in ,

មូល​ហេតុ​ដែល​លោក អ័ដាម សំខាន់​សម្រាប់​បេសកកម្ម​ពិភព​លោក

https://youtu.be/lI6Uv7enMyI

សូម​លោក​គ្រូ​ជួយ​បញ្ជាក់​ទំនាក់​ទំនង​របស់​លោក អ័ដាម ជាមួយ​នឹង​បេសកកម្ម​ពិភព​លោក។ ហេតុ​អ្វី​បាន​ជា​លោក អ័ដាម សំខាន់​ម៉្លេះ​ទាក់ទង​ទៅ​នឹង​ជីវិត​បេសកជន?

ជាង​១០​ឆ្នាំ​មុន ខ្ញុំ​បាន​ចំណាយ​ពេល​អធិប្បាយ​លើ​កណ្ឌ​គម្ពីរ​រ៉ូម ហើយ​ខ្ញុំ​បាន​អធិប្បាយ​ដល់​ជំពូក​៥ មុន​នោះ​ក៏​ខ្ញុំ​មិន​ដែល​ធ្លាប់​គិត​អំពី​ចំណុច​អស្ចារ្យ​នៃ​កណ្ឌ​គម្ពីរ រ៉ូម ៥:១២-២១ ទាក់​ទង​នឹង​ការ​ធ្វើ​បេសកកម្ម​ទេ។ ខ​នោះ​បាន​ចាប់​ផ្ដើម​ដូច​ត​ទៅ «ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ៍ ដោយ​សារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មក​ដែរ ដោយ​សារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ» (ខ១២)។ ហើយ​បន្ទាប់​មក​សាវ័ក ប៉ុល បាន​បន្ត​ដោយ​ប្រៀប​ធៀប​លោក អ័ដាម និង​ព្រះ​គ្រីស្ទ​ថា​ជា​អ្នក​ដឹក​នាំ​មនុស្ស​ជាតិ​ពីរ​នាក់​ខុស​គ្នា។ យើង​ទាំង​អស់​គ្នា​សុទ្ធតែ​នៅ​ក្នុង​លោក អ័ដាម ពីព្រោះ​គាត់​គឺ​ជា​ឪពុក​របស់​យើង។ ហើយ​ចំពោះ​យើង​ដែល​បាន​ទទួល​យក​ព្រះ​គុណ​ដែល​មាន​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ គឺ​យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​នេះ​មាន​ន័យ​ថា​ព្រះ​អង្គ​គឺ​ជា​បិតា​ថ្មី​របស់​យើង ដោយ​ព្រោះ​ទ្រង់​បាន​បង្កើត​មនុស្ស​ជាតិ​ថ្មី។

ដែល​នេះ​ចំពោះ​ខ្ញុំ​មាន​ន័យ​ថា គ្រប់​កុលសម្ព័ន្ធ គ្រប់​ក្រុម​មនុស្ស​លើ​ផែនដី—ដែល​មាន​រាប់​ពាន់​នាក់—ប្រសិន​បើ​លោក​អ្នក​ចូល​ទៅ​ក្រុម​ណា​មួយ ហើយ​រៀន​ភាសា និង​វប្បធម៌​របស់​ពួក​គាត់ ហើយ​រក​របៀប​ណា​មួយ​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​នឹង​ពួក​គាត់ នោះ​លោក​អ្នក​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ថា សារ​ដែល​លោក​អ្នក​នាំ​ទៅ​កាន់​ពួក​គាត់​មិន​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ពួក​គាត់​ក្នុង​របៀប​ណា​មួយ ក្នុង​វប្បធម៌​របស់​ពួក​គាត់​ឡើយ។ ពីព្រោះ​លោក​អ្នក​អាច​ប្រកាស​សារ​នេះ​ទៅ​កាន់​ពួក​គាត់៖ មាន​មនុស្ស​ម្នាក់​ពី​ដំបូង​គេ​បង្អស់​ដែល​យើង​ទាំង​អស់​គ្នា​កើត​ចេញ​ពី​គាត់។ នោះ​គឺ​ជា​របៀប​ដែល​សាវ័ក ប៉ុល បាន​អធិប្បាយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ​ជំពូក​១៧។ ហើយ​បញ្ហា​របស់​លោក​អ្នក​ក៏​ដូច​នឹង​បញ្ហា​របស់​ខ្ញុំ​ដែរ ពីព្រោះ​ជីដូន​ជីតា​ពី​បុរាណ​របស់​យើង​បាន​បោះបង់​ទាស់​ប្រឆាំង​នឹង​ព្រះ​អាទិករ ហើយ​គាត់​បាន​ធ្លាក់​ក្នុង​អំពើ​បាប ហើយ​ក៏​តែងតែ​ទាស់​ប្រឆាំង​នឹង​ព្រះ​អាទិករ​មួយ​អង្គ​នោះ ចាប់​តាំង​តែ​ពី​ពេល​នោះ​មក។ ហើយ​ព្រះ​ជា​ម្ចាស់​ក៏បាន​ចាត់​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ឲ្យ​មក​ផែនដី​នេះ ដើម្បី​ឲ្យ​ការ​មិន​ស្ដាប់​បង្គាប់​នេះ​អាច​ទទួល​បាន​ការ​ជានា​គ្នា​វិញ តាម​រយៈ​ការ​ស្តាប់​បង្គាប់​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ទ្រង់ និង​តាម​រយៈ​ការ​សុគត ដែល​គ្រប​បាំង​រាល់​អំពើ​បាប។

ស្ពាន​សម្រាប់​បេសកកម្ម​ក្នុង​ឪពុក/បិតា​ដូច​គ្នា

ក្នុង​របៀប​នៃ​ការ​គិត​ដូច​នេះ—ទទួល​ការ​ថ្កោល​ទោស​តាម​រយៈ​លោក អ័ដាម នឹង​ទទួល​បាន​ការ​រាប់​ជា​សុចរិត​តាម​រយៈ​ព្រះ​គ្រីស្ទ—មិន​មែន​ជា​អ្វី​ដែល​វប្បធម៌​មាន​លក្ខន្តិកៈ​លើ​នោះ​ទេ។ លោក​អ្នក​ទំនង​ជា​ត្រូវ​ព្យាយាម​រៀប​ពាក្យ​ពេចន៍ ប៉ុន្តែ​ចំណុច​នោះ​ផ្ទាល់​គឺ​ជា​ផ្នត់​គំនិត​សកល។ នេះ​គឺ​ជា​មូល​ហេតុ​ដែល​សេចក្ដី​បង្រៀន​នេះ​ពិត​ជា​អស្ចារ្យ​មែន ទាក់​ទង​ទៅ​នឹង​បេសកកម្ម ពីព្រោះ​បេសកកម្ម​កំពុង​តែ​ឆ្លើយ​សំណួរ​នេះ «តើ​យើង​អាច​ប្រាប់​ដំណឹង​ល្អ​ទៅ​កាន់​អស់​អ្នក​ដែល​មិន​ដឹង​អ្វី​សោះ​បាន​ដោយ​របៀប​ណា?»។ ពួក​គាត់​មិន​ដឹង​អ្វី​សោះ​អំពី​ដំណើរ​រឿង​នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ ប៉ុន្តែ​យើង​អាច​ភ្ជាប់​ដំណើរ​រឿង​នោះ​បាន​តាម​រយៈ​ឪពុក​ពី​បុរាណ​របស់​យើង និង​តាម​រយៈ​ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់​ដែល​បាន​យាង​មក​ផែនដី ហើយ​ទទួល​ទោស​ដែល​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​មាន។ ដូច្នេះ ចំណុច​នេះ​អាច​ឆ្លង​វប្បធម៌​បាន​ក្នុង​របៀប​ដែល​គួរ​ឲ្យ​កត់​សម្គាល់។

ទាំង​អស់​នេះ​មាន​ន័យ​ថា នៅ​ពេល​ដែល​បេសកជន​ត្រៀម​ខ្លួន​ក្នុង​ការ​ទៅ​កន្លែង​ណា​ដែល​ពួក​គាត់​កំពុង​តែ​រៀប​ចង់​ទៅ នោះ​ការ​ផ្ដោត​របស់​គាត់​គឺ​មិន​គួរ​គ្រាន់​តែ​លើ​ការ​រៀន​ភាសា ការ​សិក្សា​ពី​មនុស្ស​ជាតិ និង​វប្បធម៌​ទេ។ សព្វ​ថ្ងៃ​នេះ មាន​ការ​ផ្ដោត​យ៉ាង​ខ្លាំង​លើ​ចំណុច​ដែល​ថា ជោគជ័យ​របស់​យើង​អាស្រ័យ​លើ​ថា​យើង​ចេះ​ដឹង​ច្រើន​ក្នុង​ចំណុច​ទាំង​នោះ​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​បេសកកម្ម។ ទាំង​នោះ​ក៏​សំខាន់​ដែរ។ ខ្ញុំ​មិន​ចង់​ថា វា​គ្មាន​តម្លៃ​នោះ​ទេ ប៉ុន្តែ​ទេវវិទ្យា និង​ការ​យល់​ដឹង​លើ​ព្រះ​បន្ទូល—ជា​ពិសេស​លើ​កណ្ឌ​គម្ពីរ​រ៉ូម​ជំពូក៥—គឺ​ពិត​ជា​សំខាន់​ណាស់។

ដូច្នេះ បេសកជន​គួរ​តែ​ជា​មនុស្ស​ដែល​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​លើ​ទេវវិទ្យា​បែប​ព្រះ​គម្ពីរ​ដូច​នេះ។ នៅ​ពេល​ដែល​ពួក​គាត់​ចាប់​ផ្ដើម​យល់​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ពិត​ជា​បាន​លើក​ឡើង​មែន នោះ​ពួក​គាត់​នឹង​ឃើញ​ថា​ខ្លួន​ពិត​ជា​អាច​យល់​វប្បធម៌​នៃ​មនុស្ស​ជាតិ​ដែល​ពួក​គាត់​កំពុង​តែ​លើក​ឡើង ពីព្រោះ​ព្រះ​គម្ពីរ​មាន​ឫសគល់​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​លើ​អ្វី​ដែល​ពិត។ ហើយ​ចំណុច​នេះ​ក៏​មិន​មែន​គ្រាន់​តែ​សម្រាប់​បញ្ហា​របស់​លោក អ័ដាម និង​ការ​រាប់​ជា​សុចរិត​នោះ​ទេ ប៉ុន្តែ​លើ​បញ្ហា​ជា​ច្រើន​ផ្សេងៗ​ទៀត។ វា​នឹង​មិន​ដែល​លែង​ជា​ប្រយោជន៍​ចំពោះ​លោក​អ្នក ក្នុង​ការ​ព្យាយាម​សិក្សា​ព្រះ​បន្ទូល ក៏​ដូច​ជា​ផ្នែក​ផ្សេងៗ​នៃ​វប្បធម៌ នៅ​ពេល​ដែល​លោក​អ្នក​ត្រៀម​ខ្លួន​នោះ​ទេ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក​ស្រី ឡូញ ស្រីរ័ត្ន, លោក សឹម រក្សា និង​លោក​ ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។  Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ដំណឹង​ល្អ​

គន្លឹះ​នៃ​សេចក្ដី​ជំនឿ៖ ការ​ឃ្វាល​កូនៗ​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក