in

ដើម្បី​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង

…ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​យើង ទុក​ជា​តង្វាយ និង​ជា​យញ្ញ​បូជា​ដ៏​មាន​ក្លិន​ក្រអូប​ចំពោះ​ព្រះ។
(អេភេសូរ ៥:២ គកស)

ការ​សុគត​របស់​ព្រះ​គ្រីស្ទ​មិន​មែន​គ្រាន់​តែ​ជា​ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​តែប៉ុណ្ណោះ​នោះ​ទេ (យ៉ូហាន ៣:១៦) ប៉ុន្តែ​ជា​ការ​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ខ្ពស់​បំផុត​របស់​ព្រះ​គ្រីស្ទ​ផ្ទាល់​ទៅ​ចំពោះ​អស់​អ្នក​ណា​ដែល​ទទួល​សេចក្ដី​ស្រឡាញ់​នោះ​ទុក​ដូច​ជា​ទ្រព្យ​របស់​ខ្លួន។ គ្រីស្ទបរិស័ទ​ដំបូង​គេ​ដែល​បាន​ទទួល​ការ​បៀតបៀន​ខ្លាំង ពួកគេ​មាន​ចិត្ត​ឆេះ​ឆួល​នឹង​សេចក្តី​ពិត​នេះ​ថាព្រះ​គ្រីស្ទ «ស្រឡាញ់​ខ្ញុំ ក៏បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ» (កាឡាទី ២:២០)។ ពួក​គេ​បាន​ចាត់​ទុក​ការ​ថ្វាយ​ខ្លួន​ជា​យញ្ញ​បូជា​របស់​ព្រះ​គ្រីស្ទ​ថា​ជា​រឿង​សំខាន់​បំផុត​ចំពោះ​ពួក​គេ​ផ្ទាល់។ ពួក​គេ​បាន​និយាយ​ទៀត​ថា «ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ»។

ពិត​ប្រាកដ​ណាស់ នេះ​គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​យើង​គួរតែ​យល់​ពី​ការ​រងទុក្ខ និង​ការ​សុគត​របស់​ព្រះ​គ្រីស្ទ ព្រោះ​ការ​ទាំង​នោះ​ទាក់​ទង​ជា​មួយនឹង​ខ្ញុំ ហើយ​ក៏​ដោយ​សារ​ទ្រង់​ស្រឡាញ់​ខ្ញុំ​ផ្ទាល់​តែ​ម្ដង។ ខ្ញុំ​បាន​ដាច់​ចេញ​ពី​ព្រះ ដោយសារ​តែ​អំពើ​បាប​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​នោះ មិនមែន​ដោយសារ​អំពើ​បាប​ទូទៅ​ដែល​ជាប់​មាន​ក្នុង​ខ្ញុំ​នោះ​ទេ។ ហើយ​ដោយ​សារ​តែ​ចិត្ត​រឹងរូស និង​ភាព​ស្ពឹក​ស្រពន់​ខាង​ឯ​វិញ្ញាណ​របស់​ខ្ញុំ​នោះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​ព្រះ​គ្រីស្ទ​បាត់​បង់​ភាព​ថ្លៃថ្នូរ។ ខ្ញុំ​បាន​វង្វេង ហើយ​កំពុង​តែ​វិនាស។ បើ​និយាយ​ពី​សេចក្ដី​សង្គ្រោះ​វិញ នោះ​ខ្ញុំ​មិន​មាន​អ្វី​ដែល​អាច​បង្ហាញ​ថា ខ្ញុំ​ជា​មនុស្ស​សុចរិត​នោះ​ទេ។ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​នោះ គឺ​ទទូច​សុំ​ក្តីមេត្តាករុណា​ពីព្រះ​ជាម្ចាស់។

…ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​
អង្គ​ទ្រង់​សម្រាប់​ក្រុម​ជំនុំ​ដែរ។
(អេភេសូរ ៥:២៥ គកស)

បន្ទាប​់​ពី​ខ្ញុំ​បាន​ទទូច​សូម​ក្ដី​មេត្តាករុណា​ពី​ព្រះ​ជាម្ចាស់ ខ្ញុំ​ក៏​យល់​អំពី​ការ​រងទុក្ខ និង​ការ​សុគត​របស់​ព្រះ​គ្រីស្ទ។ តើ​ទ្រង់​រងទុក្ខ ហើយ​សុគត​ដើម្បី​អ្នក​ណា? ព្រះ​គម្ពីរ​បាន​ចែង​ថា «…ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​ក្រុម​ជំនុំ​ដែរ» (អេភេសូរ ៥:២៥ គកស)។ «គ្មាន​នរណា​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ជាង​អ្នក​ដែល​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​នោះ​ឡើយ» (យ៉ូហាន ១៥:១៣ គខប)។ «កូន​មនុស្ស​ក៏​ដូច្នោះ​ដែរ លោក​បាន​មក​មិន​មែន​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​លោក​មក​បម្រើ​គេ​វិញ ព្រម​ទាំង​ប្រគល់​ជីវិត​លោក​ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន​ផង» (ម៉ាថាយ ២០:២៨ គកស)។

