in ,

គួរ​យល់​ដឹង​អំពី​សំណួរ-ចម្លើយ

ចំណុច​៩​យ៉ាង​ដែល​លោក​អ្នក​គួរ​យល់​ដឹង​អំពី​សំណួរ-ចម្លើយ

១. សំណួរ-ចម្លើយ​គឺ​ជា​ទម្រង់​មួយ​នៃ​ការ​ណែនាំ

សំណួរ-ចម្លើយ​គឺ​ជា​ទម្រង់​មួយ​នៃ​ការ​ណែនាំ​ខាង​ឯ​ជំនឿ​សាសនា ជា​ទូ​ទៅ​មាន​បទ​បង្ហាញ​ជា​ទម្រង់​និយាយ។ ជា​ទូ​ទៅ ការ​ណែនាំ​មាន​មូល​ដ្ឋាន​លើ​សៀវភៅ ឬ​ក៏​ឯកសារ​ដែល​គេ​ហៅ​ថា (“catechism” ក្នុង​ភាសា​អង់គ្លេស ប្រែ​ជា​ភាសា​ខ្មែរ​ថា​ជា «សំណួរ-ចម្លើយ») ដែល​មាន​គោលការណ៍​សង្ខេបៗ ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​គោល​ជំនឿ​សាសនា។

២. សំណួរ-ចម្លើយ​គឺ​ជា​របៀប​បង្រៀន​មួយ​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ

ពាក្យ​នានា​ដែល​ទាក់ទង​នឹង “catechism” ក្នុង​ភាសា​អង់គ្លេស​គឺ​ជា​ពាក្យ​ដែល​កើត​ចេញ​ពី​ក្នុង​ភាសា​ក្រិក “katecheo” («ខាតថិខិអូ») ដែល​មាន​ន័យ​ថា «ការ​បង្រៀន​ផ្ទាល់​មាត់ ឬ​ក៏​ការ​ណែនាំ»។ យើង​អាច​ឃើញ​លំនាំ​នៃ​ការ​បង្រៀន​បែប​នេះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ លូកា ១:៤ និង​១កូរិនថូស ១៤:១៩។ សាវ័ក ប៉ុល ក៏​បាន​បង្រៀន​ដូច​របៀប​នេះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ កាឡាទី ៦:៦ នៅ​ពេល​ដែល​គាត់​បាន​លើក​ឡើង​ថា «អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះ​បន្ទូល នោះ​ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ឲ្យ​ដល់​គ្រូ​នោះ​ផង»។ ដូច​គ្នា​ផង​ដែរ នៅ​ក្នុង​កណ្ឌ​គម្ពីរ កិច្ចការ ១៨:២៥ សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ថា​លោក អ័ប៉ុឡូស «បាន​សិក្សា​ខាង​ឯ​ផ្លូវ​ព្រះ​អម្ចាស់…បាន​ជា​គាត់​អធិប្បាយ​ហើយ​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ ពី​អស់​ទាំង​សេចក្ដី​ខាង​ឯ​ព្រះ​អម្ចាស់»។

៣. សំណួរ-ចម្លើយ​គឺ​ជា​របៀប​បង្រៀន​មួយ​ពី​ប្រវត្តិ​សាស្ត្រ

ស្ទើរ​តែ​គ្រប់​និកាយ និង​ប្រពៃណី​ក្នុង​ប្រវត្តិ​សាស្ត្រ​ក្រុម​ជំនុំ​នីមួយៗ​បាន​ប្រើ​ប្រាស់​ទម្រង់​ផ្ទាល់​មួយ​ចំនួន​នៃ​សំណួរ-ចម្លើយ​សម្រាប់​ការ​បង្រៀន​អំពី​ជំនឿ​សាសនា​ទៅ​កាន់​កុមារ និង​មនុស្ស​ធំ​ដែល​ជា​គ្រីស្ទ​បរិស័ទ៖ និកាយ​លូធ័រិន (“Lutherans” សំណួរ-ចម្លើយ​ខ្លីៗ​របស់​លោក​គ្រូ លូធ័រ “Luther’s Small Catechism”) និកាយ​ប្រេសប៊ីធើរាន (“Presbyterians” សំណួរ-ចម្លើយ​គោល​ជំនឿ​គ្រីស្ទាន​ជា​ភាសា​ខ្មែរ “Westminster Shorter Catechism”) និកាយ​បាទីស្ទ (“Baptist” សំណួរ-ចម្លើយ​ខ្លីៗ​របស់​លោក​គ្រូ ខិក “Keach’s Catechism”) និកាយ​កាតូលិក (“Catholics” សំណួរ-ចម្លើយ​នៃ​ក្រុម​ជំនុំ​កាតូលិក “Catechism of the Catholic Church”) និកាយ​ក្រុម​ជំនុំ​អង់គ្លីខិន (“Anglicans” សំណួរ-ចម្លើយ​ពី​សៀវភៅ​ការ​អធិស្ឋាន​រួម “The Catechism from the Book of Common Prayer”)។ល។

