in ,

តើ​មាន​ន័យ​ដូច​ម្តេច​ដែល​ថា​ព្រះជាម្ចាស់​ស្អប់ លោក អេសាវ (ម៉ាឡាគី ១)

[១] នេះ​ជា​ព្រះ​បន្ទូល​យ៉ាង​ធ្ងន់​នៃ​ព្រះ​យេហូវ៉ា​ដល់​អ៊‌ីស្រាអែល ដោយ​សារ​ម៉ាឡាគី។[២] ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា «អញ​បាន​ស្រឡាញ់​ឯង​រាល់​គ្នា»។ ប៉ុន្តែ​ឯង​រាល់​គ្នា​ថា «ទ្រង់​មិន​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ឯ​ណា?» ព្រះ​យេហូវ៉ា​ទ្រង់​តប​ថា «ឯ​អេសាវ តើ​មិន​មែន​ជា​បង​របស់​យ៉ាកុប​ទេ​ឬ​អី? ទោះ​បើ​យ៉ាង​នោះ គង់​តែ​អញ​បាន​ស្រឡាញ់​យ៉ាកុប»។[៣] តែ​ចំណែក​អេសាវ​នោះ អញ​បាន​ស្អប់​វិញ ហើយ​បាន​ធ្វើ​ឲ្យ​ស្រុក​ភ្នំ​របស់​គេ​បាន​ស្ងាត់​ច្រៀប ក៏​ឲ្យ​មរដក​របស់​គេ​ដល់​ពួក​ស្វាន​នៅ​ទី​រហោ​ស្ថាន [៤] ហើយ​ទោះ​បើ​ពួក​អេដុំ គេ​ពោល​ថា «យើង​ត្រូវ​បំផ្លាញ​ហើយ តែ​យើង​នឹង​វិល​ទៅ​សង់​កន្លែង​ខូច​បង់​ឡើង​វិញ» គង់​តែ​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា «គេ​នឹង​សង់​ឡើង​វិញ តែ​អញ​នឹង​រំលំ​ចុះ​ទៀត នោះ​មនុស្ស​នឹង​ហៅ​គេ​ថា “ជា​ព្រំ​ស្រុក​នៃ​សេចក្ដី​អាក្រក់” ហើយ​ថា “ជា​សាសន៍​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​គ្នាន់​ក្នាញ់​ចំពោះ​គេ​ជា​ដរាប។”» [៥] ភ្នែក​ឯង​រាល់​គ្នា​នឹង​ឃើញ​ដែរ ហើយ​ឯង​នឹង​ពោល​ថា «សូម​ឲ្យ​ព្រះ​យេហូវ៉ា​បាន​តម្កើង​ឡើង ក្រៅ​ពី​ព្រំ​ស្រុក​អ៊‌ីស្រាអែល​ទៅ​ទៀត» (ម៉ាឡាគី ១:១-៥)។

