ការគិតបែបកម្រិតស្ដង់ដារនៃកណ្ឌគម្ពីរសុភាសិតជំពូក៣១សារឡើងវិញ
នៅពេលដែលយើងមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីស្វែងរកការដឹកនាំអំពីរបៀបនៃការធ្វើជាភរិយា និងជាអ្នកម្ដាយដ៏ល្អប្រពៃ យើងមិនអាចគេចផុតពីកណ្ឌគម្ពីរសុភាសិតជំពូក៣១បានទេ។ តើអ្នកណាមិនចង់ធ្វើជាមនុស្សដែលឆ្នើម ចម្រើនផល ខ្លាំង ពូកែថែទាំ ហើយមិនចេះមានភាពភ័យខ្លាចដូចស្ត្រីម្នាក់នោះ?
ប៉ុន្តែ ក្នុងនាមជាមនុស្សសាមញ្ញៗ យើងភាគច្រើននឹងមានអារម្មណ៍អន់ចិត្តនឹងខ្លួនឯង ពេលដែលយើងមើលពីគំរូនៃស្ត្រីដ៏គ្រប់លក្ខណ៍ម្នាក់នេះ។ តើឲ្យអ្នកណាអាចរកនាងឃើញបាន! មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែមានជំនាញ ឬក៏ភាពឆ្នើមក្នុងការរកស៊ីជួញដូរទេ។ យើងទាំងអស់គ្នាក៏មិនអាចមានអំណោយទាន ឬក៏ការច្នៃប្រឌិតក្នុងការកាត់ដេរខោអាវសម្រាប់សមាជិក ក្រុមគ្រួសារយើងទាំងមូលនោះឡើយ។ ហើយយើងខ្ញុំក៏មិនដែលធ្លាប់ជួបបុគ្គលណាម្នាក់ដែលជាមនុស្សចូលគេងយប់ជ្រៅ ហើយភ្ញាក់ពីព្រលឹមដូចជាស្ត្រីនេះដែរ។
បើស្ត្រីនៅក្នុងកណ្ឌគម្ពីរសុភាសិតជំពូក៣១គ្រាន់តែធ្វើឲ្យយើងមានអារម្មណ៍អន់ចិត្តនឹងខ្លួនឯង ទោះបើនៅថ្ងៃដែលយើងអាចធ្វើអ្វីៗគ្រប់យ៉ាងបានយ៉ាងល្អតាមដែលយើងអាចធ្វើបានក៏ដោយ ក៏យើងនៅតែមិនអាចស្មើនឹងស្ដង់ដារនៃការត្រាស់ហៅរបស់ព្រះចំពោះយើងដែរ អញ្ចឹងតើឲ្យនាងអាចជួយយើងបានយ៉ាងដូចម្ដេចទៅខណៈពេលដែលយើងព្យាយាមរស់នៅដោយថ្វាយសិរីល្អដល់ព្រះជាម្ចាស់?
តើនាងបានធ្វើអ្វីខ្លះ?
ព្រះជាម្ចាស់មិនដែលមានបន្ទូលឲ្យយើងអន់ចិត្តនឹងខ្លួនឯងទាក់ទងនឹងការមិនមានអំណោយទានដែលទ្រង់មិនបានប្រទានដល់យើងទេ ឬទាក់ទងនឹងការណាមួយដែលយើងមិនអាចធ្វើនូវអ្វីដែលល្អបាន ព្រោះយើងមិនមានលទ្ធភាពខាងឯសាច់ឈាមដែលអាចធ្វើបាននោះឡើយ។ បើសិនជាពេលដែលយើងមើលទៅកាន់ស្ត្រីដែលមានរៀបរាប់ក្នុងកណ្ឌគម្ពីរសុភាសិតជំពូក៣១ ហើយការនោះធ្វើឲ្យយើងមានអារម្មណ៍អន់ចិត្តនឹងខ្លួនឯង ឬក៏មិនមានលទ្ធភាពក្នុងការធ្វើអ្វីសោះ នោះមានន័យថា យើងទំនងជាមានការយល់ឃើញដែលមិនត្រឹមត្រូវលើនាង ទាក់ទងនឹងរបៀបដែលព្រះជាម្ចាស់បានគ្រោងទុកហើយ។
ចំណុចមួយដែលធ្វើឲ្យយើងមានការភាន់ច្រឡំគឺទំនងជាទាក់ទងនឹងកិរិយាសព្ទបច្ចុប្បន្នកាលក្នុងការបកប្រែ។ ទេវវិទូសញ្ញាចាស់ម្នាក់បានលើកឡើងថា តាមពិតទៅកិរិយាសព្ទក្នុងកណ្ឌគម្ពីរសុភាសិតជំពូក៣១គឺជាកិរិយាសព្ទអតីតកាល។ កិរិយាសព្ទបច្ចុប្បន្នកាលទំនងជាបង្ហាញថា ស្ត្រីម្នាក់ធ្វើនូវរាល់គ្រប់អ្វីៗក្នុងរដូវកាលតែមួយក្នុងជីវិតរបស់គាត់ ប៉ុន្តែលោកគ្រូ ជេសិន ឌីរ៉ូជី (Jason DeRouchie) បានលើកឡើងថា តាមពិតទៅខទាំងនេះកំពុងតែសង្ខេបអំពីផលផ្លែនៃជីវិតស្ត្រីម្នាក់ដែលគាត់ទទួលបាន និងមានអស់ជាយូរឆ្នាំមកហើយ ដោយលើកជាគោលៗអំពីចំណុចស្មោះត្រង់ដែលគាត់បានធ្វើជាច្រើនដងក្នុងឆាកជីវិតរបស់គាត់។
ប្រសិនបើអ្វីដែលគាត់បានលើកឡើងជាការត្រឹមត្រូវមែន នោះយើងខ្ញុំអាចធូរចិត្តយ៉ាងខ្លាំង ខណៈពេលដែលយើងខ្ញុំសញ្ជឹងគិតអំពីការខិតខំប្រឹងប្រែងរបស់យើងខ្ញុំពីអតីតកាល និងខណៈពេលដែលយើងខ្ញុំព្យាយាមបន្តរស់នៅតាមរបៀបជាស្ត្រីដែលកោតខ្លាចព្រះជាម្ចាស់។
ស្ត្រីដែលនៅពីក្រោយស្ត្រី
ប៉ុន្តែ ទោះជាយ៉ាងណាក្ដី មិនថាយើងបកប្រែកិរិយាសព្ទទាំងនោះតាមរបៀបណាក៏ដោយ ក៏យើងនឹងមើលរំលងនូវអ្វីដែលស្ត្រីក្នុងកណ្ឌគម្ពីរសុភាសិតជំពូក៣១កំពុងតែព្យាយាមនិយាយទៅកាន់ស្ត្រីផ្សេងៗក្នុងសម័យនេះជាមិនខាន បើយើងគ្រាន់តែមើលនូវអ្វីដែលគាត់ធ្វើ។ នាងប្រាកដជាក្លាយទៅជាបុគ្គលដែលធ្វើឲ្យយើងមានពិរុទ្ធភាព និងអាម៉ាស់ខ្លួនហើយ បើយើងគ្រាន់តែសិក្សាអត្ថបទនេះ ដើម្បីរកមើលនូវអ្វីដែលយើងគួរធ្វើ ជាជាងរកមើលមូលហេតុ និងការជំរុញចិត្តដែលបណ្ដាលឲ្យនាងធ្វើនូវអ្វីដែលនាងធ្វើ។
យើងរកឃើញនូវតម្រុយមួយចំនួនអំពីចំណុចដែលដឹកនាំដួងចិត្តនៃប្រាជ្ញារបស់នាងក្នុងអត្ថបទនេះ ប៉ុន្តែចំណុចដ៏សំខាន់បំផុតដែលជំរុញចិត្តនាង—បុគ្គលដែលដឹកនាំនាងក្នុងរាល់កិច្ចការដែលនាងធ្វើត្រូវបានលើកឡើងនៅចុងបរិបទ។ យើងគួរអានជំពូកទាំងមូល—គ្រប់កិរិយាសព្ទ—ដោយរំពឹងលើកិរិយាសព្ទមួយក្នុងខ៣០ «រូបឆោមឆាយជាសេចក្ដីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ» (សុភាសិត ៣១:៣០)។
ស្ត្រីម្នាក់នេះកោតខ្លាចព្រះអម្ចាស់។ តាមពិតទៅ ខគម្ពីរនេះលើកឡើងថា នោះឯងគឺជាមូលហេតុដែលនឹងមានគេសរសើរនាង។ ស្ត្រីក្នុងកណ្ឌគម្ពីរសុភាសិតជំពូក៣១គឺជាស្ត្រីដែលកោតខ្លាចព្រះអម្ចាស់—និយាយម្យ៉ាងវិញទៀត៖ នាងឃើញប្រាជ្ញាក្នុងការចង់ស្ដាប់ត្រាប់តាមនូវអ្វីដែលព្រះជាម្ចាស់បង្គាប់ឲ្យនាងធ្វើ និងថ្វាយព្រះកិត្តិយសដល់ព្រះអម្ចាស់តាមជីវិតរបស់នាងទាំងមូល។ តើអ្វីទៅជាការ «កោតខ្លាចដល់ព្រះយេហូវ៉ា» ក្នុងកណ្ឌគម្ពីរសុភាសិត? ដើមចមនៃតម្រិះ ( សុភាសិត ១:៧, ២៩; ២:៥; ៩:១០; ១៥:៣៣)។
គឺជាដួងចិត្តរបស់នាងក្នុងការថ្វាយព្រះកិត្តិយសដល់ព្រះអម្ចាស់តាមរយៈជីវិតរបស់នាង ដែលការនោះនាំឲ្យនាងរស់នៅដោយមានប្រាជ្ញាដ៏ពិត ហើយនោះឯងជាអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យស្ត្រីគ្រប់ៗរូបត្រាប់ និងធ្វើតាម។ ពេលដែលលោកអ្នកត្រឡប់ទៅអាននូវអ្វីៗដែលនាងធ្វើវិញ ដោយរំពឹងលើខ៣០ នោះលោកអ្នកនឹងឃើញអំពីមូលហេតុចម្បងដែលជំរុញស្ត្រីម្នាក់នេះជាមិនខាន។
សមនឹងទុកចិត្តបាន
ស្ត្រីដែលកោតខ្លាចព្រះជាម្ចាស់នឹងចង់ស្រឡាញ់ និងគោរពប្ដីរបស់ខ្លួន។ ច្បាស់ណាស់! ប្ដីរបស់ស្ត្រីដែលកណ្ឌគម្ពីរសុភាសិតជំពូក៣១រៀបរាប់ក៏បានបញ្ជាក់ជាអំណះអំណាងអំពីការខិតខំប្រឹងប្រែងរបស់នាងដែរ ព្រោះប្ដីរបស់នាងទុកចិត្តនាង (សុភាសិត ៣១:១១)។ ប្តីនាងមិនគ្រាន់តែទុកចិត្តនាងបែបជាលក្ខណៈទូទៅនោះឡើយ ប៉ុន្តែទុកចិត្តទាំងស្រុងយ៉ាងអស់ពីជម្រៅចិត្តតែម្ដង។
គាត់បានទុកចិត្តទាំងស្រុងលើប្រពន្ធរបស់គាត់ ព្រោះខ១២បានចែងថា «នាងនឹងធ្វើឲ្យប្ដីបានសេចក្ដីល្អ មិនមែនអាក្រក់ឡើយ រហូតដល់អស់១ជីវិតនាង»។ ប្រពន្ធគាត់មិនមែនគ្រាន់តែនាំឲ្យប្ដីបានសេចក្ដីល្អម្ដងម្កាលនោះឡើយ ប៉ុន្តែជារៀងរាល់ថ្ងៃដែលចំណុចនេះត្រូវបានលើកឡើង ជាពិសេសនៅពេលដែលនាងមានអារម្មណ៍ឆេវឆាវ ក៏ដូចជាមានហេតុផលខឹងប្ដីខ្លួនទៀតផង។ ចំពោះនាង ការដែលប្តីនាងទុកចិត្តនាងគឺជាចំណុចដ៏សំខាន់ណាស់។ នាងចង់ឲ្យប្ដីនាងអាចប្រាប់រឿងសម្ងាត់ដល់នាង ហើយឲ្យប្ដីនាងដឹងថា នាងនឹងរក្សាទុកនូវការប្រឹក្សារបស់នាង។ នាងចង់ការពារកិត្តិយសប្ដីរបស់នាង ហើយមិនចង់និយាយបែបអវិជ្ជមានអំពីប្ដីនាងនៅចំពោះមុខអ្នកដទៃទេ។ ប្រាកដណាស់! ប្តីនាងអាចទុកចិត្តលើអ្វីដែលនាងបានប្ដេជ្ញាថានឹងធ្វើសម្រាប់គាត់។ ម្ដងហើយម្ដងទៀត ប្រពន្ធគាត់គ្រប់គ្រងផ្ទះសំបែងក្នុងរបៀបដែលគាត់មានអារម្មណ៍សន្តិភាពក្នុងការប្រគល់ឲ្យនាងធ្វើនូវការងារ ឬកិច្ចការដែលនាងគួរធ្វើ។
តើប្ដីរបស់បងប្អូនទុកចិត្តបងប្អូនដែរឬទេ? តើបងប្អូនព្យាយាមរស់នៅក្នុងរបៀបជាសាធារណៈ និងសម្ងាត់ដោយផ្ដល់ជាមូលហេតុឲ្យប្តីខ្លួនទុកចិត្តបងប្អូនដែរឬទេ? តើបងប្អូននិយាយអំពីចំណុចល្អៗរបស់គាត់គ្រប់ពេលដែរឬទេ? បងប្អូនអើយ! យើងមិនចាំបាច់មានអំណោយទានពិសេសៗក្នុងការឲ្យគាត់ទុកចិត្តយើងឡើយ។ យើងគ្រាន់តែត្រូវការឲ្យតម្លៃប្តីរបស់យើងក្នុងរបៀបដែលយើងអាចផ្ដល់កិត្តិយសដល់គាត់ និងដល់ព្រះអម្ចាស់បានហើយ។
ខិតខំធ្វើការ
យើងមិនអាចប្រកែកបានទេត្រង់ថា ស្ត្រីនៃកណ្ឌគម្ពីរសុភាសិតជំពូក៣១គឺជាស្ត្រីដែលធ្វើការយ៉ាងនឿយហត់។ នាងមានអំណោយទានច្រើនណាស់ ហើយក៏ធ្វើការជាច្រើនផងដែរ ប៉ុន្តែចំណុចស្នូលនៃបទគម្ពីរនេះគឺមិនមែនដើម្បីព្រមានឲ្យស្ត្រីគ្រប់គ្នាត្រូវតែធ្វើនូវរាល់អ្វីៗដូចដែលនាងធ្វើនោះឡើយ។ ចំណុចគោលគឺ៖ យើងត្រូវមានចិត្តចង់ខំធ្វើការលំបាកៗដែលព្រះជាម្ចាស់បានត្រាស់ហៅឲ្យយើងធ្វើ ហើយការដែលយើងចង់ខំធ្វើការឲ្យបានល្អ តាមដែលយើងអាចធ្វើបាន ក៏ធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យដែរ។
ស្ត្រីម្នាក់នេះមិនមានពេលយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកផ្សេងទេ។ ច្បាស់ណាស់! នាងមិនខ្វល់អំពី «ការមានពេលវេលាផ្ទាល់ខ្លួន» ទេ។ នាង «ឥតដែលបរិភោគអាហារដោយសេចក្ដីកំជិលឡើយ» (សុភាសិត ៣១:២៧)។ នាងមិនមែនជាស្ត្រីដែលធ្វើឲ្យពេលវេលាបាត់បង់ឡើយ។ ផ្ទុយទៅវិញ នាងប្រើប្រាស់ពេលវេលារបស់នាងឲ្យមានប្រយោជន៍—ការធ្វើនូវអ្វីៗដែលជាជំនួយ។ ខគម្ពីរក៏មិនបានលើកឡើងអំពីការដែលនាងតវ៉ា ឬក៏រអ៊ូរទាំទាក់ទងនឹងទំនូលខុសត្រូវរបស់នាងដែរ។ នាងផ្ដោតលើការបម្រើគ្រួសារនាង និងអ្នកដទៃ ហើយនាងក៏មានការបើកចំហចិត្តក្នុងការស្ម័គ្រនឹងធ្វើការងារទាំងនោះដែរ។
ដោយមានជំនួយពីព្រះជាម្ចាស់ យើងមានលទ្ធភាពក្នុងការខំធ្វើការ ការព្យាយាមមិនខ្ជះខ្ជាយពេលវេលា និងការចេះស្ម័គ្រចិត្តដ៏ស្រទន់ក្នុងគ្រប់កិច្ចការទាំងអស់ដែលយើងធ្វើផងដែរ។
កម្លាំង
ខ១៧មានចែងថា «នាងទម្លាប់ចង្កេះឲ្យមានកម្លាំង ហើយឲ្យដៃបានខ្លាំងឡើងដែរ»។ ការមានកម្លាំងខាងឯសាច់ឈាម—ការថែរក្សារូបរាងកាយរបស់នាងដែលជាវិហារ—គឺជាចំណុចគោល។ «ការហាត់ប្រាណ» របស់នាងមិនទាក់ទងនឹងការទៅកន្លែងហាត់ប្រាណទេ ប៉ុន្តែនាងធ្វើនេះធ្វើនោះ ទៅនេះទៅនោះ ហូបចុកត្រឹមត្រូវ និងការធ្វើនូវការងារដែលត្រូវឲ្យមានការនឿយហត់ខាងឯសាច់ឈាមវិញ។
ហើយការមានកម្លាំងខាងឯសាច់ឈាមគឺមិនមែនគ្រាន់តែជាការមួយដែលខគម្ពីរបានពណ៌នាអំពីនាងនោះដែរ។ នាងគ្មានការព្រួយបារម្ភអំពីរឿងដែលនាងមិនមានការគ្រប់គ្រងលើឡើយ។ នាងទុកចិត្តលើព្រះជាម្ចាស់ក្នុងការដែលទ្រង់ជួយ និងរក្សានាង ព្រមទាំងក្រុមគ្រួសាររបស់នាងក្នុងរាល់ចំណុចដែលនាងមិនអាចធ្វើទៅបាន ហើយនាងធ្វើនូវអ្វីដែលនាងអាចធ្វើបាន។ ព្រះអង្គដ៏មានពេញទៅដោយសេចក្ដីស្រឡាញ់គឺជាព្រះអង្គដែលគ្រប់គ្រងលើអនាគតគ្រួសាររបស់នាង។ ចំណែកឯកិច្ចការរបស់នាងគឺ៖ បន្តរស់នៅ បន្តធ្វើការ និងបន្តស្រឡាញ់ក្នុងរបៀបដែលថ្វាយព្រះកិត្តិយសដល់ព្រះជាម្ចាស់។ ទ្រង់មានទំនូលខុសត្រូវលើរាល់ចំណុចផ្សេងៗដែលព្រះរាជបុត្រារបស់ព្រះអង្គបានបំពេញនូវរាល់ចំណុចនានាដែលនាងមិនអាចសម្រេចបានតាមរយៈព្រះលោហិតរបស់ទ្រង់។
ចិត្តសប្បុរស និងការថែរក្សា
ខ២៦មានចែងថា «នាងពោលដោយប្រាជ្ញា ហើយនៅអណ្ដាតនាងមានសេចក្ដីសប្បុរស»។ យើងឃើញពីភស្តុតាងនៃរបៀបដែលនាងរស់នៅដោយបង្ហាញសេចក្ដីពិតនេះតាមរយៈដែលនាងបានធ្វើល្អចំពោះប្ដីខ្លួន (សុភាសិត ៣១:១២)។ កូនៗនាងក្រោកឡើងដោយគោរព និងប្រទានពរដល់នាង (សុភាសិត ៣១:២៨)។ ហើយនាងក៏ឈោងដៃដល់មនុស្សកំសត់ទុគ៌ត និងមនុស្សក្រលំបាកផងដែរ (សុភាសិត ៣១:២០)។ តើអ្នកនៅជុំវិញបងប្អូនសប្បាយចិត្តនឹងសេចក្ដីសប្បុរស និងការយកចិត្តទុកដាក់របស់បងប្អូនចំពោះពួកគាត់ដែរឬទេ? តាមរយៈជំនួយពីព្រះជាម្ចាស់ យើងទាំងអស់គ្នាអាចព្យាយាមចេះមានសេចក្ដីសប្បុរសចំពោះអស់អ្នកដែលព្រះជាម្ចាស់បានដាក់ក្នុងជីវិតរបស់យើង ហើយយើងក៏អាចព្យាយាមញែកពេលវេលា ជំនាញ និងអំណោយទានរបស់យើងក្នុងការជួយអស់អ្នកដែលមានស្ថានភាពលំបាកជាងយើងបានដែរ។
ចេះកោតខ្លាចព្រះអម្ចាស់នាង
ស្ត្រីដែលមានរៀបរាប់ក្នុងកណ្ឌគម្ពីរសុភាសិតជំពូក៣១គឺមិនមែនជាស្ត្រីដែលតំណាងឲ្យស្ដង់ដារដែលយើងមិនអាចត្រាប់តាមបាននោះទេ ប៉ុន្តែនាងតំណាងឲ្យស្ដង់ដារនៃការកោតខ្លាចព្រះជាម្ចាស់—សព្វថ្ងៃនេះយើងហៅថា «ការមានរូបអង្គដូចព្រះគ្រីស្ទ»។ ខគម្ពីរទាំងអស់នេះគួរចាត់ទុកជាខគម្ពីរដែលលើកទឹកចិត្តយើងឲ្យមានចិត្តចង់ចេះកោតខ្លាចព្រះជាម្ចាស់ដូចដែលនាងកោតខ្លាចព្រះជាម្ចាស់របស់នាង ចេះចង់ព្យាយាមរៀនធ្វើឲ្យប្ដីរបស់នាងទុកចិត្តខ្លួនបាន ចេះខិតខំធ្វើការ ចេះមានកម្លាំង និងចិត្តសប្បុរសផងដែរ។
ការប្ដេជ្ញាចិត្តទៅកាន់ព្រះអម្ចាស់សម្រាប់គ្រួសាររបស់នាង និងការងារដែលទ្រង់បានប្រទានដោយមានទំនុកចិត្តដល់នាងឲ្យមើលថែគឺបេះដូង គំនិត និងកម្លាំងនៃរូបកាយរបស់នាង។ ខណៈពេលដែលយើងត្រាប់តាមគំរូរបស់នាង និងជីវិតដូចនាងដែលកើតចេញពីជំនឿរបស់នាង នោះយើងនឹងទទួលបានព្រះពរ ហើយក៏នឹងក្លាយជាព្រះពរដល់អ្នកដទៃជាមិនខានផងដែរ។
មតិយោបល់
Loading…