in

តើ​ការ​ចំណាយ​ពេល​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង​គ្រប់​គ្រាន់​សម្រាប់​ការ​ចំណាយ​ពេល​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ដែរ​ឬ​ទេ?

យើង​ទទួល​បាន​សំណួរ​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​ការ​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង ឬ​ក៏​ការ​ស្ដាប់​អត្ថបទ​ជា​សំឡេង។ នេះ​ជា​សំណួរ​មួយ៖ «ជម្រាប​សួរ​លោក​គ្រូ! ខ្ញុំ​ជា​អ្នក​បើក​បរ​ម្នាក់ ខ្ញុំ​តែង​តែ​ទទួល​បាន​ការ​ចំណាយ​ពេល «អាន» ព្រះ​គម្ពីរ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​បើកបរ។ ប៉ុន្តែ តើ​លោក​គ្រូ​គិត​ថា ការ​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង​មាន​ឥទ្ធិពល​ដូច​គ្នា​ទៅ​នឹង​ការ​អាន​ព្រះ​គម្ពីរ​ផ្ទាល់​ជា​ក្រដាស​ជា​មួយ​នឹង​ភ្នែក​យើង​ដែរ​ឬ​ទេ? ខ្ញុំ​អាច​ត្រឡប់​ក្រោយ ហើយ​ស្ដាប់​ជំពូក​ចាស់​ម្ដង​ទៀត​បាន ប្រសិន​បើ​ខ្ញុំ​ចង់។ ខ្ញុំ​សូម​អរគុណ​លោក​គ្រូ​ទុក​ជា​មុន ទាក់​ទង​នឹង​យោបល់​ដែល​លោក​គ្រូ​នឹង​ផ្ដល់​ឲ្យ»។

អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ ដើម្បី​ឆ្លើយ​សំណួរ​នេះ​គឺ៖ លើក​ឡើង​នូវ​ចំណុច​សង្ខេប​ត្រួសៗ១០យ៉ាង​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង ហើយ​បន្ទាប់​មក​លើក​ឡើង​នូវ​ចំណុច​សង្ខេប​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​ដែន​កំណត់​នៃ​ការ​ស្ដាប់។ ខ្ញុំ​គិត​ថា ការ​ធ្វើ​បែប​នេះ​នឹង​ឆ្លើយ​សំណួរ​ខាង​លើ​ត្រង់​ថា តើ​ការ​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង​មាន​ឥទ្ធិពល​ដូច​គ្នា​ទៅ​នឹង​ការ​អាន​ព្រះ​គម្ពីរ​ផ្ទាល់​ដែរ​ឬ​ទេ?

១. គ្រប់​ការ​ប្រាថ្នា​ក្នុង​ការ​ចំណាយ​ពេល​ក្នុង​ព្រះ​គម្ពីរ​គឺ​ពិត​ជា​អស្ចារ្យ​ណាស់​

វា​ពិត​ជា​ល្អ​ណាស់ ពេញ​ទៅ​ដោយ​អធិធម្មជាតិ និង​ជា​អំណោយ​ទាន​ដ៏​អស្ចារ្យ​ពី​ព្រះ​ជាម្ចាស់ ដែល​អ្នក​សួរ​មាន​ចិត្ត​ប្រាថ្នា​ចង់​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង ខណៈ​ពេល​ដែល​គាត់​កំពុង​បើក​បរ។ នេះ​គឺ​ជា​ចំណុច​ដំបូង​ដែល​មាន​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ៖ ត្រង់​ថា​ការ​ដែល​គាត់​ប្រា​ថ្នា​ចង់​ស្គាល់​ព្រះ​បន្ទូល​ព្រះ​គឺ​ជា​ចំណុច​ដ៏​អស្ចារ្យ​ណាស់ ពីព្រោះ​មាន​មនុស្ស​រាប់​លាន​នាក់​មិន​ខ្វល់​អំពី​ព្រះ​គម្ពីរ​ទាល់​តែ​សោះ។ វា​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ហើយ​ក៏​ជា​រឿង​ដែល​នាំ​ឲ្យ​យើង​ខូច​ចិត្ត​ដែរ។