៤. ជា​ទូ​ទៅ សំណួរ-ចម្លើយ​មាន​ចំណុច​សំ​ខាន់ៗ​៤​យ៉ាង​

ខណៈ​ពេល​ចំណុច​នៃ​គោល​ជំនឿ​នៃ​សំណួរ-ចម្លើយ​មាន​ភាព​ខុសៗ​គ្នា​យ៉ាង​ខ្លាំង​ពី​ក្រុម​ជំនុំ​ដំបូង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ក៏​ចំណុច​សំខាន់​នៃ​សំណួរ-ចម្លើយ​នៅ​មាន​រួម​នូវ​ចំណុច៤យ៉ាង៖ គោល​ជំនឿ​នៃ​ពួក​សាវ័ក ព្រះ​បន្ទូល​អំពី​ការ​អធិស្ឋាន ក្រឹត្យ​វិន័យ​ទាំង​១០​ប្រការ និង​ការ​បង្រៀន​លើ​ពិធី​បង្ហូរ​ព្រះ​គុណ (ឧ. ពិធី​លាង​ព្រះ​អម្ចាស់ និង​ពិធី​ច្រមុជ​ទឹក)។

៥. អ្នក​កំណែ​ទម្រង់​ជឿ​ថា​ពួក​គាត់​បាន «រក​ឃើញ​ឡើង​វិញ» នូវ​សំណួរ-ចម្លើយ

បន្ទាប់​ពី​សម័យ​កំណែ​ទម្រង់ មាន​គ្រូ​ប្រូតេស្តង់​ជា​ច្រើន​នាក់​ជឿ​ថា អ្វី​ដែល​បុព្វការី​ជន​នៅ​សម័យ​កណ្ដាល​បាន​បង្រៀន នោះ​គេ​មិន​គួរ​រាប់​ថា​ជា​សំណួរ-ចម្លើយ​នោះ​ទេ។ អ្វី​ដែល​លោក​គ្រូ ចន ខិលវិន (John Calvin) បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ផ្ដើម​នៃ​សៀវភៅ​សំណួរ-ចម្លើយ​របស់​គាត់​ថា​អារក្ស​ផ្ទាល់​បាន​ផ្តួល​រម្លំ​សំណួរ-ចម្លើយ​ចោល ហើយ «ក៏​មិន​បាន​បន្សល់​អ្វី​ក្រៅ​ពី​ភាព​កំប៉ិកកំប៉ុក​តែ​ប៉ុណ្ណោះ ដែល​នឹង​បង្កើត​ឲ្យ​មាន​តែ​អបិយ​ជំនឿ បើ​គ្មាន​ផល​ផ្លែ​នៃ​ការ​ស្អាង​ឡើង​វិញ​ទេ»។ ហើយ​លោក​គ្រូ ម៉ធិន លូសើរ (Martin Luther) ក៏​បាន​លើក​ឡើង​ថា «តាម​រយៈ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់ ខ្ញុំ​បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង ដល់​ថ្នាក់​ថា​ឥឡូវ​នេះ​ក្មេង​ស្រី ឬ​ក្មេង​ប្រុស​ដែល​មាន​អាយុ​១៥​ឆ្នាំ​ស្គាល់​គោល​ជំនឿ​គ្រីស្ទ​បរិស័ទ​ច្រើន​ជាង​ទេវវិទូ​ទាំង​អស់​នៃ​មហាវិទ្យាល័យ​ដ៏​អស្ចារ្យ​នានា​ដែល​ធ្លាប់​ដឹង​នៅ​សម័យ​មុនៗ​ទៅ​ទៀត។ ក្នុង​ចំណោម​យើង យើង​បាន​ត្រឡប់​ទៅ​ប្រើ​ប្រាស់​សំណួរ-ចម្លើយ​វិញ៖ ព្រះ​បន្ទូល​អំពី​ការ​អធិស្ឋាន គោល​ជំនឿ​នៃ​ពួក​សាវ័ក ក្រឹត្យ​វិន័យ​ទាំង​១០​ប្រការ…»

