ចូរសាកល្បងឆ្លើយសំណួរទាំងនេះ៖ តើព្រះគម្ពីរទាំងមូលមានប៉ុន្មានកណ្ឌ? តើព្រះគម្ពីរសញ្ញាចាស់មានប៉ុន្មានកណ្ឌ? តើព្រះគម្ពីរសញ្ញាថ្មីមានប៉ុន្មានកណ្ឌ? តើព្រះគម្ពីរទាំងមូលមានប៉ុន្មានជំពូក? តើព្រះគម្ពីរសញ្ញាចាស់មានប៉ុន្មានជំពូក? តើព្រះគម្ពីរសញ្ញាថ្មីមានប៉ុន្មានជំពូក? តើមានបងប្អូនប៉ុន្មានអ្នកធ្លាប់អានព្រះគម្ពីរសញ្ញាចាស់ចប់ទាំងមូល? តើមានបងប្អូនប៉ុន្មានអ្នកធ្លាប់អានព្រះគម្ពីរសញ្ញាថ្មីចប់ទាំងមូល? តើមានបងប្អូនប៉ុន្មានអ្នកធ្លាប់អានព្រះគម្ពីរចប់ទាំងមូល?
មិនថាបងប្អូនអាចឆ្លើយសំណួរទាំងអស់នោះបាន ឬក៏អត់ ឬក៏ថាធ្លាប់អានព្រះគម្ពីរជាប់ទាំងមូល ឬក៏អត់ក៏ដោយ ក៏ក្ដីសង្ឃឹមរបស់យើងសម្រាប់ឆ្នាំថ្មីនេះគឺថា យើងអាចចាប់ផ្ដើមសារជាថ្មីបាន។
ប្រធានបទនៃឯកសារនេះគឺអំពីសារៈសំខាន់នៃព្រះគម្ពីររបស់ព្រះជាម្ចាស់។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានមានចែងយ៉ាងដូចម្ដេចខ្លះទាក់ទងនឹងព្រះគម្ពីររបស់ទ្រង់? តើហេតុអ្វីបានជាវាសំខាន់ម្ល៉េះក្នុងការចំណាយពេលផ្ទាល់ខ្លួនក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់?
ការល្បួងរបស់ព្រះយេស៊ូវ
នៅពេលដែលព្រះយេស៊ូវប្រឈមមុខនឹងការល្បួង ហើយបានយកឈ្នះ តើព្រះអង្កបានធ្វើការនោះយ៉ាងដូចម្ដេច? កណ្ឌគម្ពីរ ម៉ាថាយ ៤:៤ បានចែងថា «ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលឆ្លើយតបថា៖ “‘មានសេចក្តីចែងទុកមកដូច្នេះ “មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះមកដែរ'”» (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ចោទិយកថា ៨:៣ ដែលជាខដើម)។
ការល្បងលរបស់ព្រះយេស៊ូវគឺស្រដៀងគ្នាទៅនឹងការល្បងលរបស់សាសន៍អ៊ីស្រាអែលនៅឯទីវាលរហោស្ថាន។ ពាក្យ «ព្រះបន្ទូល» ត្រង់នេះសំដៅទៅលើ «ការស្ដាប់» ព្រះជាម្ចាស់ ដែលនោះឯងគឺជាប្រភពនៃជីវិត ប៉ុន្តែព្រះយេស៊ូវក៏មិនបានបដិសេធថា នំបុ័ងមិនសំខាន់នោះដែរ ពោលគឺអ្វីដែលទ្រង់កំពុងធ្វើគឺផ្ដោតលើអ្វីដែលសំខាន់ជាងនោះទៅទៀត៖ ការពឹងលើព្រះបន្ទូលរបស់ទ្រង់។
នេះឯងជាមូលហេតុដែលព្រះយេស៊ូវបានលើកឡើងនៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ៤:៣៤ ថា «អាហាររបស់ខ្ញុំ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមក និងបង្ហើយកិច្ចការរបស់ព្រះអង្គ» (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ យ៉ូហាន ៦:៣៥)។ ក្នុងកណ្ឌគម្ពីរលោកុប្បត្ដិយើងឃើញថា ព្រះជាម្ចាស់បានបង្កើតរាល់គ្រប់អ្វីៗទាំងអស់តាមរយៈព្រះបន្ទូលរបស់ទ្រង់។ ការនេះពិតជាអស្ចារ្យមែន! ហើយព្រះបន្ទូលដែលព្រះយេស៊ូវបានយកមកប្រើប្រាស់ក៏មិនមែនរក្សាទុកតែសម្រាប់ព្រះអង្គតែមួយអង្គគត់ផ្ទាល់ប៉ុណ្ណោះដែរ ប៉ុន្តែគឺសម្រាប់មនុស្សគ្រប់ជាតិសាសន៍។
