in ,

ហេតុ​អ្វី​ព្រះ​ជា​ម្ចាស់​បង្គាប់​ឲ្យ​ហោរា ហូសេ រៀប​ការ​ជា​មួយ​​ស្រី​សំផឹង? (ហូសេ ១:៣)

«រួច​ព្រះ​យេហូវ៉ា ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ឲ្យ​ឯង​ទៅ​ស្រឡាញ់​ស្រី​មួយ​ទៀត​ចុះ គឺ​ជា​ស្រី​ដែល​មាន​អ្នក​ដទៃ​ស្រឡាញ់​ហើយ ក៏​ជា​ស្រី​សំផឹង​ផង ដូច​ជា​ព្រះ​យេហូវ៉ា​ទ្រង់​ក៏​ស្រឡាញ់ ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែរ ទោះ​បើ​គេ​បែរ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដទៃ ហើយ​គេ​ចូល​ចិត្ត​នឹង​ផែន​ទំពាំង​បាយ​ជូរ​ក៏​ដោយ។ ដូច្នេះ ខ្ញុំ​ក៏​ទិញ​នាង​មក​សម្រាប់​ខ្លួន ដោយ​ប្រាក់​១៥​ដួង​នឹង​ស្រូវ​ឱ​ក​១​ថាំង​កន្លះ។ រួច​ខ្ញុំ​និយាយ​នឹង​នាង​ថា ត្រូវ​ឲ្យ​ឯង​នៅ​សម្រាប់​អញ ជា​យូរ​លង់​មិន​ត្រូវ​ឲ្យ​ក្បត់​អញ ឬ​ទៅ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ​ណា​ឡើយ អញ​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​ឯង​ដូច្នោះ​ដែរ។ នេះ​ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​នៅ​ឥត​មាន​ស្ដេច​ឬ​ចៅហ្វាយ ឥត​ការ​ថ្វាយ​យញ្ញ​បូជា ឬ​បង្គោល​គោរព ឥត​អេផូឌ ឬ​រូប​ព្រះ​ជា​យូរ​អង្វែង។ ក្រោយ​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​វិល​មក​វិញ ហើយ​នឹង​ស្វែង​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​គេ និង​ដាវីឌ​ជា​ស្ដេច​របស់​គេ​នៅ​ជាន់​ក្រោយ​បង្អស់ គេ​នឹង​មក​ពឹង​ជ្រក​នឹង​ព្រះ​យេហូវ៉ា ហើយ​នឹង​សេចក្ដី​សប្បុរស​នៃ​ទ្រង់​ដោយ​ញាប់​ញ័រ» (ហូសេ ៣:១-៥)។

ប្រពន្ធ​មិន​ស្មោះត្រង់
ព្រះ​យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ហោរា ហូសេ រៀប​ការ​ជា​មួយ «ស្រី​សំផឹង [zenunim]» (១:២)។ ពាក្យ​នេះ​នៅ​ក្នុង​ភាសា​ហេព្រើរ​ចង្អុល​បង្ហាញ​ពី​អាកប្បកិរិយា​ផ្លូវ​ភេទ​ខុស​ច្បាប់។ លោក ម៉ូសេ បាន​ប្រើ​ពាក្យ​នេះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៣៨:២៤ សំដៅ​ទៅ​លើ​កន្លែង​ដែល​ស្រី​ពេស្យាចារ​នាង តាម៉ារ បាន​ធ្វើ​សំផឹង ដើម្បី​ល្បួង​លោក យូដា។ នាង កូមើរ ដែល​ជា​ប្រពន្ធ​របស់​ហោរា ហូសេ ក៏​បាន​ជាប់​ឈ្មោះ​បែប​នោះ។ នេះ​មិន​មែន​មក​ពី​នាង​គឺ​ជា​ស្រី​សំផឹង​នោះ​ទេ តែ​នេះ​ព្រោះ​នាង​ជា (ឬ​ក៏​នឹង​ក្លាយ​ទៅ​ជា) ស្ត្រី​ដែល​គេ​ស្គាល់​ថា​អ្នក​ផិត​ក្បត់​ខាង​ផ្លូវ​ភេទ។

