https://youtu.be/q6e-lWvWcQU
ខ្ញុំបានស្តាប់ឮការពិភាក្សាដ៏គួរឲ្យចាប់អារម្មណ៍មួយកាលពីប៉ុន្មានថ្ងៃមុន។ ខ្ញុំកំពុងតែទៅនេះទៅនោះ ហើយចាប់ទាន់ត្រង់ការពិភាក្សាបន្តិចអំពីលុយ និងភាពសប្បាយរីករាយនៃការមានវា។ ខ្ញុំមិនអាចលួចស្តាប់ឲ្យលើសពីពីរទៅបីម៉ាត់ទេ ប៉ុន្តែអ្វីដែលខ្ញុំបានឮគ្រប់គ្រាន់ ដើម្បីឲ្យគំនិតរបស់ខ្ញុំដំណើរការបាន។ ខ្ញុំបានគិតអំពីរបៀបដែលខ្ញុំប្រើប្រាស់លុយ និងរបៀបដែលយើងជាគ្រីស្ទបរិស័ទប្រើប្រាស់លុយរបស់យើង។ ហើយខ្ញុំចងសួរសំណួរនេះដល់លោកអ្នក៖ តើពេលណាជាលើកចុងក្រោយបង្អស់ដែលលោកអ្នកបានរីករាយជាមួយលុយរបស់ខ្លួន?
លោកអ្នកដឹងហើយថា វាមិនអីទេ។ លោកអ្នកមានការអនុញ្ញាតឲ្យរីករាយជាមួយនឹងលុយរបស់ខ្លួន។ តោះ! យើងសាកគិតជាមួយគ្នាមើល។
ខ្ញុំជឿជាក់យ៉ាងច្បាស់ថា អ្វីៗគ្រប់យ៉ាងដែលយើងមានគឺជារបស់ផងព្រះ។ យើងមិនមែនជាម្ចាស់លើលុយយើងទេ ប៉ុន្តែយើងជាអ្នកមើលខុសត្រូវលើលុយរបស់ព្រះវិញ។ យើងភាគច្រើនជឿលើការនេះ ហើយក៏ព្យាយាមរស់នៅតាមការនេះដែរ។ ហើយមានរបៀបជាច្រើនដែលយើងអាចមើលខុសត្រូវលើលុយរបស់ព្រះដោយស្មោះត្រង់បាន។
យើងបម្រើជាអ្នកបម្រើស្មោះត្រង់នៅពេលយើងរស់នៅតាមអ្វីដែលយើងមាន។ យើងបម្រើជាអ្នកបម្រើស្មោះត្រង់នៅពេលយើងសន្សំទុកសម្រាប់ថ្ងៃអនាគត។ យើងបម្រើជាអ្នកបម្រើស្មោះត្រង់នៅពេលយើងផ្ដោតលើការសងបំណុល។ យើងបម្រើជាអ្នកបម្រើស្មោះត្រង់នៅពេលយើងបង់វិក្កយបត្ររបស់យើង និងនៅពេលដែលយើងចំណាយការខិតខំប្រឹងប្រែងក្នុងការព្យាយាមកាត់បន្ថយការចំណាយរបស់យើង។ យើងបម្រើជាអ្នកបម្រើស្មោះត្រង់នៅពេលដែលយើងជៀសវាងពីបំណុលលើសលប់ ការមានអត្រាការប្រាក់ខ្ពស់ ឬក៏ការគិតថាយើងត្រូវការរបស់របរផ្សេងទៀតឲ្យកាន់តែច្រើនក្នុងការរស់នៅ។ យើងបម្រើជាអ្នកបម្រើស្មោះត្រង់នៅពេលយើងផ្តល់ឲ្យដោយមានចិត្តទូលាយដល់កិច្ចការរបស់ព្រះអម្ចាស់ ឬជួយមិត្តភក្ដិដែលខ្វះខាត។ នៅទីបំផុត យើងបម្រើជាអ្នកបម្រើស្មោះត្រង់នៅពេលយើងរស់នៅដោយដឹងថា លុយអាចក្លាយជាព្រះដ៏គួរឲ្យខ្លាច ប៉ុន្តែក៏ជាឧបករណ៍ដ៏ល្អក្នុងការបម្រើព្រះដែរ។