តាមរយៈខគម្ពីរមួយនេះ យើងឃើញថា ព្រះយេស៊ូវមិនបានប្រើប្រាស់សិទ្ធិជាព្រះមេស្ស៊ី ដើម្បីបំពេញបំណងប្រាថ្នាផ្ទាល់ខ្លួនក្នុងនាមជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់នោះឡើយ ប៉ុន្តែព្រះអង្គបានចុះចូលក្រោមព្រះជាម្ចាស់ ដោយរងទុក្ខ ហើយបានយកឈ្នះលើការល្បួង។ ហើយជាការអនុវត្ត៖ យើងដែលជាក្រុមជំនុំក៏គួរ និងត្រូវតែចុះចូលក្រោមព្រះជាម្ចាស់ដូចព្រះយេស៊ូវដែរ។
ចេញពីការល្បួងទាំង៣ដងរបស់ព្រះយេស៊ូវ ទ្រង់បានប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទុកជាការឆ្លើយតបទាំង៣ដង។ ដូច្នេះ សំណួរដែលខ្ញុំចង់ផ្ដោតលើគឺថា «តើយើងគួរធ្វើយ៉ាងដូចម្ដេច ដើម្បីឲ្យអាចស្គាល់ និងចេះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចព្រះយេស៊ូវបាន?»
តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានមានចែងយ៉ាងដូចម្ដេចខ្លះទាក់ទងនឹងព្រះគម្ពីររបស់ទ្រង់?
ប៉ុន្តែ មុនយើងឆ្លើយសំណួរមួយនោះ ខ្ញុំចង់ឆ្លើយនូវសំណួរដែលខ្ញុំបានលើកឡើងនៅខាងលើជាមុនសិន៖ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានមានចែងយ៉ាងដូចម្ដេចខ្លះទាក់ទងនឹងព្រះគម្ពីររបស់ទ្រង់? ខាងក្រោមនេះជាខគម្ពីរមួយចំនួនដែលព្រះគម្ពីរបានលើកឡើងអំពីព្រះបន្ទូលទ្រង់៖
២ធីម៉ូថេ ៣:១៦-១៧
«គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរម្លឹកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក។»
យ៉ូហាន ១:១
«កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលគង់នៅជាមួយព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ។»
យ៉ូហាន ១:១៤
«ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយគង់នៅក្នុងចំណោមយើង យើងបានឃើញសិរីល្អរបស់ព្រះអង្គ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញដោយព្រះគុណ និងសេចក្តីពិត។»
ក្នុងសេចក្ដីអធិស្ឋានរបស់ព្រះយេស៊ូវក្នុងកណ្ឌគម្ពីរ យ៉ូហាន ១៧:១៧ ព្រះអង្គបានលើកឡើងថា៖
«សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្តីពិត គឺជាព្រះបន្ទូលរបស់ព្រះអង្គ»។
សុភាសិត ៣០:៥-៦
«គ្រប់ទាំងព្រះបន្ទូលរបស់ព្រះ សុទ្ធតែបរិសុទ្ធ ព្រះអង្គជាខែលដល់អស់អ្នក ដែលពឹងជ្រកក្នុងព្រះអង្គ។ កុំបន្ថែមបញ្ចូលក្នុងព្រះបន្ទូលរបស់ព្រះអង្គឡើយ ក្រែងព្រះអង្គបន្ទោសដល់ឯង ហើយឃើញថា ឯងជាមនុស្សភូតភរ» (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ចោទិយកថា ៤:២ និងវិវរណៈ ២២:១៨-១៩)។
ម៉ាថាយ ២៤:៣៥
«ផ្ទៃមេឃ និងផែនដី នឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ឡើយ» (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ទំនុកតម្កើង ១១៩:៨៩; ម៉ាកុស ១៣:៣១; និងលូកា ១៦:១៧)។
