«ប្រសិនបើព្រះយេហូវ៉ាគង់នៅជាមួយយើងខ្ញុំមែន ហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់យើងខ្ញុំដូច្នេះ?» (ពួកចៅហ្វាយ ៦:១៣)។
លោក គេឌាន បានសួរសំណួរនេះរាប់ពាន់ឆ្នាំមុន ហើយឥឡូវនេះយើងក៏កំពុងតែសួរសំណួរនេះដែរ។ ប្រាកដណាស់! យើងសុទ្ធតែធ្លាប់សួរសំណួរនេះដោយមានការលាក់បាំង (ប្រសិនបើមិនជាការសួរយ៉ាងឮៗ) ក៏ធ្លាប់សួរពេលយើងកំពុងរងទុក្ខផងដែរមែនទេ?
តាមរយៈការបន្តជិះជាន់របស់ពួកសាសន៍ម៉ាឌាន នោះសាសន៍អ៊ីស្រាអែលក៏មានការបាក់ទឹកចិត្ត។ មានមនុស្សជាច្រើន (ក៏ដូចលោក គេឌាន) ឃើញថា ទុក្ខលំបាកបែបនេះហាក់បីដូចជាមិនអាចយល់បានសោះ ប្រសិនបើព្រះជាម្ចាស់ពិតជាគង់នៅជាមួយនឹងរាស្ត្ររបស់ទ្រង់មែន។ ពួកគេធ្លាប់ឮដំណើររឿងជាច្រើននៃអំណាចរបស់ព្រះជាម្ចាស់ ប៉ុន្តែដោយសារពួកគេមិនធ្លាប់បានឃើញការបើកបង្ហាញផ្ទាល់ ដូច្នេះពួកគេក៏បានបន្តសង្ស័យលើព្រះវត្តមានរបស់ព្រះជាម្ចាស់។ នេះហើយគឺជាមូលហេតុដែលលោក គេឌាន បានសួរទេវតារបស់ព្រះយេហូវ៉ា ដោយមានបង្កប់ទាំងការចំអកបញ្ឈឺចិត្ត «ឯណាទៅការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ ដែលបុព្វបុរសរបស់យើងខ្ញុំបានថ្លែងប្រាប់?»។ ហើយគាត់ក៏បន្តលើកឡើងដោយអស់សង្ឃឹមទាំងស្រុងថា៖ «ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលយើង» (ពួកចៅហ្វាយ ៦:១៣)។
ពេលមើលកាលៈទេសៈរបស់លោក គេឌាន មិនបានឃើញភស្តុតាងថា ព្រះជាម្ចាស់កំពុងតែនៅទីនោះ ឬក៏ថាព្រះជាម្ចាស់យកចិត្តទុកដាក់ដែរ។
ហេតុអ្វីបានជាការនេះកើតឡើង?
ខ្ញុំមានអារម្មណ៍ដូចលោក គេឌាន អស់ជាច្រើនឆ្នាំ។ ខ្ញុំធ្លាប់ងឿងឆ្ងល់ថា ហេតុអ្វីបានជារឿងពិបាកៗកើតឡើង ខណៈពេលដែលព្រះជាម្ចាស់គឺជាព្រះដែលមានពេញទៅដោយសេចក្ដីស្រឡាញ់កំពុងតែគ្រប់គ្រង។ ពេលដែលអ្នកដទៃបានប្រាប់ខ្ញុំថា «ព្រះជាម្ចាស់ស្រឡាញ់អ្នក»។ ខ្ញុំគិតថា «ប្រសិនបើព្រះជាម្ចាស់ស្រឡាញ់ខ្ញុំ ចុះហេតុអ្វីបានជារឿងនេះបានកើតឡើងមកកាន់ខ្ញុំអញ្ចឹង?»។
ក្នុងនាមជាអ្នកដែលនៅរស់ដោយឆ្លងកាត់ជំងឺស្វិតដៃស្វិតជើងតាំងពីខ្ញុំនៅជាទារិកា ខ្ញុំទទួលការវះកាត់ជាច្រើនដងជារៀងរាល់ឆ្នាំ ទាំងរស់នៅក្នុង និង ក្រៅមន្ទីរពេទ្យ ។ តាំងពីពេលដែលខ្ញុំនៅជាកុមារ និងពេលដែលខ្ញុំមានវ័យជំទង់ ខ្ញុំបានជឿជាក់យ៉ាងខ្លាំងថា ព្រះជាម្ចាស់ដែលល្អមិនអាចស្រឡាញ់ខ្ញុំ ហើយបន្តទតមើលការរងទុក្ខរបស់ខ្ញុំបានឡើយ។ ដូច្នេះ ខ្ញុំក៏បានធ្វើសេចក្ដីសន្និដ្ឋានថា «ព្រះជាម្ចាស់មិនល្អទេ មិនមានព្រះជន្ម ហើយក៏មិនយកចិត្តទុកដាក់ស្អីដែរ។ ប្រសិនបើទ្រង់ល្អ ហើយយកចិត្តទុកដាក់អំពីខ្ញុំ ហេតុអ្វីបានជារឿងទាំងអស់នោះបានកើតឡើងមកកាន់ខ្ញុំអញ្ចឹង?»