ភាព​ជា​អ្នក​និពន្ធ​របស់​ព្រះ​អម្ចាស់
ខ​ទី​មួយ​នៃ​កណ្ឌ​គម្ពីរ​នេះ បាន​ផ្តល់​ព័ត៌មាន​លើស​អំពី​អ្នក​និពន្ធ​ដែល​ជា​មនុស្ស។ ពាក្យ​នីមួយៗ​គាំ​ទ្រ​អំណាច និង​ព្រះ​បន្ទូល​ដើម​របស់​ព្រះ​អម្ចាស់​នៅ​ក្នុង​ព្រះ​រាជ​សារ​ទាំង​មូល។ ពាក្យ​ដែល​បក​ប្រែ​ថា «នេះ​ជា​ព្រះ​បន្ទូល» ជា​ញឹក​ញាប់​ច្រើន​តែ​ជា​ពាក្យ​ដែល​ពួក​ហោរា​បាន​ទាយ​ទុក​ជា​មុន (ឧទាហរណ៍៖ អេសាយ ១៣:១; ១៥:១; ១៧:១) ហើយ​មាន​ន័យ​ត្រង់​ថា «យ៉ាង​ធ្ងន់ / បន្ទុក» (ជនគណនា ៤:៤៧; ១១:១១) គឺ​ជា​ពាក្យ​ដែល​បង្ហាញ​អំពី​ភាព​បន្ទាន់។ ពាក្យ​ថា «បន្ទុក» នេះ ត្រូវ​បាន​កំណត់​អត្ថ​ន័យ​លើស​ពី​នេះ​ទៅ​ទៀត ព្រោះ​វា​ជា​ពាក្យ «នៃ​ព្រះ​បន្ទូល​យ៉ាង​ធ្ងន់​នៃ​ព្រះ​យេហូវ៉ា» (សូម​អាន​បន្ថែម ២ពេត្រុស ១:២១) ដែល​មនុស្ស​ដែល​អ្នក​នាំ​សារ​របស់​ទ្រង់​បាន​ទាយ​ទុក​ជា​មុន។ ព្រះ​បន្ទូល​នេះ​គឺ​ជា​ការ​ប្រកាស​ពេញ​ទៅ​ដោយ​អំណាច​របស់​ព្រះ​មហា​ក្សត្រ ដែល​មាន​ប្រសិទ្ធ​ភាព​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ ដើម្បី​រៀប​ចំ​ព្រឹត្តិ​ការណ៍​ទាំង​អស់ ឲ្យ​ស្រប​ទៅ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ (អេសាយ ៥៥:១១; យេរេមា ១:៩-១០; ២៣:២៩)។ ព្រះ​បន្ទូល​នេះ​ត្រូវ​បាន​គេ​ប្រកាស​ទៅ​កាន់​សាសន៍​អ៊‌ីស្រាអែល​ទាំង​មូល ទោះ​បី​ជា​នៅ​ជំនាន់​ហោរា ម៉ាឡាគី នៅ​សល់​តែ​សហគមន៍​នៃ​សាសន៍​យូដា​តែ​មួយ​ប៉ុណ្ណោះ​ក៏​ដោយ។ សហគមន៍​ក្រោយ​សម័យ​និរទេស គឺ​ជា​សហគមន៍​ដែល​នឹង​ទទួល​មរតក​ពី​ព្រះ​អម្ចាស់ ដូច​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​នឹង​សាសន៍​អ៊‌ីស្រាអែល​ទាំង​អស់។

ព្រះ​បន្ទូល​ដំបូង​ដែល​ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​តាមរយៈ​ហោរា ម៉ាឡាគី មិន​បាន​បង្ហាញ​អំពី​អំពើ​បាប​របស់​សាសន៍​អ៊‌ីស្រាអែល​នៅ​ឡើយ​ទេ (មិន​ដូច​នៅ​ក្នុង​កណ្ឌ​គម្ពីរ អេសាយ ១:២-៣; យេរេមា ២: ១-៣; អេសេគាល ២: ៣-៤) ប៉ុន្តែ​គឺ​ជា​ការ​ប្រកាស​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ចំពោះ​ពួក​គេ​វិញ។ ពាក្យ «ស្រឡាញ់» នេះ​បង្ហាញ​ទាំង​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ និង​ភាព​ស្មោះ​ត្រង់​ក្នុង​គ្រប់​ប្រភេទ​នៃ​ទំនាក់​ទំនង​របស់​មនុស្ស​លោក (មាន​ដូច​ជា៖ ទំនាក់​ទំនង​អាពាហ៍ពិពាហ៍, លោកុប្បត្ដិ ២៤:៦៧; ទំនាក់​ទំនង​ឪពុក​ម្តាយ និង​កូន, លោកុប្បត្ដិ ២៥:២៨; ទំនាក់​ទំនង​មិត្តភក្ដិ​ជិត​ស្និទ្ធ, ១សាំយ៉ូអែល ២០:១៧)។ ទំនាក់​ទំនង​នេះ​ក៏​បាន​រម្លឹក​អំពី​សេចក្តី​សន្យា​របស់​ព្រះ​អម្ចាស់​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​អង្គ​ចំពោះ​សាសន៍​អ៊‌ីស្រាអែល នៅ​ក្នុង​កណ្ឌ​គម្ពីរ​បញ្ច​កណ្ឌ​ថា ព្រះ​អង្គ​បាន​ស្រឡាញ់​សាសន៍​អ៊‌ីស្រាអែល​តាំង​ពី​ជំនាន់​ដំបូង​បង្អស់​មក​ម៉្លេះ ហើយ​ទ្រង់​បាន​ជ្រើស​រើស​ពួក​គេ (ចោទិយកថា ៤:៣៧; ១០:១៥) ដោយ​ទ្រង់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​តាម​រយៈ​ការ​ប្រទាន​ពរ និង​ចម្រើន​ពួក​គេ​ឲ្យ​មាន​គ្នា​កាន់​តែ​ច្រើន​ឡើងៗ (ចោទិយកថា ៧:១៣)។ សេចក្ដី​ស្រឡាញ់​នេះ មាន​អធិបតេយ្យ​ភាព និង​ឥត​លក្ខខណ្ឌ ដែល​កើត​មាន​ដោយ​គ្មាន​ហេតុ​ផល​អ្វី​ក្រៅ​ពី​លក្ខណសម្បត្តិ​នៃ​សេចក្ដី​ស្រឡាញ់ និង​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​អម្ចាស់​ឡើយ។ ទម្រង់​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​កិរិយា​សព្ទ (perfect form of the verb) ដែល​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អម្ចាស់ គឺ​ជា​ទង្វើ​ពេញ​លេញ​ទាំង​ស្រុង។ ព្រះ​ជាម្ចាស់​បាន​ចាប់​ផ្ដើម​កណ្ឌ​គម្ពីរ​នៃ​ជម្លោះ​នេះ ដោយ​ប្រកាស​អំពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែល​នៅ​ស្ថិត​ស្ថេរ និង​មិន​ចេះ​ប្រែប្រួល​ចំពោះ​ប្រជា​រាស្ដ្រ​ទ្រង់។