អេសាយ ៤០:៨
«ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នា ស្ថិតស្ថេរនៅជាដរាប»។
ក្នុងកណ្ឌគម្ពីរ អេសាយ ៥៥:១១ បានប្រាប់យើងថា ព្រះបន្ទូលរបស់ព្រះអង្គនឹងមិនវិលត្រឡប់មករកទ្រង់វិញដោយគ្មានប្រយោជន៍ ឬក៏មិនសម្រេចកិច្ចការរបស់ទ្រង់ឡើយ។
នៅមានខគម្ពីរជាច្រើនទៀតដែលយើងអាចលើកយកមកនិយាយបាន។ ប៉ុន្តែ ខ្ញុំសង្ឃឹមថា តាមរយៈការលើកខគម្ពីរត្រួសៗមួយចំនួននេះ យើងបានឃើញអំពីសារៈសំខាន់នៃភាពឧត្តុង្គឧត្តមនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលការនេះគួរជំរុញយើងឲ្យយើងចង់ចំណាយពេលផ្ទាល់ខ្លួនក្នុងព្រះបន្ទូលរបស់ទ្រង់។
ខ្ញុំចង់ចងបែរមកផ្ដោតលើរបៀបដែលយើងអាចយកមកអនុវត្តបាន ដើម្បីឲ្យកាន់តែស្គាល់ និងចេះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចព្រះយេស៊ូវដែរ។ ប៉ុន្តែ នៅមានសំណួរមុនហ្នឹងមួយទៀតដែលខ្ញុំចង់ឆ្លើយជាមុនសិនគឺថា តើហេតុអ្វីបានជាយើងចាំបាច់ត្រូវចំណាយពេលផ្ទាល់ខ្លួនក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់? ខាងក្រោមនេះគឺជាខគម្ពីរមួយចំនួនដែលនឹងជំរុញចិត្តយើងឲ្យចង់ចំណាយពេលផ្ទាល់ខ្លួនក្នុងព្រះបន្ទូល៖
ទំនុកតម្កើង ១១៩:៩ រក្សាជីវិតឲ្យបរិសុទ្ធ
«តើមនុស្សកំលោះធ្វើដូចម្ដេច ដើម្បីរក្សាផ្លូវដែលខ្លួនប្រព្រឹត្តឲ្យបានបរិសុទ្ធ? គឺដោយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។»
អេភេសូរ ៦:១៧ គ្រឿងសឹក
«ចូរទទួលការសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណ ដែលជាព្រះបន្ទូលរបស់ព្រះ។»
យ៉ូហាន ៨:៣១-៣២ រំដោះយើងឲ្យមានសិរីភាព
«ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសាសន៍យូដា ដែលជឿដល់ព្រះអង្គថា៖ “ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យបានរួច។”»
យ៉ូហាន ៨:៤៧ បង្ហាញថាយើងបានសង្គ្រោះ
«អ្នកណាដែលកើតមកពីព្រះ តែងស្តាប់តាមព្រះបន្ទូលរបស់ព្រះ តែអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ។»
លូកា ១១:២៨ ទទួលបានព្រះពរ
«…មានពរហើយ អស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយប្រព្រឹត្តតាម» (cf. Psalm 119:1-176)។
យ៉ូហាន ១៥:៧ ព្រះអង្គនឹងប្រទាននូវអ្វីដែលយើងសុំ ព្រោះសុំតាមព្រះហឫទ័យទ្រង់
«បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់នឹងអ្នករាល់គ្នា ចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្ដីនោះនឹងបានសម្រេចដល់អ្នករាល់គ្នាជាមិនខាន»។
ទំនុកតម្កើង ១២:៦ បន្សុទ្ធយើង
«ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះបន្ទូលដ៏សុទ្ធស្អាត ដូចប្រាក់ដែលគេបន្សុទ្ធក្នុងឡនៅលើដី ហើយបានសម្រង់អស់ប្រាំពីរដង។»
កណ្ឌគម្ពីរ ទំនុកតម្កើង ១១៩:១០៥ ជាចង្កៀង និងពន្លឺ
«ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំ»។
យ៉ូស្វេ ១:៨ ព្រះបង្គាប់ឲ្យយើងស្គាល់ក្រឹត្យវិន័យ
«មិនត្រូវឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់អ្នកឡើយ ត្រូវសញ្ជឹងគិតទាំងថ្ងៃទាំងយប់ ដើម្បីឲ្យអ្នកបានប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរនេះ។ ដ្បិតយ៉ាងនោះ អ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រុងចម្រើន ហើយអ្នកនឹងមានជោគជ័យ។»
កណ្ឌគម្ពីរ ចោទិយកថា ៦:២ បានចែងថាគឺ ដើម្បីជាប្រយោជន៍ឲ្យយើងចេះកោតខ្លាចព្រះអង្គ (សុភាសិត ១:៧)។
នោះឯងជាហេតុផលមួយចំនួនដែលគួរជំរុញចិត្តយើងឲ្យចង់ចំណាយពេលផ្ទាល់ខ្លួនក្នុងព្រះបន្ទូល។ ដើម្បីឲ្យយើងអាចចាប់ផ្ដើមស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន ជាដំបូង យើងត្រូវតែបើកចិត្តទទួលជឿលើព្រះយេស៊ូវជាមុនសិន នោះទើបយើងអាចនឹងឲ្យតម្លៃលើព្រះគម្ពីរបាន។ ខ្ញុំដឹងថា នៅមានបងប្អូនមួយចំនួន ក្នុងចំណោមមិត្តអ្នកអាន ដែលមិនទាន់បានបើកចិត្តទទួលជឿទុកចិត្តលើព្រះយេស៊ូវនៅឡើយទេ (រ៉ូម ១០:៩-១០; ១កូរិនថូស ១៥:៣-៤) ប៉ុន្តែខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំចែកចាយគឺយ៉ាងហោចណាស់ ចំពោះបងប្អូនដែលបានជឿហើយ យើងអាចយកទៅអនុវត្តបាន ដើម្បីឲ្យកាន់តែស្គាល់ និងចេះព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀតបាន៖
តាំងចិត្តអាន
យើងត្រូវចាប់ផ្ដើមតាំងចិត្តអានព្រះគម្ពីរ។ ទោះបើគ្មានជំពូក និងខនៃកណ្ឌគម្ពីរណាមួយ ក្នុងព្រះគម្ពីរបានលើកឡើងថា ព្រះយេស៊ូវបានអង្គុយចុះ ហើយចំណាយពេលអានព្រះបន្ទូលជាប្រចាំថ្ងៃក៏ដោយ (ដើម្បីឲ្យទ្រង់ស្គាល់ព្រះបន្ទូលដល់ថ្នាក់ថាទ្រង់អាចយកមកប្រើប្រាស់បាន ដើម្បីនឹងទាស់ប្រឆាំងនឹងអារក្សសាតាំងបាន) ក៏យើងនៅអាចដឹងបានផងដែរថា តាមប្រវត្តិសាស្ត្រនៃសាសន៍អ៊ីស្រាអែល គឺពួកគាត់ឲ្យតម្លៃយ៉ាងខ្ពង់ខ្ពស់លើការសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ក្នុងកណ្ឌគម្ពីរចោទិយកថាជំពូក៦លោក ម៉ូសេ បានលើកឡើងអំពីការដែលសាសន៍អ៊ីស្រាអែលត្រូវធ្វើ ដើម្បីឲ្យស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ៦-៩ មានចែងថា «សេចក្ដីទាំងនេះដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ត្រូវនៅជាប់ក្នុងចិត្តរបស់អ្នកជានិច្ច។ ត្រូវបង្រៀនសេចក្ដីទាំងនេះដល់កូនចៅរបស់អ្នក ហើយត្រូវដំណាលសេចក្ដីទាំងនេះ ពេលអ្នកអង្គុយនៅក្នុងផ្ទះ ពេលដើរតាមផ្លូវ ពេលដេក និងពេលក្រោកឡើងផង។ ត្រូវចងសេចក្ដីទាំងនេះជាទីសម្គាល់នៅនឹងដៃ ហើយត្រូវធ្វើជាស្លាកនៅកណ្ដាលថ្ងាសរបស់អ្នក ត្រូវកត់សេចក្ដីទាំងនេះនៅក្របទ្វារផ្ទះ និងនៅទ្វារក្រុងរបស់អ្នក»។