ប៉ុន្តែ ពេលខ្ញុំមានអាយុ១៦ឆ្នាំ ក្នុងសេចក្ដីមេត្តាករុណារបស់ទ្រង់ ព្រះជាម្ចាស់បានឆ្លើយនូវសំណួរដែលខ្ញុំបានសួរអស់ជាច្រើនឆ្នាំនោះតាមរយៈកណ្ឌគម្ពីរយ៉ូហានជំពូក៩។ ចម្លើយរបស់ព្រះអង្គសាមញ្ញ ហើយចំៗ៖ «គឺដើម្បីឲ្យព្រះបានបង្ហាញកិច្ចការរបស់ព្រះ» (យ៉ូហាន ៩:៣)។
ពាក្យដ៏តូចមួយបានផ្ដួលយើង
ខ្ញុំក៏ទទួលភាពកក់ក្ដៅក្នុងសេចក្ដីពិតថា ព្រះជាម្ចាស់គង់នៅជាមួយខ្ញុំ ហើយក៏អាចប្រើប្រាស់ការរងទុក្ខរបស់ខ្ញុំ ដើម្បីបង្ហាញសិរីល្អរបស់ទ្រង់បានដែរ ប៉ុន្តែនៅពេលមានការតយុទ្ធថ្មីៗកើតឡើង ពេលខ្លះខ្ញុំក៏ត្រឡប់ទៅសួរសំណួរដូចដើមវិញ៖ «ប្រសិនបើព្រះជាម្ចាស់គង់នៅជាមួយខ្ញុំមែន ហេតុអ្វីបានជារឿងនេះបានកើតឡើងមកកាន់ខ្ញុំអញ្ចឹង?»។
បន្ទាប់ពីកូនប្រុសរបស់ខ្ញុំបានស្លាប់ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់បានបោះបង់ខ្ញុំចោល។ ប្រសិនបើព្រះជាម្ចាស់ស្រឡាញ់ខ្ញុំមែន ហេតុអ្វីបានជាព្រះអង្គមិនរក្សាជីវិតសុខជា? ហើយបន្ទាប់ពីពេលដែលប្ដីរបស់ខ្ញុំចុះចោលពីខ្ញុំ នោះខ្ញុំក៏បានស្រែកដាក់ភាពងងឹត «ឱព្រះជាម្ចាស់អើយ! ប្រសិនបើទ្រង់ស្រឡាញ់ខ្ញុំ ហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យការនេះបានកើតឡើងមកកាន់ខ្ញុំអញ្ចឹង?»។
សំណួរទាំងអស់នោះទំនងពិតជាធ្វើឲ្យអារក្សសាតាំងសប្បាយចិត្តណាស់។ អារក្សសាតាំងបង្វែរសេចក្ដីពិតឲ្យក្លាយជាមន្ទិលសង្ស័យវិញ ដោយប្រើប្រាស់ពាក្យដ៏តូចមួយនោះគឺ៖ បើ។ ពេលដែលសាតាំងទៅល្បួងព្រះយេស៊ូវ វាបានចាប់ផ្ដើមដោយប្រើប្រាស់ពាក្យ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន» (ម៉ាថាយ ៤:៣)។ ទាំងអារក្សសាតាំង និងព្រះយេស៊ូវបានដឹងថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ គ្រប់គ្នាដែលនៅកន្លែងដែលព្រះយេស៊ូវបានទទួលពិធីជ្រមុជទឹកក៏បានដឹងផងដែរថា ព្រះអង្គគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ (ម៉ាថាយ ៣:១៧)។ ទោះជាយ៉ាងណាក្ដី នៅពេលដែលព្រះយេស៊ូវកំពុងតែគង់នៅតែឯកអង្គនៅឯទីវាលរហោស្ថាន អារក្សសាតាំងក៏បានល្បួងឲ្យព្រះអង្គមានមន្ទិលសង្ស័យលើអ្វីដែលទ្រង់មិនអាចបដិសេធបានដោយដឹងថាជាសេចក្ដីពិត។