ពាក្យ​ដែល​បក​ប្រែ​ថា «ឯ​ណា» ពេល​ខ្លះ​សំដៅ​ទៅ​លើ​ភស្តុតាង​ខាង​ក្រៅ​ដែល​សកម្មភាព​ខ្លះ​បាន​កើត​ឡើង​រួច​ហើយ ឬ​ដែល​នឹង​កើត​ឡើង (លោកុប្បត្ដិ ១៥:៨; និក្ខមនំ ៣៣:១៦)។ អ្នក​អាន​កណ្ឌ​គម្ពីរ ម៉ាឡាគី មើល​មិន​ឃើញ​អំពី​ភស្តុតាង​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អម្ចាស់​ដែល​មាន​ចំពោះ​ពួកគេ​ទេ។ ពួក​គេ​មាន​អារម្មណ៍​ថា មិន​បាន​ទទួល​សេចក្តី​ស្រឡាញ់​សោះ​ឡើយ—ហើយ​ដូច​ដែល​យើង​នឹង​ឃើញ អារម្មណ៍​នេះ​មិន​មែន​មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ទេ។ ប៉ុន្តែ​ហោរា ម៉ាឡាគី បាន​បង្ហាញ​ការ​សង្ស័យ​ដែល​មិន​ត្រឹម​ត្រូវ​បំផុត​របស់​ពួក​គេ​អំពី​ព្រះ​អម្ចាស់ ដើម្បី​បង្វែរ​ការ​សង្ស័យ​ទាំង​នោះ​វិញ។

សេចក្តី​ស្រ​ឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល និង​មិន​សម​នឹង​ទទួល​បាន
ហោរា ម៉ាឡាគី ប្រឈម​នឹង​ការ​ទាម​ទារ​របស់​ប្រជាជន​ដែល​ថា ពួក​គេ​មិន​ទទួល​បាន​សេចក្ដី​ស្រឡាញ់ ដោយ​ការ​នាំ​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​រក​ការ​ចាប់​ផ្ដើម​នៃ​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។ ទោះ​បី​ជា​រឿង​របស់​លោក យ៉ាកុប និង​លោក អេសាវ មាន​ភាព​ស្មុគ​ស្មាញ​ក៏​ដោយ (លោកុប្បត្ដិ ២៥-៣៦) ហើយ​លោក អេសាវ ហាក់​បី​ដូច​ជា​អសកម្ម​ខាង​ឯ​វិញ្ញាណ​ក្នុង​ឱកាស​មួយ​ចំនួន​ក៏​ដោយ (២៥:២៩-៣៤; ២៦:៣៤-៣៥; ២៨:៦-៩) ក៏​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​បាន​បង្ហាញ​ថា ការ​ពេញ​ចិត្ត​របស់​ព្រះ​អម្ចាស់​បាន​មាន​មក​លើ​លោក យ៉ាកុប មុន​ពេល​ដែល​ក្មេង​ប្រុស​ទាំង​ពីរ​នាក់​បាន​កើត​មក​ទៅ​ទៀត (២៥:២៣; សូម​អាន​បន្ថែម រ៉ូម ៩:១០-១៣)។ ទោះ​បី​ជា​ស្ថាន​ភាព​ដំបូង​របស់​ពួក​គេ​ដូច​គ្នា ទោះ​បី​ជា​ភាគី​ទាំង​ពីរ​ដែល​គេ​កំពុង​តែ​សួរ​នាំ​ស្មើ​គ្នា​ក៏​ដោយ (ទាំង​ពីរ​ជា​បង​ប្អូន​ប្រុស) ក៏​ព្រះ​អម្ចាស់​បាន​កំណត់​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​លោក យ៉ាកុប មិន​មែន​ចំពោះ លោក អេសាវ ដោយ​គ្មាន​ហេតុ​ផល​ណា​មួយ​ឡើយ។ ដោយ​សារ​តែ​សេចក្តី​ស្រឡាញ់​នេះ​មិន​សម​នឹង​ឲ្យ​នរណា​ទទួល​បាន ហើយ​សេចក្តី​ស្រឡាញ់​នេះ​ក៏​មិន​ចេះ​ប្រែ​ប្រួល​ដែរ។ ព្រះ​អម្ចាស់​បាន​ស្រឡាញ់​ពួក​សាសន៍​អ៊‌ីស្រាអែល​តាំង​ពី​មុន​កំណើត​ដូនតា​របស់​ពួក​គេ​មក​ម៉្លេះ។ ទម្រង់​កិរិយា​ស័ព្ទ​មិន​ល្អ​ឥត​ខ្ចោះ (imperfect form of the verb) នៅ​ខាង​ចុង​ខ​នៃ​កណ្ឌ​គម្ពីរ ម៉ាឡាគី ១:២ បាន​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​អម្ចាស់​ដែល​មាន​បន្ត​ទៅ​ដល់​លោក យ៉ាកុប ខណៈ​ពេល​ដែល​កិរិយា​សព្ទ​ដ៏​ល្អ​ឥត​ខ្ចោះ (perfect verb) នៅ​ដើម​ខ​ទី​បី​បាន​បង្ហាញ​អំពី​សណ្ឋាន និង​ការ​ប្រឆាំង​ដែល​មិន​ផ្លាស់​ប្រែ​របស់​ទ្រង់​ដែល​មាន​ចំពោះ​លោក អេសាវ។