ក្នុងកណ្ឌគម្ពីរ លូកា ៤:១៧-២១ យើងឃើញថាបន្ទាប់ពីព្រះយេស៊ូវបានយាងចូលទៅកាន់សាលាប្រជុំ ទ្រង់ក៏បានយកព្រះបន្ទូលមកអាន ហើយបកស្រាយ។ ក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ៤:១៣ សាវ័ក ប៉ុល បានចែងថា «ចូរឧស្សាហ៍អានគម្ពីរ ដាស់តឿន និងបង្រៀនពួកបងប្អូន ទម្រាំខ្ញុំមកដល់»។
ដោយមិនចាំបាច់ចំណាយពេលបន្ថែមទៀតក្នុងការបើកមើលខគម្ពីរនានាដែលមានចែងអំពីការដែលយើងត្រូវតែអានព្រះគម្ពីរ ខ្ញុំចង់លើកឡើងជាគំរូ និងគម្រោងមួយចំនួនដែលបងប្អូនអាចយកទៅអនុវត្តបាន៖
ព្រះគម្ពីរទាំងមូលមាន ១១៨៩ ជំពូក ដោយសញ្ញាចាស់មាន ៩២៩ ជំពូក ហើយសញ្ញាថ្មីមាន ២៦០ ជំពូក ដូច្នេះបើយើងមានគម្រោងការអានព្រះគម្ពីរឲ្យចប់ទាំងមូលក្នុងរយៈពេលមួយឆ្នាំ យើងត្រូវអានយ៉ាងតិចណាស់ ៣-៤ ជំពូកក្នុងមួយថ្ងៃ ដោយសារក្នុងមួយឆ្នាំមាន ៣៦៥ ថ្ងៃ។ យើងអាចអនុម័តការនេះបានដោយចាប់ផ្ដើមអានពីកណ្ឌគម្ពីរលោកុប្បត្ដិរហូតដល់កណ្ឌគម្ពីរវិវរណៈ ឬក៏ចាប់ផ្ដើមអានពីកណ្ឌមួយណាក៏បាន ឲ្យតែយើងអាន ៣-៤ ជំពូកក្នុងមួយថ្ងៃ។ ប៉ុន្តែ ប្រសិនបើបងប្អូនគិតថាការអាន ៣-៤ ជំពូកក្នុងមួយថ្ងៃ វាច្រើនពេក បងប្អូនអាចកាត់បន្ថយដោយអានតែ២ ឬក៏១ជំពូកវិញ នោះបងប្អូននឹងអានចប់ក្នុងរយៈពេល ២-៣ ឆ្នាំកន្លះ។ បងប្អូនអាចប្រើប្រាស់ផែនការអានព្រះគម្ពីរឲ្យចប់ក្នុងរយៈពេលតែ ៣ឆ្នាំ ៣ខែនេះក៏បាន។
កម្មវិធីព្រះគម្ពីរ
មកដល់សម័យឥឡូវ យើងអាចមានព្រះគម្ពីរបែបជាអេឡិចត្រូនិកបានដែរ។ ខាងក្រោមនេះជារបៀបពីរយ៉ាងនៃការដំឡើងកម្មវិធីព្រះគម្ពីរក្នុងទូរស័ព្ទដែលខាងសមាគមព្រះគម្ពីរបានទើបតែបង្កើតឡើង៖
ចំពោះបងប្អូនដែលប្រើប្រាស់ប្រព័ន្ធដំណើរការប្រភេទ Android សូមបងប្អូនចូលទៅចុចចូលទៅកាន់ Play Store នៅក្នុងទូរស័ព្ទរបស់បងប្អូនហើយវាយពាក្យថា Khmer Bible App ហើយបន្ទាប់ចុចយកពាក្យ Install នោះរួចជាការស្រេច។
ហើយចំពោះបងប្អូនដែលប្រើប្រាស់ប្រព័ន្ធដំណើរការប្រភេទ iOS សូមបងប្អូនចូលទៅចុចចូលទៅកាន់ App Store នៅក្នុងទូរស័ព្ទបងប្អូនហើយវាយពាក្យថា Khmer Bible App ហើយបន្ទាប់ចុចយកពាក្យថា GET នោះរួចជាការស្រេច។ បញ្ជាក់បងប្អូនអាចប្រើប្រាស់កម្មវិធីព្រះគម្ពីរជាភាសាខ្មែរទាំងនេះ ដោយពុំបាច់ភ្ជាប់អ៊ីនធឺណិតក៏បានដែរ។
ទំនងជាមានបងប្អូនមួយចំនួនក្នុងចំណោមយើងដែលមានការងឿងឆ្ងល់ថា «តើឲ្យខ្ញុំនៅអានព្រះគម្ពីរឲ្យបានជាប់លាប់យ៉ាងដូចម្តេចទៅ? ខ្ញុំតែងតែមានចិត្តចង់អាន ហើយខ្ញុំក៏ផ្ដើមការអានជារៀងរាល់ដើមឆ្នាំដែរ ប៉ុន្តែវាហាក់បីដូចជាពិបាកណាស់ អញ្ចឹងតើឲ្យខ្ញុំធ្វើម្ដេចទៅ?»