៦. ទម្រង់​សំណួរ-ចម្លើយ​ទាក់​ទង​គ្នា​ជា​មួយ​នឹង​លោកគ្រូ ម៉ធិន លូសើរ

ស្ទើរ​តែ​គ្រប់​ទម្រង់​សំណួរ-ចម្លើយ​ទាំង​អស់​ទាម​ទារ​ឲ្យ​មាន​ទម្រង់​នៃ​ការ​ទន្ទេញ​ឲ្យ​ចំ​មាត់​ខ្លះៗ។ ប៉ុន្តែ មិន​មែន​ថា​គ្រប់​ទម្រង់​សំណួរ-ចម្លើយ​ទាំង​អស់​សុទ្ធតែ​ប្រើ​ប្រាស់​នូវ​ទម្រង់​អត្ថបទ​សំណួរ-ចម្លើយ​នោះ​ទេ។ ដោយ​មាន​ការ​បារម្ភ​ចង់​ឲ្យ​គ្រីស្ទ​បរិស័ទ​យល់​អំពី​អ្វី​ដែល​ពួក​គាត់​កំពុង​តែ​ទន្ទេញ នោះ​លោកគ្រូ លូសើរ ក៏​បាន​សរសេរ​បញ្ចូល​ក្នុង​សំណួរ-ចម្លើយ​ខ្លីៗ​របស់​គាត់ ដែល​និពន្ធ​ឡើង​នៅ​ក្នុង​ឆ្នាំ​១៥២៩​ថា «តើ​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច?» បែប​ជា​សំណួរ​អម​ជា​មួយ​នឹង​ចម្លើយ​ដែល​គាត់​បាន​បង្កើត​ឡើង។ ទោះ​បើ​លោក​គ្រូ លូសើរ មិន​បាន​បង្កើត​ទម្រង់​នៃ​សំណួរ-ចម្លើយ​ក៏​ដោយ​ក៏​គាត់​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ទម្រង់​នៃ​សំណួរ-ចម្លើយ​របស់​ក្រុម​ប្រូតេស្តង់​មាន​ភាព​ល្បីល្បាញ​ដែរ។

៧. សំណួរ-ចម្លើយ​គឺ​ជា​ចំណុច​មួយ​ដែល​ជះ​ឥទ្ធិពល​លើ​សម័យ​កំណែ​ទម្រង់

នៅ​ក្នុង​អំឡុង​ឆ្នាំ​សម័យ​កំណែ​ទម្រង់ ម៉ាស៊ីន​បោះពុម្ព​មិន​គ្រាន់​តែ​បាន​អនុញ្ញាត​ឲ្យ​មនុស្សម្នា​មាន​ព្រះ​គម្ពីរ​ក្នុង​ភាសា​រៀងៗ​ខ្លួន​នោះ​ទេ ប៉ុន្តែ​ក៏​បាន​ជួយ​ផ្សព្វផ្សាយ​ធន​ធាន​នៃ​សំណួរ-ចម្លើយ​ប្រូតេស្តង់​ដែរ។ លោក ចន ថិលឡូតសិន (John Tillotson) ដែល​ជា​មហា​សាសនិក​នៃ​ទីក្រុង​ខិនអ័របារី (Archbishop of Canterbury) នៅ​ប្រទេស​អង់គ្លេស​ពី​ឆ្នាំ​១៦៩១-១៦៩៤​បាន​មាន​ប្រសាសន៍​ថា «សំណួរ-ចម្លើយ និង​ប្រវត្តិ​សាស្ត្រ​នៃ​ពួក​មរណ​សាក្សី​គឺ​ជា​សសរ​ពីរ​ដ៏​អស្ចារ្យ​នៃ​ពួក​ប្រូតេស្តង់»។ ហើយ​ក្រុម​ប្រឹក្សា​រ៉ូម៉ាំង​កាតូលិក​នៃ​ទី​ក្រុង​ត្រេន (Roman Catholic Council of Trent) បាន​រអ៊ូ​ថា ពួក​ប្រូតេស្តង់​បាន​ប្រព្រឹត្ត «អំពើ​រប៉ិលរប៉ូច» យ៉ាង​ធំ​តាម​រយៈ​ការ​ប្រើ​ប្រាស់​ទម្រង់​សំណួរ-ចម្លើយ។