ព្រះអម្ចាស់គង់នៅជាមួយអ្នក
សាតាំងក៏ល្បួងយើងក្នុងរបៀបដូចគ្នាដែរ។ នៅពេលដែលមើលទៅហាក់បីដូចជាថាសំណូមពរអធិស្ឋានរបស់យើងគ្មានការឆ្លើយតប នោះសារតាំងចង់ឲ្យយើងមិនទុកចិត្តលើព្រះជាម្ចាស់ ហើយងឿងឆ្ងល់សួរអំពីសេចក្ដីសន្យារបស់ទ្រង់។ សាតាំងចង់ឲ្យយើងមានមន្ទិលសង្ស័យលើសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់ ហើយទាមទារភស្តុតាងនៃសេចក្ដីស្រឡាញ់របស់ទ្រង់ ដោយចាក់ចុចយើងឲ្យសួរថា៖ «បើព្រះស្រឡាញ់ខ្ញុំ ហេតុអ្វីបានជាខ្ញុំមានការរងទុក្ខ?»។ ឬក៏ដូចលោក គេឌាន បានសួរ «បើព្រះអម្ចាស់គង់ជាមួយយើង ចុះហេតុអ្វីបានជាមានការនេះកើតឡើង?»។
បើព្រះអម្ចាស់គង់ជាមួយយើង? បើព្រះជាម្ចាស់ស្រឡាញ់ខ្ញុំ? ប្រយោគទាំងនោះមិនគួរមានពាក្យ «បើ» ពីមុខវាឡើយ។ ព្រះជាម្ចាស់បានធានាព្រះវត្តមាន និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះអស់អ្នកដែលនៅក្នុងព្រះគ្រីស្ទ។ ពេលសាតាំងមកល្បួងយើងឲ្យសួរអំពីលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ ដាច់ខាតយើងត្រូវតែឈរឲ្យនឹងនរលើសេចក្ដីពិតនៃព្រះបន្ទូល។
នៅក្នុងព្រះគ្រីស្ទ យើងដឹងថាព្រះជាម្ចាស់តែងតែគង់នៅជាមួយយើង។ «ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំនៃម្លប់សេចក្ដីស្លាប់ក៏ដោយក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ» (ទំនុកតម្កើង ២៣:៤)។ ព្រះយេស៊ូវមានបន្ទូលថា «មើល៍! ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃរហូតដល់គ្រាចុងបំផុត» (ម៉ាថាយ ២៨:២០)។ ព្រះអង្គនឹងមិនដែលភ្លេចយើង ឬក៏បោះបង់យើងចោលឡើយ។
លទ្ធផលនៃសេចក្ដីស្រឡាញ់របស់ទ្រង់