ខ្ញុំយល់ពីអារម្មណ៍នៃសំណួរមួយនេះ ដ្បិតការមានចិត្តចង់អនុវត្តគឺជារឿងមួយ ហើយក៏ជាការដ៏ងាយស្រួលដែរ ប៉ុន្តែការអនុវត្តផ្ទាល់ៗគឺជារឿងដោយឡែកមួយទៀត។ អ្វីដែលខ្ញុំនឹងចែកចាយគឺមិនមែនជាចម្លើយនៃដំណោះស្រាយលើសំណួរមួយនេះទាំងស្រុងនោះទេ ប៉ុន្តែវាគ្រាន់តែជាអ្វីដែលខ្ញុំបានព្យាយាមធ្វើកន្លងអស់ជិត ២០ ឆ្នាំនេះ។ ហើយការអនុវត្តនៃការអានព្រះគម្ពីររបស់ខ្ញុំក៏មានការផ្លាស់ប្រែម្ដងហើយម្ដងទៀត ពីមួយដំណាក់កាលទៅមួយដំណាក់កាលដែរយោងតាមកាលៈទេសៈ។
មុនខ្ញុំចូលទៅនៅមណ្ឌល កាលនោះខ្ញុំនៅជាមួយនឹងអុំស្រីម្នាក់របស់ខ្ញុំ ដែលជាអ្នកជឿព្រះយេស៊ូវ ទោះបើកាលនោះខ្ញុំមិនទាន់បានជឿលើព្រះយេស៊ូវនៅឡើយក៏ដោយ ក៏ខ្ញុំបានចាប់ផ្ដើមអានព្រះគម្ពីរជាប្រចាំថ្ងៃដែរ។ មូលហេតុដែលខ្ញុំអានព្រះគម្ពីរកាលនោះគឺដោយសារអ៊ំស្រីខ្ញុំគាត់បានឲ្យកាដូមកខ្ញុំ ប្រសិនបើខ្ញុំបានអានព្រះគម្ពីរ ហើយអាចសង្ខេបដំណើរសាច់រឿងទៅគាត់វិញបាន។ អញ្ចឹង ខ្ញុំគិតថា ចំពោះឪពុកម្ដាយណាដែលចង់ឃើញកូនៗខ្លួនអានព្រះគម្ពីរ ពួកគាត់អាចចាប់ផ្ដើមធ្វើការនោះបានដែរ ដោយលើកទឹកចិត្តឲ្យកូនៗអាន ហើយសង្ខេបមកវិញនូវអ្វីដែលពួកគាត់បានអាន ហើយបន្ទាប់មកអាចឲ្យជាកាដូតូចតាចណាមួយទៅកាន់ពួកគាត់។
ប៉ុន្តែ លើសពីនេះ ខ្ញុំគិតថា យើងទាំងអស់គ្នាមិនសូវខ្វល់ពេកទេ ទាក់ទងនឹងការទទួលបានកាដូ ព្រោះអ្វីដែលយើងចង់ឃើញមានកើតឡើងនៅក្នុងជីវិតរបស់យើងគឺត្រង់ថា យើងចំណាយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានជាប់លាប់ល្អជាប្រចាំថ្ងៃទៅវិញ។ ដូច្នេះ តើយើងគួរធ្វើយ៉ាងម៉េច?