ព្រះ​បាន​មាន​បន្ទូល—ព្រះ​អាទិករ​នៃ​ចក្រវាល​នេះ​បាន​មាន​បន្ទូល—ហើយ​មនុស្ស​រាប់​លាន​នាក់​មិន​ស្ដាប់​ទាល់​តែ​សោះ។ ប៉ុន្តែ តាម​រយៈ​សំណួរ​នេះ យើង​មាន​បុគ្គល​ម្នាក់​ដែល​ដួង​ចិត្ត​របស់​គាត់​ចង់​ឮ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ហើយ​នេះ​គឺ​ពិត​ជា​អស្ចារ្យ​មែន។

២. នីតិ​វិធី​នៃ​ការ​ស្ដាប់ និង​ការ​អាន​របស់​យើង​មាន​ភាព​ខុសៗ​គ្នា​ទាំង​អស់

ខួរ​ក្បាល​របស់​មនុស្ស​យើង​មាន​លក្ខណៈ​ខុសៗ​គ្នា​ក្នុង​របៀប​ដែល​យើង​វិភាគ​អ្វី​ដែល​យើង​អាន និង​អ្វី​ដែល​យើង​ស្ដាប់​ឮ។ កូនៗ​របស់​ខ្ញុំ​សុទ្ធ​តែ​មាន​លក្ខណៈ​ខុសៗ​គ្នា​ទាក់​ទង​នឹង​ចំណុច​នេះ។ អ្នក​ខ្លះ​ស្ទើរ​តែ​ចង​ចាំ​រាល់​គ្រប់​ចំណុច​ដែល​គាត់​ស្ដាប់​ឮ ប៉ុន្តែ​គាត់​ស្ទើរ​តែ​មិន​ចាំ​រាល់​អ្វី​ដែល​គាត់​អាន​ទាល់​តែ​សោះ ហើយ​ក៏​នៅ​មាន​អ្នក​ខ្លះ​ទៀត​ដែល​ចង​ចាំ​ស្ទើរ​តែ​រាល់​គ្រប់​ចំណុច​ដែល​គាត់​អាន ប៉ុន្តែ​គាត់​ស្ទើរ​តែ​មិន​ចាំ​រាល់​អ្វី​ដែល​គាត់​ស្ដាប់​ឮ​ឡើយ។

ដូច្នេះ ទាក់​ទង​នឹង​ចំណុច​នេះ ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​អ្នក​សួរ​ថា អាស្រ័យ​ទៅ​លើ​របៀប​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​អ្នក នោះ​ទំនង​ចំពោះ​អ្នក ការ​ស្ដាប់​នឹង​បង្កើត​ជា​ផល​ផ្លែ​ច្រើន​ជាង​ការ​អាន​ទៅ​ទៀត​ក៏​ថា​បាន។ ខ្ញុំ​មិន​អាច​ដឹង​បាន​ទេ​អំពី​ចំណុច​នេះ។ អ្នក​សួរ​បាន​សួរ​ថា «តើ​វា​មាន​ប្រសិទ្ធ​ភាព​ដូច​គ្នា​ដែរ​ឬ​ទេ?» ហើយ​ចម្លើយ​របស់​ខ្ញុំ​គឺ​ថា​ខ្ញុំ​មិន​ដឹង​ទេ ព្រោះ​មាន​តែ​គាត់​ទេ​ដែល​អាច​ដឹង។ ទំនង​ការ​ស្ដាប់​របស់​គាត់​ល្អ​ប្រសើរ​ជាង​ការ​អាន​ក៏​ថា​បាន​ដែរ។