ព្រះអម្ចាស់នៃយើងស្រឡាញ់យើងយ៉ាងពោរពេញទៅដោយការមានតម្លៃ។ ព្រះជាម្ចាស់មានបន្ទូលថា «យើងបានស្រឡាញ់អ្នកដោយសេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរអស់កល្ប» (យេរេមា ៣១:៣)។ ព្រះយេស៊ូវមានបន្ទូលថា «ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះវរបិតាស្រឡាញ់ខ្ញុំដែរ» (យ៉ូហាន ១៥:៩)។ ក្នុងក្ដីស្រឡាញ់ ព្រះជាម្ចាស់បានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ដើម្បីឲ្យមកសុគតជំនួសអំពើបាបរបស់យើង។ គ្មានអ្វីអាចបំបែកយើងពីសេចក្ដីស្រឡាញ់របស់ទ្រង់បានឡើយ។
រាល់ខគម្ពីរទាំងអស់ធានាអះអាងមកកាន់យើងថា ព្រះជាម្ចាស់គង់នៅជាមួយយើង ហើយថាព្រះអង្គស្រឡាញ់យើងដែរ។ ជាច្រើននាក់ក្នុងចំណោមយើងសុទ្ធតែធ្លាប់បានដឹងអំពីសេចក្ដីពិតនេះតាំងពីយើងនៅក្មេងមកម្ល៉េះ៖ «ព្រះយេស៊ូវស្រឡាញ់ខ្ញុំណាស់—នេះខ្ញុំដឹង។ ដ្បិតព្រះគម្ពីរសម្ដែងយ៉ាងច្បាស់»។ ដោយមានការធានាអះអាងចេញពីគ្រប់ទិសទី ដូច្នេះយើងត្រូវតែរារាំងខ្លួនពីការសួរសំណួរដូចៗនេះ។ ផ្ទុយទៅវិញ យើងគួរតែថា៖ «ដោយសារព្រះជាម្ចាស់ស្រឡាញ់ខ្ញុំ ដូច្នេះហេតុអ្វីបានជាការនេះបានកើតឡើង?»។
ដោយសារព្រះជាម្ចាស់ស្រឡាញ់ខ្ញុំ។ ឃ្លានេះបំផ្លាស់បំប្រែគ្រប់អ្វីៗទាំងអស់។ វាណែនាំតម្រង់ផ្លូវចិត្តយើងឡើងវិញ។ វាបង្វែរឲ្យខ្ញុំទៅរកព្រះជាម្ចាស់។ នៅពេលដែលខ្ញុំមានមូលដ្ឋានលើសេចក្ដីពិតដែលថា ព្រះជាម្ចាស់ស្រឡាញ់ខ្ញុំ នោះខ្ញុំនឹងមើលកាលៈទេសៈរបស់ខ្ញុំដោយមានភ្នែកថ្មី។ ជាជាងសួរនាំអំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ខ្ញុំព្យាយាមរៀបចំគំនិត និងទង្វើរបស់ខ្ញុំឲ្យមានភាពស៊ីគ្នាជាមួយនឹងព្រះអង្គ ដោយដឹងថារាល់គ្រប់អ្វីៗនៅក្នុងជីវិតរបស់ខ្ញុំគឺជាលទ្ធផលនៃសេចក្ដីស្រឡាញ់ និងព្រះវត្តមានរបស់ទ្រង់ មិនមែនការមិនពេញចិត្ត ឬក៏ដោយអវត្តមានរបស់ព្រះអង្គឡើយ។
ជាជាងបង្ខំឲ្យព្រះជាម្ចាស់ឆ្លើយតបនឹងខ្ញុំ ផ្ទុយទៅវិញ ខ្ញុំអាចសួរខ្លួនឯងថា៖ តើព្រះជាម្ចាស់កំពុងតែធ្វើអ្វីក្នុងការរងទុក្ខរបស់ខ្ញុំ? តើខ្ញុំអាចរៀនបានអ្វីចេញពីការល្បងលមួយនេះ?