ជាដំបូង ដើម្បីឲ្យយើងអាចអានព្រះបន្ទូលព្រះជាម្ចាស់បាន ដាច់ខាតយើងត្រូវតែញែកពេលវេលា ទុកដោយឡែកក្នុងចន្លោះម៉ោងនៃថ្ងៃនីមួយៗរបស់យើង ហើយយកពេលវេលាដែលយើងបានញែកទុកនោះ ដើម្បីតែអានព្រះបន្ទូលប៉ុណ្ណោះ។ អ្នកខ្លះចូលចិត្តចំណាយពេលអានព្រះគម្ពីរនៅពេលព្រឹកព្រលឹម ហើយអ្នកខ្លះទៀតចូលចិត្តអាននៅពេលថ្ងៃ ឬក៏នៅពេលយប់។ មិនថាបងប្អូនអាចញែកពេលវេលាមួយណាទុក ឬក៏ចូលចិត្តពេលវេលាណាក្នុងការញែកទុក ដើម្បីអានព្រះគម្ពីរក៏ដោយ ក៏ខ្ញុំចង់លើកទឹកចិត្តឲ្យយើងគិត ហើយជ្រើសរើសដោយប្ដេជ្ញាចិត្ត ញែកពេលវេលានោះទុក ដើម្បីអានព្រះបន្ទូល។ បើយើងបរាជ័យក្នុងការមិនញែកពេលវេលាទុកក្នុងការអានព្រះគម្ពីរ នោះយើងក៏នឹងបរាជ័យក្នុងការមិនអានព្រះគម្ពីរដែរ។ សម្រាប់ខ្ញុំផ្ទាល់ មុនពេលដែលខ្ញុំចាប់ផ្ដើមអានព្រះគម្ពីរ ខ្ញុំក៏ចូលចិត្តឆុងកាហ្វេ ដើម្បីញ៉ាំខណៈពេលដែលខ្ញុំកំពុងតែអានដែរ។
តាំងចិត្តស្ដាប់
បើយើងពិតជាចង់ស្គាល់ និងចេះព្រះគម្ពីរមែន ដើម្បីឲ្យយើងអាចកោតខ្លាចព្រះជាម្ចាស់បាន ការអនុវត្តមួយទៀតយើងអាចយកមកប្រើប្រាស់បាន ជាជាងការអានព្រះគម្ពីរផ្ទាល់តែម្ដង គឺស្ដាប់ការអានព្រះគម្ពីរជាសំឡេង។ យើងឃើញថា នៅសម័យបុរាណមានច្រើនសតវត្សរ៍បានកន្លងផុតទៅ មុនបុគ្គលនីមួយៗអាចមានព្រះគម្ពីរផ្ទាល់ខ្លួនបាន ហើយមកដល់សម័យនេះក៏មិនមែនមានន័យថាព្រះបន្ទូលមានក្នុងគ្រប់ភាសាដែរ។ ព្រះគម្ពីរខ្មែរយើងផ្ទាល់មានអាយុកាលត្រឹមតែប្រមាណ ៦០ ឆ្នាំជាងប៉ុណ្ណោះ ហើយទើបតែប៉ុន្មានឆ្នាំនេះទេដែលយើងអាចមានព្រះបន្ទូលបែបជាអេឡិចត្រូនិក។
អ្វីដែលខ្ញុំចង់កាត់ស្រាយលើគឺថា ប្រសិនបើយើងសង្កេតមើលចាប់តាំងពីព្រះគម្ពីរសញ្ញាចាស់រហូតដល់ព្រះគម្ពីរសញ្ញាថ្មី នោះយើងនឹងប្រាកដជានឹងឃើញថា បុគ្គលនីមួយៗមិនមានព្រះគម្ពីរផ្ទាល់ខ្លួនទេ ប៉ុន្តែការដែលពួកគាត់ «មាន» ព្រះបន្ទូលគឺតាមរយៈការដែលគាត់ស្ដាប់ការអានព្រះបន្ទូលជាសំឡេងឮៗពីអ្នកដទៃ។ ដូចដែលយើងបានឃើញនៅខាងលើ ព្រះយេស៊ូវក៏បានអានព្រះបន្ទូលឲ្យគេស្ដាប់ដែរ។ យើងដឹងហើយថា «ជំនឿកើតឡើងដោយសេចក្ដីដែលបានឮ ហើយសេចក្ដីដែលបានឮនោះ គឺដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ទ» (រ៉ូម ១០:១៧)។ តាមពិតទៅ កណ្ឌគម្ពីរចោទិយកថាទាំងមូលគឺស្ទើរតែជាសម្ដីបណ្ដាំលាបែបជាសំឡេងរបស់លោក ម៉ូសេ ទៅកាន់សាសន៍អ៊ីស្រាអែល។ យើងអាចអានកណ្ឌគម្ពីរចោទិយកថាឲ្យឮៗ ហើយចប់បានក្នុងរយៈពេលតែ២ទៅ៣ម៉ោងប៉ុណ្ណោះ។