៣. រាល់​ការ​អាន​ព្រះ​គម្ពីរ​គឺ​ជា​ការ​កាត់​ស្រាយ

គ្រប់​ពេល​ដែល​យើង​ស្ដាប់​ការ​អាន​ព្រះ​គម្ពីរ​ជា​សំឡេង គឺ​យើង​មិន​គ្រាន់​តែ​កំពុង​ស្ដាប់​ព្រះ​គម្ពីរ​ទេ ប៉ុន្តែ​យើង​ក៏​កំពុង​តែ​កាត់​ស្រាយ​ព្រះ​គម្ពីរ​ដែរ។ ការ​អាន​ឲ្យ​ឮៗ​គឺ​ជា​ការ​កាត់​ស្រាយ៖ តាម​ល្បឿន តាម​ចង្វាក់ តាម​ការ​សង្កត់​ធ្ងន់ តាម​ការ​បង្អង់ តាម​អារម្មណ៍ តាម​ការ​ស្ដាប់​ដោយ​មាន​សំឡេង​ស្រទន់ តាម​ការ​ស្ដាប់​ដោយ​មាន​សំឡេង​ឮៗ និង​តាម​ការ​លើក​ដាក់​សំឡេង​របស់​លោក​អ្នក—គ្រប់​ចំណុច​ទាំង​អស់​នេះ​ផ្ដល់​ជូន​ដល់​លោក​អ្នក​នូវ​ផ្នែក​ណា​មួយ​នៃ​គោល​បំណង​របស់​អ្នក​និពន្ធ ក្នុង​របៀប​ដែល​អ្នក​អាន​យល់ និង​ទទួល​បាន​នូវ​បទ​ពិសោធន៍។

ខ្ញុំ​លើក​ឡើង​នូវ​ចំណុច​នេះ​ដោយ​សារ​វា​អាច​ជា​អ្វី​ដែល​ល្អ​យ៉ាង​ខ្លាំង ឬ​ក៏​ជា​អ្វី​ដែល​អាច​ជា​បញ្ហា​យ៉ាង​ធំ។ ប្រសិន​បើ​ការ​កាត់​ស្រាយ​គឺ​ជា​អ្វី​ដែល​អាច​យល់​បាន ហើយ​កំពុង​តែ​ពិត​ជា​ជ្រាប​ចូល​ក្នុង​ចិត្ត​ក្នុង​របៀប​ដែល​មាន​ពេញ​ទៅ​ដោយ​អំណាច នោះ​មាន​ន័យ​ថា​ការ​ស្ដាប់​គឺ​ជា​ប្រយោជន៍​ដល់​អ្នក​ឮ។ ប្រសិន​បើ​ការ​កាត់​ស្រាយ​ជា​អ្វី​ដែល​ផ្ទុយ​ពី​គោល​បំណង​របស់​អ្នក​និពន្ធ​ក្នុង​អត្ថន័យ ឬ​ក៏​សូរ​សំឡេង​សំណេរ នោះ​វា​អាច​ជា​បញ្ហា​ក្នុង​ការ​ទទួល​បាន​ប្រយោជន៍​ក្នុង​របៀប​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ទទួល​បាន ពេល​យើង​អាន ឬ​ក៏​ស្ដាប់​ព្រះ​បន្ទូល។ យើង​ត្រូវ​តែ​ដឹង​ថា នៅ​ពេល​ដែល​យើង​ស្ដាប់ គឺ​យើង​កំពុង​តែ​ស្ដាប់​ការ​កាត់​ស្រាយ​មួយ ហើយ​យើង​គួរ​តែ​មាន​ការ​វែក​ញែក​អំពី​រឿង​នេះ។ វា​ទំនង​ជា​រឿង​ត្រឹម​ត្រូវ ហើយ​វា​ក៏​ទំនង​ជា​រឿង​ខុស​ឆ្គង​ដែរ។

៤. យើង​ត្រូវ​តែ​មាន​ចិត្ត​បង្អង់​ឈប់ ហើយ​ដោះ​ស្រាយ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់

