ខណៈពេលដែលចុងឆ្នាំខិតជិតមកដល់ សឹងតែគ្រប់កន្លែងដែលយើងទៅសុទ្ធតែមានអ្នកប្រាប់យើងថា «រីករាយថ្ងៃបុណ្យអរព្រះគុណ!» «រីករាយថ្ងៃបុណ្យណូអែល!» «រីករាយឆ្នាំថ្មី!» មើលទៅ យើងគួរតែមានភាពរីករាយអរសប្បាយរហូត។
ប៉ុន្តែ ចំពោះអស់អ្នកដែលទើបតែបាត់បង់មនុស្សដែលពួកគាត់ស្រឡាញ់ ថ្ងៃបុណ្យទាំងនេះហាក់បីដូចជាពេលមួយដែលពួកគាត់ត្រូវតែឆ្លងកាត់មួយគ្រាសិន ជាជាងមានភាពអរសប្បាយ។ ប្រពៃណីវប្បធម៌ និងព្រឹត្តិការណ៍ដែលអាចបន្ថែមក្ដីអំណរ និងអត្ថន័យដ៏មហិមាទៅលើរដូវកាលបែបៗនោះ គឺតាមពិតទៅមានពេញទៅដោយការរម្លឹកដ៏ឈឺចាប់អំពីបុគ្គលដែលយើងស្រឡាញ់ ដែលឥឡូវនេះគាត់មិនមានវត្តមានក្នុងការចូលរួមកម្មវិធីទាំងនេះទៀតទេ។ មានមនុស្សជាច្រើនប្រាថ្នាចង់រកកន្លែងដ៏ស្ងៀមស្ងាត់មួយ ដើម្បីពួនរហូតដល់ថ្ងៃទី២ខែមករាសិន។
ទោះបើយើងមិនអាចព្យាបាលភាពខ្លោចផ្សានៃការឈឺចាប់របស់អស់អ្នកដែលយើងកំពុងនៅជិត ដែលពួកគាត់កំពុងកាន់ទុក្ខដោយសារបាត់បង់ ក៏យើងនៅអាចជួយរំលែកទុក្ខព្រួយនៃការឈឺចាប់របស់ពួកគាត់ដោយព្យាយាមយល់ពីអារម្មណ៍ថា តើការឈឺចាប់នោះវាមានអារម្មណ៍យ៉ាងណានៅក្នុងរដូវកាលបុណ្យបែបៗនេះ? អ្នកកាន់ទុក្ខប្រាថ្នាចង់ឲ្យដឹងយ៉ាងហោចណាស់សេចក្ដីពិត៥យ៉ាងក្នុងចំណោមសេចក្ដីពិតនានា ទាក់ទងនឹងរដូវកាលបុណ្យណូអែល។
១. សូម្បីតែពេលវេលាដ៏ល្អបំផុតក៏នៅមានការកត់សម្គាល់ថា មាននរណាម្នាក់អវត្តមានដែរ
ខ្ញុំនឹកចាំពីការសន្ទនាមួយ ដែលខ្ញុំបានជួបជាមួយមិត្តភក្ដិម្នាក់ ខណៈពេលដែលយើងត្រៀមខ្លួនចេញដំណើរកំសាន្តនៅថ្ងៃឈប់សម្រាកដ៏ខ្លីមួយ បន្ទាប់ពីកូនស្រីរបស់យើងទើបតែស្លាប់។ «ឯងទំនងជានឹងសប្បាយហើយ» គាត់និយាយមកខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរតែឯកភាពយ៉ាងពេញទីជាមួយនឹងគាត់ ប៉ុន្តែអ្វីដែលខ្ញុំមិនទាន់ដឹងនោះគឺអំពីរបៀបពន្យល់ថា នៅពេលដែលលោកអ្នកបាត់បង់សមាជិកណាម្នាក់នៅក្នុងក្រុមគ្រួសារ នោះសូម្បីតែពេលវេលាដ៏ល្អបំផុតក៏នៅមានការឈឺចាប់យ៉ាងខ្លាំងដែរ ព្រោះលែងមានសមាជិកមួយនោះទៀតហើយ។ ដូចជាមាននរណាបាត់ខ្លួន សូម្បីតែក្នុងថ្ងៃដ៏ល្អបំផុត និងពិធីដ៏ឱឡារិកបំផុតក៏យើងនៅមានអារម្មណ៍សោកសៅមិនស្រឡះមុខ។
២. ការជួបជុំគ្នានៅមានចិត្តខ្លោចផ្សា