៨. សំណួរ-ចម្លើយ​បន្ថែម​លើ​ការ​អធិប្បាយ

មូល​ហេតុ​មួយ​ដែល​បណ្ដាល​ឲ្យ​សំណួរ-ចម្លើយ​មាន​ការ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​សម័យ​កំណែ​ទម្រង់​គឺ ដូច​ដែល​លោក​គ្រូ ខិននេធ ប្រោនណិល (Kenneth Brownell) បាន​ពន្យល់​ថា «[វា] ផ្ដល់​ជូន​នូវ​រចនាសម្ព័ន្ធ​នៃ​គោល​ជំនឿ​ចំពោះ​មនុស្ស​ជា​ច្រើន​នាក់ ដែល​នាំ​ឲ្យ​គ្រូ​គង្វល​មាន​ការ​គិត​ដែល​បាន​ត្រៀម​ទុក​យ៉ាង​ល្អ​ក្នុង​ការ​ដែល​ពួក​គាត់​លើក​ឡើង​អំពី​ដំណឹង​ល្អ»។ លោក​គ្រូ អៀន ហ្គ្រិន (Ian Green) ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ក្នុង​សម័យ​បន្ទាប់​ពី​កំណែ​ទម្រង់ គ្រូ​បង្រៀន «ក៏​បាន​ទាញ​យក​នូវ​ចំណុច​ភ្ជាប់​គ្នា​រវាង​ជោគជ័យ​ក្នុង​ការ​ទន្ទេញ​ឲ្យ​ចាំ​មាត់ និង​ជោគជ័យ​ក្នុង​ការ​ប្រាកដ​ឲ្យ​សមាជិក​ក្រុម​ជំនុំ​យល់​សេចក្ដី​អធិប្បាយ​ដែល​ពួក​គេ​បាន​ឮ​ផង​ដែរ»។

៩. សំណួរ-ចម្លើយ​គឺ​ជា​ទម្រង់​ដ៏​សំខាន់​មួយ​នៃ​ការ​បង្កើត​សិស្ស

ក្នុង​ការ​ទទួល​យក​ទម្រង់​សំណួរ-ចម្លើយ​ខ្លះៗ​របស់​និកាយ​បាទីស្ទ លោក​គ្រូ ចន ផាបភ័រ (John Piper) ក៏​បាន​លើក​ឡើង​នូវ​មូល​ហេតុ​៥​យ៉ាង ដែល​បាន​លើក​ឡើង​ថា​ការ​អនុវត្ត​ទម្រង់​សំណួរ-ចម្លើយ​គឺ​សំខាន់​ដោយ​សារ៖

១. ព្រះ​អង្គ​បាន​តម្រូវ​ឲ្យ​យើង «នៅ​ជាប់​លាប់ ហើយ​មាំមួន ក្នុង​សេចក្ដី​ជំនឿ​ដែរ» (កូឡូស ១:២៣)។

២. ព្រះ​អង្គ​បាន​ជំរុញ​យើង «បាន​រួប​រួម​ខាង​ឯ… [ការ] ស្គាល់​ព្រះ​រាជបុត្រា​នៃ​ព្រះ…ដើម្បី​កុំ​ឲ្យ​យើង​នៅ​ជា​កូន​តូច​ទៀត ទាំង​ត្រូវ​គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្ដី​បង្រៀន​បោក​ហើយ​ផាត់​យើង​ចុះ​ឡើង» (អេភេសូរ ៤:១៣-១៤)។

៣. មាន​អ្នក​នាំ​ឲ្យ​វង្វេង​ជា​ច្រើន​នាក់ (១យ៉ូហាន ២:២៦)។

៤. មាន​គោល​ជំនឿ​ពិបាកៗ​ជា​ច្រើន «ពួក​អ្នក​ខ្លៅ​ល្ងង់ និង​ពួក​មិន​ខ្ជាប់​ខ្ជួន គេ​បង្វែរ​ន័យ​សេចក្ដី​ទាំង​នោះ…ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស» (២ពេត្រុស ៣:១៦)។

៥. យើង​ត្រូវ​តែ​បណ្ដុះបណ្ដាល​អ្នក​ដឹក​នាំ​ដែល​អាច «បង្រៀន​ដ៏​ត្រឹម​ត្រូវ ហើយ​ឲ្យ​បាន​ផ្ចាញ់​ដល់​ពួក​អ្នក​ដែល​ស្រដី​ទទឹង» (ទីតុស ១:៩)។

និពន្ធដោយ៖ Joe Carter
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.crossway.org ដោយមានការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការអធិស្ឋានគឺជាការចងចំណង

យើង​មាន​សង្ឃឹម​ក្រោម​ចំ​អេង​ស្លាប​របស់​ព្រះ​អង្គ