តើ​អ្នក​បាន​ត្រៀម​ចិត្ត​ហើយ​ឬ​នៅ ត្រៀម​ចិត្ត​ក្នុង​ការ​បង្អង់ ហើយ​ឈប់​បើក​បរ​បន្តិច ដើម្បី​ផ្ដោត​ចិត្ត​ទាំង​មូល​របស់​ខ្លួន ក្នុង​ការ​សញ្ជឹង​គិត​លើ​ផ្នែក​ណា​មួយ​នៃ​ព្រះ​បន្ទូល លើ​គំនិត ឬ​អារម្មណ៍​ដែល​ព្រះ​ជាម្ចាស់​ទើប​តែ​បាន​ប្រើ​ប្រាស់ ដើម្បី​ប៉ះ​ពាល់​ចិត្ត?

ខ្ញុំ​លើក​សំណួរ​នេះ​ឡើង ដោយ​សារ​មាន​មនុស្ស​ជា​ច្រើន—ទើប​តែ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ—មាន​គេ​បាន​ប្រាប់​ខ្ញុំ​ថា ជា​ច្រើន​ឆ្នាំ​កន្លង​មក ក្នុង​ផ្នែក​ណា​មួយ​នៃ​សេចក្ដី​អធិប្បាយ ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​បើក​បរ ហើយ​ក៏​កំពុង​តែ​ស្ដាប់​សេចក្ដី​អធិប្បាយ ហើយ​នៅ​ពេល​នោះ​ពួក​គាត់​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង រហូត​ដល់​ថ្នាក់​ថា​ត្រូវ​តែ​អែប​រថយន្ត​បន្តិច ហើយ​ចំណាយ​ពេល​ដោះ​ស្រាយ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ ក៏​ដូច​ជា​សម្រួល​អារម្មណ៍ ដោយ​មិន​មាន​ការ​រំខាន​ពី​ការ​បើក​បរ។ ខ្ញុំ​គិត​ថា គ្រប់​បុគ្គល​ដែល​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​បើក​បរ ឬ​ក៏​កំពុង​តែ​ធ្វើ​អ្វី​មួយ​ផ្សេង​ទៀត គឺ​ពួក​គាត់​ត្រូវ​តែ​មាន​ចិត្ត​ក្នុង​ការ​បង្អង់​សិន ដើម្បី​ដោះ​ស្រាយ​ជាមួយ​នឹង​ព្រះ​ជាម្ចាស់។

៥. ការ​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង ខណៈ​ពេល​ដែល​កំពុង​បើក​បរ ផ្ដល់​ជូន​នូវ​ការ​ផ្ដោត​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ

យើង​ត្រូវ​តែ​ទទួល​ស្គាល់​ថា ការ​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង ខណៈ​ពេល​ដែល​យើង​កំពុង​តែ​បើក​បរ មាន​ន័យ​ថា ព្រះ​គម្ពីរ​កំពុង​តែ​ទទួល​បាន​ការ​ផ្ដោត​លើ​តែ​មួយ​ផ្នែក​នៃ​ចំណាប់​អារម្មណ៍​ទាំង​មូល​របស់​យើង។ ប្រសិន​បើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ផ្លូវ កា​របើក​បរ​ឡាន និង​ស្លាក​សម្គាល់ នោះ​មាន​ន័យ​ថា យើង​ក៏​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​ដែរ ពីព្រោះ​ការ​ធ្វើ​បែប​នោះ​នាំ​ឲ្យ​យើង​ដាក់​ខ្លួន​ឯង និង​អ្នក​ដទៃ​ក្នុង​ស្ថានភាព​ដែល​អាច​មាន​គ្រោះ​ថ្នាក់​បាន។

ដូច្នេះ នេះ​គឺ​ជា​ចំណុច​អវិជ្ជមាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ទទួល​បាន​នូវ​អ្វី​ដែល​ទំនង​ជា​មាន​សម្រាប់​យើង តើ​ព្រះ​គម្ពីរ​កំពុង​តែ​មាន​ការ​ប្រកួត​ប្រជែង​ជា​មួយ​នឹង​អារម្មណ៍​ដែល​យើង​ត្រូវ​ផ្ដោត​លើ​ទាក់​ទង​នឹង​ការ​បើក​បរ​ដែរ​ទេ? នេះ​មិន​មែន​ជា​រឿង​អាក្រក់​ទេ។ វា​គ្រាន់​តែ​ជា​ការ​ដាក់​កំណត់​លើ​អ្វី​ដែល​ព្រះ​បន្ទូល​ទំនង​ជា​អាច​សម្រេច​បាន ប្រសិន​បើ​យើង​អាច​ផ្ដោត​ចំណាប់​អារម្មណ៍​លើ​ទាំង​ស្រុង។

៦. យើង​មិន​អាច​បើក​មើល​ខ​យោង​បាន​ទេ ខណៈ​ពេល​ដែល​យើង​កំពុង​បើក​បរ

នៅ​មាន​ដែន​កំណត់​មួយ​ទៀត ប្រសិន​បើ​យើង​អាន ដោយ​មិន​កំពុង​បើក​បរ នោះ​យើង​អាច​ផ្ដោត​ចំណាប់​អារម្មណ៍​លើ​ទាំង​ស្រុង​បាន ដែល​នេះ​មាន​ន័យ​ថា​យើង​អាច​បង្អង់ ហើយ​បើក​មើល​ខ​គម្ពីរ​យោង ដែល​នឹង​ពន្យល់​បន្ថែម​ទៀត​លើ​ពាក្យ ឃ្លា ឬ​ក៏​គំនិត​ដែល​យើង​កំពុង​តែ​សញ្ជឹង​គិត។ ខ្ញុំ​ធ្វើ​បែប​នោះ​ស្ទើរ​តែ​គ្រប់​ពេល​ដែល​ខ្ញុំ​អាន​ព្រះ​គម្ពីរ។

មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​លើ​ការ​កើត​ជា​ថ្មី​របស់​សាវ័ក ពេត្រុស និង​ការ​កើត​ជា​ថ្មី​របស់​លោក យ៉ាកុប និយាយ​ឲ្យ​ស្មោះ​ទៅ​ខ្ញុំ​នឹង​មិន​អាច​ធ្វើ​ការ​ដូច្នោះ​បាន​ទេ ប្រសិន​បើ​កាល​នោះ​ខ្ញុំ​កំពុង​តែ​បើក​បរ។

៧. ការ​បើក​បរ​ដាក់​កំហិត​លើ​ការ​កត់​ត្រា

ចំណុច​មួយ​ទៀត​ដែល​យើង​មិន​អាច​ធ្វើ​បាន ខណៈ​ពេល​ដែល​យើង​កំពុង​តែ​បើក​បរ គឺ​ការ​សរសេរ​ចុះ​នូវ​អ្វី​ដែល​យើង​ទើប​តែ​បាន​គិត ឬ​ក៏​ឃើញ​នៅ​ក្នុង​ព្រះ​បន្ទូល។ ខ្ញុំ​យល់​ថា មិន​មែន​គ្រប់​គ្នា​កត់​ត្រា​ទុក​នូវ​អ្វី​ដែល​គាត់​គិត​ដូច​ខ្ញុំ​នោះ​ទេ ខ្ញុំ​ចូល​ចិត្ត—មិន​ថា​កត់​ចំណាំ​នៅ​ក្នុង​ទូរស័ព្ទ ឬ​ក៏ iPad របស់​ខ្ញុំ ឬ​ក៏​សរសេរ​ចុះ​នៅ​លើ​ក្រដាស និង​ប៊ិច—កត់​ចំណាំ​លើ​គំនិត ឬ​ក៏​ខ​គម្ពីរ ទាក់​ទង​នឹង​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​អាន សរសេរ​ចុះ​នូវ​ការ​យល់​ដឹង​ថ្មី​ដែល​ខ្ញុំ​ទើប​តែ​ទទួល​បាន។ យើង​ដឹង​ហើយ​ថា យើង​មិន​អាច​ធ្វើ​ការ​នេះ​បាន​ដោយ​ងាយ​ស្រួល​ទេ ប្រសិន​បើ​យើង​កំពុង​តែ​បើក​បរ។

៨. កុំ​គ្រាន់​តែ​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង​តែ​ប៉ុណ្ណោះ

ដោយ​យោង​តាម​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង រហូត​ដល់​ពេល​នេះ ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ថា យើង​មិន​គួរ​យក​ការ​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង​ធ្វើ​ជា​របៀប​មួយ​ដែល​យើង​ប្រកប​គ្នា​ជាមួយ​នឹង​ព្រះ​បន្ទូល​របស់​ទ្រង់​ជា​គោល​ឡើយ។ ការ​ស្ដាប់​គឺ​ជា​របៀប​ដ៏​ល្អ​មួយ​ក្នុង​ការ​ជួប​ជា​មួយ​ព្រះ​ជាម្ចាស់។ ពិត​ណាស់ តាម​រយៈ​ការ​ស្ដាប់ យើង​ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍ និង​គុណ​សម្បត្តិ​មួយ​ចំនួន​មែន ប៉ុន្តែ​ការ​ស្ដាប់​ក៏​នៅ​មាន​ដែន​កំណត់​ដែរ។ ដូច្នេះ យើង​គួរ​តែ​ចំណាយ​ពេល​ស្ដាប់​ខ្លះ និង​អាន​ខ្លះ។

៩. សូម​សាក​ស្ដាប់ ខណៈ​ពេល​ដែល​កំពុង​អាន

នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ធ្វើ៖ លាយ​ឡំ​ការ​ស្ដាប់​ជា​មួយ​នឹង​ការ​អាន ដោយ​ធ្វើ​ទាំង​ពីរ​ឡើង​ក្នុង​ពេល​តែ​មួយ។ ពេល​ខ្លះ ប្រសិន​បើ​ខ្ញុំ​អស់​កម្លាំង​ខ្លាំង ប៉ុន្តែ​នៅ​ចង់​អាន​ពីរ​បី​ជំពូក​នៃ​ព្រះ​គម្ពីរ ប៉ុន្តែ​ភ្នែក និង​ខួរ​ក្បាល​របស់​ខ្ញុំ​បដិសេធ «យើង​មិន​អាច​ធ្វើ​ដូច​នេះ​បាន​ទេ​ឥឡូវ​នេះ យើង​អស់​កម្លាំង​ណាស់» នោះ​ខ្ញុំ​ក៏​បើក​ទូរស័ព្ទ ឬ​ក៏ iPad របស់​ខ្ញុំ ហើយ​ចាក់​ព្រះ​គម្ពីរ​ស្ដាប់។ ខ្ញុំ​ផ្ទៀង​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង ដោយ​យក​ភ្នែក​អាន​ជា​មួយ​ដែរ។