ព្រះ​គម្ពីរ​កែ​សម្រួល​បាន​បក​ប្រែ​ឃ្លា​ចុង​ក្រោយ​នៃ​កណ្ឌ​គម្ពីរ ហូសេ ១:២ ថា «ដ្បិត​ស្រុក​នេះ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា»។ វចនានុក្រម​ភាសា​ហេព្រើរ​អាន​ដោយ​ឆ្គាំ​ឆ្គង​ថា « ដ្បិត​ស្រុក​នេះ​ប្រព្រឹត្តិ​អំពើ​ផិត​ក្បត់​យ៉ាង​ធំ​សម្បើម​ពី​មុខ​ពី​ក្រោយ​ព្រះ​អម្ចាស់»។ នេះ​គឺ​ជា​ការ​លើក​ឡើង​ដំបូង​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ហូសេ ដែល​ព្រះ​ជាម្ចាស់​បាន​ដាក់​អង្គ​ទ្រង់​ជំនួស​អ្នក​ដែល​ស្រឡាញ់​មនុស្ស​ដែល​គេ​បោះបង់ (សូម​អាន​បន្ថែម​នៅ​ជំពូក ២:២-៥, ជា​ពិសេស ខ.៥) ហោរា ហូសេ ធ្វើ​តាម​ការ​បង្គាប់​របស់​ព្រះ​យេហូវ៉ា ដោយ​រៀប​ការ​ជា​មួយ​នាង កូមើរ ហើយ​នាង​ក៏​បាន​បង្កើត​កូន​ប្រុស​ម្នាក់​ឲ្យ​គាត់ (១:៣)។

នៅ​ក្នុង​ផ្នែក​នៃ​ការ​បរិយាយ​អំពី​ជីវប្រវត្តិ​របស់​អ្នក​និពន្ធ​នៅ​ជំពូក ៣:១-៥ ហោរា ហូសេ បាន​ប្រាប់​យើង​អំពី​សាច់​រឿង​របស់​គាត់ ដូច​ជា​ការ​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ដោយ​ប្រាប់​យើង​ថា ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​គាត់​ធ្វើ​ជា​តំណាង​របស់​ទ្រង់។ ប៉ុន្តែ ចុះ​ស្ត្រី​ដែល​គាត់​ត្រូវ​យក​ធ្វើ​ជា​ប្រពន្ធ​វិញ​នោះ ជា​នាង កូមើរ មែន​ឬ? ខ​គម្ពីរ​មិន​បាន​លើក​ឡើង​អំពី​នាង​ឲ្យ​បាន​ច្បាស់​លាស់​ណាស់​ណា​នោះ​ទេ។ នាង​គឺ​ជា​ស្រី​កំផិត ហើយ «ជា​ស្រី​ដែល​មាន​អ្នក​ដទៃ​ស្រឡាញ់» នាង (ខ.១) ។ ប៉ុន្តែ វា​ពិត​ជា​ពិបាក​យល់​ណាស់ ប្រសិន​បើ​ស្ត្រី​ម្នាក់​នោះ​មិន​មែន​ជា​នាង កូមើរ។ ចំណុច​សំខាន់​នោះ​គឺ​ហាក់​ចង់​បង្ហាញ​អំពី​ការ​ដែល​ស្វាមី​ដ៏​ចម្លែក​របស់​នាង​បាន​ស្វែង​រក​នាង ធ្វើ​គ្រប់​អ្វីៗ​ដែល​ចាំបាច់ ដើម្បី​រំដោះ​នាង​ពី​បុរស​ផ្សេង​ទៀត ហើយ​នាំ​នាង​ត្រឡប់​មក​ផ្ទះ​វិញ មិន​ថា​គាត់​ត្រូវ​បង់​ថ្លៃ​អស់​ប៉ុន្មាន​ក្ដី (សាច់​ប្រាក់ និង​ស្រូវ​ឱក ខ.២)។ នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​មហិមា​របស់​ព្រះ​ជា​ម្ចាស់​ចំពោះ​សាសន៍​អ៊ីស្រាអែល។ នាង​ខ្វះ​ជំនឿ ហើយ​ក៏​ក្បត់​ស្វាមី (ព្រះ​ជាម្ចាស់) តាម​រយៈ​ការ​ថ្វាយ​បង្គំ​ព្រះ​ដទៃ​ទៀត។ នំ​ទំពាំងបាយជូរ (ខ.១)—ដែល​បាន​លើក​ឡើង​ទន្ទឹម​ជា​មួយ​នឹង «ព្រះ​ដទៃ)—ជាក់​ស្ដែង វា​ជា​របស់​មួយ​ពី​សាសនា​ក្លែងក្លាយ ហើយ​ការ​លើក​ឡើង​នៅ​ត្រង់​នេះ​ក៏​ភ្ជាប់​មក​ជា​មួយ​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​គ្មាន​សេចក្ដី​ស្មោះត្រង់​របស់​អ៊ីស្រាអែល។ នាង​ស្រឡាញ់​ការ​កំផិត​របស់​នាង។

