ហើយអ្នកណាដែលមានចៅហ្វាយជាអ្នកជឿ នោះមិនត្រូវមានចិត្តមើលងាយដល់ចៅហ្វាយនោះ ដោយព្រោះជាបងប្អូនគ្នាទេ តែស៊ូបម្រើវិញ ដោយព្រោះចៅហ្វាយនោះជាអ្នកជឿ ហើយជាស្ងួនភ្ងាដែរ ជាអ្នកដែលចម្រើនឡើង ដោយការបម្រើយ៉ាងល្អនោះឯង ចូរឲ្យអ្នកបង្រៀនសេចក្ដីទាំងនេះ ហើយទូន្មានគេចុះ។
បើអ្នកណាបង្រៀនពីសេចក្ដីអ្វីផ្សេងទៀត ហើយមិនយល់ព្រមតាមពាក្យសម្ដីដែលត្រឹមត្រូវ គឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងជាសេចក្ដីបង្រៀនដែលត្រឹមត្រូវ តាមសេចក្ដីគោរពប្រតិបត្តិដល់ព្រះទេ
អ្នកនោះឈ្មោះថាមានចិត្តធំ ហើយមិនដឹងអ្វីសោះ គឺវក់តែនឹងជជែក ហើយដេញដោលពីន័យពាក្យ ដែលនាំឲ្យកើតសេចក្ដីឈ្នានីស ឈ្លោះប្រកែក ជេរប្រមាថ និងសេចក្ដីសង្ស័យដ៏អាក្រក់ប៉ុណ្ណោះ
ជាសេចក្ដីជំលោះឥតប្រយោជន៍របស់មនុស្សខូចគំនិត ហើយឥតស្គាល់សេចក្ដីពិត ដោយស្មានថា ការគោរពប្រតិបត្តិដល់ព្រះជាផ្លូវឲ្យបានកម្រៃ
តែការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ផង នោះជាកម្រៃមួយយ៉ាងធំមែន
ដ្បិតយើងរាល់គ្នាមិនបានយកអ្វី ចូលមកក្នុងលោកីយ៍នេះទេ ហើយច្បាស់ជាយើងពុំអាចនឹងយកអ្វីចេញទៅវិញបានដែរ
តែបើមានអាហារទទួលទាន និងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ
ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្ដុកស្ដម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង និងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្ដេសផ្ដាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស និងសេចក្ដីអន្ដរធានវិញ
ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្ដីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្ដីព្រួយលំបាកជាច្រើន។ (១ធីម៉ូថេ ៦:២-១០)។
ចូរបង្រៀន ហើយទូន្មាន
ឃ្លា «ចូរឲ្យអ្នកបង្រៀនសេចក្ដីទាំងនេះ ហើយទូន្មានគេចុះ» ជាសញ្ញានៃការផ្លាស់ប្ដូរពីប្រធានបទមួយទៅប្រធានបទមួយទៀត។ ប៉ុន្តែ តើអ្វីទៅជា «សេចក្ដីទាំងនេះ» ដែលលោក ធីម៉ូថេ ត្រូវ «បង្រៀន ហើយទូន្មាន»? មានការបង្គាប់ស្ទើរតែដូចគ្នានៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ៤:១១ ជាកន្លែងដែល «សេចក្ដីទាំងនេះ» បញ្ជាក់យ៉ាងច្បាស់ទៅកាន់អ្វីដែលមានពីមុន ហើយវាក៏ជាអ្វីដែលកំពុងសំដៅយ៉ាងខ្លាំងនៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ៦:២ខ ផងដែរ។ លោក ធីម៉ូថេ ត្រូវបង្រៀន និងទូន្មានដល់ក្រុមជំនុំរបស់គាត់ឲ្យជឿ ហើយគោរពប្រតិបត្តិតាម សេចក្ដីទាំងឡាយដែលសាវ័ក ប៉ុល បានសរសេរ មកដល់ចំណុចនេះ។ គាត់មិនត្រឹមតែត្រូវបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែទូន្មាន—លោក ធីម៉ូថេ មិនគ្រាន់តែត្រូវផ្ដល់នូវព័ត៌មានចេញពីមេរៀនអធិប្បាយរបស់គាត់ប៉ុណ្ណោះនោះទេ។ គាត់ត្រូវតែបង្រៀននូវអ្វីដែលពួកគេត្រូវជឿ និងប្រតិបត្តិតាមដោយផ្អែកទៅលើអ្វីជាសេចក្ដីណែនាំរបស់សាវ័ក ប៉ុល។ សេចក្ដីអធិប្បាយរបស់គាត់ត្រូវតែស្ដែងចេញបែបជាការបង្គាប់។
ឈ្នាប់ «បើ» ជាអនុប្រយោគដែលសន្និដ្ឋានថាជាការពិតនៅក្នុងការបុព្វហេតុនៃវិវាទ [១]។ ក្នុងនាមជារបៀបវោហារសាស្ត្រ ប្រយោគនេះមិនបានបង្ហាញជាក់លាក់អំពីវត្តមាននៃគ្រូបង្រៀនខុសឆ្គងនៅទីក្រុងអេភេសូរទេ។ យ៉ាងណាមិញ វត្តមាននៃគ្រូខុសឆ្គងត្រូវបានលើកឡើងរួចហើយដោយសាវ័ក ប៉ុល បានបង្ហាញអំពីពួកគេតាំងតែពីពេលមុន៖ ចាប់តាំងតែពីដើមសំបុត្រ នោះសាវ័ក ប៉ុល បានបញ្ជាក់ថា ក្នុងក្រុមជំនុំមានពួកអ្នកដែលបង្រៀន «សេចក្ដីណាផ្សេងទៀត» បានជ្រៀតចូលមក» (១ធីម៉ូថេ ១:៣)។
សេចក្ដីបង្រៀនរបស់ពួកគេខុសប្លែក ដោយសារវាប្រាសចាកឆ្ងាយពី «ព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូវគ្រីស្ទ» ជា «ពាក្យសម្ដីដែលត្រឹមត្រូវ» ហើយចាកឆ្ងាយពី «សេចក្ដីបង្រៀនដែលត្រឹមត្រូវ តាមសេចក្ដីគោរពប្រតិបត្តិដល់ព្រះ»។ ក្នុងភាសាក្រិកពាក្យថា «ត្រឹមត្រូវ» បង្ហាញសុខភាព ដោយមានការពង្រីកបន្ថែមនូវអត្ថន័យប្រៀបធៀបដែលជួយចង្អុលបង្ហាញឲ្យជៀសវាងពីសេចក្ដីខុសឆ្គង។ បើយោងទៅតាមភាពជាក់ស្ដែងនេះ នោះពាក្យត្រឹមត្រូវមានន័យថា មានសុខភាពល្អ។ ពាក្យនេះផ្ទុយពីពាក្យ «អសុខភាពល្អ គឺវក់តែនឹងជជែក» ដូចដែលបានបង្ហាញនៅក្នុងខបន្ទាប់។
សេចក្ដីបង្រៀនដែលមានសុខភាពល្អប្រភេទនេះមានមូលដ្ឋានមកពីអ្វីដែលព្រះយេស៊ូវបានបង្រៀនដោយផ្ទាល់ និងអនុវត្ត ហើយជាអ្វីដែលព្រះអង្គបានបង្ហាញដល់ពួកសាវ័ករបស់ទ្រង់ តាមរយៈព្រះវិញ្ញាណ។ សាវ័ក ប៉ុល បានជឿ—យ៉ាងត្រឹមត្រូវ—ថាព្រះវិញ្ញាណនៃព្រះគ្រីស្ទកំពុងតែមានបន្ទូលតាមរយៈគាត់ ដែលជាសាវ័កម្នាក់ (២កូរិនថូស ១៣:៣)។ ដូច្នេះ «សេចក្ដីអ្វីផ្សេងទៀត» គឺជាការប្រាសចាកឆ្ងាយចេញពីស្តង់ដាររបស់ព្រះគ្រីស្ទផ្ទាល់ ដែលបានលើកឡើងមកបញ្ជាក់ដោយសាវ័កឥឡូវនេះ។
ប៉ុន្តែ «សេចក្ដីអ្វីផ្សេងទៀត» ក៏សំដៅទៅលើអ្វីដែលខុសគ្នាពី «សេចក្ដីបង្រៀនដែលត្រឹមត្រូវ តាមសេចក្ដីគោរពប្រតិបត្តិដល់ព្រះ» ផងដែរ។ បើនិយាយម្យ៉ាងវិញទៀត នោះគឺជាចំណុចបែកគ្នាចេញពីសេចក្ដីបង្រៀនដែលត្រឹមត្រូវដែលនាំឲ្យមានការចេះគោរពប្រតិបត្តិដល់ព្រះជាម្ចាស់។ សេចក្ដីបង្រៀនខុសឆ្គងបង្កើតឲ្យមានតែនិស្ស័យសាច់ឈាម ប៉ុន្តែសេចក្ដីបង្រៀនដ៏ត្រឹមត្រូវបង្កើតឲ្យមានការគោរពប្រតិបត្តិដល់ព្រះជាម្ចាស់ ដូចដែលសាវ័ក ប៉ុល បានមាននៅក្នុងគំនិតរបស់គាត់នៅទីនេះ។ នៅក្នុងរបៀបនេះ សាវ័ក ប៉ុល បានបញ្ជាក់យ៉ាងច្បាស់អំពីចំណុចខ្វះខាតនៃការបង្រៀនខុសឆ្គង៖ វាមិនមានភាពស៊ីគ្នាជាមួយនឹងព្រះបន្ទូលព្រះយេស៊ូវ ហើយក៏មិនបង្កើតឲ្យមានការចេះគោរពប្រតិបត្តិដល់ព្រះជាម្ចាស់ដែរ។
ការយល់ដឹងដោយមានការអួតបំប៉ោង
កណ្ឌគម្ពីរ ១ធីម៉ូថេ ៦:៤ គឺជាឃ្លាភ្ជាប់នៃប្រយោគលក្ខខណ្ឌមួយចាប់ផ្ដើមនៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ៦:៣។ ការវែកញែកគ្នាចាប់ពី ១ធីម៉ូថេ ៦:៣ ទៅនឹង ១ធីម៉ូថេ ៦:៤ មានលក្ខណៈបែបនេះ៖ ប្រសិនបើមានគ្រូក្លែងក្លាយណាព្យាយាមបោកបញ្ឆោតហ្វូងចៀមនៅក្រុងអេភេសូរ (ហើយប្រាកដណាស់គឺមាន) នោះលោកអ្នកគួរតែដឹងអំពីកត្តាជំរុញចិត្តដ៏ខុសឆ្គងរបស់ពួកគេ។ កណ្ឌគម្ពីរ ១ធីម៉ូថេ ៦:៤ បានចង្អុលបង្ហាញថា ភាពខុសឆ្គងរបស់ពួកគេគឺដោយសារតែកង្វះខាតផ្សេងៗ មិនមែនព័ត៌មានទេ តែចរិតលក្ខណៈវិញ។
តួអង្គចម្បងដែលបានបង្ហាញមកគឺថា គ្រូក្លែងក្លាយមានចំណុចកំណត់សម្គាល់ដោយការ «មានចិត្តធំ» ឬក៏ការអួតបំប៉ោង។ ពាក្យនេះមកពីនាមដែលដំណាងឲ្យការបំភាន់។ នៅពេលយកមកអនុវត្តជាមួយមនុស្ស វាមានន័យទាក់ទងនឹងការបំភាន់ខ្លួនឯងពី «ការធ្វើពើ ភាពឥតប្រយោជន៍ ការមានអំនួត ឬក៏ចិត្តធំ» [២]។ មនុស្សធ្វើពើគឺជាមនុស្សដែលបានបំភាន់ខ្លួនឯងអំពីទស្សនៈរបស់គាត់ ពីព្រោះតែគាត់បានបំភាន់ខ្លួនឯងអំពីខ្លួនឯងផ្ទាល់ គាត់គោរពខ្លួនគាត់ និងគិតថាគំនិតរបស់គាត់ខ្លាំងលើសពីអ្វីដែលគាត់គួរគិត។ នៅក្នុងភាសាក្រិក គ្រប់ទាំងកង្វះខាតនៃចរិតលក្ខណៈ ដែលមានគឺជាលទ្ធផលពិតជាក់ស្ដែងថា គ្រូក្លែងក្លាយគឺជាមនុស្សដែលមានចិត្តធំ។
ឃ្លា «មិនដឹងអ្វីសោះ» គឺជាការបកប្រែប្រយោគភាគដែលពឹងលើ (participle dependent) «អ្នកនោះឈ្មោះថាមានចិត្តធំ»។ អត្ថន័យភាគច្រើនគឺហាក់បីដូចជាថាលទ្ធផល៖ «លទ្ធផលនៃការដែលគាត់មានចិត្តធំគឺដោយសារគាត់មិនដឹងអ្វីសោះ»។
លទ្ធផលទីពីរនៃសេចក្ដីបង្រៀនរបស់គ្រូក្លែងក្លាយដែលមានចិត្តធំនោះគឺ «គឺវក់តែនឹងជជែក ហើយដេញដោលពីន័យពាក្យ»។ ពាក្យ «វក់តែនឹង» គឺជាការបកស្រាយពាក្យដែលមានអត្ថន័យថាឈឺ ឬក៏ទទួលបានការរាតត្បាតពីជំងឺណាមួយ។ អត្ថន័យប្រៀបធៀប (ដូចនៅទីនេះ) ថា «ជាការមានភាពច្របូកច្របល់ ឬខ្វល់ខ្វាយនៅក្នុងគំនិត»។ នៅក្នុងអត្ថន័យនេះគឺសំដៅទៅលើ «ការ [កំពុង] តែវក់នឹងអ្វីមួយដែលមានជំងឺ» ដោយចង់បានអ្វីមួយ [៣]។ ជំងឺនៅក្នុងគំនិតបែបនេះគឺផ្ទុយពីព្រះបន្ទូលដ៏មានសុខភាពល្អរបស់ព្រះយេស៊ូវ ដែលសាវ័ក ប៉ុល បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ៦:៣។
ដូច្នេះ ការមានចិត្តធំរបស់គ្រូក្លែងក្លាយនាំគាត់ចេញឆ្ងាយពីអ្វីដែលនាំឲ្យមានជីវិត និងការព្យាបាល ហើយនាំទៅកាន់អ្វីដែលបង្កឲ្យមានជំងឺខាងឯវិញ្ញាណ ព្រមទាំងសេចក្ដីស្លាប់។ គ្រូក្លែងក្លាយវក់តែនឹង «[ការ] ជជែក ហើយដេញដោលពីន័យពាក្យ»។ វក់តែនឹងការជជែករបស់ពួកគេនេះមានន័យថា ពួកគេចូលចិត្តការវាយគ្នាដោយប្រើពាក្យសម្ដី។ លើសជាងនេះទៅទៀត ពួកគេវក់តែនឹងការ «ដេញដោលពីន័យពាក្យ» —អត្ថន័យចំគឺថា «សង្គ្រាម-ពាក្យពេចន៍» (ការទាស់ទែងដោយពាក្យសម្ដី «ឡូហ្គូមាឃីស៍» logomachias)។ ការប្រៀប ធៀបមួយពាក់ព័ន្ធទៅនឹងពាក្យស្រដៀងគ្នានៅក្នុងកណ្ឌគម្ពីរ ២ធីម៉ូថេ ២:១៤ បានបង្ហាញថា «សង្គ្រាម-ពាក្យពេចន៍» មិនមែនគ្រាន់តែជាការវែកញែកឲ្យដាច់ស្រេចអំពីភាពខុសប្លែកគ្នាពីនេះពីនោះ ឬក៏ទេវសាស្ត្រមួយនេះ ឬមួយនោះនោះឡើយ—វាមិនមែនជាការឈ្លោះប្រកែកលើអត្ថន័យពាក្យទេ។
«សង្គ្រាម-ពាក្យពេចន៍» ហាក់បីដូចជាចង្អុលបង្ហាញយ៉ាងច្បាស់អំពីសង្គ្រាមច្បាំងប្រឆាំងនឹងព្រះបន្ទូលនៃសេចក្ដីពិត ហើយនេះគឺជាអ្វីដែលគ្រូក្លែងក្លាយវក់ចង់បាន។ ពួកគេមិនត្រឹមតែចង់ច្បាំងនោះទេ តែពួកគេថែមទាំងចង់ប្រឆាំងទាស់នឹងព្រះបន្ទូលដែលព្រះជាម្ចាស់បានបើកសម្ដែងមកទៀតផង (សូមអានបន្ថែមនៅក្នុងកណ្ឌគម្ពីរ ២ធីម៉ូថេ ២:១៤)។