ខ្ញុំមិនដែលយល់ថា ហេតុអ្វីបានជាពេលដែលមានមនុស្សជាច្រើននៅជុំវិញអស់អ្នកដែលកំពុងកើតទុក្ខគឺជាពេលវេលាដ៏ពិបាកមួយសម្រាប់ពួកគាត់សោះ។ ការនិយាយលេងតិចតួចអាចជារឿងមួយដែលពួកគាត់ពិបាកនឹងធ្វើ ពេលដែលរឿងដ៏ធំមួយទើបតែបានកើតឡើង។ ការជួបអ្នកថ្មីនឹងបណ្ដាលឲ្យការសន្ទនាគ្នាមានការសួរដេញដោលអំពីគ្រួសារ។ ការដើរចូលក្នុងបន្ទប់មួយដែលមានពេញទៅដោយអ្នកដែលមានដៃគូរ ខណៈពេលដែលដៃគូរជីវិតរបស់លោកអ្នកទើបតែស្លាប់ ឬក៏ការទៅចូលរួមកម្មវិធីដែលមានកូនក្មេងជាច្រើន ខណៈពេលដែលកូនរបស់លោកអ្នកទើបតែស្លាប់ក៏ការនោះគឺជាការរម្លឹកដ៏អួលដើមកអំពីអ្វីដែលលោកអ្នកបានបាត់បង់ដែរ។
ប្រសិនបើលោកអ្នកបានអញ្ជើញនរណាម្នាក់ ដែលកំពុងតែកាន់ទុក្ខ ឲ្យមកចូលរួមក្នុងកម្មវិធីរបស់លោកអ្នក សូមប្រាប់ពួកគាត់ឲ្យដឹងច្បាស់ថា លោកអ្នកយល់អំពីអារម្មណ៍ពួកគាត់ ប្រសិនបើពួកគាត់សុំដកខ្លួនចេញដោយមិនទៅចូលរួមទោះបើកម្មវិធីកៀកនឹងចាប់ផ្ដើមភ្លាមៗហើយ ឬក៏ថា ពួកគាត់អាចទៅចូលរួមបានតែមួយភ្លែតក៏ដោយ។
ប្រសិនបើលោកអ្នកទៅចូលរួមកម្មវិធីណាមួយ សូមទាក់ទងទៅកាន់អ្នកដែលកំពុងកាន់ទុក្ខ ហើយសួរពួកគាត់ថា តើខ្ញុំអាចទៅយកអ្នកដល់ផ្ទះបានដែរឬទេ ហើយកំដរអ្នកខណៈពេលដែលកំពុងចូលរួមកម្មវិធី ព្រោះលោកអ្នកចង់រំលែកទុក្ខគាត់។ ឬក៏ថា ពេលដែលលោកអ្នកជួបនរណាម្នាក់ដែលកំពុងកាន់ទុក្ខនៅកន្លែងកម្មវិធីសម្រាប់ពិធីជប់លៀង សូមប្រាប់ឲ្យគាត់ដឹងថា លោកអ្នកក៏កំពុងគិតអំពីបុគ្គលដែលគាត់ស្រឡាញ់ដែលបានស្លាប់ទៅដែរ ហើយសូមលើកទឹកចិត្តគាត់ឲ្យនិយាយអំពីអនុស្សាវរីយ៍ដែលគាត់បានសាងជាមួយនឹងបុគ្គលម្នាក់នោះ។ សូមកុំមានការភ័យខ្លាចក្នុងការនិយាយឈ្មោះនៃបុគ្គលដែលបានស្លាប់ទៅនោះឡើយ។ វានឹងផ្តល់ភាពស្រាកស្រាន្តទៅកាន់អ្នកដែលមានអារម្មណ៍កើតទុក្ខ។
៣. សាច់ញាតិអាចបង្កឲ្យមានភាពពិបាក និងភាពប្រក្រតី
ការកាន់ទុក្ខគឺជាការពិបាកណាស់—សូម្បីតែ ហើយពិសេសជាមួយនឹងអស់អ្នកដែលស្គាល់យើងយ៉ាងជិតដិត។
ស្វាមីខ្ញុំហើយនិងខ្ញុំមើលខុសត្រូវកម្មវិធីនាចុងសប្ដាហ៍សម្រាប់ដៃគូរជីវិត ដែលកូនៗខ្លួនបានស្លាប់ ហើយខ្ញុំបានកត់សម្គាល់ឃើញថា ប្រធានបទមួយដែលពួកគាត់តែងតែលើកឡើងនិយាយគឺទាក់ទងទៅនឹងភាពលំបាកនៃការចំណាយពេលជាមួយនឹងគ្រួសារសាច់ញាតិនាពេលបុណ្យនានា។ ពួកគាត់ដឹងថា មានសមាជិកគ្រួសារមួយចំនួនគិតថា ពួកគាត់បានកាន់ទុក្ខយូរល្មមគ្រប់គ្រាន់ហើយ ហើយចង់ឲ្យពួកគាត់បំភ្លេចចោល ហើយឆ្ពោះទៅមុខទៅ។ រីឯអ្នកផ្សេងទៀត