ដូច​ដែល​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​អម្ចាស់​បាន​បង្ហាញ​ទាំង​ការ​ស្រឡាញ់ និង​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់ ដូច្នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​បង្ហាញ​ថា ការ​ស្អប់ ការ​ខ្ពើម និង​ណាយ​ចិត្ត (ទំនុកតម្កើង ១១៩:១៦៣; សាស្ដា ២:១៨) ក៏​ដូច​ជា​ការ​បដិសេធ និង​ការ​ប្រឆាំង (ទំនុកតម្កើង ២៦:៥; អេសាយ ៦៦:៥ ប្រពន្ធ​ដែល​មិន​សូវ​ទទួល​បាន​នូវ​សេចក្តី​ស្រឡាញ់​គឺ​ជា​ប្រ​ពន្ធ​ដែល​ត្រូវ​បាន «ស្អប់» ចោទិយកថា ២១:១៥)។ ទោះ​បើ​សាសន៍​អ៊‌ីស្រាអែល​ប្រហែល​ជា​មិន​ឃើញ​ភស្តុតាង​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អម្ចាស់​ចំពោះ​ពួក​គេ​ឡើយ​ក៏​ដោយ ក៏​នៅ​មាន​ភស្តុតាង​ជា​ច្រើន​រួច​ទៅ​ហើយ​អំពី​ការ​ស្អប់​របស់​ព្រះ​អង្គ​ចំពោះ​សាសន៍​អេដំម ដោយ​សារ​តែ​ព្រះ​អម្ចាស់​បាន​ធ្វើ​ឲ្យ​ស្រុក​ភ្នំ​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ស្រុក​ដែល​ស្ងាត់​ជ្រងំ «ស្ងាត់​ច្រៀប»។ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ជា​ញឹក​ញាប់ «ភ្នំ» គឺ​ជា​និមិត្ត​សញ្ញា​នៃ​ភាព​សម្បូរ​រុងរឿង (ចោទិយកថា ៣៣:១៥; ទំនុកតម្កើង ៥០:១០; ៧២:៣) និង​ភាព​រឹង​មាំ និង​ស្ថេរ​ភាព (ទំនុកតម្កើង ៤៦:២; អេសាយ ៥៤:១០) ប៉ុន្តែ​ទិដ្ឋភាព​ដ៏​រឹង​មាំ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នេះ​នៃ​ស្រុក​អេដំម​ត្រូវ​ក្រៀម​ស្វិត​ទៅ​ហើយ ដូច្នេះ​គ្មាន​អ្វី​អាច​រីក​ដុះ​ឡើង​បាន​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត​សាសន៍​អេដំម​ត្រូវ​បាន​កាត់​ចេញ​ពី​មរតក​របស់​ខ្លួន (សូម​អាន​បន្ថែម ចោទិយកថា ៣២:៨-៩) ហើយ​ប្រគល់​ទៅ​ឲ្យ​អ្នក​រើស​សំរាម​វិញ។ ទិដ្ឋភាព​នៃ​សត្វ​ស្មោក​គ្រោក​ដែល​កំពុង​រស់​នៅ​ក្នុង​ទី​ក្រុង ឬ​ទឹក​ដី​ដែល​ធ្លាប់​មាន​មនុស្ស​រស់​នៅ​ត្រូវ​បាន​រក​ឃើញ​ថា ជា​លទ្ធ​ផល​នៃ​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​ជាម្ចាស់ (ទំនុកតម្កើង ៤៤:១៩; អេសាយ ១៣:២២; ៣៤:១៣; យេរេមា ៩:១១; ១០:២២; ៤៩:៣៣)។ រូប​ភាព​នេះ​មាន​អត្ថន័យ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​សម្រាប់​ជន​ជាតិ​អ៊‌ីស្រាអែល​ពី​សម័យ​មុន ហាក់​បី​ដូច​ជា​ថា​ស្រុក​អេដំម​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​អំណាច​ខាង​ឯ​វិញ្ញាណ​ងងឹត។

វា​ហាក់​បី​ដូច​ជា​ចម្លែក ឬ​ក៏​ហាក់​បី​ដូច​ជា​មាន​ការ​ប្រមាថ​ចំពោះ​ព្រះ​ជាម្ចាស់​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ប្រជា​ជាតិ​មួយ ដោយ​ការ​បំផ្លាញ​ប្រជា​ជាតិ​មួយ​ទៀត​ទាំង​មូល។ ប៉ុន្តែ ការ​ជាប់​ជា​ទាសករ​នៅ​ក្នុង​ស្រុក​បាប៊ីឡូន​ពិត​ជា​គួរ​ឲ្យ​តក់​ស្លុត និង​គួរ​ឲ្យ​រន្ធត់​ជា​ខ្លាំង និង​ជា​ការ​បំពាន​លើ​ប្រជា​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​ណាស់ ដែល​សាសន៍​អេដំម​មាន​អំណរ​ចំពោះ​ការ​វិនាស​របស់​សាសន៍​អ៊‌ីស្រាអែល (ទំនុកតម្កើង ១៣៧:៧) និង​ការ​កេង​ប្រវ័ញ្ច​លើ​ភាព​ងាយ​រង​គ្រោះ​របស់​សាសន៍​អ៊‌ីស្រាអែល ដើម្បី​ផល​ប្រយោជន៍​របស់​ខ្លួន (អេសេគាល ៣៥:១៥; អូបាឌា ១០)។ រឿង​នេះ​មាន​កត់​ត្រា​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ហោរា​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ទាំង​មូល​ថា ជា​កំហុស​ឆ្គង​យ៉ាង​ខ្លាំង (គឺ​វា​ស្រដៀង​គ្នា​ទៅ​នឹង​ការ​សប្បាយ​ចិត្ត​អំពី​ការ​រំលោភ​សមាជិក​ណា​ម្នាក់​នៅ​ក្នុង​គ្រួសារ)។ ការ​ជំនុំ​ជម្រះ​របស់​ព្រះ​អម្ចាស់​លើ​ស្រុក​អេដំម​អាច​នឹង​មិន​ត្រូវ​បាន​គេ​យល់​ថា ហួស​ហេតុ​ពេក​នោះ​ទេ។

