេះដឹងនោះតែក្នុងមួយកន្លែងប៉ុណ្ណោះ៖ គឺក្នុងព្រះបន្ទូល។
៧. ព្រះបន្ទូលគឺជាសេចក្ដីសង្ឃឹមនៃស្ថានសួគ៌
តាមរយៈចំណុចនេះ អ្វីដែលខ្ញុំចង់ផ្ដល់អត្ថន័យគឺថា ការយល់ដឹងដ៏ពេញលេញ ការមានអំណរយ៉ាងពេញលេញជាមួយនឹងសេចក្ដីពិតនៃព្រះបន្ទូល គឺថាយើងអាចទទួលបានបទពិសោធន៍នេះនៅតែឯស្ថានសួគ៌ប៉ុណ្ណោះ។
«ឥឡូវនេះ ខ្ញុំស្គាល់មិនទាន់អស់ តែនៅវេលានោះ ខ្ញុំនឹងស្គាល់វិញ ដូចជាព្រះទ្រង់ស្គាល់ខ្ញុំដែរ» (១កូរិនថូស ១៣:១២)។
ចំណេះដឹងអំពីព្រះជាម្ចាស់—គ្រប់ចំណុចទាំងអស់ដែលមនុស្សយើងអាចយល់បានយ៉ាងត្រឹមត្រូវ និងមានអំណរជាមួយ—គឺថា ព្រះអង្គនឹងមិនលាក់ពីយើងអស់កល្បជានិច្ចទេ។ ព្រះអង្គនឹងដកចេញនូវការខកចិត្តរបស់យើងសព្វថ្ងៃនេះ ទាក់ទងនឹងដែនកំណត់នៃការយល់ដឹង និងការមានអំណរជាមិនខាន។ នេះគឺពិតជាស័ក្តិសមមែន ព្រោះយើងកំពុងតែកើនចំណេះដឹងជាមួយនឹងអ្វីដែលជាអំណរចុងក្រោយរបស់យើងនៅគ្រាចុងក្រោយ។
៨. មានអ្នកខ្លះនឹងបដិសេធព្រះបន្ទូល
«ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនឹងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត» (២ធីម៉ូថេ ៤:៣)។
និយាយម្យ៉ាងវិញទៀត យើងត្រូវតែស្គាល់ព្រះបន្ទូល ដើម្បីកុំឲ្យយើងភ្លេចខ្លួន ហើយបាត់បង់លំនឹងតុល្យភាព ឬក៏ឲ្យគ្រូខុសឆ្គងមកនាំយើងឲ្យវង្វេង។ យើងត្រូវតែទទួលព្រះបន្ទូលជាប្រចាំ ដើម្បីឲ្យបានត្រៀមខ្លួនជាស្រេចក្នុងការជួបអស់អ្នកដែលបដិសេធមិនទទួលព្រះបន្ទូល។
៩. ព្រះជាម្ចាស់សព្វព្រះហឫទ័យជាមួយនឹងការកាត់ស្រាយព្រះបន្ទូលយ៉ាងត្រឹមត្រូវ
«ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ» (២ធីម៉ូថេ ២:១៥)។
វាគឺជារឿងដ៏មានតម្លៃណាស់ ក្នុងការទទួលបានការងារដ៏សំខាន់ ហើយបន្ទាប់មកឃើញថាចៅហ្វាយរបស់យើងក៏សព្វព្រះហឫទ័យជាមួយនឹងអ្វីដែលព្រះអង្គបានប្រាប់ឲ្យយើងធ្វើដែរ។ ព្រះអង្គបានបង្គាប់យើង ក្នុងកម្រិតណាមួយ ទាក់ទងនឹងការកាត់ស្រាយព្រះបន្ទូលរបស់ទ្រង់។ ហើយនេះគឺជាឱកាសដ៏អស្ចារ្យមែនក្នុងការផ្គាប់ព្រះហឫទ័យដល់ព្រះអម្ចាស់។
១០. ព្រះបន្ទូលប្រទាន និងទ្រទ្រង់ជីវិត
«មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ
គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ» (ម៉ាថាយ ៤:៤)។
ជីវិតខាងឯវិញ្ញាណ—ជីវិតដ៏អស់កល្បជានិច្ច—ក៏ដូចគ្នានឹងជីវិតខាងឯសាច់ឈាមដែរ គឺត្រូវទទួលទាន មិនមែនតាមរយៈនំប៉័ងទេ ប៉ុន្តែគឺតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ។ ប្រសិនបើលោកអ្នកគិតថា ការទទួលបានជីវិតអស់កល្បជានិច្ច ប្រៀបដូចជាការទទួលវ៉ាក់សាំងប្រឆាំងនឹងស្ថាននរក ដែលមិនត្រូវការទទួលទាន នោះមានន័យថាលោកអ្នកមិនស្គាល់ថា ជីវិតខាងឯវិញ្ញាណមានលក្ខណៈយ៉ាងដូចម្ដេចទេ។
សរុបសេចក្ដីទៅ ទាំងនេះគឺជាមូលហេតុ១០យ៉ាង ដែលអ្នកជឿថ្មីត្រូវតែប្ដេជ្ញាចិត្តឲ្យអស់ពីកម្លាំង—ឲ្យអស់ពីកម្លាំងដែលព្រះជាម្ចាស់បានប្រទានដល់គាត់—ក្នុងការធ្វើឲ្យការអាន ការសញ្ជឹងគិត ការយល់ដឹង និងការទន្ទេញព្រះបន្ទូលឲ្យចាំមាត់ក្លាយជាចំណុចដ៏សំខាន់ ដែលមិនអាចខកខានបាន នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ។
មតិយោបល់
Loading…