ពួកគាត់ចង់ចាប់ផ្ដើមនិយាយអំពីបុគ្គលដែលបានស្លាប់បាត់ទៅ ប៉ុន្តែពួកគាត់មិនដឹងថា ត្រូវធ្វើបែបម៉េច។ ជាទូទៅ អ្វីមួយដែលបានកើតឡើងជារឿយៗគឺថា ឈ្មោះបុគ្គលដែលបានស្លាប់បាត់ទៅមិនដែលបានលើកឡើង ហើយការនោះបង្កឲ្យបុគ្គលដែលកំពុងតែកាន់ទុក្ខមានអារម្មណ៍ថា ពួកគាត់បានបំភ្លេចបុគ្គលដែលបានស្លាប់នោះចោលពីគ្រួសារបាត់ហើយ។ តើលោកអ្នកស្គាល់បុគ្គលណាម្នាក់ដែលកំពុងកើតទុក្ខ ដែលគាត់កំពុងធ្វើដំណើរចេញទៅជួបជុំគ្រួសារសម្រាប់រដូវកាលបុណ្យនេះដែរឬទេ? បើស្គាល់ លោកអ្នកអាចសួរអំពីសេចក្ដីរំពឹងរបស់គាត់ដែលគាត់មានលើគ្រួសារគាត់ពេលទៅជួបជុំគ្នា។ ហើយប្រសិនបើពួកគាត់មានចិត្តចង់ឲ្យគ្រួសារគាត់នឹកចាំអំពីរឿងមួយចំនួន ទាក់ទងនឹងបុគ្គលដែលគាត់ស្រឡាញ់ ហើយបើពួកគាត់មានការភ័យខ្លាចថា ការនោះទំនងនឹងមិនកើតឡើង នោះលោកអ្នកអាចលើកទឹកចិត្ត ហើយជួយជូនដំណឹងទៅកាន់គ្រួសារគាត់មុនរដូវកាលនេះមកដល់ ដោយលើកឡើងយ៉ាងចំៗថា តើអ្វីទៅនឹងជួយឲ្យគាត់មានអារម្មណ៍ធូរស្បើយ ជាជាងរំពឹងថា គ្រួសារគាត់នឹងដឹងដោយឯងៗ។
៤. ការស្រក់ទឹកភ្នែកមិនមែនជាបញ្ហា
ចំពោះយើងជាច្រើននាក់ ការស្រក់ទឹកភ្នែកគឺជារឿងធម្មតាទេ ពេលដែលយើងកើតទុក្ខ ជាពិសេសទឹកភ្នែកដែលស្រក់ក្នុងពេលដែលគិតថា វាមិនគួរស្រក់។ ពេលខ្លះ អ្នកដែលកើតទុក្ខមានអារម្មណ៍ថា នៅពេលដែលអស់អ្នកដែលនៅជុំវិញខ្លួនពួកគាត់ឃើញទឹកភ្នែករបស់ពួកគាត់ នោះគឺពួកគាត់ត្រូវតែដោះស្រាយបញ្ហាដោយគិតថា សម្រែកទឹកភ្នែកទាំងនោះមានន័យថា ពួកគាត់កំពុងតែមានបញ្ហាក្នុងការកើតទុក្ខ។ ប៉ុន្តែ វាជារឿងធម្មតាទេ ដែលការកាន់ទុក្ខបុគ្គលដែលយើងស្រឡាញ់ដែលបានបាត់បង់នឹងបង្ហាញខ្លួនតាមរយៈទឹកភ្នែក។ ការស្រក់ទឹកភ្នែកមិនមែនជាខ្មាំងសត្រូវនោះទេ។ ទឹកភ្នែកមិនមែនជាការឆ្លុះបញ្ចាំងថាគ្មានជំនឿឡើយ។ ទឹកភ្នែកគឺជាអំណោយទានពីព្រះជាម្ចាស់ ដែលជួយលាងសម្អាតចោលនូវភាពឈឺចាប់ដ៏ខ្លាំងក្លានៃការបាត់បង់។
វាគឺជាអំណោយទានដ៏ល្អណាស់ក្នុងការដែលលោកអ្នកប្រាប់បុគ្គលដែលកាន់ទុក្ខថា ពួកគាត់មិនចាំបាច់ខ្មាសអៀនអ្វីទេក្នុងការយំនៅពេលដែលពួកគាត់នៅជាមួយនឹងលោកអ្នក ពោលគឺពួកគាត់អាចយំជាមួយនឹងលោកអ្នក។ ហើយអំណោយទានក៏កាន់តែល្អលើសនោះទៅទៀតគឺត្រង់ថា លោកអ្នកក៏យំជាមួយពួកគាត់សម្រាប់បុគ្គលដែលពួកគាត់ស្រឡាញ់ដែលត្រូវបានបាត់បង់ដែរ។ ទឹកភ្នែករបស់លោកអ្នកឆ្លុះបង្ហាញពីតម្លៃពីបុគ្គលដែលបានស្លាប់ ហើយក៏ជាការធានាអះអាងទៅកាន់ពួកគាត់ថា ពួកគាត់មិនមែននៅតែឯងក្នុងការនឹកបុគ្គលម្នាក់នោះទេ។