ក្នុង​ការ​ធ្វើ​ឲ្យ​ប្រជា​រាស្ដ្រ​របស់​ព្រះ​អម្ចាស់​មាន​ការ​ជឿ​ជាក់​លើ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​ចំពោះ​ពួក​គេ នោះ​ព្រះ​អម្ចាស់​ក៏​បាន​រារាំង​ការ​ដែល​គេ​អាច​ជំទាស់​ដ៏​ខ្លាំង​ក្លា​នេះ។ ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​របស់​សាសន៍​យូដា​បាន​ធ្លាក់​ចុះ​នៅ​សម័យ​ហោរា ម៉ាឡាគី ជោគ​វាសនា​របស់​សាសន៍​អេដំម​មើល​ទៅ​ហាក់​បី​ដូច​ជា​កើន​ឡើង («យើង​នឹង​វិល​ទៅ​សង់​កន្លែង​ខូច​បង់​ឡើង​វិញ»)—ពួក​គេ​មាន​ការ​រំពឹង​ទុក​ថា នឹង​ងើប​ឡើង​វិញ​បាន ជា​ប្រជាជាតិ​មួយ។ ព្រះ​អម្ចាស់​មិន​ចាត់​ទុក​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​កសាង​ឡើង​វិញ ដូច​ជា​ការ​គិត​ដែល​ប្រាថ្នា​ចង់​បាន​ឡើយ ប៉ុន្តែ​ព្រះ​អង្គ​បាន​បង្ហាញ​នូវ​ការ​ស្អប់​ខ្ពើម​របស់​ទ្រង់​ចំពោះ​ស្រុក​អេដំម ដោយ​ការ​បំផ្លាញ​ការ​រីក​ចម្រើន​ណា​ដែល​ពួក​គេ​បាន​ធ្វើ​ជំនួស​វិញ។ ស្រុក​អេដំម​នឹង​ត្រូវ​បាន​គេ​ហៅ​ថា​ជា «ជា​ព្រំ​ស្រុក​នៃ​សេចក្ដី​អាក្រក់» ដែល​នេះ​មាន​ន័យ​ថា ព្រះ​ជាម្ចាស់​នឹង​បញ្ចប់​អំពើ​បាប​របស់​ពួក​គេ​ជា​សាធារណៈ ដែល​នេះ​ជា​វិធី​មួយ​ដែល​នឹង​គ្មាន​នរណា​ម្នាក់​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ព្រះ​អង្គ​ជំនុំ​ជម្រះ​សាសន៍​នេះ​នោះ​ទេ។