មូល​ហេតុ​ដែល​ខ្ញុំ​មិន​សូវ​ធ្វើ​បែប​នេះ​រាល់​ពេល​វេលា គឺ​ដោយ​សារ​ខ្ញុំ​មិន​ត្រូវ​ការ​ប្រើ​ខួរ​ក្បាល​របស់​ខ្ញុំ​ខ្លាំង​ពេក នៅ​ពេល​មាន​អ្នក​ផ្សេង​អាន​ព្រះ​គម្ពីរ​ឲ្យ​ខ្ញុំ​ស្ដាប់ ហើយ​ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​ខ្ញុំ​អាន​ដោយ​ខ្លួន​ឯង នោះ​ខ្ញុំ​អាច​កាន់​តែ​ផ្ដោត​អារម្មណ៍​លើ​ព្រះ​គម្ពីរ​ដោយ​អាន​ឲ្យ​ឮៗ​ផ្ទាល់ ដែល​ការ​ធ្វើ​បែប​នោះ​កាន់​តែ​នាំ​ឲ្យ​ខ្ញុំ​ទទួល​បាន​ផល​ផ្លែ​ច្រើន​ជាង​ការ​ដែល​គ្រាន់​តែ​ស្ដាប់​អ្នក​ផ្សេង​អាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ខ្ញុំ​នៅ​គិត​ថា វា​អាច​ជា​ជំនួយ​ដល់​ខ្ញុំ នៅ​ពេល​ដែល​មាន​អ្នក​ដទៃ​អាន​ឲ្យ​ខ្ញុំ​ស្ដាប់​ខ្លះ​ដែរ។

១០. សូម​បន្ត​ព្យាយាម​ស្គាល់ ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់

ជា​ចុង​ក្រោយ សូម​បន្ត​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង តាម​ដែល​អ្នក​អាច​ធ្វើ​បាន ខណៈ​ពេល​ដែល​កំពុង​តែ​បើក​បរ​ចុះ។ សូម​ព្រះ​ជាម្ចាស់​បំពេញ​លោក​អ្នក​ដោយ​ព្រះ​វិញ្ញាណ​នៃ​ប្រាជ្ញា និង​ការ​បើក​សម្ដែង ខណៈ​ពេល​ដែល​លោក​អ្នក​ស្ដាប់ ហើយ​បើក​បរ (ដូច​ដែល​សាវ័ក ប៉ុល បាន​អធិស្ឋាន [«សូម​ឲ្យ​ព្រះ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង គឺ​ជា​ព្រះ​វរ​បិតា​ដ៏​មាន​សិរី​ល្អ បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ​វិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏​បើក​សម្ដែង ឲ្យ​ដឹង​ពី​ដំណើរ​ស្គាល់​ទ្រង់»] អេភេសូរ ១:១៧)។ សូម​ព្រះ​អង្គ​បំភ្លឺ​ភ្នែក​របស់​លោក​អ្នក ឲ្យ​បាន​ឃើញ​សេចក្ដី​អស្ចារ្យ នៅ​ក្នុង​ក្រឹត្យ​វិន័យ​របស់​ទ្រង់​ចុះ (ទំនុកតម្កើង ១១៩:១៨)។ នេះ​ហើយ​គឺ​ជា​គោល​បំណង​របស់​យើង មិន​ថា​យើង​អាន ឬ​ក៏​ស្ដាប់​ព្រះ​គម្ពីរ​ជា​សម្លេង​ក៏​ដោយ។ យើង​ចង់​ឃើញ​ព្រះ​អង្គ​ឲ្យ​កាន់​តែ​ច្បាស់ កាន់​តែ​ស្រឡាញ់​ព្រះ​អង្គ ហើយ​កាន់​តែ​ដើរ​តាម​ព្រះ​អង្គ​ឲ្យ​បាន​កៀក​បង្កើយ​ថែម​ទៀត។ ហើយ​របៀប​ដែល​ព្រះ​អង្គ​បាន​ធ្វើ​ការ​នោះ​គឺ​កើត​ឡើង​តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក ជួប ប៊ុនហាក់, លោក សឹម រក្សា និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

កំហុស​ទាំង​២២​ដែល គ្រូ​គង្វាល ធ្វើ​ក្នុង​ការ​អនុវត្តន៍​វិន័យ​ក្នុង​ក្រុម​ជំនុំ

ហេតុ​អ្វី​ព្រះ​ជា​ម្ចាស់​បង្គាប់​ឲ្យ​ហោរា ហូសេ រៀប​ការ​ជា​មួយ​​ស្រី​សំផឹង? (ហូសេ ១:៣)