៥. វាអាចជាការពិបាកក្នុងការចងចាំថា ហេតុអ្វីរដូវបុណ្យណូអែលគឺជារដូវសប្បាយរីករាយ
អស់អ្នកដែលកើតទុក្ខដែលនៅក្បែរលោកអ្នកយល់អំពីអារម្មណ៍នៃការនឿយហត់ក្នុងជីវិត និងអំពីសេចក្ដីស្លាប់នៅលើផែនដីនេះ ហេតុដូច្នេះហើយបានជាពួកគាត់ងឿងឆ្ងល់ថា តើឲ្យអស់អ្នកដែលនៅជុំវិញពួកគាត់មានអំណរបានដោយរបៀបណាទៅ។ ពួកគាត់ត្រូវឲ្យព្រះគ្រីស្ទបន្ធូរភាពឯកា និងការអស់សង្ឃឹមយ៉ាងខ្លាំងណាស់របស់គាត់នោះ។ ខណៈពេលដែលយើងមិនចង់អធិប្បាយដល់ពួកគាត់ យើងក៏ចង់ព្យាយាមរកឱកាស ដើម្បីចែកចាយជាមួយនឹងពួកគាត់អំពីភាពស្រណុកសុខស្រួល នឹងអំណរអរដែលអាចរកឃើញបានក្នុងការដែលព្រះផ្ទាល់បានយាងមកក្នុងព្រះគ្រីស្ទ ដើម្បីរំដោះយើង។
ជីវិតរបស់ព្រះគ្រីស្ទដែលបានចាប់ផ្ដើមនៅក្នុងស្នូកឈើក៏បានឈានដល់ទីបញ្ចប់នៃសេចក្ដីស្លាប់នៅលើឈើឆ្កាងផងដែរ។ ប៉ុន្តែ វាមិនមែនជាការស្លាប់ដែលគ្មានអត្ថន័យ គ្មានខ្លឹមសារ និងការគិតគូរនោះទេ។ វាគឺជាការស្លាប់ដែលយកឈ្នះលើសេចក្ដីស្លាប់ដោយមានព្រះជន្មរស់ឡើងវិញជាថ្មីម្ដងទៀត។ អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរបានពន្យល់ថា «ដូច្នេះ ដែលកូនចៅបានប្រកបដោយសាច់ឈាមព្រមគ្នា នោះទ្រង់ក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្ដីស្លាប់ គឺជាអារក្ស ដោយទ្រង់សុគត» (ហេព្រើរ ២:១៤)។ អំណាចនៃសេចក្ដីស្លាប់ដែលឥឡូវនេះនាំឲ្យមានទុក្ខព្រួយជាច្រើននឹងមិននៅដូចនេះទៀតយ៉ាងអស់កល្បជានិច្ចឡើយ។ ចលនាដែលព្រះគ្រីស្ទបានបង្កើតឡើង ពេលដែលទ្រង់បានយកឈ្នះលើសេចក្ដីស្លាប់ក្នុងការយាងមកលើកទីមួយរបស់ទ្រង់នឹងបង្កើតជាផលផ្លែយ៉ាងពេញទីពេលដែលទ្រង់យាងត្រឡប់មកវិញ។
នេះគឺជាក្ដីសង្ឃឹមដ៏ធំបំផុតរបស់យើងនារដូវបុណ្យណូអែល ហើយនេះក៏ជាក្ដីសង្ឃឹមដែលយើងមានក្នុងការចែកចាយជាមួយនឹងអស់អ្នកដែលកំពុងកាន់ទុក្ខក្នុងរដូវបុណ្យណូអែលនេះដែរ។ ព្រះគ្រីស្ទដែលបានយាងមកយកកំណើតជាព្រះឱរស ហើយបានសុគតជំនួសយើងនឹងយាងមកវិញនៅថ្ងៃខាងមុខ ដើម្បីនឹងសម្រេចនគរទ្រង់។ ហើយនៅពេលដែលទ្រង់ធ្វើបែបនោះ «ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ» (វិវរណៈ ២១:៤)។
មតិយោបល់
Loading…