ហើយ​ខ្ញុំ​ក៏​សួរ​ទៀត​ថា តើ​ខ្ញុំ​នៅ​ក្នុង​ចំណោម «មនុស្ស​ជា​ច្រើន» នោះ​ដែរ​ឬ​ទេ? តើ​ខ្ញុំ​អាច​ធ្វើ​ជា​មិត្ត​ម្នាក់​ក្នុង​ចំណោម «មិត្ត​ដទៃទៀត» របស់​ទ្រង់​បាន​ដែរ​ឬ​ទេ? តើ​ខ្ញុំ​អាច​ធ្វើ​ជា​សមាជិក «ក្រុម​ជំនុំ» នោះ​បាន​ដែរ​ឬ​ទេ? ហើយ​ខ្ញុំ​ក៏​បាន​ឮ​ចម្លើយ​ថា «…ចូរ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង» (កិច្ចការ ១៦:៣១)។ «ដ្បិត​អស់​អ្នក​ដែល​អំពាវនាវ​រក​ព្រះ​នាម​ព្រះ​អម្ចាស់ អ្នកនោះ​នឹង​បាន​សង្គ្រោះ» (រ៉ូម ១០:១៣ គកស)។ «…អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​អង្គ នឹង​ទទួល​ការ​លើក​លែង​ទោស​ឲ្យ​រួច​ពី​បាប ដោយ​សារ​ព្រះ​នាម​ព្រះ​អង្គ» (កិច្ចការ ១០:៤៣ គខប)។ «…អស់​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​នាម​ព្រះ​អង្គ ព្រះ​អង្គ​ប្រទាន​អំណាច​ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ» (យ៉ូហាន ១:១២ គកស)។ «…អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ» (យ៉ូហាន ៣:១៦)។

ព្រះ​ជាម្ចាស់​បាន​រំជួល​ចិត្ត​របស់​ខ្ញុំ​ឲ្យ​ឱប​ក្រសោប​ភាព​ល្អ​ស្រស់​ស្អាត និង​រង្វាន់​របស់​ព្រះ​គ្រីស្ទ​ទុក​ជា​សម្បត្តិ​របស់​ខ្ញុំ​ផង​ដែរ។ នៅ​ពេល​នោះ សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ​គ្រីស្ទ​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ដ​របស់​ខ្ញុំ នោះ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ដឹង​យ៉ាង​ច្បាស់​ថា ព្រះ​គ្រីស្ទ​ពិត​ជា​ស្រឡាញ់​ខ្ញុំ​មែន។ ដូច្នេះ​ហើយ ខ្ញុំ​ក៏​និយាយ​ដូច​គ្រីស្ទបរិស័ទ​ជំនាន់​ដំបូង​ថា «ទ្រង់​ស្រឡាញ់​ខ្ញុំ ហើយ​ទ្រង់​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ផង»។

…ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ។
(កាឡាទី ២:២០)

តើ​ខ្ញុំ​ចង់​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? ខ្ញុំ​ចង់​មាន​ន័យ​ថា ព្រះ​គ្រីស្ទ​បាន​បង់​ថ្លៃ​ក្នុង​តម្លៃ​មួយ​ដ៏​ខ្ពស់​បំផុត គឺ​ដើម្បី​ប្រទាន​អំណោយ​ដ៏​មាន​តម្លៃ​បំផុត​ដល់​ខ្ញុំ។ ចុះ តើ​អំណោយ​នោះ​ជា​អ្វី​ដែរ​ទៅ? សេចក្ដី​ដែល​ទ្រង់​បាន​អធិស្ឋាន​ឲ្យ​យើង​មុន​ទ្រង់​សុគត គឺ​ជា​អំណោយ «ឱ​ព្រះ​វរបិតា​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​ទូលបង្គំ​ចង់​ឲ្យ​គេ​នៅ​ជា​មួយនឹង​ទូលបង្គំ ក្នុង​កន្លែង​ដែល​ទូលបង្គំ​នៅ​ដែរ ដើម្បី​ឲ្យ​បាន​ឃើញ​សិរីល្អ ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ ដ្បិត​ទ្រង់​បាន​ស្រឡាញ់​ទូលបង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ៍​រៀង​មក» (យ៉ូហាន ១៧:២៤)។ នៅ​ក្នុង​ការ​រងទុក្ខ និង​ការ​សុគត​របស់​ទ្រង់ «…យើង​បាន​ឃើញ​សិរីល្អ​របស់​ព្រះ​អង្គ គឺ​ជា​សិរីល្អ​នៃ​ព្រះ​រាជបុត្រា​តែ​មួយ ដែល​មក​ពី​ព្រះ​វរបិតា មាន​ពេញ​ដោយ​ព្រះ​គុណ និង​សេចក្ដី​ពិត» (យ៉ូហាន ១:១៤ គកស)។ ឥឡូវ​យើង​បាន​ឃើញ​សិរីល្អ​របស់​ទ្រង់​គ្រប់​គ្រាន់​ហើយ ដែល​ការ​នោះ​គួរ​តែ​បាន​ជំរុញ​យើង​ឲ្យ​កាន់​តែ​ស្រឡាញ់ និង​បម្រើ​ទ្រង់​ថែម​ទៀត។ ប៉ុន្តែ​សិរីល្អ​របស់​ទ្រង់​មិន​មែន​មាន​ត្រឹម​នេះ​នោះ​ទេ យើង​នឹង​ឃើញ​កាន់​តែ​ច្បាស់​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត។ ទ្រង់​សុគត​ដើម្បី​ឲ្យ​យើង​អាច​មាន​ចំណែក​ក្នុង​សិរីល្អ​របស់​ទ្រង់។ នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ចំពោះ​យើង។

ដកស្រង់ចេញពីសៀវភៅ «ហេតុផលហាសិបដែលព្រះគ្រីស្ទយាងមកសុគត» និពន្ធដោយ៖ លោកគ្រូ ចន ផាភ័រ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការ​អ​ធិប្បា​យ​

ដក​កំហុស