ការទទួលយកសេចក្ដីល្បងលដោយមានជំនឿ
ដោយមានទស្សនៈថ្មីបែបនេះ ការទទួលជឿតាមរយៈជំនឿថាសេចក្ដីល្បងលរបស់ខ្ញុំគឺត្រូវបានប្រទានមកដោយក្ដីស្រឡាញ់ នោះខ្ញុំអាចរកមើលដោយចេតនានូវសេចក្ដីល្អដែលព្រះជាម្ចាស់កំពុងតែនាំមកចេញពីការរងទុក្ខរបស់ខ្ញុំ។
ពេលខ្លះ យើងពិបាករកឃើញសេចក្ដីល្អណាស់។ ហើយចំណុចតូចតាចដែលខ្ញុំអាចមើលឃើញ ពេលខ្លះខ្ញុំមានអារម្មណ៍ថា វាមិនសូវសំខាន់សោះពេលប្រៀបធៀបទៅនឹងការរងទុក្ខដែលខ្ញុំកំពុងតែឆ្លងកាត់។ ពេលនោះឯងគឺជាពេលវេលាដែលដាច់ខាតខ្ញុំត្រូវតែរម្លឹកខ្លួនឯងថា ការរងទុក្ខរបស់ខ្ញុំកំពុងតែបង្កើតឲ្យ «មានសិរីល្អដ៏លើសលប់ ស្ថិតស្ថេរនៅអស់កល្បជានិច្ច រកអ្វីប្រៀបផ្ទឹមពុំបាន» (២កូរិនថូស ៤:១៧)។ ហើយព្រះជាម្ចាស់ក៏មានគោលបំណងក្នុងរាល់ចំណុចទាំងអស់នោះដែរ។
ខណៈពេលដែលយើងទំនងជាមិនរៀនបានគោលបំណងយ៉ាងចំៗក្រោយរាល់ការតយុទ្ធ ក៏យើងនៅដឹងថាព្រះជាម្ចាស់ប្រើប្រាស់ការរងទុក្ខទាំងអស់នោះ ដើម្បីចម្រើនទំនុកចិត្តរបស់យើងលើព្រះអង្គដែរ។ ដើម្បីឲ្យជំនឿរបស់យើងកាន់តែមានភាពជ្រាលជ្រៅ ហើយទាញយើងឲ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយនឹងព្រះអង្គ។ ដើម្បីផ្ដល់អត្ថន័យថ្មីលើលក្ខណសម្បត្តិរបស់យើង ដើម្បីរៀបចំយើងសម្រាប់ព័ន្ធកិច្ច ដើម្បីឲ្យយើងអាចផ្ដល់នូវភាពកក់ក្ដៅដល់អ្នកផ្សេងទៀតនូវភាពកក់ក្តៅដែលយើងបានទទួល។ ហើយខណៈពេលដែលយើងមានអំណរក្នុងព្រះអង្គ ទោះបើតាមរយៈការឈឺចាប់ក៏ដោយ នោះព្រះជាម្ចាស់ក៏នឹងទទួលបានសិរីល្អដែរ។
ព្រះជាម្ចាស់មិនស្រឡាញ់ការរងទុក្ខទេ
ព្រះជាម្ចាស់មិនស្រឡាញ់ការរងទុក្ខរបស់លោកអ្នកឡើយ។ ព្រះអង្គស្រឡាញ់លោកអ្នក។ ព្រះអង្គនឹងដើរជាមួយនឹងលោកអ្នក សូម្បីតែតាមរយៈជ្រលងនៃភាពងងឹតក៏ដោយ ហើយទ្រង់ក៏នឹងមិនដែលបោះបង់លោកអ្នកចោលឡើយ។
នៅពេលដែលព្រះជាម្ចាស់នាំនូវការល្បងលចូលមកក្នុងជីវិតលោកអ្នក សូមកុំសួរនាំអំពីសេចក្ដីស្រឡាញ់របស់ព្រះអង្គ ឬក៏រត់គេចចេញពីព្រះអង្គឡើយ។ ព្រះអង្គកំពុងតែសម្រេចនូវអ្វីមួយដែលគួរឲ្យអស្ចារ្យក្នុងលោកអ្នក សម្រាប់លោកអ្នក និងតាមរយៈលោកអ្នក។ ដោយសារព្រះអម្ចាស់គង់ជាមួយលោកអ្នក ហើយដោយសារព្រះអម្ចាស់ស្រឡាញ់លោកអ្នក នោះរាល់គ្រប់អ្វីៗដែលកើតឡើងមកកាន់លោកអ្នកគឺពោរពេញទៅដោយព្រះហឫទ័យគ្រោងទុករបស់ព្រះអង្គ។ រាល់គ្រប់សេចក្ដីល្បងលដែលលោកអ្នកបានឆ្លងកាត់ក៏បានឆ្លងកាត់តាមរយៈព្រះហស្តនៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់រួចស្រេចទៅហើយ។ ហើយនៅថ្ងៃមួយ នៅពេលដែលលោកអ្នកអាចឃើញជំនឿរបស់លោកអ្នក នោះលោកអ្នកនឹងអរព្រះគុណព្រះអង្គសម្រាប់រាល់ទុក្ខលំបាកទាំងអស់ជាមិនខាន។
មតិយោបល់
Loading…