ហោរា ហូសេ បាន​ដាក់​នូវ​ច្បាប់​សម្រាប់​នាង កូមើរ៖ នាង​ត្រូវ​តែ​តម​រួម​មេត្រី​ឲ្យ​បាន​យូរ។ ភាព​ញៀន​នឹង​ចំណង់​ផ្លូវ​ភេទ​របស់​នាង​ត្រូវ​តែ​ព្យាបាល​តាម​រយៈ​ការ​តម «ជា​យូរ​លង់» (ខ.៣) ។ ពិត​ណាស់ ហោរា ហូសេ ក៏​សន្យា​ថា​នឹង​តម​ដូច​គ្នា​ដែរ («អញ​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​ឯង​ដូច្នោះ​ដែរ»)។ នេះ​គឺ​ជា​រូបភាព​នៃ​ប្រជា​ជាតិ​មួយ​ដែល​ពួក​គេ​នឹង​ចំណាយ​ពេល​ជា​យូរ​ថ្ងៃ ដើម្បី​បំបាត់​ស្ដេច​ដែល​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ (ខ.៤)។ យ៉ាង​ហោច​ណាស់ នោះ​មាន​ន័យ​ថា អ៊ីស្រាអែល​នឹង​លែង​ជា​ប្រជា​ជាតិ​ដែល​មាន​អធិបតេយ្យ​ទៀត។ វា​ក៏​អាច​មាន​ន័យ​ផង​ដែរ​ថា ការ​លើក​ឡើង​ដោយ​នៅ​ស្ថានភាព​ជាក់​លាក់​មួយ​អំពី​អ្នក​ដឹក​នាំ​នយោបាយ​របស់​ពួក​គេ​គឺ ដោយ​ព្រោះ​ពួក​គេ​ជា​ក្បាល​ម៉ាស៊ីន​នៃ​សាសនា​ក្លែង​ក្លាយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មាន​ការ​លើក​ឡើង ដើម្បី​នឹង​បញ្ឈប់​សាសនា​ក្លែង​ក្លាយ​នានា​ផង​ដែរ។ មិនថា​ក្នុង​ករណី​ណា​ក៏​ដោយ ក្ដី​អន្តរាយ​ដែល​ពួក​គេ​នឹង​ជួប​នឹង​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​បំផ្លាញ​ដល់​រចនា​សម្ព័ន្ធ​នយោបាយ និង​ការ​អនុវត្ត​ជំនឿ​របស់​ពួក​គេ («គ្មាន​យញ្ញ‌​បូជា ឬ​បង្គោល​គោរព ក៏​គ្មាន​អេផូឌ ឬ​ថេរ៉ាភីម​ទេ» ខ.៤)។