ការវក់របស់គ្រូក្លែងក្លាយបង្កឲ្យមាន «សង្គ្រាម-ពាក្យពេចន៍» ដែលធ្វើឲ្យមានការបែកបាក់នៅក្នុងក្រុមជំនុំ ជាពិសេស «សេចក្ដីឈ្នានីស ឈ្លោះប្រកែក ជេរប្រមាថ សេចក្ដីសង្ស័យដ៏អាក្រក់ និងសេចក្ដីជំលោះឥតប្រយោជន៍»។ គ្រូក្លែងក្លាយរីករាយនឹងការបែកបាក់គ្នា ពួកគេស្រដីអាក្រក់អំពីមនុស្សជាមួយនឹងពាក្យសម្ដី។ ហើយនៅចំកណ្ដាលនៃពួកគេ គឺបង្កើត «សេចក្ដីសង្ស័យ» ឬ «ការមិនទុកចិត្តគ្នា»។ ជាញយៗ ពួកគេពាំនាំនូវសេចក្ដីសន្និដ្ឋាន និងគំនិតថ្មីៗទៅកាន់រាស្ត្ររបស់ព្រះជាម្ចាស់ ដោយគ្មានមូលដ្ឋានត្រឹមត្រូវក្នុងបទគម្ពីរ។ ជាលទ្ធផលពួកគេបង្កើតឲ្យមាន «សេចក្ដីជំលោះឥតប្រយោជន៍» នៅក្នុង និងនៅកណ្ដាលចំណោម «មនុស្សខូចគំនិត ហើយឥតស្គាល់សេចក្ដីពិត»។ ដូច្នេះ គំនិតរបស់ «អ្នកចម្បាំង-ពាក្យពេចន៍» គឺបានបង្ខូចដល់ក្រមសីលធម៌ ហើយជាលទ្ធផលក៏បានក្លាយទៅជាអ្នកដែលគ្មានសេចក្ដីពិតវិញ។ អស់អ្នកដែលមានគំនិតខូចនឹង «ស្មានថា ការគោរពប្រតិបត្តិដល់ព្រះជាផ្លូវឲ្យបានកម្រៃ»។ គ្រូក្លែងក្លាយធ្វើនូវអ្វីៗដែលពួកគេធ្វើ ដើម្បីតែបំពេញភាពមានបានរបស់ខ្លួនតែប៉ុណ្ណោះ។
គ្រូក្លែងក្លាយបង្រៀនសេចក្ដីខុសឆ្គងមិនមែនមកពីពួកគេខ្វះព័ត៌មាននោះទេ ប៉ុន្តែមកពីពួកគេខ្វះនូវដួងចិត្តវិញ។ ពួកគេមិនចង់បានអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន ហើយសេចក្ដីបង្រៀនរបស់ពួកគេក៏ឆ្លុះបញ្ចាំងឲ្យឃើញនូវការពិតជាក់ស្ដែងដ៏គួរឲ្យសោកសៅនោះ។
ការគោរពប្រតិបត្តិដល់ព្រះជាម្ចាស់សម្រាប់កម្រៃខាងឯវិញ្ញាណ
គ្រូក្លែងក្លាយប្រព្រឹត្តចំពោះ «ការគោរពប្រតិបត្តិដល់ព្រះ» ថាជា «ឲ្យបានកម្រៃ» ទ្រព្យសម្បត្តិផ្សេងៗ។ តាមពិតទៅ ការគោរពប្រតិបត្តិព្រះជាម្ចាស់មានន័យថា «កម្រៃយ៉ាងធំ» ប៉ុន្តែមិនមែនជាប្រភេទនៃកម្រៃដែលគ្រូក្លែងក្លាយចង់បាននោះទេ។ កម្រៃខាងឯវិញ្ញាណនឹងមកដល់ នៅកន្លែងដែលមានចិត្តស្កប់ស្កល់ គឺការស្កប់ចិត្តជាមួយនឹងអ្វីដែលព្រះជាម្ចាស់បានប្រទានឲ្យ។ ប្រសិនបើព្រះជាម្ចាស់បានប្រទានឲ្យតិចតួច នោះមានចិត្តស្កប់ស្កល់នឹងចេះគ្រប់គ្រាន់ជាមួយ ហើយចេះអរព្រះគុណជាមួយអ្វីៗដែលតិចតួចនោះ។ ប្រសិនបើព្រះជាម្ចាស់បានប្រទានឲ្យមានទ្រព្យសម្បត្តិ នោះការមានចិត្តស្កប់ស្កល់នឹងចេះគ្រប់គ្រាន់ជាមួយ ហើយចេះអរព្រះគុណជាមួយនឹងទ្រព្យសម្បត្តិនោះ។ ប្រភេទនៃការចេះមានចិត្តស្កប់ស្កល់នេះគឺជាអត្ថន័យនៃកម្រៃយ៉ាងធំ ពីព្រោះការស្កប់ចិត្តនោះមិនផ្ដោតសំខាន់ទៅលើអំណោយ តែលើអ្នកឲ្យវិញ។ វាមិនមែនជាការចេះតែចង់បានជាប្រចាំ ហើយមិនចេះឆ្អែតមិនចេះឆ្អន់នោះឡើយ ដោយចង់បានទៀត។ នេះជាការយល់ច្បាស់ថា មនុស្សម្នាក់ៗមិនបានយកអ្វីមួយចូលមកក្នុងពិភពលោកនេះទេ ហើយក៏នឹងមិនអាចយកអ្វីមួយចេញទៅវិញបានឡើយ។ ដូច្នេះ អ្នកជឿមិនគួរប្រព្រឹត្តហាក់បីដូចជាថា ការមាននូវទ្រព្យសម្បត្តិគឺជាគន្លឹះទៅកាន់ជីវិតដ៏ល្អប្រសើរនោះឡើយ ដោយសារវាមិនមែនដូច្នោះទេ។ ជីវិតដ៏ល្អប្រសើរគឺស្ថិតនៅក្នុងការចេះមានចិត្តស្កប់ស្កល់ដោយកោតខ្លាចព្រះ មិនមែនស្ថិតទៅលើការកាន់តែមានរបស់របរ និងទ្រព្យសម្បត្តិច្រើនទៀតនោះទេ។
បំណងប្រាថ្នាឲ្យចង់មានបានជាលទ្ធផលបណ្ដាលឲ្យជាប់ក្នុងសេចក្ដីល្បួងឆ្ពោះទៅកាន់សេចក្ដីអាក្រក់។ បំណងប្រាថ្នាមួយនេះគឺជា «អន្ទាក់» ពីព្រោះវានឹងទាក់អស់អ្នកដែលលោភឲ្យជាប់នៅក្នុងធ្នាក់នៃបំណងប្រាថ្នារបស់ខ្លួន។ កាលណាសេចក្តីប្រាថ្នានោះបានប្រព្រឹត្តឡើងពេញលេញហើយ នោះនឹងកើតមានឡើងនូវ «សេចក្ដីហិនវិនាស និងសេចក្ដីអន្ដរធាន»។ នេះហើយជាហេតុដែលសាវ័ក ប៉ុល បានដាស់តឿន មិនមែនទាស់នឹងការប្រើប្រាស់លុយកាក់នោះទេ ប៉ុន្តែប្រឆាំងនឹងបំណងខុសឆ្គង និងការថ្វាយបង្គំដោយចង់បានលុយវិញ។ លុយផ្ទាល់មិនមែនជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង ឬក៏ការប្រើលុយនោះឡើយ។ ផ្ទុយទៅវិញ គឺការស្រឡាញ់លុយទេតើដែលនាំឲ្យមាននូវអំពើអាក្រក់គ្រប់យ៉ាងនៅក្នុងជីវិតមនុស្សម្នាក់ៗ។ ដូច្នេះ សាវ័ក ប៉ុល បានដាស់តឿនដល់អ្នក «ឈោងតាម» ការដែលស្រឡាញ់ប្រាក់អាច «ឃ្លាតចេញ» ឆ្ងាយពីជំនឿ។
ឯកសារយោង៖
១. លោក Daniel B. Wallace Greek Grammar beyond the Basics (Grand Rapids, MI: Zondervan, ឆ្នាំ១៩៩៧), ទំព័រ៦៩០។
២. Brill Dictionary of Ancient Greek (Leiden: Brill, ឆ្នាំ២០១៥), ទំព័រ២១៧០។
៣. Ibid., ទំព័រ១៤០៥។
ដូច្នេះ អ្នកជឿមិនគួរប្រព្រឹត្តហាក់បីដូចជាថា ការមាននូវទ្រព្យសម្បត្តិគឺជាគន្លឹះទៅកាន់ជីវិតដ៏ល្អប្រសើរនោះឡើយ ដោយសារវាមិនមែនដូច្នោះទេ។ ជីវិតដ៏ល្អប្រសើរគឺស្ថិតនៅក្នុងការចេះមានចិត្តស្កប់ស្កល់ដោយកោតខ្លាចព្រះ មិនមែនស្ថិតទៅលើការកាន់តែមានរបស់របរ និងទ្រព្យសម្បត្តិច្រើនទៀតនោះទេ…
មតិយោបល់
Loading…