ក្នុងកណ្ឌគម្ពីរ នេហេមា យើងឃើញពីព្រឹត្តិការណ៍ដែលហោរា អែសរ៉ា បានអានព្រះគម្ពីរទៅកាន់ពួកសាសន៍អ៊ីស្រាអែល។ ហើយបើយើងនិយាយឲ្យកាន់តែខ្លីទៀតទៅ ស្ទើរគ្រប់ទាំងកណ្ឌគម្ពីរនៃពួកហោរាគឺជាសេចក្ដីប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់សាសន៍អ៊ីស្រាអែល ហើយបន្ទាប់ពីការប្រកាសនោះទេ ដែលពួកគាត់បានសរសេរចុះ។ ហេតុដូច្នេះហើយបានជាមុនពួកហោរានិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគាត់តែងតែលើកឡើងថា «ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់…» (អេសាយ ៤៥:១។ល។)
ក្នុងកណ្ឌគម្ពីរ វិវរណៈ ១:៣ សាវ័ក យ៉ូហាន បានសរសេរថា «មានពរហើយ អ្នកណាដែលអានមើល និងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ»។ យើងឃើញថាទាំងអ្នក «អានមើល» និងអ្នក «ស្តាប់» គឺនឹងមានពរ។ ដូច្នេះ មិនថាយើងស្ដាប់ការអានរបស់អ្នកដទៃ ឬក៏យើងអានដោយខ្លួនឯងផ្ទាល់ជាសំឡេងឲ្យឮៗ ឬក៏ស្ងាត់ក៏ដោយ ក៏យើងនឹងទទួលបានព្រះពរចេញពីការចំណាយពេលក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ បើយើងចំណាយពេលស្ដាប់ ២០ នាទីក្នុងមួយថ្ងៃ នោះយើងអាចស្ដាប់ចប់ព្រះគម្ពីរទាំងមូល។
ទោះបើមកដល់សព្វថ្ងៃនេះយើងនៅមិនទាន់មានព្រះគម្ពីរជាសំឡេងទាំងមូលជាផ្លូវការពីសមាគមព្រះគម្ពីរក៏ដោយ ក៏យ៉ាងហោចណាស់យើងមានជាសំឡេងសម្រាប់ព្រះគម្ពីរសញ្ញាថ្មីដែរ។ កម្មវិធី Bible App មានព្រះគម្ពីរជាសំឡេងសម្រាប់សញ្ញាថ្មីចេញពីព្រះគម្ពីរខ្មែរបច្ចុប្បន្ន។ ប្រសិនបើឆ្នាំនេះ បើយើងអាចប្ដេជ្ញាចិត្តញែកពេលវេលាទុកដោយឡែក ដើម្បីស្តាប់ព្រះគម្ពីរសញ្ញាថ្មី នោះវាក៏ជាការសម្រេចដ៏ល្អមួយសម្រាប់ឆ្នាំ ២០២០ នៅខាងមុខនេះផងដែរ។
នៅមានចំណុចជាច្រើនទៀតដែលយើងអាចលើកឡើងមកនិយាយទាក់ទងនឹងការដែលឲ្យយើងកាន់តែស្គាល់ និងចេះព្រះគម្ពីរបាន ដែលមានដូចជា ការទន្ទេញព្រះគម្ពីរឲ្យចាំមាត់ ការសិក្សាព្រះគម្ពីរ ការបង្រៀនព្រះគម្ពីរទៅកាន់អ្នកដទៃទៀត។ល។
មតិយោបល់
Loading…