នៅក្នុងដំណើរនេះ យើងក៏អាចបង្កើតទំនាក់ទំនងផ្លូវការ និងប្រកបដោយវិជ្ជាជីវៈជាមួយលុយដែលលុយគ្រាន់តែក្លាយជាមធ្យោបាយលើសជាងឧបករណ៍។ រាល់ប្រាក់ដុល្លារមានការងារមួយការបង់—ជាវិក្កយបត្រ និងការបង់រំលោះ ហើយសន្សំប្រាក់សម្រាប់ចូលនិវត្តន៍ ក៏ដូចជាការជួយឧបត្ថម្ភដល់បេសកជនផ្សេងៗ។ រាល់ប្រាក់ដុល្លារមានការងារ ប៉ុន្តែការងារទាំងនោះមិនច្រើនទេដែលផ្តល់ឲ្យមានការសប្បាយចិត្ត។ យើងប្រើប្រាស់លុយរបស់យើងដោយកាតព្វកិច្ច ប៉ុន្តែកម្រនឹងរីករាយជាមួយនឹងវាណាស់។
មានរឿងល្អៗជាច្រើនដែលយើងអាចធ្វើជាមួយលុយរបស់យើងបាន។ ប៉ុន្តែ ខ្ញុំគិតថា រឿងល្អមួយដែលយើងប្រហែលជាងាយនឹងខកខានគឺ ការគ្រាន់តែរីករាយជាមួយវា។
តើមានពេលណាជាលើកចុងក្រោយបង្អស់ ដែលលោកអ្នកបានផ្តល់ឲ្យកូនម្នាក់ៗ២០ដុល្លារ ហើយកំណត់ឲ្យពួកគាត់ទិញអ្វីៗដោយសេរីនៅក្នុងហាងលក់ប្រដាប់ក្មេងលេង ឬហាងលក់សៀវភៅ? តើមានពេលណាជាពេលចុងក្រោយបង្អស់ដែលលោកអ្នករីករាយនឹងការសម្រាកលម្ហែកាយពិតប្រាកដ? តើមានពេលណាដែលលោកអ្នកទៅហាងពិសេស ហើយទិញនំ និងរបស់ឈ្ងុយឆ្ងាញ់? តើមានពេលណាជាលើកចុងក្រោយបង្អស់ដែលលោកអ្នកបានអង្គុយ ហើយពិសាកាហ្វេមួយពែងដែលថ្លៃ ប៉ុន្តែពិតជាឆ្ងាញ់មែន? តើលោកអ្នកបានទិញសៀវភៅថ្មីចុងក្រោយនៅពេលណា ហើយទិញដោយគ្រាន់តែចង់ទិញ? តើពេលណាជាលើកចុងក្រោយបង្អស់ ដែលលោកអ្នកបានទិញភួងផ្កាដ៏ប្រណិតជូនភរិយា? តើពេលណាជាលើកចុងក្រោយបង្អស់ដែលលោកអ្នកបានរីករាយជាមួយលុយរបស់ខ្លួន?
វាជាការល្អក្នុងការអនុវត្ដការគ្រប់គ្រងខ្លួនជាមួយនឹងលុយរបស់យើង ហើយក៏ជាការល្អក្នុងការប្រើប្រាស់វាឲ្យបានល្អដែរ។ ប៉ុន្តែ វាក៏ជាការល្អក្នុងការរីករាយជាមួយនឹងវាផងដែរ។ ដោយសារលុយមានលក្ខណៈលើសពីគ្រាន់តែជាឧបករណ៍មួយ វាក៏ជាមធ្យោបាយនៃការរីករាយផងដែរ។
ហើយនេះគឺរឿងល្អ៖ នៅពេលដែលអ្នកគ្រប់គ្រងលុយរបស់ខ្លួនបានប្រសើរជាងមុនដូចជាលុយរបស់ព្រះ នោះលោកអ្នកក៏នឹងកាន់តែរីករាយជាមួយការសប្បាយជាមួយការដ៏តិចតួចនេះដែរ។ នៅពេលដែលអ្វីគ្រប់យ៉ាងដែលលោកអ្នកចង់បានពីលុយ គឺការសប្បាយចិត្ត នោះវានឹងផ្តល់នូវការខូចខាត ដែលមិនចេះរីងស្ងួតជាមិនខាន។ ប៉ុន្តែ នៅពេលដែលលោកអ្នកចាត់ចែងវាដោយស្មោះត្រង់ នោះការសប្បាយតិចតួចទាំងនោះនឹងកាន់តែពោរពេញទៅដោយភាពផ្អែមល្ហែមដ៏ប្រសើរ។
ដូច្នេះ ចូរប្រើប្រាស់លុយរបស់អ្នក ហើយប្រើប្រាស់វាដោយមានប្រាជ្ញា ហើយប្រើប្រាស់វា ដើម្បីសិរីល្អទៅដល់ព្រះ។ ប៉ុន្តែ កុំភ្លេចរីករាយជាមួយវាផងដែរ។
មតិយោបល់
Loading…