ផល​ប៉ះ​ពាល់​នៃ​អំពើ​បាប
ជោគ​វាសនា​ខាង​ឯ​វិញ្ញាណ​របស់​សាសន៍​អេដំម​ត្រូវ​បាន​ពណ៌នា​ជា​ពីរ​ប្រយោគ​ថា «ព្រំ​ស្រុក​នៃ​សេចក្ដី​អាក្រក់» (ន័យ​ត្រង់ «ប្រទេស​ដ៏​អាក្រក់») និង «ជា​សាសន៍​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​គ្នាន់​ក្នាញ់​ចំពោះ​គេ​ជា​ដរាប»។ ប្រយោគ​ទាំង​ពីរ​នេះ​ពណ៌នា​ទាំង​អំពី​ទឹក​ដី និង​មនុស្ស ទាំង​ហេតុ និង​ផល​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ដ៏​អស់​កល្ប​របស់​ព្រះ​ជាម្ចាស់។ ពាក្យ​ថា «សេចក្ដី​គ្នាន់​ក្នាញ់» មាន​ន័យ​ដូច​គ្នា​ទៅ​នឹង​ពាក្យ «[ការ] ដាក់​បណ្ដាសា» នៅ​ក្នុង​កណ្ឌ​គម្ពីរ ជនគណនា ២៣:៧ ហើយ​និង​ជា​មួយ​ពាក្យ «សេចក្ដី​ក្ដៅ​ក្រហាយ» របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​កណ្ឌ​គម្ពីរ ទំនុកតម្កើង ៦៩:២៤ និង​សាការី ១:១២។ សាសន៍​អេដំម​ស្ថិត​នៅ​ក្រោម​ព្រះ​ពិរោធ​ដ៏​យុត្តិ​ធម៌​របស់​ព្រះ​ជាម្ចាស់​ជា​រៀង​រហូត​ដោយ​សារ​អំពើ​បាប​របស់​ពួក​គេ។

ខ​ចុង​ក្រោយ​នៃ​បទ​គម្ពីរ​នេះ​បាន​បញ្ចប់​ការ​ពណ៌នា​ដែល​ព្រះ​ជាម្ចាស់​បាន​បង្ហាញ​អំពី​ការ​ស្អប់​របស់​ទ្រង់​ចំពោះ សាសន៍​អេដំម ដោយ​បែរ​ទៅ​រក​វិធី​ដែល​ទ្រង់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​សាសន៍​អ៊‌ីស្រាអែល។ ប្រហែល​ជា​គេ​អាច​រំពឹង​ថា ព្រះ​ជាម្ចាស់​នឹង​អះអាង​ដល់​សាសន៍​អ៊‌ីស្រាអែល (ផ្ទុយ​ទៅ​នឹង​សាសន៍​អេដំម) ថា ពួក​គេ​នឹង​ត្រូវ​បាន​ស្អាង​ឡើង ហើយ​នឹង​ចម្រើន​ឡើង ឬ​ថា​នឹង​មិន​មាន​អ្នក​ណា​មក​កេង​ប្រវ័ញ្ច​លើ​ពួក​គេ​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ ប្រជា​រាស្ដ្រ​របស់​ព្រះ​ជាម្ចាស់​ត្រូវ​បាន​លើក​តម្កើង​ព្រះ​របស់​ខ្លួន​ឲ្យ​លើស​ពី​អ្វីៗ​ទាំង​អស់។