សេចក្ដី​សន្យា​នៃ​ភាព​ស្មោះត្រង់
មិន​យូរ​ប៉ុន្មាន ក្រោយ​ពី​ពេល​ដែល​ហោរា ហូសេ បាន​ទាយ នោះ​សាសន៍​អ៊ីស្រាអែល​ក៏​ត្រូវ​បាន​បំផ្លិចបំផ្លាញ​យ៉ាង​ខ្ទេចខ្ទី និង​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ស្រុក​អាសស៊ើរ (២ពង្សាវតារក្សត្រ ១៨:៩-១២)។ ប៉ុន្តែ នេះ​នៅ​មិន​ទាន់​ចប់​សម្រាប់​ប្រជា​រាស្ត្រ​របស់​ព្រះ​ជា​ម្ចាស់​នៅ​លើ​ទឹកដី​របស់​ខ្លួន​នោះ​ទេ ដោយ​សារ​ពួក​គេ​នឹង​ត្រឡប់​មក​វិញ​ដូច​ព្រះ​បន្ទូល​បាន​សន្យា (ហូសេ ៣:៥) ត្រូវ​បាន​បំពេញ​នៅ​ពេល​យូដា​ដែល​ជា​ជន​និរទេស​បាន​ត្រឡប់​មក​ពី​ភាព​ជា​ទាសករ​នៅ​ទីក្រុង​បាប៊ីឡូន​វិញ «ហើយ​ស្វែង​រក​ព្រះ​យេហូវ៉ា ជា​ព្រះ​របស់​គេ ហើយ​ដាវីឌ ជា​ស្ដេច​របស់​គេ…ហើយ​នឹង​ចូល​មក​រក​ព្រះ​យេហូវ៉ា​ទាំង​ញាប់ញ័រ»។ ពាក្យ «ញាប់ញ័រ» ជា​ធម្មតា​សំដៅ​ទៅ​លើ​ភាព​ភ័យ​ស្លន់ស្លោ ឬ​ភាព​ភិតភ័យ​ជា​ខ្លាំង៖ អ៊ីស្រាអែល​អាច​នឹង​រៀន​បាន​ថា ការ​ដោះ​ស្រាយ​របស់​ព្រះ​អម្ចាស់​ជា​មួយ​នឹង​អំពើ​បាប​ពិត​ជា​តឹង​រឹង​ណាស់។ ពិត​ណាស់ ព្រះ​បន្ទូល​ទំនាយ​នេះ​មិន​មែន​សំដៅ​ចំពោះ​ស្ដេច ដាវីឌ ផ្ទាល់​នោះ​ទេ។ ជំនួស​នោះ​វិញ ទំនាយ​នេះ​សម្លឹង​ទៅ​កាន់​សេចក្ដី​សង្ឃឹម​សម្រាប់​មហាក្សត្រ​ដ៏​សុចរិត​ដែល​នឹង​គ្រង​លើ​បល្ល័ង្ក​នៅ​ក្រុង​យេរូសាឡឹម គឺ​នៅ​លើ​បល្ល័ង្ក​របស់​ស្ដេច ដាវីឌ ។ អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា និង​ពី​ស្ដេច​របស់​ទ្រង់​នឹង​ស្វែង​រក​ពួក​គេ ហើយ​ពួក​គេ​នឹង​រក​បាន​សេចក្ដី​សុខសាន្ត និង​ស្តា​ទំនាក់ទំនង​ឡើង​វិញ​ជា​មួយ​ព្រះ​ជា​មិន​ខាន។

ព្រះ​យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ហោរា ហូសេ រៀប​ការ​ជា​មួយ «ស្រី​សំផឹង [zenunim]» (១:២)។ ពាក្យ​នេះ​នៅ​ក្នុង​ភាសា​ហេព្រើរ​ចង្អុល​បង្ហាញ​ពី​អាកប្បកិរិយា​ផ្លូវ​ភេទ​ខុស​ច្បាប់។ លោក ម៉ូសេ បាន​ប្រើ​ពាក្យ​នេះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៣៨:២៤…

និពន្ធ​ដោយ៖ George M. Schwab Sr.
បក​ប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា និង​លោក​ ង៉ែត វិទូ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.crossway.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ការ​ចំណាយ​ពេល​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង​គ្រប់​គ្រាន់​សម្រាប់​ការ​ចំណាយ​ពេល​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ដែរ​ឬ​ទេ?

តើ​អ្វី​ជា​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ?