ព្រះគម្ពីរបានផ្ដល់យោបល់ពីរយ៉ាងដល់យើងដែលជាអ្នកជឿលើព្រះយេស៊ូវ៖ ទីមួយ ទាក់ទងនឹងភាពបរិសុទ្ធ ហើយទីពីរ ទាក់ទងនឹងការបង្គាប់ឲ្យយើងផ្សាយដំណឹងល្អ។
ភាពបរិសុទ្ធ
ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យមានភាពបរិសុទ្ធនៅក្នុងជីវិតរស់នៅរបស់យើង។ យើងត្រូវតែការពារចិត្តគំនិត និងផ្លូវនៃជីវិតរបស់យើង។ សូមប្រយ័ត្ន៖ គ្រោះថ្នាក់មួយនៃការសេពគប់មិត្តជាមួយអ្នកមិនជឿលើព្រះយេស៊ូវ គឺត្រង់ថា ពួកគេអាចនឹងអូសទាញយើងឲ្យធ្លាក់ក្នុងអំពើបាប។ ពួកគេទំនងជាអាចនឹងអូសទាញគ្រីស្ទបរិស័ទឲ្យធ្លាក់ចុះខាងផ្នែកសីលធម៌ ការគិតគូរ និងខាងឯព្រលឹងវិញ្ញាណ។
កណ្ឌគម្ពីរ ១កូរិនថូស ១៥:៣៣ បានលើកឡើងថា «ការសេពគប់មនុស្សអាក្រក់បំផ្លាញកិរិយាល្អ» (គគខ)។ តាមរយៈការចំណាយពេលវេលាជាមួយអ្នកមិនស្រឡាញ់ព្រះយេស៊ូវ ឬក៏មិនគោរពកោតខ្លាចដល់ព្រះអម្ចាស់ នោះអាចនឹងមានផលអាក្រក់ចំពោះសីលធម៌របស់យើង នាំឲ្យមានបញ្ហាដល់របៀបគិតគូររបស់យើង និងអាចនាំឲ្យមានគ្រោះថ្នាក់ដល់ខាងព្រលឹងវិញ្ញាណរបស់យើងផងដែរ។
អ្វីដែលយើងខ្ញុំបានលើកឡើងខាងលើនេះមិនមែនជាការហាមប្រាម មិនឲ្យគ្រីស្ទបរិស័ទមានមិត្តភក្តិដែលជាអ្នកមិនជឿលើព្រះយេស៊ូវនោះទេ ប៉ុន្តែគ្រាន់តែជាការដាស់តឿនប៉ុណ្ណោះ។ នៅក្នុងទំនាក់ទំនងរបស់យើងជាមួយអ្នកមិនជឿ ចូរយើងចេះការពារចិត្តគំនិតរបស់យើង និងអ្វីៗដែលយើងស្រឡាញ់។
ការផ្សាយដំណឹងល្អ
ខណៈពេលដែលយើងត្រូវមានភាពបរិសុទ្ធ យើងក៏ត្រូវចងចាំថា ព្រះជាម្ចាស់ក៏បានបង្គាប់ឲ្យយើងផ្សាយដំណឹងល្អផងដែរ។ ព្រះជាម្ចាស់បានប្រទានមហាបេសកកម្មដល់យើង ហើយយើងត្រូវតែឆ្លើយតបដោយដឹងថា យើងត្រូវតែចេញទៅគ្រប់ទិសទីនៃផែនដី ដើម្បីនឹងនាំអ្នកដែលមិនជឿឲ្យជឿលើព្រះយេស៊ូវ។ វិធីដ៏មានប្រសិទ្ធភាពមួយក្នុងការផ្សាយដំណឹងល្អនោះគឺ តាមរយៈការដែលយើងមានមិត្តភាពជាមួយអ្នកដែលមិនជឿលើព្រះយេស៊ូវ។
នៅពេលដែលយើងបង្កើតមិត្តភាពជាមួយអ្នកដែលមិនជឿលើព្រះគ្រីស្ទ គឺយើងមានឱកាសប្រាប់គាត់អំពីដំណឹងល្អ។ ប៉ុន្តែ យើងមិនគួរបង្កើតមិត្តភាពបែបនេះដោយមិនមានការយកចិត្តទុកដាក់នោះទេ ហើយយើងក៏មិនគួរមានមិត្តភាពបែបនេះដោយមានទំនាក់ទំនងសើៗនោះដែរ។ យើងត្រូវមានសេចក្ដីស្រឡាញ់ជាមូលដ្ឋានពិតចំពោះបុគ្គលទាំងនោះ ត្រូវមានការចាប់អារម្មណ៍ និងការស្រឡាញ់ពិតចំពោះពួកគេ ពោលគឺយើងត្រូវតែមានការយកចិត្តទុកដាក់ប្រាកដប្រជាចំពោះប្រយោជន៍របស់ពួកគេ។ ម៉្យាងវិញទៀតអាចនិយាយបានថាយើងត្រូវតែមានមិត្តភាពដែលមានទំនាក់ទំនងពិតប្រាកដជាមួយពួកគេ ជាទំនាក់ទំនងដែលមិនមែនគ្រាន់តែជាការសម្ដែងឡើយ។
គោលបំណងនៃការមានមិត្តភាពបែបនេះគឺ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ គឺយើងចង់ឲ្យពួកគេទទួលបាននូវអ្វីដែលល្អបំផុតសម្រាប់ពួកគេ ហេតុដូច្នេះហើយបានជាយើងត្រូវតែប្រាប់ពួកគេអំពីដំណឹងល្អ។ ការដាស់តឿនរបស់ខ្ញុំអំពីការមានមិត្តភក្តិបែបនេះគឺ យើងត្រូវតែប្រកាសដំណឹងល្អដល់ពួកគេ ព្រោះបើមិនដូច្នោះទេ លោកអ្នកនឹងបាត់បង់ឱកាសជាមិនខាន។ លោកអ្នកត្រូវតែចេះសួរសំណួរ ដែលលើសពីរឿងរ៉ាវនៅលើផែនដីនេះ ពោលគឺត្រូវសួរអំពីរឿងដែលទាក់ទងនឹងភាពអស់កល្បជានិច្ច។
ដូច្នេះ តើគ្រីស្ទបរិស័ទគួរមានទំនាក់ទំនងជាមួយអ្នកដែលមិនជឿលើព្រះយេស៊ូវដែរឬទេ? ប្រាកដជាបាន ប្រសិនបើពួកគេប្រើទំនាក់ទំនងនោះ ដើម្បីផ្សាយដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
មតិយោបល់
Loading…