ខ​គម្ពីរ​ដ៏​ខ្លី​នេះ​មាន​អត្ថន័យ​ដ៏​សាមញ្ញ​ដោយ​ឆបោក និង​ពិត​ជា​សំខាន់​យ៉ាង​ខ្លាំង។ ត្រង់​ថា​សាសន៍​អ៊‌ីស្រាអែល «នឹង​ឃើញ» បាន​ធ្វើ​ឲ្យ​ការ​សង្ស័យ​របស់​ពួក​គេ​បញ្ច្រាស​ពី​មុន ទាក់ទង​នឹង​សេចក្តី​ស្រ​ឡាញ់​របស់​ព្រះ​ជាម្ចាស់ នៅ​ពេល​ដែល​ពួក​គេ​បញ្ជាក់​ថា មិន​បាន​ឃើញ​ភស្តុតាង​នៃ​សេចក្តី​ស្រឡាញ់​នោះ (ខ២) ។ ឥឡូវ​នេះ ពួក​គេ​នឹង​និយាយ​អះ​អាង​ដែល​គួរ​ឲ្យ​ជឿ​ជាក់​បាន។ ប៉ុន្តែ ពាក្យ​សម្ដី​របស់​ពួក​គេ​ទាក់​ទង​ទៅ​នឹង​ព្រះ​ជាម្ចាស់ និង​សិរី​ល្អ​របស់​ទ្រង់​ទាំង​ស្រុង គឺ​មិន​មែន​សំដៅ​ទៅ​លើ​ខ្លួន​ឯង​ទេ។ ភាព​អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់​តែង​តែ​ត្រូវ​បាន​មើល​ឃើញ​ជា​ញឹក​ញាប់​នៅ​ក្នុង​អន្តរាគមន៍​របស់​ទ្រង់​សម្រាប់​សាសន៍​អ៊‌ីស្រាអែល (ទំនុកតម្កើង ៩២:៥; ១២៦:២-៣) ឬ​ក្នុង​សម្រាប់​បុគ្គល​ណា​ម្នាក់​ក្នុង​ស្រុក​អ៊‌ីស្រាអែល (ទំនុកតម្កើង ៣៥:១៧; ៤០:១៧; ៨៦:១១)។ ការ​និយាយ​អំពី​ភាព​អស្ចារ្យ​របស់​ព្រះ​អ​ម្ចាស់ គឺ​ជា​ការ​បញ្ជាក់​អំពី​សិរី​ល្អ​របស់​ទ្រង់ (សូម​អាន​បន្ថែម អេសាយ ៤២:២១) និង​ការ​លើក​តម្កើង​ទ្រង់ (ទំនុកតម្កើង ៩៩:២)។ នៅ​ក្នុង​ប្រយោគ​ដ៏​ខ្លី​នេះ ហោរា ម៉ាឡាគី បាន​ចាប់​យក​ការ​ភ្ញាក់​ផ្អើល​នា​ពេល​អនាគត​របស់​សាសន៍​អ៊‌ីស្រាអែល ចំពោះ​សិរី​ល្អ​របស់​ព្រះ​អម្ចាស់ នៅ​ពេល​ដែល​ទ្រង់​ធ្វើ​ការ​ដោយ​យុត្តិធម៌​នៅ​លើ​ផែនដី។

ចំពោះ​ការ​បញ្ជាក់​អត្ថន័យ​ដ៏​ទូលំ​ទូលាយ​នៃ​ការ​លើក​តម្កើង​នេះ យើង​មិន​គួរ​មើល​រំលង​ទេ—ភាព​អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់​នឹង​ត្រូវ​បាន​គេ​ដឹង «ក្រៅ​ពី» (ន័យ​ត្រង់ «លើស​ពី ឬ​ក៏​ហួស​ពី») ព្រំ​ដែន​នៃ​សាសន៍​អ៊‌ីស្រាអែល។ ភាព​អស្ចារ្យ​របស់​ព្រះ​អម្ចាស់​ស្ថិត​នៅ​ជុំ​វិញ​ព្រំ​ដែន​នៃ​ប្រជា​រាស្ដ្រ​នៃ​ការ​តាំង​សេចក្តី​សញ្ញា​របស់​ទ្រង់ ប៉ុន្តែ​មិន​ត្រូវ​បាន​កម្រិត​ឲ្យ​នៅ​ត្រឹម​ទី​នោះ​ទេ។ នេះ​ជា​របៀប​ដែល​ព្រះ​អម្ចាស់​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ប្រជា​រាស្ដ្រ​របស់​ព្រះ​អង្គ ដែល​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង និង​ត្រូវ​បាន​គេ​ធ្វើ​ខុស​ដាក់​យ៉ាង​ខ្លាំង—ទ្រង់​ធ្វើ​ការ​ដោយ​យុត្តិធម៌​នៅ​លើ​ផែនដី ដើម្បី​សិរី​ល្អ​ដ៏​អស្ចារ្យ​របស់​ទ្រង់។

និពន្ធ​ដោយ៖ Eric Ortlund
បក​ប្រែ​ដោយ៖ លោកស្រី កែវ សិរីវុឌ្ឍី
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស,
លោក សឹម រក្សា, លោក​ស្រី ឡូញ ស្រីរដ្ឋ និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.crossway.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​វិញ្ញាណ​ទារក​ដែល​បាន​ស្លាប់​នឹង​ទៅ​ស្ថាន​ណា?

កត្តា៩យ៉ាង​គួរ​ពិចារណា​នៅ​ពេល​ជ្រើស​រើស​នរណា​ម្នាក់​មក​ធ្វើ​ជា​សិស្ស